មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស

ខ្ញុំបានស្វែងរកមនុស្សជាច្រើននៅលើផែនដី ដើម្បីឱ្យគេធ្វើជាអ្នកដើរតាមខ្ញុំ។ ក្នុងចំណោមអ្នកដើរតាមទាំងអស់នេះ មានអ្នកខ្លះបម្រើការងារជាពួកសង្ឃ អ្នកខ្លះជាអ្នកដឹកនាំ អ្នកខ្លះជាពួកកូនប្រុសរបស់ព្រះជាម្ចាស់ អ្នកខ្លះជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតធ្វើការបម្រើព័ន្ធកិច្ច។ ខ្ញុំបែងចែកពួកគេទៅតាមភាពស្មោះត្រង់ ដែលពួកគេបង្ហាញចំពោះខ្ញុំ។ នៅពេលមនុស្សទាំងអស់ត្រូវបានបែងចែកទៅតាមជំពូករួចហើយ ពោលគឺនៅពេលដែលលក្ខណៈនៃជំពូកមនុស្សម្នាក់ៗត្រូវបានបែងចែកច្បាស់លាស់អស់ហើយ នោះខ្ញុំនឹងដាក់លេខរៀងពួកគេម្នាក់ៗ ទៅក្នុងជំពូកដ៏ត្រឹមត្រូវរបស់គេ រួចដាក់ជំពូកមនុស្សនីមួយៗទៅក្នុងកន្លែងដែលស័ក្តិសមសម្រាប់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅនៃសេចក្តីសង្គ្រោះរបស់ខ្ញុំសម្រាប់មនុស្សជាតិ។ ខ្ញុំត្រាស់ហៅអស់អ្នកដែលខ្ញុំចង់ប្រោសលោះ នៅក្នុងដំណាក់របស់ខ្ញុំជាក្រុមៗ ហើយបន្ទាប់មកឱ្យពួកគេរាល់គ្នាទទួលយកកិច្ចការរបស់ខ្ញុំនៅថ្ងៃចុងក្រោយ។ ក្នុងពេលនោះដែរ ខ្ញុំបែងចែកពួកគេទៅតាមជំពូក បន្ទាប់មក ផ្តល់រង្វាន់ ឬដាក់ទោសពួកគេម្នាក់ៗ ទៅតាមទង្វើរបស់ពួកគេ។ ទាំងនេះ គឺជាដំណាក់កាលនៅក្នុងកិច្ចការរបស់ខ្ញុំ។

សព្វថ្ងៃនេះ ខ្ញុំរស់នៅលើផែនដី ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្សលោក។ មនុស្សមានបទពិសោធពីកិច្ចការរបស់ខ្ញុំ និងចាំផ្ទៀងស្តាប់សូរសៀងរបស់ខ្ញុំ ហើយជាមួយគ្នានេះ ខ្ញុំក៏ប្រទានសេចក្តីពិតទាំងអស់ទៅដល់មនុស្សរាល់គ្នាដែលដើរតាមខ្ញុំ ដើម្បីពួកគេអាចទទួលបានជីវិតពីខ្ញុំ ហើយក៏ទទួលបានផ្លូវមួយដែលពួកគេអាចដើរបាន។ ដ្បិតខ្ញុំជាព្រះជាម្ចាស់ ជាអ្នកប្រទានជីវិត។ អំឡុងពេលជាច្រើនឆ្នាំក្នុងការបំពេញកិច្ចការរបស់ខ្ញុំ មនុស្សបានទទួលក៏ច្រើន ហើយបោះបង់ចោលក៏ច្រើន ប៉ុន្តែខ្ញុំនៅតែពោលថា ពួកគេនៅមិនទាន់ជឿលើខ្ញុំដោយពិតប្រាកដឡើយ។ ដ្បិតមនុស្សលោកគ្រាន់តែទទួលស្គាល់ថា ខ្ញុំជាព្រះជាម្ចាស់ដោយមាត់របស់ពួកគេ ប៉ុន្តែពួកគេមិនយល់ស្របនឹងសេចក្តីពិតដែលខ្ញុំមានបន្ទូលនោះទេ ហើយជាងនេះទៅទៀត ពួកគេមិនអនុវត្តតាមសេចក្តីពិតដែលខ្ញុំបង្គាប់ពីពួកគេនោះឡើយ។ នោះមានន័យថា មនុស្សទទួលស្គាល់ត្រឹមថា មានព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់ថាមានសេចក្តីពិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមថាមានព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់ថា មានជីវិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមព្រះនាមរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់លក្ខណៈរបស់ទ្រង់នោះទេ។ ខ្ញុំស្អប់ពួកគេ ដោយសារតែចិត្តងប់ងល់របស់ពួកគេ ដ្បិតពួកគេគ្រាន់តែប្រើពាក្យសម្តីពិរោះៗដើម្បីបោកប្រាស់ខ្ញុំប៉ុណ្ណោះ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេថ្វាយបង្គំខ្ញុំដោយពិតប្រាកដនោះទេ។ ពាក្យសម្តីរបស់អ្នករាល់គ្នា មានបង្កប់នូវសេចក្ដីល្បួងរបស់សត្វពស់ ហើយជាសម្ដីអួតខ្លាំងជាទីបំផុត ជាសេចក្តីប្រកាសដ៏ពិតប្រាកដដោយមហាទេវតា។ ជាងនេះទៅទៀត ទង្វើរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់កម្រិតមួយយ៉ាងអាម៉ាស់។ ក្តីប្រាថ្នាច្រើនហួសប្រមាណ និងបំណងលោភលន់របស់អ្នករាល់គ្នា គឺទាស់ត្រចៀកខ្លាំងណាស់។ អ្នករាល់គ្នាបានក្លាយជាសត្វខ្មូត នៅក្នុងដំណាក់របស់ខ្ញុំ ជាវត្ថុដែលត្រូវបោះចោលដោយសារសេចក្ដីសម្អប់។ ដ្បិតគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ស្រឡាញ់សេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកប្រាថ្នាចង់ទទួលបានព្រះពរ ចង់បានទៅឋានសួគ៌ ចង់មើលឃើញទិដ្ឋភាពដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដែលទ្រង់សម្តែងឫទ្ធានុភាពរបស់ទ្រង់នៅលើផែនដីនេះ។ ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា មនុស្សដូចជាអ្នករាល់គ្នា មនុស្សដែលពុករលួយយ៉ាងខ្លាំង ជាមនុស្សដែលមិនដឹងថាព្រះជាម្ចាស់ជាអ្វីផងនោះ ស័ក្ដិសមនឹងដើរតាមព្រះជាម្ចាស់ដូចម្តេចបាន? តើអ្នកអាចទៅឋានសួគ៌បានដូចម្ដេចទៅ? តើអ្នកស័ក្តិសមនឹងមើលឃើញទិដ្ឋភាពដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏ល្អត្រចះត្រចង់ មិនដែលធ្លាប់មានពីមុនមកនោះ បានដោយរបៀបណា? មាត់របស់អ្នក ពោរពេញដោយពាក្យសម្ដីបោកប្រាស់ និងពាក្យស្មោកគ្រោក ពាក្យមិនស្មោះត្រង់ និងពាក្យក្រអឺតក្រទម។ អ្នកមិនដែលនិយាយពាក្យស្មោះត្រង់ចំពោះខ្ញុំឡើយ គ្មានពាក្យបរិសុទ្ធ គ្មានពាក្យចុះចូលចំពោះខ្ញុំ នៅពេលស្តាប់ឮបន្ទូលរបស់ខ្ញុំឡើយ។ នៅទីបំផុត តើជំនឿរបស់អ្នកមានលក្ខណៈបែបណាទៅ? នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានអ្វីក្រៅពីសេចក្តីប៉ងប្រាថ្នា និងប្រាក់កាសឡើយ ហើយនៅក្នុងគំនិតរបស់អ្នករាល់គ្នា ក៏គ្មានអ្វីក្រៅពីទ្រព្យសម្បត្តិដែរ។ រៀងរាល់ថ្ងៃ អ្នកត្រិះរិះថា ត្រូវធ្វើបែបណាដើម្បីទទួលបានអ្វីមួយពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នករាប់ចំនួនទ្រព្យសម្បត្តិ និងចំនួនរបស់ទ្រព្យដែលអ្នកបានទទួលពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំឱ្យព្រះពរធ្លាក់មករកអ្នករាល់គ្នាទៀត ដើម្បីឱ្យអ្នករាល់គ្នាអាចត្រេកអរសប្បាយនឹងរបស់ទ្រព្យគួរជាទីត្រេកអរសប្បាយ ដែលមានចំនួនកាន់តែច្រើន និងមានក្បួនខ្នាតកាន់តែខ្ពស់ជាងមុន។ នៅគ្រប់ពេលទាំងអស់ នៅក្នុងគំនិតរបស់អ្នកពុំមានរូបខ្ញុំឡើយ ក៏មិនមានសេចក្តីពិតដែលមកអំពីខ្ញុំដែរ តែផ្ទុយទៅវិញ គំនិតរបស់អ្នក មានតែប្តី ឬប្រពន្ធកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា និងគ្រឿងបរិភោគ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នកគិតថា តើត្រូវធ្វើដូចម្តេច ទើបអ្នកអាចទទួលបានភាពរីករាយកាន់តែច្រើន និងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែ បើទោះបីជាពេលដែលអ្នកបានចម្អែតក្រពះរបស់អ្នករាល់គ្នារហូតដល់ផ្ទុះពោះក្តី តើអ្នកនៅតែមិនមែនជាសាកសពទេឬអី? សូម្បីតែពេលដែលអ្នកតុបតែងខ្លួនឯងពីខាងក្រៅដោយសម្លៀកបំពាក់ស្អាតៗបែបនេះក្ដី តើអ្នករាល់គ្នាមិនមែនជាសាកសពចេះដើរ ដែលគ្មានជីវិតទេឬអី? អ្នករាល់គ្នា ខំធ្វើការនឿយហត់ព្រោះតែក្រពះ រហូតដល់សក់ក្បាលប្រែទៅជាស្កូវ តែគ្មាននរណាលះបង់សក់មួយសរសៃដើម្បីកិច្ចការរបស់ខ្ញុំទេ។ អ្នករាល់គ្នាកំពុងទៅមុខឥតឈប់ឈរ ដោយប្រើកម្លាំងកាយ និងញាំញីខួរក្បាល ដើម្បីជាប្រយោជន៍ដល់ខាងសាច់ឈាមរបស់អ្នកផ្ទាល់ និងសម្រាប់កូនប្រុសស្រីរបស់អ្នក ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បង្ហាញការព្រួយបារម្ភ ឬក្តីកង្វល់អំពីបំណងហឫទ័យរបស់ខ្ញុំឡើយ។ តើនៅមានអ្វីខ្លះទៀតដែលអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានពីខ្ញុំ?

នៅពេលខ្ញុំធ្វើការ ខ្ញុំមិនដែលប្រញាប់ប្រញាល់នោះទេ។ មិនខ្វល់ថាមនុស្សដើរតាមខ្ញុំដោយរបៀបណានោះទេ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំស្របទៅតាមជំហាននីមួយៗ ស្របទៅតាមផែនការរបស់ខ្ញុំ។ ដូចនេះ មិនថាអ្នករាល់គ្នាបះបោរនឹងខ្ញុំយ៉ាងណានោះទេ ក៏ខ្ញុំនៅតែបន្តធ្វើការឥតឈប់ដែរ ហើយខ្ញុំនៅតែបន្តនិយាយពាក្យពេចន៍ដែលខ្ញុំត្រូវនិយាយ។ ខ្ញុំត្រាស់ហៅអស់អ្នកដែលខ្ញុំបានដៅទុកជាមុនឱ្យមកដំណាក់របស់ខ្ញុំ ដើម្បីឱ្យពួកគេអាចស្តាប់បន្ទូលរបស់ខ្ញុំបាន។ ខ្ញុំនឹងនាំយកអស់អ្នកណាដែលចុះចូលនឹងបន្ទូលរបស់ខ្ញុំ អ្នកដែលស្រេកឃ្លានចង់បានបន្ទូលរបស់ខ្ញុំ មកចំពោះបល្ល័ង្ករបស់ខ្ញុំ។ អស់អ្នកណាដែលបែរខ្នងដាក់បន្ទូលរបស់ខ្ញុំ អ្នកដែលមិនស្ដាប់បង្គាប់ខ្ញុំ និងបំពានមកលើខ្ញុំដោយបើកចំហ ខ្ញុំនឹងទុកពួកគេចោលមួយឡែក ដើម្បីរង់ចាំការដាក់ទោសចុងក្រោយរបស់គេ។ មនុស្សទាំងអស់ សុទ្ធតែរស់នៅក្នុងសេចក្ដីពុករលួយ និងស្ថិតនៅក្រោមដៃរបស់មេកំណាច ដូច្នេះហើយ អ្នកដើរតាមខ្ញុំពុំសូវមានអ្នកដែលមានចិត្តប្រាថ្នាចង់បានសេចក្តីពិតនោះទេ។ មានន័យថា ពួកគេភាគច្រើនមិនថ្វាយបង្គំខ្ញុំដោយពិតប្រាកដទេ។ ពួកគេមិនថ្វាយបង្គំខ្ញុំដោយសេចក្តីពិតទេ ប៉ុន្តែពួកគេព្យាយាមទទួលបានការជឿជាក់ពីខ្ញុំ តាមរយៈសេចក្ដីពុករលួយ និងការបះបោរដោយមធ្យោបាយបោកបញ្ឆោត។ ហេតុដូច្នេះហើយទើបខ្ញុំនិយាយថា៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស។ មនុស្សដែលត្រូវបានត្រាស់ហៅ ពុករលួយខ្លាំងណាស់ ហើយទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងយុគសម័យតែមួយ ប៉ុន្តែមនុស្សដែលត្រូវបានជ្រើសរើស គឺជាចំណែកមួយក្នុងចំណោមពួកគេ ពួកគេគឺជាអ្នកជឿ និងទទួលស្គាល់សេចក្តីពិត ហើយជាអ្នកអនុវត្តតាមសេចក្តីពិតនេះ។ មនុស្សទាំងអស់នេះ គ្រាន់តែជាចំណែកដ៏តូចមួយ ក្នុងចំណោមពួកគេ ហើយខ្ញុំនឹងទទួលបានសិរីល្អថែមទៀតពីក្នុងចំណោមពួកគេនេះ។ បើប្រៀបធៀបទៅនឹងពាក្យសម្តីទាំងនេះ តើអ្នកដឹងទេថា អ្នករាល់គ្នាស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវជ្រើសដែរឬទេ? តើចុងបញ្ចប់របស់អ្នករាល់គ្នានឹងមានលក្ខណៈដូចម្តេច?

ដូចខ្ញុំមានបន្ទូលហើយថា អ្នកដែលដើរតាមខ្ញុំ គឺមានច្រើនណាស់ ប៉ុន្តែអ្នកដែលស្រឡាញ់ខ្ញុំដោយពិតប្រាកដនោះ គឺមានតិចណាស់។ ប្រហែលអ្នកខ្លះអាចសួរថា «បើទូលបង្គំមិនស្រឡាញ់ទ្រង់ទេ តើទួលបង្គំនឹងលះបង់តម្លៃធំធេងដល់ម្ល៉ឹងទេ? បើទូលបង្គំមិនបានស្រឡាញ់ទ្រង់ទេ តើទូលបង្គំដើរតាមទ្រង់រហូតដល់ពេលនេះម្ដេចកើត?» ប្រាកដណាស់ អ្នកមានហេតុផលជាច្រើន ហើយក្តីស្រឡាញ់របស់អ្នក គឺធំធេងប្រាកដណាស់ ប៉ុន្តែតើអ្វីទៅជាសារជាតិនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ? តាមនិយមន័យ «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នកដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ឆោត ត្អូញត្អែរ ផិតក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយ ឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯងដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ អ្នកនឹងបោះបង់ចោលអ្វីទាំងអស់ដែលអ្នកមានដើម្បីខ្ញុំ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ! តើក្តីស្រឡាញ់របស់អ្នក គឺជាក្តីស្រឡាញ់ប្រភេទណា? តើវាជាក្តីស្រឡាញ់ពិតប្រាកដមែនដែរឬទេ? ឬមួយក្លែងក្លាយ? តើអ្នកបានលះបង់ច្រើនប៉ុនណាហើយ? តើអ្នកបានថ្វាយច្រើនប៉ុនណាហើយ? តើខ្ញុំទទួលបានក្តីស្រឡាញ់អ្នក ច្រើនប៉ុនណាហើយ? តើអ្នកដឹងដែរឬទេ? ដួងចិត្តរបស់អ្នកពោរពេញទៅដោយសេចក្តីអាក្រក់ អំពើក្បត់ និងការបោកបញ្ឆោត ហើយបើបែបនេះ តើក្តីស្រឡាញ់របស់អ្នកស្មោកគ្រោកខ្លាំងប៉ុនណា? អ្នករាល់គ្នាគិតថា អ្នកបានលះបង់ច្រើនគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ អ្នករាល់គ្នាគិតថាក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំ វាច្រើនគ្រប់គ្រាន់ហើយ។ បើដូច្នោះមែន តើហេតុអ្វីបានជាពាក្យសម្តី និងទង្វើរបស់អ្នករាល់គ្នា តែងតែបះបោរ និងបោកបញ្ឆោតទៅវិញ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នកមិនទទួលស្គាល់បន្ទូលរបស់ខ្ញុំឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែបែរជាទុកខ្ញុំចោលទៅវិញ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទុកចិត្តខ្ញុំ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនអាចទទួលថាខ្ញុំមានពិតនោះទេ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនប្រព្រឹត្តនឹងខ្ញុំឱ្យស័ក្តិសមឋានៈរបស់ខ្ញុំទេ ហើយអ្នកតែងធ្វើឱ្យខ្ញុំមានការពិបាកជានិច្ច។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់ព្យាយាមបន្លំខ្ញុំ និងបោកបញ្ឆោតខ្ញុំគ្រប់រឿងទាំងអស់។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាបម្រើខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនខ្លាចរអាចំពោះខ្ញុំសោះឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាទាស់ទទឹងនឹងខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់។ តើទាំងអស់នេះ ចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាបានលះបង់ជាច្រើន វាជាការពិត ប៉ុន្តែអ្នករាល់គ្នា មិនដែលបានអនុវត្តទៅតាមអ្វីដែលខ្ញុំតម្រូវឱ្យអ្នកធ្វើនោះទេ។ តើនេះអាចចាត់ទុកជាក្តីស្រឡាញ់បានទេ? តាមការគិតពិចារណាដោយយកចិត្តទុកដាក់ បង្ហាញថា នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានសេចក្តីស្រឡាញ់ចំពោះខ្ញុំសូម្បីបន្តិចសោះឡើយ។ បន្ទាប់ពីបំពេញកិច្ចការអស់ពេលជាច្រើនឆ្នាំ និងតាមរយៈពាក្យសម្តីជាច្រើនដែលខ្ញុំមានបន្ទូល តើអ្នករាល់គ្នា ទទួលបានច្រើនប៉ុនណាហើយ? តើការនេះមិនសមនឹងពិចារណាឡើងវិញដោយយកចិត្តទុកដាក់ទេឬអី? ខ្ញុំសូមទូន្មានអ្នករាល់គ្នាថា៖ មនុស្សដែលខ្ញុំត្រាស់ហៅឱ្យមកឯខ្ញុំ មិនមែនជាមនុស្សដែលពុំធ្លាប់ពុករលួយពីមុនមកនោះទេ ផ្ទុយទៅវិញ មនុស្សដែលខ្ញុំជ្រើសយក គឺជាមនុស្សដែលស្រឡាញ់ខ្ញុំដោយពិតប្រាកដ។ ហេតុដូច្នេះ អ្នករាល់គ្នាត្រូវតែមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តី និងទង្វើរបស់ខ្លួន ហើយពិនិត្យមើលបំណង និងគំនិតរបស់ខ្លួន ដើម្បីកុំឱ្យវាជ្រុលជ្រួសហួសកំណត់។ នៅក្នុងពេលនៃគ្រាចុងក្រោយ ចូរខំប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីថ្វាយសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាមកខ្ញុំ ក្រែងសេចក្ដីក្រោធរបស់ខ្ញុំ មិនរសាយចេញពីអ្នករាល់គ្នាសោះ!

ខាង​ដើម៖ មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់

បន្ទាប់៖ អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ