អ្នកគប្បីទុកព្រះពរ អំពីឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឲ្យមនុស្សលោក

តាមទស្សនៈរបស់មនុស្សលោក ពូជពង្សម៉ូអាប់មិនអាចត្រូវធ្វើឲ្យបានពេញខ្នាតបានឡើយ ហើយពួកគេក៏ពុំមាននូវលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការនេះដែរ។ ផ្ទុយទៅវិញ វង្សហ្លួងដាវីឌមានសង្ឃឹមយ៉ាងប្រាកដ ហើយពិតជាអាចទទួលបានភាពពេញខ្នាត។ ប្រសិនបើនរណាម្នាក់ជាពូជពង្សរបស់ម៉ូអាប់ ពួកគេមិនអាចទទួលបានភាពពេញខ្នាតបានឡើយ។ សូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនដឹង ពីសារៈសំខាន់នៃកិច្ចការដែលកំពុងធ្វើ នៅក្នុងចំណោមអ្នករាល់គ្នា។ នៅដំណាក់កាលនេះ អ្នករាល់គ្នានៅតែរក្សាក្ដីសង្ឃឹមនាពេលអនាគតរបស់ខ្លួននៅក្នុងដួងចិត្តដដែល ហើយស្ទាក់ស្ទើរក្នុងការបោះបង់ចោលក្ដីសង្ឃឹមនោះ។ គ្មាននរណាម្នាក់ខ្វល់ពីមូលហេតុដែលសព្វថ្ងៃព្រះជាម្ចាស់ ទើបតែជ្រើសរើសធ្វើការកែប្រែក្រុមមនុស្សដែលគ្មានតម្លៃបំផុតដូចអ្នករាល់គ្នានោះទេ។ តើអាចទេថា ទ្រង់បានធ្វើខុសក្នុងកិច្ចការនេះ? តើកិច្ចការនេះជាការធ្វេសប្រហែសមួយភ្លែតមែនទេ? តើហេតុអ្វីបានជាព្រះជាម្ចាស់ដែលជ្រាបតាំងពីដើមរហូតមកហើយថា អ្នករាល់គ្នាជាកូនចៅរបស់ម៉ូអាប់ យាងចុះមកធ្វើការក្នុងចំណោមអ្នករាល់គ្នា យ៉ាងប្រាកដដូច្នេះ? តើរឿងនេះមិនដែលកើតឡើងចំពោះអ្នករាល់គ្នាទេឬ? តើព្រះជាម្ចាស់មិនដែលព្រះតម្រិះអំពីរឿងនេះទេឬនៅពេលធ្វើកិច្ចការរបស់ទ្រង់? តើទ្រង់មានអាកប្បកិរិយាបែបក្រអឺតក្រទមមែនទេ? តើទ្រង់មិនបានដឹងតាំងពីដំបូងថា អ្នករាល់គ្នាជាពូជពង្សរបស់ម៉ូអាប់មែនទេ? តើអ្នករាល់គ្នាមិនចេះពិចារណាពីរឿងទាំងនេះទេឬ? តើសញ្ញាណរបស់អ្នករាល់គ្នាទៅណាអស់ហើយ? តើការរិះគិតហ្មត់ចត់របស់អ្នករាល់គ្នាវង្វេងអស់ហើយមែនទេ? តើភាពឆ្លាតវៃ និងប្រាជ្ញារបស់អ្នករាល់គ្នាទៅណាបាត់ហើយ? តើពិតទេថា អ្នករាល់គ្នាមានឫកពាអធ្យាស្រ័យល្អ ដល់ថ្នាក់អ្នកមិនយកចិត្តទុកដាក់លើបញ្ហាតូចតាចមែនទេ? ចិត្តរបស់អ្នករាល់គ្នាងាយញាប់ញ័របំផុតចំពោះរឿងរ៉ាវផ្សេងៗដូចជា ក្ដីសង្ឃឹមនាពេលអនាគត និងវាសនាផ្ទាល់ខ្លួន ប៉ុន្តែចំពោះរឿងផ្សេងវិញ វាបែរជាស្ពឹក មិនសូវវាងវៃ និងល្ងង់ខ្លៅមែនទែន។ តើអ្នករាល់គ្នាជឿលើអ្វីទៅនៅលើផែនដីនេះ? ក្ដីសង្ឃឹមនាពេលអនាគត? ឬក៏ព្រះជាម្ចាស់? តើអ្វីគ្រប់យ៉ាងដែលអ្នកជឿ មិនមែនជាគោលដៅដ៏ស្រស់ត្រកាលរបស់អ្នកទេឬអី? តើវាមិនមែនជាក្ដីសង្ឃឹម នាពេលអនាគតរបស់អ្នកទេឬអី? តើអ្នកឥឡូវយល់ដឹងអំពីផ្លូវជីវិតបានប៉ុនណាហើយ? តើអ្នកទទួលបានប៉ុនណាហើយ? តើអ្នកគិតថា កិច្ចការដែលកំពុងធ្វើទៅលើពូជពង្សរបស់ម៉ូអាប់ឥឡូវនេះ ត្រូវបានធ្វើឡើងដើម្បីបំបាក់មុខអ្នករាល់គ្នាមែនទេ? តើកិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានចេតនាបើកឲ្យឃើញភាពអាក្រក់របស់អ្នករាល់គ្នាមែនទេ? តើកិច្ចការនេះត្រូវបានធ្វើឡើងដោយមានបំណងធ្វើឲ្យអ្នករាល់គ្នាទទួលយកការវាយប្រដៅ រួចបោះអ្នករាល់គ្នាចូលក្នុងបឹងភ្លើងមែនទេ? ខ្ញុំមិនធ្លាប់មានបន្ទូលថា អ្នករាល់គ្នាមិនមានក្ដីសង្ឃឹមនាពេលអនាគតទេ ក៏រឹតតែមិនធ្លាប់មានបន្ទូលថា អ្នករាល់គ្នាត្រូវតែរងនូវការបំផ្លាញ ឬទទួលរងសេចក្ដីហិនវិនាសនោះដែរ។ តើខ្ញុំបានប្រកាសអំពីរឿងបែបនេះជាសាធារណៈមែនទេ? អ្នកនិយាយថា អ្នកគ្មានសង្ឃឹម ប៉ុន្តែ តើនេះមិនមែនជាការសន្និដ្ឋានដែលអ្នកបានធ្វើដោយខ្លួនឯងទេឬអី? តើនេះមិនមែនជាផលនៃផ្នត់គំនិតផ្ទាល់ខ្លួនរបស់អ្នកទេឬអី? តើការសន្និដ្ឋានផ្ទាល់ខ្លួនរបស់អ្នកយកជាការដែរឬទេ? ប្រសិនបើខ្ញុំមានបន្ទូលថា អ្នករាល់គ្នាមិនទទួលបានព្រះពរទេ នោះអ្នករាល់គ្នានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញជាប្រាកដ ហើយប្រសិនបើខ្ញុំមានបន្ទូលថា អ្នករាល់គ្នាទទួលបានព្រះពរ នោះអ្នករាល់គ្នានឹងមិនទទួលរងការបំផ្លាញជាដាច់ខាត។ ខ្ញុំគ្រាន់តែមានបន្ទូលថា អ្នករាល់គ្នាគឺជាពូជពង្សរបស់ម៉ូអាប់ ខ្ញុំមិនបានមានបន្ទូលថា អ្នករាល់គ្នានឹងត្រូវរងការបំផ្លាញនោះទេ។ ពូជពង្សរបស់ម៉ូអាប់គ្រាន់តែត្រូវបណ្ដាសា និងជាពូជនៃមនុស្សខូចអាក្រក់តែប៉ុណ្ណោះ។ អំពើបាបត្រូវបានលើកឡើងមុននេះរួចហើយ តើអ្នករាល់គ្នាមិនមែនសុទ្ធតែមានបាបគ្រប់គ្នាទេឬអី? តើមនុស្សមានបាបទាំងអស់ មិនមែនសុទ្ធតែត្រូវបានសាតាំងធ្វើឲ្យខូចអាក្រក់ទេឬអី? តើមនុស្សមានបាបទាំងអស់មិនផ្គើន និងបះបោរប្រឆាំងនឹងព្រះទេឬអី? តើអ្នកដែលផ្គើនប្រឆាំងព្រះ មិនត្រូវបណ្តាសាទេឬអី? តើមនុស្សមានបាបទាំងអស់សុទ្ធតែត្រូវវិនាសទេឬអី? ចំពោះករណីនោះ ក្នុងចំណោមមនុស្សខាងសាច់ឈាម តើនរណាខ្លះអាចត្រូវបានសង្គ្រោះ? តើអ្នករាល់ គ្នាអាចរស់រានរហូតមកដល់ថ្ងៃនេះបានយ៉ាងដូចម្តេច? អ្នក រាល់គ្នាបានដឹងក្ដីបែបអវិជ្ជមាន ព្រោះអ្នកជាពូជពង្សរបស់ម៉ូអាប់ តើអ្នករាល់គ្នាមិនត្រូវរាប់ជាមនុស្សដែលមានបាបនឹងគេដែរទេឬអី? តើអ្នករាល់គ្នារស់នៅរហូតដល់ថ្ងៃនេះបានយ៉ាងម៉េច? នៅពេលនិយាយពីភាពគ្រប់លក្ខណ៍ អ្នករាល់គ្នារីករាយចិត្តណាស់។ បន្ទាប់ពីឮថា អ្នករាល់គ្នាត្រូវតែឆ្លងកាត់នូវមហាវេទនា អ្នករាល់គ្នាបែរជាមានអារម្មណ៍ថា រឿងនេះធ្វើឲ្យអ្នករាល់គ្នាទទួលបានព្រះពរកាន់តែច្រើនទៅវិញ។ អ្នករាល់គ្នាគិតថា អ្នករាល់គ្នាអាចក្លាយជាអ្នកឈ្នះ ក្រោយពេលឆ្លងផុតពីមហាវេទនា ហើយគិតលើសពីនេះទៅទៀតថា នេះជាព្រះពរដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងជាការលើក តម្កើងដ៏ខ្ពង់ខ្ពស់របស់ទ្រង់ចំពោះអ្នករាល់គ្នា។ នៅពេលនិយាយអំពីម៉ូអាប់ នោះចលាចលក៏កើតឡើងក្នុងចំណោមអ្នករាល់គ្នា មនុស្សទាំងចាស់ទាំងក្មេងមានអារម្មណ៍សោកសៅដែលមិនអាចពណ៌នាបានដូចគ្នា ហើយអ្នករាល់គ្នាមិនមានសេចក្តីអំណរនៅក្នុងដួងចិត្តរបស់ខ្លួនទាល់តែសោះ អ្នករាល់គ្នាក៏សោកស្តាយដែលបានកើតមក។ អ្នករាល់គ្នាមិនយល់ពីសារៈសំខាន់នៃកិច្ចការនៅក្នុងដំណាក់កាលដែលកំពុងធ្វើទៅលើពូជពង្សរបស់ម៉ូអាប់នេះទេ អ្នករាល់គ្នាដឹងតែស្វះស្វែងរកមុខតំណែងខ្ពស់ៗតែប៉ុណ្ណោះ ហើយនៅពេលណាអ្នករាល់គ្នាដឹងថា ឥតមានសង្ឃឹមទេ អ្នករាល់គ្នាក៏ត្រឡប់ទៅរកជំនឿចាស់វិញ។ នៅពេលនិយាយអំពីភាពគ្រប់លក្ខណ៍ និងគោលដៅអនាគត អ្នករាល់គ្នាមានអារម្មណ៍រីករាយ អ្នករាល់គ្នាដាក់ជំនឿរបស់ខ្លួនឯងលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ និងដើម្បីឲ្យខ្លួនឯងអាចមានគោលដៅដ៏ល្អមួយ។ ឥឡូវនេះមនុស្សមួយចំនួនមានអារម្មណ៍ភិតភ័យដោយសារតែឋានៈរបស់ពួកគេ។ ដោយសារតែពួកគេពុំសូវគេឲ្យតម្លៃ និងឋានៈ តូចទាប ពួកគេមិនចង់ស្វះស្វែងរកឲ្យបានភាពគ្រប់លក្ខណ៍ទេ។ កាលពីដំបូង ភាពគ្រប់លក្ខណ៍ត្រូវបានលើកមកនិយាយ ហើយបន្ទាប់មកក៏មានការលើកឡើងអំពីពូជពង្សរបស់ម៉ូអាប់ ដូច្នេះ មនុស្សក៏បានបដិសេធផ្លូវនៃភាពគ្រប់លក្ខណ៍ដែលបានលើកឡើងពីមុន។ នេះក៏ព្រោះតែតាំងពីដើមដល់ចប់ អ្នករាល់គ្នាមិនដែលដឹងពីសារៈសំខាន់នៃកិច្ចការនេះទេ ហើយអ្នករាល់គ្នាក៏មិនខ្វល់ពីសារៈសំខាន់របស់វាដែរ។ អ្នករាល់គ្នាពុំមានកេរ្តិ៍ឈ្មោះនឹងគេ ហើយមិនអាចស៊ូទ្រាំបាន សូម្បីតែការរំខានដ៏តិចតួចបំផុត។ នៅពេលអ្នកយល់ថា ឋានៈខ្លួនឯងទាបខ្លាំងពេក អ្នកក្លាយជាអគតិ ហើយបាត់បង់ទំនុកចិត្តក្នុងការស្វះស្វែងរកបន្តទៀត។ មនុស្សចាត់ទុកការទទួលបានព្រះគុណ និងការរីករាយ ក្នុងសេចក្ដីសុខសាន្តជានិមិត្តរូបនៃជំនឿប៉ុណ្ណោះ ហើយគេយល់ថា ការស្វះស្វែងរកព្រះពរ ទើបជាមូលដ្ឋានសម្រាប់ជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់។ មានមនុស្សតិចតួចណាស់ ដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់ ឬស្វះស្វែងរកការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ក្នុងជំនឿរបស់ពួកគេ មនុស្សប្រឹងប្រែងធ្វើឲ្យព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេនូវគោលដៅដ៏សមរម្យមួយ ព្រមទាំងព្រះគុណទាំងអស់ដែលពួកគេត្រូវការក្នុងជំនឿរបស់ពួកគេ ដើម្បីធ្វើឲ្យទ្រង់ក្លាយជាអ្នកបម្រើរបស់ពួកគេ ដើម្បីឲ្យទ្រង់រក្សាសម្ពន្ធភាពដែលប្រកបដោយភាពសុខសាន្ត និងមេត្រីភាពជាមួយនឹងពួកគេ ហេតុដូច្នេះ មិនថាពេលណានោះទេ ទំនាស់រវាងព្រះ និងពួក គេនឹងមិនមានជាដរាប។ មានន័យថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ទាមទារឲ្យទ្រង់សន្យា ធ្វើការបំពេញតាមតម្រូវការទាំងអស់របស់ពួកគេ និងផ្ដល់ឲ្យពួកគេនូវអ្វីៗដែលពួកគេអធិស្ឋានសុំជាថ្នូរនឹង ការរក្សាព្រះបន្ទូលដែលពួកគេបានអានក្នុងព្រះគម្ពីរថា «ខ្ញុំនឹងស្ដាប់ការអធិស្ឋានទាំងអស់របស់អ្នករាល់គ្នា។» ពួកគេរំពឹងថា ព្រះជាម្ចាស់នឹងមិនជំនុំជម្រះ ឬដោះស្រាយជាមួយនរណាម្នាក់ឡើយ ត្បិតទ្រង់គឺជា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ប្រកបដោយសេចក្ដីមេត្តា‌ ករុណា ជាព្រះដែលរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ពេល និងគ្រប់ទីកន្លែងរហូតមក។ នេះជារបៀបដែលមនុស្ស ជឿលើព្រះជាម្ចាស់៖ ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយមិនចេះខ្មាសតែម្ដងដោយជឿថា មិនថាពួកគេបះបោរ ឬស្ដាប់បង្គាប់នោះទេ ទ្រង់នឹងនៅតែផ្ដល់អ្វីគ្រប់យ៉ាងឲ្យពួកគេទាំងងងឹតងងុល។ ពួកគេគ្រាន់តែ «ទារបំណុល» ជាបន្តពីព្រះជាម្ចាស់ដោយជឿថា ទ្រង់ត្រូវតែ «បង់សង» ពួកគេដោយគ្មានការតវ៉ា ហើយលើសពីនេះទៅទៀត គឺទ្រង់ត្រូវ បង់ទ្វេដង។ ពួកគេគិតថា ទោះបីជាព្រះមិនបានទទួលអ្វីពីពួកគេក៏ដោយ ក៏ពួកគេនៅតែអាចបញ្ជាទ្រង់ដោយឧបាយបានដែរ ហើយទ្រង់មិនអាចចាត់ចែងមនុស្សយ៉ាងហ្មត់ចត់តាមអំពើចិត្តបានដែរ និងកាន់តែមិនអាចបើកសម្ដែងឲ្យមនុស្សស្គាល់ប្រាជ្ញាញាណ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលត្រូវបានលាក់កំបាំងអស់ជាច្រើនឆ្នាំមកហើយ នៅពេលណាដែលទ្រង់ចង់ឲ្យគេដឹង និងដោយគ្មានការអនុញ្ញាតពីពួកគេបានឡើយ។ ពួកគេគ្រាន់តែលន់តួអំពើបាបរបស់ពួកគេចំពោះព្រះជាម្ចាស់ដោយជឿថា ព្រះជាម្ចាស់នឹងនៅតែលើកលែងទោសបាបឲ្យពួកគេជឿថា ទ្រង់នឹងមិនធុញធុញទ្រាន់នឹងការធ្វើដូច្នោះទេ ហើយជឿថា ការនេះនឹងបន្តទៅបែបនេះជារៀងរហូត។ ពួកគេនៅតែបញ្ជាព្រះជាម្ចាស់ទាំងបង្ខំដោយជឿថា ទ្រង់នឹងនៅតែស្ដាប់តាមពួកគេ ព្រោះក្នុងព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់មិនបានយាងមកដើម្បីឲ្យមនុស្សលោកបម្រើទ្រង់ទេ ប៉ុន្តែ ទ្រង់បានយាងមកដើម្បីបម្រើពួកគេវិញ ហើយទ្រង់គង់ទីនេះ ដើម្បីធ្វើជាអ្នកបម្រើរបស់ពួកគេ។ តើអ្នករាល់គ្នាមិនមែនជឿបែបនេះរហូតមកទេមែនទេ? នៅរាល់ពេលដែលអ្នករាល់គ្នាមិនអាចទទួលបានអ្វីមួយពីព្រះជាម្ចាស់ អ្នករាល់គ្នាចង់រត់ចេញពីទ្រង់ នៅ ពេលអ្នករាល់គ្នាមិនយល់ពីអ្វីមួយ អ្នករាល់គ្នាក៏អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ថែមទាំងហ៊ានដល់ថ្នាក់និយាយនូវ សម្ដីត្រគោះបក់បោកសព្វបែបយ៉ាង បំពានទ្រង់ផង។ អ្នករាល់គ្នាមិនព្រមឲ្យព្រះជាម្ចាស់បង្ហាញនូវប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ឲ្យបានពេញលេញដោយផ្ទាល់ព្រះអង្គសោះ ផ្ទុយទៅវិញ អ្នករាល់គ្នាចង់តែសប្បាយនឹងភាពស្រាកស្រាន្ត និងភាពស្រណុកសុខស្រួលបណ្តោះអាសន្នប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ឥរិយាបថនៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ មានត្រឹមតែជាទស្សនៈចាស់គំរិលដដែល។ ប្រសិនបើព្រះជាម្ចាស់បង្ហាញឲ្យអ្នករាល់គ្នាឃើញតេជានុភាពតែបន្តិច អ្នករាល់គ្នាមិនសប្បាយចិត្តឡើយ។ តើពេលនេះអ្នករាល់គ្នាឃើញច្បាស់ទេថា ឋានៈរបស់អ្នករាល់គ្នាធំប៉ុនណា? កុំស្មានថា អ្នករាល់គ្នាសុទ្ធសឹងតែស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅពេលដែលការពិតទស្សនៈដ៏ចាស់គំរិលរបស់អ្នករាល់គ្នាមិនបានផ្លាស់ប្ដូរសោះនោះ។ នៅពេលគ្មានរឿងអ្វីកើតមានដល់អ្នក អ្នកជឿថា អ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចមួយដ៏ខ្ពស់។ នៅពេលរឿងតូចតាចអ្វីមួយកើតឡើងចំពោះអ្នក អ្នកក៏ធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង។ តើនេះឬដែលថា អ្នកស្មោះត្រង់ចំពោះព្រះជាម្ចាស់?

ប្រសិនបើដំណាក់កាលចុងក្រោយនៃកិច្ចការចម្បាំង ត្រូវចាប់ផ្តើមនៅក្នុងប្រទេសអ៊ីស្រាអែល នោះកិច្ចការចម្បាំងនេះនឹងគ្មានន័យទេ។ កិច្ចការនេះមានសារៈសំខាន់បំផុត ពេលត្រូវបានធ្វើនៅក្នុងប្រទេសចិន និងពេលដែលវាធ្វើលើអ្នករាល់គ្នា។ អ្នករាល់គ្នា គឺជាមនុស្សអន់ជាទីបំផុត ជាមនុស្សដែលមានឋានៈតូចទាបបំផុត អ្នករាល់គ្នាគឺជាមនុស្សដែលមានវណ្ណៈតូចទាបបំផុតក្នុងសង្គមនេះ ហើយអ្នកគឺជាអ្នកដែលស្គាល់ព្រះជាម្ចាស់បានតិចបំផុតតាំងពីដំបូង។ អ្នក រាល់គ្នាគឺជាមនុស្សដែលបានវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ជាងគេ ហើយជាមនុស្សដែលរងទុក្ខវេទនាធ្ងន់ធ្ងរបំផុត។ ដោយសារតែកិច្ចការក្នុងដំណាក់កាលនេះ គឺសម្រាប់តែជាប្រយោជន៍ដល់ការធ្វើចម្បាំងប៉ុណ្ណោះ ដែលអ្នករាល់គ្នាទទួលការជ្រើសរើសធ្វើជាស្មរបន្ទាល់នាថ្ងៃអនាគត តើវាមិនស័ក្ដិសមបំផុតទេឬអី? ប្រសិនបើជំហានដំបូងនៃកិច្ចការចម្បាំងនេះមិនត្រូវបានធ្វើលើអ្នករាល់គ្នាទេ នោះកិច្ចការចម្បាំងដែលនឹងត្រូវមកដល់ មុខជាពិបាកឈានទៅមុខ ត្បិតកិច្ចការចម្បាំងក្រោយៗមកទៀតនឹងសម្រេចបាននូវលទ្ធផល ដោយផ្អែកលើការពិតនៃកិច្ចការដែលកំពុងធ្វើសព្វថ្ងៃនេះ។ កិច្ចការចម្បាំងបច្ចុប្បន្ននេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចការចម្បាំងទាំងមូលប៉ុណ្ណោះ។ អ្នករាល់គ្នាគឺជាក្រុមមនុស្សដំបូងដែលត្រូវច្បាំង អ្នករាល់គ្នាគឺជាតំណាងមនុស្សជាតិទាំងអស់គ្នាដែលនឹងត្រូវច្បាំង។ មនុស្សដែលពិតជាមានចំណេះដឹង គេនឹងឃើញថា កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើសព្វថ្ងៃនេះ គឺអស្ចារ្យណាស់ ហើយទ្រង់មិនត្រឹមតែធ្វើឲ្យមនុស្សស្គាល់ចរិតបះបោររបស់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ តែថែមទាំងបើកសម្ដែងឲ្យគេ ស្គាល់ឋានៈរបស់ខ្លួនឯងទៀតផង។ គោលបំណង និងអត្ថន័យនៃព្រះបន្ទូលរបស់ទ្រង់គឺមិនមែនដើម្បីបង្ខូចទឹកចិត្តមនុស្ស ហើយក៏មិនមែនដើម្បីផ្ដួលរំលំពួកគេដែរ។ តែវាគឺសម្រាប់ឲ្យពួកគេទទួលបានការបំភ្លឺ និងសេចក្ដីសង្គ្រោះតាមរយៈព្រះបន្ទូលរបស់ទ្រង់។ វាគឺដើម្បីដាស់ស្មារតីរបស់ពួកគេដោយប្រើព្រះបន្ទូលរបស់ទ្រង់។ ចាប់តាំងពីពេលបង្កើតពិភពលោកមក មនុស្សលោកបានរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ទាំងមិនដឹង និងមិនជឿថា មានព្រះជាម្ចាស់នោះទេ។ ការដែលមនុស្សទាំងអស់នេះអាចត្រូវបានបញ្ចូលទៅក្នុងសេចក្ដីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងអាចត្រូវបានព្រះអង្គ លើកតម្កើងយ៉ាងអស្ចារ្យ គឺពិតជាបង្ហាញឲ្យឃើញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប្រាកដណាស់។ អស់អ្នកដែលយល់ដឹងពិតប្រាកដ គេនឹងជឿរឿងនេះ។ ចុះចំណែកអស់អ្នកដែលមិនមានចំណេះដឹងបែបនេះវិញ? ពួកគេនឹងនិយាយថា «អា៎! ព្រះជាម្ចាស់មានបន្ទូលថា យើងជាពូជពង្សរបស់ម៉ូអាប់ ទ្រង់មានព្រះបន្ទូលបែបនេះ ដោយព្រះឱស្ឋរបស់ទ្រង់ផ្ទាល់។ តើយើងនៅតែអាចទទួលបានលទ្ធផលល្អដែរឬទេ? តើនរណាឲ្យយើងធ្វើជាពូជពង្សរបស់ម៉ូអាប់? តើនរណាឲ្យយើងរឹងទទឹងនឹងទ្រង់ខ្លាំងដល់ម្ល៉ឹងកាលពីមុន? ព្រះជាម្ចាស់បានយាងមកផ្ដន្ទាទោសយើង។ តើអ្នកមើលមិន ឃើញពីវិធីដែលទ្រង់តែងតែកាត់ទោសយើងតាំងពីដំបូង មកម្ល៉េះទេឬអី? ព្រោះតែយើងបានរឹងទទឹងនឹងព្រះជាម្ចាស់ គឺយើងគួរតែត្រូវទទួលទោសដោយវិធីនេះ។» តើពាក្យទាំង នេះត្រឹមត្រូវដែរឬទេ? សព្វថ្ងៃនេះ ព្រះជាម្ចាស់កាត់ទោស អ្នករាល់គ្នា ធ្វើទោសអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នា យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយប្រដៅ ដើម្បីឲ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឲ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឲ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថា ទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ កាត់ទោស និងធ្វើទោសធ្ងន់ធ្ងរលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកខូចអាក្រក់ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឲ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការកាត់ទោស និងការវាយប្រដៅដែលទ្រង់ធ្វើលើអ្នករាល់គ្នា សព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមក ដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីកាត់ទោស ដាក់បណ្ដាសា វាយប្រដៅ និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល៦ពាន់ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះគឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឲ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឲ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុង។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឲ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិតគឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះ មិនអាចជាការវាយប្រដៅ ការកាត់ទោស និងការដាក់បណ្ដាសានោះទេ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ មេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឲ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឲ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឲ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលខូចអាក្រក់ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមក ធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំងជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុងអំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នករាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ ដូច្នេះវិធីសាស្ត្រអនុវត្តសេចក្ដីសង្គ្រោះសព្វថ្ងៃនេះ គឺមិនដូចកាលពីអតីតកាលទេ។ សព្វថ្ងៃនេះ សេចក្តីសង្គ្រោះត្រូវបាននាំមកឲ្យអ្នករាល់គ្នាតាមរយៈការកាត់ទោសដ៏សុចរិត ហើយនេះគឺជាឧបករណ៍ដ៏ល្អសម្រាប់បែកចែកអ្នករាល់គ្នាម្នាក់ៗទៅតាមជំពូក។ លើសពីនេះទៅទៀត ការវាយប្រដៅដែលគ្មានមេត្តា ដើរតួជាសេចក្ដីសង្គ្រោះដ៏ល្អបំផុត សម្រាប់អ្នករាល់គ្នា ហើយតើអ្នករាល់គ្នាមានអ្វីត្រូវនិយាយនៅចំពោះមុខការវាយប្រដៅ និងការកាត់ទោសបែបនេះ? តើអ្នករាល់គ្នាមិនមែនរីករាយនឹងសេចក្ដីសង្គ្រោះតាំងពីដើមរហូតដល់ចប់ទេឬអី? អ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ចាប់បដិសន្ធិ និងបានដឹងពីសព្វានុភាព និងប្រាជ្ញារបស់ទ្រង់។ បន្ថែមពីលើនេះ អ្នកបានឆ្លងកាត់ការវាយផ្ចាល និងការលត់ដំម្តងហើយម្តងទៀតដែរ។ យ៉ាងណាមិញ តើអ្នករាល់គ្នាមិនបានទទួលព្រះគុណដ៏ខ្ពស់បំផុតដែរទេឬអី? តើព្រះពររបស់អ្នករាល់គ្នា មិនប្រសើរជាងព្រះពររបស់អ្នកដទៃទេឬអី? ព្រះគុណរបស់អ្នករាល់គ្នា គឺច្រើនជាងសិរីរុងរឿង និងភោគទ្រព្យដែលព្រះបាទសូឡូម៉ូនមានទៅទៀត! ចូរគិតមើលទៅថា៖ ប្រសិនបើខ្ញុំមានបំណងយាងមកផ្ដន្ទាទោស និងដាក់ទណ្ឌកម្មអ្នករាល់គ្នា មិនមែនមកសង្គ្រោះអ្នករាល់គ្នាមែននោះ តើអាយុអ្នករាល់គ្នាអាចនៅយូរដល់ម្ល៉ឹងទេ? តើអ្នករាល់គ្នាដែលជាមនុស្សខាងសាច់ឈាមពេញដោយអំពើបាប អាចរស់រានរហូតមកដល់សព្វថ្ងៃនេះដែរឬទេ? ប្រសិនបើគោលដៅរបស់ខ្ញុំ គឺដើម្បីតែដាក់ទណ្ឌកម្មអ្នករាល់គ្នា ចុះហេតុអ្វីបានជាខ្ញុំយកកំណើតជាសាច់ឈាម និងចាប់ផ្ដើមគ្រោងការធំដល់ម្ល៉ឹង? តើការដាក់ទណ្ឌកម្មអ្នករាល់គ្នាដែលជាមនុស្សធម្មតា វាមិនអាចធ្វើទៅបានដោយគ្រាន់តែបញ្ចេញព្រះបន្ទូលតែមួយម៉ាត់ទេឬអី? តើខ្ញុំនឹងនៅតែត្រូវបំផ្លាញអ្នករាល់គ្នាទៀត បន្ទាប់ពីផ្ដន្ទាទោសអ្នករាល់គ្នាតាមបំណងហើយមែនទេ? តើអ្នករាល់គ្នានៅតែមិនជឿព្រះបន្ទូលរបស់ខ្ញុំនេះទៀតឬអី? តើខ្ញុំអាចសង្គ្រោះមនុស្សលោកបានតែតាមរយៈសេចក្ដីស្រឡាញ់ និងមេត្តាករុណាទេឬអី? ឬមួយក៏ខ្ញុំអាចប្រើតែការជាប់ឆ្កាងទេទើបសង្គ្រោះមនុស្សលោកបាន? តើនិស្ស័យសុចរិតរបស់ខ្ញុំ មិនអំណោយផលដល់ការធ្វើឲ្យមនុស្សលោកស្ដាប់បង្គាប់ទាំងស្រុងទេឬអី? តើនិស្ស័យសុចរិតនេះមិនអាចសង្គ្រោះមនុស្សលោកបានទាំងស្រុងទេឬអី?

ថ្វីបើព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងតែងក៏ពិតមែន ប៉ុន្តែ ព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងដើម្បីសង្គ្រោះមនុស្សលោក ព្រោះខ្ញុំកំពុងថ្លែងត្រឹមព្រះបន្ទូលតែប៉ុណ្ណោះ មិនមែនកំពុងដាក់ទណ្ឌកម្មសាច់ឈាមរបស់មនុស្សលោកទេ ព្រះបន្ទូលទាំងនេះធ្វើឲ្យមនុស្សលោករស់នៅក្នុងពន្លឺ ដឹងថាមានពន្លឺ ដឹងថាពន្លឺនោះមានតម្លៃ ហើយរឹតតែអស្ចារ្យទៀតនោះគឺដឹងថា ព្រះបន្ទូលទាំងនេះផ្ដល់ប្រយោជន៍ខ្លាំងយ៉ាងណាដល់ពួកគេ ព្រមទាំងដឹងទៀតថា ព្រះជាម្ចាស់ជាសេចក្ដីសង្គ្រោះ។ ថ្វីបើខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនអំពីការវាយប្រដៅ និងការកាត់ទោសក៏ពិតមែន ប៉ុន្តែអ្វីដែលបានបង្ហាញមកនេះ នៅមិនទាន់កើតឡើងចំពោះអ្នករាល់គ្នាមែនទែនទេ។ ខ្ញុំមកបំពេញកិច្ចការរបស់ខ្ញុំ និងសម្ដែងព្រះបន្ទូលរបស់ខ្ញុំ ហើយថ្វីបីព្រះបន្ទូលរបស់ខ្ញុំប្រហែលជាតឹងរ៉ឹងក៏ពិតមែន ប៉ុន្តែព្រះបន្ទូលទាំងអស់នោះត្រូវបានថ្លែងចេញ ជាការជំនុំជម្រះទង្វើខូចអាក្រក់ និងការបះបោររបស់អ្នករាល់គ្នា។ គោលបំណងនៃទង្វើដែលខ្ញុំធ្វើបែបនេះ នៅតែដើម្បីសង្គ្រោះមនុស្សលោកពីដែនត្រួតត្រារបស់សាតាំង ខ្ញុំកំពុងប្រើព្រះបន្ទូលរបស់ខ្ញុំដើម្បីសង្គ្រោះមនុស្សលោក។ គោលបំណងរបស់ខ្ញុំ មិនមែនជាការធ្វើបាបមនុស្សលោក ដោយប្រើព្រះបន្ទូលរបស់ខ្ញុំទេ។ ព្រះបន្ទូលរបស់ខ្ញុំតឹងតែង គឺដើម្បីសម្រេចបានលទ្ធផលនៅក្នុងកិច្ចការរបស់ខ្ញុំ។ មានតែតាមរយៈកិច្ចការបែបនេះទេ ទើបមនុស្សលោកអាចស្គាល់ខ្លួនឯង និងផ្ដាច់ខ្លួនពីនិស្ស័យបះបោររបស់ពួកគេ។ សារៈសំខាន់ធំបំផុតនៃកិច្ចការនៃព្រះបន្ទូល គឺអនុញ្ញាតឲ្យមនុស្សលោកយកសេចក្ដីពិតទៅអនុវត្ត បន្ទាប់ពីបានយល់សេចក្ដីពិតនេះ អនុញ្ញាតឲ្យគេសម្រចបាននូវការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ និងឲ្យគេស្គាល់ខ្លួនឯង និងស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ មានតែការធ្វើកិច្ចការដោយការថ្លែងព្រះបន្ទូលទេ ទើបអាចធ្វើឲ្យទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សលោកកើតមានឡើងបាន ហើយមានតែព្រះបន្ទូលប៉ុណ្ណោះ ទើបអាចពន្យល់សេចក្ដីពិតបាន។ ការធ្វើការតាមរបៀបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ក្រាបមនុស្សលោក។ ក្រៅពីការថ្លែងព្រះបន្ទូល គ្មានវិធីណាផ្សេងទៀតដែលអាចផ្ដល់ឲ្យមនុស្សនូវការយល់ដឹងអំពីសេចក្ដីពិត និងកិច្ចការរបស់ព្រះជាម្ចាស់ឲ្យច្បាស់ជាងនេះឡើយ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សលោក ដើម្បីបើកបង្ហាញដល់ពួកគេនូវសេចក្ដីពិត និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនទាន់យល់ដឹងនៅឡើយ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដោយអនុញ្ញាតឲ្យពួកគេទទួលបានផ្លូវពិត និងជីវិតពីព្រះជាម្ចាស់ ហើយក៏បំពេញព្រះហឫទ័យព្រះដោយព្រោះលទ្ធផលនេះ។ គោលបំណងនៃកិច្ចការរបស់ព្រះចំពោះមនុស្សលោក គឺជួយឲ្យពួកគេអាចបំពេញតាមព្រះហឫទ័យព្រះ ហើយកិច្ចការនេះត្រូវបានធ្វើឡើង ដើម្បីនាំសេចក្ដីសង្គ្រោះមកឲ្យពួកគេ។ ហេតុដូច្នេះហើយ ពេលទ្រង់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក ទ្រង់មិនធ្វើកិច្ចការដាក់ទណ្ឌកម្មពួកគេឡើយ។ ព្រះជាម្ចាស់មិនដាក់ទណ្ឌកម្មមនុស្សអាក្រក់ ឬផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលកំពុងនាំសេចក្ដីសង្គ្រោះមកឲ្យមនុស្សលោកទេ ហើយទ្រង់ក៏មិនបើកឲ្យគេដឹងពីគោលដៅនានារបស់មនុស្សប្រភេទផ្សេងៗគ្នាផងដែរ។ ផ្ទុយទៅវិញ ទាល់តែក្រោយពេលដែលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់បានចប់សព្វគ្រប់ ទើបទ្រង់នឹងធ្វើកិច្ចការដាក់ទណ្ឌកម្មមនុស្សអាក្រក់ និងផ្ដល់រង្វាន់ដល់មនុស្សល្អ ពេលនោះ ទើបទ្រង់នឹងបើកឲ្យដឹងពីចុងបញ្ចប់នៃមនុស្សប្រភេទផ្សេងៗទាំងអស់គ្នា។ មនុស្សដែលត្រូវរងទណ្ឌកម្ម គឺជាមនុស្សដែលមិនអាចទទួលសេចក្ដីសង្គ្រោះបាន រីឯមនុស្សដែលនឹងត្រូវបានសង្គ្រោះ គឺជាមនុស្សដែលបានទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ពេលទ្រង់កំពុងធ្វើកិច្ចការសង្គ្រោះមនុស្សលោក។ ខណៈពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការសង្គ្រោះបុគ្គលគ្រប់រូបដែលអាចបានសង្គ្រោះ នឹងត្រូវបានសង្គ្រោះយ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ ដ្បិតគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះមនុស្សលោក។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្សលោក មនុស្សណាដែលមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងមនុស្សណាដែលមិនអាចចុះចូលព្រះជាម្ចាស់បានទាំងស្រុង នឹងក្លាយជាកម្មវត្ថុសម្រាប់ការដាក់ទណ្ឌកម្ម។ កិច្ចការនៃព្រះបន្ទូលដែលជាកិច្ចការក្នុងដំណាក់កាលនេះនឹងបើកបង្ហាញដល់មនុស្សនូវផ្លូវ និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនយល់ ដើម្បីឲ្យពួកគេអាចយល់ពីព្រះហឫទ័យរបស់ព្រះ និងតម្រូវការដែលព្រះទាមទារពួកគេ និងដើម្បីឲ្យពួកគេអាចមានលក្ខណៈចាំបាច់ទុកជាមុន សម្រាប់យកព្រះបន្ទូលទៅអនុវត្ត និងសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយមិនដាក់ទណ្ឌកម្មមនុស្ស ចំពោះការបះបោរតួចតាចទេនេះ ក៏ដោយសារតែឥឡូវនេះជាពេលវេលាធ្វើកិច្ចការសង្គ្រោះ។ បើសិនជាដាក់ទណ្ឌកម្មមនុស្សរាល់គ្នាដែលបានប្រព្រឹត្ដបែបបះបោរ នោះនឹងគ្មាននរណាម្នាក់មានឱកាសទទួលបានការសង្គ្រោះឡើយ។ គ្រប់គ្នានឹងត្រូវទទួលទណ្ឌកម្ម ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង។ គោលបំណងនៃព្រះបន្ទូលដែលជំនុំជម្រះមនុស្សលោក គឺដើម្បីឲ្យពួកគេស្គាល់ខ្លួនឯង ហើយចុះចូលព្រះជាម្ចាស់ មិនមែនដើម្បីដាក់ទណ្ឌកម្មពួកគេដោយការជំនុជម្រះបែបនោះឡើយ។ ក្នុងអំឡុងពេលធ្វើកិច្ចការនៃព្រះបន្ទូល មនុស្សជាច្រើននឹងសម្ដែងចេញនូវការបះបោរ និងការរឹងទទឹងរបស់ពួកគេ ព្រមទាំងការមិនស្ដាប់បង្គាប់របស់ពួកគេ ចំពោះព្រះដែលបានចាប់បដិសន្ធិជាមនុស្ស។ តែទោះយ៉ាងណាក៏ដោយ ទ្រង់នឹងមិនដាក់ទណ្ឌកម្មមនុស្សទាំងអស់នេះ មកធ្វើជាលទ្ធផលនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់គ្រាន់តែបោះមនុស្សដែលខូចអាក្រក់ដល់បណ្ដូលចិត្ត និងមនុស្សដែលមិនអាចបានសង្គ្រោះ ទុកទៅម្ខាងសិនប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់សាច់ឈាមរបស់ពួកគេទៅឲ្យសាតាំង ហើយក្នុងករណីមួយចំនួនតូច ទ្រង់នឹងបញ្ចប់ជិវិតសាច់ឈាមរបស់ពួកគេ។ មនុស្សដែលនៅសល់នឹងបន្តធ្វើតាម និងឆ្លងកាត់នូវការដោះស្រាយ និងការលួសកាត់។ នៅខណៈពេលកំពុងធ្វើតាម ប្រសិនបើមនុស្សទាំងនេះ នៅតែមិនអាចទទួលយកការដោះស្រាយ និងការលួសកាត់បាន ហើយក្លាយជាកាន់តែអាក្រក់ទៅៗ នោះពួកគេនឹងបាត់បង់ឱកាសទទួលបាននូវសេចក្ដីសង្គ្រោះ។ បុគ្គលណាដែលចុះចូលទទួលការបង្ក្រាបដោយព្រះបន្ទូល នឹងមានឱកាសច្រើនសម្រាប់ទទួលសេចក្ដីសង្គ្រោះ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ នឹងបង្ហាញពីសេចក្ដីអត់ឱនជាទីបំផុតរបស់ទ្រង់។ ម្យ៉ាងវិញទៀត ពួកគេនឹងឃើញនូវសេចក្ដីត្រាប្រណីបំផុត។ ដរាបណាមនុស្សងាកចេញពីផ្លូវខុសឆ្គង ហើយដរាបណាពួកគេអាចប្រែចិត្ត នោះព្រះជាម្ចាស់នឹងឲ្យពួកគេនូវឱកាសទទួលបានសេចក្តីសង្គ្រោះពីទ្រង់។ នៅពេលមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាលើកដំបូង ទ្រង់គ្មានបំណងសម្លាប់ពួកគេទេ ផ្ទុយទៅវិញ ទ្រង់ធ្វើសព្វបែបយ៉ាងដែលអាចធ្វើបាន ដើម្បីសង្គ្រោះពួកគេ។ ប្រសិនបើនរណាម្នាក់ពិតជាគ្មានចិត្តចង់បានសេចក្ដីសង្គ្រោះទេ នោះព្រះជាម្ចាស់នឹងបោះចោលពួកគេទៅម្ខាង។ មូលហេតុដែលព្រះជាម្ចាស់យឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មមនុស្សមួយចំនួន គឺដោយសារតែទ្រង់ចង់សង្គ្រោះមនុស្សគ្រប់គ្នាដែលអាចទទួលការសង្គ្រោះបាន។ ទ្រង់ជំនុំជម្រះ ទ្រង់បំភ្លឺ និងណែនាំមនុស្សដោយប្រើតែព្រះបន្ទូលប៉ុណ្ណោះ ហើយទ្រង់ក៏មិនប្រើដំបងមកសម្លាប់ពួកគេដែរ។ ការប្រើព្រះបន្ទូល ដើម្បីនាំសេចក្ដីសង្គ្រោះមកឲ្យមនុស្សលោកគឺជាគោលបំណង និងជាសារៈសំខាន់នៃដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ អំពីងារ និងអត្តសញ្ញាណ

បន្ទាប់៖ តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់ តាមការយល់ដឹងរបស់គេ អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់ យ៉ាងដូចម្ដេច?

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ