ជំពូកទី ១០១

ខ្ញុំនឹងមិនអត់ឱនសូម្បីតែបន្តិចឡើយ ចំពោះនរណាដែលរំខានការគ្រប់គ្រងរបស់ខ្ញុំ ឬអ្នកដែលស្វះស្វែងបំផ្លាញផែនការរបស់ខ្ញុំ។ គ្រប់គ្នាគួរតែយល់អត្ថន័យរបស់ខ្ញុំចេញពីព្រះបន្ទូលដែលខ្ញុំថ្លែង ហើយគួរតែមានការយល់ច្បាស់អំពីអ្វីដែលខ្ញុំកំពុងតែមានបន្ទូល។ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន អ្នករាល់គ្នាគួរតែត្រួតពិនិត្យខ្លួនឯង៖ តើតួនាទីប្រភេទណាដែលអ្នកកំពុងបំពេញ? តើអ្នកកំពុងតែរស់នៅដើម្បីប្រយោជន៍របស់ខ្ញុំ ឬអ្នកកំពុងតែធ្វើការបម្រើសាតាំង? តើសកម្មភាពនីមួយៗរបស់អ្នករាល់គ្នាចេញពីខ្ញុំ ឬចេញពីអារក្ស? អ្នកគួរតែច្បាស់អំពីអ្វីៗទាំងអស់នេះ ដើម្បីចៀសវាងការបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយដោយហេតុនោះ ត្រូវទទួលរងកំហឹងដ៏ឆេះឆួលរបស់ខ្ញុំ។ ដោយគិតត្រឡប់ទៅរកអតីតកាល នោះមនុស្សតែងតែមិនមានភក្ដីភាព និងមិនបង្ហាញករណីកិច្ចជាកូនចំពោះខ្ញុំឡើយ។ ពួកគេមិនគោរព ហើយជាងនេះទៅទៀត ពួកគេបានក្បត់ខ្ញុំ។ ដោយសារតែមូលហេតុទាំងនេះ មនុស្សទាំងនេះប្រឈមនឹងការជំនុំជម្រះរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ទោះបីជាខ្ញុំលេចមកត្រឹមតែជាមនុស្សម្នាក់ដ៏ដោយ ក៏អស់អ្នកដែលខ្ញុំមិនឯកភាព (អ្នកគួរតែយល់អត្ថន័យរបស់ខ្ញុំចេញពីសេចក្ដីនេះ៖ វាមិនមែនមកពីចំណុចដែលថាអ្នកស្រស់ស្អាតបែបណា ឬអ្នកមានមន្ដស្នេហ៍បែបណាឡើយ ប៉ុន្តែពាក់ព័ន្ធនឹងថាតើខ្ញុំបានកំណត់ទុកជាមុន និងជ្រើសរើសអ្នកឬអត់) ខ្ញុំនឹងត្រូវខ្ញុំផាត់ចោល។ នេះគឺជារឿងដ៏ពិតប្រាកដណាស់។ នេះក៏ដោយសារតែខ្ញុំអាចលេចមកជាមនុស្សនៅខាងក្រៅផងដែរ ប៉ុន្តែអ្នកត្រូវតែមើលពីភាពជាមនុស្សរបស់ខ្ញុំ ដើម្បីយល់ពីភាពជាព្រះរបស់ខ្ញុំ។ ដូចដែលខ្ញុំបានមានបន្ទូលជាច្រើនលើកអ៊ីចឹងថា «ភាពជាមនុស្សធម្មតា និងភាពជាព្រះពេញលេញ គឺជាពីរផ្នែកដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាននៃព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ។» ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នានៅតែមិនយល់ពីខ្ញុំ។ អ្នកគ្រាន់តែផ្ដល់សារៈសំខាន់ដល់ព្រះដ៏ស្រពេចស្រពិលរបស់អ្នកប៉ុណ្ណោះ។ អ្នកគឺជាមនុស្សដែលមិនយល់បញ្ហាខាងវិញ្ញាណឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សបែបនេះនៅតែចង់ក្លាយជាពួកកូនប្រុសច្បងរបស់ខ្ញុំ។ គួរឱ្យអាម៉ាស់ម្ល៉េះ! ពួកគេមិនឃើញអ្វីដែលពិតជាឋានៈផ្ទាល់ខ្លួនរបស់ពួកគេឡើយ! ពួកគេក៏មិនមានឋានៈនៃការធ្វើជារាស្ត្ររបស់ខ្ញុំដែរ ដូច្នេះ ធ្វើដូចម្ដេចទើបពួកគេក្លាយជាពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយក្លាយជាស្ដេចជាមួយខ្ញុំបាន? មនុស្សបែបនេះ មិនស្គាល់ខ្លួនឯងឡើយ។ ពួកគេគឺជាបាវបម្រើរបស់សាតាំង ហើយមិនមានតម្លៃក្នុងការធ្វើជាសរសរស្ដម្ភនៅក្នុងផ្ទះសម្បែងរបស់ខ្ញុំឡើយ ហើយកាន់តែមិនអាចបម្រើនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំទៀតផង។ ដូច្នេះ ខ្ញុំនឹងផាត់ពួកគេចោលម្ដងម្នាក់ៗ ហើយខ្ញុំនឹងលាតត្រដាងមុខមាត់ពិតរបស់ពួកគេម្ដងម្នាក់ៗ។

កិច្ចការរបស់ខ្ញុំដំណើរការជាជំហានៗ ដោយគ្មានការរំខាន និងដោយគ្មានការរារាំងបន្ដិចឡើយ ដោយសារខ្ញុំបានទទួលជ័យជម្នះ និងដោយសារខ្ញុំបានសោយរាជ្យជាស្ដេចនៅទូទាំងពិភពលោកទាំងមូល។ (អ្វីដែលខ្ញុំកំពុងតែសំដៅលើគឺថា ចាប់តាំងពីការយកឈ្នះអារក្សសាតាំងរួចមក ខ្ញុំបានស្ដារព្រះចេស្ដាររបស់ខ្ញុំឱ្យថ្មីឡើងវិញ។) ដោយសារតែខ្ញុំទទួលបានពួកកូនប្រុសច្បងទាំងអស់ នោះទង់ជ័យនឹងងើបឡើងនៅភ្នំស៊ីយ៉ូន។ មានន័យថា ពួកកូនប្រុសច្បងរបស់ខ្ញុំ គឺជាទង់ជ័យរបស់ខ្ញុំ ជាសិរីល្អរបស់ខ្ញុំ និងជាអ្វីដែលខ្ញុំអួតអាង។ ពួកគេគឺជានិម្មិតដែលខ្ញុំបានបំបាក់មុខសាតាំង ហើយពួកគេគឺជាវិធីសាស្ត្រដែលខ្ញុំធ្វើកិច្ចការ។ (តាមរយៈមនុស្សមួយក្រុមដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ បន្ទាប់ពីខ្ញុំបានកំណត់ពួកគេទុកជាមុន ប៉ុន្តែជាអ្នកដែលបានវិលត្រឡប់មកខាងខ្ញុំវិញម្ដងទៀត នោះខ្ញុំបំបាក់មុខសត្វនាគដ៏ធំមានសម្បុរក្រហម និងត្រួតត្រាលើពួកកូនប្រុសនៃសេចក្ដីបះបោរទាំងអស់។) ពួកកូនប្រុសច្បងរបស់ខ្ញុំ គឺជាកន្លែងដែលភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំស្ថិតនៅ។ ពួកគេគឺជាជោគជ័យដ៏ធំរបស់ខ្ញុំ ដែលមិនអាចផ្លាស់ប្រែ និងមិនអាចមានទំនាស់បានឡើយ។ គឺតាមរយៈពួកគេដែលខ្ញុំនឹងបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ។ នេះគឺជាអ្វីដែលខ្ញុំបានសំដៅលើកាលពីអតីតកាល នៅពេលដែលខ្ញុំបានមានបន្ទូលថា «គឺតាមរយៈអ្នករាល់គ្នានេះហើយ ដែលខ្ញុំនឹងធ្វើឱ្យជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ត្រឡប់មកនៅមុខបល្ល័ង្ករបស់ខ្ញុំ។» វាក៏ជាអ្វីដែលខ្ញុំកំពុងតែសំដៅលើ នៅពេលដែលខ្ញុំមានបន្ទូលថា «បន្ទុកដ៏ធ្ងន់នៅលើស្មារបស់អ្នករាល់គ្នា» ដែរ។ តើច្បាស់ហើយឬនៅ? តើអ្នកយល់ទេ? ពួកកូនប្រុសច្បង គឺជាការបង្ហាញឱ្យឃើញនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ។ ដោយសារតែមូលហេតុនេះ ខ្ញុំមិនដែលប្រព្រឹត្តទន់ភ្លន់ចំពោះក្រុមនេះឡើយ ហើយខ្ញុំតែងតែប្រៀនប្រដៅពួកគេយ៉ាងធ្ងន់ធ្ងរ (ការប្រៀនប្រដៅដ៏ធ្ងន់ធ្ងរ ក្លាយជាភាពសោកសៅដែលត្រូវបានរងទុក្ខនៅក្នុងលោកីយ៍ ជាភាពអកុសលរបស់ក្រុមគ្រួសារ និងជាការបោះបង់ពីសំណាក់ឪពុកម្ដាយ ស្វាមី ភរិយា និងកូនៗ សរុបមក គឺជាការបោះបង់ពីសំណាក់លោកីយ៍ និងជាការដែលត្រូវបានបោះបង់ចោលដោយយុគសម័យ) ហើយនេះគឺជាហេតុផលដែលអ្នកមានភ័ព្វសំណាងចូលមកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំនៅថ្ងៃនេះ។ នេះគឺជាចម្លើយចំពោះសំណួរ ដែលអ្នករាល់គ្នាតែងតែសញ្ជឹងគិតជារឿយៗថា «ហេតុអ្វីបានជាមនុស្សដទៃផ្សេងទៀតមិនទទួលយកឈ្មោះនេះ ប៉ុន្តែខ្ញុំបានទទួលយកទៅវិញ?» ពេលនេះអ្នកដឹងហើយ!

បច្ចុប្បន្ននេះ គ្មានអ្វីដូចទៅនឹងអតីតកាលឡើយ។ ផែនការគ្រប់គ្រងរបស់ខ្ញុំបានជ្រើសរើសយកវិធីសាស្ត្រថ្មី កិច្ចការរបស់ខ្ញុំក៏កាន់តែខុសពីមុន ហើយពេលនេះ ព្រះសូរសៀងរបស់ខ្ញុំ កាន់តែមិនធ្លាប់មានពីមុនមក។ ដូច្នេះហើយ ខ្ញុំបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា អ្នករាល់គ្នាគួរតែថ្វាយការបម្រើចំពោះខ្ញុំយ៉ាងសមរម្យ (ព្រះបន្ទូលនេះត្រូវបានមានបន្ទូលទៅកាន់អ្នកស៊ីឈ្នួល)។ ចូរកុំប្រព្រឹត្តខ្លួនអវិជ្ជមានឡើយ ប៉ុន្តែចូររក្សាការស្វែងរកដ៏ស្មោះត្រង់។ តើវាមិនសប្បាយរីករាយទេឬក្នុងការទទួលបានព្រះគុណមួយចំនួននោះ? វាប្រសើរជាងការរងទុក្ខនៅក្នុងលោកីយ៍ឆ្ងាយណាស់។ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះ! ប្រសិនបើអ្នកមិនថ្វាយការបម្រើចំពោះខ្ញុំដោយអស់ពីចិត្តទេ ហើយផ្ទុយមកវិញ អ្នករអ៊ូរទាំថាខ្ញុំមិនសុចរិត នោះថ្ងៃស្អែកអ្នកនឹងចុះទៅស្ថានឃុំព្រលឹង និងនរកហើយ។ គ្មានបុគ្គលណាចង់បានសេចក្ដីស្លាប់ក្នុងពេលឆាប់ៗឡើយ តើមិនដូច្នោះទេឬ? សូម្បីតែមានជីវិតរស់នៅបានមួយថ្ងៃទៀត ក៏ជាមួយថ្ងៃដែលមានសារៈសំខាន់ដែរ ដូច្នេះ អ្នកគួរតែថ្វាយខ្លួនទាំងស្រុងចំពោះផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយបន្ទាប់ពីនោះ ចូររង់ចាំការជំនុំជម្រះរបស់ខ្ញុំចំពោះអ្នក និងរង់ចាំការវាយផ្ចាលដ៏សុចរិតរបស់ខ្ញុំកើតឡើងចំពោះអ្នក។ ចូរកុំសន្និដ្ឋានថា អ្វីដែលខ្ញុំកំពុងមានព្រះបន្ទូលគ្មានន័យឱ្យសោះ។ ខ្ញុំមានបន្ទូលចេញពីភាពសុចរិតរបស់ខ្ញុំ និងចេញពីនិស្ស័យរបស់ខ្ញុំ។ ជាងនេះទៅទៀត ខ្ញុំធ្វើសកម្មភាពដោយឫទ្ធានុភាពរបស់ខ្ញុំ និងដោយសេចក្ដីសុចរិតរបស់ខ្ញុំ។ ដែលមនុស្សទាំងអស់និយាយថា ខ្ញុំមិនសុចរិត គឺដោយសារតែពួកគេមិនស្គាល់ខ្ញុំ។ នេះគឺជាការសម្ដែងឱ្យឃើញដ៏ច្បាស់អំពីនិស្ស័យបះបោររបស់ពួកគេ។ ចំពោះខ្ញុំ គឺគ្មានមនោសញ្ចេតនាឡើយ។ ផ្ទុយទៅវិញ មានតែសេចក្ដីសុចរិត ឫទ្ធានុភាព ការជំនុំជម្រះ និងសេចក្ដីក្រោធប៉ុណ្ណោះ។ ពេលវេលាកាន់តែកន្លងផុតទៅ នោះអ្នកនឹងកាន់តែឃើញនិស្ស័យរបស់ខ្ញុំ។ បច្ចុប្បន្ន គឺជាដំណាក់កាលផ្លាស់ប្ដូរមួយ ហើយអ្នករាល់គ្នាអាចឃើញត្រឹមតែផ្នែកដ៏តូចមួយនៃនិស្ស័យរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកអាចត្រឹមតែឃើញអ្វីៗមួយចំនួន ដែលត្រូវបានបើកបង្ហាញខាងក្រៅប៉ុណ្ណោះ។ នៅពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំលេចមក នោះខ្ញុំនឹងអនុញ្ញាឱ្យអ្នករាល់គ្នាឃើញគ្រប់យ៉ាង និងយល់គ្រប់យ៉ាងទាំងអស់។ គ្រប់គ្នានឹងជឿនៅក្នុងចិត្ត និងនៅក្នុងពាក្យសម្ដីរបស់ខ្លួន។ ខ្ញុំនឹងឱ្យអ្នករាល់គ្នានិយាយចេញជាទីបន្ទាល់ចំពោះខ្ញុំ ឱ្យអ្នករាល់គ្នាសរសើរខ្ញុំជានិច្ច និងតម្កើងខ្ញុំជានិច្ច។ នេះគឺជារឿងដែលចៀសមិនផុតឡើយ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ មនុស្សអាចពិបាកគិតស្រមៃអំពីរឿងនេះ កុំថាឡើយជឿនោះ។

អ្នកដែលជាពួកកូនប្រុសច្បង មានភាពកាន់តែច្បាស់ពាក់ព័ន្ធនឹងទស្សនវិស័យ ហើយសេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្ញុំលូតលាស់កាន់តែប្រសើរ។ (នេះមិនមែនជាសេចក្ដីស្រឡាញ់បែបរ៉ូមែនទិក ដែលជាការល្បួងរបស់សាតាំងចំពោះខ្ញុំ ហើយជាអ្វីមួយដែលត្រូវតែបានមើលឃើញឡើយ។ ដោយសារតែហេតុផលនេះ ខ្ញុំធ្លាប់បានលើកឡើងពីមុនហើយថា មានអ្នកដែលបង្អួតសម្រស់របស់ពួកគេនៅចំពោះខ្ញុំ។ មនុស្សបែបនេះគឺជាកញ្ជះរបស់សាតាំង ដោយជឿថា ខ្ញុំនឹងត្រូវបានរូបរាងរបស់ពួកគេទាក់ទាញ។ គួរឱ្យអាម៉ាស់មែន! ពួកគេគឺជាមនុស្សគ្មានសីលធម៌បំផុតក្នុងចំណោមមនុស្សវេទនា!) ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលក្នុងអំឡុងពេលនេះ នោះមនុស្សដែលមិនមានអ្វីដែលពួកកូនប្រុសច្បងមាន កាន់តែមានភាពមិនច្បាស់អំពីទស្សនៈវិស័យ ហើយបាត់បង់សេចក្ដីជំនឿនៅក្នុងអង្គជាមនុស្សរបស់ខ្ញុំ។ បន្ទាប់ពីនោះ ពួកគេកាន់តែមិនចាប់អារម្មណ៍ រហូតដល់នៅទីបញ្ចប់ ពួកគេដួល។ មនុស្សបែបនេះមិនអាចជួយខ្លួនឯងបានទេ។ នោះគឺជាគោលដៅនៃអ្វីដែលខ្ញុំកំពុងតែមានបន្ទូលនៅក្នុងអំឡុងពេលនេះ។ គ្រប់គ្នាគួរតែឃើញពីរឿងនេះ (ខ្ញុំកំពុងតែមានបន្ទូលទៅកាន់ពួកកូនប្រុសច្បង) ហើយតាមរយៈព្រះសូរសៀង និងសកម្មភាពរបស់ខ្ញុំ ចូរសង្កេតមើលភាពអស្ចារ្យរបស់ខ្ញុំ។ ហេតុអ្វីបានជាវាត្រូវបាននិយាយថា ខ្ញុំគឺជាក្សត្រានៃសន្តិភាព ជាបិតាដ៏អស់កល្ប ថាខ្ញុំអស្ចារ្យ ហើយថាខ្ញុំជាទីប្រឹក្សា? ការពន្យល់អំពីរឿងនេះចេញពីទស្សនៈនៃអត្តសញ្ញាណរបស់ខ្ញុំ ចេញពីព្រះសូរសៀងរបស់ខ្ញុំ ឬចេញពីអ្វីដែលខ្ញុំធ្វើ នឹងក្លាយជាការពន្យល់សើៗពេកហើយ។ វានឹងគ្មានតម្លៃឱ្យលើកឡើងអំពីបញ្ហានេះឡើយ។ មូលហេតុដែលហៅខ្ញុំថា ជាក្សត្រានៃសន្តិភាព ចេញមកពីព្រះចេស្ដារបស់ខ្ញុំដើម្បីសម្រេចបានពួកកូនប្រុសច្បង សម្រេចបានការជំនុំជម្រះរបស់ខ្ញុំចំពោះសាតាំង និងសម្រេចបានព្រះពរគ្មានដែនកំណត់ដែលខ្ញុំបានប្រទានដល់ពួកកូនប្រុសច្បង។ ម្យ៉ាងទៀត មានតែពួកកូនប្រុសច្បងប៉ុណ្ណោះ ដែលមានសមត្ថភាពហៅខ្ញុំថាជាក្សត្រានៃសន្តិភាព ដោយសារតែខ្ញុំស្រឡាញ់ពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយឃ្លា «ក្សត្រានៃសន្តិភាព» គួរតែចេញពីមាត់របស់ពួកគេ។ ចំពោះពួកគេ ខ្ញុំគឺជាក្សត្រានៃសន្តិភាព។ ចំពោះពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ ខ្ញុំត្រូវបានស្គាល់ថាជាបិតាដ៏អស់កល្ប។ ដោយសារតែអត្ថិភាពរបស់ពួកកូនប្រុសច្បងរបស់ខ្ញុំ និងដោយសារតែពួកគេអាចកាន់កាប់អំណាចនៃភាពជាស្ដេចជាមួយនឹងខ្ញុំ ព្រមទាំងគ្រប់គ្រងជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ (មានន័យថា ពួកកូនប្រុស និងរាស្ត្រ) ដូច្នេះហើយ ពួកកូនប្រុស និងរាស្ដ្រគួរតែហៅខ្ញុំថា បិតាដ៏អស់កល្ប មានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលខ្ពស់លើសអស់ទាំងពួកកូនប្រុសច្បង។ ខ្ញុំជាភាពអស្ចារ្យចំពោះអ្នកដែលមិនមែនជាពួកកូនប្រុស និងមិនមែនជារាស្ត្រ ឬមិនមែនជាពួកកូនប្រុសច្បង។ ដោយសារតែភាពអស្ចារ្យនៃកិច្ចការរបស់ខ្ញុំ នោះអ្នកមិនជឿមិនអាចមើលឃើញខ្ញុំទាល់តែសោះ (ដោយសារខ្ញុំបានបាំងភ្នែករបស់ពួកគេ) ហើយមើលមិនច្បាស់អំពីកិច្ចការរបស់ខ្ញុំឡើយ។ ដូច្នេះហើយ ចំពោះពួកគេ ខ្ញុំជាភាពអស្ចារ្យ។ ចំពោះអារក្សទាំងអស់ និងចំពោះសាតាំង ខ្ញុំគឺជាទីប្រឹក្សា ពីព្រោះគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីធ្វើឱ្យពួកគេអាម៉ាស់។ សកម្មភាពរបស់ខ្ញុំទាំងអស់ គឺដើម្បីប្រយោជន៍ពួកកូនប្រុសច្បងរបស់ខ្ញុំ។ ជំហាននីមួយៗរបស់ខ្ញុំដំណើរការយ៉ាងរលូន ហើយខ្ញុំទទួលបានជ័យជម្នះជាមួយនឹងជំហាននីមួយៗ។ ជាងនេះទៅទៀត ខ្ញុំអាចមើលធ្លុះគ្រប់ល្បិចកលទាំងអស់របស់សាតាំង និងប្រើប្រាស់ពួកវាដើម្បីបម្រើខ្ញុំ ដោយធ្វើឱ្យវាក្លាយជាកម្មវត្ថុមួយដើម្បីបម្រើគោលបំណងរបស់ខ្ញុំចេញពីផ្នែកអវិជ្ជមាន។ នេះគឺជាអ្វីដែលការក្លាយជា «ទីប្រឹក្សា» របស់ខ្ញុំសំដៅលើ ដែលគ្មាននរណាម្នាក់អាចកែប្រែ ហើយគ្មាននរណាម្នាក់អាចយល់ទាំងស្រុងបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងអង្គរបស់ខ្ញុំ ខ្ញុំគឺជាស្ដេចនៃសន្តិភាព និងជាបិតាដ៏អស់កល្ប ក៏ដូចជាទីប្រឹក្សា និងជាភាពអស្ចារ្យដែរ។ គ្មានអ្វីនៅក្នុងអង្គរបស់ខ្ញុំនេះដែលមិនពិតឡើយ។ វាគឺជាសេចក្ដីពិតដែលមិនអាចផ្លាស់ប្ដូរបាន និងមិនអាចប្រកែកបានឡើយ!

ខ្ញុំមានរឿងច្រើនណាស់ដែលត្រូវមានបន្ទូល។ គ្មានន័យប្រៀបធៀបណាមួយដែលអាចត្រូវបានទាញយកមកឡើយ។ ដូច្នេះហើយ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាអត់ធ្មត់ និងរង់ចាំ។ អ្វីក៏ដោយដែលអ្នកធ្វើ ចូរកុំចាកចេញភ្លាមៗឡើយ។ ដោយសារតែអ្វីដែលអ្នករាល់គ្នាបានយល់នៅក្នុងអតីតកាល ពេលនេះវាហួសសម័យហើយ វាលែងប្រើការបានទៀតហើយ ហើយបច្ចុប្បន្នគឺជាពេលវេលានៃការការផ្លាស់ប្ដូរ ដូចជាការផ្លាស់ប្ដូរវាងរាជវង្សអ៊ីចឹង។ ដោយសារតែហេតុផលនេះ ទើបខ្ញុំត្រូវការឱ្យអ្នករាល់គ្នាផ្លាស់ប្ដូរការគិតរបស់ខ្លួន ហើយលះបង់ចោលសញ្ញាណចាស់របស់អ្នករាល់គ្នា។ នេះគឺជាអត្ថន័យពិតនៃ «ការពាក់អាវផាយបរិសុទ្ធនៃសេចក្ដីសុចរិត។» មានតែខ្ញុំប៉ុណ្ណោះដែលអាចពន្យល់ព្រះបន្ទូលរបស់ខ្ញុំបាន ហើយមានតែខ្ញុំផ្ទាល់ប៉ុណ្ណោះ ដែលដឹងពីអ្វីដែលខ្ញុំបានធ្វើ។ ដូច្នេះហើយ មានតែព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ដែលគ្មានភាពមិនបរិសុទ្ធ ហើយគឺជាអ្វីដែលខ្ញុំសព្វព្រះទ័យចង់បានទាំងស្រុង ដូច្នេះហើយ វាគឺជាការពាក់អាវផាយបរិសុទ្ធនៃសេចក្ដីសុចរិត។ ការយល់ឃើញនៃគំនិតមនុស្ស គឺគ្រាន់តែជាការគិតស្រមៃប៉ុណ្ណោះ។ ការយល់ឃើញរបស់មនុស្ស គឺមិនបរិសុទ្ធ និងមិនអាចសម្រេចបំណងព្រះហឫទ័យរបស់ខ្ញុំបានឡើយ។ ដូច្នេះហើយ ខ្ញុំផ្ទាល់មានបន្ទូល ហើយខ្ញុំផ្ទាល់ពន្យល់ ហើយនេះគឺជាអ្វីដែលខ្ញុំសំដៅលើ នៅពេលដែលខ្ញុំបានមានបន្ទូលថា «ខ្ញុំធ្វើកិច្ចការដោយអង្គឯង។» វាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយមនុស្សទាំងអស់ត្រូវតែថ្វាយសិរីល្អដល់ខ្ញុំ និងសរសើរតម្កើងខ្ញុំ។ ពាក់ព័ន្ធនឹងការយល់អំពីព្រះបន្ទូលរបស់ខ្ញុំ ខ្ញុំមិនដែលប្រទានអំណាចនោះដល់មនុស្សឡើយ ហើយខ្ញុំក៏មិនដែលឱ្យពួកគេមានសិទ្ធិអំណាចចំពោះអំណាចនោះទាល់តែសោះ។ នេះគឺវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្ររបស់ខ្ញុំ ដើម្បីបំបាក់មុខអារក្ស។ (ប្រសិនបើមនុស្សបានយល់ពីព្រះសូរសៀងរបស់ខ្ញុំ និងអាចសង្កេតអំពីបំណងព្រះហឫទ័យរបស់ខ្ញុំគ្រប់ជំហាន នោះសាតាំងអាចកាន់កាប់មនុស្សនៅពេលដែលវាចង់កាន់កាប់ ហើយជាលទ្ធផល មនុស្សទាស់ទទឹងនឹងខ្ញុំ ហើយធ្វើឱ្យគោលដៅរបស់ខ្ញុំក្នុងការជ្រើសរើសពួកកូនប្រុសច្បងមិនអាចទៅរួចឡើយ។ ប្រសិនបើខ្ញុំបានយល់ពីអាថ៌កំបាំងទាំងអស់ និងអង្គជាមនុស្សរបស់ខ្ញុំអាចថ្លែងព្រះសូរសៀងដែលគ្មាននរណាម្នាក់អាចវាស់ស្ទង់បាន នោះខ្ញុំក៏អាចត្រូវបានសាតាំងកាន់កាប់ដែរ។ នេះគឺជាហេតុផលដែលខ្ញុំមិនហួសវិស័យទាល់តែសោះ ខណៈពេលដែលខ្ញុំជាសាច់ឈាម។) វាចាំបាច់សម្រាប់គ្រប់គ្នា ដើម្បីមានការយល់ដឹងដ៏ច្បាស់លាស់អំពីសារៈសំខាន់នៃព្រះបន្ទូលទាំងនេះ ហើយដើរតាមការដឹកនាំរបស់ខ្ញុំ។ ចូរកុំព្យាយាមយល់ព្រះបន្ទូល និងគោលលទ្ធិជ្រាលជ្រៅទាំងអស់ដោយខ្លួនឯងឱ្យសោះ។

ខាង​ដើម៖ ជំពូកទី ១០០

បន្ទាប់៖ ជំពូកទី ១០២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ