ជំពូកទី ១០២
ខ្ញុំបាននិយាយដល់កម្រិតមួយហើយហើយកិច្ចការរបស់ខ្ញុំ បានឈានដល់ចំណុចមួយដែរ។ អ្នករាល់គ្នាម្នាក់ៗ គប្បីចាប់យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ និងអាចត្រូវគិតគូរអំពីបន្ទុករបស់ខ្ញុំ នៅក្នុងកម្រិតខុសៗគ្នា។ ពេលនេះ គឺចំណុចផ្លាស់ប្ដូរ ដែលជាពេលនៃការផ្លាស់ប្ដូរខាងសាច់ឈាមចូលទៅក្នុងពិភពខាងវិញ្ញាណ។ អ្នករាល់គ្នា គឺជាអ្នករត់នាំមុខគេឆ្លងកាត់សម័យកាលជាច្រើន ជាមនុស្សនៅក្នុងសាកលលោកនេះ ដែលឆ្លងកាត់ចូលទៅក្នុងសាកលលោក និងចុងបញ្ចប់នៃផែនដី។ អ្នកគឺជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ។ អ្នកគឺជាមនុស្សដែលខ្ញុំស្រឡាញ់។ គេអាចនិយាយបានថា ខ្ញុំមិនស្រឡាញ់អ្នកណាផ្សេងទៀតក្រៅពីអ្នករាល់គ្នាឡើយ ដោយសារកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាទាំងអស់របស់ខ្ញុំ គឺដើម្បីតែប្រយោជន៍របស់អ្នករាល់គ្នាប៉ុណ្ណោះ។ តើវាអាចដោយសារថាអ្នករាល់គ្នាមិនដឹងមែនទេ? តើហេតុអ្វីបានជាខ្ញុំបង្កើតគ្រប់សព្វសារពើឡើងមក? ហេតុអ្វីបានជាខ្ញុំត្រូវផ្លាស់ទីគ្រប់សព្វសារពើពីកន្លែងមួយទៅកន្លែងដើម្បីបម្រើដល់អ្នករាល់គ្នា? គ្រប់សកម្មភាពទាំងអស់នេះ គឺជាការបើកសម្ដែងនូវសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះឯងរាល់គ្នា។ ភ្នំនិងគ្រប់សព្វបែបយ៉ាងនៅលើភ្នំហើយផែនដីនិងគ្រប់សព្វសារពើទាំងអស់នៅលើផែនដីសរសើរតម្កើងដល់ខ្ញុំ និងផ្ដល់សិរីរុងរឿងដល់ខ្ញុំ ដើម្បីទទួលយកអ្នករាល់គ្នា។ ពិតណាស់ គ្រប់យ៉ាងបានបញ្ចប់រួចជាស្រេច ហើយជាងនេះទៅទៀត អ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត។ អ្នករាល់គ្នាបានធ្វើទីបន្ទាល់យ៉ាងកងរំពងសម្រាប់ខ្ញុំ ហើយអ្នកបានធ្វើឲ្យពួកអារក្សនិងសាតាំងអាម៉ាសមុខដើម្បីខ្ញុំ។ គ្រប់មនុស្ស គ្រប់កិច្ចការ និងគ្រប់អ្វីៗទាំងអស់ដែលនៅខាងក្រៅរូបខ្ញុំ ចុះចូលនឹងសិទ្ធិអំណាចរបស់ខ្ញុំ ហើយដោយសារការបញ្ចប់ផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ គ្រប់អ្វីទាំងអស់ដើរតាមប្រភេទរៀងខ្លួនរបស់ពួកគេ (រាស្រ្តរបស់ខ្ញុំ ជាកម្មសិទ្ធិរបស់ខ្ញុំ ហើយគ្រប់ប្រភេទទាំងអស់របស់សាតាំងជាកម្មសិទ្ធិនៃបឹងភ្លើង។ ពួកគេធ្លាក់ទៅក្នុងរណ្ដៅដ៏សែនជ្រៅ ដែលពួកគេនឹងទួញយំជាអស់កល្ប និងត្រូវវិនាសហិនហោចជារៀងរហូត)។ នៅពេលខ្ញុំនិយាយអំពី “ការវិនាសហិនហោច” និង “ចាប់ពីពេលនេះតទៅ ត្រូវយកវិញ្ញាណ ព្រលឹង និងរាយកាយរបស់ពួកគេ” ខ្ញុំកំពុងសំដៅលើការប្រគល់ពួកគេទៅឲ្យសាតាំង និងអនុញ្ញាតឲ្យជាន់ឈ្លីលើពួកគេ។ ម្យ៉ាងវិញទៀត អ្នកទាំងឡាយដែលមិនមែនស្ថិតនៅក្នុងដំណាក់របស់ខ្ញុំ នឹងត្រូវក្លាយជារបស់ដែលត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងកើតទៀតហើយ។ នេះពុំមានន័យថា មនុស្សនឹងត្រូវបាត់បង់ទៅ ដូចពួកគេស្រមៃនោះទេ ។ តាមទស្សនៈរបស់ខ្ញុំ ក៏អាចនិយាយបានថា គ្រប់អ្វីៗទាំងអស់ដែលនៅខាងក្រៅខ្លួនខ្ញុំ ពុំមានឡើយ ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃពាក្យអន្តរធាន។ តាមភ្នែករបស់មនុស្ស អ្វីទាំងអស់នេះ នៅតែកើតមានដដែល ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ ពួកគេបានត្រឡប់ទៅជាភាពទទេស្អាត ហើយនឹងត្រូវវិនាសហិនហោចជាអស់កល្ប។ (ខ្ញុំគូសបញ្ជាក់ថា អស់អ្នកណាដែលខ្ញុំលែងធ្វើការលើពួកគេ គឺស្ថិតនៅក្រៅខ្លួនខ្ញុំ។) ចំពោះមនុស្សលោក មិនថាពួកគេគិតយ៉ាងណានោះទេ ពួកគេមិនអាចពិចារណាបញ្ហានេះបានឡើយ ហើយមិនថាពួកគេឃើញច្បាស់ប៉ុនណានោះទេ ពួកគេមិនអាចយល់ជ្រោតជ្រាបទៅក្នុងបញ្ហានោះបានឡើយ។ មនុស្សមិនអាចយល់ឲ្យបានច្បាស់ឡើយ លើកលែងតែខ្ញុំបំភ្លឺដល់ពួកគេ បង្ហាញដល់ពួកគេ និងចង្អុលបង្ហាញដល់ពួកគេឲ្យបានច្បាស់លាស់នូវចំណុចនោះ។ បន្ថែមលើនេះ ពួកគេគ្រប់គ្នានឹងកាន់តែស្រពិចស្រពិលអំពីរឿងនេះ ដោយមានអារម្មណ៍ទទេស្អាត និងកាន់តែមានអារម្មណ៍ច្រើនថា គ្មានផ្លូវត្រូវដើរតាម។ពួកគេស្ទើរតែជាមនុស្សស្លាប់ទៅហើយ។ បច្ចុប្បន្ននេះ មនុស្សលោកភាគច្រើន (សំដៅលើគ្រប់មនុស្សលោកទាំងអស់ លើកលែងតែបុត្រច្បង) កំពុងស្ថិតក្នុងស្ថានភាពបែបនេះ។ ខ្ញុំបានចង្អុលបង្ហាញនូវចំណុចទាំងអស់នេះដោយភាពច្បាស់លាស់ហើយ ប៉ុន្តែមនុស្សទាំងអស់នេះ គ្មានប្រតិកម្មអ្វីសោះ ហើយនៅបន្តខ្វាយខ្វល់ពីសេចក្ដីអរសប្បាយខាងសាច់ឈាមដដែល។ ពួកគេស៊ី ហើយដេក។ ពួកគេដេក ហើយស៊ី។ ពួកគេពុំបានយកចិត្តទុកដាក់អំពីព្រះបន្ទូលរបស់ខ្ញុំឡើយ។ សូម្បីតែពេលដែលពួកគេមានថាមពល ក៏ថាមពលនោះគ្រាន់តែមួយពេលខ្លីតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេនៅតែដូពីមុនដដែល គ្មានការផ្លាស់ប្ដូរអ្វីទាំងអស់ហាក់បីដូចជាពួកគេពុំបានស្ដាប់តាមខ្ញុំទាល់តែសោះ។ ពួកគេទាំងអស់នេះ គឺជាមនុស្សធម្មតា គ្មានបានការ ដែលគ្មានបន្ទុកអ្វីសោះឡើយ។ ច្បាស់ណាស់ ពួកគេគឺជាមនុស្សកេងប្រវ័ញ្ចខ្លាំងជាងគេបំផុត។ នៅថ្ងៃក្រោយទៅ ខ្ញុំនឹងបោះបង់ពួកគេម្ដងមួយម្ដងមួយ។ ចូរកុំព្រួយបារម្ភអី! ខ្ញុំនឹងបញ្ជូនពួកគេត្រឡប់ទៅកាន់រណ្ដៅដ៏សែនជ្រៅម្ដងមួយម្ដងមួយ។ ព្រះវិញ្ញាណបរិសុទ្ធ មិនធ្លាប់ធ្វើការលើមនុស្សបែបនេះឡើយ ហើយគ្រប់សព្វបែបយ៉ាងដែលពួកគេធ្វើ ហូរចេញពីអំណោយទានដែលពួកគេបានទទួល។ នៅពេលដែលខ្ញុំនិយាយពីអំណោយទាន ខ្ញុំចង់មានន័យថា មនុស្សទាំងអស់នេះ គឺជាមនុស្សដែលគ្មានជីវិត ជាអ្នកបម្រើរបស់ខ្ញុំ។ ខ្ញុំមិនចង់បានពួកគេណាម្នាក់ឡើយ ហើយខ្ញុំនឹងលុបបំបាត់ពួកគេចោល (ប៉ុន្តែក្នុងពេលនេះ ពួកគេនៅមានប្រយោជន៍បន្តិចបន្ដួចដែរ)។ អ្នកដែលជាអ្នកបម្រើនេះ ចូរស្ដាប់ខ្ញុំ! ចូរគុំគិតថា ការដែលខ្ញុំប្រើអ្នក គឺមានន័យថា ខ្ញុំអនុគ្រោះដល់អ្នកនោះ។ វាមិនងាយស្រួលដូច្នេះទេ។ ប្រសិនបើអ្នកចង់ឲ្យខ្ញុំអនុគ្រោះដល់អ្នក នោះអ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលខ្ញុំយល់ព្រម និងជាមនុស្សដែលខ្ញុំធ្វើឲ្យបានគ្រប់លក្ខណ៍ដោយផ្ទាល់។ នេះគឺជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់។ ប្រសិនបើមនុស្សនិយាយថា ខ្ញុំបានបង្កកំហុសណាមួយ នោះខ្ញុំនឹងមិនធ្វើការសងសឹកដាច់ខាត។ តើអ្នកដឹងរឿងនេះដែរឬទេ? អស់អ្នកណាដែលបម្រើការ គ្មានអ្វីក្រៅពីសព្វពាហនៈនិងជាសត្វសេះទេ។ តើពួកគេអាចក្លាយជាបុត្រច្បងរបស់ខ្ញុំបានដោយរបៀបណា? តើនោះមិនមែនគ្មានហេតុផលទេឬអី? តើវាមិនមែនជាការបំពានលើច្បាប់ធម្មជាតិទេឬអី? នរណាក៏ដោយដែលមានជីវិតរបស់ខ្ញុំ និងគុណសម្បត្តិរបស់ខ្ញុំ អ្នកទាំងអស់នោះ គឺជាបុត្រច្បងរបស់ខ្ញុំ។ នេះគឺជារឿងសមហេតុសមផល។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ រឿងគឺត្រូវតែបែបនេះ។ បើពុំដូច្នេះទេ នឹងគ្មាននរណាម្នាក់ដែលអាចដើរតួនាទីនេះបានឡើយ ហើយគ្មាននរណាម្នាក់ដែលអាចជំនួសវាបានឡើយ។ នេះមិនមែនជាបញ្ហាដែលធ្វើឡើងចេញពីអារម្មណ៍នោះទេ ដ្បិតខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិតផ្ទាល់ព្រះអង្គឯង។ ខ្ញុំជាព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គឯង។ ខ្ញុំជាព្រះជាម្ចាស់ដ៏មានតេជៈផ្ទាល់ព្រះអង្គឯង ដែលមិនអាចប្រមាថបានឡើយ!
អ្វីគ្រប់សព្វបែបយ៉ាងដែលមនុស្សមិនអាចធ្វើបាន គឺខ្ញុំអាចធ្វើបានដោយរលូន និងដោយសេរី។ គ្មាននរណាម្នាក់អាចបញ្ឈប់វាបានឡើយ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ។ ពិភពលោកដ៏ធំសម្បើមនេះ គឺស្ថិតនៅក្នុងដៃរបស់ខ្ញុំទាំងស្រុង មិនចាំបាច់ទៅនិយាយអីគ្រាន់ពួកអារក្សសាតាំងតូចតាចនោះ។ ប្រសិនបើវាមិនមែនដើម្បីផែនការគ្រប់គ្រងរបស់ខ្ញុំទេ ហើយប្រសិនបើវាមិនមែនដើម្បីបុត្រច្បងរបស់ខ្ញុំទេ ខ្ញុំប្រហែលជាបានបំផ្លាញមនុស្សអាក្រក់ចាស់នេះ ក៏ដូចជាសម័យច្របូកច្របល់នេះជាយូរណាស់មកហើយ ដែលជ្រាបទៅដោយក្លិនស្អុយនៃសេចក្ដីស្លាប់។ ក៏ប៉ុន្តែ ខ្ញុំធ្វើត្រឹមត្រូវតាមគន្លងធម៌ ហើយខ្ញុំមិននិយាយដោយច្បោលៗឡើយ។ នៅពេលខ្ញុំនិយាយពីអ្វីមួយ នោះវានឹងសម្រេចជោគជ័យឡើង។ បើទោះបីជាអ្វីនោះមិនសម្រចដោយបែបនោះក្ដី ក៏តែងតែមានទិដ្ឋភាពនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំដែរ ដែលព្រះប្រាជ្ញាញាណនេះ នឹងសម្រេចជោគជ័យដល់គ្រប់សព្វសារពើដើម្បីជាប្រយោជន៍ដល់ខ្ញុំ និងដើម្បីបើកផ្លូវសម្រាប់សកម្មភាពរបស់ខ្ញុំ។ នេះគឺដោយសារព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាគ្រប់សព្វសារពើទាំងអស់។ មនុស្សមិនអាចយល់ដឹងអំពីព្រះបន្ទូលបាន និងមិនអាចគិតយល់ពីព្រះបន្ទូលទាំងនោះឡើយ។ ខ្ញុំតែងតែនិយាយអំពី “បឹងភ្លើង”។ តើបឹងភ្លើងនេះមានន័យដូចម្តេច? តើវាខុសគ្នាពីបឹងភ្លើង និងស្ពាន់ធ័រយ៉ាងដូចម្ដេច? បឹងភ្លើង និងស្ពាន់ធ័រ សំដៅលើឥទ្ធិពលរបស់សាតាំង ចំណែកឯបឹងភ្លើង សំដៅលើពិភពលោកទាំងមូលដែលស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង។ មនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះ នឹងក្លាយជាយញ្ញបូជានៅក្នុងបឹងភ្លើង (ពោលគឺ ពួកគេកាន់តែពុករលួយខ្លាំងឡើងៗ នៅពេលដែលសេចក្ដីពុករលួយរបស់ពួកគេ បានឈានចូលដល់កម្រិតណាមួយ ពួកគេនឹងត្រូវខ្ញុំបំផ្លាញចោលម្ដងមួយម្ដងមួយ ដែលខ្ញុំអាចបំផ្លាញបានដោយងាយដោយព្រះសូរសៀងត្រឹមតែព្រះបន្ទូលមួយម៉ាត់ប៉ុណ្ណោះ។ កាលណាសេចក្ដីក្រោធរបស់ខ្ញុំកាន់ខ្លាំង នោះអណ្ដាតភ្លើងដែលឆាបឆេះនៅពេញទាំងបឹងភ្លើងក៏កាន់តែខ្លាំងដែរ។ នេះគឺសំដៅដល់ការដែលមនុស្សកាន់តែអាក្រក់ទៅៗ។ ពេលវេលាដែលសេចក្ដីក្រោធរបស់ខ្ញុំផ្ទុះឡើង ក៏នឹងក្លាយជាពេលវេលាដែលបឹងភ្លើងផ្ទុះឡើងដែរ។ ពោលគឺ វានឹងក្លាយជាពេលវេលាដែលសាកលលោកទាំងមូល ត្រូវវិនាសហិនហោចផងដែរ។ នៅថ្ងៃនោះ នគររបស់ខ្ញុំ នឹងត្រូវបានគេឃើញជាក់នៅលើផែនដី ហើយជីវិតថ្មីមួយ នឹងត្រូវចាប់ផ្ដើម។ នេះគឺជាអ្វីដែលនឹងត្រូវបំពេញឲ្យបានឆាប់រហ័សបំផុត។ នៅពេលខ្ញុំនិយាយអំពីនគររបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងត្រូវបង្ហាញឲ្យឃើញពេញលក្ខណៈ។ នេះគឺជាទស្សនៈរបស់មនុស្សលោកចំពោះបញ្ហានេះ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ អ្វីៗបានបញ្ចប់រួចស្រេចជាមុន ដ្បិតសម្រាប់ខ្ញុំ អ្វីគ្រប់សព្វបែបយ៉ាង គឺជាការងាយស្រួល។ ខ្ញុំមានបន្ទូល នោះវានឹងត្រូវធ្វើឡើង។ ខ្ញុំមានបន្ទូល នោះវានឹងត្រូវបង្កើតឡើង។
សព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវហូបនូវព្រះបន្ទូលរបស់ខ្ញុំ ត្រេកអរនឹងរបស់ដ៏បរិបូរនៅក្នុងព្រះវិហាររបស់ខ្ញុំ ផឹកទឹកពីទន្លេនៃជីវិតរបស់ខ្ញុំ និងបេះផ្លែឈើពីដើមឈើនៃជីវិតរបស់ខ្ញុំ។ ដូច្នេះ តើអ្វីទៅជារបស់ដ័បរិបូរនៅក្នុងព្រះវិហាររបស់ខ្ញុំ? តើអ្វីទៅជាទឹកទន្លេនៃជីវិតរបស់ខ្ញុំ? តើអ្វីទៅជាដើមឈើនៃជីវិត? តើអ្វីទៅជាផ្លែឈើនៃដើមឈើនៃជីវិត? បើទោះបីជាឃ្លាទាំងអស់នេះ ធ្លាប់ឃើញធ្លាប់ឮញឹកញាប់ ក៏មនុស្សលោកទាំងអស់មិនអាចយល់បានដែរ ដែលពួកគេទាំងអស់គ្នាសុទ្ធតែមានការភ័ន្តច្រឡំ។ ពួកគេនិយាយអំពីឃ្លាទាំងនោះដោយគ្មានទំនួលខុសត្រូវ ប្រើប្រាស់វាដោយខ្ជីខ្ជា និងអនុវត្តវាដោយគ្មានគិតពិចារណាអ្វីឡើយ។ ភាពបរិបូរនៅក្នុងព្រះវិហារ មិនសំដៅលើព្រះបន្ទូលដែលខ្ញុំបានមានព្រះបន្ទូលឡើយ ហើយក៏មិនសំដៅលើព្រះគុណដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នាដែរ។ ដូច្នេះ តើវាមានន័យពិតប្រាកដបែបណា? តាំងពីសម័យបូរាណមក គ្មាននរណាម្នាក់ដែលមានសំណាងគ្រប់គ្រាន់ដើម្បីអរសប្បាយនឹងភាពបរិបូរនៅក្នុងព្រះវិហាររបស់ខ្ញុំឡើយ។ មានតែថ្ងៃចុងក្រោយប៉ុណ្ណោះ ដែលមនុស្សនៅក្នុងចំណោមបុត្រច្បងខ្ញុំ អាចមើលឃើញថាភាពបរិបូរនៅក្នុងព្រះវិហាររបស់ខ្ញុំជាអ្វីនោះ។ “វិហារ” នៅក្នុងឃ្លានេះ សំដៅលើអង្គខ្ញុំ។ វាសំដៅលើភ្នំស៊ីយ៉ូន ជាទីសំណាក់របស់ខ្ញុំ។ បើគ្មានការអនុញ្ញាតពីខ្ញុំទេ គ្មាននរណាម្នាក់អាចចូលទៅទីនោះ ឬចេញពីទីនោះបានឡើយ។ តើពាក្យ “ភាពបរិបូរ” សំដៅលើអ្វី? ពាក្យនេះ សំដៅលើព្រះពរដែលអាចគ្រងរាជ្យជាមួយខ្ញុំនៅក្នុងរូបកាយនេះ។ និយាយជាទូទៅ ពាក្យនេះសំដៅលើព្រះពររបស់បុត្រច្បងដែលអាចគ្រង់រាជ្យជាមួយខ្ញុំនៅក្នុងរូបកាយនេះ ហើយសេចក្ដីនេះ មិនពិបាកយល់ឡើយ។ ទឹកនៃទន្លេជីវិត មានអត្ថន័យចំនួនពីរ៖ ន័យមួយ គឺសំដៅលើទឹករស់ដែលហូរចេញពីពោះខ្ញុំមក ពោលគឺ គ្រប់ព្រះបន្ទូលរបស់ខ្ញុំទាំងអស់ដែលចេញពីព្រះឪស្ឋរបស់ខ្ញុំ។ ន័យម្យ៉ាងទៀត គឺសំដៅលើប្រាជ្ញាញាណ និងយុទ្ធសាស្រ្តនៅពីខាងក្រោយសកម្មភាពរបស់ខ្ញុំ ក៏ដូចជាបុគ្គលិកលក្ខណៈរបស់ខ្ញុំ និងអ្វីដែលខ្ញុំមាន។ ព្រះបន្ទូលរបស់ខ្ញុំមានអាថ៌កំបាំងលាក់ទុកមិនចេះចប់ (ហើយអាថ៌កំបាំងនោះ លែងលាក់បាំងទៀតហើយ គឺត្រូវលើកឡើងផ្ទុយគ្នាពីអតីតកាល ប៉ុន្តែនៅពេលប្រៀបធៀបជាមួយការបើកបង្ហាញជាសាធារណៈ ដែលនឹងកើតមានឡើងនៅពេលអនាគត អាថ៌ទាំងនោះនៅតែបន្តលាក់កំបាំងដដែល។ នៅទីនេះ “ត្រូវលាក់កំបាំង” គឺមិនមានលក្ខណៈដាច់ខាតទេ។ វាមានការជាប់ពាក់ព័ន្ធគ្នា)។ ម្យ៉ាងវិញទៀត ទឹកនៃទន្លេនៃជីវិត គឺជាទឹកដែលហូរមិនចេះដាច់។ នៅក្នុងខ្លួនខ្ញុំ មានព្រះប្រាជ្ញាញ្ញាណច្រើនឥតគណនា ហើយមនុស្សពិតជាមិនអាចចាប់យល់ពីបុគ្គលិកលក្ខណៈរបស់ខ្ញុំ និងអ្វីដែលខ្ញុំមានបានឡើយ ពោលគឺ ទឹកនៃទន្លេនៃជីវិត គឺហូរឥតឈប់ឈរ។ តាមទស្សនៈរបស់មនុស្ស ដើមឈើដែលមើលឃើញប៉ះបាននេះមានច្រើនប្រភេទណាស់ ប៉ុន្តែគ្មាននរណាម្នាក់បានយកភ្នែកមើលដើមឈើនៃជីវិតឡើយ។ ក៏ប៉ុន្តែ ទោះបីជាបានមើលឃើញដើមឈើនោះនៅថ្ងៃនេះក្ដី ក៏មនុស្សនៅតែមិនស្គាល់វាដដែល ហើយពួកគេថែមទាំងនិយាយអំពីការហូបពីដើមឈើនៃជីវិតទៀតទាំងដែលពួកគេពុំស្គាល់នោះ។ វាពិតជាគួរឲ្យសំណើចខ្លាំងណាស់! ពួកគេនឹងហូបពីដើមឈើនោះដោយមិនរើសមុខ! ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្សមើលឃើញដើមឈើនោះ ប៉ុន្តែមិនស្គាល់វា? តើហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? តើអ្នកយល់ពីអត្ថន័យនៃកិច្ចការរបស់ខ្ញុំដែរឬទេ? ព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គទ្រង់នៅក្នុងថ្ងៃនេះ គឺជាអង្គខ្ញុំផ្ទាល់ ហើយទ្រង់គឺជាដើមឈើនៃជីវិត។ មិនត្រូវប្រើសញ្ញាណរបស់មនុស្សដើម្បីវាស់ស្ទង់ខ្ញុំឡើយ។ នៅជ្រុងម្ខាង ខ្ញុំមើលទៅមិនដូចដើមឈើឡើយ ប៉ុន្តែតើអ្នកពិតជាដឹងថាខ្ញុំជាដើមឈើនៃជីវិតដែរឬទេ? គ្រប់ចលនារបស់ខ្ញុំ គ្រប់ព្រះបន្ទូលរបស់ខ្ញុំ និងគ្រប់លក្ខណៈរបស់ខ្ញុំ គឺជាផ្លែឈើនៃដើមឈើនៃជីវិត ហើយលក្ខណៈទាំងអស់នេះ ជាអង្គខ្ញុំផ្ទាល់។ លក្ខណៈទាំងនេះ ជាអ្វីដែលបុត្រច្បងរបស់ខ្ញុំ គប្បីហូប ដូច្នេះចុងក្រោយទៅ មានតែខ្ញុំ និងបុត្រច្បងរបស់ខ្ញុំប៉ុណ្ណោះ ដែលដូចគ្នាបេះបិទ។ ពួកគេនឹងសម្ដែងចេញអង្គខ្ញុំ និងធ្វើទីបន្ទាល់សម្រាប់ខ្ញុំបាន។ (អ្វីទាំងអស់នេះ នឹងកើតមានឡើងក្រោយពេលដែលយើងចូលទៅក្នុងពិភពខាងវិញ្ញាណ។ មានតែនៅខាងរូបកាយប៉ុណ្ណោះដែលយើងអាចមានលក្ខណៈដូចគ្នាបេះបិទបាន។ នៅខាងសាច់ឈាម យើងគ្រាន់តែដូចគ្នាខ្លះប៉ុណ្ណោះ ប៉ុន្តែយើងនៅតែមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់យើងដដែល។)
ខ្ញុំនឹងមិនត្រឹមតែបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំចំពោះបុត្រច្បងរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏នឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំនៅក្នុងការគ្រប់គ្រងរបស់ពួកគេលើគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សលោកទាំងអស់ផងដែរ។ នេះគឺជាជំហានមួយនៃកិច្ចការរបស់ខ្ញុំ។ ឥឡូវនេះគឺជាពេលគន្លឹះ ហើយជាងនេះទៅទៀត ពេលនេះ គឺជាចំណុចនៃការផ្លាស់ប្ដូរ។ នៅពេលគ្រប់សព្វសារពើរត្រូវបានសម្រេចជោគជ័យហើយ នោះអ្នករាល់គ្នានឹងមើលឃើញអ្វីដែលព្រះហស្ដរបស់ខ្ញុំកំពុងធ្វើការ ហើយអ្នកនឹងមើលឃើញថាតើខ្ញុំមានផែនការអ្វី និងថាតើខ្ញុំត្រូវគ្រប់គ្រងយ៉ាងដូចម្រេច ក៏ប៉ុន្តែ រឿងនេះមិនមែនជារឿងស្រពិចស្រពិលអ្វីឡើយ។ បើពិចារណាលើថាមភាពនៃគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកនេះ វាមិនមែននៅឆ្ងាយដាច់ពីគេឡើយ។ វាគឺជាអ្វីដែលមនុស្សមិនអាចនឹកស្រមៃបាន ហើយជាងនេះទៀត វាគឺអ្វីដែលពួកគេអាចមិនអាចមើលឃើញបាន។ អ្នកមិនត្រូវធ្វេសប្រហែសឬមិនត្រូវមិនអើពើឡើយ ដើម្បីកុំឲ្យបាត់បង់ឱកាសដែលត្រូវទទួលបានការប្រទានពរ និងការប្រទានរង្វាន់។ ក្ដីសង្ឃឹមទៅអនាគតអំពីនគរនេះ គឺនៅមិនឆ្ងាយនោះទេ ហើយពិភពលោកទាំងមូល គឺកំពុងធ្លាក់ចុះទៅក្នុងសេចក្ដីស្លាប់បន្ដិចម្ដងៗហើយ។ សូរសំឡេងទួញសោកដែលលាន់ឮបន្តឥតដាច់ចេញពីរណ្ដៅដ៏សែនជ្រៅ និងពីបឹងភ្លើងនិងស្ពាន់ធ័រ ធ្វើឲ្យមនុស្សភ័យខ្លាច និងធ្វើឲ្យពួកគេមានអារម្មណ៍ខ្លាចរអា និងគ្មានកន្លែងដើម្បីលាក់ខ្លួនឡើយ។ នរណាក៏ដោយដែលត្រូវបានជ្រើសរើសក្នុងព្រះនាមរបស់ខ្ញុំ រួចត្រូវលុបបំបាត់ចោល នឹងត្រូវបញ្ចប់នៅក្នុងរណ្ដៅដ៏សែនជ្រៅនេះ។ ហេតុនេះ ដូចខ្ញុំបាននិយាយជាច្រើនដងរួចមកហើយថា ខ្ញុំនឹងត្រូវទម្លាក់របស់ត្រូវលុបបំបាត់ចោលនោះទៅក្នុងរណ្ដៅដ៏សែនជ្រៅនេះ។ នៅពេលដែលពិភពលោកទាំងមូល ត្រូវបានបំផ្លិចបំផ្លាញ គ្រប់យ៉ាងទាំងអស់ដែលត្រូវបានបំផ្លាញចោល នឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើងនិងស្ពាន់ធ័រ។ និយាយឲ្យចំ អ្វីទាំងអស់នោះ នឹងត្រូវផ្ទេរពីបឹងភ្លើងទៅក្នុងបឹងភ្លើងនិងស្ពាន់ធ័រ។ នៅពេលនោះ មនុស្សគ្រប់គ្នានឹងត្រូវបានកំណត់ថាត្រូវទទួលការបំផ្លាញជាអស់កល្ប (សំដៅលើអស់អ្នកទាំងឡាយណាដែលនៅក្រៅខ្លួនខ្ញុំ) ឬត្រូវទទួលបានជីវិតជាអស់កល្ប (សំដៅលើអស់អ្នកទាំងឡាយណាដែលនៅក្នុងខាងក្នុងខ្លួនខ្ញុំ)។ នៅពេលនោះ ខ្ញុំនិងបុត្រច្បងរបស់ខ្ញុំ នឹងត្រូវលេចឡើងពីនគរនេះ និងចូលទៅក្នុងភាពអស់កល្បជានិច្ច។ នេះគឺជាអ្វីដែលនឹងត្រូវបំពេញនៅពេលក្រោយទៀត។ បើទោះបីខ្ញុំប្រាប់អ្នករាល់គ្នាក្នុងពេលនេះក្ដី ក៏អ្នករាល់គ្នានឹងមិនយល់ដែរ។ អ្នកគ្រាន់តែអាចដើរតាមការដឹកនាំរបស់ខ្ញុំ ដើរនៅក្នុងពន្លឺរបស់ខ្ញុំ អមដំណើរខ្ញុំនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដកពិសោធន៍នៅក្នុងសេចក្ដីអរសប្បាយជាមួយខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ គ្រងរាជ្យជាមួយខ្ញុំនៅក្នុងនគររបស់ខ្ញុំ និងដឹកនាំលើគ្រប់ជាតិសាសន៍ទាំងអស់ដែលស្ថិតក្រោមសិទ្ធិអំណាចរបស់ខ្ញុំជាមួយខ្ញុំ។ អ្វីទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើ មាននូវព្រះពរដ៏ច្រើនឥតគណនាដែលខ្ញុំកំពុងប្រទានដល់អ្នករាល់គ្នា។