៤១. ការជំនួសសេចក្ដីច្រណែនដោយចិត្តសប្បុរស

កាលពីប៉ុន្មានឆ្នាំមុន បងស្រី សៅជី ត្រូវបានបញ្ជូនទៅក្រុមជំនុំរបស់ពួកយើងដើម្បីជួយខ្ញុំក្នុងភារកិច្ចរបស់ថ្នាក់ដឹកនាំ។ កន្លងមក ខ្ញុំបានដឹងថា ក្រៅពីមានវ័យក្មេង គាត់នៅមានគុណសម្បត្តិល្អ និងពិតជាមានសមត្ថភាពមែន។ គាត់បានអនុវត្តសេចក្ដីពិតនៅពេលមានបញ្ហាកើតឡើង និងបានផ្ដោតសំខាន់លើការស្វែងរកគោលការណ៍នៃសេចក្ដីពិត។ ខ្ញុំមិនអាចប្រៀបផ្ទឹមនឹងគុណសម្បត្តិ និងសមត្ថភាពការងាររបស់គាត់បានឡើយ។ ខ្ញុំពិតជាកោតសរសើរគាត់ និងមានអារម្មណ៍ថាគាត់មានសមត្ថភាពមែន។ នៅក្នុងកិច្ចប្រជុំក្រុមការងារម្ដងនោះ អ្នកដឹកនាំម្នាក់បានសួរខ្ញុំ ថាតើមានមនុស្សនៅក្នុងក្រុមជំនុំដែលបានស្វែងរកសេចក្ដីពិត និងមានគុណសម្បត្តិខ្ពង់ខ្ពស់ដែរទេ។ ខ្ញុំបានប្រាប់អំពីចំណុចខ្លាំងរបស់ប្អូនស្រី សៅជី ដោយគ្មានស្ទាក់ស្ទើរ។ មិនយូរប៉ុន្មាន ថ្នាក់ដឹកនាំបានអញ្ជើញនាងទៅក្នុងកិច្ចប្រជុំក្រុមការងារ និងបានឱ្យគាត់ទៅចូលរួមកិច្ចប្រជុំជាច្រើនដងទៀតផង។ បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តសោះ ដោយគិតថា «ខ្ញុំតែងតែជាមនុស្សម្នាក់ដែលចូលរួមក្នុងកិច្ចប្រជុំ ហើយថ្នាក់ដឹកនាំតែងពិភាក្សាការងារក្រុមជំនុំជាមួយខ្ញុំ។ ពេលនេះ គាត់ក៏បានហៅ សៅជី ទៅជាមួយដែរ។ វាមើលទៅហាក់ដូចជាគាត់ចង់បណ្ដុះបណ្ដាលគាត់អ៊ីចឹង។ ប្រសិនបើខ្ញុំដឹងថាអ៊ីចឹង ខ្ញុំនឹងមិននិយាយពីចំណុចខ្លាំងរបស់នាងទេ»។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវគេបំភ្លេចចោល និងទុកចោលដោយសារតែគាត់។ ខ្ញុំកាន់តែមានអារម្មណ៍អន់ចិត្តទៅៗ ហើយក៏កើតមានគំនិតថា បើអ្នកដឹកនាំបញ្ជូនគាត់ចេញក្រៅ នោះពិតជាល្អមិនខាន។ ឱ្យតែយើងមិននៅជុំគ្នា ខ្ញុំនឹងមិនមើលទៅអន់ជាងគាត់ទេ។ ហើយប្រហែលជាអ្នកដឹកនាំនឹងពិភាក្សាអ្វីៗជាមួយខ្ញុំ។ ប៉ុន្តែខ្ញុំបានដឹងថា សៅជីនឹងមិនត្រូវផ្ទេរចេញក្នុងពេលឆាប់ៗនេះទេ។ ខ្ញុំមានអារម្មណ៍ដូចជាត្រូវទម្ងន់អីមកសង្កត់លើដួងចិត្តរបស់ខ្ញុំអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះទេ តែខ្ញុំក៏មិនសុខចិត្តចាញ់ដែរ។ ខ្ញុំបានខំប្រឹងស្វែងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអាន ទន្ទេញ និងគិតគូរឱ្យបានច្រើនពីព្រះបន្ទូល ដូច្នេះ ខ្ញុំអាចប្រកបគ្នាបានល្អជាងការប្រកបគ្នារបស់នាងអំពីសេចក្ដីពិត ដើម្បីបញ្ជាក់ពីខ្លួនឯង។ ប៉ុន្តែគំនិតរបស់ខ្ញុំមិនត្រឹមត្រូវទេ។ ខ្ញុំគ្រាន់តែប្រជែងយកឋានៈតួនាទីប៉ុណ្ណោះ ដូច្នេះ ខ្ញុំមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងភារកិច្ចរបស់ខ្ញុំទេ។ ខ្ញុំមិនអាចយល់ ឬដោះស្រាយបញ្ហាអ្វីបានទេ។

មានម្ដងនោះ បងប្អូនស្រីៗមួយចំនួនត្រូវបានជ្រើសរើសជាអ្នកមើលការខុសត្រូវក្រុមជំនុំ។ ពួកគេព្រួយបារម្ភថា ពួកគេមិនយល់ពីសេចក្ដីពិតគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកដទៃចំពោះច្រកចូលទៅក្នុងជីវិត។ ពួកគេមិនចង់ទទួលយកមុខនាទីនេះទេ។ ពេលស្ដាប់ឮបែបនេះ ខ្ញុំបានគិតថា៖ «តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណាដែលខ្ញុំអាចប្រកបគ្នាបាន ដើម្បីដោះស្រាយសភាពរបស់ពួកគេ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមើលឃើញថា សៅជី គ្មានអ្វីល្អជាងខ្ញុំនោះទេ?» ពេលដែលបងប្អូនស្រីៗទាំងនោះនិយាយចប់ ខ្ញុំប្រញាប់អានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ចែករំលែកការប្រកបគ្នា។ ប៉ុន្តែខ្ញុំគ្រាន់តែចង់អួតខ្លួនឯង និងឱ្យគេកោតសរសើរខ្ញុំប៉ុណ្ណោះ ដោយមិនបានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត ដើម្បីស្វែងរកឫសគល់នៃបញ្ហាឡើយ។ ការប្រកបគ្នារបស់ខ្ញុំមិនបានជោគជ័យនោះទេ។ ដោយមើលឃើញពួកគេអង្គុយដោយគ្មានការឆ្លើយតបអ្វី គឺពិតជាចម្លែកខ្លាំងណាស់។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេ។ បន្ទាប់មក ប្អូនស្រី សៅជី បានចាប់ផ្ដើមប្រកបគ្នាអំពីអត្ថន័យនៃការបំពេញភារកិច្ចរបស់យើង និងបាននិយាយពីបទពិសោធន៍ និងការយល់ដឹងផ្ទាល់ខ្លួនរបស់នាង ព្រមទាំងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បងប្អូនស្រីៗទាំងនោះបានទទួលការជំរុញចិត្តរហូតដល់ស្រកទឹកភ្នែក និងតាំងចិត្តទទួលយកភារកិច្ចនោះ។ ដោយមើលឃើញពួកគេសម្លឹងមើល សៅជី ដោយការកោតសរសើរ ធ្វើឱ្យមាត់ខ្ញុំភ្លាវតែម្ដង។ មនុស្សគ្រប់គ្នាពិតជាបានទទួលស្គាល់ខ្ញុំមុនពេលគាត់មក ប៉ុន្តែនាងបានទទួលអំណាចគ្រប់យ៉ាងបន្ទាប់ពីបានចូលរួមក្នុងក្រុមជំនុំ។ អ្នកដឹកនាំឱ្យតម្លៃនាង ហើយបងប្អូនប្រុសស្រីបានកោតសរសើរនាង ហើយខ្ញុំគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ទោះបីខ្ញុំធ្លាប់ធ្វើជាអ្នកដឹកនាំជាយូរមកហើយក្ដី។ ខ្ញុំព្រួយបារម្ភអំពីអ្វីដែលអ្នកដទៃគិតមកលើខ្ញុំ។ តើពួកគេនឹងនិយាយថា ខ្ញុំខ្វះតថភាពនៃសេចក្ដីពិត ថាខ្ញុំគ្រាន់តែធ្វើឱ្យនាងមើលទៅល្អ ពេលប្រៀបធៀបគ្នាមែនទេ? គំនិតរបស់ខ្ញុំត្រូវបានលេបត្របាក់ដោយគំនិតនេះអស់ពេលជាយូរ។ ខ្ញុំមានអារម្មណ៍ដូចជាប្អូនស្រី សៅជី កំពុងរារាំងភាពជោគជ័យរបស់ខ្ញុំ ហើយខ្ញុំចាប់ផ្ដើមច្រណែនគាត់។ ពេលខ្លះ ខ្ញុំសង្ឃឹមថា ខ្ញុំអាចឱ្យនាងចេញពីក្រុមជំនុំតាមវិធីណាមួយបាន។ ខ្ញុំគិតហើយគិតទៀត ប៉ុន្តែមិនអាចគិតចេញអ្វីនោះទេ។ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយវិញ្ញាណរបស់ខ្ញុំធ្លាក់ចូលទៅក្នុងភាពងងឹត។ ការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានពន្លឺចំពោះពួកគេសោះ ហើយខ្ញុំមិនអាចជួយអ្នកដទៃដោះស្រាយបញ្ហាបានទេ។ ខ្ញុំនៅតែបន្តបំពេញភារកិច្ចរបស់ខ្ញុំជារៀងរាល់ថ្ងៃ ប៉ុន្តែខ្ញុំត្រូវរងទុក្ខលំបាក និងការឈឺចាប់។ ខ្ញុំបានពាំនាំសភាពរបស់ខ្ញុំមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដោយពោលពាក្យអធិស្ឋាន ដោយទូលសុំទ្រង់ឱ្យណែនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងស្គាល់សេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់ខ្ញុំ។

ក្រោយមក ខ្ញុំអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ អ្នកគួរតែរៀនពីរបៀបរុករក និងអភិវឌ្ឍទេពកោសល្យ ហើយមិនត្រូវច្រណែននឹងមនុស្សដែលមានទេពកោសល្យឡើយ។ ដោយធ្វើបែបនេះ អ្នកនឹងបានបំពេញភារកិច្ចជាទីពេញចិត្ត និងបំពេញទំនួលខុសត្រូវរបស់អ្នក ហើយអ្នកក៏នឹងបានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីមានស្វាមីភក្តិផងដែរ។ មនុស្សមួយចំនួនតែងតែខ្លាចថា អ្នកដទៃនឹងដណ្ដើមមុខមាត់របស់ពួកគេ ខ្លាចថាគេល្អជាងខ្លួន ហើយខ្លាចទៀតថា គេបានការទទួលស្គាល់ ខណៈពេលដែលពួកគេផ្ទាល់ត្រូវបានព្រងើយកន្ដើយ។ ការនេះនាំឱ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីខ្លួនឯង បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរដល់ចំពោះភារកិច្ចរបស់អ្នកដទៃ និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអារកាត់បានលឿនមែន។ ព្រះបន្ទូលនោះបានសម្ដែងឱ្យយល់ពីសភាពរបស់ខ្ញុំយ៉ាងច្បាស់។ ដោយឃើញពីគុណសម្បត្តិខ្ពង់ខ្ពស់ និងការប្រកបគ្នារបស់ប្អូនស្រីបានជាក់ស្ដែង ឃើញថាថ្នាក់ដឹកនាំឱ្យតម្លៃនាង ហើយអ្នកដទៃបានកោតសរសើរនាង ខ្ញុំពិតជាច្រណែន និងចង់ឱ្យនាងចេញណាស់។ ខ្ញុំមិនអាចរង់ចាំឱ្យនាងចាកចេញពីក្រុមជំនុំបានទេ។ ខ្ញុំពុំបានគិតថាតើវានឹងប៉ះពាល់ដល់កិច្ចការរបស់ក្រុមជំនុំ ឬប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់បែបណានោះទេ។ ខ្ញុំមិនបានបង្ហាញអ្វីក្រៅពីភាពឃោឃៅ ហើយជាពិសស គឺភាពអាត្មានិយម និងគួរស្អប់។ ខ្ញុំពិតជាខ្វះភាពជាមនុស្សធម្មតាមែន! តើការបំពេញភារកិច្ចរបស់ខ្ញុំតាមបែបនេះ មិនធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមទេឬ? ខ្ញុំបានបាត់បង់ការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំបានធ្លាក់ចូលទៅក្នុងភាពងងឹត។ នោះគឺនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ទូលសុំទ្រង់ឱ្យណែនាំខ្ញុំ ដើម្បីឱ្យខ្ញុំលះបង់ឋានៈតួនាទី រស់នៅក្នុងភាពជាមនុស្សធម្មតា និងធ្វើការឱ្យបានល្អជាមួយប្អូនស្រីខ្ញុំ។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកផ្ដល់អនុសាសន៍របស់អ្នកដល់នរណាម្នាក់ ហើយបុគ្គលនោះត្រូវបានអភិវឌ្ឍក្លាយជាមនុស្សម្នាក់ដែលមានទេពកោសល្យ ហើយតាមរយៈការនាំមនុស្សដែលមានទេពកោសល្យម្នាក់ទៀតចូលទៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ តើអ្នកនឹងមិនបានធ្វើកិច្ចការរបស់អ្នកបានយ៉ាងល្អទេឬ? តើអ្នកនឹងមិនមានស្វាមីភក្ដិក្នុងការបំពេញភារកិច្ចរបស់អ្នកទេឬ? នេះគឺជាទង្វើដ៏ល្អមួយនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សគួរតែមានមនសិការ និងការត្រិះរិះពិចារណាបែបនេះ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅកំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំកាន់តែសោកស្ដាយនិងមានអារម្មណ៍ថាមានកំហុស។ ព្រះជាម្ចាស់ចង់ឱ្យមនុស្សជាច្រើនដែលស្វែងរកសេចក្ដីពិតបានកើនឡើង និងសហការជាមួយព្រះជាម្ចាស់។ ខ្ញុំគឺជាអ្នកដឹកនាំក្រុមជំនុំ ប៉ុន្តែខ្ញុំមិនដឹងថាព្រះហឫទ័យទ្រង់ចង់បានអ្វីនោះទេ។ នៅពេលដែលខ្ញុំបានឃើញថា មនុស្សប្រភេទនេះបានធ្វើការនៅក្នុងក្រុមជំនុំ មិនត្រឹមតែខ្ញុំមិនសប្បាយចិត្តអំពីរឿងនេះទេ ប៉ុន្តែខ្ញុំច្រណែន និងព្រួយបារម្ភអំពីឋានៈរបស់ខ្ញុំផង។ ខ្ញុំគ្មានទាំងសតិសម្បជញ្ញៈ និងមូលហេតុធម្មតាបំផុតជាមនុស្សម្នាក់ផង។ ខ្ញុំបានឃើញថា ខ្ញុំមិនស័ក្តិសមធ្វើជាអ្នកដឹកនាំទាល់តែសោះ ហើយខ្ញុំបានស្អប់ថាហេតុអ្វីបានជាខ្ញុំអាត្មានិយមបែបនេះ។ ប្អូនស្រី សៅជី មានគុណសម្បត្តិល្អ និងដោះស្រាយបញ្ហាតាមរយៈការប្រកបគ្នា គឺពិតជាល្អសម្រាប់ការងារក្រុមជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រី។ ខ្ញុំគួរតែគាំទ្រដល់គាត់ និងរៀនសូត្រពីចំណុចខ្លាំងរបស់នាង។ ការបំពេញការងារបានល្អជាមួយនាងក្នុងភារកិច្ចរបស់យើង គឺជាវិធីតែមួយគត់ក្នុងការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំនៅតែមានអារម្មណ៍ច្រណែនតិចតួចដែរ នៅពេលខ្ញុំបានកត់សម្គាល់ឃើញអ្នកដទៃគាំទ្រប្អូនស្រី សៅជី ប៉ុន្តែខ្ញុំនឹងអធិស្ឋានទៅព្រះជាម្ចាស់ និងលះបង់ខ្លួនឯង។ ខ្ញុំផ្ដោតលើការរស់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ និងឈប់គិតច្រើនថាតើនរណាត្រូវគេកោតសរសើរ ហើយខ្ញុំមានអារម្មណ៍ច្រណែនតិចតួចជាងមុន។ ខ្ញុំប្រែជាអាចស្វែងរក និងពិភាក្សាការងារជាមួយនាងបាននៅពេលមានបញ្ហា ហើយប្រើចំណុចខ្លាំងរបស់នាងដើម្បីកែតម្រូវចំណុចខ្សោយរបស់ខ្ញុំ ដោយស្វែងរកគោលការណ៍នៃសេចក្ដីពិតរួមគ្នា។ ខ្ញុំមានអារម្មណ៍កាន់តែមានសេរីភាព និងងាយស្រួល។ បន្ទាប់ពីឆ្លងកាត់ការបំផ្លាស់បំប្រែបានខ្លះៗ ខ្ញុំគិតថាធម្មជាតិច្រណែនរបស់ខ្ញុំមានការប្រសើរឡើងហើយ បុន្តែខ្ញុំភ្ញាក់ផ្អើលនៅពេលខ្ញុំជួបប្រទះស្ថានភាពបែបនេះ ដែលបានបង្ហាញថាធម្មជាតិជាសាតាំងរបស់ខ្ញុំបានចាក់ឫសយ៉ាងជ្រៅ។ ខ្ញុំត្រូវការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលជាច្រើនទៀតដើម្បីត្រូវបានបន្សុទ្ធ។

ពេលមួយ សៅជី និងខ្ញុំបានចូលរួមកិច្ចប្រជុំក្រុមការងារជាមួយគ្នា ដែលថ្នាក់ដឹកនាំបានធ្វើការរាក់ទាក់ខ្ញុំមួយភ្លែត បន្ទាប់មកក៏ចាប់ផ្ដើមពិភាក្សាអំពីការងារក្រុមជំនុំជាមួយ សៅជី។ ខ្ញុំគ្រាន់តែអង្គុយទៅម្ខាង មានអារម្មណ៍ដូចជាកង់សាគួរ ហើយអារម្មណ៍របស់ខ្ញុំប្រែទៅជាមិនល្អយ៉ាងឆាប់រហ័ស។ ខ្ញុំសម្លឹងមើលទៅ សៅជី ដោយការខឹងសម្បារ និងមានអារម្មណ៍សង្ស័យ ដោយគិតថា «ដូច្នេះ អ្នកដឹកនាំពិតជាឱ្យតម្លៃនាងច្រើនជាងខ្ញុំ។ នាងជាកុមារមាសនៅក្នុងក្រុមជំនុំ និងក្នុងភ្នែករបស់អ្នកដឹកនាំ ហើយខ្ញុំគ្រាន់តែធ្វើឱ្យនាងកាន់តែល្អ ពេលប្រៀបធៀបនឹងខ្ញុំ»។ បន្ទាប់មក ខ្ញុំបានស្ដាប់ឮអ្នកដឹកនាំបានរៀបចំឱ្យ សៅជី ចូលរួមក្នុងការបង្រៀនបទគម្ពីរនៅក្នុងតំបន់ផ្សេង និងទទួលបានការបណ្ដុះបណ្ដាលមួយចំនួន។ ខ្ញុំពិតជាមិនសប្បាយចិត្តសោះពេលឮបែបនេះ។ «តើហេតអ្វីអ្នកដឹកនាំចង់ឱ្យ សៅជី ទៅចូលរួម បែរជាមិនមែនខ្ញុំទៅវិញ?» ខ្ញុំគិតថា៖ «តើខ្ញុំពិតជាអន់បែបនេះមែនទេ? តើខ្ញុំគ្មានតម្លៃសម្រាប់ការបណ្ដុះបណ្ដាលបន្តិចណាទេឬ?» ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងដូចជាត្រូវគេចាក់ទឹកត្រជាក់លើក្បាលអ៊ីចឹង។ ខ្ញុំមានអារម្មណ៍មិនអាចទទួលយកបានទាល់តែសោះ ដោយគិតថា ខ្ញុំខំបំពេញភារកិច្ចខ្ញុំដូចជានាងដែរ។ ប៉ុន្តែខ្ញុំត្រូវគេទុកចោល ចំណែកនាងបានទៅស្ដាប់ការបង្រៀនបទគម្ពីរ។ ខ្ញុំមានអារម្មណ៍ថា ត្រូវគេមើលរំលងទាំងស្រុង មិនថាអ្វីដែលខ្ញុំបានធ្វើ គឺខ្ញុំមិនស្មើនឹងនាងទេ។ ខ្ញុំមានអារម្មណ៍កាន់តែយ៉ាប់ទៅៗ ពេលខ្ញុំប្រៀបធៀបខ្លួនដោយបែបនេះ ហើយខ្ញុំបានចាប់ផ្ដើមរស់នៅក្នុងសភាពនៃការច្រណែន និងការខកចិត្តសាជាថ្មី។ ខ្ញុំពិតជាចង់ឱ្យអ្នកដឹកនាំឱ្យយើងធ្វើការបែកគ្នា ដើម្បីឱ្យខ្ញុំអាចទទួលបានឱកាសលេចធ្លោ។

បន្ទាប់ពីនោះមក ប្ដីរបស់ សៅជី ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់។ ការណ៍នេះធ្វើឱ្យនាងពិបាកយ៉ាងខ្លាំង។ ខ្ញុំបានលួងលោមនាង និងលើកទឹកចិត្តនាងឱ្យអធិស្ឋាន និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈការល្បងលនេះ ប៉ុន្តែខ្ញុំចេះតែគិតថា «នាងពិតជាបានដល់ចំណុចកំពូលហើយ។ ពេលនេះ នាងកំពុងត្រូវបានបន្សុទ្ធ ហើយនាងកំពុងស្ថិតក្នុងសភាពមិនល្អ ដូច្នេះវាគឺជាឱកាសសម្រាប់ខ្ញុំក្នុងការបង្ហាញខ្លួនឯងហើយ។ ប្រសិនបើសភាពរបស់នាងបានប្រសើរ នោះនាងនឹងទទួលបានឱកាសនេះ។ ខ្ញុំសង្ឃឹមថាការបន្សុទ្ធនេះ នឹងមានពេលយូរបន្តិចសម្រាប់គាត់។ ដូច្នេះ បើអ្វីៗមកជាធម្មតាវិញ នោះមនុស្សគ្រប់គ្នានឹងឃើញថា នាងប្រកបគ្នាបានល្អ។ ប៉ុន្តែ នាងមិនអាចរស់នៅតាមតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ ពួកគេនឹងមិនសរសើរនាងខ្លាំងទៀតទេ។ អ្នកដឹកនាំប្រហែលឃើញថា នាងខ្វះតថភាពនៃសេចក្ដីពិត ហើយនឹងមិនបណ្ដុះបណ្ដាលនាងទៀតទេ ហើយបន្ទាប់មក អ្នកដទៃនឹងគិតល្អមកលើខ្ញុំដោយឯកឯង»។ ខ្ញុំពិតជាមិនបានគិតពីសភាពនៃចិត្តរបស់ខ្ញុំឱ្យបានច្រើននោះទេ ប៉ុន្តែគ្រាន់តែឱ្យគំនិតទាំងនោះលេចចេញមកហើយបាត់ទៅវិញ។ ថ្ងៃមួយបងប្អូនស្រីៗមួយចំនួនបានសួរនាំអំពី សៅជី ដោយក្ដីកង្វល់ ហើយខ្ញុំបាននិយាយថា នាងកំពុងស្ថិតក្នុងសភាពមិនល្អ ហើយបើទោះបីជានាងតែងមានការប្រកបគ្នាដ៏ល្អក្ដី ក៏នាងនឹងប្រែជាអវិជ្ជមានតាមរយៈការល្បងល និងខ្វះកម្ពស់ពិតប្រាកដដែរ។ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តទេ នៅពេលខ្ញុំបាននិយាយដូច្នេះ។ ខ្ញុំបាននិយាយបំភ្លើសដើម្បីវិនិច្ឆ័យ និងបន្ទាបតម្លៃនាង។ ប៉ុន្តែនៅពេលខ្ញុំបានឃើញបងប្អូនស្រីទាំងនោះស្ដាប់សម្ដីខ្ញុំ ខ្ញុំលួចអរស្ងាត់ៗដែរ។ ខ្ញុំគិតថា ពួកគេនឹងឈប់កោតសរសើរ សៅជី ខ្លាំងដូចមុនទៀតហើយ។ ប៉ុន្តែនៅពេលខ្ញុំជួបគាត់នៅពេលក្រោយ បើទោះបីជានាងរងទុក្ខលំបាក និងទួញយំនៅពេលនាងអធិស្ឋានក៏ដោយ ក៏នាងមិនដែលឱ្យវាជ្រៀតជ្រែកដល់ភារកិច្ចរបស់នាងឡើយ។ ខ្ញុំមិនដឹងធ្វើម៉េចទេ តែដូចជាមានអារម្មណ៍ថាបានធ្វើខុសបន្តិចដែរ។ ការដែលប្រទះនឹងការល្បងល នោះវានឹងពិបាក ដែលមិនអាចគេចផុតពីត្រូវរងទុក្ខ និងមានអារម្មណ៍ទន់ជ្រាយនោះទេ។ ខ្ញុំគួរណាស់តែបានអធិស្ឋានឱ្យនាង ប្រសិនបើខ្ញុំមានភាពជាមនុស្សមែន និងបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចដើម្បីជួយគាំទ្រនាង។ ប៉ុន្តែតើខ្ញុំបានធ្វើអ្វីខ្លះ? ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះចំពោះរឿងនេះ។ ខ្ញុំបានមកចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ធ្វើការអធិស្ឋាន ដោយបាននិយាយថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាច្រណែនគេពេកហើយ។ ទូលបង្គំបានវិនិច្ឆ័យ និងបន្ទាបតម្លៃ សៅជី ដើម្បីឱ្យទូលបង្គំបានល្អលើសនាង។ ទូលបង្គំបានទាំងអរសប្បាយនឹងការឈឺចាប់របស់នាង និងចង់ឱ្យតែនាងប្រែជាអវិជ្ជមាន និងជំពប់ដួលទេ។ ទូលបង្គំពិតជាគ្មានភាពជាមនុស្សទាល់តែសោះ។ ព្រះជាម្ចាស់អើយ សូមណែនាំទូលបង្គំ និងបំភ្លឺទូលបង្គំឱ្យបានដឹងពីសេចក្ដីពុករលួយរបស់ទូលបង្គំ និងឱ្យទូលបង្គំបានរួចពីនិស្ស័យរបស់សាតាំងផង»។

បន្ទាប់ពីការអធិស្ឋានរួច ខ្ញុំបានអានសេចក្ដីនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បើមនុស្សខ្លះឃើញនរណាម្នាក់ប្រសើរជាងខ្លួន នោះពួកគេគាបសង្កត់អ្នកនោះ ចាប់ផ្ដើមបង្កើតពាក្យចចាមអារ៉ាមអំពីពួកគេ ឬប្រើមធ្យោបាយដែលគ្មានសីលធម៌មួយចំនួន ដើម្បីមិនឱ្យមនុស្សដទៃគោរពអ្នកនោះ ហើយថាគ្មាននរណាម្នាក់ប្រសើរជាងនរណាឡើយ ដូច្នេះ នេះគឺជានិស្ស័យពុករលួយនៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ក៏ដូចជាភាពវៀចវេរ ភាពបោកបញ្ឆោត និងកលល្បិច ហើយមនុស្សទាំងនេះមិនបញ្ឈប់ក្នុងការសម្រេចបានគោលបំណងរបស់ពួកគេឡើយ។ ពួកគេរស់នៅដូចនេះ ប៉ុន្តែពួកគេនៅតែគិតថា ពួកគេអស្ចារ្យ ហើយថាពួកគេគឺជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ តើពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឬទេ? ដំបូងបំផុត ដើម្បីនិយាយតាមទស្សនៈរបស់ធម្មជាតិនៃបញ្ហាទាំងនេះ តើមនុស្សដែលធ្វើសកម្មភាពតាមរបៀបនេះមិនមែនកំពុងតែធ្វើតាមអ្វីដែលពួកគេចង់ធ្វើទេឬ? តើពួកគេពិចារណាដល់ផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ឬទេ? ពួកគេគិតតែអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពួកគ្រាន់តែចង់សម្រេចបានគោលបំណងរបស់ពួកគេប៉ុណ្ណោះ មិនថាគ្រួសាររបស់ព្រះជាម្ចាស់រងទុក្ខដោយការខាតបង់យ៉ាងណាឡើយ។ មនុស្សដូចនេះមិនត្រឹមតែក្រអឺតក្រទម និងរាប់ថាខ្លួនឯងខ្ពង់ខ្ពស់ទេ ពួកគេថែមទាំងអាត្មានិយម និងគួរឱ្យស្អប់ទៀតផង។ ពួកគេមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយមនុស្សដូចនេះមិនបាច់សង្ស័យឡើយ គឺមិនមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឡើយ។ នេះគឺជាមូលហេតុដែលពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ និងធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយគ្មានញាណនៃការស្ដីបន្ទោស ដោយគ្មានការញញើត ដោយគ្មានការព្រួយចិត្ត ឬការបារម្ភ ហើយដោយគ្មានការពិចារណាពីផលវិបាកឡើយ។ នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ ហើយជារបៀបដែលពួកគេតែងតែប្រព្រឹត្ត។ តើផលវិបាកអ្វីដែលមនុស្សបែបនេះប្រឈម? ពួកគេនឹងមានបញ្ហា តើត្រូវទេ? និយាយឱ្យងាយទៅ មនុស្សបែបនេះមានការច្រណែនខ្លាំង និងមានបំណងខ្លាំងក្នុងការទទួលបានកេរ្ដិ៍ឈ្មោះ និងឋានៈ។ ពួកគេបោកបញ្ឆោត និងវៀចវេរណាស់។ និយាយឱ្យតឹងរ៉ឹងជាងនេះ បញ្ហាសំខាន់គឺថាចិត្តរបស់មនុស្សប្រភេទនេះ ថែមទាំងមិនមានការកោតខ្លាចព្រះជាម្ចាស់បន្តិចទៀតផង។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ ពួកគេជឿថាខ្លួនឯងសំខាន់បំផុត ហើយពួកគេចាត់ទុកទិដ្ឋភាពនីមួយៗរបស់ខ្លួនឯងខ្ពស់ជាងព្រះជាម្ចាស់ និងខ្ពស់ជាងសេចក្ដីពិត។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មានតម្លៃតិចបំផុតក្នុងការលើកយកមកនិយាយ និងគ្មានសារៈសំខាន់បំផុត ហើយព្រះជាម្ចាស់មិនមានឋានៈណាមួយនៅក្នុងចិត្តរបស់ពួកគេទាល់តែសោះ។ ... តើអ្នករាល់គ្នានឹងនិយាយ ឬអត់ថាបុគ្គលប្រភេទនេះអាក្រក់? តើបុគ្គលដែលមិនគោរពព្រះជាម្ចាស់ ជាបុគ្គលប្រភេទណា? តើពួកគេមិនក្រអឺតក្រទមទេឬ? តើពួកគេមិនមែនជាសាតាំងទេឬ? តើរបស់ប្រភេទណាដែលមិនគោរពព្រះជាម្ចាស់? ដោយមិននិយាយពីសត្វ អស់អ្នកដែលមិនគោរពព្រះជាម្ចាស់រួមមាន អារក្ស សាតាំង មហាទេវតា និងអ្នកដែលជំទាស់នឹងព្រះជាម្ចាស់» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលនេះពិតជាចាក់ដោតបេះដូងណាស់។ ខ្ញុំគឺពិតជាមនុស្សបែបនោះមែន។ ខ្ញុំបានដឹងថាប្អូនស្រី សៅជី មានគុណសម្បត្តិល្អ បានស្វែងរកសេចក្ដីពិត និងស័ក្តិសមនឹងទទួលបានការបណ្ដុះបណ្ដាលមែន តែនៅពេលខ្ញុំឃើញអ្នកដឹកនាំឱ្យតម្លៃនាង និងចង់បញ្ជូននាងទៅក្នុងការប្រជុំនៅខាងក្រៅ ខ្ញុំបែរជាមិនអាចទប់ចិត្តបាន។ ខ្ញុំមានអារម្មណ៍ថាគេកំពុងគិតខុសលើខ្ញុំ ហើយខ្ញុំមិនអាចទទួលយកបានទេ។ ខ្ញុំបែរជាច្រណែន និងខកចិត្តចំពោះនាង ហើយចង់ឱ្យអ្នកដឹកនាំបញ្ជូនគាត់ចេញជាខ្លាំង។ នៅពេលនាងទន់ជ្រាយ និងមានការឈឺចាប់ដោយការល្បងលរបស់នាង ខ្ញុំបានធ្វើដូចជាខ្ញុំជួយនាង តែខ្ញុំបែរជាត្រេកអរនឹងការរងទុក្ខរបស់នាង។ ខ្ញុំចង់ឱ្យគាត់ប្រែជាអវិជ្ជមាន ដើម្បីឱ្យខ្ញុំអាចចេញមុខមាត់បាន។ ខ្ញុំថែមទាំងវិនិច្ឆ័យ និងបន្ទាបតម្លៃនាងនៅចំពោះមុខអ្នកដទៃដើម្បីលើកខ្លួនឯង ដើម្បីឱ្យបានលេចធ្លោឡើង។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនបានគោរពព្រះជាម្ចាស់ឡើយ។ ខ្ញុំច្រណែន និងធ្វើរឿងដែលមិនសមរម្យ ដើម្បីការពារឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាគួរឱ្យស្អប់ និងឃោឃៅមែន។ ខ្ញុំមានគំនិតចង្អៀត ចង្អល់ អសារឥតការ ឃោរឃៅ គួរឱ្យស្អប់ និងគួរឱ្យអាណិត! តើខ្ញុំមានអ្វីខុសពីសាតាំងទៅ? មានតែសាតាំងប៉ុណ្ណោះដែលមិនអាចទ្រាំនឹងអ្វីដែលល្អបាន ហើយចង់ឱ្យមនុស្សមានភាពអវិជ្ជមាន ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងផិតក្បត់នឹងព្រះជាម្ចាស់។ ខ្ញុំកំពុងធ្វើជាបាវបម្រើរបស់សាតាំង ដោយរំខានដល់កិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំកំពុងធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់ចុះខ្សោយ និងធ្វើការអាក្រក់ ដោយឈរខាងសាតាំងប្រឆាំងនឹងព្រះជាម្ចាស់! បើទោះបីជាដូច្នេះក្ដី ខ្ញុំបានគិតជាច្រើនអំពីខ្លួនឯង។ ខ្ញុំពិតជាខ្វះតថភាពនៃសេចក្ដីពិត ហើយគុណសម្បត្តិរបស់ខ្ញុំមិនស្មើគ្នានឹងលក្ខណៈរបស់ប្អូនស្រី សៅជី ផង។ ខ្ញុំក៏តែងតែប្រជែងចង់បានឋានៈ ដោយចង់ធ្វើល្អជាងនាង។ ខ្ញុំក្រអឺតក្រទម និងខ្វះការយល់ដឹងពីខ្លួនឯង! នៅត្រង់ចំណុចនេះ ខ្ញុំពិតជាស្អប់ខ្លួនឯង និងចង់ឱ្យខ្លួនឯងរួចផុតពីនិស្ស័យរបស់សាតាំង។

បន្ទាប់ពីនោះមក ខ្ញុំបានអានសេចក្ដី នេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីខូចអាក្រក់របស់គេដែលបង្ករដោយសាតាំង។ ដោយសារតែការខូចអាក្រក់របស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឱ្យក្លាយជាខូចអាក្រក់ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកអ្នក។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឱ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងុល។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឱ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នេះជួយឱ្យខ្ញុំបានយល់ថាខ្ញុំតែងតែបះបោរ និងទទឹងទាស់នឹងព្រះជាម្ចាស់ ដោយរស់នៅក្នុងសេចក្ដីពុករលួយ ដោយសារខ្ញុំត្រូវសាតាំងធ្វើឱ្យពុករលួយ។ ខ្ញុំធ្លាប់បានអប់រំតាមគោលការណ៍ និងក្បួនហេតុផលរបស់សាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ» ។ល។ ខ្ញុំបានទទួលយកពាក្យទំនៀមពីសាតាំង ហើយទស្សនៈរបស់ខ្ញុំ ក្បួនខ្នាតសម្រាប់ការរស់នៅ និងមូលហេតុ ត្រូវបានធ្វើឱ្យខុសពីធម្មតា ធ្វើឱ្យខ្ញុំកាន់តែក្រអឺតក្រទម និងអាក្រក់ ព្រមទាំងឃ្លាតចេញពីភាពជាមនុស្ស។ នៅពេលស្ថិតក្រោមឥទ្ធិពលថ្នាំពុលរបស់សាតាំង ខ្ញុំចង់ស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ និងឱ្យគេកោតសរសើរខ្ញុំ។ ខ្ញុំចង់ធ្វើឱ្យលេចធ្លោក្នុងចំណោមមនុស្ស និងមិនចង់ឱ្យនរណាម្នាក់លើសខ្ញុំនោះទេ ហើយមិនថានរណាធ្វើអ្វីនោះទេ ខ្ញុំមិនអាចអត់ទ្រាំមិនប្រកួតប្រជែងនោះទេ។ ប្រសិនបើខ្ញុំមិនអាចលើសពួកគេបានទេ ខ្ញុំនឹងច្រណែន និងខកចិត្ត ឬថែមទាំងធ្វើរឿងលាក់ពុត ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ។ ខ្ញុំមិនបានបង្ហាញអ្វីក្រៅពីនិស្ស័យក្រអឺតក្រទម បោកបញ្ឆោត និងឃោឃៅរបស់សាតាំងឡើយ។ ខ្ញុំបានអះអាងថា បានបំពេញភារកិច្ចរបស់ខ្ញុំ ប៉ុន្តែតាមពិត ខ្ញុំកំពុងធ្វើការឱ្យខ្លួនឯងទេ ដោយធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ខ្ញុំបានគិតពីពួកទទឹងនឹងព្រះគ្រីស្ទដែលត្រូវបានគេបណ្ដេញចេញ។ ពួកគេមានការច្រណែន និងធ្វើមិនល្អដាក់មនុស្សគ្រប់គ្នាដែលបានស្វែងរកសេចក្ដីពិត ឬយកចិត្តទុកដាក់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចាត់ទុកមនុស្សគ្រប់គ្នាដែលគំរាមកំហែងដល់ឋានៈផ្ទាល់ខ្លួនដូចជាបន្លាក្នុងកែវភ្នែក។ ពួកគេកៀបសង្កត់ និងគុំគួន ហើយថែមទាំងចង់ឱ្យអ្នកដទៃខ្ទាតចេញពី ក្រុមជំនុំ ដើម្បីឱ្យពួកគេអាចមានឋានៈខ្ពង់ខ្ពស់។ ចុងក្រោយ ពួកគេត្រូវគេបណ្ដេញចេញពីក្រុមជំនុំ មិនឱ្យធ្វើអំពើអាក្រក់ច្រើនទេ។ ខ្ញុំមិនចង់ចងគំនុំ ឬប្រព្រឹត្តអាក្រក់ខ្លាំងដូចជាពួកប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែ ខ្ញុំច្រណែន និងត្រូវគ្រប់គ្រងដោយធម្មជាតិក្រអឺតក្រទម និងឃោរឃៅ។ ខ្ញុំថែមទាំងមិនរាប់រក និងវិនិច្ឆ័យប្អូនស្រី សៅជី ដើម្បីរក្សាឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលទាស់នឹងព្រះជាម្ចាស់។ និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនអាចអត់ឱននឹងការប្រមាថបានទេ។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំមិនបានប្រែចិត្តទេ ចុងក្រោយ ខ្ញុំនឹងត្រូវព្រះជាម្ចាស់បដិសេធ និងលុបបំបាត់ចោល។ នោះពិតជាគួរឱ្យខ្លាចណាស់ចំពោះខ្ញុំ។ ខ្ញុំបានដឹងថាព្រះជាម្ចាស់កំពុងការពារខ្ញុំដោយការជំនុំជម្រះដ៏តឹងរឹងរបស់ទ្រង់។ បើពុំដូច្នោះទេ ខ្ញុំនឹងមិនឆ្លុះបញ្ចាំងពីខ្លួនឯងទេ នោះការសោកស្ដាយនឹងយឺតពេល នៅពេលខ្ញុំបានធ្វើអ្វីអាក្រក់ប្រាកដមែន។ ខ្ញុំពិតជាឆេះឆួលណាស់ ពេលខ្ញុំបានគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ត្រៀមខ្លួនជាស្រេចដើម្បីប្រែចិត្ត និងផ្លាស់ប្ដូរ។

ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់នៅក្នុងការថ្វាយបង្គំនៅថ្ងៃមួយ៖ «សម្រាប់ម្នាក់ៗដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនថាអ្នកយល់សេចក្តីពិតបានជ្រាលជ្រៅកម្រិតណាឡើយ បើអ្នកចង់ចូលក្នុងតថភាពនៃសេចក្តីពិត នោះផ្លូវដ៏សាមញ្ញបំផុតក្នុងការអនុវត្ត គឺត្រូវគិតដល់ផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ និងត្រូវបោះបង់ចោលសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក ព្រមទាំងចេតនាបុគ្គល គោលបំណង កិត្យានុភាព និងឋានៈបុណ្យសក្តិរបស់អ្នក។ ចូរទុកផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ជាទីមួយ ដ្បិតនេះគឺជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកគួរតែធ្វើ។ បើបុគ្គលម្នាក់ដែលកំពុងតែបំពេញភារកិច្ចរបស់ខ្លួន មិនអាចធ្វើសូម្បីតែកិច្ចការបែបនេះផង តើអាចនិយាយបានថា គេកំពុងតែបំពេញភារកិច្ចរបស់ខ្លួនបានម្ដេចកើតទៅ? នេះមិនមែនជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ទេ។ ដំបូង អ្នកគួរតែពិចារណាលើផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះ ពិចារណាលើផលប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ និងពិចារណាលើកិច្ចការរបស់ទ្រង់ ហើយចាត់ទុកការពិចារណាទាំងនេះជារឿងទីមួយ និងសំខាន់បំផុត។ មានតែក្រោយការពិចារណាទាំងនេះទេ ទើបអ្នកអាចគិតអំពីស្ថិរភាពនៃឋានៈរបស់អ្នក ឬរបៀបដែលអ្នកដទៃមើលចំពោះអ្នកបាន។ ... លើសពីនេះ បើអ្នកអាចបំពេញទំនួលខុសត្រូវរបស់អ្នក បំពេញកាតព្វកិច្ច និងភារកិច្ចរបស់អ្នក បោះបង់សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក បោះបង់ចេតនា និងបំណងចិត្តផ្ទាល់ខ្លួនរបស់អ្នក មានការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទុកផលប្រយោជន៍របស់ព្រះជាម្ចាស់ និងព្រះដំណាក់របស់ទ្រង់ជាទីមួយ បន្ទាប់មក ក្រោយការដកពិសោធន៍អំពីការនេះបានមួយរយៈ នោះអ្នកនឹងមានអារម្មណ៍ថា នេះគឺជាមាគ៌ាដ៏ល្អមួយក្នុងការរស់នៅ។ វាគឺជាការរស់នៅដោយទៀងត្រង់ និងស្មោះត្រង់ ដោយមិនក្លាយជាមនុស្សគ្មានតម្លៃ ឬឥតបានការ ហើយកំពុងតែរស់នៅយ៉ាងត្រឹមត្រូវ និងគួរឱ្យគោរព ជាជាងក្លាយជាមនុស្សចិត្តចង្អៀត ឬកំណាញ់។ អ្នកនឹងមានអារម្មណ៍ថា នេះគឺជារបៀបដែលមនុស្សម្នាក់គួរតែរស់នៅ និងប្រព្រឹត្ត។ បន្ដិចម្ដងៗ សេចក្តីប៉ងប្រាថ្នានៅខាងក្នុងដួងចិត្តរបស់អ្នកដែលចង់ចម្អែតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក នឹងកាន់តែចុះខ្សោយទៅៗ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មុខងារមិនដូចគ្នាទេ។ មានរូបកាយមួយ។ ម្នាក់ៗបំពេញកាតព្វកិច្ចរៀងៗខ្លួន នៅកន្លែងរបស់ខ្លួន និងធ្វើឱ្យអស់ពីសមត្ថភាពរបស់គេសម្រាប់ផ្កាភ្លើងនីមួយៗ មានពន្លឺចាំងមួយ—ហើយស្វែងរកភាពចាស់ទុំក្នុងជីវិត។ ការធ្វើដូច្នេះ នឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ដឹងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះជាម្ចាស់បានតម្រូវទុកជាមុននូវគុណសម្បត្តិរបស់មនុស្សម្នាក់ៗ និងតួនាទីដែលពួកគេអាចធ្វើបាន។ យើងមិនអាចប្រជែងគ្នា ឬខំប្រឹងដើម្បីរបស់អស់ទាំងនេះទេ។ នៅពេលនរណាម្នាក់ផ្សេងទៀតមានគុណសម្បត្តិល្អជាង នៅពេលព្រះជាម្ចាស់តម្រូវទុកជាមុនថា ខ្ញុំគួរធ្វើជាស្មៅ កុំធ្វើជាដើមឈើ នោះខ្ញុំគួរធ្វើជាស្លឹកស្មៅ និងត្រូវអនុវត្តកិច្ចការដោយសប្បាយចិត្ត។ ខ្ញុំមិនចង់ប្រជែងជាមួយអ្នកដទៃដើម្បីឋានៈតួនាទីទៀតទេ តែចង់លះបង់ចំណង់អាត្មានិយមរបស់ខ្ញុំ និងលែងរស់នៅតាមនិស្សយរបស់សាតាំង ដោយដាក់ប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ជាធំ និងបំពេញភារកិច្ចល្អដោយចេះបន្ទាបខ្លួនដោយពិតប្រាកដ។ នោះគឺជាផ្លូវតែមួយគត់ដើម្បីរស់នៅក្នុងពន្លឺ។ ខ្ញុំបានបើកចិត្តចំពោះបងប្អូនស្រីៗអំពីសេចក្ដីពុករលួយរបស់ខ្ញុំ និងបានសុំទោសប្អូនស្រី សៅជី។ នៅពេលនាងបានដឹងអំពីបំណងនិងអំពើឃោរឃៅនេះ នាងមិនបានបន្ទោសខ្ញុំឡើយ ប៉ុន្តែបានប្រកបគ្នាអំពីសេចក្ដីពិតដើម្បីជួយខ្ញុំ។ ខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំក៏ស្អប់ដែលថា ខ្ញុំគ្មានភាពជាមនុស្ស និងធ្វើឱ្យនាងឈឺចាប់។ បន្ទាប់មកខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីឱ្យខ្ញុំឈប់រៀបចំគ្រោងការដើម្បីឋានៈ និងបំពេញតែកិច្ចការរបស់ខ្ញុំឱ្យបានល្អ។

សៅជី បានត្រឡប់មកពីការធ្វើការរបស់នាង ប្រហែលមួយខែក្រោយ ហើយបានចែករំលែកអ្វីដែលនាងបានរៀនពីការប្រជុំនោះ។ ការប្រកបគ្នារបស់នាងគឺពិតជាការណែនាំ និងមានប្រយោជន៍ ប៉ុន្តែនៅពេលខ្ញុំបានឃើញអ្នកដទៃរៀនដោយយកចិត្តទុកដាក់ ខ្ញុំក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តម្ដងទៀត។ ខ្ញុំបានដឹងថា ខ្ញុំកំពុងខំប្រឹងដើម្បីឋានៈ និងកំពុងច្រណែនគេម្ដងទៀត ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ភ្លាមៗដើម្បីឱ្យខ្លួនឯងនៅឱ្យឆ្ងាយ។ ខ្ញុំចងចាំអ្វីដែលខ្ញុំបានឮនៅក្នុងសេចក្ដី អធិប្បាយថា មនុស្សមានហេតុផលដែលបម្រើព្រះជាម្ចាស់ នឹងមិនច្រណែនគេទេ ប៉ុន្តែនឹងចង់ឱ្យអ្នកដទៃល្អប្រសើរជាងខ្លួន ដូច្នេះ មនុស្សកាន់តែច្រើននឹងអាចជួយរំលែកបន្ទុករបស់ព្រះជាម្ចាស់បាន។ មនុស្សបែបនេះអាចទទួលបានសេចក្ដីអរសប្បាយនៅពេលព្រះជាម្ចាស់ទទួលបានមនុស្សណាម្នាក់។ ខ្ញុំបានដឹងថា នាងនឹងធំធាត់ និងបានរៀនសូត្រពីដំណើរទៅសិក្សាការបង្រៀនបទគម្ពីរ ហើយនាងអាចស្រោចស្រពនិងជួយអ្នកដទៃបាន។ នេះគឺល្អសម្រាប់ការយល់ដឹងពីសេចក្ដីពិតរបស់មនុស្សម្នាក់ៗ ហើយនឹងនាំសេចក្ដីលួងលោមដល់ព្រះជាម្ចាស់។ ខ្ញុំត្រូវស្វែងយល់ពីគាត់ និងប្រើចំណុចខ្លាំងរបស់នាងក្នុងភារកិច្ចរបស់ខ្ញុំ។ នោះគឺពិតជាសំខាន់ខ្លាំងណាស់។ នៅពេលខ្ញុំអធិស្ឋាន និងលះបង់ខ្លួនតាមរបៀបនេះ ខ្ញុំមានអារម្មណ៍កាន់តែងាយស្រួល។ មិនថាបងប្អូនប្រុសស្រីគិតបែបណាទេ ហើយមិនថាតួនាទីរបស់ខ្ញុំនៅក្នុងក្រុមជំនុំបែបណាទេ គឺលែងសំខាន់ចំពោះខ្ញុំទៀតហើយ។ ខ្ញុំស្ងប់ចិត្ត និងស្ដាប់ការប្រកបគ្នារបស់នាង ហើយទទួលយកនូវការបំភ្លឺ។ ខ្ញុំបានធ្វើការជាមួយគាត់ដើម្បីស្វែងរកគោលការណ៍នៃសេចក្ដីពិតនៅក្នុងការងាររបស់យើង។ បន្ទាប់ពីនោះមក នៅពេលខ្ញុំបានឃើញអ្នកដឹកនាំពិភាក្សាអ្វីជាមួយនាង ខ្ញុំមិនប្រកាន់អីទេ និងគ្មានអារម្មណ៍ច្រណែននោះទេ។ នេះគឺជាការធូរចិត្តសម្រាប់ខ្ញុំមែន។ ខ្ញុំបានជួបប្រទះវាដោយផ្ទាល់ ថាខ្ញុំមានអារម្មណ៍ងាយស្រួល និងស្មោះត្រង់នៅពេលខ្ញុំលះបង់ការប្រណែនរបស់ខ្ញុំ ហើយយូរៗទៅ ខ្ញុំអាចរស់នៅក្នុងលក្ខណៈជាមនុស្សបាន។ ខ្ញុំបានផ្លាស់ប្ដូរបន្តិចបន្ដួចដោយសារការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចំពោះសេចក្ដីសង្គ្រោះមកលើខ្ញុំ!

ខាង​ដើម៖ ៤០. ការព្យាបាលរោគច្រណែន

បន្ទាប់៖ ៤២. ដកដង្ហើមតិចៗ ដោយគ្មានសេចក្តីច្រណែន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ