ជំពូកទី ៩២

មនុស្សម្នាក់ៗអាចមើលឃើញពីព្រះចេស្ដារបស់ខ្ញុំ និងព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងសកម្មភាពរបស់ខ្ញុំ។ នៅកន្លែងណាដែលខ្ញុំទៅដល់ នោះកិច្ចការរបស់ខ្ញុំគឺមានដល់ទីនោះដែរ។ ស្នាមព្រះបាទារបស់ខ្ញុំ មិនគ្រាន់តែមាននៅប្រទេសចិនទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺថា ស្នាមព្រះបាទាមាននៅគ្រប់ជាតិសាសន៍នៃពិភពលោកនេះ។ ក៏ប៉ុន្តែ ជាតិសាសន៍ដំបូងគេដែលត្រូវទទួលបានព្រះនាមនេះ គឺមានតែជាតិសាសន៍ទាំងប្រាំពីរដែលបានពិភាក្សាពីមុនមកប៉ុណ្ណោះ ដោយសារតែនេះគឺជាលំដាប់លំដោយនៃកិច្ចការរបស់ខ្ញុំ។ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ អ្នករាល់គ្នានឹងមានភាពច្បាស់លាស់យ៉ាងអស្ចារ្យអំពីសេចក្ដីនេះ ដោយយល់ដឹងអំពីវាបានគ្រប់សព្វល្អ។ ប្រសិនបើខ្ញុំប្រាប់អ្នករាល់គ្នាក្នុងពេលនេះ ខ្ញុំខ្លាចមនុស្សភាគច្រើនដួលចុះដោយសារសេចក្ដីនេះ ដ្បិតខ្ញុំបានមានព្រះបន្ទូលមុននោះថា ខ្ញុំមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នា និងបញ្ចេញព្រះសូរសៀងរបស់ខ្ញុំទៅកាន់អ្នករាល់គ្នា ទៅតាមកម្ពស់របស់អ្នករាល់គ្នា ហើយកិច្ចការទាំងអស់ដែលខ្ញុំធ្វើមានព្រះប្រាជ្ញាញាណមិនចេះរីងស្ងួតរបស់ខ្ញុំនៅក្នុងនោះ ដែលគ្មាននរណាម្នាក់អាចយល់បានឡើយ។ វិធីតែមួយគត់ គឺត្រូវប្រាប់អ្នករាល់គ្នានៅក្នុងក្រុមផ្សេងៗឱ្យបានដឹង។ ចូរដឹងអំពីសេចក្ដីនេះចុះ! នៅក្នុងព្រះនេត្ររបស់ខ្ញុំ អ្នករាល់គ្នាគឺជាកូនក្មេងជាដរាប។ គ្រប់ជំហានដែលអ្នកដើរ អ្នកត្រូវបានខ្ញុំដឹកនាំ និងត្រូវបានខ្ញុំណែនាំ។ ឱមនុស្សអើយ! មានតែនៅក្រោមការណែនាំរបស់ខ្ញុំទេ ដែលអ្នកអាចរស់នៅពេញមួយជីវិតរបស់អ្នកបាន។ បើគ្មានការណែនាំរបស់ខ្ញុំទេ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅបានឡើយ។ ពិភពចក្រវាលទាំងមូលនេះ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ក៏ប៉ុន្តែអ្នកពុំឃើញខ្ញុំយាងចុះយាងឡើងទេ។ ផ្ទុយទៅវិញ ខ្ញុំបានស្បើយក្នុងហឫទ័យ និងសប្បាយព្រះទ័យ។ មនុស្សពុំដឹងពីព្រះចេស្ដារបស់ខ្ញុំទេ ហើយគេនឹងមានអារម្មណ៍ខ្វាយខ្វល់ចំពោះខ្ញុំ។ អ្នកស្គាល់ខ្លួនឯងអីក៏តិចដល់ម្ល៉េះ! អ្នកនៅតែអួតអាងពីរឿងកំប៉ិកកំប៉ុកគ្មានតម្លៃរបស់អ្នកនៅចំពោះព្រះភ័ក្ដ្រខ្ញុំទៀត ដោយថែមទាំងកោតសរសើរដល់ខ្លួនឯងផង! ខ្ញុំបានទតឃើញពីចំណុចនេះជាយូរណាស់មកហើយ។ ហើយអ្នកប្រើល្បិចកលនៅចំពោះព្រះភ័ក្ដ្រខ្ញុំ អ្នកពិតជាមនុស្សទុច្ចរិតដ៏គួរឱ្យស្អប់ខ្ពើមមែន! ចេញពីដំណាក់របស់ខ្ញុំក្នុងពេលឥឡូវនេះភ្លាមទៅ! ខ្ញុំមិនចង់បានរបស់ទុច្ចរិតដូចជាអ្នកនោះទេ។ ខ្ញុំសុខចិត្តឱ្យគ្មាននរណាម្នាក់នៅក្នុងនគររបស់ខ្ញុំជាជាងមានមនុស្សប្រភេទអ្នក ដែលជាពួកទុច្ចរិតគួរឱ្យស្អប់ខ្ពើមនេះ! តើអ្នកដឹងទេថា ខ្ញុំបានឈប់បំពេញកិច្ចការរបស់ខ្ញុំលើអ្នកជាយូរមកហើយ បើទោះបីជាថាអ្នកនៅតែបន្តញ៉ាំ និងស្លៀកពាក់ដូចធម្មតាក្ដី? ប៉ុន្តែតើអ្នកដឹងថាអ្នកកំពុងរស់នៅដើម្បីសាតាំង និងថាអ្នកកំពុងបម្រើឱ្យសាតាំងដែរឬទេ? ប៉ុន្តែ អ្នកនៅតែហ៊ានឈរនៅចំពោះព្រះភ័ក្ដ្រខ្ញុំទៀត! អ្នកពិតជាគ្មានការអៀនខ្មាសមែន!

កាលពីមុន ខ្ញុំតែងមានព្រះបន្ទូលជារឿយៗថា៖ «គ្រោះមហន្តរាយដ៏ធំនឹងកើតមានឆាប់ៗនេះ។ គ្រោះមហន្តរាយដ៏ធំ បានធ្លាក់ចេញពីព្រះហស្ដរបស់ខ្ញុំហើយ។» តើពាក្យថា «គ្រោះមហន្តរាយដ៏ធំ» សំដៅលើអ្វី ហើយតើពាក្យ «ដែលបានធ្លាក់ចេញ» នេះត្រូវពន្យល់ដោយបែបណា? អ្នករាល់គ្នាគិតថា គ្រោះមហន្តរាយដ៏ធំនេះ សំដៅលើគ្រោះមហន្តរាយដែលមិនអាចគេចផុតបាន ដែលធ្វើឱ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់មនុស្សរងរបួស ហើយអ្នកគិតថា «គ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស និងគ្រោះកាច» ដែលខ្ញុំបានមានព្រះបន្ទូលមកនោះ គឺជាគ្រោះមហន្តរាយដ៏ធំទាំងនេះហើយ។ ប៉ុន្តែអ្នករាល់គ្នាពុំដឹងថា អ្នករាល់គ្នាបានបកស្រាយព្រះបន្ទូលរបស់ខ្ញុំខុសទេ។ តើអ្នកគិតថាពាក្យ «ដែលបានធ្លាក់ចេញ» មានន័យថាគ្រោះមហន្តរាយដ៏ធំនោះបានចាប់ផ្ដើមកើតមានមែនទេ។ នេះគឺជារឿងគួរឱ្យអស់សំណើចណាស់! តាមពិតទៅ អ្នកមានការយល់ដឹងសេចក្ដីនេះបែបនេះឯង ហើយពេលបានស្ដាប់ការពន្យល់របស់អ្នករាល់គ្នា ខ្ញុំពិតជាខ្ញាល់ខ្លាំងណាស់។ អាថ៌កំបាំងដែលមនុស្សមិនធ្លាប់អាចបើកសម្ដែងឱ្យយល់បាន (ដែលជាអាថ៌កំបាំងដ៏ជ្រាលជ្រៅបំផុត) ក៏ជាអាថ៌កំបាំងមួយដែលត្រូវបានបកស្រាយខុសយ៉ាងខ្លាំងនៅទូទាំងយុគសម័យនោះផងដែរ ហើយវាគឺជាអាថ៌កំបាំងមួយដែលគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធដោយផ្ទាល់ខ្លួនឡើយ (ដោយសារវាត្រូវនាំឱ្យឃើញតែនៅគ្រាចុងក្រោយប៉ុណ្ណោះ ហើយមានតែយុគសម័យចុងក្រោយប៉ុណ្ណោះដែលមនុស្សអាចមើលឃើញបាន បើទោះបីជាពួកគេពុំអាចស្គាល់វាបានក្ដី) ដោយសារខ្ញុំបិទវាយ៉ាងជិតល្អ មនុស្សបែបនេះមិនអាចជ្រៀតចូលបានទេ (សូម្បីតែមើលពីចំណែកតូចបំផុតរបស់វាក៏អត់ដែរ)។ បច្ចុប្បន្នដោយសារកិច្ចការរបស់ខ្ញុំត្រូវបានបំពេញមកដល់ដំណាក់កាលនេះហើយ នោះខ្ញុំបំភ្លឺអ្នករាល់គ្នាស្របទៅតាមសេចក្ដីត្រូវការនៃកិច្ចការរបស់ខ្ញុំ។ បើពុំដូច្នេះទេ មនុស្សនឹងគ្មានផ្លូវយល់បានឡើយ។ បច្ចុប្បន្ននេះ ខ្ញុំចាប់ផ្ដើមប្រទាននូវការប្រកបគ្នា។ មនុស្សគ្រប់គ្នាគួរយកចិត្តទុកដាក់ ដ្បិតនរណាដែលគ្មានការប្រុងប្រយ័ត្ន រួមទាំងពួកកូនប្រុសច្បងរបស់ខ្ញុំផង នឹងរងទុក្ខលំបាកពីការជំនុំជម្រះរបស់ខ្ញុំ ហើយក្នុងករណីធ្ងន់ធ្ងរបំផុត ពួកគេនឹងត្រូវវាយផ្ដួលដោយព្រះហស្តរបស់ខ្ញុំ (ដែលមានន័យថា វិញ្ញាណ ព្រលឹង និងរូបកាយរបស់ពួកគេ នឹងត្រូវដកចេញ)។ គ្រោះមហន្តរាយដ៏ធំនេះត្រូវបានថ្លែងពាក់ព័ន្ធនឹងរាល់បញ្ញត្តិរដ្ឋបាលនៃនគររបស់ខ្ញុំ ហើយរាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ គឺជាចំណែកនៃគ្រោះមហន្តរាយដ៏ធំនេះ។ (បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ មិនទាន់បានទម្លាយឱ្យអ្នករាល់គ្នាបានដឹងទាំងស្រុងនោះទេ ប៉ុន្តែចូរកុំបារម្ភនឹងខ្លួនឯង ឬមានអារម្មណ៍ខ្វាយខ្វល់អំពីការនេះឡើយ។ មានរឿងមួយចំនួនដែលនឹងឱ្យអ្នករាល់គ្នាបានផលបន្តិចបន្តួចដែរ ប្រសិនបើអ្នករាល់គ្នាបានដឹងអំពីសេចក្ដីនោះបានឆាប់។ ចូរចងចាំសេចក្ដីនេះចុះ! ខ្ញុំគឺជាព្រះជាម្ចាស់ដ៏មានព្រះប្រាជ្ញាញាណ។) ដូច្នេះ តើមានចំណែកអ្វីផ្សេងទៀតទេ? គ្រោះមហន្តរាយដ៏ធំនេះ មានពីរចំណែក៖ បទបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ និងសេចក្ដីក្រោធរបស់ខ្ញុំ។ ពេលវេលាដែលគ្រោះមហន្តរាយដ៏ធំនេះចូលមកដល់ ក៏នឹងក្លាយជាពេលដែលខ្ញុំចាប់ផ្ដើមដុតបញ្ឆេះដោយសេចក្ដីខ្ញាល់ និងចាប់ផ្ដើមអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដែរ។ ត្រង់នេះ ចាំខ្ញុំប្រាប់អ្នកចុះ ពួកកូនប្រុសច្បងរបស់ខ្ញុំអើយ៖ អ្នកមិនត្រូវក្លាយទៅជាមនុស្សអាក្រក់ដោយសារការនេះឡើយ។ តើអ្នកបានភ្លេចថា គ្រប់សព្វសារពើ និងគ្រប់បញ្ហាទាំងអស់ ត្រូវបានខ្ញុំកំណត់ទុកជាមុនរួចមកហើយទេឬ? កូនប្រុសរបស់ខ្ញុំអើយ ចូរកុំភ័យខ្លាចអី! ខ្ញុំប្រាកដជានឹងការពារអ្នក។ អ្នកនឹងមានព្រះពរល្អៗជាមួយខ្ញុំជារៀងរហូត ហើយនឹងបាននៅជាមួយខ្ញុំជាអស់កល្ប។ ដោយសារអ្នកជាមនុស្សដែលខ្ញុំសព្វព្រះទ័យ ខ្ញុំនឹងមិនបោះបង់អ្នកឡើយ។ ខ្ញុំមិនធ្វើរឿងល្ងង់ខ្លៅនោះទេ ប៉ុន្តែប្រសិនបើខ្ញុំកម្ទេចអ្វីដែលបានបំពេញរួចដោយការលំបាកនោះ តើខ្ញុំមិនដូចជាបាញ់ព្រះបាទាខ្លួនឯងទេឬ? ខ្ញុំជ្រាបថាអ្នកគិតអ្វីនៅក្នុងដួងចិត្តរបស់អ្នកហើយ។ តើអ្នកចងចាំសេចក្ដីនេះទេ? តើអ្នកចង់ឱ្យខ្ញុំមានព្រះបន្ទូលអំពីអ្វីទៀត? ខ្ញុំនឹងមានព្រះបន្ទូលច្រើនទៀតអំពីគ្រោះមហន្តរាយដ៏ធំនេះ។ នៅពេលគ្រោះមហន្តរាយដ៏ធំនេះមកដល់ នោះនឹងក្លាយជាពេលដ៏គួរឱ្យភ័យតក់ស្លុតជាខ្លាំង ហើយវានឹងបើកសម្ដែងឱ្យឃើញពីភាពកខ្វក់ដល់ឆ្អឹងរបស់មនុស្ស។ មុខមាត់របស់អារក្សគ្រប់បែបយ៉ាង នឹងត្រូវបើកសម្ដែងឱ្យឃើញនៅក្នុងពន្លឺនៃព្រះភ័ក្ដ្ររបស់ខ្ញុំ ហើយពួកគេនឹងគ្មានកន្លែងលាក់ខ្លួនឡើយ គ្មានកន្លែងជ្រកឡើយ។ ពួកគេនឹងត្រូវបានបើកសម្ដែងឱ្យឃើញទាំងស្រុង។ ផលប៉ះពាល់នៃគ្រោះមហន្តរាយដ៏ធំនេះ គឺដើម្បីធ្វើឱ្យអ្នករាល់គ្នាដែលមិនមែនជារាស្រ្តជ្រើសតាំងរបស់ខ្ញុំ ឬមនុស្សដែលខ្ញុំបានកំណត់ទុកជាមុនហើយនោះ មកលុតជង្គង់នៅចំពោះព្រះភ័ក្ដ្រខ្ញុំ និងទូលសុំការអត់ទោស ដោយទួញយំ និងសង្កៀតធ្មេញផង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើសាតាំង ជាការជំនុំជម្រះដោយសេចក្ដីក្រោធរបស់ខ្ញុំ។ បច្ចុប្បន្ននេះ ខ្ញុំកំពុងបំពេញកិច្ចការនេះ ហើយប្រហែលជាមានអ្នកខ្លះ ដែលចង់ធ្វើឱ្យប៉ះពាល់ដល់លក្ខណៈសម្បត្តិ និងបន្លំដើម្បីធ្វើកិច្ចការរបស់ពួកគេដែរ។ កាលណាពួកគេកាន់តែធ្វើបែបនេះ នោះសាតាំងនឹងកាន់តែធ្វើដាក់ពួកគេ រហូតដល់ចំណុចណាមួយ នោះទម្រង់ដើមរបស់ពួកគេក៏ត្រូវបានបើកសម្ដែងឱ្យឃើញ។

ខ្ញុំគ្មានការប្រញាប់ក្នុងការបំពេញកិច្ចការរបស់ខ្ញុំទេ ហើយខ្ញុំចាត់ចែងមនុស្សគ្រប់គ្នាដោយខ្លួនខ្ញុំ (នេះគឺជាការចំអកដាក់ពួកគេ ដោយសារពួកគេគឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំពុំយកព្រះទ័យទុកដាក់ចំពោះពួកគេឡើយ ដូច្នេះ វាមិនហួសហេតុពេកនោះទេដែលប្រើពាក្យ «ចាត់ចែង» នេះ) ហើយធ្វើគ្រប់ការទាំងអស់ដោយខ្លួនខ្ញុំដែរ។ អ្វីគ្រប់យ៉ាងបានជោគជ័យជាមួយខ្ញុំ ហើយវាគឺជាជោគជ័យដោយសេចក្ដីសុខ និងសុវត្ថិភាព។ អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺបានរៀបចំរួចជាស្រេចហើយ ទៅតាមដំណាក់កាលនីមួយៗ។ មួយដងៗ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីបំណងព្រះហឫទ័យរបស់ខ្ញុំ និងបន្ទុករបស់ខ្ញុំបន្តិចបន្ដួចប៉ុណ្ណោះ។ ចាប់ពីចំណុចនេះតទៅ ព្រះបន្ទូលរបស់ខ្ញុំចាប់ផ្ដើមលេចមកនៅគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់។ ដោយសារពួកកូនប្រុសច្បងរបស់ខ្ញុំត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍រួចហើយ (ព្រះបន្ទូលរបស់ខ្ញុំផ្ដោតលើពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំ) នោះវិធីដែលខ្ញុំបំពេញកិច្ច ក៏បានចាប់ផ្ដើមផ្លាស់ប្ដូរសាជាថ្មី។ តើអ្នកមើលឃើញចំណុចនេះច្បាស់ទេ? តើអ្នករាល់គ្នាបានស្ដាប់ឮព្រះសូរសៀងនៃព្រះបន្ទូលរបស់ខ្ញុំដែរឬទេក្នុងពេលប៉ុន្មានថ្ងៃមកនេះ? ខ្ញុំបានលួងលោមពួកកូនប្រុសច្បងរបស់ខ្ញុំនៅគ្រប់ជំហាននៃផ្លូវនេះ ប៉ុន្តែចាប់ពីពេលនេះតទៅ (ដោយសារពួកកូនប្រុសច្បងរបស់ខ្ញុំត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ហើយ) ខ្ញុំនឹងកាន់កូនកាំបិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ («កូនកាំបិត» មានន័យថា «ព្រះបន្ទូលដ៏ម៉ឺងម៉ាត់បំផុត»)។ នរណាក៏ដោយដែលខ្ញុំចាត់ទុកថាមិនគួរឱ្យសព្វព្រះទ័យ នៅក្នុងពេលណាមួយ (នេះសំដៅលើអស់អ្នកដែលត្រូវបានកំណត់ទុកជាមុន ឬត្រូវបានរើសតាំងរួច ដូច្នេះហើយ ពួកគេគ្មានភាពផ្ទុយគ្នាទេ) នោះខ្ញុំពុំយកព្រះទ័យទុកដាក់ថាតើពួកគេបម្រើខ្ញុំឬអត់នោះទេ ឬថាតើពួកគេជាអ្វីផ្សេងទៀតនោះទេ ខ្ញុំនឹងកម្ទេចពួកគេចោលភ្លាម។ ខ្ញុំគឺជាព្រះដ៏មានគ្រប់ចេស្ដា ហើយខ្ញុំអាចធ្វើឱ្យមនុស្សបម្រើខ្ញុំបាន។ ខ្ញុំមិនមានការស្ទាក់ស្ទើរនឹងបែកចេញពីមនុស្សបែបនេះបន្តិចណាឡើយ។ ប្រសិនបើខ្ញុំមានបន្ទូលថា ខ្ញុំមិនចង់បានពួកគេ នោះគឺខ្ញុំមិនចង់បានពួកគេហើយ។ ដោយសារពេលនេះបានចូលមកដល់ហើយ ខ្ញុំគ្រាន់តែត្រូវការចង់ឃើញនរណាដែលធ្វើឱ្យខ្ញុំមិនសប្បាយព្រះទ័យប៉ុណ្ណោះ ហើយខ្ញុំនឹងបណ្ដេញពួកគេចេញភ្លាមៗ ដោយគ្មានការស្រាវជ្រាវអ្វីឡើយ ដ្បិតខ្ញុំគឺជាព្រះជាម្ចាស់ដែលល្អដូចជាព្រះបន្ទូលរបស់ទ្រង់ដូច្នោះដែរ។ ចំពោះអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុនឱ្យមកបម្រើដល់ខ្ញុំនោះ មិនថាអ្នកល្អប៉ុនណា មិនថាអ្នកបានធ្វើអ្វីខ្លះដែលប្រឆាំងទាស់នឹងខ្ញុំនោះទេ ប្រសិនបើអ្នកធ្វើឱ្យខ្ញុំមិនសប្បាយព្រះទ័យ នោះខ្ញុំនឹងទាត់អ្នកចេញ។ ខ្ញុំគ្មានខ្លាចបញ្ហាទៅអនាគតអ្វីទេ។ ខ្ញុំមានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ខ្ញុំល្អដូចជាព្រះបន្ទូលរបស់ខ្ញុំដែរ ហើយព្រះបន្ទូលរបស់ខ្ញុំនឹងត្រូវសម្រេច។ តើខ្ញុំនឹងទុកឱ្យសាតាំងនៅដែរទេ? ចូរស្ដាប់ខ្ញុំចុះ ឱពួកមនុស្សលោកអើយ! អ្នករាល់គ្នាមិនត្រូវភ័យខ្លាចនោះទេ។ អ្នកត្រូវចាកចេញនៅពេលណាដែលខ្ញុំមានបន្ទូលប្រាប់ឱ្យអ្នកចាកចេញ។ ចូរកុំរកលេសដោះសាចំពោះខ្ញុំអី។ ខ្ញុំគ្មានបន្ទូលអ្វីត្រូវថ្លែងទៅកាន់អ្នកទេ! ដ្បិតខ្ញុំបានអត់ធ្មត់បែបនេះ ហើយពេលវេលាដែលត្រូវអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំបានមកដល់ហើយ ហើយគ្រាចុងក្រោយរបស់អ្នករាល់គ្នា ក៏មាននៅទីនេះដែរ។ ដ្បិតរាប់សិបពាន់ឆ្នាំមកហើយ អ្នករាល់គ្នាបានរំលងខូចសីលធម៌ និងតែងបានធ្វើអ្វីដោយមានះ ដោយចេតនា ប៉ុន្តែខ្ញុំតែអត់ធ្មត់ (ដោយសារខ្ញុំមានព្រះទ័យអាណិតអាសូរ និងអនុញ្ញាតឱ្យអ្នកមាននិស្ស័យពុករលួយត្រឹមកម្រិតណាមួយ)។ ប៉ុន្តែពេលនេះ ការអត់ឱនរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយ ហើយពេលវេលានោះក៏បានមកដល់ដែរ ដើម្បីចាប់អ្នករាល់គ្នាមកគ្រប់គ្រង រួចបោះចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ ចូរប្រញាប់ឡើង រួចគេចចេញពីផ្លូវនោះ។ ខ្ញុំចាប់ផ្ដើមអនុវត្តការជំនុំជម្រះរបស់ខ្ញុំជាផ្លូវការហើយ ហើយខ្ញុំចាប់ផ្ដើមបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំហើយ។

ក្នុងបណ្ដាប្រជាជាតិទាំងអស់ និងគ្រប់ទីកន្លែងក្នុងពិភពលោក គ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស គ្រោះកាច និងគ្រោះមហន្តរាយគ្រប់យ៉ាង កើតមានជារឿយៗ។ ខណៈដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំក្នុងបណ្ដាប្រជាជាតិទាំងអស់ និងគ្រប់ទីកន្លែង គ្រោះមហន្តរាយទាំងនេះនឹងកាន់តែមានភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ តាំងពីកំណើតផែនដីមក។ នេះគឺជាការចាប់ផ្ដើមនៃការជំនុំជម្រះមនុស្សទាំងអស់ ប៉ុន្តែពួកកូនប្រុសរបស់ខ្ញុំអាចសម្រាកបានយ៉ាងស្រួល។ គ្មានគ្រោះមហន្តរាយណានឹងកើតឡើងចំពោះអ្នករាល់គ្នាឡើយ ហើយខ្ញុំនឹងការពារអ្នករាល់គ្នា។ (នេះមានន័យថា បន្ទាប់ពីនេះទៅ អ្នករាល់គ្នានឹងត្រូវរស់នៅក្នុងរូបកាយនេះ ប៉ុន្តែមិនមែនខាងសាច់ឈាមទេ ដូច្នេះ អ្នកនឹងមិនរងទុក្ខនូវការឈឺចាប់ពីគ្រោះមហន្តរាយណាមួយឡើយ។) អ្នករាល់គ្នានឹងបានគ្រងរាជ្យជាស្ដេច និងជំនុំជម្រះគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់ជាមួយខ្ញុំ ដោយរីករាយនឹងព្រះពរល្អៗជាមួយខ្ញុំជារៀងដរាបនៅក្នុងសកលលោកនេះ និងនៅចុងបំផុតនៃផែនដីនេះ។ ព្រះបន្ទូលទាំងអស់នេះនឹងត្រូវសម្រេចបាន ហើយព្រះបន្ទូលទាំងនេះនឹងត្រូវសម្រេចបាននៅចំពោះភ្នែករបស់អ្នកតែម្ដង។ ខ្ញុំមិនពន្យារពេលសូម្បីមួយម៉ោង ឬមួយថ្ងៃឡើយ។ ខ្ញុំធ្វើអ្វីៗយ៉ាងលឿនអស្ចារ្យ។ ចូរកុំភ័យខ្លាច និងព្រួយបារម្ភអ្វី។ ព្រះពរដែលខ្ញុំប្រទានដល់អ្នក គឺជារបស់ដែលគ្មាននរណាម្នាក់អាចដកយកពីអ្នកបានឡើយ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ មនុស្សគ្រប់គ្នានឹងស្ដាប់បង្គាប់ខ្ញុំ ដោយសារអំពើរបស់ខ្ញុំ។ ពួកគេនឹងបានអរសប្បាយឥតឈប់ ហើយបន្ថែមលើនេះ ពួកគេនឹងបានលោតកញ្ឆេងដោយអរសប្បាយឥតឈប់។

ខាង​ដើម៖ ជំពូកទី ៩១

បន្ទាប់៖ ជំពូកទី ៩៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ