ជំពូកទី ១០៣
សម្លេងដូចផ្គរលាន់បានបន្លឺឡើង ដោយអង្រួនសាកលលោកទាំងមូល។ វាឮខ្លាំងណាស់ រហូតមនុស្សមិនអាចរត់គេចទាន់ពេលវេលានោះទេ។ មនុស្សខ្លះត្រូវបានសម្លាប់ មនុស្សខ្លះត្រូវបានបំផ្លាញ ហើយមនុស្សខ្លះទៀតត្រូវបានជំនុំជម្រះ។ វាពិតជាទស្សនីយភាពមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញឡើយ។ ចូរស្តាប់ដោយយកចិត្តទុកដាក់៖ សម្លេងនៃផ្គរលាន់អមទៅដោយសម្លេងយំ ហើយសម្លេងនេះចេញមកពីស្ថានឃុំព្រលឹងមនុស្សស្លាប់ វាចេញមកពីឋាននរក។ វាជាសម្លេងដ៏ល្វីងជូរចត់របស់កូនប្រុសរបស់អ្នកបះបោរទាំងនោះ ដែលខ្ញុំបានជំនុំជម្រះ។ អស់អ្នកណាដែលមិនបានស្ដាប់អ្វីដែលខ្ញុំមានបន្ទូល ហើយដែលមិនបានយកព្រះបន្ទូលរបស់ខ្ញុំទៅអនុវត្ត ត្រូវបានជំនុំជម្រះយ៉ាងធ្ងន់ធ្ងរ ហើយទទួលបណ្តាសានៃសេចក្តីក្រោធរបស់ខ្ញុំ។ ព្រះសូរសៀងរបស់ខ្ញុំគឺជាការជំនុំជម្រះ និងសេចក្តីក្រោធ។ ខ្ញុំមិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយទន់ភ្លន់ ហើយក៏មិនបង្ហាញសេចក្តីមេត្តាករុណាដល់នរណាម្នាក់ដែរ ព្រោះថាខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលសុចរិត ហើយខ្ញុំមានសេចក្តីក្រោធ ខ្ញុំមានចំហេះភ្លើង ខ្ញុំមានការបន្សុទ្ធ ហើយខ្ញុំមានការបំផ្លាញ។ នៅក្នុងខ្ញុំ គ្មានអ្វីដែលលាក់បាំង ឬប្រកបដោយមនោសញ្ចេតនាឡើយ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងគឺបើកចំហរ សុចរិត និងមិនលម្អៀង។ ដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំ នៅលើបល្ល័ង្កជាមួយខ្ញុំរួចហើយ ដោយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ នោះវត្ថុនិងមនុស្សដែលមិនស្អាតស្អំ ហើយមិនសុចរិតទាំងនោះ ចាប់ផ្តើមទទួលការជំនុំជម្រះហើយនៅពេលនេះ។ ខ្ញុំនឹងស៊ើបអង្កេតម្នាក់ម្តងៗ ដោយមិនរំលងអ្វីមួយឡើយ ហើយបើកឱ្យដឹងពីពួកគេទាំងស្រុង។ ដោយសារតែការជំនុំជម្រះរបស់ខ្ញុំត្រូវបានបើកសម្តែងទាំងស្រុង និងបើកបង្ហាញយ៉ាងពេញលេញ ហើយខ្ញុំមិនបានរក្សាទុកអ្វីឡើយ នោះខ្ញុំនឹងបោះចោលអ្វីៗគ្រប់យ៉ាងដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយបណ្តោយឱ្យវាវិនាសអស់កល្បជានិច្ចនៅក្នុងជង្ហុកធំ។ នៅទីនោះ ខ្ញុំនឹងអនុញ្ញាតឱ្យវាឆេះអស់កល្បជានិច្ច។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ ហើយនេះជាភាពទៀងត្រង់របស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរសេចក្តីនេះបានទេ ហើយគ្រប់យ៉ាងត្រូវតែស្ថិតនៅក្រោមការបញ្ជារបស់ខ្ញុំ។
មនុស្សជាច្រើនព្រងើយកន្តើយចំពោះព្រះសូរសៀងរបស់ខ្ញុំ ដោយគិតថា ព្រះបន្ទូលគ្រាន់តែជាពាក្យពេចន៍ ហើយថាការពិត ត្រឹមតែជាការពិតប៉ុណ្ណោះ។ ពួកគេងងឹតងងល់! តើពួកគេមិនដឹងថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលស្មោះត្រង់ឬ? ព្រះបន្ទូល និងការពិតរបស់ខ្ញុំកើតឡើងតំណាលគ្នា។ តើនេះមិនមែនជាករណីពិតដ៏ពិសេសទេឬ? មនុស្សគ្រាន់តែមិនយល់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ហើយមានតែអស់អ្នកដែលត្រូវបានបំភ្លឺប៉ុណ្ណោះដែលអាចយល់យ៉ាងពិតប្រាកដ។ នេះជាការពិត។ នៅពេលដែលមនុស្សមើលឃើញព្រះបន្ទូលរបស់ខ្ញុំ ពួកគេភ័យខ្លាចលោះព្រលឹង ហើយរត់យ៉ាងប្រញាប់ប្រញាល់ទៅគ្រប់ទីកន្លែងដើម្បីលាក់ពួន។ ករណីនេះកើតឡើងកាន់តែច្រើន នៅពេលដែលការជំនុំជម្រះរបស់ខ្ញុំមកដល់។ នៅពេលដែលខ្ញុំបានបង្កើតរបស់សព្វសារពើ នៅពេលដែលខ្ញុំបំផ្លាញពិភពលោក ហើយនៅពេលដែលខ្ញុំធ្វើឱ្យពួកកូនប្រុសច្បងពេញខ្នាត គឺរឿងរ៉ាវទាំងអស់នេះត្រូវបានសម្រេចដោយព្រះបន្ទូលមួយម៉ាត់ចេញពីព្រះឱស្ឋរបស់ខ្ញុំ។ នេះគឺដោយសារតែព្រះបន្ទូលរបស់ខ្ញុំផ្ទាល់ គឺជាសិទ្ធិអំណាច វាគឺជាការជំនុំជម្រះ។ អាចនិយាយបានថា ខ្ញុំគឺជាការជំនុំជម្រះ និងជាឫទ្ធានុភាព នេះគឺជាការពិតដែលមិនអាចកែប្រែបាន។ នេះគឺជាទិដ្ឋភាពមួយនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នេះគឺជាមធ្យោបាយតែមួយដែលខ្ញុំជំនុំជម្រះមនុស្ស។ នៅក្នុងព្រះនេត្ររបស់ខ្ញុំ អ្វីៗគ្រប់យ៉ាង រួមទាំងមនុស្សទាំងអស់ កិច្ចការទាំងអស់ និងរបស់សព្វសារពើ ស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ និងស្ថិតនៅក្រោមការជំនុំជម្រះរបស់ខ្ញុំ។ គ្មាននរណាម្នាក់ ហើយគ្មានអ្វីមួយហ៊ានប្រព្រឹត្តយ៉ាងគគ្លើន ឬដោយចេតនាឡើយ ហើយគ្រប់យ៉ាងត្រូវតែបានសម្រេចទៅតាមព្រះបន្ទូលដែលខ្ញុំថ្លែងចេញមក។ ម្នាក់ៗជឿលើព្រះបន្ទូលរបស់ខ្ញុំ ចេញពីសញ្ញាណមនុស្សដែលនៅខាងក្នុង។ នៅពេលដែលព្រះវិញ្ញាណរបស់ខ្ញុំបញ្ចេញព្រះសូរសៀង នោះម្នាក់ៗមានមន្ទិលសង្ស័យ។ មនុស្សគ្មានចំណេះដឹងអំពីសព្វានុភាពរបស់ខ្ញុំសូម្បីតែបន្តិច ហើយពួកគេថែមទាំងចោទប្រកាន់ប្រឆាំងនឹងខ្ញុំថែមទៀតផង។ ខ្ញុំប្រាប់អ្នកឥឡូវនេះ អ្នកណាដែលមានមន្ទិលសង្ស័យចំពោះព្រះបន្ទូលរបស់ខ្ញុំ ហើយអ្នកណាដែលមើលងាយព្រះបន្ទូលរបស់ខ្ញុំ គឺអ្នកទាំងនេះហើយដែលនឹងត្រូវបានបំផ្លាញ។ ពួកគេគឺជាពួកកូនប្រុសនៃសេចក្តីវិនាសដែលគ្មានទីបញ្ចប់។ ចេញពីចំណុចនេះ យើងអាចមើលឃើញថា មានមនុស្សតិចណាស់ដែលជាពួកកូនប្រុសច្បង ព្រោះថា នេះជាវិធីដែលខ្ញុំធ្វើការ។ ដូចដែលខ្ញុំបាននិយាយពីមុនមក ខ្ញុំសម្រេចអ្វីៗគ្រប់យ៉ាងដោយមិនកម្រើកម្រាមព្រះហស្ដមួយផង ខ្ញុំគ្រាន់តែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ បន្ទាប់មក នេះគឺជាទីកន្លែងដែលសព្វានុភាពរបស់ខ្ញុំស្ថិតនៅ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ គ្មាននរណាម្នាក់អាចស្វែងរកប្រភព និងគោលបំណងនៃអ្វីដែលខ្ញុំព្រះបន្ទូលនិយាយនោះទេ។ មនុស្សមិនអាចសម្រេចបានកិច្ចការនេះទេ ហើយពួកគេអាចធ្វើសកម្មភាព ខណៈពេលដែលដើរតាមការដឹកនាំរបស់ខ្ញុំប៉ុណ្ណោះ ហើយធ្វើអ្វីៗទៅតាមបំណង របស់ខ្ញុំ ដោយផ្អែកលើសេចក្តីសុចរិតរបស់ខ្ញុំ ដែលបណ្តាលឱ្យគ្រួសាររបស់ខ្ញុំមានសេចក្តីសុចរិត និងសេចក្តីស្ងប់សុខ បណ្តាលឱ្យគ្រួសាររបស់ខ្ញុំរស់នៅជារៀងរហូត និងបណ្តាលឱ្យគ្រួសាររបស់ខ្ញុំរឹងមាំ ព្រមទាំងមិនរង្គោះរង្គើជានិច្ចនិរន្តរ៍។
ការជំនុំជម្រះរបស់ខ្ញុំធ្លាក់មកកាន់មនុស្សរាល់គ្នា បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំប៉ះពាល់មនុស្សរាល់គ្នា ហើយព្រះបន្ទូល និងអង្គរបស់ខ្ញុំ ត្រូវបានបើកសម្តែងដល់មនុស្សគ្រប់គ្នា។ នេះគឺជាពេលវេលាសម្រាប់កិច្ចការដ៏អស្ចារ្យនៃព្រះវិញ្ញាណរបស់ខ្ញុំ (នៅពេលនេះ អស់អ្នកដែលនឹងទទួលបានព្រះពរ និងអស់អ្នកដែលនឹងទទួលរងនូវជោគវាសនាអាក្រក់ ត្រូវបានញែកចេញពីគ្នា)។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបញ្ចេញមក នោះខ្ញុំបានញែកអស់អ្នកដែលនឹងទទួលបានព្រះពរ ក៏ដូចជាអស់អ្នកដែលនឹងទទួលរងនូវជោគវាសនាអាក្រក់ហើយ។ ទាំងអស់នេះគឺភ្លឺច្បាស់ដូចត្បូង ហើយខ្ញុំអាចមើលឃើញវាទាំងអស់ក្នុងមួយប៉ប្រិចភ្នែក។ (ខ្ញុំកំពុងបញ្ចេញបន្ទូលបែបនេះទាក់ទងនឹងភាពជាមនុស្សរបស់ខ្ញុំ ដូច្នេះហើយ ព្រះបន្ទូលទាំងនេះមិនផ្ទុយពីការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ខ្ញុំនោះទេ។) ខ្ញុំដើរឆ្លងកាត់ភ្នំ និងទន្លេ ហើយក្នុងចំណោមរបស់សព្វសារពើនៅទូទាំងលំហនៃសាកលលោក ដោយត្រួតពិនិត្យ និងបន្សុទ្ធទីកន្លែងនីមួយៗ ដើម្បីឱ្យទីកន្លែងដែលមិនស្អាត និងដែនដីដែលច្របូកច្របល់ទាំងអស់នោះលែងមានវត្តមានតទៅទៀត ហើយត្រូវបានដុតឱ្យវិនាសបាត់ទៅដោយសារព្រះបន្ទូលរបស់ខ្ញុំ។ ចំពោះខ្ញុំ អ្វីៗគ្រប់យ៉ាងគឺងាយស្រួលទេ។ ប្រសិនបើពេលនេះគឺជាពេលវេលាដែលខ្ញុំបានកំណត់សម្រាប់ការបំផ្លាញពិភពលោក នោះខ្ញុំអាចលេបវាដោយបន្ទូលតែមួយម៉ាត់។ ទោះបីជាយ៉ាងណា ឥឡូវនេះមិនទាន់ដល់ពេលនោះទេ។ គ្រប់យ៉ាងត្រូវតែរួចរាល់មុនពេលដែលខ្ញុំនឹងធ្វើកិច្ចការនេះ ដើម្បីកុំឱ្យផែនការ និងការគ្រប់គ្រងរបស់ខ្ញុំត្រូវបានរំខាន។ ខ្ញុំជ្រាបដឹងពីវិធីដើម្បីធ្វើកិច្ចការនេះយ៉ាងសមហេតុផល៖ ខ្ញុំមាន ប្រាជ្ញា របស់ខ្ញុំ ហើយខ្ញុំមានការគ្រប់គ្រងផ្ទាល់របស់ខ្ញុំ។ មនុស្សមិនត្រូវកម្រើកម្រាមដៃមួយឡើយ ចូរប្រយ័ត្នកុំឱ្យស្លាប់ដោយសារព្រះហស្ដរបស់ខ្ញុំ។ ចំណុចនេះបានប៉ះពាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំរួចហើយ។ តាមរយៈការនេះ បុគ្គលម្នាក់អាចមើលឃើញភាពសាហាវនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ក៏ដូចជាគោលការណ៍នៅពីក្រោយបញ្ញត្តិទាំងនេះ ដែលមានពីរផ្នែក៖ មួយផ្នែក គឺខ្ញុំសម្លាប់អស់អ្នកដែលមិនស្របនឹងបំណង របស់ខ្ញុំ និងអ្នកដែលបំពាននឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ មួយផ្នែកទៀត ក្នុងសេចក្តីក្រោធរបស់ខ្ញុំ ខ្ញុំដាក់បណ្តាសាអស់អ្នកដែលបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ទិដ្ឋភាពទាំងពីរនេះ គឺមិនអាចជៀសវាងបានឡើយ ហើយជាគោលការណ៍ប្រតិបត្តិនៅពីក្រោយបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ មនុស្សម្នាក់ៗត្រូវបានដោះស្រាយទៅតាមគោលការណ៍ទាំងពីរនេះ ដោយគ្មានមនោសញ្ចេតនាឡើយ មិនថាបុគ្គលម្នាក់មានភក្តីភាពយ៉ាងណានោះទេ។ សេចក្តីនេះ គឺគ្រប់គ្រាន់ដើម្បីបង្ហាញពីសេចក្តីសុចរិតរបស់ខ្ញុំ ឫទ្ធានុភាពរបស់ខ្ញុំ និងសេចក្តីក្រោធរបស់ខ្ញុំ ដែលនឹងដុតបំផ្លាញវត្ថុនៃផែនដីទាំងអស់ វត្ថុនៃលោកិយទាំងអស់ និងរបស់សព្វសារពើដែលមិនស្របទៅតាមបំណងរបស់ខ្ញុំ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំមានអាថ៌កំបាំងដែលនៅតែលាក់បាំងនៅឡើយ ហើយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ក៏មានអាថ៌កំបាំងដែលត្រូវបានបើកសម្តែងដែរ។ ដូច្នេះ ដោយផ្អែកតាមសញ្ញាណរបស់មនុស្ស និងនៅក្នុងចិត្តរបស់មនុស្ស នោះព្រះបន្ទូលរបស់ខ្ញុំគឺមិនអាចយល់បានជារៀងរហូត ហើយដួងព្រះទ័យរបស់ខ្ញុំគឺមិនអាចវាស់ស្ទង់បានជារៀងរហូត។ មានន័យថា ខ្ញុំត្រូវតែយកមនុស្សចេញពីសញ្ញាណ និងការគិតរបស់ពួកគេ។ នេះគឺជាចំណុចសំខាន់បំផុតនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំត្រូវតែធ្វើវាតាមវិធីនេះ ដើម្បីទទួលបានពួកកូនប្រុសច្បងរបស់ខ្ញុំ និងដើម្បីសម្រេចអ្វីៗដែលខ្ញុំសព្វព្រះហឫទ័យចង់ធ្វើ។
គ្រោះមហន្តរាយរបស់ពិភពលោកមានកំណើនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅក្នុងដំណាក់របស់ខ្ញុំ គ្រោះមហន្តរាយដ៏ចង្រៃមានកំណើនកាន់តែខ្លាំងក្លាជាងមុន។ មនុស្សពិតជាគ្មានកន្លែងដើម្បីលាក់ពួន គ្មានកន្លែងដើម្បីលាក់ខ្លួនឡើយ។ ដោយសារការផ្លាស់ប្តូរដែលកំពុងតែកើតឡើងនៅពេលនេះ នោះមនុស្សមិនស្គាល់ទីកន្លែងដែលពួកគេនឹងឈានជំហានបន្ទាប់របស់គេឡើយ។ ហេតុការណ៍នេះ នឹងក្លាយជាការពិតក្រោយពីការជំនុំជម្រះរបស់ខ្ញុំប៉ុណ្ណោះ។ ចូរចាំទុកចុះ! ទាំងអស់នេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ ហើយវាគឺជាវិធីដែលខ្ញុំធ្វើការ។ ខ្ញុំនឹងកម្សាន្តចិត្តពួកកូនប្រុសច្បងរបស់ខ្ញុំទាំងអស់ម្នាក់ម្តងៗ ហើយលើកពួកគេឡើងមួយជំហានទៀតក្នុងពេលតែមួយ។ ចំពោះអ្នកស៊ីឈ្នួលវិញ ខ្ញុំនឹងផាត់ចោល និងបោះបង់ពួកគេទាំងអស់ម្តងម្នាក់ៗ។ នេះគឺជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ បន្ទាប់ពីអ្នកស៊ីឈ្នួលទាំងអស់ត្រូវបានបើកឱ្យដឹង នោះពួកកូនប្រុសច្បងរបស់ខ្ញុំក៏នឹងត្រូវបានបើកឱ្យដឹងដែរ។ (ចំពោះខ្ញុំ កិច្ចការនេះពិតជាងាយស្រួលខ្លាំងណាស់។ បន្ទាប់ពីពួកគេស្តាប់ឮព្រះបន្ទូលរបស់ខ្ញុំ នោះអ្នកស៊ីឈ្នួលទាំងអស់នឹងដកចេញពីមុខការជំនុំជម្រះរបស់ខ្ញុំ និងការគម្រាមកំហែងនៃព្រះបន្ទូលរបស់ខ្ញុំ ហើយមានតែពួកកូនប្រុសច្បងរបស់ខ្ញុំប៉ុណ្ណោះដែលស្ថិតនៅ។ នេះមិនមែនជាអ្វីមួយដែលជាការស្ម័គ្រចិត្ត ឬជាអ្វីមួយដែលបំណងរបស់មនុស្សអាចផ្លាស់ប្តូរបាននោះទេ។ ផ្ទុយទៅវិញ វាជាវិញ្ញាណរបស់ខ្ញុំដែលធ្វើការនៅក្នុងមនុស្ស។) នេះមិនមែនជាហេតុការណ៍ដែលនៅឆ្ងាយនោះទេ ហើយក្នុងកម្រិតណាមួយ អ្នករាល់គ្នាគួរតែអាចដឹងចេញពីដំណាក់កាលនៃកិច្ចការរបស់ខ្ញុំនេះ និងចេញពីព្រះបន្ទូលរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំ និយាយច្រើនម៉្លេះ ខណៈពេលដែលធម្មជាតិដែលមិនអាចប៉ាន់ប្រមាណបាននៃសម្លេងរបស់ខ្ញុំ មិនអាចវាស់ស្ទង់បានចំពោះមនុស្ស។ ខ្ញុំនិយាយទៅកាន់ពួកកូនប្រុសច្បងរបស់ខ្ញុំ ដោយសំឡេងលួងលោម សេចក្ដីមេត្តាករុណា និងសេចក្តីស្រឡាញ់ (ដោយសារតែខ្ញុំតែងតែបំភ្លឺមនុស្សទាំងនេះ ហើយខ្ញុំនឹងមិនចាកចេញពីពួកគេឡើយ ព្រោះខ្ញុំបានកំណត់ពួកគេទុកជាមុនរួចហើយ) ខណៈពេលដែលខ្ញុំប្រព្រឹត្តចំពោះមនុស្សក្រៅពីពួកកូនប្រុសច្បងរបស់ខ្ញុំដោយការជំនុំជម្រះដ៏ធ្ងន់ធ្ងរ ដោយការគម្រាមកំហែង និងដោយការសម្លុត ដែលធ្វើឱ្យពួកគេមានអារម្មណ៍ភ័យខ្លាចជានិច្ច ដល់ចំណុចដែលសរសៃប្រសាទរបស់ពួកគេធ្វើការឥតឈប់ឈរ។ នៅពេលដែលស្ថានភាពបានវិវឌ្ឍន៍ទៅដល់កម្រិតជាក់លាក់មួយ នោះពួកគេនឹងរត់គេចពីសភាពនេះ (នៅពេលដែលខ្ញុំបំផ្លាញពិភពលោក មនុស្សទាំងនេះនឹងនៅក្នុងជង្ហុកធំ) ប៉ុន្តែពួកគេនឹងមិនដែលរត់គេចផុតពីដៃនៃការជំនុំជម្រះរបស់ខ្ញុំ ឬរួចផុតពីស្ថានភាពនេះបានឡើយ។ ដូចនេះ នេះគឺជាការជំនុំជម្រះរបស់ពួកគេ នេះគឺជាការវាយផ្ចាលរបស់ពួកគេ។ នៅថ្ងៃដែលសាសន៍ដទៃមកដល់ នោះខ្ញុំនឹងបើកសម្តែងមនុស្សទាំងនេះម្នាក់ម្តងៗ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ។ ពេលនេះ តើអ្នករាល់គ្នាយល់ពីគោលបំណងនៅពីក្រោយព្រះសូរសៀងខាងដើមនៃព្រះបន្ទូលរបស់ខ្ញុំទាំងនោះឬទេ? តាមគំនិតរបស់ខ្ញុំ អ្វីមួយដែលមិនត្រូវបានបំពេញសម្រេច គឺជាអ្វីមួយដែលត្រូវបានបំពេញសម្រេច ប៉ុន្តែអ្វីមួយដែលត្រូវបានបំពេញសម្រេច មិនចាំបាច់តែជាអ្វីមួយដែលសម្រេចបាននោះទេ។ នេះដោយសារតែខ្ញុំមានប្រាជ្ញា និងវិធីធ្វើការរបស់ខ្ញុំ ដែលមនុស្សគ្រាន់តែមិនយល់ប៉ុណ្ណោះ។ នៅពេលដែលខ្ញុំសម្រេចបានលទ្ធផលជាមួយនឹងជំហាននេះ (នៅពេលដែលខ្ញុំបានបើកឱ្យដឹងពីមនុស្សអាក្រក់ទាំងអស់ដែលទាស់ទទឹងនឹងខ្ញុំ) នោះខ្ញុំនឹងចាប់ផ្តើមជំហានបន្ទាប់ ព្រោះថាបំណងព្រះហឫទ័យរបស់ខ្ញុំមិនត្រូវបានរារាំង និងគ្មាននរណាម្នាក់ហ៊ានរំខានផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយគ្មានអ្វីហ៊ានបង្កឧបស័គ្គណាមួយបានឡើយ ពួកវាទាំងអស់ត្រូវតែបើកផ្លូវ! ឱកូនៗរបស់នាគដ៏ធំមានសម្បុរក្រហមអើយ ចូរស្តាប់ខ្ញុំ! ខ្ញុំដើរមកពីស៊ីយ៉ូន ហើយបានក្លាយជាសាច់ឈាមនៅក្នុងពិភពលោក ដើម្បីទទួលយកពួកកូនប្រុសច្បងរបស់ខ្ញុំ ដើម្បីធ្វើឱ្យឪពុករបស់អ្នករាល់គ្នាអាម៉ាស់មុខ (ពាក្យពេចន៍ទាំងនេះ សំដៅចំពោះកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម) ដើម្បីគាំទ្រពួកកូនប្រុសច្បងរបស់ខ្ញុំ និងដើម្បីកែតម្រូវកំហុសឆ្គងដែលបានកើតឡើងចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ។ ដូច្នេះហើយ មិនត្រូវសាហាវម្តងទៀតឡើយ ខ្ញុំនឹងឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំដោះស្រាយជាមួយអ្នករាល់គ្នា។ កាលពីអតីតកាល ពួកកូនប្រុសរបស់ខ្ញុំត្រូវបានគេចំអក និងជិះជាន់ ហើយដោយសារតែព្រះវរបិតាកាន់កាប់ព្រះចេស្ដាជំនួសពួកកូនប្រុសរបស់ទ្រង់ នោះពួកកូនប្រុសរបស់ខ្ញុំត្រូវតែវិលត្រឡប់មករកការឱបក្រសោបដ៏គួរឱ្យស្រឡាញ់របស់ខ្ញុំ លែងត្រូវបានគេចំអក និងលែងត្រូវបានគេជិះជាន់តទៅទៀតហើយ។ ខ្ញុំសុចរិត ដែលនេះបង្ហាញអំពីភាពសុចរិតរបស់ខ្ញុំ ហើយសេចក្តីសុចរិតនេះពិតជា «កំពុងតែស្រឡាញ់អស់អ្នកដែលខ្ញុំស្រឡាញ់ ហើយកំពុងតែស្អប់អស់អ្នកដែលខ្ញុំស្អប់។» ប្រសិនបើអ្នកនិយាយថា ខ្ញុំមិនសុចរិត នោះអ្នករាល់គ្នាគួរតែប្រញាប់ ហើយចាកចេញទៅ។ មិនត្រូវឥតអៀនខ្មាស ហើយចាំតែជំហមនៅក្នុងដំណាក់របស់ខ្ញុំឡើយ។ អ្នកគួរតែវិលត្រឡប់ទៅផ្ទះរបស់អ្នកជាប្រញាប់ ដើម្បីកុំឱ្យខ្ញុំឃើញមុខអ្នកតទៅទៀត។ ជង្ហុកដ៏ធំគឺជាទិសដៅរបស់អ្នករាល់គ្នា ហើយជាកន្លែងដែលអ្នករាល់គ្នានឹងសម្រាក។ ប្រសិនបើអ្នកនៅក្នុងដំណាក់របស់ខ្ញុំ នោះនឹងគ្មានទីកន្លែងសម្រាប់អ្នករាល់គ្នាឡើយ ព្រោះថាអ្នករាល់គ្នាគឺជាសត្វតិរច្ឆាននៃបន្ទុក អ្នកគឺជាឧបករណ៍ដែលខ្ញុំប្រើប្រាស់។ នៅពេលដែលខ្ញុំលែងត្រូវការប្រើអ្នកតទៅទៀត នោះខ្ញុំត្រូវតែបោះអ្នករាល់គ្នាទៅក្នុងភ្លើងដើម្បីដុតបញ្ឆេះអ្នក។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ខ្ញុំត្រូវតែធ្វើរបៀបនេះ ហើយមានតែតាមវិធីនេះទេ ដែលបង្ហាញអំពីវិធីដែលខ្ញុំធ្វើការ និងបើកសម្ដែងអំពីភាពសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ។ សំខាន់ជាងនេះទៅទៀត មានតែតាមវិធីនេះប៉ុណ្ណោះ ដែលពួកកូនប្រុសច្បងរបស់ខ្ញុំនឹងត្រូវបានអនុញ្ញាតឱ្យសោយរាជ្យដោយព្រះចេស្ដាជាមួយខ្ញុំ។