ឯងគប្បីរក្សាការលះបង់របស់ឯងចំពោះព្រះជាម្ចាស់

តើព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកជំនុំនាពេលសព្វថ្ងៃនេះយ៉ាងដូចម្តេច? តើឯងយល់ជាក់ច្បាស់អំពីសំណួរនេះទេ? តើអ្វីជាការលំបាកធំបំផុតរបស់បងប្អូន ប្រុសស្រីរបស់ឯង? តើពួកគេខ្វះអ្វីជាងគេ? បច្ចុប្បន្ននេះមានមនុស្សមួយចំនួនដែលមានភាពអវិជ្ជមាននៅពេលពួកគេឆ្លងកាត់ទុក្ខលំបាក ហើយអ្នកខ្លះថែមទាំងត្អូញត្អែរទៀតផង។ មនុស្សផ្សេងទៀតលែងឆ្ពោះទៅមុខទៀត ពីព្រោះព្រះជាម្ចាស់បានបញ្ចប់ការមានបន្ទូលហើយ។ មនុស្សមិនបានចូលក្នុងផ្លូវត្រូវនៃជំនឿលើព្រះជាម្ចាស់ទេ។ ពួកគេមិនអាចរស់នៅដោយឯករាជ្យបានទេ ហើយពួកគេក៏មិនអាចរក្សាជីវិតខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ មនុស្សមួយចំនួនដើរតាម និងបន្តតាមប្រកបដោយថាមពល ហើយពួកគេមានឆន្ទៈអនុវត្តនៅពេលដែលព្រះជាម្ចាស់មានបន្ទូល ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់មិនមានបន្ទូល ពួកគេលែងដើរទៅមុខទៀត។ មនុស្សនៅតែមិនបានយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេមិនមែនមានសេចក្ដីស្រឡាញ់ដោយចៃដន្យចំពោះព្រះជាម្ចាស់ទេ។ កាលពីមុនពួកគេបានដើរតាមព្រះជាម្ចាស់ដោយសារពួកគេត្រូវបានគេបង្ខំ។ ឥឡូវនេះមានមនុស្សមួយចំនួនដែលធុញទ្រាន់នឹងកិច្ចការរបស់ព្រះជាម្ចាស់។ តើមនុស្សបែបនេះមិនប្រឈមនឹងគ្រោះថ្នាក់ទេឬអី? មានមនុស្សជាច្រើនស្ថិតក្នុងសភាពមួយដែលគ្រាន់តែអាចគ្រប់គ្រងស្ថានការ។ ទោះបីពួកគេបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានដល់ទ្រង់ក៏ដោយ ក៏ពួកគេធ្វើដូច្នេះតែពាក់កណ្ដាលនៃចិត្តរបស់ពួកគេ ហើយពួកគេលែងមានកត្តាជម្រុញដែលពួកគេធ្លាប់មាននោះទេ។ មនុស្សភាគច្រើនមិនចាប់អារម្មណ៍នឹងកិច្ចការនៃ​ការ​បន្សុទ្ធ និងការធ្វើអោយបានគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ទេ ហើយជាការពិតវាហាក់ដូចជាពួកគេនៅតែបន្ដមិនមានកត្តាជម្រុញពីខាងក្នុងទេ។ នៅពេលពួកគេត្រូវបានយកឈ្នះដោយការរំលង ពួកគេមិនមានអារម្មណ៍ជំពាក់ចំពោះព្រះជាម្ចាស់ ហើយក៏មិនដឹងថាមានអារម្មណ៍វិប្បដិសារីដែរ។ ពួកគេមិនដេញតាមសេចក្ដីពិត ឬចាកចេញពីពួកជំនុំទេ ហើយផ្ទុយទៅវិញស្វែងរក​តែការសប្បាយបណ្តោះអាសន្នតែប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សល្ងីល្ងើ ឡប់ឡែ! នៅពេលដែល​ពេលកំណត់​មកដល់ ពួកគេទាំងអស់នឹងត្រូវបានបណ្តេញចេញហើយគ្មាននរណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះឡើយ! តើឯងគិតថា ប្រសិនបើនរណាម្នាក់ទទួលបានការសង្រ្គោះម្ដងហើយ នោះពួកគេនឹងត្រូវទទួលបានការសង្គ្រោះជានិច្ចមែនទេ? ជំនឿនេះគឺជាការបោកប្រាស់សុទ្ធ! អស់អ្នកដែលមិនស្វះស្វែងរកច្រកចូលទៅឯជីវិតនោះទេ នោះនឹងត្រូវទទួលទោស។ មនុស្សភាគច្រើនមិនមានចំណាប់អារម្មណ៍ទាល់តែសោះក្នុងការចូលទៅរកជីវិត តាមរយៈនិមិត្ត ឬតាមការអនុវត្តសេចក្តីពិតនោះទេ។ ពួកគេមិនដេញតាមដើម្បីស្វែងរកជីវិត ហើយពួកគេប្រាកដជាមិនចូលជ្រៅជាងនេះទេ។ តើពួកគេមិនមែនកំពុងបំផ្លាញខ្លួនឯងទេឬ? ឥឡូវនេះមានចំណែករបស់មនុស្ស ដែលលក្ខខណ្ឌរបស់ពួកគេកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ។ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការកាន់តែច្រើន ពួកគេនឹងមានទំនុកចិត្តកាន់តែច្រើនដែរ។ កាលណាពួកគេមានបទពិសោធន៍កាន់តែច្រើន ពួកគេកាន់តែមានការយល់ដឹងចំពោះអាថ៌កំបាំងដ៏ស៊ីជម្រៅនៃកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាពួកគេចូលកាន់តែជ្រៅ ពួកគេកាន់តែយល់។ ពួកគេមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយពួកគេមានអារម្មណ៍នឹងន និងទទួលបានការបំភ្លឺនៅក្នុងខ្លួនពួកគេ។ ពួកគេមានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ទាំងនេះ គឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ។ អ្នកខ្លះនិយាយថា៖ «ទោះបីគ្មានព្រះបន្ទូលថ្មីមកពីព្រះជាម្ចាស់ក៏ដោយ ខ្ញុំនៅតែត្រូវស្វែងរកសេចក្តីពិតឲ្យកាន់តែស៊ីជម្រៅ ខ្ញុំត្រូវតែយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងនៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំ និងចូលទៅរកសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» ។ មនុស្សប្រភេទនេះមាននូវ​កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាព្រះជាម្ចាស់មិនបានបើកសម្ដែងនូវទឹកព្រះភ័ក្ត្ររបស់ទ្រង់ និងលាក់បាំងពីមនុស្សគ្រប់រូប ហើយទោះបីជាទ្រង់មិនបានមានព្រះបន្ទូលអ្វី និងមានពេលខ្លះមនុស្សឆ្លងកាត់ការបន្សុទ្ធខាងក្នុងខ្លះៗក៏ដោយ តែព្រះជាម្ចាស់មិនបានទុកចោលមនុស្សទាំងស្រុងទេ។ ប្រសិនបើមនុស្សម្នាក់មិនអាចរក្សាបាននូវសេចក្តីពិតដែលពួកគេគប្បីប្រកាន់ខ្ជាប់ នោះពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ ក្នុងកំឡុងពេលនៃការបន្សុទ្ធ ការដែលព្រះជាម្ចាស់មិនបើកបង្ហាញអង្គទ្រង់ ប្រសិនបើឯងមិនមានទំនុកចិត្តទេតែផ្ទុយទៅវិញដកខ្លួនថយ ហើយប្រសិនបើឯងមិនផ្តោតលើបទពិសោធព្រះបន្ទូលរបស់ទ្រង់នោះទេ ពេលនោះឯងកំពុងរត់ចេញពីកិច្ចការរបស់ព្រះជាម្ចាស់ហើយ។ ក្រោយមក ឯងនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបណ្តេញចេញផងដែរ។ អ្នកដែលមិនស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រហែលជាមិនអាចឈរជាទីបន្ទាល់សម្រាប់ទ្រង់បានឡើយ។ មនុស្សដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺពឹងផ្អែកទាំងស្រុងលើការជម្រុញចិត្ដ​របស់ពួកគេ ដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស គឺសំខាន់អនុញ្ញាតឲ្យពួកគេទទួលបានសេចក្តីពិត។ ការដែលឯងដេញតាមដើម្បីបានជីវិត គឺដើម្បីជាប្រយោជន៍ក្នុងការធ្វើអោយឯងបានគ្រប់លក្ខណ៍ ហើយការទាំងអស់នេះ ដើម្បីអោយឯងស័ក្តិសមនឹងការដែលព្រះជាម្ចាស់ទ្រង់ប្រើ។ អ្វីទាំងអស់ដែលឯងកំពុងតាមរកឥឡូវនេះគឺជាការស្ដាប់ឮនូវអាថ៌កំបាំង ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការសម្លឹងមើល​ដោយរីករាយ និងមើលជុំវិញដើម្បីមើលថាតើមានអ្វីថ្មីខ្លះ រឺក៏មាននិន្នាការអ្វីមួយ ដើម្បីអាចបំពេញឲ្យការចង់ដឹងចង់ឃើញរបស់ឯង។ ប្រសិនបើនេះជាចេតនានៅក្នុងចិត្តរបស់ឯង នោះគ្មានផ្លូវក្នុងណាដែលឯងឈានទៅដល់សេចក្ដីតម្រូវ​របស់ព្រះជាម្ចាស់ឡើយ។ អ្នកដែលមិនស្វែងរកសេចក្ដីពិត គឺមិនអាចដើរតាមដល់ទីបញ្ចប់បានទេ។ ឥឡូវនេះ វាមិនមែនថាព្រះជាម្ចាស់មិនធ្វើអ្វីមួយទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាមនុស្សទេដែលមិនសហការជាមួយទ្រង់ ពីព្រោះពួកគេធុញទ្រាន់នឹងកិច្ចការរបស់ទ្រង់។ ពួកគេគ្រាន់តែចង់ឮព្រះបន្ទូលដែលទ្រង់មានបន្ទូលដើម្បីប្រទាននូវព្រះពរ ហើយពួកគេមិនចង់ស្តាប់ព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ទេ។ តើមានហេតុផលអ្វីសម្រាប់ការនេះ? មូលហេតុគឺថា បំណងប្រាថ្នារបស់មនុស្សដើម្បីទទួលបានព្រះពរ មិនទាន់ត្រូវបានបំពេញនៅឡើយ​ ដូច្នេះហើយពួកគេបានត្រឡប់ទៅជាមានភាពអវិជ្ជមាន និងចុះខ្សោយវិញ។ វាមិនមែនមកពី​ព្រះជាម្ចាស់មានចេតនាមិនអនុញ្ញាតឲ្យមនុស្សដើរតាមទ្រង់ទេ ហើយក៏មិនមែនមកពី​ទ្រង់មានចេតនាធ្វើបាបមនុស្សដែរ។ មនុស្សមានភាពអវិជ្ជមាន និងភាព​ខ្សោយ ដោយសារតែចេតនារបស់ពួកគេមិនត្រឹមត្រូវ។ ព្រះជាម្ចាស់គឺជាព្រះដែលផ្តល់ជីវិតដល់មនុស្ស ហើយទ្រង់មិនអាចនាំមនុស្សទៅក្នុងសេចក្ដីស្លាប់បានឡើយ។ ភាពអវិជ្ជមាន ភាពទន់ខ្សោយ និងការប្រព្រឹត្តអំពើអាក្រក់ឡើងវិញរបស់មនុស្ស គឺសុទ្ធតែបណ្តាលមកពីការប្រព្រឹត្ដិ​របស់ពួកគេផ្ទាល់។

កិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ នាំមកនូវការបន្សុទ្ធខ្លះៗដល់មនុស្ស ហើយមានតែអ្នកដែលអាចឈររឹងមាំនៅពេលពួកគេទទួលការបន្សុទ្ធនេះទេ ទើបទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ មិនថាទ្រង់លាក់ទុកក្នុង​​ព្រះអង្គទ្រង់យ៉ាងម៉េច ទោះបីតាមរយៈការមិនមានព្រះបន្ទូល ឬមិនធ្វើកិច្ចការក៏ដោយ ឯងនៅតែអាចបន្តស្វែងរកដោយភាពស្វាហាប់បាន។ ទោះបីព្រះជាម្ចាស់មានបន្ទូលថាទ្រង់នឹងបដិសេធឯងក៏ដោយ ក៏ឯងនៅតែតាមទ្រង់ដែរ។ នេះគឺជាការរក្សាជំហរ​​ធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់លាក់បាំងអង្គទ្រង់ចេញពីឯង ហើយឯងឈប់ដើរតាមទ្រង់ទៀត តើនេះជាការរក្សាជំហរ​ធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេ? ប្រសិនបើមនុស្សមិនបានចូលដោយពិតប្រាកដ នោះពួកគេមិនមានកម្ពស់ពិតប្រាកដទេ ហើយនៅពេលដែលពួកគេពិតជាជួបប្រទះនូវទុក្ខលំបាកដ៏ខ្លាំង ពួកគេនឹងជំពប់ដួល។ នៅពេលដែលព្រះជាម្ចាស់មិនមានបន្ទូល ឬធ្វើអ្វីដែលមិនស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់ឯង ឯងនឹងបំបែកបំបាក់ទំនាក់ទំនងជាមួយទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងសំដែងតាមសញ្ញាណផ្ទាល់ខ្លួនរបស់ឯង ហើយប្រសិនបើទ្រង់បំពេញទៅតាមឆន្ទៈរបស់ឯង ហើយឯងអាចក្រោកឈរឡើង ហើយស្វះស្វែងរកពេញដោយថាមពល ដូច្នេះតើអ្វីជាគ្រឹះនៃការរស់នៅរបស់ឯងទៅ? អញមានបន្ទូលហើយថា មានមនុស្សជាច្រើនដែលកំពុងរស់នៅតាមរបៀបដែលពឹងផ្អែកទាំងស្រុងលើការចង់ដឹងចង់ឃើញរបស់មនុស្ស។ ពួកគេពិតជាមិនមានវានៅក្នុងចិត្តដ៏ពិតប្រាកដក្នុងការស្វះស្វែងរកនោះទេ។ អស់អ្នកដែលមិនដេញតាមសេចក្តីពិត ប៉ុន្តែពឹងផ្អែកលើការចង់ដឹងចង់ឃើញរបស់ពួកគេនៅក្នុងជីវិត គឺជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម ហើយពួកគេប្រឈមនឹងគ្រោះថ្នាក់ទៀតផង! ប្រភេទនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីធ្វើអោយមនុស្សមានភាពគ្រប់លក្ខណ៍។ ទោះយ៉ាងណាក៏ដោយ មនុស្សតែងតែចង់ដឹងចង់ឃើញជានិច្ច ពួកគេចូលចិត្តសាកសួរអំពីពាក្យចចាមអារ៉ាម ពួកគេព្រួយបារម្ភអំពីរឿងរ៉ាវបច្ចុប្បន្ននៅក្រៅប្រទេស—ឧទាហរណ៍ ពួកគេចង់ដឹងចង់ឃើញអំពីអ្វីដែលកំពុងកើតឡើងនៅអ៊ីស្រាអែល ឬប្រសិនបើមានការរញ្ជួយដីនៅអេហ្ស៊ីប—ពួកគេតែងតែរកមើលអ្វីថ្មី ហើយប្លែកមួយចំនួន ដើម្បីបំពេញតាមបំណងប្រាថ្នាដែលអាត្មានិយមរបស់ពួកគេ។ ពួកគេមិនស្វះស្វែងរកជីវិត ហើយពួកគេក៏មិនស្វះស្វែងរកភាពគ្រប់លក្ខណ៍ដែរ។ ពួកគេគ្រាន់តែព្យាយាមចង់ឲ្យពេលកំណត់​របស់​ព្រះជាម្ចាស់មកដល់ឆាប់ៗ ដើម្បីឲ្យក្តីសុបិន្តដ៏ស្រស់ត្រកាលរបស់ពួកគេអាចក្លាយជាការពិត ហើយបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ពួកគេត្រូវបានបំពេញ។ មនុស្សប្រភេទនេះមិនមានភាពប្រាកដប្រជាទេ—ពួកគេជាមនុស្សដែលមានទស្សនវិស័យមិនត្រឹមត្រូវ។ មានតែការស្វះស្វែងរកសេចក្ដីពិតប៉ុណ្ណោះ ដែលជាមូលដ្ឋានគ្រឹះនៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ ហើយប្រសិនបើមនុស្សមិនស្វះស្វែងរកច្រកចូលទៅឯជីវិត ប្រសិនបើពួកគេមិនស្វះស្វែងរកការផ្គាប់​ព្រះហឫទ័យព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវទទួលទណ្ឌកម្ម។ អ្នកដែលត្រូវទទួលទណ្ឌកម្ម គឺជាអ្នកដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកំឡុងពេលធ្វើកិច្ចការរបស់ព្រះជាម្ចាស់។

តើមនុស្សគួរសហការជាមួយព្រះជាម្ចាស់យ៉ាងដូចម្តេចក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ? បច្ចុប្បន្ននេះ ព្រះជាម្ចាស់កំពុងសាកល្បងមនុស្ស។ ទ្រង់មិនមានបន្ទូលអ្វីទេ ប៉ុន្តែទ្រង់កំពុងលាក់អង្គទ្រង់ ហើយមិនទាក់ទងផ្ទាល់ជាមួយមនុស្សទេ។ បើមើលពីខាងក្រៅ មើលទៅដូចជាទ្រង់មិនធ្វើកិច្ចការណាមួយទេ ប៉ុន្តែសេចក្ដីពិតគឺថា ទ្រង់នៅតែធ្វើការនៅក្នុងមនុស្ស។ អ្នកណាដែលកំពុងស្វះស្វែងរកច្រកចូលទៅឯជីវិត មាននិមិត្តសម្រាប់ការស្វះស្វែងរកជីវិតរបស់ពួកគេ ហើយមិនមានការសង្ស័យសូម្បីតែពួកគេមិនបានយល់ច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ។ នៅពេលឆ្លងកាត់ទុក្ខលំបាក សូម្បីតែនៅពេលដែលឯងមិនដឹងថាតើព្រះជាម្ចាស់ចង់ធ្វើអ្វី និងកិច្ចការអ្វីដែលទ្រង់ចង់សម្រេចបានក៏ដោយ ឯងគប្បីដឹងថាចេតនារបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺល្អជានិច្ច។ បើឯងស្វះស្វែងរកទ្រង់ដោយចិត្តស្មោះត្រង់ នោះទ្រង់នឹងមិនដែលឃ្លាតពីឯងឡើយ ហើយនៅទីបំផុតទ្រង់ប្រាកដជានឹងធ្វើឲ្យឯងបានគ្រប់លក្ខណ៍ ហើយនាំមនុស្សទៅរកទិស​ដៅដែលសមរម្យ។ មិនថាព្រះជាម្ចាស់កំពុងសាកល្បងមនុស្សយ៉ាងដូចម្ដេច​ទេ នឹងមានថ្ងៃមួយជាពេលដែលទ្រង់នឹងផ្តល់ឲ្យមនុស្សនូវលទ្ធផលសមរម្យ ហើយផ្តល់ឲ្យពួកគេនូវរង្វាន់សមរម្យ ដោយអាស្រ័យលើអ្វីដែលពួកគេបានធ្វើ។ ព្រះជាម្ចាស់នឹងមិនដឹកនាំមនុស្សទៅចំណុចជាក់លាក់ណាមួយ ហើយក្រោយមកបោះបង់ពួកគេចោល ហើយព្រងើយកន្តើយនឹងពួកគេនោះទេ។ នេះគឺដោយសារតែព្រះជាម្ចាស់ជាព្រះដែលគួរឲ្យទុកចិត្ត។ នៅដំណាក់កាលនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើកិច្ចការបន្សុទ្ធ។ ទ្រង់កំពុងបន្សុទ្ធគ្រប់មនុស្សទាំងអស់។ នៅក្នុងជំហាននៃកិច្ចការដែលកើតឡើងដោយសារទុក្ខលំបាកនៃសេចក្ដីស្លាប់ និងទុក្ខលំបាកនៃការដាក់ទោស​ នោះការបន្សុទ្ធត្រូវបានធ្វើឡើងតាមរយៈព្រះបន្ទូល។ ដើម្បីឲ្យមនុស្សទទួលបានបទពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែយល់ជាមុនសិនពីកិច្ចការបច្ចុប្បន្នរបស់ទ្រង់ និងរបៀបដែលមនុស្សលោកគួរតែសហការ។ តាមពិត នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងម៉េច មិនថាវាជាការបន្សុទ្ធ ឬសូម្បីតែទ្រង់មិនមានបន្ទូលក៏ដោយ មិនមានជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវនឹងសញ្ញាណរបស់មនុស្សលោកឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់បានបែក និង​ខ្ចាត់ខ្ចាយចេញពីសញ្ញាណរបស់មនុស្ស។ នេះហើយ​ជាកិច្ចការរបស់ទ្រង់។ ប៉ុន្តែឯងត្រូវតែជឿថា ដោយសារ​កិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលជាក់លាក់មួយ នោះ​ទ្រង់នឹងមិនធ្វើឲ្យមនុស្សទាំងអស់ស្លាប់ទេ ទោះបីជាមានរឿងអីក៏ដោយ។ ទ្រង់ប្រទានទាំងការសន្យា និងព្រះពរដល់មនុស្ស ហើយអស់អ្នកដែលស្វះស្វែងរកទ្រង់នឹងអាចទទួលបានព្រះពររបស់ទ្រង់ ប៉ុន្តែអ្នកដែលមិនស្វែងរកព្រះអង្គ​ នោះនឹងត្រូវព្រះជាម្ចាស់​បោះបង់ចោល។ វាអាស្រ័យលើការស្វែងរករបស់ឯង។ មិនថាមានអ្វីផ្សេងទៀតទេ ឯងត្រូវតែជឿថានៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ មនុស្សគ្រប់គ្នានឹងមានទីដៅដ៏សមរម្យ។ ព្រះជាម្ចាស់បានផ្តល់ឲ្យមនុស្សនូវសេចក្តីប្រាថ្នាដ៏ល្អត្រកាល ប៉ុន្តែដោយគ្មានការស្វះស្វែងរក ពួកគេមិនអាចទទួលបានទេ។ ឯងគប្បីអាចមើលឃើញការនេះឥឡូវ—ការបន្សុទ្ធរបស់ព្រះជាម្ចាស់ និងការវាយផ្ចាល​ មនុស្សរបស់ទ្រង់ គឺជាកិច្ចការរបស់ទ្រង់ ប៉ុន្តែមនុស្សសម្រាប់ផ្នែករបស់ពួកគេវិញ ត្រូវតែស្វះស្វែងរកការផ្លាស់ប្តូរនិស្ស័យគ្រប់ពេលទាំងអស់។ តាមបទពិសោធន៍ជាក់ស្តែងរបស់ឯង ជាដំបូងឯងត្រូវដឹងពីរបៀបនាំការ​ហូប​ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឯងត្រូវតែរកឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ នូវអ្វីដែលឯងគួរតែបញ្ចូល និងកំហុសរបស់ឯង ដែលឯងគួរតែស្វែងរកច្រកទៅរកបទពិសោធន៍ជាក់ស្តែងរបស់ឯង ហើយយកចំណែកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគប្បីយកទៅអនុវត្ត ហើយព្យាយាមធ្វើ​បែបនោះ​។ ការហូប​ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយ។ លើសពីនេះទៀត ជីវិតរបស់ពួកជំនុំត្រូវតែថែរក្សាអោយបាន ឯងត្រូវតែមានជីវិតខាងវិញ្ញាណជាធម្មតា ហើយឯងត្រូវតែអាចប្រគល់នូវសភាពបច្ចុប្បន្នទាំងអស់របស់ឯងទៅព្រះជាម្ចាស់។ មិនថាកិច្ចការរបស់ទ្រង់ផ្លាស់ប្តូរយ៉ាងណាក៏ដោយ ជីវិតខាងវិញ្ញាណរបស់ឯងគួរនៅតែធម្មតា។ ការចូលទៅក្នុងជីវិតខាងវិញ្ញាណអាចរក្សាបាននូវភាពធម្មតារបស់ឯង។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេច​​ទេ ឯងត្រូវតែបន្តជីវិតខាងវិញ្ញាណរបស់ឯងដោយមិនមានការរំខាន ហើយបំពេញនូវកាតព្វកិច្ចរបស់ឯង។ នេះជាអ្វីដែលមនុស្សគប្បីធ្វើ។ អ្វីទាំងអស់គឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែសម្រាប់អ្នកដែលមានស្ថានភាពធម្មតា ការនេះគឺល្អឥតខ្ចោះ សម្រាប់អ្នកដែលមានស្ថានភាពមិនធម្មតា វាគឺជាទុក្ខលំបាក។ នៅដំណាក់កាលបច្ចុប្បន្ននៃកិច្ចការបន្សុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ មនុស្សខ្លះនិយាយថាកិច្ចការរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយមនុស្សត្រូវការការបន្សុទ្ធជាចាំបាច់ បើមិនដូច្នេះទេ កម្ពស់របស់ពួកគេនឹងមានភាពតូចខ្លាំង ហើយពួកគេនឹងគ្មានផ្លូវទទួលបាននូវព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានស្ថានភាពមិនល្អ វាត្រឡប់ជាហេតុដែលមិនស្វះស្វែងតាមព្រះជាម្ចាស់ ហើយជាហេតុដែលមិនចូលរួមការជួបជុំ ឬបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មិនថាទ្រង់ធ្វើអ្វី ឬផ្លាស់ប្តូរអ្វីដែលទ្រង់មានឥទ្ធិពលលើទេ មនុស្សត្រូវតែរក្សាមូលដ្ឋានគ្រឹះនៃជីវិតខាងវិញ្ញាណជាធម្មតា។ ប្រហែលជាឯងមិនបានធូរស្បើយក្នុងដំណាក់កាលបច្ចុប្បន្ននៃជីវិតខាងវិញ្ញាណរបស់ឯងទេ ប៉ុន្តែឯងនៅតែមិនមានការកើនឡើងច្រើនទេ ហើយមិនបានប្រមូលផលដ៏ច្រើនផង។ នៅក្នុងកាលៈទេសៈទាំងនេះ ឯងនៅតែត្រូវធ្វើតាមច្បាប់ ឯងត្រូវតែធ្វើតាមច្បាប់ទាំងនេះដើម្បីកុំឲ្យឯងខាតបង់ក្នុងជីវិតរបស់ឯង និងធ្វើឲ្យឯងគាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើជីវិតខាងវិញ្ញាណរបស់ឯងមិនធម្មតា នោះឯងមិនអាចយល់ពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានទេ ហើយផ្ទុយទៅវិញ ឯងតែងតែមានអារម្មណ៍ជានិច្ចថាវាមិនត្រូវគ្នានឹងសញ្ញាណផ្ទាល់ខ្លួនរបស់ឯង ហើយទោះបីជាឯងសុខចិត្តដើរតាមទ្រង់ក៏ដោយ ក៏ឯងខ្វះនូវកត្តាជម្រុញពីខាងក្នុងដែរ។ ដូច្នេះទោះបីព្រះជាម្ចាស់កំពុងធ្វើអ្វីក៏ដោយ មនុស្សត្រូវតែមានការ​សហការ។ ប្រសិនបើមនុស្សមិនសហការទេនោះ ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើកិច្ចការរបស់ទ្រង់បានទេ ហើយប្រសិនបើមនុស្សមិនមានចិត្តក្នុងការ​សហការទេនោះ ពួកគេពិបាកនឹងទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធណាស់។ ប្រសិនបើឯងចង់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងឯង ហើយប្រសិនបើឯងចង់ទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះ ឯងត្រូវតែរក្សាការលះបង់ដើមរបស់ឯងនៅចំពោះមុខព្រះជាម្ចាស់។ ឥឡូវនេះ ឯងមិនចាំបាច់មានការយល់ដឹងស៊ីជម្រៅ មានទ្រឹស្តីខ្ពង់ខ្ពស់ ឬអ្វើផ្សេងទៀតទេ—អ្វីដែលតម្រូវនោះគឺថា ឯងត្រូវតែកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះដើម។ ប្រសិនបើមនុស្សមិនសហការជាមួយព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកច្រកចូលអោយកាន់តែជ្រៅទេនោះ ព្រះជាម្ចាស់នឹងដកហូតអ្វីៗទាំងអស់ដែលជារបស់ពួកគេពីមុន។ នៅខាងក្នុងចិត្ត មនុស្សតែងតែលោភលន់ជានិច្ចដើម្បីភាពងាយស្រួល ហើយពេញចិត្តនឹងអ្វីដែលមានរួចហើយ។ ពួកគេចង់ទទួលបានការសន្យារបស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃអ្វីទាំងអស់។ ទាំងនេះគឺជាគំនិតផ្ដេសផ្ដាសដែលមនុស្សមាន។ ការទទួលបានជីវិតដោយមិនបង់ថ្លៃ​—ប៉ុន្តែតើគ្រប់យ៉ាងមានភាពងាយស្រួលអញ្ចឹងទេ? នៅពេលនរណាម្នាក់ជឿលើព្រះជាម្ចាស់ ហើយព្យាយាមចូលទៅក្នុងជីវិត និងស្វែងរកការផ្លាស់ប្តូរនិស្ស័យរបស់ខ្លួន ពួកគេត្រូវតែបង់ថ្លៃ និងសម្រេចបាននូវសភាពមួយដែលពួកគេនឹងធ្វើតាមព្រះជាម្ចាស់ជានិច្ច ទោះបីទ្រង់ធ្វើអ្វីក៏ដោយ។ នេះគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ទោះបីជាឯងធ្វើតាមច្បាប់ទាំងអស់នេះក៏ដោយ ឯងត្រូវតែប្រកាន់ខ្ជាប់ជានិច្ចហើយមិនថាការទុក្ខលំបាកធំយ៉ាងណាក៏ដោយ ឯងមិនអាចបោះបង់ចោលទំនាក់ទំនងជាធម្មតារបស់ឯងជាមួយព្រះជាម្ចាស់បានទេ។ ឯងគួរតែអាចអធិស្ឋាន រក្សាជីវិតពួកជំនុំរបស់ឯង ហើយមិនត្រូវចាកចេញពីបងប្អូន ប្រុសស្រីរបស់ឯងឡើយ។ នៅពេលព្រះជាម្ចាស់ល្បងលឯង ឯងគួរនៅតែស្វែងរកសេចក្ដីពិត។ នេះគឺជាតម្រូវការអប្បបរមាសម្រាប់ជីវិតខាងវិញ្ញាណ។ ការមានបំណងជានិច្ចក្នុងការស្វែងរក និងខិតខំប្រឹងសហការដោយប្រើថាមពលទាំងអស់របស់ឯង—តើការនេះអាចធ្វើទៅបានទេ? ប្រសិនបើមនុស្សយករឿងនេះធ្វើជាគ្រឹះ ពួកគេនឹងអាចទទួលបាននូវយោបល់ និងច្រកចូលទៅក្នុងសេចក្ដីពិត។ វាមានភាពងាយស្រួលក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលសភាពផ្ទាល់ខ្លួនរបស់ឯងមានលក្ខណៈ​ធម្មតា។ ក្នុងកាលៈទេសៈទាំងនេះ វាមិនមានអារម្មណ៍ពិបាកក្នុងការអនុវត្តនូវសេចក្តីពិតទេ ហើយឯងមានអារម្មណ៍ថាកិច្ចការរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ប៉ុន្តែប្រសិនបើស្ថានភាពរបស់ឯងខ្សោយ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់អស្ចារ្យប៉ុនណា ហើយមិនថានរណាម្នាក់និយាយបានយ៉ាងល្អយ៉ាងណាក៏ដោយ ក៏ឯងនឹងមិនខ្វល់ដែរ។ នៅពេលដែលស្ថានភាពរបស់មនុស្សម្នាក់មិនធម្មតា ព្រះជាម្ចាស់មិនអាចធ្វើកិច្ចការនៅក្នុងពួកគេបានទេ ហើយពួកគេក៏មិនអាចទទួលបានការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេដែរ។

ប្រសិនបើមនុស្សមិនមានទំនុកចិត្តទេ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការបន្តដំណើរទៅមុខទៀត។ ឥឡូវនេះ ឯងរាល់គ្នាអាចឃើញថា​ កិច្ចការរបស់ព្រះជាម្ចាស់មិនស្របគ្នានឹងសញ្ញាណរបស់មនុស្សទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន ហើយបានថ្លែងព្រះបន្ទូលជាច្រើនដែលមិនស្របនឹងសញ្ញាណរបស់មនុស្ស។ ដូច្នេះមនុស្សត្រូវតែមានទំនុកចិត្ត និងកម្លាំងចិត្តដើម្បីអាចឈរជាប់នឹងអ្វីដែលពួកគេបានឃើញ ហើយនិងអ្វីដែលពួកគេទទួលបានពីបទពិសោធន៍របស់ពួកគេ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីចំពោះមនុស្សទេ ពួកគេត្រូវតែកាន់តាមនូវអ្វីដែលខ្លួនមាន ហើយស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងរក្សាភក្តីភាពចំពោះព្រះអង្គរហូតដល់ទីបញ្ចប់។ នេះជាកាតព្វកិច្ចរបស់មនុស្ស។ មនុស្សត្រូវតែកាន់តាមនូវអ្វីដែលពួកគេគប្បីធ្វើ។ ការជឿលើព្រះជាម្ចាស់តម្រូវឲ្យមានការស្តាប់បង្គាប់ទ្រង់ និងមានបទពិសោធន៍នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន—អាចនិយាយបានថាសម្រាប់មនុស្ស វាជាការធ្វើឲ្យគ្រប់លក្ខណ៍ ជាការបន្សុទ្ធ ហើយជាងនេះទៅទៀត គឺជាការដាក់ទោស។ មិនមានជំហានតែមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសញ្ញាណរបស់មនុស្សទេ។ អ្វីដែលមនុស្សចូលចិត្ត គឺព្រះបន្ទូលដ៏តឹងរឹងរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករ​ដែលទ្រង់បង្កើតមក​ មនុស្សគួរតែបំពេញនូវកាតព្វកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងទុក្ខលំបាក ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ​។ មិនថាព្រះជាម្ចាស់បន្សុទ្ធឯងយ៉ាងណា ក៏ឯងនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ ឯងធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួន​ត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើឯងនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់ឯងចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះឯងកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់ឯងពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់ឯង ប៉ុន្តែឯងដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារឯងប្រាកដថាផ្លូវនេះជាសេចក្ដីពិត ឯងត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ ឯងត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីឯងបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីធ្វើឲ្យឯងបានគ្រប់លក្ខណ៍ ឯងគប្បីប្រគល់ដួងចិត្តឯងទាំងស្រុងដល់ទ្រង់។ ប្រសិនបើឯងនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់ឯងនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់ឯងនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលឯងគប្បីអនុវត្ត។ នៅពេលឯងគួរអធិស្ឋាន ឯងត្រូវ​អធិស្ឋាន។ នៅពេលឯងគួរជួបជុំធ្វើការប្រកបគ្នា ចូរ​ឯងធ្វើដូច្នេះ។ នៅពេលដែលឯងគួរច្រៀងទំនុកតម្កើង ឯងច្រៀងទំនុកតម្កើង ហើយនៅពេលឯងគួរបោះបង់ចោលសាច់ឈាម នោះ​ចូរ​ឯងបោះបង់ចោលសាច់ឈាមនោះចុះ​។ នៅពេលឯងបំពេញកាតព្វកិច្ចរបស់ឯង ឯងមិនច្របូកច្របល់ទេ។ នៅពេលឯងប្រឈមនឹងទុក្ខលំបាក ឯងនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។ ប្រសិនបើឯងមិនប្រកាន់ខ្ជាប់នូវអ្វីដែលមនុស្សគប្បីធ្វើនោះទេ នោះការរងទុក្ខ និងការដោះស្រាយពីមុនទាំងអស់របស់ឯង គឺឥតប្រយោជន៍។

សម្រាប់គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មានវិធីមួយដែលមនុស្សគួរតែសហការ។ ព្រះជាម្ចាស់បានបន្សុទ្ធមនុស្ស ដើម្បីអោយពួកគេមានទំនុកចិត្តនៅពេលពួកគេឆ្លងកាត់​នូវការបន្សុទ្ធនោះ​។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍ ដើម្បីឲ្យពួកគេមានទំនុកចិត្តថាព្រះជាម្ចាស់ធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ ហើយមានឆន្ទៈក្នុងការទទួលយកការបន្សុទ្ធរបស់ទ្រង់ ហើយត្រូវបានដោះស្រាយ និងកាត់ចេញដោយព្រះជាម្ចាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សដើម្បីនាំពួកគេឲ្យមានការបំភ្លឺ និងយល់ជាក់ច្បាស់ ហើយដើម្បីឲ្យពួកគេសហការជាមួយទ្រង់ ហើយអនុវត្ត។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលក្នុងកំឡុងពេលធ្វើការបន្សុទ្ធទេ។ ទ្រង់មិនបន្លឺសម្លេងរបស់ទ្រង់ទេ ប៉ុន្តែក៏​នៅតែមានកិច្ចការដែលមនុស្សគប្បីធ្វើដែរ​។ ឯងគប្បីប្រកាន់ខ្ជាប់នូវអ្វីដែលឯងមានរួចហើយ ឯងនៅតែអាចអធិស្ឋានដល់ព្រះជាម្ចាស់ នៅជិតព្រះជាម្ចាស់ ហើយធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់។ តាមរបៀបនេះ ឯងនឹងបំពេញបាននូវភារកិច្ចផ្ទាល់ខ្លួនរបស់ឯងហើយ។ ឯងទាំងអស់គ្នាគប្បីមើលឃើញយ៉ាងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីការសាកល្បងអំពីទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់មនុស្ស ទាមទារឲ្យពួកគេអធិស្ឋានដល់ព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេច្រើនតែចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះទ្រង់។ ប្រសិនបើព្រះជាម្ចាស់បំភ្លឺឯង ហើយឲ្យឯងយល់ពីព្រះហឫទ័យទ្រង់ ហើយឯងមិនបានយកអ្វីមួយដើម្បីអនុវត្ត ឯងនឹងមិនទទួលបានអ្វីទាំងអស់។ នៅពេលឯងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឯងនៅតែអាចអធិស្ឋានទៅកាន់ទ្រង់បាន ហើយនៅពេលដែលឯងទទួលយកព្រះបន្ទូលរបស់ទ្រង់ ឯងគប្បីមករកទ្រង់ ហើយស្វែងរក ព្រមទាំងមានទំនុកចិត្តលើទ្រង់ ដោយគ្មានដាននៃអារម្មណ៍ធ្លាក់ទឹកចិត្ត ឬឈឺចាប់ឡើយ។ អ្នកដែលមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពោរពេញទៅដោយថាមពលក្នុងពេលជួបជុំគ្នា ប៉ុន្តែធ្លាក់ចូលក្នុងភាពងងឹតនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ មានអ្នកខ្លះទៀត មិនទាំងចង់ជួបជុំគ្នាផង។ ដូច្នេះឯងត្រូវមើលឲ្យច្បាស់ថាតើកាតព្វកិច្ចអ្វីដែលមនុស្សគប្បីបំពេញ។ ឯងប្រហែលជាមិនដឹងថាព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីទេ ប៉ុន្តែឯងអាចបំពេញកាតព្វកិច្ចរបស់ឯង ឯងអាចអធិស្ឋាននៅពេលឯងគួរ ឯងអាចអនុវត្តសេចក្តីពិតនៅពេលដែលឯងគួរ ហើយឯងអាចធ្វើអ្វីដែលមនុស្សគួរធ្វើ។ ឯងអាចធ្វើតាម​និមិត្តដើមរបស់ឯង។ តាមវិធីនេះឯងនឹងអាចទទួលយកជំហាននៃកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់បាន។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបលាក់កំបាំង វាជាបញ្ហាប្រសិនបើឯងមិនស្វែងរក។ នៅពេលដែលទ្រង់មានបន្ទូល និងអធិប្បាយនៅក្នុងសាលាប្រជុំ ឯងស្តាប់ដោយក្តីរីករាយ ប៉ុន្តែនៅពេលដែលទ្រង់មិនមានបន្ទូល ឯងខ្វះនូវ​ថាមពល ហើយថយក្រោយវិញ។ តើមនុស្សដែលធ្វើបែបនេះជាមនុស្សប្រភេទណា? នេះគឺជាមនុស្សដែលដើរទៅគ្រប់កន្លែងតាមតែគេ។ ពួកគេគ្មានជំហរ គ្មានទីបន្ទាល់ និងគ្មាននិមិត្តទេ! មនុស្សភាគច្រើនគឺដូច្នេះ។ ប្រសិនបើឯងបន្ដធ្វើដូច្នេះ នៅថ្ងៃមួយនៅពេលដែលឯងបានទទួលការជំនុំជម្រះដ៏ធំ ឯងនឹងត្រូវទទួលទោស។ ការមានជំហរ គឺមានសារៈសំខាន់ណាស់នៅក្នុងដំណើរការរបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍។ ប្រសិនបើឯងមិនមានការសង្ស័យចំពោះជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើឯងបំពេញកាតព្វកិច្ចរបស់មនុស្ស ប្រសិនបើឯងប្រកាន់ខ្ជាប់ដោយស្មោះត្រង់នូវអ្វីដែលព្រះជាម្ចាស់បានដាក់ឲ្យឯងអនុវត្ត នោះមានន័យថាឯងចងចាំការដាស់តឿនរបស់ព្រះជាម្ចាស់ ហើយមិនថាទ្រង់ធ្វើអ្វីក៏ដោយនៅសព្វថ្ងៃនេះ ឯងមិនភ្លេចការដាស់តឿនរបស់ទ្រង់ទេ ប្រសិនបើឯងមិនមានការសង្ស័យអំពីកិច្ចការរបស់ទ្រង់ រក្សាជំហររបស់ឯង ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ឯង ហើយទទួលបានជ័យជម្នះ​គ្រប់ជំហាននៃផ្លូវ នោះនៅទីបញ្ចប់ឯងនឹងត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយត្រូវបានក្លាយជាអ្នកដែលមានជ័យជម្នះ​។ ប្រសិនបើឯងអាចស៊ូទ្រាំបានគ្រប់ជំហាននៃការល្បងលរបស់ព្រះជាម្ចាស់ហើយប្រសិនបើឯងនៅតែអាចរក្សាជំហររឹងមាំបានរហួតដល់ទីបញ្ចប់នោះ នោះឯងគឺជាអ្នកដែលមានជ័យជម្នះ​ ឯងគឺជាមនុស្សម្នាក់ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ប្រសិនបើឯងមិនអាចឈររឹងមាំក្នុងទុក្ខលំបាកបច្ចុប្បន្នរបស់ឯងទេ នៅពេលអនាគតវានឹងកាន់តែពិបាក។ ប្រសិនបើឯងគ្រាន់តែទទួលរងនូវការឈឺចាប់តិចតួច ហើយឯងមិនស្វះស្វែងរកសេចក្ដីពិតទេនោះទីបំផុតឯងនឹងមិនទទួលបានអ្វីឡើយ។ ឯងនឹងត្រូវទុកចោលដោយមិនមានអ្វីសោះ។ មានមនុស្សមួយចំនួនដែលលះបង់ការប្រឹងសង្វាតរបស់ពួកគេ នៅពេលពួកគឃើញថាព្រះជាម្ចាស់មិនមានបន្ទូល ហើយចិត្តរបស់ពួកគេចាប់ផ្ដើមបែកខ្ញែក។ តើមនុស្សបែបនេះមិនមែនជាមនុស្សល្ងីល្ងើទេឬ? មនុស្សប្រភេទនេះគ្មានភាពពិតទេ។ នៅពេលដែលព្រះជាម្ចាស់កំពុងមានបន្ទូល ពួកគេតែងតែរត់ចុះឡើងជានិច្ច ដែលមើលទៅហាក់ដូចជារវល់ និងរីករាយនៅខាងក្រៅ ប៉ុន្តែឥឡូវនេះពេលទ្រង់មិនមានបន្ទូលទៀត ពួកគេឈប់ស្វែងរក។ មនុស្សប្រភេទនេះគ្មានអនាគតទេ។ ក្នុងអំឡុងពេលនៃការ​បន្សុទ្ធ ឯងត្រូវតែចូលពីទិដ្ឋភាពវិជ្ជមាន ហើយរៀននូវ​មេរៀនដែលឯងគប្បីរៀន។ នៅពេលឯងអធិស្ឋានដល់ព្រះជាម្ចាស់ ហើយអានព្រះបន្ទូលរបស់ទ្រង់ ឯងគប្បីវាស់ស្ទង់សភាពរបស់ឯងជាមួយនឹងវា ស្វែងរកឃើញកំហុសរបស់ឯង ហើយឃើញថាឯងនៅតែមានមេរៀនជាច្រើនដើម្បីរៀន។ បើឯងកាន់តែស្វែងរកដោយភាពស្មោះស្ម័គ្រនៅពេលឯងឆ្លងកាត់ការបន្សុទ្ធកាន់តែច្រើន នោះឯងកាន់តែនឹងមើលឃើញថាខ្លួនមិនមិនមានសមត្ថភាពគ្រប់គ្រាន់។ នៅពេលឯងឆ្លងកាត់ការបន្សុទ្ធ មានបញ្ហាជាច្រើនដែលឯងជួបប្រទះ។ ឯងមិនអាចមើលឃើញបញ្ហាទាំងនោះច្បាស់ទេ ឯងត្អូញត្អែរ ឯងបង្ហាញពីសាច់ឈាមរបស់ឯង—មានតែវិធីនេះទេដែលឯងរកឃើញថាឯងមាននិស្ស័យពុករលួយជាច្រើនអនេកនៅក្នុងខ្លួនឯង។

មនុស្សខ្វះនូវលក្ខណៈសម្បត្តិល្អ ហើយពួកគេខ្វះមិនដល់ខ្នាតគម្រូរបស់ព្រះជាម្ចាស់ ពួកគេប្រហែលជាត្រូវការទំនុកចិត្តច្រើនជាងមុន ដើម្បីដើរតាមផ្លូវនេះនាពេលអនាគត។ កិច្ចការរបស់ព្រះជាម្ចាស់នៅថ្ងៃចុងក្រោយបង្អស់ តម្រូវឲ្យមានទំនុកចិត្តខ្ពស់ ដែលជាទំនុកចិត្តខ្ពស់ជាងទំនុកចិត្តរបស់យ៉ូបទៅទៀត។ បើគ្មានទំនុកចិត្តទេ មនុស្សនឹងមិនអាចបន្តទទួលបានបទពិសោធន៍ ហើយពួកគេក៏មិនអាចទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដែរ។ នៅថ្ងៃនៃការទុក្ខលំបាកដ៏ខ្លាំងចូល​មកដល់ នឹងមានមនុស្សជាច្រើនចាកចេញពីពួកជំនុំ—អ្នកខ្លះនៅទីនេះ​ អ្នកខ្លះនៅទីនោះ។ នឹងមានអ្នកខ្លះដែលធ្វើបានល្អគួរសម​ក្នុងការស្វះស្វែងរករបស់ពួកគេក្នុងកាលគ្រាមុន ហើយវានឹងមិនច្បាស់ទេថាហេតុអ្វីបានជាពួកគេឈប់​ជឿទៀត។ មានរឿងរ៉ាវជាច្រើននឹងកើតឡើងដែលឯងនឹងមិនយល់ ហើយព្រះជាម្ចាស់នឹងមិនបើកសម្ដែងនូវទីសំគាល់ ឬការអស្ចារ្យណាមួយ ហើយក៏មិនធ្វើអភិនីហារ​ណាមួយដែរ។ នេះគឺដើម្បីដឹងថាតើឯងអាចប្រកាន់ជំហររឹងមាំបានទេ—ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍ដើម្បីបន្សុទ្ធមនុស្ស។ ឯងមិនទាន់បានរងនូវការឈឺចាប់ច្រើននៅឡើយទេ។ នៅថ្ងៃខាង​មុខ​ នៅពេលមានទុក្ខលំបាកដ៏ខ្លាំងមកដល់ នៅកន្លែងខ្លះ មនុស្សគ្រប់គ្នានៅក្នុងពួកជំនុំនឹងចាកចេញ ហើយអ្នកដែលឯងមានទំនាក់ទំនងល្អជាមួយ ក៏​នឹងចាកចេញ ហើយបោះបង់ចោលជំនឿរបស់ពួកគេ។ តើពេលនោះ ឯងនឹងអាចឈររឹងមាំបានទេ? រហូតមកដល់ពេលនេះ ទុក្ខលំបាកដែលឯងបានជួបប្រទះមានតិចតួចណាស់​ ហើយឯងសឹងតែមិនអាចទ្រាំទ្រនឹងទុក្ខលំបាកនោះបាន។ ជំហាននេះរួមបញ្ចូលទាំងការបន្សុទ្ធ និងការធ្វើឲ្យគ្រប់លក្ខណ៍តាម​​​រយៈ​ព្រះបន្ទូលតែប៉ុណ្ណោះ។ នៅជំហានបន្ទាប់ ព្រឹត្តិការណ៍នឹងកើតឡើងមកលើឯងដើម្បីបន្សុទ្ធឯង ហើយបន្ទាប់មកឯងនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នៅពេលវាត្រឡប់ជារឿងធ្ងន់ធ្ងរ ព្រះជាម្ចាស់នឹងណែនាំឯងឲ្យប្រញាប់ឡើង ហើយចាកចេញ ហើយអ្នកកាន់សាសនានឹងព្យាយាមទាក់ទាញឯងឲ្យទៅជាមួយគេ។ ការនេះគឺដើម្បីមើលថា​តើឯងអាចបន្តនៅលើផ្លូវបានឬអត់ ហើយរឿងទាំងអស់នេះ​ គឺជាការទុក្ខលំបាក។ ទុក្ខលំបាកនាពេល​បច្ចុប្បន្ននេះ​មានតិចតួចនៅឡើយ​ ប៉ុន្តែនៅពេលថ្ងៃនោះមកដល់ នៅពេលដែលនឹងមានផ្ទះខ្លះដែលឪពុកម្តាយលែងជឿ ហើយខ្លះកូនៗក៏លែងជឿទៀត។ តើឯងនឹងអាចបន្តបានទេ? បើឯងឆ្ពោះទៅមុខកាន់តែឆ្ងាយ ទុក្ខលំបាករបស់ឯងក៏កាន់តែច្រើន។ ព្រះជាម្ចាស់ទ្រង់បំពេញកិច្ចការរបស់ទ្រង់ក្នុងការបន្សុទ្ធមនុស្សតាមតំរូវការ និងកម្ពស់របស់ពួកគេ។ ក្នុងដំណាក់កាលដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនអាចទៅរួចទេដែលចំនួនមនុស្សនឹងបន្តកើនឡើង—វានឹងថយចុះ។ មានតែតាមរយៈការបន្សុទ្ធទាំងនេះទេ ដែលមនុស្សអាចនឹងធ្វើឲ្យបានគ្រប់លក្ខណ៍។ ការទទួលបានការដោះស្រាយ ការប្រៀនប្រដៅ ការសាកល្បួង ការដាក់ទោស ការដាក់បណ្ដាសា—តើឯងអាចស៊ូទ្រាំនឹងបញ្ហាទាំងអស់នេះទេ? នៅពេលដែលឯងឃើញពួកជំនុំមួយដែលមានសភាពល្អខ្លាំង ដែលបងប្អូនស្រី និងបងប្អូនប្រុសទាំងអស់កំពុងស្វែងរកដោយប្រើថាមពលច្រើន ឯងខ្លួនឯងមានអារម្មណ៍ទទួលបានការលើកទឹកចិត្ត។ នៅថ្ងៃដែលពួកគេបានចាកចេញទៅ ពួកគេខ្លះលែងជឿ អ្នកខ្លះឈប់ដើម្បីធ្វើជំនួញ ឬទៅរៀបការ ហើយអ្នកខ្លះបានចូលរួមក្នុងសាសនា។ តើឯងនឹងអាចឈររឹងមាំបានទេនៅពេលនោះ? តើឯងនឹងអាចនៅតែគ្មានការប៉ះទង្គិច​នៅក្នុងចិត្តមែនទេ? ការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញទេ! ទ្រង់ប្រើប្រាស់របស់ជាច្រើនដើម្បីធ្វើបន្សុទ្ធមនុស្ស។ មនុស្សមើលឃើញការទាំងនេះថាជាវិធីសាស្រ្ត ប៉ុន្តែតាមចេតនាដើមរបស់ព្រះជាម្ចាស់ ទាំងនេះមិនមែនជាវិធីសាស្ត្រនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍។ នៅទីបញ្ចប់ នៅពេលដែលទ្រង់បន្សុទ្ធមនុស្សដល់ចំណុចជាក់លាក់មួយ ហើយពួកគេលែងមានការត្អូញត្អែរទៀត ដូច្នេះដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះនឹងត្រូវបញ្ចប់។ កិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីឲ្យឯងបានគ្រប់លក្ខណ៍ ហើយនៅពេលដែលទ្រង់មិនធ្វើកិច្ចការ ហើយលាក់បាំងអង្គទ្រង់ វាកាន់តែជាគោលបំណងដើម្បីធ្វើឲ្យឯងបានគ្រប់លក្ខណ៍ ហើយជាពិសេសនៅក្នុងវិធីនេះវាអាចត្រូវបានគេមើលឃើញថា មនុស្សមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ មិនថាពួកគេមានទំនុកចិត្តពិតប្រាកដលើទ្រង់ឬអត់នោះទេ។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់ នោះមិនចាំបាច់ឯងស្វែងរកទេ។ មានតែនៅពេលដែលទ្រង់ត្រូវបានលាក់បាំង ទើបឯងត្រូវស្វែងរក និងមានអារម្មណ៍ទៅតាមផ្លូវរបស់ឯង។ ឯងគប្បីអាចបំពេញកាតព្វកិច្ចជាមនុស្សដែលទ្រង់បានបង្កើត ហើយមិនថាលទ្ធផលអនាគត និងទីដៅរបស់ឯងយ៉ាងណាទេ ឯងគប្បីអាចស្វះស្វែងរកចំណេះដឹង និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលឯងនៅរស់ ហើយទោះបីព្រះជាម្ចាស់ប្រព្រឹត្តយ៉ាងណាមកលើឯងក៏ដោយ ឯងគប្បីអាចជៀសវាងពីការត្អូញត្អែរ។ មានលក្ខខណ្ឌមួយសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនៅក្នុងមនុស្ស។ ពួកគេត្រូវតែ​ស្រេកឃ្លាន​ និង​ស្វែងរក ហើយមិនត្រូវមានចិត្តពាក់កណ្ដាល ឬសង្ស័យអំពីសកម្មភាពរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវតែអាចប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេគ្រប់ពេលវេលា។ មានតែតាមរយៈរបៀបនេះទេ ដែលពួកគេអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ នៅក្នុងជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលជាតម្រូវការពីមនុស្ស គឺការមានទំនុកចិត្តដ៏ខ្លាំង ហើយចូលមក​រកព្រះជាម្ចាស់ដើម្បីស្វែងរក មានតែតាមរយៈបទពិសោធន៍ទេ ទើបមនុស្សអាចដឹងថាព្រះជាម្ចាស់ដ៏ពេញដោយក្ដីស្រឡាញ់យ៉ាងដូចម្ដេច និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស។ ប្រសិនបើឯងមិនមានបទពិសោធន៍ ប្រសិនបើឯងមិនមានអារម្មណ៍តាមផ្លូវរបស់ឯងតាមរយៈការនោះ ប្រសិនបើឯងមិនស្វែងរកទេ នោះឯងនឹងមិនទទួលបានអ្វីឡើយ។ ឯងត្រូវតែមានអារម្មណ៍តាមផ្លូវរបស់ឯងតាមរយៈបទពិសោធន៍របស់ឯង ហើយមានតែតាមរយៈបទពិសោធន៍របស់ឯងប៉ុណ្ណោះ ដែលឯងអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ហើយទទួលស្គាល់ភាពអស្ចារ្យ និងភាពយល់មិនដល់​របស់ទ្រង់។

ខាង​ដើម៖ ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត

បន្ទាប់៖ តើអ្នកគឺជាមនុស្សម្នាក់ដែលមានជីវិតឬ?

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ