ការអនុវត្ត (៧)

អ្នករាល់គ្នាខ្វះខាតភាពជាមនុស្សពេកហើយ អ្នកមានរបៀបរស់នៅទាបថោក និងអន់ខ្លាំងណាស់ អ្នកគ្មានភាពជាមនុស្សទាល់តែសោះ ហើយក៏ខ្វះនូវការយល់ដឹងជ្រៅជ្រះដែរ។ នេះហើយជាមូលហេតុដែលអ្នកត្រូវបំពាក់បំប៉នខ្លួនជាមួយអ្វីៗនៃភាពជាមនុស្សធម្មតានោះ។ ដោយមានមនសិការ ការត្រិះរិះពិចារណា និងការយល់ដឹងជ្រៅជ្រះ ដោយមានការចេះដឹងពីរបៀបនិយាយ និងរបៀបយល់ឃើញអំពីអ្វីៗ ដោយមានការយកចិត្តទុកដាក់ចំពោះភាពស្អាតបរិសុទ្ធ និងដោយមានការប្រព្រឹត្តដូចជាមនុស្សធម្មតាម្នាក់ ពោលគឺការទាំងអស់នេះគឺជាគ្រប់លក្ខណៈអំពីចំណេះដឹងនៃភាពជាមនុស្សធម្មតា។ នៅពេលដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងត្រឹមត្រូវនៅក្នុងការទាំងនេះ នោះអ្នករាល់គ្នាត្រូវបានចាត់ទុកថាមានកម្រិតនៃភាពជាមនុស្សដែលអាចទទួលយកបាន។ អ្នករាល់គ្នាក៏ត្រូវបំពាក់បំប៉នខ្លួនសម្រាប់ជីវិតខាងវិញ្ញាណផងដែរ។ អ្នកត្រូវតែដឹងគ្រប់យ៉ាងអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី និងមានបទពិសោធអំពីព្រះបន្ទូលរបស់ទ្រង់។ អ្នកគួរតែដឹងពីរបៀបស្ដាប់បង្គាប់តាមការចាត់ចែងរបស់ទ្រង់ និងដឹងពីរបៀបបំពេញភារកិច្ចនៃភាវៈដែលត្រូវបានបង្កើតមក។ ទាំងនេះគឺជាទិដ្ឋភាពចំនួនពីរអំពីអ្វីដែលអ្នកគួរតែចូលទៅក្នុងនាពេលសព្វថ្ងៃ ដែលជាការបំពាក់បំប៉នខ្លួនសម្រាប់ជីវិតនៃភាពជាមនុស្ស និងការអនុវត្តសម្រាប់ជីវិតនៃផ្នែកខាងវិញ្ញាណ។ ទិដ្ឋភាពទាំងពីរនេះពិតជាសំខាន់ណាស់។

មនុស្សខ្លះមិនសមហេតុផលទាល់តែសោះ៖ ពួកគេដឹងតែពីតុបតែងខ្លួនជាមួយលក្ខណៈនៃភាពជាមនុស្សប៉ុណ្ណោះ។ នៅក្នុងរូបរាងរបស់ពួកគេគ្មានរកឃើញកំហុសឡើយ។ អ្វីៗដែលពួកគេនិយាយ និងកាយវិការនិយាយស្ដីរបស់ពួកគេមានលក្ខណៈសមសួន ហើយសម្លៀកបំពាក់របស់ពួកគេក៏ថ្លៃថ្នូរ និងសមរម្យដែរ។ ប៉ុន្តែ នៅខាងក្នុងពួកគេវិញគឺទទេសូន្យតែម្ដង។ ពួកគេហាក់ដូចជាមានភាពជាមនុស្សធម្មតាពីសម្បកក្រៅប៉ុណ្ណោះ។ មនុស្សខ្លះផ្តោតទៅលើតែរឿងហូបចុក រឿងស្លៀកពាក់ និងអ្វីដែលត្រូវនិយាយប៉ុណ្ណោះ។ មានមនុស្សខ្លះទៀតផ្ដោតទាំងស្រុងទៅលើតែកិច្ចការដូចជា ការជូតឥដ្ឋ ការរៀបចំគ្រែគេង និងការងារសម្អាតទូទៅ។ ពួកគេអាចអនុវត្តបានល្អនៅក្នុងកិច្ចការទាំងនេះមែន ប៉ុន្តែបើអ្នកសុំឱ្យពួកគេនិយាយអំពីចំណេះដឹងរបស់ពួកគេទាក់ទងនឹងកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ឬអំពីកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ឬការល្បងលនិងការបន្សុទ្ធរបស់ទ្រង់វិញ ពួកគេនឹងទំនងជាមិនអាចបង្ហាញបទពិសោធសូម្បីតែបន្ដិចនោះឡើយ។ អ្នកអាចសួរពួកគេថា៖ «តើអ្នកមានការយល់ដឹងដែរឬទេអំពីកិច្ចការចម្បងរបស់ព្រះជាម្ចាស់នៅលើផែនដី? តើកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ខុសគ្នាយ៉ាងដូចម្ដេចពីកិច្ចការរបស់ព្រះយេស៊ូវ? ខុសពីកិច្ចការរបស់ព្រះយេហូវ៉ាដូចម្ដេចខ្លះ? តើពួកទ្រង់ជាព្រះជាម្ចាស់តែមួយឬទេ? តើព្រះអង្គបានយាងមកដើម្បីបិទបញ្ចប់យុគសម័យនេះ ឬក៏ដើម្បីសង្រ្គោះមនុស្សជាតិ?» តែមនុស្សបែបនេះគ្មានចម្លើយសម្រាប់សំណួរទាំងនេះឡើយ។ អ្នកខ្លះតុបតែងខ្លួនយ៉ាងស្អាត តែស្អាតតែពីសម្បកក្រៅ៖ បងប្អូនស្រីៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចជាបុប្ផា ហើយបងប្អូនប្រុសៗវិញស្លៀកពាក់ដូចជាព្រះអង្គម្ចាស់ ឬអ្នកមានវ័យក្មេងដ៏ហ៊ឺហា។ ពួកគេខ្វល់តែរឿងខាងក្រៅដូចជា អ្វីដែលត្រូវបរិភោគ និងស្លៀកពាក់ប៉ុណ្ណោះ តែនៅខាងក្នុងវិញ ពួកគេគ្មានចំណេះដឹងអំពីព្រះជាម្ចាស់ទាល់តែសោះ សូម្បីតែបន្ដិចក៏គ្មានផង។ តើការធ្វើបែបនេះអាចមានអត្ថន័យអ្វីទៅ? បន្ទាប់មក មានមនុស្សមួយចំនួនទៀតដែលស្លៀកពាក់ដូចជាអ្នកសុំទានដ៏ក្រតោកយ៉ាក ពោលគឺមើលទៅពួកគេដូចជាទាសករនៅអាស៊ីបូព៌ាអ៊ីចឹង! តើអ្នករាល់គ្នាពិតជាមិនយល់អំពីអ្វីដែលខ្ញុំសួរដល់អ្នករាល់គ្នាទេឬអី? ចូរនិយាយគ្នានៅក្នុងចំណោមអ្នករាល់គ្នាចុះ៖ តើអ្នករាល់គ្នាទទួលបានអ្វីខ្លះហើយ? អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ តែអ្នករាល់គ្នាប្រមូលបានតែប៉ុណ្ណឹង។ តើអ្នករាល់គ្នាមិនអាម៉ាស់ទេឬ? តើអ្នកមិនចេះខ្មាសអៀនទេឬ? អ្នកបានកំពុងតែដេញតាមនៅលើផ្លូវដ៏ពិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅថ្ងៃនេះ កម្ពស់របស់អ្នកនៅតែទាបជាងកម្ពស់សត្វចាបទៅទៀត! ចូរមើលស្ត្រីវ័យក្មេងនៅក្នុងចំណោមអ្នករាល់គ្នា ដែលស្លៀកពាក់ និងតុបតែងខ្លួនគួរឱ្យទាក់ទាញ ដោយកំពុងតែប្រៀបធៀបខ្លួនជាមួយគ្នា តើអ្នកយកអ្វីមកប្រៀបធៀបទៅ? ការសប្បាយរបស់អ្នកឬ? ការទាមទាររបស់អ្នកឬ? តើអ្នករាល់គ្នាគិតថា ខ្ញុំបានយាងមក ដើម្បីជ្រើសរើសតារាម៉ូដែលឬ? អ្នកមិនចេះខ្មាសអៀនសោះ! តើជីវិតរបស់អ្នករាល់គ្នានៅឯណា? តើអ្វីដែលអ្នករាល់គ្នាដេញតាមនេះ មិនមែនជាសេចក្តីប៉ងប្រាថ្នាដ៏ផ្ដេសផ្ដាសរបស់អ្នករាល់គ្នាទេឬអី? អ្នកគិតថា រូបឆោមរបស់អ្នកស្រស់ស្អាតណាស់ ប៉ុន្តែទោះអ្នកអាចស្លៀកសម្លៀកបំពាក់ប្រណីតៗក៏ដោយ ក៏តាមពិតទៅ តើអ្នកមិនដូចជាដង្កូវបាក់ខ្នង ដែលកើតនៅក្នុងគំនរលាមកទេឬ? នៅថ្ងៃនេះ អ្នកមានសំណាងរីករាយនឹងព្រះពរនៃស្ថានសួគ៌ទាំងនេះ មិនមែនដោយសារតែមុខមាត់ដ៏ស្រស់ស្អាតរបស់អ្នកទេ ប៉ុន្តែដោយសារតែព្រះជាម្ចាស់កំពុងតែលើកលែង ដោយលើកអ្នកខ្ពស់ឡើងវិញទេ។ តើអ្នកនៅតែមិនច្បាស់ថាខ្លួនបានចេញមកពីណាទៀតឬ? ពេលលើកឡើងអំពីជីវិត អ្នកបិទមាត់គ្មាននិយាយអ្វីសោះ ពោលគឺដូចជារូបចម្លាក់មួយដែលគមិនចេះនិយាយ តែអ្នកនៅតែថ្លើមធំហ៊ានស្លៀកពាក់ទៀតអ៊ីចឹង! អ្នកនៅតែចង់ផាត់មុខ និងលាបម្សៅលើមុខរបស់អ្នកទៀត! ហើយមើលទៅកាន់ក្មេងប្រុសដ៏ហ៊ឺហានៅក្នុងចំណោមអ្នករាល់គ្នាចុះ គេជាមនុស្សចចេសដែលចំណាយពេលពេញមួយថ្ងៃ ដោយដើរលេងរហេតរហូត ពិបាកប្រៀនប្រដៅ ទាំងមានទឹកមុខមិនអើពើ។ តើនេះជារបៀបដែលបុគ្គលម្នាក់គួរតែប្រព្រឹត្តឬ? នៅក្នុងចំណោមអ្នករាល់គ្នា មិនថាជាបុរស ឬស្ត្រីនោះទេ តើម្នាក់ៗផ្តោតអារម្មណ៍ទៅលើអ្វីខ្លះទៅពេញមួយថ្ងៃ? តើអ្នករាល់គ្នាដឹងដែរឬទេថា អ្នករាល់គ្នាត្រូវពឹងអាងលើអ្នកណា ដើម្បីចិញ្ចឹមខ្លួនឯង? ចូរមើលការស្លៀកពាក់របស់អ្នក ចូរមើលអ្វីដែលអ្នកទទួលបាននៅក្នុងដៃរបស់អ្នក ចូរស្ទាបក្បាលពោះរបស់អ្នកទៅមើល៎ តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះហើយចេញពីតម្លៃញើសឈាមដែលអ្នកបានបង់ថ្លៃទៅលើសេចក្តីជំនឿក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ? អ្នកនៅតែគិតចង់ដើរលេង អ្នកនៅតែគិតចង់តុបតែងលម្អសាច់ដ៏ស្អុយរបស់អ្នកទៀត។ នេះគឺជាការដេញតាមដែលគ្មានតម្លៃឡើយ! អ្នកត្រូវបានស្នើសុំឱ្យក្លាយជាមនុស្សដែលមានភាពសាមញ្ញ តែឥឡូវ អ្នកមិនគ្រាន់តែជាមនុស្សខុសប្រក្រតីប៉ុណ្ណោះទេ ប៉ុន្តែអ្នកក្លាយជាមនុស្សចម្លែកតែម្ដង។ តើមនុស្សបែបនេះអាចមានភាពអង់អាចចូលមកចំពោះខ្ញុំម្ដេចកើតទៅ? ជាមួយភាពជាមនុស្សបែបនេះ ដោយការបង្ហាញមន្តស្នេហ៍ និងការសម្ញែងសាច់របស់អ្នក ដោយការរស់នៅក្នុងសេចក្តីស្រើបស្រាលខាងសាច់ឈាមគ្រប់ពេលវេលាបែបនេះ តើអ្នកមិនមែនជាពូជនៃពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់ទេឬ? ខ្ញុំនឹងមិនបណ្ដោយឱ្យអារក្សអសោចបែបនេះបន្តមានវត្តមានយូរទៀតឡើយ! ហើយកុំនឹកស្មានថា ខ្ញុំមិនដឹងអំពីអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នកនោះឡើយ។ អ្នកអាចគ្រប់គ្រងសេចក្តីស្រើបស្រាល និងសាច់ឈាមរបស់អ្នកយ៉ាងតឹងរ៉ឹងបាន ប៉ុន្តែតើខ្ញុំអាចមិនដឹងអំពីគំនិតដែលអ្នកមាននៅក្នុងចិត្តរបស់អ្នកម្ដេចកើតទៅ? តើខ្ញុំអាចមិនដឹងអំពីអ្វីគ្រប់យ៉ាងដែលភ្នែករបស់អ្នកប៉ងប្រាថ្នាម្ដេចកើតទៅ? បងប្អូនស្រីៗវ័យក្មេងអើយ តើអ្នករាល់គ្នាមិនធ្វើឱ្យខ្លួនស្រស់ស្អាត ដើម្បីបង្ហាញសាច់របស់ខ្លួនទេឬ? តើបុរសៗមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាទៅ? តើពួកគេពិតជាអាចសង្រ្គោះអ្នកពីសមុទ្រទុក្ខបានដែរឬ? សម្រាប់អ្នករាល់គ្នាដែលជាមនុស្សហ៊ឺហាវិញ អ្នករាល់គ្នាស្លៀកពាក់ ដើម្បីធ្វើខ្លួនឱ្យមើលទៅដូចជាសុភាព និងថ្លៃថ្នូរ ប៉ុន្តែតើនេះមិនមែនជាឧបាយកលមួយដែលអ្នកបានរៀបចំ ដើម្បីទាញការចាប់អារម្មណ៍ទៅលើរូបរាងដ៏ហ៊ឺហារបស់អ្នកទេឬ? តើអ្នករាល់គ្នាកំពុងតែធ្វើការនេះសម្រាប់នរណា? តើស្ត្រីៗមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាទៅ? តើពួកគេមិនមែនជាប្រភពនៃអំពើបាបរបស់អ្នករាល់គ្នាទេឬ? បុរស និងស្ត្រីទាំងឡាយអើយ ខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនហើយទៅកាន់អ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើតាមបានតែបន្ដិចបន្ដួចប៉ុណ្ណោះ។ ត្រចៀករបស់អ្នករាល់គ្នាពិបាកនឹងស្ដាប់ ភ្នែករបស់អ្នកប្រែជាស្រអាប់ ហើយដួងចិត្តរបស់អ្នកក៏រឹងរូសខ្លាំងដែរ រហូតដល់កម្រិតមួយនៅសល់តែសេចក្តីស្រើបស្រាលប៉ុណ្ណោះនៅក្នុងរូបកាយរបស់អ្នក ហើយបើនៅបែបនេះទៀត អ្នកត្រូវជាប់ចំណងគ្មានផ្លូវនឹងរួចខ្លួននោះឡើយ។ តើមានអ្នកណាខ្លះចង់នៅក្បែរអ្នករាល់គ្នា ដែលជាសត្វដង្កូវដ៏រវីករវើកនៅក្នុងសេចក្តីស្មោកគ្រោក និងភក់ជ្រាំទៅ? សូមកុំភ្លេចថា អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលខ្ញុំបានលើកឡើងចេញពីគំនរលាមកប៉ុណ្ណោះ ហើយក៏កុំភ្លេចដែរថា កាលពីដើមឡើយ អ្នកគ្មានភាពជាមនុស្សធម្មតានោះឡើយ។ អ្វីដែលខ្ញុំសុំពីអ្នករាល់គ្នាគឺជាភាពជាមនុស្សធម្មតា ដែលពីដើមឡើយ អ្នករាល់គ្នាមិនមានឡើយ មិនមែនឱ្យអ្នករាល់គ្នាបង្ហាញសេចក្តីស្រើបស្រាលរបស់អ្នក ឬដាច់បង្ហៀរទៅធ្វើតាមសាច់ឈាមដ៏ស្អុយអាក្រក់របស់អ្នករាល់គ្នា ដែលត្រូវបានអារក្សបង្វឹកបង្ហាត់អស់រយៈពេលជាច្រើនឆ្នាំនោះឡើយ។ នៅពេលដែលអ្នករាល់គ្នាស្លៀកពាក់បែបនេះ តើអ្នកមិនខ្លាចថា អ្នកនឹងផុងខ្លួនកាន់តែជ្រៅទេឬ? តើអ្នករាល់គ្នាមិនដឹងទេថា កាលពីដើមឡើយ អ្នករាល់គ្នាជាកម្មសិទ្ធិនៃបាប? តើអ្នករាល់គ្នាមិនដឹងទេថា រូបកាយរបស់អ្នករាល់គ្នាពេញពោរដោយសេចក្តីស្រើបស្រាល រហូតដល់វាលិចជ្រាបចេញតាមការស្លៀកពាក់របស់អ្នករាល់គ្នា ដោយបើកសម្ដែងឱ្យឃើញពីសភាពរបស់អ្នករាល់គ្នាថាជាពួកអារក្សអសោចដ៏ស្មោកគ្រោកមិនអាចអត់ទ្រាំបាន? តើវាមិនមែនជាករណីមួយដែលអ្នករាល់គ្នាដឹងអំពីការនេះច្បាស់ជាងអ្នកណាៗទាំងអស់ទេឬ? ដួងចិត្ត កែវភ្នែក បបូរមាត់របស់អ្នករាល់គ្នា តើវាមិនត្រូវបានពួកអារក្សអសោចធ្វើឱ្យខូចទេឬ? តើផ្នែកទាំងនេះរបស់អ្នកមិនបានស្មោកគ្រោកទេឬ? តើអ្នកគិតថា ដរាបណាអ្នកមិនបានសម្ដែងចេញ នោះអ្នកជាមនុស្សបរិសុទ្ធបំផុតឬ? តើអ្នកគិតថា ការស្លៀកពាក់យ៉ាងស្រស់ស្អាតអាចគ្របបាំងព្រលឹងដ៏ស្មោកគ្រោករបស់អ្នករាល់គ្នាបានឬ? វានឹងមិនអាចធ្វើទៅកើតឡើយ! ខ្ញុំសូមដាស់តឿនថា អ្នករាល់គ្នាគួរតែមានភាពប្រាកដប្រជាជាងនេះ៖ កុំធ្វើជាមនុស្សក្លែងបន្លំ និងក្លែងក្លាយ ហើយក៏កុំសម្ញែងខ្លួនឯងនោះដែរ។ អ្នករាល់គ្នាសម្ញែងសេចក្ដីស្រើបស្រាលរបស់អ្នកទៅកាន់គ្នា តែអ្វីដែលអ្នកនឹងទទួលបាន គឺជាទុក្ខវេទនាជារៀងរហូត និងការវាយផ្ចាលដ៏គ្មានមេត្តាវិញទេ! តើវាចាំបាច់អ្វីដែលអ្នករាល់គ្នាត្រូវញាក់ភ្នែកដាក់គ្នា ហើយអណ្ដែតអណ្ដូងនៅក្នុងអារម្មណ៍រ៉ូមែនទិច? តើនេះជាខ្នាតវាស់នៃសុចរិតភាពរបស់អ្នក ជាកម្រិតនៃភាពទៀងត្រង់របស់អ្នកឬ? ខ្ញុំស្អប់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នា ដែលពាក់ព័ន្ធនៅក្នុងការព្យាបាលបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់។ ខ្ញុំស្អប់បុរស និងស្ត្រីវ័យក្មេងនៅក្នុងចំណោមអ្នករាល់គ្នា ដែលស្រឡាញ់សាច់ឈាមរបស់ខ្លួន។ យកល្អ អ្នករាល់គ្នាគួរតែរៀនចេះទប់ចិត្តខ្លួនឯងទៅ ដោយសារតែឥឡូវនេះ អ្នករាល់គ្នាតម្រូវឱ្យមានភាពជាមនុស្សធម្មតា ហើយអ្នករាល់គ្នាមិនត្រូវបានអនុញ្ញាតឱ្យសម្ញែងសេចក្តីស្រើបស្រាលរបស់អ្នកឡើយ តែអ្នករាល់គ្នាបែរជាប្រើគ្រប់ទាំងឱកាសដែលអ្នកអាចប្រើបានទៅវិញ ដ្បិតសាច់ឈាមរបស់អ្នករាល់គ្នាគឺច្រើនពេកហើយ ហើយសេចក្តីស្រើបស្រាលរបស់អ្នកទៀតសោតក៏ធំធេងពេកដែរ!

មើលពីសម្បកក្រៅ ជីវិតនៃភាពជាមនុស្សរបស់អ្នកត្រូវបានចាត់ចែងយ៉ាងល្អ ប៉ុន្តែអ្នកគ្មានអ្វីត្រូវនិយាយឡើយ ពេលដែលគេសុំឱ្យអ្នកនិយាយអំពីចំណេះដឹងរបស់អ្នកអំពីជីវិត ហើយនៅក្នុងការនេះ អ្នកពិតជាអន់ខ្សោយខ្លាំងណាស់។ អ្នកត្រូវតែបំពាក់បំប៉នខ្លួនជាមួយសេចក្តីពិត! ជីវិតនៃភាពជាមនុស្សរបស់អ្នកបានផ្លាស់ប្ដូរកាន់តែប្រសើរ ហើយជីវិតខាងក្នុងអ្នកក៏ត្រូវតែផ្លាស់ប្រែផងដែរ។ ចូរផ្លាស់ប្ដូរគំនិតរបស់អ្នក ផ្លាស់ប្រែទស្សនៈរបស់អ្នកលើជំនឿក្នុងព្រះជាម្ចាស់ ផ្លាស់ប្ដូរចំណេះដឹង និងគំនិតនៅក្នុងអ្នក និងផ្លាស់ប្ដូរចំណេះដឹងអំពីព្រះជាម្ចាស់ដែលមាននៅក្នុងសញ្ញាណរបស់អ្នក។ តាមរយៈការត្រូវបានដោះស្រាយ តាមរយៈការបើកសម្ដែង និងការទ្រទ្រង់ បន្ដិចម្ដងៗ ចូរផ្លាស់ប្ដូរចំណេះដឹងរបស់អ្នកអំពីខ្លួនឯង អំពីជីវិតជាមនុស្ស និងអំពីជំនឿលើព្រះជាម្ចាស់ ហើយធ្វើឱ្យការយល់ដឹងរបស់អ្នកមានសមត្ថភាពក្លាយជាបរិសុទ្ធ។ ដោយបែបនេះ គំនិតនៅក្នុងមនុស្សមានការផ្លាស់ប្ដូរ របៀបដែលគាត់មើលឃើញអ្វីៗមានការផ្លាស់ប្ដូរ ហើយអាកប្បកិរិយាផ្លូវចិត្តរបស់គាត់មានការផ្លាស់ប្ដូរ។ មានតែបែបនេះទេ ទើបត្រូវបានហៅថាជាការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិត។ អ្នកមិនត្រូវបានស្នើសុំឱ្យចំណាយពេលគ្រប់ម៉ោងពេញមួយថ្ងៃ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬបោកសម្លៀកបំពាក់ និងបោសសម្អាតឡើយ។ យ៉ាងហោចណាស់ ជីវិតនៃភាពជាមនុស្សធម្មតាត្រូវតែអាចទ្រាំទ្របានដោយតាមដំណើររបស់វា។ លើសពីនេះ នៅពេលដោះស្រាយបញ្ហាខាងក្រៅ អ្នកត្រូវតែបន្តប្រើការយល់ដឹងជ្រៅជ្រះ និងការត្រិះរិះពិចារណាខ្លះៗ។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺថា អ្នកត្រូវបានបំពាក់បំប៉នជាមួយសេចក្តីពិតនៃជីវិត។ នៅពេលបំពាក់បំប៉នខ្លួនសម្រាប់ជីវិត អ្នកត្រូវតែផ្តោតទៅលើការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកត្រូវតែអាចនិយាយអំពីចំណេះដឹងអំពីព្រះជាម្ចាស់ អំពីទស្សនៈរបស់អ្នកស្ដីពីជីវិតជាមនុស្ស និងជាពិសេស អំពីចំណេះដឹងរបស់អ្នកទាក់ទងនឹងកិច្ចការដែលព្រះជាម្ចាស់បានធ្វើក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ដោយសារតែអ្នកដេញតាមជីវិត អ្នកត្រូវតែបំពាក់បំប៉នខ្លួនជាមួយការទាំងនេះ។ នៅពេលដែលអ្នកហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកត្រូវតែវាស់វែងភាពជាក់ស្ដែងនៃសភាពផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះបន្ទូលទាំងនោះ។ ពោលគឺនៅពេលដែលអ្នករកឃើញថា អ្នកមានចន្លោះប្រហោងនៅក្នុងដំណើរនៃបទពិសោធពិតរបស់អ្នក អ្នកប្រាកដជាអាចរកឃើញផ្លូវនៃការអនុវត្ត អាចបដិសេធការជំរុញចិត្ត និងសញ្ញាណដែលមិនត្រឹមត្រូវរបស់អ្នកមិនខាន។ បើអ្នកតែងតែស្វះស្វែងសម្រាប់ការទាំងនេះ ហើយដាក់ចិត្តរបស់អ្នកទៅសម្រេចការទាំងនេះ នោះអ្នកនឹងមានផ្លូវមួយដែលត្រូវដើរ អ្នកនឹងមិនមានអារម្មណ៍ទទេសូន្យ ហើយដោយធ្វើបែបនេះ អ្នកនឹងអាចថែរក្សាសភាពធម្មតាបានមិនខាន។ មានតែបែបនេះទេ ទើបអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលរែកពុនបន្ទុកមួយនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ជាបុគ្គលម្នាក់ដែលមានសេចក្តីជំនឿ។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើហេតុអ្វីបានជាមនុស្សមួយចំនួនមិនអាចយកព្រះបន្ទូលទាំងនោះទៅអនុវត្តបាន? តើនេះមិនមែនដោយសារតែពួកគេមិនអាចយល់ពីសេចក្តីដ៏សំខាន់បំផុតទេឬ? តើវាមិនមែនដោយសារតែពួកគេមិនហ្មត់ចត់នឹងជីវិតទេឬ? ហេតុផលដែលពួកគេមិនអាចយល់អំពីរឿងដ៏សំខាន់ និងគ្មានផ្លូវអនុវត្តបាននោះគឺថានៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនអាចភ្ជាប់សភាពផ្ទាល់ខ្លួនរបស់ពួកគេទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬក៏ពួកគេមិនអាចគ្រប់គ្រងសភាពរបស់គេផ្ទាល់។ អ្នកខ្លះនិយាយថា៖ «ខ្ញុំអានព្រះបន្ទូលរបស់ព្រះ ហើយភ្ជាប់សភាពខ្ញុំជាមួយព្រះបន្ទូលទាំងនោះ ហើយខ្ញុំដឹងថា ខ្ញុំមានសេចក្តីពុករលួយ និងមានគុណសម្បត្តិអន់ថយ ប៉ុន្តែខ្ញុំគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ»។ អ្នកបានឃើញតែសម្បកខាងក្រៅប៉ុណ្ណោះ ហើយមានរឿងពិតជាច្រើនដែលអ្នកមិនបានដឹង ដូចជារបៀបបោះចោលសេចក្តីសប្បាយខាងសាច់ឈាម របៀបបោះចោលការរាប់ខ្លួនជាសុចរិត របៀបផ្លាស់ប្ដូរខ្លួនឯង របៀបចូលទៅក្នុងសេចក្តីទាំងនេះ របៀបធ្វើឱ្យប្រសើរឡើងនូវគុណសម្បត្តិរបស់អ្នក និងថាតើអ្នកត្រូវចាប់ផ្ដើមចេញពីទិដ្ឋភាពណាមួយ។ អ្នកយល់តែសេចក្តីពីរបីលើផ្ទៃខាងក្រៅប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលអ្នកដឹងគឺថា អ្នកពុករលួយយ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកជួបបងប្អូនប្រុសស្រីរបស់អ្នក អ្នកនិយាយអំពីកម្រិតនៃសេចក្តីពុករលួយរបស់អ្នក ហើយបើមើលទៅវាហាក់ដូចជាអ្នកស្គាល់ខ្លួនឯង និងរែកពុនបន្ទុកដ៏ធំមួយសម្រាប់ជីវិតរបស់អ្នកអ៊ីចឹង។ តាមពិតទៅ និស្ស័យដ៏ពុករលួយរបស់អ្នកមិនបានផ្លាស់ប្ដូរទេ ដែលសបញ្ជាក់ឱ្យឃើញថា អ្នកមិនបានរកឃើញផ្លូវទៅអនុវត្តឡើយ។ បើអ្នកកំពុងដឹកនាំពួកជំនុំមួយ អ្នកត្រូវតែយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយលើកឡើងអំពីសភាពទាំងនោះ។ តើអ្នកនឹងគ្រាន់តែនិយាយថា៖ «អ្នករាល់គ្នាជាមនុស្សមិនស្ដាប់បង្គាប់ និងដើរថយក្រោយ!» បែបនេះឬ? អត់ទេ អ្នកត្រូវតែនិយាយជាក់លាក់អំពីរបៀបដែលពួកគេបានសម្ដែងចេញនូវការមិនស្ដាប់បង្គាប់ និងការដើរថយក្រោយរបស់ពួកគេ។ អ្នកត្រូវតែនិយាយអំពីសភាពមិនស្ដាប់បង្គាប់របស់ពួកគេ ឥរិយាបថមិនស្ដាប់បង្គាប់របស់ពួកគេ និងនិស្ស័យបែបសាតាំងរបស់ពួកគេ ហើយអ្នកក៏ត្រូវនិយាយអំពីការទាំងនេះនៅក្នុងរបៀបមួយដែលពួកគេអាចជឿជាក់ទាំងស្រុងលើសេចក្តីពិតនៅក្នុងពាក្យសម្ដីរបស់អ្នកដែរ។ ចូរប្រើប្រាស់ភាពពិតជាក់ស្ដែង និងឧទាហរណ៍ ដើម្បីបញ្ជាក់អំពីចំណុចរបស់អ្នក ហើយនិយាយចំៗពីរបៀបដែលពួកគេអាចរួចខ្លួនពីចំណងនៃឥរិយាបថបះបោរ ព្រមទាំងលើកឡើងពីផ្លូវទៅអនុវត្ត។ នេះហើយជារបៀបបញ្ចុះបញ្ចូលមនុស្សឱ្យជឿនោះ។ មានតែអស់អ្នកដែលធ្វើបែបនេះទេ ទើបអាចដឹកនាំអ្នកដទៃបាន ហើយមានតែបែបនេះទេ ទើបពួកគេមានតថភាពនៃសេចក្តីពិត។

ឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្តីពិតជាច្រើន តាមរយៈការប្រកបគ្នា ហើយអ្នកត្រូវតែពិនិត្យឱ្យល្អិតល្អន់លើសេចក្តីពិតទាំងនោះ។ អ្នកគួរតែអាចបូកសរុបបានថា អ្នកមានសេចក្តីពិតចំនួនប៉ុន្មានហើយ។ នៅពេលដែលអ្នកដឹង ហើយចេះវែកញែកដោយខ្លួនឯងរវាងទិដ្ឋភាពជាច្រើននៃភាពជាមនុស្សធម្មតា ដែលបុគ្គលម្នាក់គួរតែមាន ដូចជា ទិដ្ឋភាពចម្បងៗនៃការផ្លាស់ប្ដូរចំពោះនិស្ស័យជីវិតរបស់គេ ភាពស៊ីជម្រៅនៃនិមិត្ត និងមធ្យោបាយមិនត្រឹមត្រូវទាក់ទងនឹងការចេះដឹង និងការដកបទពិសោធដែលមនុស្សបានប្រើនៅទូទាំងសម័យកាល ពោលគឺមានតែបែបនេះទេ ទើបអ្នកនឹងអាចស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ។ មនុស្សខាងសាសនាថ្វាយបង្គំព្រះគម្ពីរ ហាក់ដូចព្រះគម្ពីរជាព្រះជាម្ចាស់អ៊ីចឹង។ ជាពិសេស ពួកគេចាត់ទុកកណ្ឌគម្ពីរដំណឹងល្អទាំងបួននៃព្រះគម្ពីរសញ្ញាថ្មី ដូចជាព្រះភក្ត្រទាំងបួនផ្សេងគ្នារបស់ព្រះយេស៊ូវ ហើយពួកគេនិយាយទាក់ទងនឹងព្រះត្រៃឯកអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ការទាំងអស់នេះគឺជារឿងឆ្កួតឡប់បំផុត ហើយអ្នករាល់គ្នាត្រូវតែមើលឱ្យធ្លុះអំពីចំណុចនេះ។ ជាងនេះទៀត អ្នកត្រូវតែមានចំណេះដឹងអំពីសារជាតិរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម និងកិច្ចការនៃគ្រាចុងក្រោយ។ វាក៏មានវិធីសាស្ត្រចាស់ៗនៃការអនុវត្ត ជំនឿខុសឆ្គង និងសេចក្តីងាកចេញទាក់ទងនឹងការអនុវត្ត ដូចជា ការរស់នៅក្នុងវិញ្ញាណ ការពេញដោយព្រះវិញ្ញាណបរិសុទ្ធ ការព្រមទទួលយកអ្វីៗដែលកើតឡើង ការចុះចូលនឹងសិទ្ធិអំណាច ដែលអ្នកត្រូវតែដឹងផងដែរ។ អ្នកគួរតែដឹងអំពីរបៀបដែលមនុស្សបានអនុវត្តកាលពីមុន និងរបៀបដែលមនុស្សត្រូវអនុវត្តនាពេលសព្វថ្ងៃ ទាក់ទងនឹងរបៀបដែលអ្នកដឹកនាំ និងកម្មករគួរតែសហការនៅក្នុងពួកជំនុំ របៀបបោះចោលការរាប់ខ្លួនជាសុចរិត និងការវាយឫកធំ របៀបដែលបងប្អូនប្រុសស្រីគួរតែរស់នៅជាមួយគ្នាយ៉ាងចុះសម្រុង របៀបបង្កើតឱ្យមានទំនាក់ទំនងធម្មតាជាមួយមនុស្សផ្សេងទៀត និងជាមួយព្រះជាម្ចាស់ របៀបសម្រេចបានភាពធម្មតានៅក្នុងជីវិតមនុស្ស អ្វីដែលមនុស្សគួរតែមាននៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ របៀបដែលពួកគេគួរតែហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាតើព្រះបន្ទូលណាខ្លះរបស់ព្រះជាម្ចាស់ដែលទាក់ទងនឹងចំណេះដឹង ព្រះបន្ទូលណាខ្លះទាក់ទងនឹងនិមិត្ត និងទាក់ទងនឹងផ្លូវទៅអនុវត្ត តើការទាំងអស់នេះមិនត្រូវបានថ្លែងឡើងទេឬ? ព្រះបន្ទូលទាំងនេះបើកចំហចំពោះអស់អ្នកដែលដេញតាមសេចក្តីពិត ហើយគ្មាននរណាម្នាក់ទទួលបានការអនុគ្រោះឡើយ។ នៅថ្ងៃនេះ អ្នករាល់គ្នាគួរតែអភិវឌ្ឍឱ្យមានសមត្ថភាពរស់នៅដោយឯករាជ្យ ដោយមិនពឹងលើផ្នត់គំនិតនៃការអាងលើគេឡើយ។ នាថ្ងៃអនាគត នៅពេលដែលគ្មាននរណាម្នាក់ដឹកនាំអ្នករាល់គ្នា អ្នកនឹងគិតដល់ព្រះបន្ទូលរបស់ខ្ញុំទាំងនេះមិនខាន។ នៅក្នុងគ្រានៃទុក្ខវេទនា ពេលដែលមិនអាចដឹកនាំជីវិតនៃពួកជំនុំ ពេលដែលបងប្អូនប្រុសស្រីមិនអាចជួបប្រជុំគ្នា ពេលពួកគេភាគច្រើនរស់នៅតែម្នាក់ឯង មិនអាចមានទំនាក់ទំនងជាមួយមនុស្សនៅក្នុងតំបន់របស់ពួកគេបាន ពោលគឺនៅក្នុងគ្រាទាំងនេះដែលផ្ដល់ឱ្យអ្នករាល់គ្នាមានកម្ពស់បច្ចុប្បន្ននេះហើយ ទើបអ្នកមិនអាចឈររឹងមាំបាននោះ។ នៅកណ្ដាលទុក្ខវេទនា មនុស្សជាច្រើនមានការពិបាកក្នុងការឈររឹងមាំ។ មានតែអស់អ្នកដែលស្គាល់ផ្លូវនៃជីវិត និងត្រូវបានបំពាក់បំប៉នគ្រប់គ្រាន់ជាមួយនឹងសេចក្តីពិតប៉ុណ្ណោះ ទើបអាចបន្តមានវឌ្ឍនភាព ហើយបន្ដិចម្ដងៗ ក៏អាចសម្រេចបានការបន្សុទ្ធ និងការបំផ្លាស់បំប្រែ។ ការឆ្លងកាត់ទុក្ខលំបាកមិនមែនជារឿងងាយស្រួលទេ។ បើអ្នកគិតថា អ្នកនឹងត្រូវឆ្លងកាត់ទុក្ខលំបាកទាំងនោះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខ នោះវាសបញ្ជាក់ឱ្យឃើញពីរបៀបគិតដ៏សាមញ្ញរបស់អ្នក! អ្នកគិតថា ដោយមានការយល់ដឹងច្រើនអំពីគោលលទ្ធិ នោះអ្នកនឹងអាចឈររឹងមាំ ប៉ុន្តែវាមិនបែបនេះនោះទេ! បើអ្នកមិនដឹងអំពីសេចក្តីដ៏សំខាន់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអាចយល់អំពីលក្ខណៈពិសេសដ៏សំខាន់នៃសេចក្តីពិត ហើយគ្មានផ្លូវដែលត្រូវអនុវត្តទេ នោះនៅពេលវេលាមកដល់ ហើយមានអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងការភាន់ច្រឡំមិនខាន។ អ្នកនឹងមិនអាចទប់ទល់នឹងការល្បួងរបស់សាតាំង និងទីចាប់ផ្ដើមនៃការបន្សុទ្ធបានឡើយ។ បើគ្មានសេចក្តីពិតនៅក្នុងអ្នក ហើយអ្នកខ្វះនូវនិមិត្ត នោះនៅពេលកំណត់មកដល់ អ្នកនឹងមិនអាចការពារខ្លួនឯងពីការដួលរលំបានឡើយ។ អ្នកនឹងអស់សង្ឃឹម ហើយនិយាយថា «អើ បើខ្ញុំនឹងត្រូវស្លាប់ដដែល សូមឱ្យខ្ញុំត្រូវវាយផ្ចាលដល់ទីបំផុតចុះ! មិនថាជាការវាយផ្ចាល ឬការបោះចូលទៅក្នុងបឹងភ្លើងឡើយ ខ្ញុំនឹងព្រមទទួលទាំងអស់!» ការនេះដូចជាគ្រាមួយនៅក្នុងអំឡុងពេលរបស់អ្នកស៊ីឈ្នួលអ៊ីចឹង៖ មនុស្សខ្លះបានជឿថា ពួកគេជាអ្នកស៊ីឈ្នួល ដូច្នេះទោះម្ដេចម្ដាក៏ដោយ ក៏ពួកគេលែងដេញតាមជីវិតទៀតហើយ។ ពួកគេបានជក់បារី និងផឹកស្រា បានបណ្តោយតាមសាច់ឈាមរបស់ពួកគេ ហើយធ្វើនូវអ្វីដែលពួកគេចូលចិត្ត។ អ្នកខ្លះគ្រាន់តែត្រលប់ទៅឯលោកីយ៍ ដើម្បីធ្វើការវិញ។ វាក៏មានបរិយាកាសមិនអំណោយផលផងដែរ។ នៅពេលដែលអ្នកបណ្ដែតបណ្ដោយខ្លួនឯងតែបន្ដិច បើអ្នកមិនអាចយកឈ្នះលើវាទេ នោះអ្នកនឹងបោះបង់ក្ដីសង្ឃឹមទាំងអស់មិនខាន។ បើអ្នកមិនអាចយកឈ្នះលើឥទ្ធិពលរបស់សាតាំងទេ នោះអ្នកនឹងត្រូវជាប់ជាឈ្លើយរបស់សាតាំង ហើយមុនពេលអ្នកដឹងអំពីការនេះ អ្នកត្រូវបានជាប់ខ្លួននៅក្នុងសេចក្តីអន្តរាយជាថ្មីម្ដងទៀតមិនខាន។ ដូច្នេះ នៅថ្ងៃនេះ អ្នកត្រូវតែបំពាក់បំប៉នខ្លួនជាមួយសេចក្តីពិត។ អ្នកត្រូវតែចេះរស់នៅដោយឯករាជ្យ។ ហើយនៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះ អ្នកត្រូវតែចេះស្វែងរកផ្លូវទៅអនុវត្ត។ បើគ្មានអ្នកដឹកនាំ ឬអ្នកបម្រើស្រោចស្រព និងឃ្វាលអ្នកទេ អ្នកគួរតែចេះរកផ្លូវដែលត្រូវដើរ រកមើលភាពចន្លោះប្រហោងរបស់អ្នក រកមើលសេចក្តីពិតដែលអ្នកគួរតែបំពាក់បំប៉នខ្លួនឯង ហើយអនុវត្តតាម។ តើព្រះជាម្ចាស់អាចអមដំណើរជាមួយមនុស្ស ក្រោយពេលយាងមកកាន់ផែនដីដែរឬទេ? នៅក្នុងសញ្ញាណរបស់ពួកគេ មនុស្សខ្លះជឿថា៖ «ព្រះជាម្ចាស់អើយ បើទ្រង់មិនធ្វើការលើយើងដល់កម្រិតមួយទេ នោះកិច្ចការរបស់ទ្រង់មិនអាចត្រូវបានចាត់ទុកថាចប់សព្វគ្រប់ឡើយ ដោយសារតែសាតាំងកំពុងតែចោទប្រកាន់ទ្រង់»។ ខ្ញុំសូមប្រាប់អ្នកថា នៅពេលដែលខ្ញុំបញ្ចប់ការថ្លែងព្រះបន្ទូលរបស់ខ្ញុំ នោះកិច្ចការរបស់ខ្ញុំក៏នឹងត្រូវបញ្ចប់ប្រកបដោយជោគជ័យដែរ។ នៅពេលដែលខ្ញុំគ្មានអ្វីត្រូវមានបន្ទូលតទៅទៀត នោះកិច្ចការរបស់ខ្ញុំនឹងត្រូវបញ្ចប់ហើយ។ ចុងបញ្ចប់នៃកិច្ចការរបស់ខ្ញុំនឹងក្លាយជាភស្តុតាងបញ្ជាក់អំពីបរាជ័យរបស់សាតាំង ហើយក៏អាចនិយាយបានដែរថា កិច្ចការរបស់ខ្ញុំត្រូវបានសម្រេចប្រកបដោយជោគជ័យ ដោយគ្មានការចោទប្រកាន់ណាមួយពីសាតាំងឡើយ។ ប៉ុន្តែ បើនៅតែគ្មានការផ្លាស់ប្ដូរនៅក្នុងអ្នករាល់គ្នា នៅពេលដែលកិច្ចការរបស់ខ្ញុំបានបញ្ចប់ទេ នោះមនុស្សបែបរូបអ្នកគឺនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយនឹងត្រូវផាត់ចោលមិនខាន។ ខ្ញុំនឹងមិនធ្វើកិច្ចការណាផ្សេង ក្រៅពីអ្វីដែលចាំបាច់ឡើយ។ ខ្ញុំនឹងមិនបន្តកិច្ចការរបស់ខ្ញុំនៅលើផែនដីឡើយ រហូតដល់អ្នករាល់គ្នាត្រូវបានយកឈ្នះដល់កម្រិតណាមួយ រហូតដល់អ្នករាល់គ្នាមានចំណេះដឹងច្បាស់លាស់អំពីគ្រប់ទិដ្ឋភាពនៃសេចក្តីពិត ព្រមទាំងរហូតដល់គុណសម្បត្តិរបស់អ្នកត្រូវបានធ្វើឱ្យប្រសើរឡើង ហើយអ្នកធ្វើទីបន្ទាល់ទាំងខាងក្នុង និងខាងក្រៅ។ ការនេះនឹងមិនអាចទៅរួចឡើយ! នៅថ្ងៃនេះ កិច្ចការដែលខ្ញុំធ្វើនៅក្នុងអ្នករាល់គ្នាគឺមានបំណងចង់ដឹកនាំអ្នករាល់គ្នាឱ្យចូលទៅក្នុងជីវិតនៃភាពជាមនុស្សធម្មតា។ វាគឺជាកិច្ចការនៃការនាំចូលទៅកាន់យុគសម័យមួយថ្មី ព្រមទាំងជាកិច្ចការនៃការដឹកនាំមនុស្សជាតិចូលទៅក្នុងជីវិតនៃយុគសម័យថ្មី។ មួយជំហានម្ដងៗ កិច្ចការនេះត្រូវបានអនុវត្ត និងអភិវឌ្ឍនៅក្នុងចំណោមអ្នករាល់គ្នាដោយផ្ទាល់៖ ខ្ញុំបង្រៀនអ្នករាល់គ្នាមុខទល់នឹងមុខ។ ខ្ញុំដឹកដៃអ្នក។ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមិនយល់ ប្រទានដល់អ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាខ្វះខាត។ គឺអាចនិយាយបានថា សម្រាប់អ្នករាល់គ្នា គ្រប់យ៉ាងនៃកិច្ចការនេះគឺជាការផ្គត់ផ្គង់របស់អ្នករាល់គ្នាសម្រាប់ជីវិត ការដឹកនាំអ្នករាល់គ្នាចូលទៅក្នុងជីវិតនៃភាពជាមនុស្សធម្មតា។ វាក៏មានន័យជាពិសេសថាជាការផ្គត់ផ្គង់នូវការទ្រទ្រង់សម្រាប់ជីវិតរបស់មនុស្សមួយក្រុមនេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយផងដែរ។ សម្រាប់ខ្ញុំ កិច្ចការនេះមានន័យថាជាការបញ្ចប់យុគសម័យចាស់ និងនាំចូលទៅកាន់យុគសម័យមួយថ្មី។ តែចំពោះសាតាំងវិញ ខ្ញុំបានត្រលប់ជាសាច់ឈាមយ៉ាងជាក់លាក់ ដើម្បីបង្ក្រាបវា។ កិច្ចការដែលខ្ញុំធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឥឡូវនេះ គឺជាការទ្រទ្រង់របស់អ្នករាល់គ្នាសម្រាប់ថ្ងៃនេះ និងជាសេចក្តីសង្រ្គោះទាន់ពេលវេលារបស់អ្នក ប៉ុន្តែក្នុងអំឡុងពេលពីរបីឆ្នាំដ៏ខ្លីនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាគ្រប់ទាំងសេចក្តីពិត គ្រប់ទាំងផ្លូវនៃជីវិត ហើយថែមទាំងប្រាប់ពីកិច្ចការនាថ្ងៃអនាគតទៀតផង។ ការនេះនឹងគ្រប់គ្រាន់ ដើម្បីជួយឱ្យអ្នករាល់គ្នាមានបទពិសោធពីអ្វីៗតាមធម្មតានៅពេលអនាគត។ អ្វីដែលខ្ញុំបានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នានោះសុទ្ធសឹងជាព្រះបន្ទូលរបស់ខ្ញុំតែម្ដង។ ខ្ញុំគ្មានសេចក្តីដាស់តឿនណាផ្សេងឡើយ។ នៅថ្ងៃនេះ គ្រប់ទាំងព្រះបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នក គឺជាសេចក្តីដាស់តឿនរបស់ខ្ញុំចំពោះអ្នករាល់គ្នាហើយ ដោយសារតែនៅថ្ងៃនេះ អ្នករាល់គ្នាគ្មានបទពិសោធចេញពីព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងនោះឡើយ ហើយក៏មិនយល់អំពីអត្ថន័យខាងក្នុងនៃព្រះបន្ទូលទាំងនោះដែរ។ នៅថ្ងៃនេះ បទពិសោធរបស់អ្នករាល់គ្នានឹងកើតជាផលផ្លែ ដូចដែលខ្ញុំបានថ្លែងនៅថ្ងៃនេះអ៊ីចឹង។ ព្រះបន្ទូលទាំងនេះគឺជានិមិត្តរបស់អ្នករាល់គ្នាអំពីថ្ងៃនេះ ហើយក៏ជាអ្វីដែលអ្នករាល់គ្នានឹងពឹងអាងទៅថ្ងៃអនាគតដែរ។ ព្រះបន្ទូលទាំងនោះគឺជាការទ្រទ្រង់សម្រាប់ជីវិតនៅថ្ងៃនេះ និងជាសេចក្តីដាស់តឿនសម្រាប់ពេលអនាគត ហើយគ្មានសេចក្តីដាស់តឿនណាអាចប្រសើរជាងនេះទៀតឡើយ។ នោះគឺដោយសារតែពេលវេលាដែលខ្ញុំត្រូវធ្វើការនៅលើផែនដីមានរយៈពេលមិនយូរ ដូចពេលដែលអ្នករាល់គ្នាត្រូវមានបទពិសោធពីព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែកំពុងបញ្ចប់កិច្ចការរបស់ខ្ញុំ ចំណែកឯអ្នករាល់គ្នាវិញ កំពុងតែដេញតាមជីវិត ដែលជាដំណើរការមួយតម្រូវឱ្យមានដំណើរឆ្លងកាត់ជីវិតដ៏វែងអន្លាយមួយ។ មានតែក្រោយពេលមានបទពិសោធរឿងរ៉ាវជាច្រើនទេ ទើបអ្នកនឹងអាចទទួលបានទាំងស្រុងនូវផ្លូវនៃជីវិត។ មានតែបែបនេះទេ ទើបអ្នកនឹងអាចមើលធ្លុះទៅកាន់អត្ថន័យខាងក្នុងនៃព្រះបន្ទូលដែលខ្ញុំថ្លែងនៅថ្ងៃនេះ។ នៅពេលដែលអ្នកមានព្រះបន្ទូលរបស់ខ្ញុំនៅក្នុងដៃរបស់អ្នករាល់គ្នា នៅពេលដែលម្នាក់ៗបានទទួលគ្រប់ទាំងបញ្ជាបេសកកម្មរបស់ខ្ញុំ ពេលដែលខ្ញុំបានដាក់បញ្ជាបេសកកម្មឱ្យអ្នកជាមួយអ្វីគ្រប់យ៉ាងដែលខ្ញុំគួរតែប្រគល់ និងនៅពេលដែលកិច្ចការនៃព្រះបន្ទូលបានមកដល់ទីបញ្ចប់ មិនថាវាសម្រេចបានឥទ្ធិពលធំធេងកម្រិតណាឡើយ នោះការអនុវត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបានសម្រេចផងដែរ។ វាមិនដូចអ្វីដែលអ្នកស្រមៃថា អ្នកត្រូវបានផ្លាស់ប្រែទៅកាន់កម្រិតជាក់លាក់មួយឡើយ ហើយព្រះជាម្ចាស់មិនធ្វើតាមសញ្ញាណរបស់អ្នកទេ។

មនុស្សមិនសម្រេចបានការលូតលាស់នៅក្នុងជីវិតរបស់ពួកគេក្នុងពេលត្រឹមតែពីរបីថ្ងៃទេ។ ទោះបីជាពួកគេហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់ដែរ។ ពួកគេត្រូវតែដកបទពិសោធនូវអំឡុងពេលនៃការលូតលាស់មួយនៅក្នុងជីវិតរបស់ពួកគេ។ នេះជាដំណើរការដ៏ចាំបាច់មួយ។ ទាក់ទងនឹងគុណសម្បត្តិរបស់មនុស្សនាពេលសព្វថ្ងៃវិញ តើពួកគេអាចសម្រេចបានអ្វីខ្លះទៅ? ព្រះជាម្ចាស់ធ្វើការស្របតាមតម្រូវការរបស់មនុស្ស ដោយធ្វើការទាមទារដ៏សមស្របផ្អែកលើគុណសម្បត្តិពីកំណើតរបស់ពួកគេ។ ឧបមាថា កិច្ចការរបស់ពួកគេត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សមួយក្រុមដែលមានគុណសម្បត្តិខ្ពស់៖ ព្រះបន្ទូលដែលថ្លែងទៅនឹងត្រូវខ្ពង់ខ្ពស់ជាងព្រះបន្ទូលដែលត្រូវថ្លែងទៅកាន់អ្នករាល់គ្នា ហើយនិមិត្ត និងសេចក្តីពិតក៏នឹងខ្ពង់ខ្ពស់ជាងផងដែរ។ ព្រះបន្ទូលខ្លះនឹងត្រូវមានកម្រិតធ្ងន់ធ្ងរជាង មានសមត្ថភាពក្នុងការផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្សជាង ព្រមទាំងមានសមត្ថភាពក្នុងការបើកសម្ដែងអំពីសេចក្តីអាថ៌កំបាំងជាង។ នៅពេលដែលមានបន្ទូលក្នុងចំណោមមនុស្សបែបនេះ ព្រះជាម្ចាស់នឹងប្រទានស្របតាមតម្រូវការរបស់ពួកគេ។ ការទាមទារដែលអ្នករាល់គ្នាបានធ្វើនៅថ្ងៃនេះ អាចត្រូវបានហៅថាជាការប្រិតប្រៀនបំផុត។ បើកិច្ចការនេះត្រូវបានអនុវត្តលើមនុស្សដែលមានគុណសម្បតិ្តខ្ពស់ជាង នោះការទាមទារក៏នឹងនៅតែធំជាងដដែល។ គ្រប់ទាំងកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើស្របតាមគុណសម្បត្តិពីកំណើតរបស់មនុស្ស។ វិសាលភាពដែលមនុស្សត្រូវបានផ្លាស់ប្រែ និងយកឈ្នះនៅថ្ងៃនេះគឺជាវិសាលភាពដ៏ខ្ពស់បំផុតតាមតែអាចធ្វើទៅបាន។ ចូរកុំប្រើប្រាស់សញ្ញាណរបស់អ្នកផ្ទាល់ ដើម្បីវាស់វែងពីកម្រិតប្រសិទ្ធភាពដែលដំណាក់កាលនៃកិច្ចការនេះមានឡើយ។ អ្នករាល់គ្នាគួរតែមានភាពច្បាស់លាស់អំពីអ្វីដែលអ្នករាល់គ្នាមានពីកំណើត ហើយមិនគួរគិតខ្ពស់ពេកអំពីខ្លួនឯងឡើយ។ ពីដើមឡើយ គ្មានអ្នករាល់គ្នាណាម្នាក់បានដេញតាមជីវិតឡើយ ប៉ុន្តែអ្នករាល់គ្នាគឺជាអ្នកសុំទាន ដែលពនេចរតាមដងផ្លូវប៉ុណ្ណោះ។ ដើម្បីឱ្យព្រះជាម្ចាស់ធ្វើការលើអ្នករាល់គ្នាឡើងដល់កម្រិតមួយដែលអ្នកស្រមៃ ដោយឱ្យអ្នកទាំងអស់គ្នាក្រាបចុះនៅលើដី ទាំងជឿជាក់ទាំងស្រុង ដូចជាអ្នកបានឃើញនូវនិមិត្តដ៏ធំមួយ នោះវានឹងមិនអាចទៅរួចឡើយ! វាមិនអាចទៅរួច ដោយសារតែបុគ្គលដែលមិនទាន់បានឃើញការអស្ចារ្យរបស់ព្រះជាម្ចាស់ មិនអាចជឿជាក់ទាំងស្រុងទៅលើសេចក្តីគ្រប់យ៉ាងដែលខ្ញុំថ្លែងឡើយ។ ទោះបីអ្នករាល់គ្នាត្រូវពិនិត្យមើលព្រះបន្ទូលរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏អ្នកនៅតែមិនជឿទាំងស្រុងលើព្រះបន្ទូលទាំងនោះដែរ។ នេះគឺជាធម្មជាតិរបស់មនុស្ស។ អស់អ្នកដែលដេញតាមសេចក្តីពិតនឹងទទួលបានការផ្លាស់ប្ដូរមួយចំនួន ខណៈពេលអ្នកដែលមិនដេញតាមសេចក្តីពិត សេចក្តីជំនឿរបស់គេដែលធ្លាប់តែមានពីមុន នឹងត្រូវចុះអន់ថយទៅ ហើយថែមទាំងអាចរលាយបាត់ទៅទៀតផង។ ការលំបាកដ៏ធំបំផុតជាមួយអ្នករាល់គ្នាគឺថា អ្នកមិនអាចជឿទាំងស្រុង ដោយមិនបានឃើញការសម្រេចតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកមិនត្រូវបានផ្សះផ្សា ដោយមិនបានឃើញការអស្ចារ្យរបស់ទ្រង់នោះឡើយ។ ដោយមិនបានឃើញការទាំងនេះ តើនរណាអាចមានភក្ដីភាពទាំងស្រុងចំពោះព្រះជាម្ចាស់ទៅ? ដូចនេះ ខ្ញុំអាចនិយាយបានថា អ្វីដែលអ្នករាល់គ្នាជឿនោះមិនមែនជាព្រះជាម្ចាស់ទេ តែជាការអស្ចារ្យវិញ។ ឥឡូវ ខ្ញុំបានមានបន្ទូលច្បាស់ៗរួចហើយអំពីទិដ្ឋភាពផ្សេងៗនៃសេចក្តីពិត។ ទិដ្ឋភាពនីមួយៗមានភាពពេញលេញ ហើយក៏មានទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះបន្ទូលទាំងអស់នោះផងដែរ។ អ្នករាល់គ្នាបានឃើញព្រះបន្ទូលទាំងនោះហើយ ហើយឥឡូវនេះ អ្នកត្រូវតែយកព្រះបន្ទូលទាំងនោះទៅអនុវត្ត។ នៅថ្ងៃនេះ ខ្ញុំបង្ហាញផ្លូវមួយដល់អ្នក ហើយនៅថ្ងៃអនាគត អ្នកគួរតែយកផ្លូវនោះទៅអនុវត្តដោយខ្លួនឯង។ ព្រះបន្ទូលដែលខ្ញុំថ្លែងឥឡូវនេះ ធ្វើការទាមទារពីមនុស្ស ដោយផ្អែកលើកាលៈទេសៈជាក់ស្ដែងរបស់ពួកគេ ហើយខ្ញុំធ្វើការស្របតាមតម្រូវការរបស់ពួកគេ និងអ្វីៗដែលមាននៅខាងក្នុងពួកគេ។ ព្រះដ៏ជាក់ស្ដែងបានយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការជាក់ស្ដែង ធ្វើការស្របតាមកាលៈទេសៈ និងតម្រូវការជាក់ស្ដែងរបស់មនុស្ស។ ព្រះអង្គមិនមែនជាព្រះដែលគ្មានហេតុផលទេ។ នៅពេលដែលព្រះជាម្ចាស់ធ្វើការ ទ្រង់មិនបង្ខំមនុស្សឡើយ។ ឧទាហរណ៍ថាតើអ្នកគួរតែរៀបការឬអត់ នោះគួរតែផ្អែកលើភាពជាក់ស្ដែងនៃកាលៈទេសៈរបស់អ្នក។ សេចក្តីពិតត្រូវបានថ្លែងយ៉ាងច្បាស់ទៅកាន់អ្នក ហើយខ្ញុំមិនដាក់កម្រិតលើអ្នកឡើយ។ ក្រុមគ្រួសារមួយចំនួនដាក់គំនាបពួកគេថា បើពួកគេមិនទាន់រៀបការទេ នោះពួកគេមិនអាចជឿលើព្រះជាម្ចាស់បានឡើយ។ នៅក្នុងករណីនេះ អាពាហ៍ពិពាហ៍ប្រែក្លាយជារឿងមានប្រយោជន៍សម្រាប់ពួកគេ។ សម្រាប់អ្នកផ្សេងទៀត អាពាហ៍ពិពាហ៍មិននាំមកនូវអត្ថប្រយោជន៍ទេ តែបែរជាធ្វើឱ្យពួកគេបង់ខាតនូវអ្វីដែលពួកគេធ្លាប់មានទៅវិញ។ ករណីរបស់អ្នកផ្ទាល់ត្រូវបានកំណត់ដោយកាលៈទេសៈជាក់ស្ដែងរបស់អ្នក និងដោយការតាំងចិត្តរបស់អ្នកផ្ទាល់។ ខ្ញុំមិននៅទីនេះ ដើម្បីបង្កើតច្បាប់វិន័យ និងបទបញ្ជាដែលទាមទារពីអ្នករាល់គ្នាឡើយ។ មនុស្សជាច្រើនតែងតែស្រែកឡើងថា «ព្រះជាម្ចាស់គឺជាព្រះដ៏ជាក់ស្ដែង។ កិច្ចការរបស់ទ្រង់ឈរលើតថភាព និងភាពជាក់ស្ដែងនៃកាលៈទេសៈរបស់យើង» ប៉ុន្តែតើអ្នកដឹងអំពីអ្វីដែលធ្វើឱ្យកិច្ចការរបស់ទ្រង់ក្លាយជាការពិតដែរឬទេ? ចំពោះពាក្យសម្ដីឥតន័យរបស់អ្នកល្មមគ្រប់គ្រាន់ហើយ! កិច្ចការរបស់ព្រះជាម្ចាស់គឺជាការពិត និងផ្អែកលើតថភាពជាក់ស្ដែង។ វាគ្មានគោលលទ្ធិឡើយ តែមានសេរីភាពទាំងស្រុង ពេញដោយការបើកចំហ និងគ្មានការលាក់លៀមទេ។ តើអ្វីទៅជាសេចក្ដីលម្អិតជាក់លាក់ទាក់ទងនឹងគោលការណ៍ពីរបីនេះទៅ? តើអ្នកអាចនិយាយបានថា កិច្ចការរបស់ព្រះជាម្ចាស់ពាក់ព័ន្ធនឹងផ្នែកណាខ្លះទៅ? អ្នកត្រូវតែនិយាយឱ្យបានល្អិតល្អន់ អ្នកត្រូវតែដកបទពិសោធពីទីបន្ទាល់ជាច្រើនប្រភេទ ហើយអ្នកត្រូវតែដឹងច្បាស់អំពីលក្ខណៈពិសេសនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ពោលគឺអ្នកត្រូវតែដឹងអំពីវា ហើយមានតែបែបនេះទេ ទើបអ្នកនឹងមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីនិយាយអំពីព្រះបន្ទូលទាំងនេះ។ តើអ្នកអាចឆ្លើយបានដែរឬទេ បើមាននរណាម្នាក់បានសួរអ្នកថា៖ «តើកិច្ចការអ្វីខ្លះដែលព្រះយកកំណើតជាមនុស្សបានធ្វើនៅលើផែនដី ក្នុងអំឡុងនៃគ្រាចុងក្រោយ? ហេតុអ្វីបានជាអ្នករាល់គ្នាហៅទ្រង់ថាជាព្រះដ៏ជាក់ស្ដែង? តើពាក្យ 'ជាក់ស្ដែង' នេះមានន័យដូចម្ដេចទៅ? តើអ្នកអាចនិយាយអំពីកិច្ចការជាក់ស្ដែងរបស់ទ្រង់ អំពីកិច្ចការជាក់លាក់ដែលរាប់បញ្ចូលនៅក្នុងកិច្ចការនេះដែរឬទេ? ព្រះយេស៊ូវគឺជាព្រះដែលត្រលប់ជាសាច់ឈាម ហើយព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ជាព្រះដែលត្រលប់ជាសាច់ឈាមផងដែរ ដូច្នេះ តើអ្វីទៅជាភាពខុសគ្នារវាងពួកទ្រង់? តើមានភាពដូចគ្នាអ្វីខ្លះទៅ? តើពួកទ្រង់មួយអង្គៗបានធ្វើកិច្ចការអ្វីខ្លះហើយ?» ការទាំងអស់នេះជាប់ទាក់ទងនឹងការធ្វើបន្ទាល់! ចូរកុំមានការភាន់ច្រឡំអំពីការទាំងនេះឡើយ។ អ្នកផ្សេងទៀតនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់នាពេលថ្ងៃនេះគឺជាការពិត។ វាមិនមែនជាការបង្ហាញអំពីការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ឡើយ»។ តើទ្រង់ពិតជាមិនធ្វើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ឬ? តើអ្នកប្រាកដហើយឬ? តើអ្នកដឹងដែរឬទេថា កិច្ចការរបស់ខ្ញុំជាអ្វីឱ្យប្រាកដទៅ? មនុស្សម្នាក់អាចនិយាយថា ទ្រង់មិនធ្វើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ទេ ចុះកិច្ចការដែលទ្រង់ធ្វើ និងព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនមែនសុទ្ធតែជាការអស្ចារ្យទេឬ? មនុស្សម្នាក់អាចនិយាយថា ទ្រង់មិនធ្វើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ទេ ប៉ុន្តែការនេះអាស្រ័យលើរបៀបដែលគេពន្យល់ និងបុគ្គលដែលវាសំដៅទៅទេ។ ដោយមិនបានទៅពួកជំនុំ ព្រះអង្គបានលាតត្រដាងអំពីសភាពរបស់មនុស្ស ហើយដោយមិនបានបំពេញកិច្ចការណាមួយ ក្រៅពីការមានបន្ទូល ព្រះអង្គបានជំរុញចិត្តរបស់មនុស្ស។ តើទាំងនេះមិនមែនជាការអស្ចារ្យទេឬ? ជាមួយព្រះបន្ទូលតែម្យ៉ាង ទ្រង់បានយកឈ្នះមនុស្ស ហើយមនុស្សដើរតាមយ៉ាងរីករាយ ដោយគ្មានការរំពឹង ឬក្ដីសង្ឃឹម។ តើការនេះមិនមែនជាការអស្ចារ្យដែរទេឬអី? នៅពេលដែលទ្រង់មានបន្ទូល ព្រះបន្ទូលរបស់ទ្រង់ប៉ះពាល់អារម្មណ៍របស់មនុស្ស។ បើពួកគេមិនមានអំណរទេ មានតែពួកគេមានអារម្មណ៍ស្រងេះស្រងោច។ បើពួកគេមិនទទួលការបន្សុទ្ធទេ មានតែពួកគេត្រូវទទួលការវាយផ្ចាល។ ជាមួយនឹងព្រះបន្ទូលដ៏មុតស្រួចពីរបីម៉ាត់ ព្រះអង្គនាំមកនូវការវាយផ្ចាលទៅលើមនុស្ស តើនេះមិនមែនជាអធិធម្មជាតិទេឬ? តើមនុស្សអាចធ្វើកិច្ចការបែបនេះបានឬទេ? អ្នកបានអានព្រះគម្ពីរជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកមិនបានយល់ទេ ហើយក៏មិនទទួលបាននូវការយល់ដឹងជ្រៅជ្រះសោះដែរ។ អ្នកគ្មានសមត្ថភាពញែកខ្លួនចេញពីជំនឿដែលចាស់គំរឹលបែបប្រពៃណីឡើយ។ អ្នកគ្មានផ្លូវយល់អំពីព្រះគម្ពីរទេ។ តែទ្រង់អាចយល់ទាំងស្រុងអំពីព្រះគម្ពីរ តើនេះមិនមែនជាអធិធម្មជាតិទេឬ? បើគ្មានអ្វីមួយអធិធម្មជាតិអំពីព្រះជាម្ចាស់ នៅពេលដែលទ្រង់បានយាងមកកាន់ផែនដីទេ តើព្រះអង្គអាចយកឈ្នះអ្នករាល់គ្នាដែរឬទេ? បើគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះនៅក្នុងចំណោមអ្នករាល់គ្នាទេ តើនរណានឹងជឿជាក់ទៅ? នៅក្នុងភ្នែករបស់អ្នក បើមើលទៅ ទ្រង់ហាក់ដូចជាមនុស្សធម្មតាម្នាក់ដែលកំពុងតែធ្វើការ និងរស់នៅជាមួយអ្នករាល់គ្នា។ នៅផ្ទៃខាងក្រៅ ទ្រង់មើលទៅដូចជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។ អ្វីដែលអ្នកមើលឃើញគឺជាភាពខាងក្រៅនៃភាពជាមនុស្សធម្មតា ប៉ុន្តែតាមពិតទៅ គឺជាភាពជាព្រះទៅវិញទេដែលកំពុងធ្វើការនោះ។ មិនមែនជាភាពជាមនុស្សធម្មតាទេ ប៉ុន្តែជាភាពជាព្រះវិញ។ នោះគឺជាព្រះជាម្ចាស់ផ្ទាល់ដែលកំពុងតែធ្វើការ ជាកិច្ចការដែលទ្រង់ធ្វើ ដោយប្រើប្រាស់ភាពជាមនុស្សធម្មតា។ ដូច្នេះ កិច្ចការរបស់ទ្រង់គឺមានទាំងធម្មតាផង និងទាំងអធិធម្មជាតិផង។ កិច្ចការដែលទ្រង់ធ្វើ មិនអាចត្រូវបានធ្វើដោយមនុស្សទេ។ ហើយដោយសារតែកិច្ចការនេះមិនអាចត្រូវបានធ្វើដោយមនុស្សធម្មតា ដូច្នេះ វាត្រូវបានធ្វើដោយបុគ្គលដ៏អស្ចារ្យម្នាក់។ តែនេះគឺជាភាពជាព្រះដែលអស្ចារ្យ មិនមែនជាភាពជាមនុស្សទេ។ ភាពជាព្រះខុសប្លែកពីភាពជាមនុស្ស។ បុគ្គលម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ចេញពីភាពជាមនុស្សសាមញ្ញ និងធម្មតាផងដែរ ប៉ុន្តែពួកគេគ្មានសមត្ថភាពធ្វើកិច្ចការនេះទេ។ នេះហើយជាភាពខុសគ្នានោះ។ អ្នកអាចនិយាយថា៖ «ព្រះជាម្ចាស់មិនមែនជាព្រះអធិធម្មជាតិទេ។ ទ្រង់មិនធ្វើកិច្ចការអធិធម្មជាតិឡើយ។ ព្រះជាម្ចាស់របស់យើងមានបន្ទូលដែលពិត និងជាក់ស្ដែង។ ទ្រង់យាងមកឯពួកជំនុំ ដើម្បីធ្វើកិច្ចការពិតប្រាកដ និងជាក់ស្ដែង។ រាល់ថ្ងៃ ទ្រង់មានបន្ទូលមកយើងមុខទល់នឹងមុខ ហើយទ្រង់ក៏លើកឡើងពីសភាពរបស់យើងមុខទល់នឹងមុខដែរ ដ្បិតព្រះជាម្ចាស់របស់យើងគឺជាព្រះដ៏ជាក់ស្ដែង! ទ្រង់មានព្រះជន្មគង់នៅជាមួយយើង ហើយអ្វីៗគ្រប់យ៉ាងអំពីទ្រង់គឺសាមញ្ញតែម្ដង។ គ្មានអ្វីមួយនៅក្នុងការលេចមករបស់ទ្រង់ចាត់ថ្នាក់ព្រះអង្គជាព្រះជាម្ចាស់ទេ។ ពេលខ្លះ ទ្រង់ថែមទាំងក្រោធ ហើយយើងមើលឃើញពីឫទ្ធានុភាពនៃសេចក្តីក្រោធរបស់ទ្រង់ ហើយពេលខ្លះទៀត ព្រះអង្គញញឹម នោះយើងឃើញពីទឹកព្រះភក្ត្រញញឹមរបស់ទ្រង់។ ព្រះអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលមានរូបរាង និងទ្រង់ទ្រាយ ដែលត្រូវបានបង្កើតចេញពីសាច់ និងឈាមដែលពិត និងជាក់ស្ដែង»។ នៅពេលដែលអ្នកធ្វើបន្ទាល់តាមបែបនេះ នោះវាជាទីបន្ទាល់មួយដែលគ្មានភាពពេញលេញឡើយ។ តើវានឹងជួយអ្វីខ្លះដល់អ្នកដទៃទៅ? បើអ្នកមិនអាចធ្វើបន្ទាល់អំពីសាច់រឿងខាងក្នុង និងសារជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ទេ នោះ «ទីបន្ទាល់» របស់អ្នកគឺមិនស័ក្ដិសមនឹងនាមឡើយ!

ការធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់គឺគ្រាន់តែជាការនិយាយអំពីចំណេះដឹងរបស់អ្នកទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ អំពីរបៀបដែលព្រះជាម្ចាស់យកឈ្នះមនុស្ស អំពីរបៀបដែលទ្រង់សង្រ្គោះមនុស្ស អំពីរបៀបដែលទ្រង់បំផ្លាស់បំប្រែមនុស្សប៉ុណ្ណោះ។ វាជាការនិយាយអំពីរបៀបដែលទ្រង់ដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិត ដោយអនុញ្ញាតព្រះអង្គយកឈ្នះ ប្រោសឱ្យគ្រប់លក្ខណ៍ និងសង្រ្គោះពួកគេ។ ការធ្វើទីបន្ទាល់មានន័យថាជាការនិយាយអំពីកិច្ចការរបស់ទ្រង់ និងអំពីគ្រប់យ៉ាងដែលអ្នកបានមានបទពិសោធ។ មានតែកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបអាចតំណាងឱ្យទ្រង់ ហើយមានតែកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបអាចបើកសម្ដែងទ្រង់ជាសាធារណៈនៅក្នុងភាពទាំងស្រុងរបស់ទ្រង់បាន។ កិច្ចការរបស់ទ្រង់ធ្វើបន្ទាល់អំពីទ្រង់។ កិច្ចការ និងព្រះសូរសៀងរបស់ទ្រង់តំណាងដោយផ្ទាល់អំពីព្រះវិញ្ញាណ។ កិច្ចការដែលទ្រង់ធ្វើត្រូវបានអនុវត្តដោយព្រះវិញ្ញាណ ហើយព្រះបន្ទូលដែលទ្រង់ថ្លែងត្រូវបានថ្លែងឡើងដោយព្រះវិញ្ញាណ។ ការទាំងនេះត្រូវបានសម្ដែងចេញ តាមរយៈព្រះដែលយកកំណើតជាសាច់ឈាមប៉ុណ្ណោះ តែនៅក្នុងភាពជាក់ស្ដែង ការទាំងនេះគឺជាការសម្ដែងចេញនៃព្រះវិញ្ញាណ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ និងគ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែង សុទ្ធតែតំណាងឱ្យសារជាតិរបស់ទ្រង់។ បន្ទាប់ពីព្រះអង្គដណ្ដប់អង្គទ្រង់នៅក្នុងសាច់ឈាម និងយាងមកនៅក្នុងចំណោមមនុស្ស បើព្រះជាម្ចាស់មិនមានបន្ទូល ឬធ្វើការ ហើយក្រោយមកសុំឱ្យអ្នករាល់គ្នាដឹងអំពីភាពពិតរបស់ទ្រង់ ភាពសាមញ្ញរបស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់ទេ តើអ្នកអាចនឹងដឹងបានដែរឬទេ? តើអ្នកអាចនឹងដឹងដែរឬទេថាអ្វីទៅជាសារជាតិនៃព្រះវិញ្ញាណ? តើអ្នកអាចនឹងដឹងដែរឬទេថាអ្វីខ្លះទៅជាចរិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់? គឺដោយសារតែអ្នករាល់គ្នាបានមានបទពិសោធនូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់រួចហើយ ទើបទ្រង់សុំឱ្យអ្នករាល់គ្នាធ្វើទីបន្ទាល់អំពីទ្រង់នោះ។ បើអ្នករាល់គ្នាគ្មានបទពិសោធបែបនេះទេ នោះទ្រង់ក៏នឹងមិនទទូចឱ្យអ្នករាល់គ្នាធ្វើទីបន្ទាល់ដែរ។ ដូច្នេះ នៅពេលដែលអ្នកធ្វើបន្ទាល់អំពីព្រះជាម្ចាស់ អ្នកមិនគ្រាន់តែធ្វើបន្ទាល់អំពីភាពខាងក្រៅនៃភាពជាមនុស្សធម្មតារបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើ និងផ្លូវដែលទ្រង់ដឹកនាំផងដែរ។ អ្នកត្រូវតែធ្វើបន្ទាល់អំពីរបៀបដែលព្រះអង្គបានយកឈ្នះអ្នក និងអំពីទិដ្ឋភាពដែលព្រះអង្គបានប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។ នេះគឺជាប្រភេទនៃទីបន្ទាល់ដែលអ្នកគួរតែធ្វើ។ នៅគ្រប់ទីកន្លែងដែលអ្នកទៅ បើអ្នកស្រែកឡើងថា៖ «ព្រះជាម្ចាស់របស់យើងបានយាងមក ដើម្បីធ្វើការ ហើយកិច្ចការរបស់ទ្រង់គឺជាក់ស្ដែងយ៉ាងពិតប្រាកដ! ព្រះអង្គបានទទួលយកយើង ដោយគ្មានកិច្ចការអធិធម្មជាតិ ដោយគ្មានការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍នោះទេ!» អ្នកផ្សេងទៀតនឹងសួរថា៖ «តើអ្នកចង់មានន័យដូចម្ដេចទៅ នៅពេលដែលអ្នកនិយាយថា ព្រះអង្កមិនបានធ្វើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍នោះ? តើព្រះអង្កអាចយកឈ្នះអ្នកដោយរបៀបណាទៅ បើគ្មានការធ្វើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍នោះ?» ហើយអ្នកនិយាយថា៖ «ព្រះអង្គមានបន្ទូល ហើយដោយគ្មានបង្ហាញអំពីឫទ្ធិបាដិហារិយ៍ ឬការអស្ចារ្យណាមួយ ទ្រង់បានយកឈ្នះយើង។ កិច្ចការរបស់ទ្រង់បានយកឈ្នះយើង»។ នៅទីបំផុត បើអ្នកមិនអាចនិយាយអ្វីមួយអំពីសារជាតិ បើអ្នកមិនអាចនិយាយអំពីភាពជាក់លាក់ទេ តើនេះជាការធ្វើបន្ទាល់ដ៏ពិតដែរឬទេ? នៅពេលព្រះដែលយកកំណើតជាមនុស្សយកឈ្នះមនុស្ស នោះគឺជាព្រះបន្ទូលរបស់ទ្រង់ដែលជាអ្នកយកឈ្នះ។ ភាពជាមនុស្សមិនអាចសម្រេចការនេះបានទេ។ នេះមិនមែនជាអ្វីមួយដែលមនុស្សអាចសម្រេចបានទេ ហើយសូម្បីតែអស់អ្នកដែលមានគុណសម្បត្តិដ៏ខ្ពស់បំផុតនៅក្នុងចំណោមមនុស្សធម្មតា ក៏គ្មានសមត្ថភាពសម្រេចការនេះដែរ ដ្បិតភាពជាព្រះរបស់ទ្រង់គឺខ្ពស់ជាងភាវៈដែលត្រូវបង្កើតមក។ នេះគឺជាការអស្ចារ្យចំពោះមនុស្ស។ ជារួមមក ព្រះអាទិករមានឋានៈខ្ពស់ជាងភាវៈដែលត្រូវបានបង្កើតមក។ ភាវៈដែលត្រូវបង្កើតមកមិនអាចមានឋានៈខ្ពស់ជាងព្រះអាទិករទេ។ បើអ្នកមានឋានៈខ្ពស់ជាងទ្រង់ នោះព្រះអង្គនឹងមិនអាចយកឈ្នះអ្នកបានឡើយ ហើយទ្រង់អាចយកឈ្នះអ្នកបាន ដោយសារតែព្រះអង្គមានឋានៈខ្ពស់ជាងអ្នកប៉ុណ្ណោះ។ ព្រះអង្គដែលអាចយកឈ្នះមនុស្សជាតិទាំងអស់គឺជាព្រះអាទិករ ហើយក្រៅពីទ្រង់ គ្មាននរណាអាចធ្វើកិច្ចការនេះបានឡើយ។ ព្រះបន្ទូលទាំងនេះគឺជា «ទីបន្ទាល់» ពោលគឺជាប្រភេទនៃទីបន្ទាល់ដែលអ្នកគួរតែធ្វើ។ មួយជំហានម្ដងៗ អ្នកបានមានបទពិសោធនូវការវាយផ្ចាល ការជំនុំជម្រះ ការបន្សុទ្ធ ការល្បងល ឧបសគ្គ និងទុក្ខលំបាក ហើយអ្នកក៏ត្រូវបានយកឈ្នះដែរ។ អ្នកបានបោះចោលការរំពឹងទុកខាងសាច់ឈាម ការជំរុញចិត្តផ្ទាល់ខ្លួនរបស់អ្នក និងចំណាប់អារម្មណ៍ជិតស្និទ្ធខាងសាច់ឈាម។ ម្យ៉ាងទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយកឈ្នះដួងចិត្តរបស់អ្នកទាំងស្រុង។ ទោះបីអ្នកមិនបានលូតលាស់នៅក្នុងជីវិតអ្នកបានច្រើនដូចអ្វីដែលទ្រង់ទាមទារក៏ដោយ ក៏អ្នកដឹងអំពីគ្រប់ទាំងសេចក្តីទាំងនេះ ហើយអ្នកបានជឿជាក់ទាំងស្រុងចំពោះអ្វីដែលទ្រង់ធ្វើដែរ។ ដូច្នេះ ការនេះអាចត្រូវបានហៅថាជាទីបន្ទាល់មួយដ៏ជាក់ស្ដែង និងពិត។ កិច្ចការដែលព្រះជាម្ចាស់បានយាងមកធ្វើ កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល គឺជាការយកឈ្នះមនុស្ស ប៉ុន្តែទ្រង់ក៏កំពុងតែបូកសរុបកិច្ចការរបស់ទ្រង់ កំពុងបញ្ចប់យុគសម័យ និងអនុវត្តកិច្ចការនៃការបូកសរុបផងដែរ។ ព្រះអង្គកំពុងតែបិទបញ្ចប់យុគសម័យទាំងមូល ដោយសង្រ្គោះមនុស្សជាតិទាំងអស់ ដោយរំដោះមនុស្សជាតិពីបាបតែម្ដងជាសូរេច។ ព្រះអង្គកំពុងទទួលបានមនុស្សជាតិដែលទ្រង់បានបង្កើតមកបានទាំងស្រុង។ អ្នកគួរតែធ្វើបន្ទាល់អំពីការទាំងអស់នេះ។ អ្នកបានមានបទពិសោធជាច្រើនរួចមកហើយអំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកបានឃើញកិច្ចការរបស់ទ្រង់ផ្ទាល់នឹងភ្នែក ហើយក៏បានមានបទពិសោធដោយផ្ទាល់ផងដែរ។ នៅពេលដែលអ្នកបានចូលមកដល់ទីបញ្ចប់ អ្នកមិនត្រូវមិនអាចបំពេញមុខងារដែលជាភារៈរបស់អ្នកឡើយ។ នោះគឺជារឿងដ៏គួរឱ្យអាណិតណាស់! ទៅថ្ងៃអនាគត នៅពេលដែលដំណឹងល្អត្រូវបានផ្សព្វផ្សាយ អ្នកគួរតែអាចនិយាយចេញពីចំណេះដឹងរបស់អ្នកផ្ទាល់ ធ្វើបន្ទាល់អំពីគ្រប់យ៉ាងដែលអ្នកបានទទួលនៅក្នុងដួងចិត្តរបស់អ្នក ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីឈានទៅសម្រេចវា។ នេះគឺជាអ្វីដែលភាវៈត្រូវបង្កើតមកគួរតែមាន។ តើអ្វីទៅជាភាពសំខាន់ដ៏ពិតទាក់ទងនឹងដំណាក់កាលនៃកិច្ចការនេះរបស់ព្រះជាម្ចាស់? តើអ្វីទៅជាឥទ្ធិពលរបស់វា? តើមានចំនួនប៉ុន្មានហើយដែលត្រូវបានអនុវត្តនៅក្នុងមនុស្ស? តើមនុស្សគួរតែធ្វើអ្វីខ្លះ? នៅពេលដែលអ្នករាល់គ្នាអាចនិយាយច្បាស់ៗអំពីគ្រប់ទាំងកិច្ចការដែលព្រះយកកំណើតជាមនុស្សបានធ្វើ ចាប់តាំងពីយាងមកកាន់ផែនដី នោះទីបន្ទាល់របស់អ្នកនឹងមានភាពពេញលេញមិនខាន។ នៅពេលដែលអ្នកអាចនិយាយច្បាស់ៗអំពីចំណុចទាំងប្រាំនេះ រួមមាន ភាពសំខាន់នៃកិច្ចការរបស់ទ្រង់ ខ្លឹមសាររបស់វា សារជាតិរបស់វា និស្ស័យដែលវាតំណាងឱ្យ ព្រមទាំងគោលការណ៍របស់វា នោះវានឹងសបញ្ជាក់ឱ្យឃើញថា អ្នកមានសមត្ថភាពធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ថាអ្នកមានចំណេះដឹងយ៉ាងពិតប្រាកដមែន។ សេចក្តីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាមិនខ្ពស់ពេកទេ ហើយក៏អាចសម្រេចបាន ដោយអស់អ្នកដែលស្ថិតនៅក្នុងការដេញតាមដ៏ពិតផងដែរ។ បើអ្នកតាំងចិត្តក្លាយជាស្មរបន្ទាល់ម្នាក់របស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់អំពីអ្វីដែលព្រះជាម្ចាស់ស្អប់ និងអ្វីដែលព្រះជាម្ចាស់ស្រឡាញ់។ អ្នកបានមានបទពិសោធជាច្រើនហើយអំពីកិច្ចការរបស់ទ្រង់។ តាមរយៈកិច្ចការនេះ អ្នកប្រាកដជាដឹងអំពីនិស្ស័យរបស់ទ្រង់ យល់អំពីព្រះហឫទ័យរបស់ទ្រង់ និងសេចក្តីតម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ ហើយប្រើប្រាស់ចំណេះដឹងនេះ ដើម្បីធ្វើបន្ទាល់អំពីទ្រង់ និងបំពេញភារកិច្ចរបស់អ្នក។ អ្នកអាចនិយាយមួយបែបថា៖ «យើងស្គាល់ព្រះជាម្ចាស់។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់គឺធ្ងន់ធ្ងរណាស់។ ព្រះបន្ទូលរបស់ទ្រង់ម៉ឺងម៉ាត់ពេកណាស់។ ព្រះបន្ទូលទាំងនោះសុចរិត និងប្រកបដោយឫទ្ធានុភាព ហើយមនុស្សមិនអាចបំពានបានឡើយ» ប៉ុន្តែតើព្រះបន្ទូលទាំងនេះផ្គត់ផ្គង់ដល់មនុស្សនៅទីបំផុតដែរឬទេ? តើព្រះបន្ទូលទាំងនោះមានឥទ្ធិពលអ្វីខ្លះទៅលើមនុស្ស? តើអ្នកដឹងយ៉ាងប្រាកដដែរឬទេថា កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលនេះមានប្រយោជន៍បំផុតចំពោះអ្នក? ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់កំពុងតែលាតត្រដាងអំពីការបះបោរ និងសេចក្តីពុករលួយរបស់អ្នក មិនអ៊ីចឹងឬ? កិច្ចការទាំងនេះអាចសម្អាត និងកម្ចាត់ចោលសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយទាំងប៉ុន្មានដែលស្ថិតនៅខាងក្នុងអ្នក មិនអ៊ីចឹងឬ? បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលទេ តើអ្នកនឹងក្លាយជាអ្វីទៅ? តើអ្នកទទួលស្គាល់ការពិតដែរឬទេថា សាតាំងបានធ្វើឱ្យអ្នកក្លាយជាពុករលួយដល់កម្រិតយ៉ាងជ្រាលជ្រៅបំផុតនោះ? នៅថ្ងៃនេះ អ្នករាល់គ្នាគួរតែបំពាក់បំប៉នខ្លួនឯងជាមួយនឹងសេចក្តីទាំងនេះ និងស្គាល់ការទាំងនេះឱ្យបានល្អហើយ។

ជំនឿលើព្រះជាម្ចាស់នៅក្នុងពេលសព្វថ្ងៃមិនមែនជាសេចក្តីជំនឿដែលអ្នករាល់គ្នាអាចស្រមៃថា ដោយបានអានព្រះបន្ទូលរបស់ព្រះ អធិស្ឋាន ច្រៀង រាំ បំពេញភារកិច្ចរបស់អ្នក និងដឹកនាំជីវិតនៃភាពជាមនុស្សធម្មតា គឺគ្រប់គ្រាន់ហើយនោះឡើយ។ តើជំនឿអាចសាមញ្ញបំផុតដែរឬទេ? ចំណុចគន្លឹះ គឺជាលទ្ធផល។ ចំនួនវិធីសាស្ត្រដែលអ្នកមានក្នុងការធ្វើអ្វីមួយ មិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺជារបៀបជាក់លាក់ដែលអ្នកអាចសម្រេចបានលទ្ធផលដ៏ប្រសើរបំផុត។ អ្នកអាចលើកឡើងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិប្បាយអំពីចំណេះដឹងមួយចំនួនដែលអ្នកមាន ប៉ុន្តែនៅពេលដែលអ្នកទុកចោលព្រះបន្ទូលរបស់ទ្រង់ អ្នកក៏គ្មានអ្វីដែលត្រូវនិយាយ។ ការនេះបង្ហាញថា អ្នកមានសមត្ថភាពនិយាយអំពីសំបុត្រ និងគោលលទ្ធិតែប៉ុណ្ណោះ តែអ្នកខ្វះនូវចំណេះដឹងចេញពីបទពិសោធ។ នៅថ្ងៃនេះ វានឹងប្រើការមិនបានទេ បើអ្នកមិនយល់អំពីអ្វីដែលសំខាន់នោះ ដ្បិតនេះជារឿងដ៏សំខាន់ណាស់សម្រាប់ការចូលទៅក្នុងតថភាព! ចូរចាប់ផ្ដើមបង្វឹកខ្លួនឯងបែបនេះ៖ ដំបូង ចូរអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរចាប់ផ្ដើមមានការចេះដឹងអំពីពាក្យខាងវិញ្ញណនៅក្នុងព្រះបន្ទូលទាំងនោះ។ ចូររកមើលនិមិត្តសំខាន់ៗនៅក្នុងព្រះបន្ទូលទាំងនោះ។ ចូរកំណត់នូវផ្នែកដែលជាប់ទាក់ទងនឹងការអនុវត្ត។ ចូរបញ្ចូលសមាសធាតុទាំងអស់នេះជាមួយគ្នាម្ដងមួយៗ ហើយចូលទៅក្នុងការទាំងនោះនៅក្នុងបទពិសោធរបស់អ្នក។ ទាំងនេះគឺជារឿងរ៉ាវដ៏សំខាន់ដែលអ្នកត្រូវយល់។ ការអនុវត្តដ៏សំខាន់បំផុត នៅពេលដែលហូប និងផឹកពីព្រះបន្ទូលរបស់ព្រះគឺថា៖ ដោយបានអានជំពូកមួយនៃព្រះបន្ទូលរបស់ព្រះ អ្នកប្រាកដជាអាចរកឃើញផ្នែកសំខាន់ៗទាក់ទងនឹងនិមិត្ត ហើយអ្នកក៏ប្រាកដជាអាចរកឃើញផ្នែកសំខាន់ៗទាក់ទងនឹងការអនុវត្តផងដែរ។ ចូរប្រើប្រាស់និមិត្តទាំងនោះទុកជាមូលដ្ឋានគ្រឹះ ហើយប្រើប្រាស់ការអនុវត្តទុកជាមគ្គុទេសក៍របស់អ្នកនៅក្នុងជីវិត។ ការទាំងនេះគឺជាអ្វីដែលអ្នកខ្វះខាតបំផុត ហើយក៏ជាការលំបាកបំផុតរបស់អ្នករាល់គ្នាផងដែរ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកកម្រយកចិត្តទុកដាក់ចំពោះការទាំងនោះណាស់។ ជាទូទៅ អ្នករាល់គ្នារស់នៅក្នុងសភាពនៃភាពខ្ជិលច្រអូស គ្មានការជំរុញចិត្ត គ្មានឆន្ទៈក្នុងការលះបង់ផ្ទាល់ខ្លួនឡើយ។ ឬក៏អ្នកអង្គុយរង់ចាំមើលដោយមិនធ្វើអ្វីសោះ ហើយអ្នកខ្លះទៀតថែមទាំងរអ៊ូរទាំទៀតផង។ ពួកគេមិនយល់អំពីគោលបំណង និងភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេក៏ពិបាកក្នុងការដេញតាមសេចក្តីពិតដែរ។ មនុស្សបែបនេះស្អប់ខ្ពើមសេចក្តីពិត ហើយនៅទីបំផុត ពួកគេនឹងត្រូវបានផាត់ចោលមិនខាន។ នៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់អាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទេ ហើយក៏គ្មាននរណាម្នាក់អាចរស់រានដែរ។ បើមនុស្សមិនមានការតាំងចិត្តតិចតួចប្រឆាំងនឹងកម្លាំងរបស់សាតាំងទេ នោះពួកគេគ្មានសង្ឃឹមសោះឡើយ!

ឥឡូវនេះ ការដេញតាមរបស់អ្នកមានប្រសិទ្ធភាពឬក៏អត់ នោះគឺត្រូវបានវាស់វែងដោយអ្វីដែលអ្នករាល់គ្នាមានក្នុងពេលបច្ចុប្បន្ន។ នេះជាអ្វីដែលត្រូវបានប្រើ ដើម្បីកំណត់ពីលទ្ធផលរបស់អ្នករាល់គ្នា។ គឺអាចនិយាយបានថា លទ្ធផលរបស់អ្នករាល់គ្នាត្រូវបានបើកសម្ដែងនៅក្នុងការលះបង់ដែលអ្នករាល់គ្នាបានធ្វើ ព្រមទាំងនៅក្នុងកិច្ចការដែលអ្នកបានធ្វើ។ លទ្ធផលរបស់អ្នករាល់គ្នានឹងត្រូវបានគេដឹង តាមរយៈការដេញតាមរបស់អ្នក សេចក្តីជំនឿរបស់អ្នក និងអ្វីដែលអ្នករាល់គ្នាបានធ្វើ។ នៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះរួចទៅហើយ ដ្បិតនៅថ្ងៃនេះគឺជាថ្ងៃនៃការបើកសម្ដែងអំពីលទ្ធផលរបស់មនុស្ស ហើយខ្ញុំនឹងមិនច្របូកច្របល់នៅក្នុងកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំនឹងមិនដឹកនាំអស់អ្នកដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ចូលទៅក្នុងយុគសម័យបន្ទាប់ឡើយ។ នាពេលមួយ កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់។ ខ្ញុំនឹងមិនធ្វើការលើសាកសពដែលគ្មានវិញ្ញាណស្អុយរលួយទាំងនោះ ដែលមិនអាចត្រូវបានសង្រ្គោះសោះនោះឡើយ។ ឥឡូវនេះគឺជាគ្រាចុងក្រោយនៃសេចក្តីសង្រ្គោះរបស់មនុស្ស ហើយខ្ញុំនឹងមិនធ្វើកិច្ចការដែលគ្មានប្រយោជន៍ទេ។ ចូរកុំតវ៉ានឹងផ្ទៃមេឃនិងផែនដីឡើយ ដ្បិតចុងបញ្ចប់នៃពិភពលោកកំពុងតែចូលមកដល់ហើយ។ វាមិនអាចចៀសផុតទេ។ អ្វីៗបានមកដល់ចំណុចនេះ ហើយក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក គ្មានអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ការទាំងនោះទេ។ អ្នកមិនអាចផ្លាស់ប្ដូរអ្វីៗតាមតែចិត្តរបស់អ្នកនោះឡើយ។ កាលពីម្សិលមិញ អ្នកមិនបានបង់ថ្លៃ ដើម្បីដេញតាមសេចក្តីពិត ហើយអ្នកមិនមានភក្ដីភាពទេ។ នៅថ្ងៃនេះ ពេលកំណត់បានមកដល់ អ្នកនៅឆ្ងាយពីសេចក្តីសង្រ្គោះ។ ហើយនៅថ្ងៃស្អែក អ្នកនឹងត្រូវផាត់ចោល ហើយវានឹងគ្មានពេលបន្ថែមសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកឡើយ។ ទោះបីជាខ្ញុំមានព្រះហឫទ័យស្លូតត្រង់ ហើយខ្ញុំកំពុងតែព្យាយាមសង្រ្គោះអ្នកក៏ដោយ បើអ្នកមិនស្វះស្វែងដោយខ្លួនឯង ឬចេះគិតគូរសម្រាប់ខ្លួនឯងទេ តើការនេះត្រូវពាក់ព័ន្ធអ្វីជាមួយខ្ញុំទៅ? អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលអាំងផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឱ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវផាត់ចោលទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឱ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នាដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឱ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឱ្យស្អប់ខ្ពើមណាស់! អ្នកគួរឱ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឱ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគររបស់ខ្ញុំទៅ? រូបកាយរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបអង្គរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានផាត់ចោលតែម្ដង។ ក្នុងអំឡុងពេលនៃកិច្ចការសង្រ្គោះ ខ្ញុំកាន់ចិត្តសប្បុរស និងធ្វើល្អទៅកាន់មនុស្សទាំងអស់។ នៅពេលដែលកិច្ចការបិទបញ្ចប់ លទ្ធផលនៃប្រភេទមនុស្សខុសៗគ្នានឹងត្រូវបើកសម្ដែងមិនខាន ហើយនាពេលនោះ ខ្ញុំនឹងលែងសប្បុរស និងធ្វើល្អទៀតហើយ ដ្បិតលទ្ធផលរបស់មនុស្សនឹងត្រូវបានបើកសម្ដែងឱ្យឃើញ ហើយម្នាក់ៗនឹងត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់ពួកគេ ហើយវាក៏នឹងគ្មានប្រយោជន៍ក្នុងការធ្វើកិច្ចការសង្រ្គោះទៀតដែរ ដោយសារតែយុគសម័យនៃសេចក្តីសង្រ្គោះនឹងបានកន្លងផុត ហើយពេលដែលវាបានកន្លងផុតទៅ នោះវានឹងមិនវិលត្រលប់មកវិញឡើយ។

ខាង​ដើម៖ ការអនុវត្ត (៦)

បន្ទាប់៖ ការអនុវត្ត (៨)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ