អំពីមនុស្សរាល់គ្នាដែលបំពេញមុខងាររបស់ពួកគេ
នៅក្នុងលំហូរនាពេលបច្ចុប្បន្ន អស់អ្នកដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ មានឱកាសក្នុងការត្រូវបានទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ មិនថាពួកគេក្មេងឬចាស់ ដរាបណាពួកគេរក្សាការស្តាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងគោរពទ្រង់ នោះពួកគេអាចត្រូវបានទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ស្របទៅតាមមុខងារផ្សេងៗគ្នារបស់ពួកគេ។ ដរាបណាអ្នកប្រើប្រាស់កម្លាំងទាំងអស់របស់អ្នក ហើយចុះចូលជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ នោះអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយទ្រង់។ នាពេលសព្វថ្ងៃនេះ គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ល្អគ្រប់លក្ខណ៍ឡើយ។ ពេលខ្លះ អ្នកមានសមត្ថភាពក្នុងការបំពេញមុខងារមួយប្រភេទ ហើយពេលខ្លះទៀត អ្នកអាចបំពេញបានពីរ។ ដរាបណាអ្នកខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ទីបំផុត អ្នកនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយទ្រង់មិនខាន។
យុវជនមានទស្សនវិជ្ជាតិចតួចសម្រាប់ការរស់នៅ ហើយពួកគេខ្វះនូវប្រាជ្ញា និងការយល់ដឹង។ ព្រះជាម្ចាស់គង់នៅទីនេះ ដើម្បីជួយប្រោសប្រាជ្ញា និងការយល់ដឹងរបស់មនុស្សឱ្យបានគ្រប់លក្ខណ៍។ ព្រះបន្ទូលរបស់ទ្រង់បំពេញបន្ថែមនូវភាពខ្វះខាតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ និស្ស័យរបស់យុវជនមិនមានភាពនឹងនឡើយ ហើយត្រូវតែផ្លាស់ប្តូរដោយព្រះជាម្ចាស់។ យុវជនមានសញ្ញាណសាសនា និងទស្សនវិជ្ជាតិចជាងសម្រាប់ការរស់នៅ។ ពួកគេគិតអំពីអ្វីៗគ្រប់យ៉ាងក្នុងលក្ខខណ្ឌដែលសាមញ្ញ ហើយការឆ្លុះបញ្ចាំងរបស់ពួកគេមិនមានភាពស្មុគស្មាញទេ។ នេះគឺជាផ្នែកមួយនៃភាពជាមនុស្សរបស់ពួកគេ ដែលមិនទាន់លេចចេញជារូបរាងនៅឡើយ ហើយវាជាផ្នែកដែលគួរឱ្យសរសើរ។ យ៉ាងណាក៏ដោយ យុវជនមានភាពល្ងង់ខ្លៅ និងខ្វះប្រាជ្ញា។ នេះគឺជាអ្វីដែលចាំបាច់ត្រូវតែប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ នឹងជួយអ្នករាល់គ្នាឱ្យអភិវឌ្ឍសមត្ថភាពក្នុងការដឹងខុសត្រូវ។ អ្នកនឹងអាចយល់ដឹងអំពីរឿងរ៉ាវខាងវិញ្ញាណជាច្រើនយ៉ាងច្បាស់ ហើយប្រែក្លាយជាមនុស្សម្នាក់ដែលស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើប្រាស់។ ចំណែកឯបងប្អូនប្រុសស្រីវ័យចំណាស់ ក៏មានមុខងារ ដើម្បីបំពេញតួនាទីរបស់ពួកគេផងដែរ ហើយពួកគេមិនត្រូវបានព្រះជាម្ចាស់បោះបង់ចោលនោះឡើយ។ បងប្អូនប្រុសស្រីវ័យចំណាស់ ក៏មានចំណុចដែលគួរឱ្យចង់បាន និងមិនគួរឱ្យចង់បានផងដែរ។ ពួកគេមានទស្សនវិជ្ជាច្រើនសម្រាប់ការរស់នៅ និងសញ្ញាណជាច្រើនអំពីសាសនា។ នៅក្នុងសកម្មភាពរបស់ពួកគេ ពួកគេប្រកាន់ខ្ជាប់តាមទំនៀមទម្លាប់ដ៏តឹងរ៉ឹងជាច្រើន ជាប់ចិត្តនឹងបទប្បញ្ញត្តិដែលពួកគេអនុវត្តតាមដោយស្វ័យប្រវត្តិ និងដោយគ្មានភាពបត់បែន។ នេះគឺជាចំណុចដែលមិនគួរឱ្យចង់បានឡើយ។ ទោះជាយ៉ាងណាក្តី បងប្អូនប្រុសស្រីវ័យចំណាស់ទាំងនេះ នៅតែរក្សាភាពស្ងប់ស្ងាត់ និងខ្ជាប់ខ្ជួន ទោះបីជាមានអ្វីកើតឡើងក៏ដោយ។ និស្ស័យរបស់ពួកគេគឺមានភាពនឹងន ហើយពួកគេមិនមានអារម្មណ៍ជ្រួលច្របល់។ ពួកគេអាចមានភាពយឺតយ៉ាវក្នុងការទទួលយក ប៉ុន្តែ នេះមិនមែនជាគុណវិបត្តិដ៏ធំនោះទេ។ ដរាបណាអ្នករាល់គ្នាអាចចុះចូលបាន ដរាបណាអ្នកអាចទទួលយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ហើយមិនពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដរាបណាអ្នកខ្វល់ខ្វាយតែអំពីការចុះចូល និងការដើរតាម ហើយមិនវិនិច្ឆ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមានគំនិតអាក្រក់អំពីព្រះបន្ទូលរបស់ទ្រង់ ដរាបណាអ្នកទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយអនុវត្តតាម នោះអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយបានបំពេញតាមលក្ខខណ្ឌទាំងនេះមិនខាន។
មិនថាអ្នកជាប្អូនប្រុសឬបងប្រុស ជាប្អូនស្រីឬបងស្រី នោះទេ អ្នកដឹងពីមុខងារដែលអ្នកគួរតែបំពេញហើយ។ អស់អ្នកដែលនៅក្នុងភាពជាយុវវ័យ មិនក្រអឺតក្រទមឡើយ។ អ្នកដែលមានវ័យចំណាស់ជាង នៅមិនស្ងៀមទេ ហើយក៏មិនដើរថយក្រោយដែរ។ លើសពីនេះទៅទៀត ពួកគេអាចប្រើប្រាស់ចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់ពួកគេ ហើយពួកគេអាចបម្រើគ្នាទៅវិញទៅមកដោយគ្មានការរើសអើង។ ស្ពាននៃមិត្តភាពត្រូវបានកសាងឡើងរវាងបងប្អូនប្រុសស្រីទាំងចាស់ ទាំងក្មេង ហើយដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អ្នកអាចស្វែងយល់ពីគ្នាទៅវិញទៅមកបានគាប់ប្រសើរជាងមុន។ ប្អូនប្រុសនិងប្អូនស្រីមិនមើលងាយបងប្រុសនិងបងស្រី ហើយបងប្រុសនិងបងស្រីក៏មិនតាំងខ្លួនថាប្រសើរជាងគេដែរ៖ តើនេះមិនមែនភាពជាដៃគូដ៏សុខដុមរមនាទេឬ? ប្រសិនបើអ្នករាល់គ្នាមានការប្តេជ្ញាចិត្តបែបនេះ នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រាកដជាបានសម្រេច នៅក្នុងជំនាន់របស់អ្នករាល់គ្នាមិនខាន។
នៅថ្ងៃអនាគត មិនថាអ្នករាល់គ្នាទទួលបានព្រះពរ ឬត្រូវបណ្ដាសា នោះអ្នកនឹងត្រូវសម្រេចដោយផ្អែកលើសកម្មភាព និងឥរិយាបថរបស់អ្នករាល់គ្នានៅថ្ងៃនេះ។ ប្រសិនបើអ្នកត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ វាត្រូវតែនៅពេលនេះ ក្នុងសម័យនេះ។ វានឹងមិនមានឱកាសផ្សេងទៀតនាពេលអនាគតឡើយ។ ព្រះជាម្ចាស់ពិតជាចង់ប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍នាពេលឥឡូវនេះ ហើយនេះមិនមែនជាការបញ្ចេញវោហារឡើយ។ នៅថ្ងៃអនាគត មិនថាទុក្ខលំបាកអ្វីកើតមានចំពោះអ្នក មិនថាមានព្រឹត្តិការណ៍អ្វីកើតឡើង ឬគ្រោះមហន្តរាយអ្វីដែលអ្នកជួបប្រទះនោះទេ ក៏ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ នេះគឺជាការពិតដ៏ច្បាស់លាស់ និងមិនអាចប្រកែកបាន។ តើគេអាចមើលឃើញវានៅទីណា? វាអាចត្រូវបានមើលឃើញនៅក្នុងការពិតដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈយុគសម័យ និងជំនាន់នានា មិនដែលឈានដល់កម្ពស់ដ៏មហិមា ដូចវាមាននៅថ្ងៃនេះទេ។ វាបានឈានចូលក្នុងពិភពដ៏ខ្ពស់បំផុត ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលើមនុស្សជាតិទាំងអស់នាពេលបច្ចុប្បន្ននេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។ កម្រមាននរណាម្នាក់ពីជំនាន់មុនៗ ធ្លាប់មានបទពិសោធបែបនេះឡើយ។ ទោះបីនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ ក៏ការបើកសម្តែងអំពីពេលបច្ចុប្បន្ន មិនធ្លាប់កើតមានដែរ។ ព្រះបន្ទូលដែលត្រូវបានមានបន្ទូលទៅកាន់អ្នករាល់គ្នា អ្វីដែលអ្នកយល់ និងបទពិសោធន៍របស់អ្នកបានឈានដល់ចំណុចកំពូលថ្មីហើយ។ នៅក្នុងពេលនៃការកាត់ក្តី និងការដាក់ទោស អ្នករាល់គ្នាមិនចាកចេញឡើយ ហើយនេះគឺជាភស្ដុតាងដ៏គ្រប់គ្រាន់ដែលបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់បានទទួលនូវភាពត្រចះត្រចង់ដែលមិនធ្លាប់មានពីមុនមកឡើយ។ នេះមិនមែនជាអ្វីដែលមនុស្សអាចធ្វើបានទេ ហើយក៏មិនមែនជាអ្វីដែលមនុស្សថែរក្សាបានដែរ។ ផ្ទុយទៅវិញ នេះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុដូច្នេះ ចេញពីភាពពិតជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ វាអាចត្រូវបានមើលឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់ពិតជាអាចបំពេញបង្រ្គប់អ្នករាល់គ្នាបាន។ ប្រសិនបើអ្នករាល់គ្នាមានការយល់ដឹងបែបនេះ ហើយទទួលបានរបកគំហើញថ្មីនេះ នោះអ្នកនឹងមិនរង់ចាំការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវឡើយ។ ផ្ទុយទៅវិញ អ្នកនឹងអនុញ្ញាតឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាបានពេញខ្នាត នៅក្នុងសម័យបច្ចុប្បន្ននេះ។ ដូច្នេះ អ្នករាល់គ្នាគួរតែខិតខំឱ្យអស់ពីសមត្ថភាពរបស់អ្នក ដោយកុំសំចៃឡើយ ដើម្បីឱ្យអ្នកអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។
ឥឡូវនេះ អ្នកមិនត្រូវយកចិត្តទុកដាក់ចំពោះរឿងអវិជ្ជមានឡើយ។ ជាដំបូង ត្រូវញែកទុក និងបដិសេធចោលនូវអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍អវិជ្ជមាន។ នៅពេលដែលអ្នកកំពុងតែធ្វើការងារ ចូរធ្វើវាដោយចេញពីដួងចិត្តដែលស្វែងរក និងមានអារម្មណ៍ថា វាជាផ្លូវឆ្ពោះទៅរកជោគជ័យ ជាដួងចិត្តមួយដែលចុះចូលចំពោះព្រះជាម្ចាស់។ គ្រប់ពេលដែលអ្នករាល់គ្នារកឃើញចំណុចខ្សោយមួយនៅក្នុងខ្លួនអ្នក ចូរកុំបណ្ដោយឱ្យវាត្រួតត្រាលើអ្នកឡើយ ហើយទោះបីជាយ៉ាងនេះក្តី អ្នកនៅតែបំពេញមុខងារដែលអ្នកគួរតែធ្វើ នោះអ្នកបានបោះជំហានវិជ្ជមានទៅមុខហើយ។ ឧទាហរណ៍ អ្នកជាបងប្រុសបងស្រីមានសញ្ញាណខាងសាសនា ប៉ុន្តែអ្នករាល់គ្នាអាចអធិស្ឋាន ចុះចូល ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយច្រៀងបទទំនុកតម្កើងថ្វាយព្រះជាម្ចាស់...។ ចំណុចសំខាន់គឺថា អ្នកគួរតែដាក់កម្លាំងកាយ កម្លាំងចិត្តទាំងអស់ដែលអ្នកមាន ដើម្បីធ្វើកិច្ចការ ឬមុខងារទាំងឡាយណាដែលអ្នកអាចធ្វើបាន។ កុំរង់ចាំដោយមិនធ្វើអ្វីសោះឡើយ។ ការធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ តាមរយៈការបំពេញភារកិច្ចរបស់អ្នក គឺជាជំហានដំបូង។ បន្ទាប់មក នៅពេលដែលអ្នកអាចយល់អំពីសេចក្តីពិត និងទទួលបានការចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍។