ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១៨)
ចំណុចទីដប់ពីរ៖ កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយកែប្រែឱ្យអ្វីៗទៅជាប្រសើរឡើងវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា (ផ្នែកទីប្រាំមួយ)
មនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ
X. ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន
នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នាអំពីទំនួលខុសត្រូវទីដប់ពីររបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ៖ «កំណត់ពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបានឆាប់ និងសុក្រឹតត្រឹមត្រូវ។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយកែប្រែឱ្យអ្វីៗទៅជាប្រសើរឡើងវិញ។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការញែកដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា»។ ចំពោះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំ ដែលលេចឡើងនៅក្នុងជីវិតពួកជំនុំ យើងបានបែងចែករឿងទាំងនេះជាដប់មួយចំណុច។ ចូរអានចំណុចទាំងនោះម្ដងទៀត។ (ទីមួយ៖ តែងនិយាយចាកប្រធានជារឿយៗ នៅពេលប្រកបគ្នាពីសេចក្តីពិត ទីពីរ៖ និយាយពីពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីបំភាន់មនុស្ស និងទទួលបានការគោរពពីពួកគេ ទីបី៖ និយាយឥតប្រយោជន៍អំពីកិច្ចការផ្ទៃក្នុង កសាងទំនាក់ទំនងផ្ទាល់ខ្លួន និងដោះស្រាយកិច្ចការផ្ទាល់ខ្លួន ទីបួន៖ ការបង្កើតបក្សពួក ទីប្រាំ៖ ការប្រជែងដណ្ដើមឋានៈ ទីប្រាំមួយ៖ ការពាក់ព័ន្ធក្នុងទំនាក់ទំនងមិនត្រឹមត្រូវ ទីប្រាំពីរ៖ ការពាក់ព័ន្ធក្នុងការវាយប្រហារគ្នា និងទំនាស់ពាក្យសម្ដី ទីប្រាំបី៖ ការផ្សព្វផ្សាយសញ្ញាណផ្សេងៗ ទីប្រាំបួន៖ ការបញ្ចេញភាពអវិជ្ជមាន ទីដប់៖ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងទីដប់មួយ៖ ការប្រើឥទ្ធិពល និងការរំខានដល់ការបោះឆ្នោត។) លើកមុន យើងបានប្រកបគ្នាអំពីចំណុចទីប្រាំបួន។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីដប់ គឺការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។
ក. ការបង្ហាញចេញនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន
មានករណីនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន បានកើតមានឡើងនៅក្នុងពួកជំនុំ។ មនុស្សមួយចំនួនមិនស្រឡាញ់សេចក្ដីពិត ហើយមិនផ្តោតលើការអនុវត្តសេចក្ដីពិតនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ មិនថានៅក្នុងរឿងរ៉ាវដែលទាក់ទងនឹងគោលការណ៍សេចក្ដីពិត ឬនៅក្នុងការដេញតាមផ្ទាល់ខ្លួនរបស់ពួកគេទេ ពួកគេមិនផ្តោតលើការស្វែងរកសេចក្ដីពិតឡើយ ពោលគឺការផ្តោតអារម្មណ៍ទាំងនេះគ្មានកន្លែងនៅក្នុងចិត្តរបស់ពួកគេទេ។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេគ្រាន់តែចូលចិត្តសួរនាំអំពីរឿងនិយាយដើមគេ និងព័ត៌មានផ្ទាល់ខ្លួន ហើយប្រមូលរឿងរ៉ាវប្លែកៗ និងមិនធម្មតាប៉ុណ្ណោះ។ ជាការពិតណាស់ អ្វីដែលពួកគេចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺការលួចស៊ើបសួររឿងរ៉ាវដែលទាក់ទងនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជារឿងរ៉ាវដែលទាក់ទងនឹងដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការរបស់ពួកជំនុំ។ ក្នុងពេលជាមួយគ្នានេះ ពួកគេចូលចិត្តផ្សព្វផ្សាយរឿងនិយាយដើមគេដោយគ្មានមូលដ្ឋាន ដោយផ្សព្វផ្សាយរឿងរ៉ាវដែលពួកគេបានឮ ឬស្រមើស្រមៃ ដែលមិនពិតទាល់តែសោះ។ មនុស្សបែបនេះមិនចូលចិត្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេកម្រអធិដ្ឋានណាស់ ហើយក្នុងអំឡុងពេលនៃការជួបជុំ ពួកគេកម្រប្រកបគ្នាពីសេចក្ដីពិត ហើយក៏កម្រនិយាយអំពីសភាពផ្ទាល់ខ្លួន ការដេញតាម និងការចូលទៅក្នុងផ្ទាល់ខ្លួន ឬការយល់ដឹងរបស់ពួកគេអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀតណាស់។ ជាការពិតណាស់ ពួកគេមិនចាប់អារម្មណ៍ចំពោះអស់អ្នកដែលប្រកបគ្នាពីសេចក្ដីពិត ឬប្រកបគ្នាអំពីទីបន្ទាល់តាមរយៈបទពិសោធរបស់ពួកគេឡើយ ហើយក៏មិនចាប់អារម្មណ៍លើរឿងរ៉ាវទាំងនេះដែរ។ ប៉ុន្តែ គ្រាន់តែពួកគេឮនរណាម្នាក់និយាយអំពីថាតើកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ចំណុចណា ឬឃើញខ្លឹមសារនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីមហន្តរាយ គោលដៅរបស់មនុស្ស ការផ្លាស់ប្ដូរទម្រង់របស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត ភ្នែករបស់ពួកគេស្រាប់តែភ្លឺឡើងភ្លាម ហើយពួកគេផ្តោតអារម្មណ៍ជាពិសេស។ គ្រាន់តែពួកគេអាន ឬឮពាក្យពេចន៍ទាំងនេះភ្លាម ការចាប់អារម្មណ៍ពួកគេក៏កើតមានភ្លាមតែម្ដង។ ដោយជំនុំជម្រះតាមការបង្ហាញចេញរបស់មនុស្សទាំងនេះ គឺច្បាស់ណាស់ថា ពួកគេមិនជឿលើព្រះជាម្ចាស់ដើម្បីដេញតាមសេចក្ដីពិត ឬដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ឡើយ ហើយច្បាស់ណាស់ថា មិនមែនដើម្បីចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ដែរ។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ហើយមិនបានគិតគូរអំពីការបំពេញភារកិច្ចណាមួយទាល់តែសោះ។ ពួកគេគ្រាន់តែចង់លួចស៊ើបសួរ និងប្រមូលរឿងនិយាយដើមគេមួយចំនួន ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមខ្លះៗប៉ុណ្ណោះ។ ពួកគេសប្បាយចិត្តនឹងសកម្មភាពទាំងនេះ ហើយគ្មានការចាប់អារម្មណ៍ទាល់តែសោះចំពោះទីបន្ទាល់តាមរយៈបទពិសោធ ទំនុកបរិសុទ្ធ ឬភាពយន្តនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេគ្រាន់តែចូលចិត្តចូលអ៊ីនធឺណិត ដើម្បីប្រមូលសេចក្ដីថ្លែង និងការវាយតម្លៃដែលកម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា ធ្វើឡើងអំពីដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ពួកជំនុំ និងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទោះបីជាពួកគេមើលវីដេអូនៃដំណាក់របស់ព្រះជាម្ចាស់ម្ដងម្កាលក៏ដោយ ក៏វាមិនមែនចេញពីបំណងប្រាថ្នាខាងក្នុងដើម្បីស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហារបស់ពួកគេដែរ។ ចុះតើពួកគេមើលអ្វីទៅ? ពួកគេមើលមតិយោបល់នៅខាងក្រោមវីដេអូ ហើយពួកគេរើសអានតែមតិមួយចំនួនប៉ុណ្ណោះ។ ពួកគេរំលងមតិយោបល់របស់បងប្អូនប្រុសស្រីនៃពួកជំនុំ ប៉ុន្តែចាប់អារម្មណ៍ជាពិសេសចំពោះមតិយោបល់មកពីពិភពសាសនា និងពួកអ្នកគ្មានជំនឿ។ ពួកគេថែមទាំងមើលមតិយោបល់ និងសេចក្ដីថ្លែងរបស់នាគដ៏ធំមានសម្បុរក្រហមដោយចេតនាទៀតផង ដោយព្យាយាមស្វែងរកអ្វីមួយពីមតិយោបល់ទាំងនោះ។ នៅពេលពួកគេឃើញការឃោសនាអវិជ្ជមាន សេចក្ដីថ្លែង និងពាក្យចចាមអារ៉ាមដែលបានប្រឌិតឡើងទាំងនេះ ពួកគេមិនស្វែងរកសេចក្ដីពិត និងញែកដឹងពីរឿងទាំងនេះឡើយ។ ផ្ទុយទៅវិញ ពួកគេថែមទាំងអាចទទួលយកពាក្យសម្ដី និងសេចក្ដីថ្លែងអវិជ្ជមានទាំងនេះមួយចំនួន ហើយចាត់ទុកវាជាការពិតទៀតផង។ មិនថាមានមតិយោបល់វិជ្ជមានច្រើនប៉ុនណាក៏ដោយ ក៏ពួកគេគ្មានឆន្ទៈអានវាដែរ ហើយមិនជឿថាវាជាការពិតឡើយ។ មានតែមតិយោបល់អវិជ្ជមាន ឬពាក្យចចាមអារ៉ាមទាំងនោះប៉ុណ្ណោះ ដែលទាក់ទាញការយកចិត្តទុកដាក់របស់ពួកគេ និងធ្វើឱ្យពួកគេចង់ដឹងចង់ឮ។ រាល់ពេលដែលពួកគេឃើញមតិយោបល់អវិជ្ជមានទាំងនេះ ពួកគេមានអារម្មណ៍ពេញចិត្ត និងសុខស្រួលក្នុងចិត្តយ៉ាងខ្លាំង។ ពួកគេចាប់អារម្មណ៍ជាពិសេសចំពោះពាក្យចចាមអារ៉ាម និងការជំនុំជម្រះដែលមិនពិតទាល់តែសោះ ហើយថែមទាំងការវាយប្រហារ និងការបង្កាច់បង្ខូចទាស់នឹងព្រះជាម្ចាស់ ដែលកំពុងចែកចាយនៅក្នុងពិភពលោក នៅក្នុងពិភពសាសនា ឬតាមអ៊ីនធឺណិតទៀតផង ហើយពួកគេតែងតែសិក្សា និងប្រមូលរឿងទាំងនេះយ៉ាងឧស្សាហ៍ព្យាយាម។ ផ្ទុយទៅវិញ ពួកគេគ្មានការចាប់អារម្មណ៍ទាល់តែសោះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីអធិប្បាយ និងការប្រកបគ្នា ទីបន្ទាល់តាមរយៈបទពិសោធរបស់បងប្អូនប្រុសស្រី និងរឿងរ៉ាវផ្សេងៗទៀតបែបនេះ។ ដូច្នេះ នៅពេលដែលអ្នកដទៃអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាពីសេចក្ដីពិត និងចែករំលែកទីបន្ទាល់តាមរយៈបទពិសោធក្នុងអំឡុងពេលនៃការជួបជុំ ពួកគេមានអារម្មណ៍មិនពេញចិត្ត ហើយយល់ឃើញថារឿងទាំងនេះរំខាន និងឥតប្រយោជន៍។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនពេញចិត្តជាពិសេសចំពោះការប្រកបគ្នាអំពីសេចក្ដីពិត និងការនិយាយអំពីការស្គាល់ខ្លួនឯង។ ចុះតើពួកគេចង់ឮអ្វីទៅ? ពួកគេគ្រាន់តែចង់ឮរឿងរ៉ាវប្លែកៗ និងចម្លែកៗប៉ុណ្ណោះ មិនថាវាជាអាថ៌កំបាំងមកពីពិភពខាងវិញ្ញាណ ឬពាក្យចចាមអារ៉ាម និងរឿងនិយាយដើមគេដែលចែកចាយដោយពិភពសាសនានោះទេ គឺពួកគេមានឆន្ទៈស្ដាប់តែរឿងទាំងនេះប៉ុណ្ណោះ។ ចិត្តរបស់ពួកគេពោរពេញ និងត្រូវបានកាន់កាប់ដោយរឿងអវិជ្ជមានទាំងនេះ ហើយគ្មាននរណាម្នាក់អាចយករឿងអវិជ្ជមានទាំងនេះចេញពីពួកគេ ឬបំបាត់រឿងអវិជ្ជមានទាំងនេះពីពួកគេបានឡើយ។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែពួកគេចាប់អារម្មណ៍ និងចូលចិត្តរឿងទាំងនេះពេក! ហេតុដូច្នេះហើយ នៅពេលដែលពួកគេនៅក្នុងចំណោមបងប្អូនប្រុសស្រី ជាពិសេសក្នុងអំឡុងពេលនៃការជួបជុំ ពួកគេចូលចិត្តនិយាយអំពីរឿងនិយាយដើមគេដែលគ្មានមូលដ្ឋានមួយចំនួន ហើយថែមទាំងផ្សព្វផ្សាយមតិយោបល់អវិជ្ជមានខ្លះៗអំពីដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ដែលពួកគេរកឃើញតាមអ៊ីនធឺណិតទៀតផង។ មនុស្សទាំងនេះចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមទាំងនេះ។ ទោះបីជាពួកគេដឹងច្បាស់ថា ការផ្សព្វផ្សាយរឿងទាំងនេះមិនមានប្រយោជន៍ដល់អ្នកដទៃក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ ហើយទទូចចង់ផ្សព្វផ្សាយរឿងទាំងនេះ។ ទោះបីជាពួកគេត្រូវស្វែងរកឱកាសដើម្បីផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការឃោសនាអវិជ្ជមានទាំងនេះ ឬពួកគេត្រូវចំណាយពេលប្រមូលរឿងរ៉ាវបែបនេះ ឬប្រើចិត្តគំនិតរបស់ពួកគេដើម្បីប្រឌិតរឿងរ៉ាវបែបនេះក៏ដោយ ក៏ពួកគេនៅតែខ្នះខ្នែងចំពោះរឿងនេះដោយមិនចេះនឿយហត់ដែរ។ ប្រសិនបើនៅក្នុងពួកជំនុំមួយ អ្នកដឹកនាំពួកជំនុំមានគុណសម្បត្តិអន់ ហើយមិនអាចធ្វើកិច្ចការជាក់ស្ដែង ឬញែកដឹងពីមនុស្សបានទេ នោះនៅពេលដែលមានមនុស្សផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងភាពខុសទំនង ជីវិតពួកជំនុំនឹងត្រូវរំខាន និងរងផលប៉ះពាល់ ហើយមនុស្សមួយចំនួននឹងត្រូវបុគ្គលទាំងនេះបំភាន់ និងត្រួតត្រាទៀតផង។ ហេតុអ្វីបានជាមនុស្សជាច្រើនអាចត្រូវបានអ្នកដទៃរំខាន និងបំភាន់ជារឿយៗ? មូលហេតុមួយគឺថា ពួកគេមិនយល់សេចក្ដីពិត ហើយគ្មានការញែកដឹងទាក់ទងនឹងពាក្យចចាមអារ៉ាមដែលបង្កាច់បង្ខូចដំណាក់របស់ព្រះជាម្ចាស់។ មូលហេតុមួយទៀតគឺថា បងប្អូនប្រុសស្រីមួយចំនួនដែលទើបតែជឿបានមួយរយៈខ្លី មានកម្ពស់មិនទាន់ចាស់ទុំ ពួកគេមិនយល់សេចក្ដីពិតនៃនិមិត្ត ហើយពួកគេស្រពេចស្រពិលអំពីការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងព្រះរាជបំណងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ពួកគេមិនអាចមើលឃើញរឿងទាំងនេះច្បាស់លាស់ឡើយ ហើយពួកគេមិនប្រាកដថាតើដំណាក់កាលនៃកិច្ចការនេះ គឺជាការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ឬអត់នោះទេ។ ជាលទ្ធផល ពួកគេមិនមានសេចក្ដីជំនឿពិតប្រាកដទេ ហើយមិនទាំងដឹងថាពួកគេនឹងអាចដើរតាមព្រះជាម្ចាស់បានយូរប៉ុនណាផង។ តាមធម្មជាតិ ពួកគេក៏ងាយនឹងត្រូវបានបំភាន់ ត្រូវបានអូសទាញ និងត្រួតត្រាដោយអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែរ។
ខ. សារជាតិនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន គឺធ្វើក្នុងនាមជាអ្នកបម្រើសាតាំង
មនុស្សទាំងនេះដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន មិនត្រឹមតែមិនជឿលើសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមិនអាចញែកដឹងខុសត្រូវបានទៀតផង។ ពួកគេតែងតែសង្ស័យចំពោះរឿងវិជ្ជមាន ហើយងាយនឹងជឿស៊ប់លើពាក្យចចាមអារ៉ាម និងពាក្យរបស់អារក្ស។ មនុស្សទាំងនេះអះអាងថាជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ប៉ុន្តែពួកគេនៅតែផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលបង្កាច់បង្ខូចព្រះជាម្ចាស់ និងពួកជំនុំ ហើយពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមផ្សេងៗដែលពួកគេបានប្រមូល ទៅកាន់បងប្អូនប្រុសស្រី ថែមទាំងផ្សព្វផ្សាយ និងប្រកាសរឿងទាំងនេះនៅគ្រប់ទីកន្លែងយ៉ាងព្រហើន និងម្ដងហើយម្ដងទៀតទៀតផង។ តាមរយៈចំណុចនេះ គឺច្បាស់ណាស់ថា មនុស្សទាំងនេះមិនស្រឡាញ់សេចក្ដីពិតទេ ហើយជឿតែលើពាក្យរបស់អារក្សដែលចេញពីពួកអ្នកគ្មានជំនឿប៉ុណ្ណោះ។ និយាយឱ្យតឹងរ៉ឹងទៅ គឺពួកគេមិនមែនជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាល់តែសោះ ហើយពួកគេមិនមែនជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ចុះតើពួកគេជាអ្វីទៅ? និយាយឱ្យច្បាស់ទៅ មនុស្សទាំងនេះគឺជាពួកអ្នកមិនជឿ ពួកគេគឺជាពួកអ្នកបម្រើសាតាំង។ មនុស្សមួយចំនួននិយាយថា៖ «តើពួកអ្នកបម្រើសាតាំង គឺជាចារបុរសដែលបក្សកុម្មុយនីស្តចិនបញ្ជូនមកមែនទេ? តើពួកគេគឺជាភ្នាក់ងារដែលជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់មែនទេ?» មិនប្រាកដទេ។ ពួកភ្នាក់ងារ និងពួកចារបុរសទាំងនោះងាយនឹងញែកដឹងណាស់ ប៉ុន្តែមនុស្សដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះ មើលពីខាងក្រៅទៅហាក់ដូចជាអ្នកជឿពិតប្រាកដ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនដេញតាមសេចក្ដីពិតទេ ហើយតែងតែដើរតួជាអ្នកនាំពាក្យឱ្យសាតាំង ហើយពួកគេផ្សព្វផ្សាយពាក្យពេចន៍ដែលបង្កាច់បង្ខូច និងវាយប្រហារព្រះជាម្ចាស់ ជំនួសមុខឱ្យសាតាំង ព្រមទាំងផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលវាប្រឌិតឡើងអំពីពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់។ ដោយជំនុំជម្រះផ្អែកលើចំណុចនេះ មិនថាអ្នកណាបញ្ជូនពួកគេមកទេ តើមនុស្សទាំងនេះមិនមែនជាអ្នកបម្រើសាតាំងទេឬ? (មែនហើយ។) មិនថាពាក្យចចាមអារ៉ាមទាំងនេះត្រូវបានពួកគេប្រមូលយ៉ាងសកម្ម ឬពួកគេគ្រាន់តែឮបែបអកម្មក៏ដោយ ក៏មនុស្សទាំងនេះមិនគិតអំពីការស្វែងរកសេចក្ដីពិត និងញែកដឹងពីរឿងទាំងនេះឡើយ តែបែរជាជឿថារឿងទាំងនេះជាការពិតទៅវិញ។ ពួកគេថែមទាំងអាចផ្សព្វផ្សាយ និងចែកចាយរឿងទាំងនេះក្នុងចំណោមមនុស្សយ៉ាងព្រហើន និងដោយគ្មានការរឹតត្បិតទៀតផង ហើយមិនមែនត្រឹមតែនៅកន្លែងមួយ ឬក្នុងឱកាសមួយបែបប៉ុណ្ណោះទេ។ គោលបំណងរបស់ពួកគេក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះ គឺដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនបានដឹងពីរឿងទាំងនេះ ដើម្បីធ្វើឱ្យអ្នកដែលទន់ខ្សោយ កាន់តែទន់ខ្សោយថែមទៀត និងធ្វើឱ្យអ្នកដែលរឹងមាំ និងមានសេចក្ដីជំនឿលើព្រះជាម្ចាស់ សង្ស័យចំពោះទ្រង់ និងកិច្ចការរបស់ទ្រង់ ដោយសារតែពាក្យចចាមអារ៉ាមទាំងនោះ គឺដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាអស់អារម្មណ៍ចំពោះសេចក្ដីពិត ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងចំពោះការត្រូវបានសង្គ្រោះ ហើយបែរជាធ្វើឱ្យពួកគេចាប់អារម្មណ៍ចំពោះពាក្យចចាមអារ៉ាម និងការឃោសនាអវិជ្ជមានផ្សេងៗទៅវិញ ដូចជាបុគ្គលទាំងនេះផ្ទាល់ដែរ ដើម្បីឱ្យនៅពេលដែលមនុស្សជួបជុំគ្នា ពួកគេនឹងនិយាយអំពីរឿងអវិជ្ជមានទាំងនេះ។ តើមនុស្សធម្មតា និងមនុស្សដែលមានភាពជាមនុស្ស និងវិចារណញ្ញាណ នឹងធ្វើរឿងបែបនេះដែរឬទេ? នៅពេលដែលមនុស្សភាគច្រើនឮពាក្យចចាមអារ៉ាម ឬការឃោសនាអវិជ្ជមានផ្សេងៗ ទោះបីជាពួកគេមិនដឹងថាពាក្យចចាមអារ៉ាមទាំងនោះពិត ឬក្លែងក្លាយក៏ដោយ ដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ និងចិត្តដែលកោតខ្លាចព្រះជាម្ចាស់បន្តិចបន្តួចដែលពួកគេមាន ពួកគេនឹងចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន និងស្វែងរកសេចក្ដីពិត។ ទោះបីជាពួកគេរងឥទ្ធិពលពីពាក្យចចាមអារ៉ាមទាំងនោះ ហើយមានអារម្មណ៍ទន់ខ្សោយ និងសង្ស័យបន្តិចបន្តួចក៏ដោយ ក៏វានឹងមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេ ឬការដើរតាមព្រះជាម្ចាស់របស់ពួកគេឡើយ។ ពួកគេនឹងថែមទាំងព្រមានខ្លួនឯងឱ្យប្រយ័ត្នមាត់របស់ខ្លួន និងចៀសវាងការធ្វើរឿងដែលទាស់ទទឹង ឬប្រមាថព្រះជាម្ចាស់ទៀតផង។ របៀបនៃការប្រព្រឹត្តបែបនេះ គឺជាអ្វីដែលបងប្អូនប្រុសស្រីភាគច្រើនអាចសម្រេចបាន។ ឱ្យតែមនុស្សមានភាពជាមនុស្សខ្លះ មានសេចក្ដីជំនឿពិតបន្តិច និងមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់បន្តិច ពួកគេអាចសម្រេចរឿងនេះបាន។ ដោយសារមនុស្សជឿថាព្រះជាម្ចាស់មានពិត ពួកគេក៏គួរតែជឿថាអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ។ ដោយសារព្រះជាម្ចាស់ជាអ្នកធ្វើ មនុស្សមិនគួរធ្វើការវាយតម្លៃណាមួយអំពីវាឡើយ។ ពួកគេគួរតែប្រាកដថា៖ «មិនថាពាក្យចចាមអារ៉ាមមកពីខាងក្រៅពួកជំនុំនិយាយយ៉ាងម៉េចទេ ខ្ញុំមិនអាចជឿរឿងទាំងនោះបានឡើយ ហើយខ្ញុំប្រាកដជាមិនអាចផ្សព្វផ្សាយរឿងទាំងនោះបានទេ។ ទោះបីជាខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងរង្គោះរង្គើបន្តិចនៅក្នុងចិត្តក៏ដោយ ក៏ខ្ញុំដាច់ខាតមិនត្រូវបដិសេធវត្តមានរបស់ព្រះជាម្ចាស់ឡើយ!» ប្រសិនបើមនុស្សម្នាក់ជឿលើវត្តមានរបស់ព្រះជាម្ចាស់ ពួកគេគួរតែជឿថាអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ។ ប្រសិនបើពួកគេជឿលើវត្តមានរបស់ព្រះជាម្ចាស់ ពួកគេគួរតែមានចិត្តដែលខ្លាច និងកោតខ្លាចព្រះជាម្ចាស់ នេះគឺត្រឹមត្រូវទាំងស្រុង។ ដោយសារពួកគេមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ មិនថាពួកគេឮពាក្យចចាមអារ៉ាមអ្វីទេ ពួកគេនឹងប្រយ័ត្នមាត់របស់ខ្លួន មិនក្លាយជាអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនចាញ់បោកល្បិចកលរបស់សាតាំង និងមិនធ្លាក់ចូលក្នុងឧបាយកលរបស់សាតាំងឡើយ។ តើនេះមិនមែនជាអ្វីដែលមនុស្សភាគច្រើនអាចសម្រេចបានយ៉ាងងាយស្រួលទេឬ? (មែនហើយ។) អ្នកមានការគិត និងហេតុផលធម្មតា ដូច្នេះ នៅពេលដែលអ្នកឮពាក្យចចាមអារ៉ាម ថាតើអ្នកផ្សព្វផ្សាយវាបន្តឬអត់ គឺអាស្រ័យលើអ្នកទាំងស្រុង។ តើមានអ្នកណាផ្សេងទៀតកំពុងត្រួតត្រាអ្នកដែរឬទេ? (គ្មានទេ។) ដូច្នេះ បន្ទាប់ពីបានឮពាក្យចចាមអារ៉ាមទាំងនេះហើយ តើមនុស្សមិនគួរដឹងច្បាស់ទេឬ ថាពួកគេគួរដោះស្រាយរឿងទាំងនេះដោយរបៀបណា និងថាពួកគេគួរប្រព្រឹត្តចំពោះរឿងទាំងនេះ និងអនុវត្តដោយរបៀបណា ដើម្បីឱ្យស្របតាមគោលការណ៍ ព្រមទាំងស្របតាមភាពជាមនុស្ស និងវិចារណញ្ញាណនោះ? មនុស្សគ្រប់គ្នាគួរតែមានការជំនុំជម្រះបន្តិចបន្តួចនេះ ហើយគួរតែយល់ពីវិធីសាស្ត្រ និងផ្លូវនៃការអនុវត្តនេះ ដោយមិនចាំបាច់ឱ្យអ្នកដទៃបង្រៀនពួកគេឡើយ។ សូម្បីតែក្មេងៗក៏ដឹងថា មិនត្រូវផ្សព្វផ្សាយរឿងនិយាយដើមគេដែរ ហើយថាវាជាការមិនគោរព អសីលធម៌ និងសាបព្រោះការបែកបាក់ ហើយថាមនុស្សមិនគួរធ្វើជាមនុស្សប្រភេទនេះឡើយ។ ទាំងនេះគឺជាគំនិត និងឥរិយាបថដែលមនុស្សដែលមានហេតុផលធម្មតាគួរតែមាន។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមួយប្រភេទដែលខ្វះវិចារណញ្ញាណបែបនេះ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺខ្វះភាពជាមនុស្សបែបនេះ។ រឿងនេះនាំឱ្យពួកគេចង់ផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការឃោសនាអវិជ្ជមាន ទៅកាន់អស់អ្នកដែលស្និទ្ធនឹងពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានឮរឿងទាំងនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចវិភាគ ជំនុំជម្រះ និងលាបពណ៌រឿងទាំងនេះជាមួយគ្នា ហើយបន្ទាប់មកផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះទៅកាន់មនុស្សកាន់តែច្រើន។ ពួកគេគិតថា៖ «តើនេះមិនអស្ចារ្យទេឬ? តើនេះមិនអ៊ឹកធឹកទេឬ? ប្រសិនបើជីវិតពួកជំនុំពោរពេញទៅដោយខ្លឹមសារនេះ វានឹងសម្បូរបែបយ៉ាងណាទៅ! មនុស្សនឹងទទួលបានចំណេះដឹងជាច្រើន!» តើទាំងនេះជាគំនិត និងទស្សនៈប្រភេទណាទៅ? តើទាំងនេះមិនមែនជាគំនិត និងទស្សនៈរបស់មនុស្សអាក្រក់ទេឬ? តើនេះជាតក្កវិជ្ជាប្រភេទណាទៅ? តើពួកគេមិនមែនជាមនុស្សដែលស្រេកឃ្លានភាពវឹកវរខ្លាំងទេឬ? តើមិនមែនមកពីពួកគេមិនអាចទ្រាំឃើញអ្នកដទៃបានសុខទេឬ? នៅក្នុងចិត្តរបស់ពួកគេ ពួកគេថែមទាំងចំអកឱ្យបងប្អូនប្រុសស្រីថា៖ «ពួកល្ងង់អើយ ពាក្យចចាមអារ៉ាមកំពុងសាយភាយពេញកន្លែងនៅខាងក្រៅពួកជំនុំ។ ការវាយតម្លៃអវិជ្ជមាន ការវាយប្រហារ និងការបង្កាច់បង្ខូចទាស់នឹងដំណាក់របស់ព្រះជាម្ចាស់ ជាពិសេសទាស់នឹងព្រះគ្រីស្ទ និងកិច្ចការរបស់ព្រះជាម្ចាស់ មាននៅគ្រប់ទីកន្លែង។ នៅក្នុងពួកជំនុំនានានៃពិភពសាសនា សម្ភារឃោសនាអវិជ្ជមានគ្រប់ប្រភេទត្រូវបានព្យួរឡើង។ គ្រាន់តែមនុស្សនៅទីនោះឮពាក្យថា 'ផ្លេកបន្ទោរទិសខាងកើត' ភ្លាម ពួកគេចាប់ផ្ដើមពោលពាក្យថ្កោលទោស និងឃ្លាតឆ្ងាយ។ មនុស្សគ្រប់គ្នាកំពុងរិះគន់ និងថ្កោលទោសអ្នករាល់គ្នា ប៉ុន្តែពួកល្ងង់ដូចជាអ្នករាល់គ្នា នៅតែជឿលើព្រះជាម្ចាស់ និងដេញតាមសេចក្ដីពិតនៅទីនេះដដែល!» ការឃើញមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់ដោយសេចក្ដីជំនឿដ៏រឹងមាំបែបនេះ ធ្វើឱ្យពួកគេមិនស្រួលចិត្ត និងស្អប់ខ្ពើមយ៉ាងខ្លាំង។ ជាពិសេស នៅពេលដែលពួកគេឃើញថា ការប្រកបគ្នាអំពីសេចក្ដីពិតរបស់នរណាម្នាក់ បង្ហាញពីការយល់ដឹងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យ ហើយថាមនុស្សគ្រប់គ្នាកោតសរសើរអ្នកនោះ ពួកគេក៏ស្អប់មនុស្សម្នាក់នោះ។ ប្រសិនបើពួកគេឃើញនរណាម្នាក់ប្រកាន់ខ្ជាប់នូវគោលការណ៍ ទទួលបានលទ្ធផល និងបង្ហាញភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេខឹង ហើយនិយាយថា៖ «ហេតុអ្វីបានជាអ្នកមិនស្តាប់ពាក្យចចាមអារ៉ាម ឬការឃោសនាមកពីខាងក្រៅពួកជំនុំ? ហេតុអ្វីបានជាអ្នកល្ងង់ និងស្មោះត្រង់ម្ល៉េះ? មើលចុះថាខ្ញុំឆ្លាតប៉ុនណា ខ្ញុំជើងមួយជាន់ទូកពីរ។ ខ្ញុំចូលរួមក្នុងជីវិតពួកជំនុំនៃដំណាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំមិននិយាយថាខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ហើយប្រសិនបើគេមិនអនុញ្ញាតឱ្យខ្ញុំបំពេញភារកិច្ច ខ្ញុំនឹងមិនយល់ព្រមឡើយ ប៉ុន្តែខ្ញុំក៏លួចស៊ើបសួរព័ត៌មានពីខាងក្រៅពួកជំនុំដែរ។ ខ្ញុំបន្តយកចិត្តទុកដាក់លើការឃោសនាអវិជ្ជមាន និងមតិយោបល់ពីពិភពសាសនា ពិភពដែលមិនជឿ និងអ៊ីនធឺណិត»។ ពួកគេតែងតែមានទស្សនៈមិនត្រឹមត្រូវ។ ការឃើញបងប្អូនប្រុសស្រីដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្តនៅក្នុងចិត្ត។ ពួកគេតែងតែចង់បំភាន់ និងទាញមនុស្សទាំងនោះម្នាក់ ឬពីរនាក់ឱ្យចេញទៅ ហើយថែមទាំងចង់រំខាន និងជះឥទ្ធិពលដល់មនុស្សទាំងនោះមួយចំនួនជានិច្ច។ ពួកគេក៏តែងតែចង់ «ដាស់» មនុស្សមួយចំនួនឱ្យភ្ញាក់ ដោយការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដើម្បីឱ្យមនុស្សទាំងនោះជឿលើពាក្យចចាមអារ៉ាម និងត្រូវបានបំភាន់។ ចូរប្រាប់ខ្ញុំមកមើល តើនេះជាមនុស្សប្រភេទណាទៅ? តើវាសមរម្យទេក្នុងការចាត់ទុកមនុស្សបែបនេះជាផ្នែកមួយនៃដំណាក់របស់ព្រះជាម្ចាស់ និងជាបងប្អូនប្រុសស្រី? (មិនសមរម្យទេ។) ចុះតើវិធីដ៏សមរម្យបំផុតក្នុងការចាត់ទុកពួកគេ គឺជាអ្វី? វាសមរម្យបំផុតក្នុងការចាត់ទុកពួកគេជាពួកអ្នកមិនជឿ ជាពួកអ្នកបម្រើសាតាំង។ នេះមិនមែនជាការថ្កោលទោសដោយគ្មានមូលដ្ឋាន ឬជាការចោទប្រកាន់ពួកគេខុសនោះទេ វាគឺជាការពិត។
តើអ្វីទៅដែលគួរឱ្យស្អប់ខ្ពើមចំពោះមនុស្សទាំងនេះដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន? មិនថាពួកគេឮការឃោសនាអវិជ្ជមានពីច្រកណាក៏ដោយ សូម្បីតែនៅពេលដែលពួកគេដឹងច្បាស់ថា វាជាពាក្យចចាមអារ៉ាម និងជាពាក្យរបស់អារក្សដែលគ្មានមូលដ្ឋានការពិតទាល់តែសោះក៏ដោយ ក៏ពួកគេនៅតែផ្សព្វផ្សាយរឿងទាំងនេះទៅកាន់អ្នកដទៃយ៉ាងខ្នះខ្នែងមិនចេះនឿយហត់ដែរ។ តើនេះជាធម្មជាតិអ្វីទៅ? មនុស្សដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ នឹងមានអារម្មណ៍ស្អប់ខ្ពើម នៅពេលដែលពួកគេឮពាក្យចចាមអារ៉ាមនានា។ ជាពិសេស នៅពេលនិយាយដល់ពាក្យពេចន៍ដែលវាយប្រហារ និងប្រមាថព្រះជាម្ចាស់ ពួកគេនឹងមិនលើកឡើងពីរឿងទាំងនេះទាល់តែសោះ ដើម្បីចៀសវាងការធ្វើឱ្យមាត់របស់ពួកគេស្មោកគ្រោក ដែលបញ្ជាក់ថា ពួកគេមានចិត្តកោតខ្លាចព្រះជាម្ចាស់។ ពួកគេនិយាយថា៖ «ការដែលអ្នកដទៃជំនុំជម្រះ និងបង្កាច់បង្ខូចព្រះជាម្ចាស់ ហើយវាយប្រហារ និងមើលងាយពួកជំនុំ គឺជារឿងរបស់ពួកគេ។ ខ្ញុំមិនគួរមានចំណែកក្នុងអំពើបាបរបស់ពួកគេឡើយ។ ការបង្កាច់បង្ខូចរបស់ពួកគេចំពោះព្រះជាម្ចាស់ គឺជាការបះបោរដ៏គួរឱ្យខឹងសម្បា និងជាអំពើបាបដ៏ធ្ងន់ធ្ងររួចទៅហើយ ខ្ញុំមិនអាចនិយាយពាក្យពេចន៍ទាំងនេះដោយផ្ទាល់មាត់របស់ខ្ញុំបានទេ។ ខ្ញុំដាច់ខាតមិនត្រូវនិយាយរឿងដូចគ្នានឹងពួកគេឡើយ។ ខ្ញុំដាច់ខាតនឹងមិនធ្វើបែបនេះទេ!» ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលជាពួកអ្នកបម្រើសាតាំង អាចរៀបរាប់ឡើងវិញនូវការឃោសនាអវិជ្ជមាន និងពាក្យចចាមអារ៉ាមដែលពួកគេឮ គ្រប់ពាក្យពេចន៍ ហើយពួកគេធ្វើបែបនេះម្ដងហើយម្ដងទៀត និងដោយគ្មានការញញើតអ្វីឡើយ ថែមទាំងផ្សព្វផ្សាយរឿងទាំងនេះនៅគ្រប់ទីកន្លែងទៀតផង។ តើមនុស្សទាំងនេះមានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីបន្តិចដែរឬទេ? តើពួកគេខ្លាចព្រះជាម្ចាស់ដែរឬទេ? ទេ ពួកគេមិនខ្លាចទេ។ មើលពីខាងក្រៅ ពួកគេក៏ជឿលើការមានពិតរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែការជឿមិនស្មើនឹងការទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះអាទិករដែលកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ សាតាំងក៏ជឿថាមានព្រះជាម្ចាស់នៅក្នុងពិភពលោក និងនៅក្នុងចក្រវាល ព្រមទាំងនៅក្នុងចំណោមរបស់សព្វសារពើដែរ ប៉ុន្តែតើវាប្រព្រឹត្តចំពោះព្រះជាម្ចាស់ដោយរបៀបណា នៅពេលដែលទ្រង់មានបន្ទូលទៅកាន់វា? តើវាសន្ទនាជាមួយព្រះជាម្ចាស់ដោយរបៀបណា? តើវាមានចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? តើវាប្រព្រឹត្តចំពោះព្រះជាម្ចាស់ក្នុងនាមជាព្រះដែរឬទេ? អត់ទេ។ តើវាប្រើវិធីសាស្ត្រអ្វីដើម្បីសន្ទនាជាមួយព្រះជាម្ចាស់? វាល្បងល បោកបញ្ឆោត និងចំអកឱ្យទ្រង់ ហាក់ដូចជានិយាយលេងសើចអ៊ីចឹង។ នៅពេលព្រះជាម្ចាស់បានមានបន្ទូលសួរថា៖ «តើឯងមកពីណា?» តើសាតាំងទូលឆ្លើយយ៉ាងដូចម្តេច? («ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី» (យ៉ូប ១:៧)។) តើនេះជាពាក្យពេចន៍របស់មនុស្សដែរឬទេ? (មិនមែនទេ។) ដូច្នេះ តើពាក្យពេចន៍ទាំងនេះមានន័យដូចម្តេច? ហេតុអ្វីបានជាសាតាំងនិយាយតាមរបៀបនេះ? តើអាកប្បកិរិយាប្រភេទណាដែលបង្កើតពាក្យពេចន៍បែបនេះ? តើវាមិនមែនជាអាកប្បកិរិយានៃការចំអកទេឬ? (មែនហើយ។) តើការចំអកមានន័យដូចម្តេច? វាគឺការឌឺដាក់នរណាម្នាក់ ត្រូវទេ? «ខ្ញុំនឹងមិនប្រាប់អ្នកថាខ្ញុំមកពីណាទេ។ តើអ្នកអាចធ្វើអ្វីខ្ញុំបាន?» ពាក្យពេចន៍ទាំងនេះនិយាយទៅកាន់អ្នក ប៉ុន្តែវាមិនមានបំណងឱ្យអ្នកដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដនោះទេ អ្នកនិយាយបដិសេធមិនប្រាប់អ្នកពីរឿងនោះ ហើយគ្រាន់តែឌឺដាក់អ្នកជំនួសវិញ។ នេះគឺជាការចំអក។ តើអាកប្បកិរិយានេះបង្ហាញពីញាណនៃការប្រព្រឹត្តចំពោះព្រះជាម្ចាស់ក្នុងនាមជាព្រះដែរឬទេ? តើមានញាណនៃការគោរព ឬការកោតខ្លាចព្រះជាម្ចាស់នៅក្នុងនោះដែរឬទេ? គ្មានទាល់តែសោះ នេះគឺជាមុខមាត់របស់សាតាំង។ អស់អ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម អាចចែកចាយរឿងទាំងនេះក្នុងចំណោមបងប្អូនប្រុសស្រីតាមអំពើចិត្ត។ ពួកគេដឹងច្បាស់ណាស់ថា ពាក្យចចាមអារ៉ាមទាំងនេះមិនមែនជាការពិតទេ ប៉ុន្តែពួកគេខិតខំអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយវា ដោយស្វែងរកគ្រប់ឱកាស និងគ្រប់កាលៈទេសៈដើម្បីធ្វើរឿងនេះ។ តើនេះមិនមែនជាឥរិយាបថ និងវិធីសាស្ត្ររបស់សាតាំងទេឬ? នេះហើយជារបៀបដែលសាតាំងធ្វើ។ វាទទួលស្គាល់ការមានពិតរបស់ព្រះជាម្ចាស់ និងដឹងថាព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ ប៉ុន្តែវាមិនមានការកោតខ្លាចទ្រង់សូម្បីបន្តិច។ នេះគឺជាមុខមាត់របស់សាតាំង វាគឺជាសារជាតិធម្មជាតិរបស់សាតាំង។ បងប្អូនប្រុសស្រីមួយចំនួនអាចនឹងនិយាយថា៖ «ទោះបីជាបុគ្គលម្នាក់នេះមិនដេញតាមសេចក្ដីពិតក៏ដោយ ក៏ជំនឿរបស់គាត់លើព្រះជាម្ចាស់គឺស្មោះត្រង់ដែរ។ នៅពេលដែលគាត់ឮថា ពួកជំនុំនឹងដាក់គាត់ឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតគាត់ចេញ គាត់ខ្វល់ខ្វាយខ្លាំងរហូតដល់យំ និងព្រួយបារម្ភយ៉ាងខ្លាំង គាត់ថែមទាំងកើតដំបៅមាត់ទៀតផង! គាត់មិនសុខចិត្តចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ទេ គាត់ជឿលើការមានពិតរបស់ព្រះជាម្ចាស់។ ដូច្នេះ មិនថាគាត់ធ្វើអ្វីក៏ដោយ យើងគួរតែចាត់ទុកគាត់ជាបងប្អូន ហើយផ្ដល់សេចក្ដីស្រឡាញ់ និងការអត់ឱនដល់គាត់ ហើយសូម្បីតែពេលគាត់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមក៏ដោយ ក៏យើងគួរតែនៅប្រព្រឹត្តចំពោះគាត់ដោយសេចក្ដីស្រឡាញ់ ដើម្បីជួយ និងគាំទ្រគាត់ដែរ»។ តើពាក្យពេចន៍ទាំងនេះត្រឹមត្រូវដែរឬទេ? តើវាជាសេចក្ដីពិតដែរឬទេ? (មិនមែនទេ។) ព្រះជាម្ចាស់បានមានព្រះបន្ទូលជាច្រើន ប៉ុន្តែមនុស្សទាំងនេះនៅតែមិនជឿព្រះបន្ទូលទាំងនោះឡើយ។ ហើយផ្ទុយទៅវិញ មិនថាពួកអារក្ស និងពួកសាតាំងពោលពាក្យចចាមអារ៉ាមច្រើនប៉ុនណាក៏ដោយ ក៏មនុស្សទាំងនេះជឿរឿងទាំងនោះទាំងអស់ ហើយថែមទាំងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះយ៉ាងព្រហើន ដើម្បីវាយប្រហារ និងបង្កាច់បង្ខូចព្រះជាម្ចាស់ទៀតផង។ គ្រាន់តែផ្អែកលើចំណុចនេះ ពួកគេមិនសមនឹងហៅថាជាបងប្អូនប្រុសស្រីឡើយ។ តើនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវហើយ។) ដោយសារតែពួកគេអាចផ្សព្វផ្សាយពាក្យចចាមអារ៉ាម បង្កាច់បង្ខូចព្រះជាម្ចាស់ វាយប្រហារព្រះជាម្ចាស់ និងបង្កាច់បង្ខូចដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំយ៉ាងព្រហើន យើងមានហេតុផលល្អក្នុងការចាត់ទុកពួកគេថាជាពួកអ្នកបម្រើសាតាំង ជាពួកសាតាំង។ ពួកគេគឺជាសត្រូវរបស់ព្រះជាម្ចាស់ និងជាសត្រូវនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់។ ដូច្នេះ តើយើងគួរប្រព្រឹត្តចំពោះសត្រូវរបស់យើងដោយរបៀបណា? (ត្រូវបដិសេធពួកគេ។) ត្រូវហើយ យើងគួរតែបដិសេធពួកគេ។
មនុស្សមួយចំនួនមិនស្រឡាញ់សេចក្ដីពិតទេ។ បន្ទាប់ពីឮពាក្យចចាមអារ៉ាម ទោះបីជាពួកគេមិនផ្សព្វផ្សាយជាចំហនៅក្នុងពួកជំនុំក៏ដោយ ក៏ពួកគេផ្សព្វផ្សាយវាពីក្រោយខ្នងទៅកាន់អ្នកដែលស្និទ្ធនឹងពួកគេដែរ។ មនុស្សមួយចំនួនដែលគ្មានការញែកដឹង ក្លាយជាអវិជ្ជមាន និងទន់ខ្សោយនៅពេលឮពាក្យចចាមអារ៉ាមទាំងនេះ។ ខ្លះឈប់ចូលរួមការជួបជុំ ហើយខ្លះទៀតដកខ្លួនចេញពីពួកជំនុំ ប៉ុន្តែអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅតែមិនទទួលស្គាល់សោះថា វាគឺការផ្សព្វផ្សាយពាក្យចចាមអារ៉ាមរបស់ពួកគេទេ ដែលបណ្ដាលឱ្យមានរឿងនេះ។ ទោះបីជាមានការដាស់តឿន និងការប្រកបគ្នាជាច្រើនលើកច្រើនសារក៏ដោយ ក៏ពួកគេបន្តធ្វើបែបនេះនៅពេលជួបប្រទះរឿងបែបនេះ ដោយគ្រាន់តែចៀសវាងមិនផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាចំហ និងយ៉ាងព្រហើនក្នុងអំឡុងពេលនៃការជួបជុំ ឬនៅទីសាធារណៈ ដោយសារខ្លាចលាតត្រដាងខ្លួនឯង ខ្លាចបងប្អូនប្រុសស្រីបដិសេធ ឬខ្លាចពួកជំនុំបោសសម្អាតចេញប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកគេជ្រើសរើសផ្សព្វផ្សាយពាក្យចចាមអារ៉ាមមួយចំនួនដោយលួចលាក់ ដោយផ្ញើសារទៅកាន់អ្នកដទៃ ឬតាមរយៈការទាក់ទងជាមួយមនុស្ស។ ចុះតើមនុស្សបែបនេះមិនអាក្រក់ទេឬ? តាមពិតទៅ ពួកគេកាន់តែពិសពុលទៅទៀត។ មិនថាពួកគេធ្វើសកម្មភាពដោយសម្ងាត់កម្រិតណាក៏ដោយ ក៏បំណង និងធម្មជាតិនៃទង្វើរបស់ពួកគេ គឺដូចគ្នានឹងពួកអ្នកបម្រើសាតាំងដែរ។ គោលបំណងរបស់ពួកគេក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម គឺដើម្បីរំខានដល់ការបំពេញភារកិច្ចរបស់មនុស្ស ដើម្បីធ្វើឱ្យមនុស្សអវិជ្ជមាន និងទន់ខ្សោយ ដើម្បីធ្វើឱ្យមនុស្សបដិសេធព្រះជាម្ចាស់ ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងបោះបង់ភារកិច្ចរបស់ពួកគេ។ តើមាននរណាម្នាក់ធ្លាប់និយាយថា៖ «គោលបំណងរបស់ខ្ញុំក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនមែនដើម្បីរំខានដល់ការបំពេញភារកិច្ចរបស់មនុស្ស ឬដើម្បីបំផ្លាញគំនិតផ្ដួចផ្ដើមរបស់ពួកគេទេ ប៉ុន្តែគឺដើម្បីជួយពួកគេឱ្យមានការញែកដឹង និងបង្កើនភាពស៊ាំរបស់ពួកគេ ដើម្បីឱ្យនៅពេលដែលពួកគេឮពាក្យចចាមអារ៉ាម ពួកគេនឹងស៊ាំនឹងវា នឹងមិនជឿវា អាចដេញតាមសេចក្ដីពិតបានត្រឹមត្រូវ និងអាចបំពេញភារកិច្ចរបស់ពួកគេដោយក្ដីសុខសាន្ត» ដែរឬទេ? តើមាននរណាម្នាក់ធ្លាប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដោយមានបំណងបែបនេះដែរឬទេ? (គ្មានទេ។) តើការអះអាងនេះសមហេតុផលដែរឬទេ? តាមពិតទៅ វាមិនសមហេតុផលទេ។ ឱ្យតែពួកគេអាចផ្សព្វផ្សាយពាក្យចចាមអារ៉ាម ជាពិសេសពាក្យចចាមអារ៉ាមដែលវាយប្រហារ បង្កាច់បង្ខូច និងប្រមាថព្រះជាម្ចាស់ ដោយនិយាយរឿងទាំងនេះតាមអំពើចិត្តគ្រប់ពេលពួកគេហាមាត់ និងផ្សព្វផ្សាយវានៅគ្រប់ទីកន្លែងដោយគ្មានការញញើត មិនថាពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមច្រើនប៉ុនណា មិនថាពាក្យចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយជាចំហ ឬពីក្រោយខ្នង ហើយមិនថាវាមានផលប៉ះពាល់ដល់មនុស្សយ៉ាងណាក៏ដោយ សរុបមក គោលបំណងរបស់ពួកគេក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនមែនដើម្បីជួយមនុស្សឱ្យយល់ពីសេចក្ដីពិត និងមានការញែកដឹងទេ ប៉ុន្តែគឺដើម្បីរំខាន និងបំភាន់មនុស្ស ហើយធ្វើឱ្យពួកគេសង្ស័យ និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ អ្វីដែលពួកគេកំពុងធ្វើ គឺរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ។ តាមទស្សនៈនេះ មិនថាក្នុងហេតុផល ឬបរិបទណាក៏ដោយដែលពាក្យចចាមអារ៉ាមត្រូវបានផ្សព្វផ្សាយ សារជាតិរបស់មនុស្សដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម គឺមុខជាសារជាតិរបស់ពួកអ្នកបម្រើសាតាំងហើយ។ អ្នកណាដែលនិយាយពាក្យចចាមអារ៉ាមដែលបង្កាច់បង្ខូច វាយប្រហារ និងប្រមាថព្រះជាម្ចាស់ គឺកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ និងជាសត្រូវរបស់ព្រះជាម្ចាស់។ តើនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវហើយ។) ទោះបីជាអ្នកមិនមែនជាអ្នកបង្កើតពាក្យចចាមអារ៉ាមក៏ដោយ ក៏ការពិតដែលអ្នកអាចផ្សព្វផ្សាយវា បញ្ជាក់ថាអ្នកជឿថាពាក្យចចាមអារ៉ាមនោះជាការពិត ឬថានៅក្នុងចិត្ត អ្នកពិតជាមានឆន្ទៈជឿរឿងទាំងនោះណាស់។ «ប្រសិនបើពាក្យចចាមអារ៉ាមជាការពិត នោះខ្ញុំមិនចាំបាច់ជឿលើព្រះជាម្ចាស់ទេ ព្រះជាម្ចាស់នឹងមិនមែនជាព្រះជាម្ចាស់ទេ ហើយការពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងមិនមានឡើយ។ ទ្រង់នឹងគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ហើយខ្ញុំអាចប្រឌិតពាក្យចចាមអារ៉ាមអំពីទ្រង់ មើលងាយទ្រង់ ព្រមទាំងវាយប្រហារ និងបង្កាច់បង្ខូចទ្រង់បានដោយសេរី»។ តើនេះមិនមែនជាគោលដៅទេឬ? ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែតែងតែចង់និយាយ និងធ្វើតាមអំពើចិត្ត តើនេះមិនមែនជាការចង់ប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? (មែនហើយ។) មនុស្សមួយចំនួននិយាយថា៖ «តើនេះជាការបះបោរទាស់នឹងព្រះជាម្ចាស់មែនទេ? តើនេះជាការគ្មានសេចក្ដីជំនឿលើព្រះជាម្ចាស់មែនទេ?» ធម្មជាតិនៃរឿងនេះគឺធ្ងន់ធ្ងរខ្លាំងជាងនេះទៅទៀត។ នេះគឺជាការទាស់ទទឹងនឹងព្រះជាម្ចាស់ និងការប្រឆាំងនឹងព្រះជាម្ចាស់។ មានតែសត្រូវរបស់ព្រះជាម្ចាស់ទេ ដែលទាស់ទទឹង និងប្រឆាំងនឹងព្រះជាម្ចាស់តាមរបៀបនេះ។ មនុស្សជាតិពុករលួយ ដោយសារតែមាននិស្ស័យពុករលួយរបស់សាតាំង និងខ្វះការយល់ដឹងអំពីសេចក្ដីពិត និងចំណេះដឹងពីព្រះជាម្ចាស់ អាចបះបោរទាស់នឹងព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ សាតាំងធ្វើលើសពីការបះបោរទាស់នឹងព្រះជាម្ចាស់ទៅទៀត វាក្បត់ព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់។ រឿងនេះធ្វើឱ្យវាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ទំនាក់ទំនងរវាងសត្រូវរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ គឺជាទំនាក់ទំនងនៃការប្រឆាំងគ្នា។ តើការប្រឆាំងមានន័យដូចម្តេច? វាមានន័យថា មិនអាចផ្សះផ្សាគ្នាបាន។ មិនថាក្នុងស្ថានភាព ឬមជ្ឈដ្ឋានណាក៏ដោយ ការប្រឆាំងរបស់សាតាំងចំពោះព្រះជាម្ចាស់ មិនផ្លាស់ប្ដូរទៅតាមពេលវេលា ឬទីកន្លែងឡើយ។ សារជាតិរបស់សាតាំង គឺប្រឆាំងនឹងព្រះជាម្ចាស់ ហើយរឿងនេះមិនផ្លាស់ប្ដូរទេ។ សាតាំងគឺជាសត្រូវរបស់ព្រះជាម្ចាស់តែម្ដង។ ការទាស់ទទឹងរបស់សាតាំងចំពោះព្រះជាម្ចាស់ និងភាពមិនអាចផ្សះផ្សាបានរបស់វាជាមួយទ្រង់ មិនមែនមានរយៈពេលតែមួយថ្ងៃ ឬត្រឹមតែពីរបីឆ្នាំ ឬរាប់សិបឆ្នាំនោះទេ វាបានចាប់ផ្ដើមប្រឆាំងនឹងព្រះជាម្ចាស់ តាំងតែពីពេលដែលវាបានក្បត់ទ្រង់មកម្ល៉េះ។ ដូច្នេះ តើការប្រឆាំងនេះនឹងបញ្ចប់នៅពេលណា? តើសាតាំងនឹងត្រូវបានព្រះជាម្ចាស់ធ្វើឱ្យរំជួលចិត្ត និងកែប្រែដែរឬទេ? តើការប្រឆាំងរបស់វាចំពោះព្រះជាម្ចាស់ នឹងថយចុះបន្តិចម្ដងៗតាមពេលវេលាដែរឬទេ? មិនថយចុះទេ។ វានឹងបន្តប្រឆាំងនឹងព្រះជាម្ចាស់។ តើការប្រឆាំងនេះនឹងឈប់មាននៅពេលណា? នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ហើយសាតាំងបានបញ្ចប់ការបម្រើការរបស់វា និងលែងមានប្រយោជន៍ទៀត ហើយព្រះជាម្ចាស់បានបំផ្លាញវាចោល នោះហើយជាពេលដែលការប្រឆាំងនឹងត្រូវបញ្ចប់។ ចុះចំណែកឯអស់អ្នកដែលជាពួកអ្នកបម្រើសាតាំងវិញ? ឱ្យតែពួកគេនៅក្នុងពួកជំនុំ ពួកគេនឹងបន្តប្រឆាំងនឹងពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា៖ «ពួកគេជឿលើព្រះជាម្ចាស់ ជួនកាលថ្វាយតង្វាយ ធ្វើទាន និងថែមទាំងទទួលបងប្អូនប្រុសស្រីទៀតផង។ តើពួកគេកំពុងប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងដូចម្តេច? ពួកគេមិនមែនកំពុងប្រឆាំងនឹងទ្រង់ទេ ពួកគេថែមទាំងធ្វើអំពើល្អខ្លះៗទៀតផង»។ តើពាក្យពេចន៍ទាំងនេះត្រឹមត្រូវដែរឬទេ? តើការទទួលបងប្អូនប្រុសស្រី និងការឱ្យលុយកាក់បន្តិចបន្តួចដល់បងប្អូនប្រុសស្រីដែលក្រីក្រ អាចលុបបំបាត់ការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់បានដែរឬទេ? តើវាអាចបញ្ជាក់ថា ពួកគេចុះសម្រុងជាមួយព្រះជាម្ចាស់បានដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើការប្រឆាំងនេះកើតឡើងដោយរបៀបណា? (វាគឺកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ។) ត្រូវហើយ សារជាតិធម្មជាតិរបស់ពួកគេ គឺទាស់ទទឹង និងប្រឆាំងនឹងព្រះជាម្ចាស់។ ចំពោះមនុស្សបែបនេះ អ្នករាល់គ្នាត្រូវញែកដឹងពីពួកគេដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ចូរមើលថាអ្នកណាចូលចិត្តប្រមូលការឃោសនាអវិជ្ជមាន ឬពាក្យចចាមអារ៉ាមដែលវាយប្រហារ និងបង្កាច់បង្ខូចដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ ពីច្រកផ្សេងៗ ហើយអ្នកណាដែលចាប់អារម្មណ៍នឹងរឿងអវិជ្ជមានទាំងនេះ និងស្ម័គ្រចិត្តជឿលើពាក្យចចាមអារ៉ាម និងពាក្យរបស់អារក្សទាំងនេះ។ រឿងនេះនឹងអនុញ្ញាតឱ្យអ្នកមើលឃើញមុខមាត់ពិតរបស់ពួកអ្នកមិនជឿទាំងនេះ។ មនុស្សទាំងនេះជាធម្មតាមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ គ្មានចិត្តផុសផុលនៅពេលស្ដាប់បងប្អូនប្រុសស្រីប្រកបគ្នាពីសេចក្ដីពិត ហើយព្រងើយកន្តើយក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេតែងតែមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់គឺគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ទេ។ តើពួកគេផ្តោតលើអ្វី នៅពេលមើលវីដេអូ និងកម្មវិធីនៃដំណាក់របស់ព្រះជាម្ចាស់? នៅពេលពួកគេឃើញមតិយោបល់វិជ្ជមានរបស់មនុស្សក្នុងសាសនា ពួកគេមានអារម្មណ៍មិនស្រួលចិត្ត ហើយរំលងចោល។ ប៉ុន្តែ នៅពេលដែលពួកគេឃើញមនុស្សក្នុងសាសនា និងពួកអ្នកគ្មានជំនឿ ឈរជាមួយនាគដ៏ធំមានសម្បុរក្រហម ដោយជេរប្រមាថពួកជំនុំ ជេរប្រមាថដំណាក់របស់ព្រះជាម្ចាស់ និងជេរប្រមាថបងប្អូនប្រុសស្រីដោយពាក្យរបស់អារក្ស ពួកគេមានអារម្មណ៍សប្បាយចិត្ត និងរំភើបជាពិសេស។ រាល់ពេលដែលពួកគេឮការឃោសនាអវិជ្ជមាន និងពាក្យចចាមអារ៉ាមទាំងនេះ ពួកគេរំភើបចិត្តហាក់ដូចជាគេចាក់ថ្នាំឱ្យពុះកញ្ជ្រោលអ៊ីចឹង ដោយដើរយ៉ាងស្វាហាប់ ហើយថែមទាំងភ្ញាក់ពីដំណេកដោយក្ដីសប្បាយរីករាយទៀតផង។ តើនេះមិនមែនជាការទុច្ចរិតទេឬ? ចូរសង្កេតមើលអ្នកដែលនៅជុំវិញអ្នក ដើម្បីមើលថាអ្នកណាជាមនុស្សប្រភេទនេះ ចូរមើលថាតើពួកគេមាននិស្ស័យដែលស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើអ្នកពិតជាឃើញមនុស្សបែបនេះមែន អ្នកគួរតែប្រយ័ត្នជាពិសេស និងញែកដឹងពីពួកគេ ចូរសង្កេតមើលពាក្យពេចន៍ ទង្វើ និងអាកប្បកិរិយារបស់ពួកគេ។ នៅពេលអ្នកប្រាកដថាពួកគេជាមនុស្សអាក្រក់ ជាអ្នកបម្រើសាតាំង អ្នកគួរតែបដិសេធពួកគេ ហើយមិនត្រូវចាត់ទុកពួកគេជាបងប្អូនប្រុសស្រីឡើយ។ មនុស្សបែបនេះគួរតែត្រូវបោសសម្អាតចេញពីពួកជំនុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មនុស្សមួយចំនួននិយាយថា៖ «ហេតុអ្វីបានជាយើងគួរតែបោសសម្អាតមនុស្សទាំងនេះចេញ? នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ការមានមនុស្សម្នាក់ទៀត មានន័យថាមានប្រភពកម្លាំងម្នាក់ទៀតដើម្បីធ្វើកិច្ចការ ការមានមនុស្សម្នាក់ទៀត ក៏ធ្វើឱ្យមានភាពអ៊ឹកធឹកជាងមុនបន្តិចដែរ។ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទោះបីជាពួកគេមិនស្រឡាញ់ ឬអនុវត្តសេចក្ដីពិតក៏ដោយ ក៏ពួកគេបានជឿលើការមានពិតរបស់ព្រះជាម្ចាស់តាំងពីក្មេងមកម្ល៉េះ ដោយជឿលើលោកតាម្ចាស់មេឃ។ ពួកគេក៏ជឿថាមានព្រះជាម្ចាស់នៅពីលើក្បាលពួកគេបីហត្ថដែរ ហើយលើសពីនេះទៅទៀត ពួកគេជឿថាបុណ្យបាបមានកម្មពៀរ។ ជាទូទៅ ពួកគេមិនហ៊ានប្រព្រឹត្តអំពើអាក្រក់ជាក់ស្ដែងទេ ហើយសុខចិត្តជួយអ្នកដទៃ។ គ្រាន់តែថាពួកគេមានចំណូលចិត្តតូចមួយនេះ គឺពួកគេចូលចិត្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងរឿងនិយាយដើមគេ។ ជាពិសេស ពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមពីនាគដ៏ធំមានសម្បុរក្រហមដែលបង្កាច់បង្ខូចព្រះជាម្ចាស់ ដោយនិយាយរឿងទាំងនេះតាម ដោយមិនទាំងបានគិតច្រើនពីវាផង ប្រហែលជាដោយសារតែពួកគេល្ងង់ខ្លៅ និងខ្វះចំណេះដឹង»។ មើលពីខាងក្រៅ ពួកគេមិនហាក់ដូចជាមនុស្សអាក្រក់ទេ ហើយមិនបានរំខាន ឬបង្អាក់កិច្ចការរបស់ពួកជំនុំឡើយ ប៉ុន្តែពួកគេសកម្មជាពិសេសក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ហើយតែងតែដណ្ដើមគ្នាចង់ផ្សព្វផ្សាយរឿងទាំងនោះមុនគេ។ តើមនុស្សមិនគួរប្រយ័ត្នចំពោះបុគ្គលបែបនេះទេឬ? តើពួកគេមិនមែនជាពួកអ្នកបម្រើសាតាំងទេឬ? សារជាតិរបស់មនុស្សបែបនេះ គឺច្បាស់ពេកហើយ! ពួកគេមិនដែលចាប់អារម្មណ៍នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ ហើយពួកគេមិនដែលស្វែងរកគោលការណ៍សេចក្ដីពិតទេ នៅពេលបំពេញភារកិច្ចរបស់ខ្លួន។ នៅក្នុងអ្វីៗដែលពួកគេធ្វើ ពួកគេមិនបង្ហាញភាពម៉ត់ចត់ មិនដាក់ចិត្ត ហើយគ្មានឆន្ទៈទ្រាំទ្រនឹងទុក្ខលំបាកឡើយ។ ពួកគេគ្រាន់តែធ្វើឱ្យតែរួចពីដៃ និងធ្វើបង្គ្រប់កិច្ច ដោយនិយាយលេងសើចជានិច្ច។ នៅក្នុងពាក្យសម្ដី និងទង្វើរបស់ពួកគេ ពួកគេមិនប្រមាថនរណាម្នាក់ឡើយ ហើយអាចចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ដោយមើលទៅហាក់ដូចជារាក់ទាក់ចំពោះអ្នកដទៃ គ្រាន់តែថាពួកគេចូលចិត្តប្រមូល និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ តាមរយៈទង្វើទាំងនេះ តើយើងអាចកំណត់លក្ខណៈមនុស្សទាំងនេះថាជាពួកអ្នកបម្រើសាតាំងបានដែរឬទេ? (បាន។) ហេតុអ្វីបានជាយើងអាចកំណត់លក្ខណៈបែបនេះបាន? តើនេះជាការធ្វើរឿងតូចឱ្យក្លាយជារឿងធំមែនទេ? (មិនមែនទេ។) ពួកគេគ្មានការចាប់អារម្មណ៍ទាល់តែសោះក្នុងការដេញតាមសេចក្ដីពិត។ គ្រាន់តែពួកគេស្ដាប់សេចក្ដីអធិប្បាយភ្លាម ពួកគេងងុយដេកភ្លាម។ គ្រាន់តែមានការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ពួកគេមានអារម្មណ៍មិនពេញចិត្ត និងនៅមិនស្ងៀម ដោយក្រោកទៅផឹកទឹក ឬទៅបន្ទប់ទឹកជានិច្ច ហើយតែងតែមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត។ ការស្ដាប់ការប្រកបគ្នា ហាក់ដូចជាពិបាកខ្លាំងណាស់សម្រាប់ពួកគេ ដូចជាកំពុងទទួលការធ្វើទារុណកម្មអ៊ីចឹង។ ទោះជាយ៉ាងណាក៏ដោយ គ្រាន់តែពួកគេឮពាក្យចចាមអារ៉ាមរបស់សាតាំង ឬពាក្យរបស់អារក្សដែលចេញពីពួកអ្នកគ្មានជំនឿភ្លាម ការចាប់អារម្មណ៍របស់ពួកគេក៏កើតមានភ្លាម ពួកគេក្លាយជាមានកម្លាំងកំហែង ហើយពួកគេចាប់ផ្ដើមផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងពាក្យរបស់អារក្សទាំងនេះយ៉ាងសកម្មបំផុត។ តើមនុស្សបែបនេះជាបងប្អូនប្រុសស្រីដែរឬទេ? មិនមែនទេ។ ពួកគេមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់ខ្ពើមសេចក្ដីពិតដល់ឆ្អឹង។ ចំពោះរឿងរ៉ាវដែលទាក់ទងនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ មិនថាជាអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ឋានៈរបស់ព្រះជាម្ចាស់ សេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ ឬសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្សនោះទេ គឺពួកគេមើលងាយរឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ ដូច្នេះ ពួកគេតែងតែមានសញ្ញាណអំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ ពួកគេអាចនិយាយតាមគ្រប់ពាក្យចចាមអារ៉ាមរបស់សាតាំង និងពាក្យរបស់អារក្សបានយ៉ាងងាយ ហេតុនេះក៏សម្រេចបានគោលដៅរបស់ពួកគេក្នុងការផ្សព្វផ្សាយរឿងទាំងនោះ ដោយគ្មានវិប្បដិសារីអ្វីឡើយ។ តើនេះជាមនុស្សថោកទាបបែបណាទៅ? តើពួកគេជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? (មិនមែនទេ។) ទាំងនេះគឺជាទង្វើរបស់អស់អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់តែមាត់ និងអះអាងថាដើរតាមព្រះជាម្ចាស់ ដែលជឿថាមានលោកតាម្ចាស់មេឃ ជឿថាមានព្រះជាម្ចាស់នៅពីលើក្បាលពួកគេបីហត្ថ និងជឿថាបុណ្យបាបមានកម្មពៀរ។ នេះគឺជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់។ ប្រសិនបើមាននរណាម្នាក់ជេរប្រមាថឪពុកម្ដាយរបស់ពួកគេ ឬប្រឌិតពាក្យចចាមអារ៉ាមអំពីឪពុកម្ដាយរបស់ពួកគេពីក្រោយខ្នង ពួកគេមុខជានឹងប្រយុទ្ធស្លាប់រស់មិនខាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមាននរណាម្នាក់ជេរប្រមាថព្រះជាម្ចាស់ វាយប្រហារព្រះជាម្ចាស់ ឬបង្កាច់បង្ខូចព្រះជាម្ចាស់ ពួកគេមិនត្រឹមតែមិនខឹងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចនិយាយតាមជារឿងលេងសើច និងផ្សព្វផ្សាយវានៅគ្រប់ទីកន្លែងទៀតផង។ តើនេះជារឿងដែលអ្នកដើរតាមព្រះជាម្ចាស់គួរធ្វើដែរឬទេ? (មិនមែនទេ។) ដូច្នេះ តើវាសមរម្យទេ ដែលមនុស្សជាច្រើនចាត់ទុកពួកអ្នកមិនជឿទាំងនេះជាបងប្អូនប្រុសស្រី? (មិនសមរម្យទេ។) ហេតុដូច្នេះហើយ នៅពេលដែលសង្ស័យថាមនុស្សបែបនេះជាពួកអ្នកបម្រើសាតាំង អ្នកដទៃគួរតែប្រុងប្រយ័ត្ន។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ត្រូវតែប្រាប់បងប្អូនប្រុសស្រីជាបន្ទាន់ឱ្យប្រយ័ត្នចំពោះមនុស្សទាំងនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចញែកដឹងពីពួកគេបាន។ នៅពេលដែលបញ្ជាក់ថាពួកគេជាពួកអ្នកបម្រើសាតាំង ជាពួកអារក្សហើយ មនុស្សគ្រប់គ្នាគួរតែរួមគ្នាបដិសេធពួកគេ និងបោសសម្អាតពួកគេចេញពីពួកជំនុំ។ តើរឿងនេះស្របតាមគោលការណ៍ដែរឬទេ? (មែនហើយ។) បើអ៊ីចឹង នេះគឺជាអ្វីដែលគួរតែធ្វើ។
គ. របៀបដោះស្រាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តចិន និងពិភពសាសនា ដែលមួលបង្កាច់ និងវាយប្រហារព្រះជាម្ចាស់
រដ្ឋាភិបាលកុម្មុយនីស្តចិន និងពិភពសាសនា បានប្រឌិតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានជាច្រើនអំពីដំណាក់របស់ព្រះជាម្ចាស់ ដោយអះអាងមិនពិតថា បងប្អូនប្រុសស្រីបង្ខំមនុស្សឱ្យទទួលយកដំណឹងល្អ និងរឿងផ្សេងៗទៀត។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានឮពាក្យចចាមអារ៉ាមទាំងនេះ? (ខឹងសម្បា ក្ដៅក្រហាយ។) ទាំងនេះគឺជាពាក្យចចាមអារ៉ាមអំពីអ្នករាល់គ្នា ហើយអ្នករាល់គ្នាមានអារម្មណ៍ក្ដៅក្រហាយ។ តើអ្នករាល់គ្នាក្ដៅក្រហាយដល់កម្រិតណា? តើអ្នករាល់គ្នាចង់ទៅរកមនុស្សដែលប្រឌិតពាក្យចចាមអារ៉ាមទាំងនោះ ហើយឈ្លោះប្រកែកជាមួយពួកគេ ថែមទាំងប្រដៅពួកគេទៀតផងមែនទេ? (មែនហើយ។) ពាក្យចចាមអារ៉ាមទាំងនេះមើលទៅសំបកក្រៅគឺសំដៅលើពួកជំនុំ ប៉ុន្តែតាមពិតទៅ វាពាក់ព័ន្ធនឹងសមាជិកម្នាក់ៗនៃពួកជំនុំ ព្រមទាំងកេរ្តិ៍ឈ្មោះ និងសេចក្ដីសុចរិតរបស់សមាជិកម្នាក់ៗ។ បន្ទាប់ពីបានឮពាក្យទាំងនោះ អ្នករាល់គ្នាមានអារម្មណ៍ក្ដៅក្រហាយ ដោយនិយាយថា៖ «ពួកយើងមិនបានធ្វើរឿងនោះទេ! ពួកយើងផ្សាយដំណឹងល្អស្របតាមគោលការណ៍សេចក្ដីពិត។ ចំពោះអ្នកដែលមិនចង់ជឿលើព្រះជាម្ចាស់ ពួកយើងមិនដែលបង្ខំពួកគេឡើយ។ ជំនឿគឺជាការស្ម័គ្រចិត្ត។ ពួកយើងមិនដែលបង្ខិតបង្ខំនរណាម្នាក់ឡើយ កុំថាឡើយដល់ទៅធ្វើបាប ឬសងសឹកប្រឆាំងនឹងមនុស្សនោះ។ ផ្ទុយទៅវិញ ពួកយើងដែលជាអ្នកផ្សាយដំណឹងល្អ ត្រូវបានមនុស្សក្នុងសាសនាវាយដំយ៉ាងសាហាវ និងរាយការណ៍ទៅប៉ូលិសឱ្យចាប់ខ្លួន ដោយប្រគល់ទៅឱ្យនាគដ៏ធំមានសម្បុរក្រហមដើម្បីធ្វើបាប។ ពួកយើងជាច្រើននាក់ត្រូវបានគេដាក់ពន្ធនាគារ ហើយមានមនុស្សមិនតិចទេដែលត្រូវបានឃុំឃាំងនៅក្នុងគុកឯកជនដែលបង្កើតឡើងដោយមនុស្សក្នុងសាសនា។ ពួកយើងទេតើដែលជាអ្នករងភាពអយុត្តិធម៌នោះ!» បន្ទាប់ពីបានឮពាក្យចចាមអារ៉ាមទាំងនេះ អ្នករាល់គ្នាមានអារម្មណ៍ក្ដៅក្រហាយ ហើយតែងតែចង់ឈ្លោះប្រកែកជាមួយពួកគេ។ អ្នករាល់គ្នាមានប្រតិកម្មបែបនេះ ពីព្រោះពាក្យចចាមអារ៉ាមទាំងនេះវាយប្រហារ និងបង្កាច់បង្ខូចដោយផ្ទាល់ដល់ពួកជំនុំ ព្រមទាំងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នករាល់គ្នាឮពាក្យចចាមអារ៉ាមដែលបង្កាច់បង្ខូច និងជំនុំជម្រះព្រះជាម្ចាស់? រឿងទាំងនេះមិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ឬសេចក្ដីសុចរិត និងសេចក្ដីថ្លៃថ្នូររបស់អ្នករាល់គ្នាឡើយ តែវាគឺជាពាក្យចចាមអារ៉ាមដែលទាក់ទងនឹងព្រះជាម្ចាស់។ ឧទាហរណ៍៖ កាលពីមុន ពេលដែលអ្នកជឿលើព្រះយេស៊ូវ មនុស្សមួយចំនួនបាននិយាយថា ព្រះយេស៊ូវប្រសូតពីស្ត្រីព្រហ្មចារី ហើយគ្មានឪពុកនោះទេ។ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកបានឮដូច្នេះ? តើអ្នកចង់ឈ្លោះប្រកែកជាមួយពួកគេដែរឬទេ? «គឺព្រះជាម្ចាស់ហើយដែលពួកយើងជឿនោះ!» បន្ទាប់មក អ្នកក៏បានគិតពិចារណាពីរឿងនេះថា៖ «ម៉ារាគឺជាស្ត្រីព្រហ្មចារី ហើយព្រះយេស៊ូវប្រសូតពីស្ត្រីព្រហ្មចារី ដោយចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការពិត ប៉ុន្តែពួកអ្នកគ្មានជំនឿនិយាយពីរឿងនេះយ៉ាងអសុរោះ ហើយខ្ញុំមិនចូលចិត្តស្ដាប់រឿងនោះទេ!» យ៉ាងច្រើនបំផុត អ្នកប្រហែលជាមានអារម្មណ៍បែបនេះ ប៉ុន្តែនៅក្នុងចិត្តរបស់អ្នក អ្នកនៅតែមានអារម្មណ៍ថា ការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ គឺផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងសញ្ញាណរបស់មនុស្ស។ អ្នកមិនអាចជឿលើរឿងនេះបានទេ ពីព្រោះអ្នកជឿលើវិទ្យាសាស្ត្រ។ អ្នកមិនជឿលើសព្វានុភាពរបស់ព្រះជាម្ចាស់ចេញពីដួងចិត្តរបស់អ្នកឡើយ ហើយអ្នកក៏មិនជឿថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើ គឺជាសេចក្ដីពិតដែរ ហើយក្រោយមក អ្នកនឹងមិនទៅច្រានចោលពាក្យរបស់អារក្សនៃពួកអ្នកមិនជឿឡើយ។ ដោយសារតែអ្នកមិនមានសេចក្ដីពិត និងមិនយល់សេចក្ដីពិត យ៉ាងច្រើនបំផុត អ្នកគ្រាន់តែយល់ឃើញថាពាក្យចចាមអារ៉ាមដែលមនុស្សនិយាយនោះ គឺមិនគួរឱ្យចង់ស្ដាប់ឡើយ ហើយគិតថាមនុស្សមិនគួរនិយាយរបៀបនោះទេ ពីព្រោះពាក្យចចាមអារ៉ាមទាំងនេះពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះរបស់អ្នក។ អ្នកគិតថា៖ «ពួកអ្នកគ្មានជំនឿពិតជាគួរឱ្យខ្ពើមរអើម និងថោកទាបណាស់! ពួកគេហ៊ានប្រើពាក្យស្មោកគ្រោកគ្រប់បែបយ៉ាង។ ពួកគេពិតជាពួកអ្នកមិនជឿមែន! ពួកគេពិតជាពួកអារក្សមែន!» គឺមានតែប៉ុណ្ណឹងឯង ហើយនេះគឺជាកម្រិតខ្ពស់បំផុតដែលអ្នកអាចសម្រេចបាន។ ហេតុអ្វីបានជាអ្នកមានអារម្មណ៍ប្រតិកម្មខ្លាំង ហើយយល់ឃើញថាពួកអ្នកគ្មានជំនឿថោកទាប និងគួរឱ្យខ្ពើមរអើម បន្ទាប់ពីបានឮពួកគេនិយាយពាក្យចចាមអារ៉ាមបែបនេះ? ពីព្រោះវាពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះរបស់អ្នក។ ពាក្យចចាមអារ៉ាមទាំងនេះចាក់ដោតដួងចិត្តរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍អាប់មុខ ដូច្នេះ វាបញ្ឆេះកំហឹងរបស់អ្នក ហើយអ្នកក៏ក្រោកឈរឡើងដើម្បីនិយាយពាក្យពេចន៍វិជ្ជមានមួយចំនួនក្នុងការច្រានចោល។ តើការច្រានចោលបែបនេះ គឺឈរនៅខាងព្រះជាម្ចាស់ទាំងស្រុងឬ? តើវាគឺដើម្បីការពារទីបន្ទាល់របស់ព្រះជាម្ចាស់ឬ? មិនមែនទេ វាគឺដើម្បីការពារមុខមាត់ និងសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុងតែម្ដង។ ហេតុអ្វីបានជានិយាយបែបនេះ? ពីព្រោះអ្នកមិនបានមើលធ្លុះដល់សារជាតិនៃបញ្ហានេះឡើយ លើសពីនេះទៅទៀត អ្នកមិនយល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ឬអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នកនោះទេ។ អ្វីដែលអ្នកយល់ និងមានអារម្មណ៍ គឺមិនស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ វាគ្រាន់តែជាភាពតក់ក្រហល់របស់មនុស្ស និងជាឥរិយាបថល្អរបស់មនុស្សប៉ុណ្ណោះ។ ឥរិយាបថល្អរបស់មនុស្ស មិនតំណាងឱ្យទីបន្ទាល់ដែលអ្នកធ្វើថ្វាយព្រះជាម្ចាស់ឡើយ។ អ្នកមិនបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកឡើយ អ្នកគ្រាន់តែការពារមុខមាត់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកប៉ុណ្ណោះ អ្នកកំពុងច្រានចោលពាក្យចចាមអារ៉ាមទាំងនោះ ដើម្បីឱ្យមនសិការរបស់អ្នកបានធូរស្រាលបន្តិចប៉ុណ្ណោះ អ្នកមិនកំពុងឈរនៅខាងព្រះជាម្ចាស់ដើម្បីនិយាយការពារទ្រង់ឡើយ ហើយអ្នកក៏មិនបានប្រើប្រាស់សេចក្ដីពិត ឬការពិត ដើម្បីច្រានចោលពាក្យចចាមអារ៉ាម និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរ។ អ្នកមិនកំពុងនិយាយការពារព្រះជាម្ចាស់ទេ ហើយអ្វីដែលអ្នកនិយាយ ច្បាស់ណាស់ថាមិនស្របតាមសេចក្ដីពិតឡើយ វាគ្រាន់តែស្របតាមផលប្រយោជន៍ខាងសាច់ឈាមរបស់អ្នកប៉ុណ្ណោះ វាគ្រាន់តែដើម្បីធ្វើឱ្យដួងចិត្តរបស់អ្នកមិនសូវពិបាក ហើយដើម្បីកុំឱ្យអ្នកមានអារម្មណ៍ថា ការជឿលើព្រះអម្ចាស់យេស៊ូវគឺជារឿងគួរឱ្យអាម៉ាស់មុខ។ គឺមានតែប៉ុណ្ណឹងឯង។ ហេតុដូច្នេះហើយ នៅពេលដែលអ្នករាល់គ្នាឮនរណាម្នាក់វាយប្រហារ និងថ្កោលទោសព្រះជាម្ចាស់ មួលបង្កាច់ និងជំនុំជម្រះពួកជំនុំរបស់ព្រះជាម្ចាស់ ឬសូម្បីតែថ្កោលទោសអ្នករាល់គ្នា អ្នករាល់គ្នាមានអារម្មណ៍ក្ដៅក្រហាយខ្លាំងជាពិសេស ហើយចង់ឈ្លោះប្រកែក និងជជែកតទល់ជាមួយពួកគេ ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់អ្នករាល់គ្នាឡើងវិញ និងបញ្ជាក់រឿងទាំងនេះឱ្យបានច្បាស់។ ប៉ុន្តែ តើនេះមានន័យថាអ្នកបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនហើយឬ? វាមិនទាន់ដល់កម្រិតនោះទេ បើគ្មានការយល់ដឹងពីសេចក្ដីពិត នោះក៏គ្មានទីបន្ទាល់ដែរ!
នៅពេលដែលអ្នករាល់គ្នាឮពាក្យចចាមអារ៉ាមដែលត្រូវបានផ្សព្វផ្សាយនៅពិភពខាងក្រៅ ដែលមួលបង្កាច់ និងវាយប្រហារព្រះជាម្ចាស់ មិនថាពួកគេកំពុងវាយប្រហារព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឬព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅលើផែនដីនោះទេ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា? តើអ្នករាល់គ្នាព្រងើយកន្តើយ ឬក៏មានអារម្មណ៍ឈឺចាប់បន្តិចបន្តួចដែរទេ? តើអ្នករាល់គ្នាមិនអាចទ្រាំបាន និងមិនសុខចិត្តនឹងរឿងនេះ ឬក៏អ្នករាល់គ្នាទាល់តម្រិះ? មនុស្សមួយចំនួន បន្ទាប់ពីបានឮពាក្យចចាមអារ៉ាមទាំងនេះ ពួកគេគិតថា៖ «ព្រះជាម្ចាស់គឺស្អាតស្អំ ព្រះជាម្ចាស់មិនបានធ្វើរឿងទាំងនេះទេ។ ហេតុអ្វីបានជាទ្រង់ត្រូវបានពិភពលោក និងពិភពសាសនាវាយប្រហារ និងមួលបង្កាច់បែបនេះ? ពួកយើងត្រូវតែលះបង់ខ្លួន និងបំពេញភារកិច្ចរបស់ពួកយើងយ៉ាងឧស្សហ៍ព្យាយាម ហើយការពារព្រះនាមរបស់ព្រះជាម្ចាស់។ នៅពេលដែលកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច សេចក្ដីពិតនៃរឿងគ្រប់យ៉ាងនឹងត្រូវបានបើកបង្ហាញ ហើយមនុស្សទាំងអស់នៅលើពិភពលោកនឹងឃើញថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលពួកយើងជឿ គឺជាព្រះដ៏ពិតតែមួយអង្គ ជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ហើយថារឿងនេះមិនខុសទាល់តែសោះ!» អ្នកផ្សេងទៀតគិតថា៖ «ព្រះជាម្ចាស់បានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ហើយមនុស្សអាក្រក់ដែលមិនជឿ និងពួកអារក្សទាំងនេះដឹងច្បាស់ណាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ប៉ុន្តែពួកគេនៅតែមួលបង្កាច់ និងវាយប្រហារព្រះជាម្ចាស់។ តើព្រះជាម្ចាស់ត្រូវរងទុក្ខដល់ពេលណាទៀត?» នៅមានអ្នកខ្លះទៀតនិយាយថា៖ «មនុស្សអាចនិយាយអ្វីក៏បានតាមតែពួកគេចង់ ពួកយើងមិនខ្វល់ពីពួកគេទេ។ ព្រះជាម្ចាស់មិនដែលច្រានចោលពាក្យចចាមអារ៉ាមដែលមួលបង្កាច់ទាស់នឹងទ្រង់ឡើយ ព្រះអង្គមិនមានបន្ទូលតបនឹងរឿងទាំងនោះទេ។ ចុះពួកយើង ដែលជាមនុស្សដ៏តូចទាបនេះ អាចធ្វើអ្វីបានទៅ? តើព្រះជាម្ចាស់មិនតែងតែត្រូវបានមនុស្សជាតិយល់ច្រឡំ វាយប្រហារ ប្រមាថ និងបដិសេធបែបនេះទេឬ? ព្រះជាម្ចាស់មិនមានការត្អូញត្អែរអ្វីទាល់តែសោះ ហើយទ្រង់នៅតែសង្គ្រោះមនុស្សដដែល។ ចូរទុកឱ្យពេលវេលាបញ្ចេញឱ្យឃើញរឿងគ្រប់យ៉ាងចុះ ព្រះជាម្ចាស់នឹងធ្វើបន្ទាល់សម្រាប់ព្រះអង្គផ្ទាល់!» តើទស្សនៈរបស់អ្នករាល់គ្នាគឺជាអ្វី? អម្បាញ់មិញនេះ ខ្ញុំបានលើកឡើងអំពីការមិនចុះញ៉ម ការក្ដៅក្រហាយ ការមិនសុខចិត្ត ការទាល់តម្រិះ តើអ្នករាល់គ្នាមានអារម្មណ៍មួយណា? តើអារម្មណ៍មួយណាដែលត្រឹមត្រូវបំផុត? តើរឿងទាំងនេះគួរត្រូវបានប្រព្រឹត្តចំពោះស្របតាមគោលការណ៍សេចក្ដីពិតដោយរបៀបណា? តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នករាល់គ្នាឮពាក្យចចាមអារ៉ាមទាំងនេះ? (ក្ដៅក្រហាយ។) ក្ដៅក្រហាយ ហើយបន្ទាប់មក អ្នកចង់សរសេរអត្ថបទថ្កោលទោស ដើម្បីជេរប្រទេចពួកអ្នកប្រឌិតពាក្យចចាមអារ៉ាមទាំងនេះ ពួកបោកប្រាស់ខាងសាសនា និងមនុស្សអាក្រក់ខាងសាសនាទាំងនេះ។ តើអ្នកមានគំនិតបែបនេះដែរឬទេ? អ្នកនឹងមិនមានអារម្មណ៍ថា គ្រាន់តែក្ដាប់ដៃដោយកំហឹងគឺគ្រប់គ្រាន់នោះទេ តើមែនទេ? តើអ្នកមានកម្លាំងជំរុញចិត្តឱ្យធ្វើអ្វីមួយចំពោះរឿងនេះដែរឬទេ? ឬក៏វាគ្រាន់តែជាការក្ដៅក្រហាយទទេសូន្យ? (ក៏មានសម្អប់ និងការបដិសេធផងដែរ។) ការក្ដៅក្រហាយ សម្អប់ ការបដិសេធ ទាំងនេះគឺជាអារម្មណ៍ដែលកើតចេញពីសកម្មភាពផ្លូវចិត្ត ដោយគ្មានពាក្យពេចន៍ ឥរិយាបថ ឬសកម្មភាពជាក់លាក់ឡើយ វាគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ ហើយជាការពិតណាស់ វាក៏តំណាងឱ្យអាកប្បកិរិយាជាក់លាក់ផងដែរ។ (ក្រៅពីមានអារម្មណ៍ក្ដៅក្រហាយ ជួនកាលពួកយើងក៏សរសេរអត្ថបទ ឬបង្កើតកម្មវិធីដើម្បីបញ្ជាក់ពីការពិត និងលាតត្រដាងថា សារជាតិនៃសកម្មភាពរបស់ពួកគេ គឺជាសារជាតិនៃសម្អប់ចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សអាចមើលឃើញពីការពិតជាក់ស្ដែង។) តើមនុស្សទាំងនោះនឹងទទួលយកវាដែរឬទេ បន្ទាប់ពីបានឃើញការពិតជាក់ស្ដែងនោះ? សូម្បីតែពួកគេទទួលយកថាអ្វីដែលអ្នករាល់គ្នានិយាយគឺត្រឹមត្រូវក៏ដោយ ហើយបន្ទាប់មកបញ្ចេញមតិដោយយុត្តិធម៌ ដោយនិយាយថា៖ «ជំនឿរបស់អ្នករាល់គ្នាគឺត្រឹមត្រូវហើយ ចូរបន្តជឿចុះ ពួកយើងគាំទ្រអ្នករាល់គ្នា!» ហើយពួកបោកប្រាស់ខាងសាសនាមានអារម្មណ៍ខ្មាសអៀន រួចនិយាយថា៖ «សុំទោស ពួកយើងខុសហើយ អ្វីដែលពួកយើងបាននិយាយមិនមែនជាការពិតទេ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាជឿតាមផ្លូវរបស់អ្នករាល់គ្នាចុះ ហើយពួកយើងនឹងជឿតាមផ្លូវរបស់ពួកយើង» តើរឿងនោះនឹងធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ស្រួលចិត្តដែរឬទេ? តើនេះគឺជាគោលដៅតែមួយគត់ដែលអ្នករាល់គ្នាកំពុងតម្រង់ទៅរកឬ? (ពួកយើងក៏ចង់ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ផងដែរ ដើម្បីឱ្យអ្នកដែលកំពុងស៊ើបរកផ្លូវពិត និងអ្នកដែលស្រេកឃ្លានសេចក្ដីពិត អាចញែកដឹងពីត្រូវនិងខុសបានយ៉ាងច្បាស់ និងទទួលយកផ្លូវពិត។) នេះគឺជាផ្លូវមួយ នេះគឺជារបៀបនៃការអនុវត្តដ៏វិជ្ជមាន។ តើគ្រាន់តែខឹង និងស្អប់ មានប្រយោជន៍ដែរឬទេ? តើអ្វីទៅជាមូលហេតុនៃកំហឹង និងសម្អប់របស់អ្នករាល់គ្នា? ហេតុអ្វីត្រូវខឹង និងស្អប់? (ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមដើម្បីសង្គ្រោះមនុស្ស ដែលជារឿងយុត្តិធម៌បំផុត ប៉ុន្តែពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីជំនុំជម្រះ និងបង្កាច់បង្ខូចព្រះជាម្ចាស់។ ពួកយើងមានអារម្មណ៍ក្ដៅក្រហាយខ្លាំងណាស់ ដោយគិតថាពួកគេពិតជាកំពុងបញ្ច្រាសត្រូវនិងខុស ហើយនិយាយផ្ដេសផ្ដាសមែន។) តើអ្នករាល់គ្នាគិតថា ការបដិសេធព្រះជាម្ចាស់ និងអាកប្បកិរិយារបស់មនុស្សជាតិ និងពិភពលោកចំពោះព្រះជាម្ចាស់ គឺបែបនេះតែក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់លើកនេះប៉ុណ្ណោះឬ? អាកប្បកិរិយារបស់មនុស្សជាតិ និងពិភពលោកចំពោះព្រះជាម្ចាស់ តែងតែដូចគ្នាតាំងពីដើមរហូតដល់ចប់ គឺតែងតែថ្កោលទោស មួលបង្កាច់ វាយប្រហារ និងប្រមាថជានិច្ច។ ចាប់តាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់រហូតមកដល់ពេលនេះ អាកប្បកិរិយារបស់មនុស្សជាតិចំពោះអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ និងចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនបានផ្លាស់ប្ដូរឡើយ។ វាមិនមែនទើបតែបន្ទាប់ពីការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់នោះទេ ដែលមនុស្សជាតិបានចាប់ផ្ដើមវាយប្រហារ និងប្រមាថព្រះជាម្ចាស់ ព្រមទាំងប្រឌិតពាក្យចចាមអារ៉ាមផ្សេងៗអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះ រឿងនេះបាននិងកំពុងកើតឡើងតាំងពីព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ និងតាំងពីមនុស្សជាតិបានស្គាល់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះអង្គជាលើកដំបូងមកម៉្លេះ ហើយវានៅតែបន្តរហូតមកដល់ពេលនេះ។ ហើយអស់អ្នកដែលដើរតាមព្រះជាម្ចាស់ តែងតែត្រូវស៊ូទ្រាំនឹងការបង្កាច់បង្ខូច ការវាយប្រហារ ការជំនុំជម្រះ ការប្រមាថ ពាក្យចចាមអារ៉ាមផ្សេងៗ និងរឿងជាច្រើនទៀតពីរបបរបស់សាតាំង និងកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទខាងសាសនា ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងពួកជំនុំ។ តើអាចទេដែលអ្នកដើរតាមព្រះជាម្ចាស់ត្រូវតែស៊ូទ្រាំនឹងរឿងទាំងនេះ? អ្នកខ្លះនិយាយថា៖ «ពួកយើងពិតជាខ្ពើមរអើមនឹងពាក្យចចាមអារ៉ាមទាំងនេះណាស់ ពីព្រោះវាបានបំភ្លៃការពិតទាំងស្រុង ហើយបំភ្លៃត្រូវទៅជាខុស និងខុសទៅជាត្រូវ។ ពួកយើងមានអារម្មណ៍ខឹងសម្បាភ្លាមៗនៅពេលដែលពួកយើងឮវា ហើយនៅក្នុងជម្រៅដួងចិត្តរបស់ពួកយើង ពួកយើងស្អប់អ្នកដែលប្រឌិត និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនោះ។ មិនថាពាក្យចចាមអារ៉ាមទាំងនេះមកពីពិភពសាសនា ឬពីរដ្ឋាភិបាលកុម្មុយនីស្តចិនដែលជាអារក្សនោះទេ ពួកយើងមានអាកប្បកិរិយាតែមួយគត់ ហើយវាគឺជាអាកប្បកិរិយានៃសម្អប់ និងកំហឹង ហើយបន្ទាប់មក ពួកយើងចង់ច្រានវាចោល និងបញ្ជាក់រឿងគ្រប់យ៉ាងឱ្យបានច្បាស់»។ អ្នកខ្លះថែមទាំងនិយាយថា៖ «ពួកយើងចង់ជជែកតទល់ជាមួយពួកអារក្សកំណាច និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដើម្បីឱ្យពួកយើងអាចធ្វើឱ្យសាតាំងត្រូវអាប់មុខ និងធ្វើឱ្យវាអាម៉ាស់មុខ!» តើនេះគឺជាទស្សនៈរបស់មនុស្សភាគច្រើនឬ? តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? ប្រសិនបើមើលពីទស្សនៈនៃភាពជាមនុស្សធម្មតា វាគឺសមហេតុផលហើយ។ មនុស្សគួរតែមានភាពត្រឹមត្រូវខ្លះ និងមានអារម្មណ៍ធម្មតាគ្រប់បែបយ៉ាង ពួកគេគួរតែស្រឡាញ់ និងស្អប់ឱ្យបានច្បាស់លាស់ ដោយស្រឡាញ់អ្វីដែលគួរស្រឡាញ់ និងស្អប់អ្វីដែលគួរស្អប់។ មនុស្សដែលមានភាពជាមនុស្សធម្មតា គួរតែមានលក្ខណៈសម្បត្តិទាំងនេះ។ ប៉ុន្តែ តើគ្រាន់តែឈរពីទស្សនៈនៃភាពជាមនុស្សធម្មតា គឺគ្រប់គ្រាន់ដើម្បីស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? និយាយឱ្យកាន់តែច្បាស់ទៅ តើវិធីសាស្ត្រនេះស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ដែរឬទេ? ឬមួយក៏ នេះគឺជាអាកប្បកិរិយា និងវិធីសាស្ត្រដែលព្រះជាម្ចាស់សព្វព្រះទ័យ? នៅពេលដែលខ្ញុំនិយាយបែបនេះ មនុស្សភាគច្រើនប្រហែលជាអាចចាប់យល់ពីរឿងខ្លះ ដោយគិតថា៖ «ព្រះអង្គបានមានបន្ទូលថា នេះគ្រាន់តែជាការមើលរឿងរ៉ាវពីទស្សនៈនៃភាពជាមនុស្សធម្មតាប៉ុណ្ណោះ។ ដោយជំនុំជម្រះតាមអត្ថន័យបង្កប់នៃអ្វីដែលទ្រង់បានមានបន្ទូល វាច្បាស់ណាស់ថា វិធីសាស្ត្រនេះគឺកើតចេញពីភាពតក់ក្រហល់ ដែលមិនស្របតាមគោលការណ៍សេចក្ដីពិត និងមិនស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ»។ តើការមិនស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ មានន័យដូចម្ដេច? វាមានន័យថា ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យមនុស្សប្រព្រឹត្តបែបនេះទេ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្ដង់ដាដែលព្រះជាម្ចាស់តម្រូវសម្រាប់មនុស្ស គឺមិនមែនបែបនេះឡើយ។ ប្រសិនបើអ្នកប្រព្រឹត្តតាមរបៀបនេះ ទោះបីជាព្រះជាម្ចាស់មិនថ្កោលទោសវាក៏ដោយ ប៉ុន្តែពីទស្សនៈរបស់ព្រះអង្គ វាមិនមានន័យថាអ្នកកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយព្រះអង្គក៏មិនទទួលស្គាល់វាដែរ។ មើលទៅសំបកក្រៅ វាហាក់ដូចជាអ្នកកំពុងធ្វើរឿងទាំងនេះដោយមានវិចារណញ្ញាណ ដោយមានទាំងសម្អប់ និងសេចក្ដីស្រឡាញ់ ដោយចង់បញ្ជាក់ការពិតទាំងនេះឱ្យបានច្បាស់សម្រាប់ព្រះជាម្ចាស់ ដើម្បីឱ្យពិភពលោកទាំងមូលដឹងថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ថាព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃមនុស្សជាតិទាំងមូល ហើយថាមនុស្សគ្រប់រូបគួរតែថ្វាយបង្គំព្រះជាម្ចាស់ និងទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ មើលទៅសំបកក្រៅ វាហាក់ដូចជាអ្វីដែលអ្នកកំពុងធ្វើគឺឥតខ្ចោះ ប្រកបដោយវិចារណញ្ញាណ ស្របតាមច្បាប់ ស្របតាមភាពជាមនុស្ស ស្របតាមសីលធម៌ ហើយលើសពីនេះទៅទៀត គឺស្របតាមចំណូលចិត្តរបស់មនុស្សគ្រប់រូប។ ប៉ុន្តែ តើអ្នកបានទូលសួរព្រះជាម្ចាស់អំពីរឿងនេះដែរឬទេ? តើអ្នកបានស្វែងរកព្រះជាម្ចាស់ដែរឬទេ? តើអ្នកបានរកឃើញគោលការណ៍នៃសកម្មភាពដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ចេញពីព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើព្រះរាជបំណងរបស់ព្រះជាម្ចាស់គឺជាអ្វីឱ្យប្រាកដទៅ? អ្នកខ្លះនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានច្រើនណាស់ វាមិនងាយស្រួលទេក្នុងការស្វែងរកសេចក្ដីតម្រូវជាក់លាក់របស់ព្រះជាម្ចាស់សម្រាប់មនុស្សនៅក្នុងគ្រប់រឿងរ៉ាវទាំងអស់នោះ»។ ដោយសារតែអ្នកមិនទាន់រកឃើញព្រះបន្ទូលដ៏ច្បាស់លាស់របស់ព្រះជាម្ចាស់ អ្នកអាចស្វែងរកតម្រុយពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពាក្យចចាមអារ៉ាមប្រភេទទាំងនេះបាន។ ដូច្នេះ តើអ្នកមិនអាចកំណត់ថាអាកប្បកិរិយារបស់មនុស្សចំពោះរឿងនេះគួរតែជាអ្វី ហើយគោលការណ៍អ្វីដែលពួកគេគួរតែអនុវត្ត ដោយផ្អែកលើអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះរឿងនេះទេឬ? (មែនហើយ។) ដូច្នេះ ចូរពួកយើងមើលថាតើអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះរឿងនេះគឺជាអ្វីឱ្យពិតប្រាកដ។
ចាប់តាំងពីមនុស្សជាតិបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ជាលើកដំបូងមក មនុស្សបានត្អូញត្អែរ និងមិនពេញចិត្តនឹងព្រះជាម្ចាស់ ថែមទាំងលួចនិយាយពាក្យពេចន៍គួរឱ្យខ្ពើមរអើមជាច្រើននៃការសង្ស័យ មន្ទិល និងការបដិសេធ ព្រមទាំងរឿងផ្សេងៗទៀត ចំពោះព្រះជាម្ចាស់។ ក៏មានពាក្យចចាមអារ៉ាមផ្សេងៗពីគណបក្សកាន់អំណាចរបស់ចិន និងពិភពសាសនាផងដែរ ដែលមិនស្របតាមការពិតទាល់តែសោះ ហើយក៏មិនស្របតាមសេចក្ដីពិតដែរ។ តើពាក្យពេចន៍ទាំងនេះមានន័យយ៉ាងណាចំពោះព្រះជាម្ចាស់? មិនថាវាជាការសង្ស័យ ការយល់ច្រឡំ ឬការត្អូញត្អែរនោះទេ វាគឺពោរពេញទៅដោយការវាយប្រហារ ការមួលបង្កាច់ និងការប្រមាថទាស់នឹងព្រះជាម្ចាស់ ហើយវាមិនបានឆ្លុះបញ្ចាំងពីចិត្តដែលកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ រឿងនេះគឺបែបនេះតាំងតែពីដើមដំបូងមកម៉្លេះ។ តែងតែមានមនុស្សមួយចំនួននៅក្នុងពួកជំនុំដែលមិនស្រឡាញ់សេចក្ដីពិត។ ទាំងនេះគឺជាពួកអ្នកមិនជឿ ដែលសង្ស័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ដោយបង្ហាញអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺពួកអ្នកគ្មានជំនឿ និងបណ្ដាគណបក្សកាន់អំណាចដែលមិនជឿថាមានព្រះជាម្ចាស់ទាំងនោះ ដែលជាពួកមនុស្សមិនពេញចិត្តនឹងសេចក្ដីពិត អាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់គឺមិនចាំបាច់បកស្រាយឡើយ ពួកគេវាយប្រហារ និងជំនុំជម្រះយ៉ាងគឃ្លើន ដោយនិយាយអ្វីក៏បានតាមតែពួកគេចង់។ ជាពិសេស ពួកផារិស៊ីនៅក្នុងពិភពសាសនាទាំងនោះ កាន់តែឆ្លៀតឱកាសដើម្បីជំនុំជម្រះ និងថ្កោលទោសយ៉ាងគឃ្លើន។ មតិយោបល់ទាំងអស់នេះមិនមែនវិជ្ជមានទេ ហើយច្បាស់ណាស់ថាវាមិនមានភាពសត្យានុម័ត និងសុក្រឹតឡើយ។ ដូច្នេះ តើសារជាតិនៃមតិយោបល់ទាំងនេះគឺជាអ្វី? ចំពោះព្រះជាម្ចាស់ ពាក្យពេចន៍ទាំងនេះមិនមែនគ្រាន់តែជាសេចក្ដីថ្លែង ឬទស្សនៈប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការបង្ខូចកេរ្តិ៍ឈ្មោះ ការវាយប្រហារ ការមួលបង្កាច់ និងការប្រមាថទាស់នឹងទ្រង់។ ហេតុអ្វីបានជាខ្ញុំនិយាយថា៖ «ចំពោះព្រះជាម្ចាស់»? ពីព្រោះព្រះជាម្ចាស់វាស់ស្ទង់រឿងទាំងអស់នេះបានយ៉ាងសុក្រឹតត្រឹមត្រូវបំផុត ពួកយើងគ្រាន់តែអាចបន្ថែមបុព្វបទប៉ុណ្ណោះ។ ពេញមួយប្រវត្តិសាស្ត្រ អាកប្បកិរិយារបស់មនុស្សជាតិចំពោះព្រះជាម្ចាស់គឺតែងតែបែបនេះ ពាក្យពេចន៍របស់មនុស្សដែលវាយប្រហារ និងប្រមាថព្រះជាម្ចាស់គឺមានច្រើនរាប់មិនអស់ ដោយគ្មានពាក្យពេចន៍ណាមួយដែលមានចេតនាល្អឡើយ។ សូម្បីតែសព្វថ្ងៃនេះ អ្វីដែលត្រចៀករបស់អ្នករាល់គ្នាឮ និងភ្នែករបស់អ្នករាល់គ្នាឃើញ ក៏នៅតែដូចគ្នាដែរ។ តាំងពីដើមដំបូងមក អាកប្បកិរិយារបស់មនុស្សជាតិទាំងមូលចំពោះព្រះជាម្ចាស់ គឺមិនបានផ្លាស់ប្ដូរឡើយ។ តើព្រះជាម្ចាស់ដោះស្រាយជាមួយរឿងទាំងនេះដោយរបៀបណា? តើព្រះជាម្ចាស់មានលក្ខខណ្ឌ ឬសមត្ថភាពក្នុងការកោះប្រជុំសមាជសាសនាពិភពលោកដើម្បីការពារព្រះអង្គផ្ទាល់ ដើម្បីបញ្ជាក់ពីការពិតជាក់ស្ដែងនៃកិច្ចការរបស់ទ្រង់ ដើម្បីដោះសាសម្រាប់ព្រះអង្គផ្ទាល់ចំពោះមនុស្សជាតិដែរឬទេ? តើព្រះជាម្ចាស់បានធ្វើរឿងនេះដែរឬទេ? មិនមែនទេ ព្រះជាម្ចាស់នៅតែស្ងៀមស្ងាត់ ព្រះអង្គមិនបកស្រាយពីស្ថានភាពទាំងមូលឡើយ ហើយព្រះអង្គក៏មិនដែលការពារ ឬដោះសាសម្រាប់ព្រះអង្គផ្ទាល់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអស់អ្នកដែលវាយប្រហារព្រះជាម្ចាស់ក្នុងរបៀបដ៏ថោកទាបបំផុត ព្រះជាម្ចាស់បានប្រទាននូវការដាក់ទោសមួយចំនួន ដោយបណ្ដាលឱ្យការពិតមួយចំនួនធ្លាក់ទៅលើពួកគេ។ ចំណែកឯការវាយប្រហារ ការមួលបង្កាច់ និងការប្រមាថរបស់សាធារណជនវិញ តើអាកប្បកិរិយារបស់ព្រះជាម្ចាស់គឺជាអ្វី? តើព្រះជាម្ចាស់ចាត់ចែងរឿងនេះដោយរបៀបណា? ព្រះអង្គមិនខ្វល់ពីវាឡើយ ទ្រង់ធ្វើអ្វីដែលត្រូវធ្វើ ទ្រង់ធ្វើវាតាមរបៀបដែលគួរធ្វើ ដោយជ្រើសរើសអ្នកដែលទ្រង់គួរជ្រើសរើស និងណែនាំអ្នកដែលទ្រង់គួរណែនាំ។ ពិភពលោកទាំងមូលមានសណ្ដាប់ធ្នាប់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ព្រះអង្គមិនដែលបង្អាក់ ឬផ្លាស់ប្ដូរផែនការរបស់ទ្រង់ដោយសារតែការវាយប្រហារ ការមួលបង្កាច់ ឬការប្រមាថរបស់មនុស្សឡើយ។ នៅពេលដែលកម្លាំងអាក្រក់របស់សាតាំងគាបសង្កត់ និងចាប់ខ្លួនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មិនថាពួកវាឆ្កួតលីលាយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរផែនការ ឬព្រះហឫទ័យរបស់ទ្រង់ឡើយ។ គំនិត និងព្រះតម្រិះរបស់ព្រះអង្គនៅតែមិនផ្លាស់ប្ដូរទាំងស្រុង ព្រះអង្គគ្រាន់តែបន្តអនុវត្តកិច្ចការដែលទ្រង់មានព្រះរាជបំណងចង់ធ្វើ ដូចដែលព្រះអង្គតែងតែធ្វើ ដោយគ្រប់គ្រងមនុស្សជាតិរបស់ទ្រង់។ ចំពោះព្រះជាម្ចាស់ ការវាយប្រហារ ការមួលបង្កាច់ និងការប្រមាថទាំងនេះ មិនដែលបង្កជាការជ្រៀតជ្រែកណាមួយឡើយ ព្រះជាម្ចាស់មិនខ្វល់ខ្វាយពីរឿងទាំងនោះទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនដោះសា ឬការពារព្រះអង្គផ្ទាល់? ចំពោះព្រះជាម្ចាស់ រឿងទាំងនេះគឺជារឿងធម្មតាទាំងស្រុង។ មនុស្សជាតិគឺមនុស្សជាតិ ហើយសាតាំងគឺសាតាំង។ វាជារឿងធម្មតាណាស់សម្រាប់មនុស្ស ដែលមិនយល់សេចក្ដីពិត ឬការពិតជាក់ស្ដែង ក្នុងការធ្វើរឿងបែបនេះ។ តើរឿងនេះប៉ះពាល់ដល់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? វាមិនប៉ះពាល់ឡើយ។ ព្រះជាម្ចាស់មានព្រះចេស្ដាដ៏អស្ចារ្យ ព្រះអង្គមានអធិបតេយ្យភាពលើអ្វីៗទាំងអស់។ របស់សព្វសារពើ និងអ្វីៗទាំងអស់ដំណើរការយ៉ាងមានសណ្ដាប់ធ្នាប់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ និងនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ មិនថាមនុស្សជាតិនិយាយ ឬធ្វើអ្វីនោះទេ វាមិនអាចប៉ះពាល់ដល់កិច្ចការរបស់ព្រះជាម្ចាស់តាមរបៀបណាមួយឡើយ នេះគឺជាអ្វីដែលព្រះជាម្ចាស់ដែលមានសារជាតិជាព្រះមានសមត្ថភាពអាចធ្វើបាន។ ព្រះជាម្ចាស់ធ្វើសកម្មភាពនៅពេលដែលពេលវេលាមកដល់ ដោយបំពេញផែនការរបស់ទ្រង់ដោយគ្មានការល្អៀងសូម្បីតែបន្តិច ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូររឿងណាមួយនៃរឿងទាំងនេះបានឡើយ។ ពាក្យសម្ដីរបស់មនុស្ស និងការវាយប្រហារ ឬការមួលបង្កាច់ណាមួយរបស់មនុស្សមកលើព្រះជាម្ចាស់ មិនថាវាជាការប៉ុនប៉ងដោយចេតនាដើម្បីរារាំង និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ឬជាការរំខាន និងការរុះរើកិច្ចការរបស់ព្រះជាម្ចាស់ដោយអចេតនានោះទេ គឺមិនដែលសម្រេចបាននូវគោលដៅដែលពួកគេចង់បានឡើយ។ ហេតុអ្វីទៅ? នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នេះបញ្ជាក់ថាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺមានតែមួយគត់ ដែលមិនអាចជំនួសបានដោយកម្លាំងណាមួយឡើយ ហើយក៏មិនអាចយកឈ្នះបានដោយកម្លាំងណាមួយដែរ។ នេះគឺជាការពិត។ ព្រះជាម្ចាស់មានសិទ្ធិអំណាចនេះ និងព្រះចេស្ដានេះ ព្រះជាម្ចាស់មានអត្តសញ្ញាណពិតរបស់ទ្រង់ ហើយគ្មានកម្លាំងណាមួយអាចផ្លាស់ប្ដូរអ្វីបានឡើយ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់គួរខ្វល់ខ្វាយនឹងការវាយប្រហារ និងការមួលបង្កាច់បន្តិចបន្តួចរបស់មនុស្សនោះ? ចំពោះព្រះជាម្ចាស់ មិនថាមានបុគ្គលសំខាន់ៗប៉ុន្មាននាក់ ឬកម្លាំងខ្លាំងក្លាប៉ុនណាក្នុងចំណោមមនុស្សជាតិ ព្យាយាមជ្រៀតជ្រែក មួលបង្កាច់ វាយប្រហារ ឬប្រមាថទ្រង់នោះទេ វាមិនអាចរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ផ្ទុយទៅវិញ សកម្មភាពទាំងនេះគ្រាន់តែបម្រើដើម្បីរំលេចឱ្យឃើញពីនិស្ស័យសុចរិត និងសព្វានុភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ការរំខានដោយកម្លាំងអាក្រក់របស់សាតាំង គ្រាន់តែជាវគ្គខ្លីមួយនៅក្នុងដំណើរនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិប៉ុណ្ណោះ។ អ្វីដែលអាចមានអធិបតេយ្យភាពលើមនុស្សជាតិទាំងមូល ជះឥទ្ធិពលដល់មនុស្សជាតិទាំងមូល និងបំផ្លាស់បំប្រែមនុស្សជាតិទាំងមូលបាន គឺកិច្ចការរបស់ព្រះជាម្ចាស់ ផែនការរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះចេស្ដាដ៏អស្ចារ្យ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាការពិត។ ផ្ទុយទៅវិញ តើព្រះជាម្ចាស់ចាំបាច់ត្រូវខ្វល់ខ្វាយនឹងការបង្ខូចកេរ្តិ៍ឈ្មោះ ការវាយប្រហារ ការមួលបង្កាច់ និងការប្រមាថរបស់មនុស្សទាស់នឹងទ្រង់ដែរឬទេ? មិនចាំបាច់ទេ។ ដោយសារតែព្រះជាម្ចាស់មានសិទ្ធិអំណាច ចំពោះព្រះជាម្ចាស់ សេចក្ដីថ្លែងរបស់ទ្រង់ដែលថា «ខ្ញុំមានបន្ទូលបែបណា គឺខ្ញុំចង់បានន័យបែបនោះឯង ហើយអ្វីដែលខ្ញុំមានបន្ទូលហើយ ត្រូវតែធ្វើឱ្យបាន ហើយកិច្ចការដែលខ្ញុំធ្វើ ត្រូវតែស្ថិតស្ថេរអស់កល្បជានិច្ច» នឹងតែងតែក្លាយជាការពិត វាពិតជាកំពុងតែក្លាយជាការពិត និងត្រូវបានសម្រេចជារៀងរាល់ថ្ងៃ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនសួរថា៖ «តើនេះគឺជាទំនុកចិត្តរបស់ព្រះជាម្ចាស់ ជាសេចក្ដីជំនឿរបស់ព្រះអង្គឬ?» អ្នកយល់ខុសហើយ! មនុស្សមានទំនុកចិត្ត មនុស្សត្រូវការសេចក្ដីជំនឿ ប៉ុន្តែព្រះជាម្ចាស់មិនត្រូវការឡើយ។ ហេតុអ្វីទៅ? ពីព្រោះព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដា ហើយមិនថាមនុស្សជាតិមួលបង្កាច់ ឬថ្កោលទោសទ្រង់យ៉ាងណានោះទេ មិនថាកម្លាំងដែលប្រទូសរ៉ាយរបស់សាតាំងរំខាន និងបំផ្លិចបំផ្លាញយ៉ាងណានោះទេ គឺគ្មានអ្វីនឹងផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មិនចាំបាច់ត្រូវជម្រុះចោលនូវកម្លាំងដែលប្រទូសរ៉ាយក្នុងចំណោមមនុស្សជាតិពុករលួយ ដែលវាយប្រហារ មួលបង្កាច់ និងប្រមាថព្រះអង្គ មុនពេលអនុវត្តកិច្ចការរបស់ទ្រង់ឡើយ។ តើព្រះជាម្ចាស់ធ្វើកិច្ចការក្នុងកាលៈទេសៈបែបណា? តើព្រះអង្គទទួលបានជ័យជម្នះក្នុងកាលៈទេសៈបែបណា? តើព្រះអង្គសម្រេចកិច្ចការរបស់ទ្រង់ក្នុងកាលៈទេសៈបែបណា? វាត្រូវបានធ្វើឡើងនៅកណ្ដាលសំឡេងអ៊ូអរនៃការវាយប្រហារ ការមួលបង្កាច់ និងការប្រមាថរបស់មនុស្សជាតិទាំងមូល និងកម្លាំងដែលប្រទូសរ៉ាយទាំងអស់ គឺនៅក្នុងមជ្ឈដ្ឋាន និងទិដ្ឋភាពបែបនេះហើយ ដែលព្រះអង្គសម្រេចកិច្ចការរបស់ទ្រង់។ តើនេះមិនមែនជាការបង្ហាញពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? (មែនហើយ។) តើនរណាអាចបដិសេធការពិតនេះបាន? តើអ្នកហ៊ានមិនទទួលស្គាល់ថា នេះគឺជាការពិតដែរឬទេ?
ពេញមួយប្រវត្តិសាស្ត្រ មនុស្សជាតិបានបន្តមួលបង្កាច់ និងប្រមាថព្រះជាម្ចាស់ ហើយនៅគ្រាចុងក្រោយ កម្លាំងក្នុងចំណោមមនុស្សជាតិទាំងមូលដែលទាស់ទទឹងនឹងព្រះជាម្ចាស់ បានកើនឡើងកាន់តែខ្លាំងក្លា ដោយមានសំឡេងកាន់តែច្រើនដែលមួលបង្កាច់ និងថ្កោលទោសព្រះជាម្ចាស់។ មនុស្សជាតិប្រើប្រាស់វិធីសាស្ត្រផ្សេងៗ តាមរយៈកាសែត ទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីមួលបង្កាច់ និងវាយប្រហារព្រះជាម្ចាស់។ ប៉ុន្តែ តើពួកយើងធ្លាប់បានវែកញែកពាក្យចចាមអារ៉ាមទាំងនេះនៅក្នុងរាល់ការជួបជុំរបស់ពួកយើងដែរឬទេ? (មិនធ្លាប់ទេ។) ហេតុអ្វីបានជាមិនធ្វើដូច្នេះ? អ្នកខ្លះនិយាយថា៖ «តើមកពីអ្នកស្អាតស្អំនៅតែស្អាតស្អំ ហើយពាក្យចចាមអារ៉ាមរលាយបាត់នៅពេលទៅដល់អ្នកមានប្រាជ្ញាមែនទេ?» តើមកពីហេតុផលនោះឬ? (ពាក្យចចាមអារ៉ាមទាំងនេះមិនអាចប៉ះពាល់ដល់កិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះ។ មិនថាសាតាំងរំខានយ៉ាងណានោះទេ វាមិនអាចបំផ្លិចបំផ្លាញ ឬរារាំងដំណើរការនៃកិច្ចការ និងផែនការរបស់ព្រះជាម្ចាស់បានឡើយ។) សាតាំងគឺជារបស់បែបនេះឯង ឱ្យតែព្រះជាម្ចាស់ធ្វើសកម្មភាព ឱ្យតែព្រះជាម្ចាស់ធ្វើកិច្ចការ វានឹងមកតាំងរំខាន។ នេះពិតជាតួដែលវាសម្ដែងហើយ។ តើវាសមទេដែលអ្នកបញ្ឈប់វាមិនឱ្យសម្ដែងនោះ? អ្នកត្រូវតែផ្ដល់ទីកន្លែងឱ្យវាបានគ្រប់គ្រាន់ ផ្ដល់ឆាកឱ្យវាបានគ្រប់គ្រាន់ និងផ្ដល់ឱកាសឱ្យវាបានគ្រប់គ្រាន់ដើម្បីសម្ដែង។ នៅពេលដែលវាបានសម្ដែងគ្រប់គ្រាន់ហើយ ហត់នឿយនឹងភាពវឹកវររបស់វា ហើយបានធ្វើអំពើអាក្រក់គ្រប់គ្រាន់ហើយ នោះថ្ងៃរបស់វានឹងត្រូវបានបញ្ចប់។ ពួកយើងមិនចាំបាច់ខាតពេលវេលាដ៏មានតម្លៃដើម្បីវែកញែក និងវិភាគពាក្យចចាមអារ៉ាមផ្សេងៗ និងអំពើអាក្រក់របស់វា ដើម្បីច្រានចោលពាក្យចចាមអារ៉ាមទាំងនេះឡើយ ការធ្វើបែបនេះគឺគ្មានប្រយោជន៍ និងគ្មានតម្លៃទាល់តែសោះ។ តើការវែកញែករឿងទាំងនោះមានប្រយោជន៍អ្វីទៅ? តើវាអាចតំណាងឱ្យមនុស្សដែលយល់សេចក្ដីពិតដែរឬទេ? មានសេចក្ដីពិតច្រើនពេកហើយដែលមនុស្សគួរតែយល់ ពួកគេមិនទាំងស្ដាប់សេចក្ដីពិតទាំងនេះទាន់អស់ផង កុំថាឡើយដល់ទៅច្រានចោលពាក្យចចាមអារ៉ាមទាំងនេះនោះ។ តើមនុស្សមានពេលទំនេរបែបនោះដែរឬទេ? និយាយដោយត្រង់ទៅ ខ្ញុំពិតជាមិនចាប់អារម្មណ៍នឹងរឿងទាំងនោះទេ ហើយខ្ញុំក៏មិនចង់លើកឡើងពីរឿងទាំងនោះ ឬយកចិត្តទុកដាក់ចំពោះរឿងទាំងនោះដែរ។ អ្នកខ្លះនិយាយថា៖ «ក្នុងប៉ុន្មានឆ្នាំមកនេះ តើមកពីព្រះអង្គមិនហ៊ានយាងទៅណាឬ? តើមកពីមានពាក្យចចាមអារ៉ាមសាយភាយពាសពេញច្រើនពេក ទើបធ្វើឱ្យព្រះអង្គតែងតែព្រួយព្រះទ័យ និងភ័យខ្លាច ទោះជាទ្រង់យាងទៅទីណាក៏ដោយមែនទេ?» ខ្ញុំនិយាយថា ខ្ញុំមិនមានអារម្មណ៍អ្វីទាល់តែសោះ។ អ្នកខ្លះនិយាយថា៖ «តើព្រះអង្គមិនចង់ការពារព្រះអង្គផ្ទាល់ចំពោះរឿងដែលទ្រង់មិនបានធ្វើទេឬ?» តើមានអ្វីដែលត្រូវការពារទៅ? ខ្ញុំសូម្បីតែរវល់នឹងកិច្ចការត្រឹមត្រូវរបស់ខ្ញុំសឹងតែមិនទាន់ផង! ខ្ញុំសន្ទនាជាមួយមនុស្ស ជាមួយភាវៈដែលព្រះបានបង្កើត មិនមែនជាមួយពួកអារក្សទេ។ អ្នកខ្លះសួរថា៖ «តើវាមិនធ្វើឱ្យព្រះអង្គខ្ញាល់ទេឬ នៅពេលដែលឮពាក្យចចាមអារ៉ាមទាំងនេះ?» ខ្ញុំនិយាយថា ខ្ញុំមិនមានអារម្មណ៍អ្វីចំពោះរឿងទាំងនោះទេ ពួកវាមិនធ្វើឱ្យខ្ញុំមានអារម្មណ៍អ្វីឡើយ ខ្ញុំមិនខ្វល់ខ្វាយនឹងរឿងទាំងនេះទេ។ អ្នកខ្លះសួរថា៖ «តើព្រះអង្គមិនមានអារម្មណ៍ថារងភាពអយុត្តិធម៌ទេឬ?» ខ្ញុំនិយាយថា ខ្ញុំមិនមានអារម្មណ៍ថារងភាពអយុត្តិធម៌ទេ តើមានអ្វីដែលត្រូវឱ្យមានអារម្មណ៍ថារងភាពអយុត្តិធម៌ទៅ? ធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ធ្វើអ្វីដែលខ្ញុំគួរធ្វើ ធ្វើឱ្យបានល្អនូវអ្វីដែលខ្ញុំអាច និងគួរធ្វើ បំពេញការទទួលខុសត្រូវរបស់ខ្ញុំ នោះហើយគឺជារឿងដ៏ល្អបំផុត នោះហើយទើបមានអត្ថន័យ។ ខ្ញុំនឹងមិនឱ្យរឿងដែលគ្មានអត្ថន័យ និងគ្មានតម្លៃទាំងនោះបំបែរអារម្មណ៍ ឬចំណាយពេលលើពួកវាឡើយ។ ខ្ញុំគ្មានពេលដើម្បីខ្វល់ខ្វាយនឹងរឿងទាំងនោះទេ។ អ្នកខ្លះនិយាយថា៖ «ចុះនៅពេលដែលព្រះអង្គមានពេលទំនេរវិញ តើទ្រង់នឹងខ្វល់ខ្វាយនឹងពួកវាដែរឬទេ?» អត់ទេ សូម្បីតែពេលដែលខ្ញុំមានពេលទំនេរក៏ដោយ។ ខ្ញុំសុខចិត្តនិយាយជាមួយឆ្កែរបស់ខ្ញុំ ប្រសើរជាងសន្ទនាជាមួយពួកអារក្ស។ ប្រសិនបើអ្នកដឹងច្បាស់ថាវាគឺជាអារក្សដែលកំពុងនិយាយសម្ដីរបស់អារក្សហើយ តើហេតុអ្វីត្រូវខ្វល់ខ្វាយនឹងវា? អ្នកមិនគួរខ្វល់ខ្វាយទាល់តែសោះ ការបណ្ដោយឱ្យអារក្សត្រូវអាម៉ាស់ទាំងស្រុង ទើបជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ សរុបមក អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពាក្យចចាមអារ៉ាមទាំងនេះគឺមានដូចតទៅ៖ ក្នុងការធ្វើអ្វីមួយ ឬមានព្រះបន្ទូលរាល់ប្រយោគ ព្រះជាម្ចាស់មិនមែនកំពុងដោះសាសម្រាប់ព្រះអង្គផ្ទាល់ មិនមែនកំពុងបញ្ជាក់ពីព្រះអង្គផ្ទាល់ចំពោះមនុស្សជាតិឡើយ ហើយច្បាស់ណាស់ថាមិនមែនកំពុងដោះសាសម្រាប់ព្រះអង្គផ្ទាល់ចំពោះសាតាំង ដែលជាសត្រូវរបស់ទ្រង់ ដោយមានព្រះបន្ទូលថាព្រះអង្គបរិសុទ្ធ ស្អាតស្អំ និងគ្មានកំហុសនោះទេ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ការគ្រប់គ្រងរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សដែលទ្រង់មានព្រះរាជបំណងចង់សង្គ្រោះ។ ព្រះអង្គធ្វើតាមផែនការគ្រប់គ្រងរបស់ទ្រង់មួយជំហានម្ដងៗ ព្រះអង្គមិនធ្វើវាដើម្បីបង្ហាញអ្វីមួយដល់នរណាម្នាក់ឡើយ ហើយក៏មិនមែនដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ដែរ។ និយាយតាមភាសាមនុស្ស អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺធ្វើឡើងតាមសភាវគតិ ដោយគ្មានភាពមិនស្មោះត្រង់ ឬភាពអសកម្មណាមួយឡើយ។ ការដែលព្រះជាម្ចាស់អនុវត្តកិច្ចការទាំងអស់នេះតាមសភាវគតិ គឺបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះអង្គ។ មនុស្សជាតិមិនអាចផ្លាស់ប្ដូរផែនការរបស់ព្រះជាម្ចាស់បានឡើយ ហើយពួកគេក៏មិនអាចយកឈ្នះសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់បានដែរ នេះគឺជាការពិត។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មិនអើពើនឹងពាក្យចចាមអារ៉ាម និងពាក្យរបស់អារក្ស ដែលវាយប្រហារ និងមួលបង្កាច់ព្រះអង្គពីភាគីណាមួយក្នុងចំណោមមនុស្សជាតិឡើយ។ ចូរប្រាប់ខ្ញុំមកមើល តើវាមិនងាយស្រួលពេកទេឬសម្រាប់ព្រះជាម្ចាស់ ក្នុងការមានព្រះបន្ទូលមួយជំពូក ឬសរសេរអត្ថបទថ្កោលទោស ដើម្បីជេរប្រទេចការវាយប្រហារ និងការទាស់ទទឹងនឹងព្រះជាម្ចាស់ ពីបណ្ដាគណបក្សកាន់អំណាចដែលមិនជឿថាមានព្រះជាម្ចាស់នៅក្នុងពិភពលោក និងពិភពសាសនានោះ? ប៉ុន្តែ ព្រះជាម្ចាស់នឹងមិនធ្វើបែបនេះចំពោះសាតាំងឡើយ។ ព្រះជាម្ចាស់ធ្វើសកម្មភាពដោយមានគោលការណ៍ នៅពេលនិយាយដល់ការដែលព្រះជាម្ចាស់បំផ្លាញកម្លាំងអាក្រក់របស់សាតាំង ព្រះអង្គមានពេលវេលាផ្ទាល់របស់ទ្រង់។ ចំពោះព្រះជាម្ចាស់ ការធ្វើសកម្មភាពគឺងាយស្រួលពេកហើយ។ ព្រះជាម្ចាស់អាចបំពេញកិច្ចការដ៏អស្ចារ្យមួយចំនួននៅស្ថានសួគ៌ ហើយភ្លាមៗនោះ ស្ថានសួគ៌នឹងបើកចំហដោយមានព្រះសូរសៀងបន្លឺឡើងថា៖ «ខ្ញុំគឺជាព្រះដ៏ពិតតែមួយអង្គ ដែលអ្នករាល់គ្នាមួលបង្កាច់ វាយប្រហារ និងប្រមាថ ខ្ញុំគឺជាព្រះដ៏មានគ្រប់ចេស្ដា ដែលបច្ចុប្បន្ននេះអ្នករាល់គ្នាកំពុងតែមួលបង្កាច់ និងប្រមាថ!» ពេលបានឮដូច្នេះ មនុស្សជាតិនឹងស្រឡាំងកាំង និងធ្វើអ្វីមិនត្រូវភ្លាមៗ ដោយគ្រាន់តែអាចក្រាបខ្លួនចុះនៅលើដី យំសោក និងសង្កៀតធ្មេញប៉ុណ្ណោះ។ ព្រះបន្ទូលមួយប្រយោគនេះនឹងដោះស្រាយរឿងគ្រប់យ៉ាង បញ្ជាក់ពីរឿងគ្រប់យ៉ាង តើមាននរណាម្នាក់ហ៊ានប្រមាថព្រះជាម្ចាស់ទៀតដែរឬទេ? តើពួកអារក្សនៅក្នុងពិភពសាសនាទាំងនោះ នឹងមិនភ័យខ្លាចរហូតដល់បាត់ស្រមោលឈឹងទេឬ? សាតាំងប្រឌិតពាក្យចចាមអារ៉ាមអំពីព្រះជាម្ចាស់ វាមួលបង្កាច់ និងវាយប្រហារព្រះជាម្ចាស់ ធ្វើឱ្យអស់អ្នកដែលជឿលើព្រះជាម្ចាស់ខឹងសម្បា និងស្អប់ខ្ពើម រហូតដល់ហូបមិនចូល ដេកមិនលក់ ដោយចង់សរសេរអត្ថបទ និងផលិតកម្មវិធីដើម្បីច្រានវាចោល ខណៈដែលព្រះជាម្ចាស់ធ្វើសកម្មភាពយ៉ាងសាមញ្ញ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលពីរបីប្រយោគ ហើយមនុស្សជាតិទាំងមូលនឹងចុះញ៉មទាំងស្រុង ដោយលែងហ៊ានវាយប្រហារ ឬប្រមាថទ្រង់ទៀតហើយ។ តើប៉ុលត្រូវបានធ្វើឱ្យស្ដាប់បង្គាប់ដោយរបៀបណា? (ព្រះជាម្ចាស់បានលេចមកឱ្យគាត់ឃើញនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស។) ព្រះជាម្ចាស់បានលេចមកឱ្យគាត់ឃើញ។ តាមពិត គាត់មិនបានឃើញអ្វីឡើយ គឺមានតែពន្លឺមួយដែលធ្វើឱ្យប៉ុលភ័យខ្លាចយ៉ាងខ្លាំង រហូតដល់គាត់ដួលក្រាបទៅលើដី ហើយគាត់លែងហ៊ានធ្វើទុក្ខបុកម្នេញព្រះយេស៊ូវទៀតហើយ។ ការដោះស្រាយជាមួយសាតាំងគឺសាមញ្ញបែបនេះឯង តាមពិត វាគឺងាយស្រួលពេកហើយសម្រាប់ព្រះជាម្ចាស់។ ព្រះជាម្ចាស់អាចដោះស្រាយវាបានដោយគ្រាន់តែមានព្រះបន្ទូលមួយម៉ាត់ប៉ុណ្ណោះ។ ការធ្វើបែបនេះនឹងងាយស្រួលជាងការចំណាយពេលរាប់ទសវត្សរ៍ដើម្បីមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នា និងចំណាយការខិតខំប្រឹងប្រែងទាំងអស់នេះទៅលើអ្នករាល់គ្នា ប៉ុន្តែព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ ហេតុអ្វីទៅ? មានអាថ៌កំបាំងមួយដែលខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា៖ គឺជាមនុស្សហើយដែលព្រះជាម្ចាស់សង្គ្រោះ ពោលគឺមនុស្សទាំងនោះដែលព្រះជាម្ចាស់បានរើសតាំង ចំណែកឯអ្នកផ្សេងទៀតដែលព្រះជាម្ចាស់មិនបានរើសតាំង មិនត្រូវបានចាត់ទុកជាមនុស្សឡើយ ប៉ុន្តែជាសត្វតិរច្ឆាន ជាពួកអារក្ស ដែលមិនស័ក្ដិសមនឹងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬកុំថាឡើយដល់ទៅដឹងព័ត៌មានណាមួយអំពីព្រះជាម្ចាស់នោះ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ អត្តសញ្ញាណរបស់ព្រះជាម្ចាស់គឺប្រកបដោយព្រះកិត្តិយស មិនមែនចេះតែមាននរណាម្នាក់ដែលចង់ឃើញទ្រង់ ក៏អាចឃើញទ្រង់បាននោះទេ ហើយព្រះអង្គនឹងមិនលេចមកឱ្យនរណាម្នាក់ឃើញ ដោយសារតែពួកគេតែងតែងើយមើលទៅកន្លែងណាមួយនៅលើមេឃដោយយកចិត្តទុកដាក់ ដោយអន្ទះសា និងដោយអស់ពីចិត្តនោះឡើយ។ តើអ្នកគិតថាអ្នកណាដែលចង់ឃើញព្រះជាម្ចាស់ សុទ្ធតែអាចឃើញទ្រង់បានឬ? ព្រះជាម្ចាស់មានសេចក្ដីថ្លៃថ្នូរ ព្រះជាម្ចាស់លេចមកឱ្យឃើញចំពោះអស់អ្នកដែលកោតខ្លាចទ្រង់ និងគេចចេញពីសេចក្ដីអាក្រក់ ទ្រង់លេចមកនៅទីកន្លែងបរិសុទ្ធ និងលាក់ព្រះអង្គពីទីកន្លែងស្មោកគ្រោក។ ថាតើមនុស្សជាតិទាំងមូលស្មោកគ្រោក ឬបរិសុទ្ធ គឺមិនចាំបាច់ពិភាក្សាឡើយ។ មនុស្សជាតិនេះមិនស័ក្ដិសមនឹងឃើញព្រះជាម្ចាស់ទេ ពួកគេមិនទទួលស្គាល់ថាមានព្រះជាម្ចាស់ឡើយ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវលេចមកឱ្យពួកគេឃើញ? ពួកគេមិនស័ក្ដិសមឡើយ! ព្រះជាម្ចាស់មានសមត្ថភាពអាចធ្វើរឿងរ៉ាវនានាបាន ប៉ុន្តែព្រះអង្គមិនធ្វើវាឡើយ នេះបញ្ជាក់ពីសេចក្ដីបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះកិត្តិយសនៃអត្តសញ្ញាណរបស់ទ្រង់។ ចូរប្រាប់ខ្ញុំមកមើល ប្រសិនបើសាតាំងអាចធ្វើរឿងទាំងនោះបាន តើវានឹងធ្វើរឿងទាំងនោះប៉ុន្មានដងក្នុងមួយថ្ងៃ តើវានឹងអួតខ្លួនប៉ុនណាទៅ? នៅពេលមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ កាន់តំណែងតូចតាច និងមានអំណាចបន្តិចបន្តួច នរណាទៅដឹងថាពួកគេនឹងអួតពីអំណាចនេះដល់កម្រិតណានោះ កុំថាឡើយដល់ទៅសាតាំង ដែលវានឹងបំពាន និងបង្អួតពីអំណាចបន្តិចបន្តួចដែលវាមាន ក្នុងរបៀបដែលមិនអាចនឹកស្មានដល់នោះឡើយ។ ព្រះជាម្ចាស់មិនធ្វើបែបនេះទេ ចូរកុំវាស់ស្ទង់ព្រះជាម្ចាស់ដោយប្រើតក្កវិជ្ជារបស់សាតាំងឱ្យសោះ នោះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ចំពោះអ្វីដែលព្រះជាម្ចាស់អាចធ្វើបាន វាអាស្រ័យលើព្រះជាម្ចាស់ថាតើទ្រង់មានព្រះរាជបំណងចង់ធ្វើវាឬអត់ ប្រសិនបើព្រះជាម្ចាស់មានព្រះរាជបំណង វាអាចត្រូវបានធ្វើរួចរាល់ក្នុងពេលមួយប៉ព្រិចភ្នែក ហើយប្រសិនបើទ្រង់មិនមានព្រះរាជបំណងទេ គ្មាននរណាម្នាក់អាចបង្ខិតបង្ខំព្រះអង្គបានឡើយ។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះពាក្យចចាមអារ៉ាមគឺមានតែប៉ុណ្ណឹងឯង គឺទ្រង់មិនអើពើនឹងពួកវាឡើយ។ ព្រះជាម្ចាស់នៅតែធ្វើអ្វីដែលទ្រង់គួរធ្វើ អ្វីដែលទ្រង់មានព្រះរាជបំណងចង់ធ្វើ គ្មានមនុស្សណា ឬកម្លាំងណាមួយអាចរំខាន ឬផ្លាស់ប្ដូរផែនការរបស់ព្រះអង្គបានឡើយ។ ពាក្យចចាមអារ៉ាមទាំងនេះដែលវាយប្រហារ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះព្រះជាម្ចាស់ មិនអាចផ្លាស់ប្ដូរអ្វីបានឡើយ។ យ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយមិនដែលអាចក្លាយជាការពិតបានឡើយ។ សូម្បីតែពួកវាស្របតាមទស្សនវិជ្ជា វិទ្យាសាស្ត្រ សីលធម៌ ទ្រឹស្ដីរបស់មនុស្ស និងរឿងផ្សេងៗទៀតក៏ដោយ សូម្បីតែមនុស្សជាតិទាំងមូលក្រោកឈរឡើងដើម្បីវាយប្រហារព្រះជាម្ចាស់ក៏ដោយ ក៏សេចក្ដីពិតនឹងមិនឈរនៅខាងមនុស្សជាតិឡើយ ហើយមនុស្សជាតិក៏នឹងមិនក្លាយជាអ្នកដែលកាន់កាប់សេចក្ដីពិតដែរ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់រៀងរហូត អត្តសញ្ញាណ និងឋានៈរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ។ ហេតុនេះ មិនថាសាតាំងរំខានយ៉ាងណានោះទេ ក៏កិច្ចការរបស់ព្រះជាម្ចាស់នៅតែដំណើរការទៅមុខយ៉ាងមានសណ្ដាប់ធ្នាប់ ពីព្រោះនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើវាជាកិច្ចការរបស់មនុស្ស ការដែលរបបរបស់សាតាំងបង្កការរំខានបែបនេះ និងកម្លាំងសង្គមផ្សេងៗបើកការវាយប្រហារ និងការមួលបង្កាច់បែបនេះ មុខជានឹងធ្វើឱ្យវាដួលរលំ និងលែងមានវត្តមានតទៅទៀតបាត់ហើយ។ មានតែនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើកិច្ចការប៉ុណ្ណោះ មានតែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការប៉ុណ្ណោះ ទើបពួកជំនុំកាន់តែរីកចម្រើនឡើងៗ។ តើនេះមិនមែនជាការពិតទេឬ? តើអ្នករាល់គ្នាបានឃើញការពិតនេះដែរឬទេ? (មែនហើយ ពួកយើងបានឃើញ។) តើអ្នករាល់គ្នាបានឃើញអ្វីខ្លះ? (ដំណឹងល្អអំពីនគរព្រះបានផ្សាយទៅកាន់ប្រទេសរាប់សិបរួចទៅហើយ ហើយពាក្យចចាមអារ៉ាមទាំងនោះដែលសាតាំងបានប្រឌិត និងផ្សព្វផ្សាយ មិនបានបញ្ឈប់អស់អ្នកដែលស្រឡាញ់សេចក្ដីពិត មិនឱ្យត្រឡប់បែរទៅព្រះជាម្ចាស់សោះឡើយ។) នេះគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់អាចសម្រេចបាននូវលទ្ធផលនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសម្រេចបាននូវលទ្ធផលនេះ នេះគឺហួសពីការរំពឹងទុករបស់សាតាំង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានព្រះចេស្ដាដ៏ធំធេងបែបនេះ ដំណឹងល្អកំពុងផ្សាយទៅក្នុងទិសដៅដ៏ល្អមួយ ហើយអ្វីៗគ្រប់យ៉ាងក៏កំពុងដំណើរការយ៉ាងមានសណ្ដាប់ធ្នាប់ស្របតាមផែនការរបស់ព្រះជាម្ចាស់ ដោយគ្មានការល្អៀងឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ កំពុងផ្សព្វផ្សាយក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដូចដែលបានកំណត់ទុកជាមុនតាំងពីយូរយារណាស់មកហើយ។ ចំនួនមនុស្សដែលទទួលបានពីការផ្សាយដំណឹងល្អ និងចំនួនមនុស្សដែលកំពុងស៊ើបរកផ្លូវពិត កំពុងកើនឡើងពីមួយខែទៅមួយខែ។ តើនេះមិនបង្ហាញពីរបៀបដែលកិច្ចការផ្សាយដំណឹងល្អបានផ្សព្វផ្សាយទេឬ? ប្រសិនបើវាមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ទេ មិនថាមានមនុស្សប៉ុន្មាននាក់បានលះបង់តម្លៃដ៏ធំធេងប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចសម្រេចបាននូវលទ្ធផលនេះឡើយ។ នេះគឺជាសព្វានុភាពរបស់ព្រះជាម្ចាស់ ជាលទ្ធផលដែលសម្រេចបានដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ចូរយើងត្រឡប់មកនិយាយអំពីរបៀបដែលមនុស្សប្រព្រឹត្តចំពោះពាក្យចចាមអារ៉ាមផ្សេងៗវិញ។ មនុស្សមិនអាចសម្រេចបាននូវអាកប្បកិរិយាដូចព្រះជាម្ចាស់ចំពោះពាក្យចចាមអារ៉ាមផ្សេងៗបានឡើយ។ ពួកគេមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហើយនៅពេលឮពាក្យចចាមអារ៉ាម ពួកគេតែងតែមានអារម្មណ៍ថា៖ «ប្រសិនបើខ្ញុំមិនធ្វើអ្វីសោះ នោះខ្ញុំនឹងមានអារម្មណ៍ខុសចំពោះមនសិការរបស់ខ្ញុំ។ ប្រសិនបើអ្នកដែលប្រឌិតពាក្យចចាមអារ៉ាមមានប្រៀបជាង ខ្ញុំនឹងមានអារម្មណ៍មិនស្រួល មិនពេញចិត្ត និងក្ដៅក្រហាយ ដោយមានអារម្មណ៍ថាមិនយុត្តិធម៌ ដូច្នេះខ្ញុំត្រូវតែច្រានពួកគេចោល។ ខ្ញុំត្រូវតែធ្វើវីដេអូ ឬសរសេរអត្ថបទដើម្បីបកស្រាយបំភ្លឺពាក្យចចាមអារ៉ាមទាំងនោះ»។ វាស័ក្ដិសមនឹងឆ្លុះបញ្ចាំងណាស់ថា តើការធ្វើរឿងរ៉ាវក្រោមផ្នត់គំនិតបែបនេះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ ថាតើវាស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ។ ប្រសិនបើគោលបំណង និងកម្លាំងជំរុញចិត្តរបស់អ្នករាល់គ្នាក្នុងការបំពេញកិច្ចការរបស់ពួកជំនុំ និងភារកិច្ចរបស់អ្នក គឺគ្រាន់តែដើម្បីបកស្រាយបំភ្លឺពាក្យចចាមអារ៉ាម និងដើម្បីពន្យល់ឱ្យច្បាស់ថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿ គឺជាព្រះដ៏ពិត ថាអ្នកកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវនៃជីវិត ហើយថាអ្វីៗទាំងអស់ដែលអ្នករាល់គ្នាបានធ្វើដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺជារឿងត្រឹមត្រូវ ហើយថាគឺដោយសារតែពិភពលោកមិនស្គាល់ ឬមិនយល់សេចក្ដីពិតនៃការពិតទាំងនេះ ទើបពួកគេចោទប្រកាន់អ្នករាល់គ្នាពីបទឧក្រិដ្ឋគ្មានមូលដ្ឋានជាច្រើន ហើយដូច្នេះ អ្នកសង្ឃឹមថា នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានបកស្រាយបំភ្លឺ ពិភពលោកនឹងទទួលស្គាល់ថាអ្នករាល់គ្នាស្អាតស្អំ ថាគ្រប់ភាគីនៅក្នុងពិភពលោកនឹងទទួលស្គាល់ជាសកលថា «ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿ គឺជាព្រះដ៏ពិត អ្នកកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវនៃជីវិត ហើយអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់តម្រូវឱ្យអ្នករាល់គ្នាធ្វើ គឺត្រឹមត្រូវ និងជាបុព្វហេតុដ៏យុត្តិធម៌» នោះតើនឹងមានអ្វីកើតឡើង? តើពេលនោះ អ្នកនឹងមានអារម្មណ៍ស្ងប់ចិត្ត និងត្រឹមត្រូវចំពោះជំនឿរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នានឹងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការជឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នានឹងបានដើរលើផ្លូវនៃសេចក្ដីសង្គ្រោះដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅដែរឬទេ? តើអ្នករាល់គ្នានឹងបានបណ្ដុះចិត្តដែលកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? តើពេលនោះ អ្នកអាចសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? តើពេលនោះ អ្នកអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរឬទេ? (មិនអាចទេ។) តើវាអាចទៅរួចទេដែលថាមនុស្សគ្មានការយល់ច្រឡំអំពីអ្នក ហើយមានតែការសរសើរ និងការគោរពចំពោះអ្នក បន្ទាប់មកទើបអ្នកអាចជឿលើព្រះជាម្ចាស់ដោយគ្មានវិប្បដិសារីនោះ? មិនអាចទៅរួចដាច់ខាត! ជាការពិតណាស់ មនុស្សមិនអាចឈានដល់អាកប្បកិរិយាដូចព្រះជាម្ចាស់ចំពោះពាក្យចចាមអារ៉ាមបានឡើយ ប៉ុន្តែមនុស្សគួរតែមានទស្សនៈត្រឹមត្រូវ អាកប្បកិរិយា និងជំហរដ៏សុក្រឹតត្រឹមត្រូវ ដោយនិយាយថា៖ «ពាក្យចចាមអារ៉ាមទាំងនេះ ពិតជាគួរឱ្យស្អប់ និងគួរឱ្យខ្ពើមរអើមណាស់។ តាមរយៈពាក្យចចាមអារ៉ាមទាំងនេះ គេអាចមើលឃើញថា មនុស្សជាតិដែលពុករលួយនេះ ពិតជាសត្រូវរបស់ព្រះជាម្ចាស់មែន នេះគឺត្រឹមត្រូវទាំងស្រុង! ខ្ញុំមិនត្រូវជំនុំជម្រះថាតើកិច្ចការរបស់ព្រះជាម្ចាស់ពិត ឬក្លែងក្លាយ ដោយផ្អែកលើពាក្យចចាមអារ៉ាមរបស់សាតាំងឡើយ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈបទពិសោធក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់គឺជាសេចក្ដីពិត ហើយអ្វីៗទាំងអស់ដែលទ្រង់ធ្វើ គឺដើម្បីឱ្យមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះ។ ដោយបានមកចំពោះព្រះជាម្ចាស់នៅថ្ងៃនេះ ដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្លួន និងបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកាសព្រះនាមរបស់ទ្រង់ និងធ្វើបន្ទាល់ថ្វាយកិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីឱ្យអស់អ្នកដែលព្រះជាម្ចាស់រើសតាំង អាចត្រឡប់មកដំណាក់របស់ព្រះជាម្ចាស់វិញ ស្ដាប់ឮសូរសៀងរបស់ទ្រង់ និងទទួលបានការផ្គត់ផ្គង់នៃព្រះបន្ទូល និងជីវិតពីទ្រង់ ឱ្យបានឆាប់ និងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ នេះគឺជាកាតព្វកិច្ចរបស់ខ្ញុំ ជាការទទួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំកំពុងសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនដើម្បីបញ្ជាក់ថា ផ្លូវដែលខ្ញុំដើរគឺជាផ្លូវត្រឹមត្រូវ ឬថាបុព្វហេតុដែលខ្ញុំធ្វើគឺជាបុព្វហេតុយុត្តិធម៌នោះទេ គឺមិនមែនដើម្បីរឿងទាំងនេះឡើយ។ ខ្ញុំមិនមែនបំពេញភារកិច្ចរបស់ខ្លួន ដើម្បីសងសឹកចំពោះការវាយប្រហារ និងការមួលបង្កាច់របស់សាតាំងប្រឆាំងនឹងព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយជាការពិតណាស់ គឺភាពស្មោះត្រង់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ និងសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់»។ តើនេះជាទស្សនៈត្រឹមត្រូវដែរឬទេ? តើនេះជាទស្សនៈដែលមនុស្សគួរតែមានដែរឬទេ? (មែនហើយ។) ពីជ្រុងនេះ នៅពេលបង្កើតកម្មវិធីផ្សេងៗ មិនថាជាការច្រៀងទំនុកបរិសុទ្ធ ការរាំ ការផលិតភាពយន្ត ឬការផលិតរឿងល្ខោនអំពីទីបន្ទាល់តាមរយៈបទពិសោធនោះទេ តើជំហររបស់មនុស្ស ពីជ្រុងដែលពួកគេប្រកាន់យក និងសេចក្ដីថ្លែងជាក់លាក់មួយចំនួនដែលពួកគេធ្វើ មិនគួរឆ្លងកាត់ការផ្លាស់ប្តូរខ្លះទេឬ? (មែនហើយ។) ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើន ខណៈពេលបំពេញកិច្ចការទាំងអស់នេះ បានធ្វើដូច្នេះដោយភាពតក់ក្រហល់ និងសម្អប់ ហើយលាយឡំជាមួយមនោសញ្ចេតនារបស់មនុស្ស។ ហេតុដូច្នេះហើយ ពួកគេបានលាតត្រដាងច្រើនពេកអំពីសកម្មភាព និងឥរិយាបថរបស់ពួកអ្នកគ្មានជំនឿ គណបក្សកាន់អំណាចរបស់ចិន និងពិភពសាសនា ហើយពាក្យពេចន៍របស់ពួកគេធ្ងន់ៗពេក ដែលបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានខ្លះៗដល់អ្នកដទៃ បន្ទាប់ពីពួកគេទស្សនាកម្មវិធីបែបនេះ។ ហេតុផលគឺសាមញ្ញ៖ មនុស្សធ្វើសកម្មភាពទាំងអស់នេះដោយមនោសញ្ចេតនាជាក់លាក់មួយ ចេញពីជ្រុងដែលមិនសូវត្រឹមត្រូវ។ ហើយមនុស្សនៅតែមានអារម្មណ៍ថារឿងនេះត្រឹមត្រូវណាស់ ដោយនិយាយថា៖ «ពួកគេវាយប្រហារ បង្កាច់បង្ខូច និងប្រឌិតពាក្យចចាមអារ៉ាមអំពីពួកយើង តើមានអ្វីខុសក្នុងការលាតត្រដាងពួកគេ? នេះគឺជាការការពារខ្លួនដ៏ស្របច្បាប់! ការការពារខ្លួនស្របច្បាប់គឺមិនខុសច្បាប់ទេ ហើយយើងក៏មិនមែនបង្កើតរឿងឡើងដែរ យើងសុទ្ធតែវែកញែករឿងរ៉ាវដោយផ្អែកលើការពិត។ ពួកគេប្រឌិតពាក្យចចាមអារ៉ាមអំពីពួកយើងដោយគ្មានមូលដ្ឋាន តើវាខុសឬទេដែលយើងលាតត្រដាង និងវែកញែកពួកគេ? តើយើងមិនអាចសងសឹកបានទេឬ?» តើការសងសឹកមានប្រយោជន៍អ្វី? ពួកអារក្សពោរពេញដោយពាក្យកុហក ហើយមិនដែលនិយាយសេចក្ដីថ្លែងពិតសូម្បីតែមួយម៉ាត់ឡើយ ការវែកញែកពាក្យកុហករបស់ពួកគេជាប់ជានិច្ច ដើម្បីធ្វើឱ្យពួកគេទទួលស្គាល់ថា អ្វីដែលពួកគេនិយាយគឺជាពាក្យកុហក ហើយដើម្បីឱ្យពួកគេឈប់និយាយកុហកទៀត បន្ទាប់ពីពួកគេសារភាពថាបានកុហក តើមានតម្លៃអ្វីនៅក្នុងរឿងនេះ? តើពួកគេអាចសម្រេចរឿងនេះបានដែរឬទេ? (មិនអាចទេ។) តើវិធីសាស្ត្រនោះមិនល្ងង់ខ្លៅ និងអវិជ្ជាទេឬ? ខ្ញុំបាននិយាយយូរមកហើយថា ភារកិច្ចចម្បងរបស់យើងគឺធ្វើបន្ទាល់ថ្វាយកិច្ចការរបស់ព្រះជាម្ចាស់ ផលដែលសម្រេចបានដោយកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងផលនៃព្រះបន្ទូលរបស់ទ្រង់លើមនុស្ស ហើយថាទាក់ទងនឹងការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញដោយគណបក្សកាន់អំណាចរបស់ចិន ព្រមទាំងការទាស់ទទឹង និងការថ្កោលទោសដោយពិភពសាសនា គឺគ្រាន់តែលើកឡើងសង្ខេបៗអំពីប្រវត្តិដែលពាក់ព័ន្ធ គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែមនុស្សមិនអាចយល់បានឡើយ ទោះបីជាពួកគេឮបែបនេះយ៉ាងណាក៏ដោយ។ ពួកគេតែងតែប្រព្រឹត្តចំពោះបញ្ហាទាំងនេះដោយភាពតក់ក្រហល់ និងចង់ប្រកែកតវ៉ា។ ហើយតើលទ្ធផលគឺជាអ្វី? វាគ្មានផលអ្វីទាល់តែសោះ ពីព្រោះកម្លាំងអាក្រក់របស់សាតាំង គឺមិនអាចនិយាយហេតុផលជាមួយបានឡើយ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅ និងភាពអវិជ្ជារបស់មនុស្សទេឬ?
មនុស្សមួយចំនួនផ្សាយដំណឹងល្អ រៀនវិជ្ជាជីវៈបច្ចេកទេសខ្លះ ឬបំពេញភារកិច្ចប្រភេទណាមួយ ដោយមានកម្លាំងជំរុញចិត្តតែមួយគត់គឺដើម្បីបកស្រាយបំភ្លឺពាក្យចចាមអារ៉ាម និងពន្យល់ពីអ្វីដែលពិតទៅកាន់មនុស្ស ដោយប្រកាសសង្គ្រាមលើពិភពងងឹត និងពួកមនុស្សអាក្រក់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ តើនេះជាទង្វើនៃយុត្តិធម៌ដែរឬទេ? មិនថាអ្នកធ្វើបែបនេះខុស ឬត្រូវក៏ដោយ អ្នកត្រូវតែយល់ថា៖ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សទុច្ចរិតដែលប្រទូសរ៉ាយនឹងទ្រង់ដែរឬទេ? តើមានតម្លៃអ្វីនៅក្នុងការដែលអ្នកធ្វើបែបនេះ? ប្រសិនបើអ្នកមិនយល់ថា តើព្រះជាម្ចាស់សង្គ្រោះមនុស្សប្រភេទណា ហើយតែងតែសម្តែងចេញនូវទស្សនៈមួយចំនួនដែលហាក់ដូចជាត្រូវ ប៉ុន្តែតាមពិតគឺខុស តើនេះមិនមែនកំពុងរារាំងសេចក្ដីសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នកទេឬ? មនុស្សមួយចំនួនបំពេញភារកិច្ចរបស់ខ្លួន គ្រាន់តែដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងអាក្រក់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងដើម្បីប្រឆាំងនឹងនិន្នាការលោកីយ៍ប៉ុណ្ណោះ។ «គេនិយាយថាយើងមិនអើពើនឹងគ្រួសាររបស់យើង និងមិនរស់នៅជីវិតធម្មតា ដូច្នេះខ្ញុំចង់បង្ហាញពីខ្លួនឯងឱ្យគេឃើញដោយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ នៅពេលអនាគត នៅពេលដែលខ្ញុំទៅស្ថានសួគ៌ និងចូលទៅក្នុងនគរព្រះ ហើយពួកគេត្រូវបានជំនុំជម្រះ ពួកគេនឹងឃើញថាខ្ញុំត្រឹមត្រូវ!» តើការបង្ហាញពីខ្លួនឯងឱ្យគេឃើញបែបនោះមានប្រយោជន៍អ្វី? ទោះបីជាអ្នកបានបង្ហាញពីខ្លួនឯងឱ្យគេឃើញក៏ដោយ តើវាអាចផ្ដល់ផលល្អអ្វីខ្លះ? តើវាតំណាងឱ្យអ្វី? តើវាមានតម្លៃអ្វី? ប្រសិនបើវាពិតជាអាចអនុញ្ញាតឱ្យអ្នកចូលទៅក្នុងនគរព្រះ និងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់មែន នោះវានឹងសមតម្លៃ ហើយផ្លូវរបស់អ្នកនឹងត្រឹមត្រូវ។ ប៉ុន្តែ ជាអកុសល ផ្លូវនេះមិនអាចទៅរួចទេ។ នេះមិនមែនជាផ្លូវដែលព្រះជាម្ចាស់បានកំណត់ទុកជាមុនសម្រាប់មនុស្សឡើយ ហើយព្រះជាម្ចាស់មិនតម្រូវឱ្យមនុស្សប្រព្រឹត្តតាមរបៀបនេះទេ។ មនុស្សតែងតែល្ងង់ខ្លៅ ដោយគិតថា ដោយសារតែពួកគេឈរនៅខាងសេចក្ដីពិត និងមានសេចក្ដីពិត ពួកគេត្រូវតែប្រកាន់យកបុព្វហេតុដ៏យុត្តិធម៌ ដោយប្រកាសសង្គ្រាមលើពិភពលោកដ៏អាក្រក់នេះ និងអស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាម៖ «យើងជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ យើងបំពេញភារកិច្ចរបស់យើង យើងនឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា នរណាដែលដើរលើផ្លូវត្រឹមត្រូវ!» តើនេះមិនមែនជាភាពតក់ក្រហល់ទេឬ? តើមានប្រយោជន៍អ្វីក្នុងការប្រកែកតវ៉ាអំពីរឿងទាំងនេះ? វាគ្មានតម្លៃទាល់តែសោះ។ ប្រសិនបើអ្នកពិតជាមានពេលវេលា និងកម្លាំងមែន វាជាការប្រសើរជាងក្នុងការរៀនបន្ថែមអំពីវិជ្ជាជីវៈ ដើម្បីសិក្សាចំណេះដឹងបន្ថែម និងចំណេះដឹងទូទៅដែលទាក់ទងនឹងវិជ្ជាជីវៈ។ នេះមានប្រយោជន៍ និងជួយគាំទ្រដល់ការបំពេញភារកិច្ចរបស់អ្នក។ ហេតុអ្វីបានជាអ្នកតែងតែតតាំងជាមួយកម្លាំងអាក្រក់នៃពិភពលោក? ហេតុអ្វីបានជាតែងតែតតាំងជាមួយពាក្យចចាមអារ៉ាម? តើនេះមិនមែនជាការចំណាយកម្លាំងនៅកន្លែងដែលមិនចាំបាច់ទេឬ? មិនថាអ្នកដទៃវាយប្រហារអ្នកយ៉ាងណានោះទេ មិនចាំបាច់យកចិត្តទុកដាក់នឹងពួកគេឡើយ។ ពួកគេមានធម្មជាតិជាអារក្ស និងជាសត្វតិរច្ឆាន ពួកគេគ្រាន់តែជាប្រភេទហ្នឹងឯង ព្រះជាម្ចាស់មិនសង្គ្រោះពួកគេ មិនផ្លាស់ប្ដូរពួកគេ និងមិនមានព្រះបន្ទូលទៅកាន់ពួកគេឡើយ។ ព្រះជាម្ចាស់មិនអើពើនឹងពួកគេទេ ដូច្នេះតើអ្នកចាំបាច់ត្រូវយកចិត្តទុកដាក់នឹងពួកគេដែរឬទេ? ប្រសិនបើមនុស្សនៅតែទទូចធ្វើដោយរឹងរូសនូវអ្វីដែលព្រះជាម្ចាស់មិនធ្វើ តើនេះមិនមែនជាភាពល្ងង់ខ្លៅ និងខ្វះប្រាជ្ញាបន្តិចទេឬ? យ៉ាងហោចណាស់ អ្នកគឺជាមនុស្សដែលគ្មានដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ ហើយអ្នកមិនស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ ឬស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់ឡើយ។ អ្នកមិនឃើញថាអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះរឿងទាំងនេះបែបណាទេ គឺព្រះជាម្ចាស់មិនអើពើនឹងរឿងទាំងនេះឡើយ អ្នកមិនទាំងដឹងផងថាហេតុអ្វីបានជាបែបនេះ។ នៅក្នុងកិច្ចការទាំងបីដំណាក់កាលនីមួយៗរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលជាច្រើន។ មានកិច្ចសន្ទនាជាច្រើនរវាងព្រះជាម្ចាស់ និងមនុស្សជាតិ ហើយតាមរយៈកិច្ចសន្ទនាទាំងនេះ គេអាចមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលអំពីរបៀបដែលទ្រង់សន្ទនាជាមួយសាតាំងនៅក្នុងរឿងជាក់លាក់មួយចំនួនឡើយ ហើយតាមរយៈនោះលាតត្រដាងសាតាំង ដែលអនុញ្ញាតឱ្យមនុស្សជាតិមើលឃើញយ៉ាងច្បាស់ពីមុខមាត់ពិតរបស់សាតាំង និងមើលឃើញយ៉ាងច្បាស់ពីរបៀបដែលសាតាំងប្រព្រឹត្តចំពោះព្រះជាម្ចាស់។ មានរឿងបែបនេះជាច្រើន ប៉ុន្តែព្រះជាម្ចាស់មិនលើកពីរឿងទាំងនោះទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនលើកពីរឿងទាំងនោះ? ពីព្រោះការមានព្រះបន្ទូលអំពីរឿងទាំងនោះ គ្មានប្រយោជន៍អ្វីដល់អ្នកឡើយ។ អ្វីដែលមានប្រយោជន៍បំផុតចំពោះអ្នក គឺព្រះបន្ទូលនៃជីវិតរបស់ព្រះជាម្ចាស់ ព្រះបន្ទូលទាំងនេះដែលអាចធ្វើឱ្យអ្នកមកចំពោះព្រះជាម្ចាស់ និងក្លាយជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ និងកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ គឺជាអ្វីដែលមានប្រយោជន៍បំផុតចំពោះអ្នក។ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់អ្នកពីរបៀបរស់នៅ និងរបៀបនិយាយស្ដី ហើយថែមទាំងមានព្រះបន្ទូលប្រាប់ពីរបៀបញែកដឹងពីមនុស្ស និងរឿងរ៉ាវ ហើយរៀនអនុវត្តសេចក្ដីពិត និងមានប្រាជ្ញានៅក្នុងមជ្ឈដ្ឋាន និងស្ថានភាពផ្សេងៗ រឿងទាំងនេះសុទ្ធតែមានប្រយោជន៍ចំពោះអ្នក។ ព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើអ្វីៗដែលមានប្រយោជន៍ចំពោះអ្នក។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលសូម្បីតែមួយម៉ាត់ដែលគ្មានប្រយោជន៍ចំពោះអ្នកឡើយ។ តើវាមិនងាយស្រួលពេកទេឬ សម្រាប់ព្រះជាម្ចាស់ក្នុងការមានព្រះបន្ទូលទាំងនោះ? ចុះហេតុអ្វីបានជាទ្រង់មិនមានព្រះបន្ទូលទាំងនោះ? ពីព្រោះមនុស្សជាតិដែលពុករលួយ មិនត្រូវការព្រះបន្ទូលទាំងនោះឡើយ។ ពាក្យចចាមអារ៉ាមទាំងនេះ គឺស្មើនឹងពាក្យពេចន៍របស់ពួកអារក្ស និងសាតាំង ហើយព្រះជាម្ចាស់មិនអើពើនឹងពាក្យពេចន៍ទាំងនោះទេ ដូច្នេះអ្នកក៏មិនគួរតតាំងជាមួយពាក្យពេចន៍ទាំងនោះដែរ។ តើយល់ដែរឬទេ? (យល់ហើយ។) នៅពេលដែលអ្នកយល់ នោះអ្នកដឹងរបៀបអនុវត្តហើយ មែនទេ? ចូរកុំចំណាយកម្លាំងក្នុងការវែកញែកពាក្យចចាមអារ៉ាម ការច្រានចោលពាក្យចចាមអារ៉ាម ការស្វែងរកប្រភពនៃពាក្យចចាមអារ៉ាម និងអ្វីៗផ្សេងទៀតឡើយ។ ប្រសិនបើអ្នកពិតជាមានចិត្តចង់ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងចង់ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់មែននោះ មានពាក្យពេចន៍ជាច្រើនដែលអ្នកអាចនិយាយ និងមានរឿងជាច្រើនដែលអ្នកអាចធ្វើបាន។ ព្រះបន្ទូល និងសេចក្ដីពិតដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្ស តម្រូវឱ្យអ្នករិះគិត និងដកពិសោធ ដើម្បីឱ្យព្រះបន្ទូល និងសេចក្ដីពិតទាំងនោះក្លាយជាគោលការណ៍ និងផ្លូវនៃការអនុវត្តផ្ទាល់ខ្លួនរបស់អ្នក ហើយចុងក្រោយក្លាយជាជីវិតផ្ទាល់ខ្លួនរបស់អ្នក។ វាចាំបាច់ណាស់សម្រាប់អ្នកក្នុងការចំណាយពេលវេលា និងកម្លាំងដើម្បីអនុវត្តរឿងនេះ។ ប្រសិនបើអ្នកល្ងង់ខ្លៅ និងល្ងីល្ងើ ដោយតែងតែចំណាយកម្លាំងលើពាក្យចចាមអារ៉ាម តែងតែចង់សម្អាតកេរ្តិ៍ឈ្មោះរបស់អ្នក និងបកស្រាយបំភ្លឺពីខ្លួនឯងប្រាប់ពិភពលោក នោះគឺមានបញ្ហាហើយ។ អ្នកនឹងមិនទទួលបានសេចក្ដីពិតទេ ហើយអ្នកនឹងជាប់ជំពាក់ និងនឿយហត់យ៉ាងខ្លាំងដោយសារពាក្យចចាមអារ៉ាមក្នុងលោកីយ៍ទាំងនេះ។ នៅទីបំផុត អ្នកនឹងមិនអាចបកស្រាយរឿងរ៉ាវឱ្យបានច្បាស់លាស់ឡើយ។ ហេតុអ្វីបានជាអ្នកនឹងមិនអាចបកស្រាយរឿងរ៉ាវឱ្យបានច្បាស់លាស់? ពីព្រោះអ្នកកំពុងប្រឈមមុខនឹងអារក្ស ហើយវានិយាយពាក្យកុហកសុទ្ធសាធ។ តើអារក្សនិយាយអ្វីខ្លះនៅពេលនេះ? នាគដ៏ធំមានសម្បុរក្រហមនិយាយថា៖ «ប្រទេសចិនគឺជាអ្នកការពារសណ្តាប់ធ្នាប់ពិភពលោក ជាអ្នកការពារសន្តិភាពពិភពលោក ហើយតួនាទីរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក គឺសំខាន់ណាស់»។ តើពាក្យពេចន៍ណាខ្លះដែលវានិយាយ គឺជាការពិត? តើពាក្យពេចន៍ទាំងនេះគឺជាការពិតដែរឬទេ? នៅពេលដែលអ្នកឮពាក្យពេចន៍ទាំងនេះ តើអ្នកមិនមានអារម្មណ៍ខឹងទេឬ? បន្ទាប់ពីបានឮដូច្នេះ អ្នកគិតថាសាតាំងពិតជាគ្មានភាពខ្មាសអៀនសោះ ដែលហ៊ាននិយាយរឿងបែបនេះ។ ហេតុអ្វីបានជាអ្នកចង់ប្រកែកតវ៉ាជាមួយវា? តើអ្នកមិនល្ងង់ខ្លៅទេឬ? វាគ្រាន់តែជាប្រភេទហ្នឹងឯង ព្រះជាម្ចាស់គ្រាន់តែប្រើវាដើម្បីធ្វើការបម្រើប៉ុណ្ណោះ ទ្រង់មិនមានព្រះរាជបំណងសង្គ្រោះ ឬផ្លាស់ប្ដូរវាដាច់ខាត។ តើមិនល្ងង់ខ្លៅទេឬក្នុងការតវ៉ាជាមួយវា? ចូរកុំធ្វើរឿងល្ងង់ៗបែបនេះអី។ មនុស្សមានប្រាជ្ញាមិនស្ដាប់ពាក្យចចាមអារ៉ាមទាំងនេះទេ ហើយក៏មិនត្រូវបានចងដោយពាក្យទាំងនោះដែរ។ មនុស្សមួយចំនួននិយាយថា៖ «បន្ទាប់ពីបានឮពាក្យចចាមអារ៉ាម ខ្ញុំមានអារម្មណ៍រំខាន!» ពេលនោះ អ្នកគួរតែអធិដ្ឋាននៅក្នុងចិត្តរបស់អ្នក ប្រើសេចក្ដីពិតដើម្បីញែកដឹង ហើយបន្ទាប់មកដាក់បណ្ដាសាពួកអារក្ស និងសាតាំងទាំងនោះ នោះពាក្យចចាមអារ៉ាមទាំងនេះនឹងលែងមានផលប៉ះពាល់អ្វីដល់ចិត្តរបស់អ្នកទៀតហើយ។ មានវិធីមួយទៀតគឺ៖ អ្នកត្រូវតែមើលឱ្យធ្លុះដល់សារជាតិ។ អ្នកនិយាយថា៖ «ទោះបីជាសកម្មភាពរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់ខ្ញុំ ហើយត្រូវបានថ្កោលទោស និងបដិសេធដោយមនុស្សជាតិដែលពុករលួយក៏ដោយ ក៏ខ្ញុំឃើញថា ទ្រង់គឺជាសេចក្ដីពិត ហើយពួកអារក្ស និងសាតាំងគ្មានសេចក្ដីពិតឡើយ។ ខ្ញុំប្ដេជ្ញាចិត្តជឿលើព្រះជាម្ចាស់ហើយ! មានតែព្រះជាម្ចាស់ទេដែលអាចសង្គ្រោះខ្ញុំបាន។ ទ្រង់មានសារជាតិជាព្រះជាម្ចាស់ ទ្រង់គឺជាព្រះជាម្ចាស់ ហើយសារជាតិរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ។ មិនថាពួកអារក្ស និងសាតាំងទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេគ្មានសេចក្ដីពិតដែរ ហើយខ្ញុំមិនជឿពាក្យពេចន៍របស់ពួកអារក្ស និងសាតាំងឡើយ!» តើអ្នកមានសេចក្ដីជំនឿនេះដែរឬទេ? (មាន។) ប្រសិនបើអ្នកមានសេចក្ដីជំនឿនេះ អ្នកមិនគួរត្រូវបានរំខានដោយមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗណាមួយឡើយ ហើយរឹតតែមិនគួរត្រូវបានបំភាន់ ឬវាយប្រហារដោយសាតាំងទៀតផង។ ចុះតើអ្នកគួរធ្វើអ្វីទៅ? គឺមិនបាច់អើពើនឹងវាទេ គ្រាន់តែផ្ដោតលើការដេញតាមសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក នោះសាតាំងនឹងត្រូវអាម៉ាស់មុខហើយ។
អម្បាញ់មិញនេះ យើងបានប្រកបគ្នាអំពីបញ្ហាមួយចំនួនដែលទាក់ទងនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅក្នុងពួកជំនុំ។ មនុស្សភាគច្រើនធ្លាប់បានឮពាក្យចចាមអារ៉ាមមួយចំនួនពីរដ្ឋាភិបាលកុម្មុយនីស្តចិន និងពិភពសាសនា ហើយអម្បាញ់មិញនេះ យើងក៏បានប្រកបគ្នាអំពីរបៀបប្រព្រឹត្តចំពោះ និងដោះស្រាយពាក្យចចាមអារ៉ាមទាំងនេះផងដែរ។ នៅពេលដែលមនុស្សយល់គោលការណ៍សេចក្ដីពិត ពួកគេនឹងលែងត្រូវបានបំភាន់ ឬត្រូវបានរំខានដោយពាក្យចចាមអារ៉ាមទៀតហើយ។ នៅពេលដែលមាននរណាម្នាក់លេចឡើងនៅក្នុងពួកជំនុំ ដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដោយមិនគិតពីរបៀប ឬទឹកដមសំឡេងដែលពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមប្រភេទណានោះទេ តើយើងគួរប្រព្រឹត្តចំពោះរឿងនេះដោយរបៀបណា? តើយើងគួរតែបណ្ដោយឱ្យវាកើតឡើងដោយមិនចាត់វិធានការ ឬក៏លាតត្រដាង វែកញែក និងដោះស្រាយជាមួយបុគ្គលនោះ? តើវិធីសាស្ត្រមួយណាដែលស្របតាមគោលការណ៍? មានអ្នកខ្លះនិយាយថា៖ «តើមិនមានសេរីភាពក្នុងការបញ្ចេញមតិទេឬ? ហេតុអ្វីបានជាមិនទុកឱ្យបុគ្គលនោះនិយាយទៅ? គ្រាន់តែទុកឱ្យគេនិយាយទៅ។ បន្ទាប់ពីបានស្ដាប់ពាក្យចចាមអារ៉ាមហើយ នៅពេលដែលមនុស្សគ្រប់គ្នាអាចញែកដឹងថារឿងទាំងនោះជាអ្វីហើយ ពួកគេនឹងលែងជឿពាក្យរបស់អារក្សទាំងនេះទៀតហើយ ហើយពាក្យចចាមអារ៉ាមនឹងរលាយបាត់ទៅដោយឯកឯង»។ អ្នកដទៃនិយាយថា៖ «វាជាការមិនអាចទទួលយកបានទេ ដែលពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងមួលបង្កាច់ព្រះជាម្ចាស់។ យើងមិនអាចបណ្ដោយឱ្យពួកគេធ្វើរឿងដែលមួលបង្កាច់ព្រះជាម្ចាស់ឡើយ។ យើងគួរតែផ្ដល់មេរៀនឱ្យពួកគេ ដើម្បីឱ្យពួកគេភ្ញាក់រលឹក។ ព្រះជាម្ចាស់បានទ្រាំទ្រនឹងសេចក្ដីឈឺចាប់ជាច្រើន ដើម្បីមានព្រះបន្ទូល និងធ្វើកិច្ចការដើម្បីសង្គ្រោះយើង ប៉ុន្តែពួកគេបែរជាផ្សព្វផ្សាយពាក្យចចាមអារ៉ាមទៅវិញ។ ពួកគេគ្មានមនសិការឡើយ! មានតែការដាក់បណ្ដាសាពួកគេប៉ុណ្ណោះ ទើបអាចបំបាត់សម្អប់របស់យើងបាន ប្រសិនបើយើងមិនដោះស្រាយជាមួយពួកគេទេ យើងនឹងធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យហើយ»។ តើវិធីមួយណាល្អ? វិធីសាស្ត្រទាំងនេះសុទ្ធតែមិនល្អទេ។ ដូចដែលយើងបានប្រកបគ្នាពីមុនមក អស់អ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម ច្បាស់ជាមិនមែនជាមនុស្សល្អឡើយ ហើយបុគ្គលបែបនេះចាំបាច់ត្រូវញែកឱ្យដឹង។ ប្រសិនបើពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមតែម្ដងម្កាល ពួកគេគួរតែត្រូវបានព្រមាន។ ប្រសិនបើពួកគេផ្សព្វផ្សាយពាក្យចចាមអារ៉ាមជានិច្ចកាល ពួកគេត្រូវតែត្រូវបានលាតត្រដាង វែកញែក និងបន្ទាប់មកបោសសម្អាតចេញពីពួកជំនុំ ដើម្បីកុំឱ្យពួកគេអាចបំភាន់ ឬធ្វើបាបមនុស្សបានទៀត។ តើវាងាយស្រួលទេក្នុងការដោះស្រាយរឿងនេះ? តើអ្នករាល់គ្នានឹងដោះស្រាយតាមរបៀបនេះ ឬតើអ្នកនឹងរង់ចាំឱ្យអ្នកដឹកនាំពួកជំនុំចេញបញ្ជាសិន? នៅពេលដែលរកឃើញថា មាននរណាម្នាក់កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមជានិច្ចកាល ហើយថារាល់ពេលដែលពួកគេមកការជួបជុំ ពួកគេនិយាយអំពីរឿងទាំងនេះ មិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនដែលអធិដ្ឋាន មិនរៀនទំនុកបរិសុទ្ធ ហើយលើសពីនេះទៅទៀត ពួកគេមិនចែករំលែកការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយនៅពេលដែលមាននរណាម្នាក់ប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចែករំលែកទីបន្ទាល់តាមរយៈបទពិសោធ ពួកគេមានអារម្មណ៍ខ្ពើមរអើម និងមិនពេញចិត្តនឹងរឿងនេះទេ ប៉ុន្តែមិនមានអារម្មណ៍មិនពេញចិត្តបែបនេះចំពោះពាក្យចចាមអារ៉ាមរបស់ពួកអ្នកគ្មានជំនឿឡើយ ហើយបែរជាមានចិត្តរំភើបយ៉ាងខ្លាំងចំពោះរឿងទាំងនោះទៅវិញ នៅពេលដែលរឿងទាំងអស់នេះត្រូវបានរកឃើញ ហេតុអ្វីបានជាត្រូវបង្ហាញការគួរសមចំពោះបុគ្គលបែបនេះ? ច្បាស់ណាស់ថា ពួកគេគឺជាអ្នកបម្រើសាតាំងដែលបានជ្រៀតចូលក្នុងពួកជំនុំ ដើម្បីរំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មិនឱ្យដើរតាមព្រះជាម្ចាស់។ តើអ្នកបណ្ដែតបណ្ដោយឱ្យមានការរំខានរបស់ពួកគេដែរឬទេ? (អត់ទេ។) ប្រសិនបើអ្នកមិនបណ្ដែតបណ្ដោយទេ នោះចូរក្រោកឈរឡើង ហើយនិយាយថា៖ «ឈ្មោះនេះមកពួកជំនុំ ហើយតែងតែផ្សព្វផ្សាយពាក្យចចាមអារ៉ាម មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនចែករំលែកការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគឺជាអ្នកមិនជឿ ហើយគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ តើមាននរណាម្នាក់មានការជំទាស់ដែរឬទេ?» ប្រសិនបើមនុស្សគ្រប់គ្នានិយាយថា ពួកគេគ្មានការជំទាស់ទេ ហើយលើកដៃយល់ព្រម នោះបុគ្គលនោះគួរតែត្រូវបានបោសសម្អាតចេញ។ តើវាមិនស្កប់ចិត្តទេឬក្នុងការដោះស្រាយជាមួយអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមរបៀបនេះ? (មែនហើយ។) នេះជារបៀបដែលមនុស្សបែបនេះគួរតែត្រូវបានដោះស្រាយជាមួយ។
ឃ. ការញែកដឹងពីប្រភេទផ្សេងៗនៃពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដែលបកស្រាយខុសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជំនុំជម្រះកិច្ចការរបស់ព្រះជាម្ចាស់
តើប្រភេទនៃពាក្យចចាមអារ៉ាមដែលយើងទើបតែបាននិយាយនេះ មកពីណា? ពួកវាចេញមកពីនាគដ៏ធំមានសម្បុរក្រហម ពីពិភពសាសនា និងពីពួកអ្នកគ្មានជំនឿ។ ក្រៅពីពាក្យចចាមអារ៉ាមមកពីពិភពខាងក្រៅ ក៏មានការនិយាយតៗគ្នា និងការនិយាយដើមគេមួយចំនួនអំពីផ្ទៃក្នុងរបស់ពួកជំនុំដែរ។ ថែមទាំងមានការអះអាងមិនពិតទាល់តែសោះអំពីព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ ថ្ងៃរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ព្រមទាំងអាថ៌កំបាំងខ្លះៗដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ដែលមនុស្សបង្កើតឡើងដោយផ្អែកលើការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ ឬផ្អែកលើការបញ្ជូនបន្តនូវព័ត៌មានខុសឆ្គង និងការស្មានដោយគ្មានមូលដ្ឋាន។ ហើយដោយសារតែមនុស្សចេះតែបន្ថែមបន្ថយលើការនិយាយតៗគ្នា ការនិយាយដើមគេ និងការអះអាងបែបនេះហើយ ទើបពាក្យចចាមអារ៉ាមទាំងនេះត្រូវបានបង្កើតឡើង។ នៅពេលដែលពាក្យចចាមអារ៉ាមត្រូវបានបង្កើតឡើង មនុស្សមួយចំនួនដែលមានចំណូលចិត្តខាងពាក្យចចាមអារ៉ាម ក៏ក្លាយជាមានចិត្តក្លៀវក្លាចំពោះកិច្ចការនៃការផ្សព្វផ្សាយពាក្យទាំងនោះ ដោយចាត់ទុកពាក្យចចាមអារ៉ាមទាំងនោះជារឿងពិត និងផ្សព្វផ្សាយពាក្យទាំងនោះទៅគ្រប់ទីកន្លែង ដោយរៀបរាប់យ៉ាងរស់រវើក និងយ៉ាងលម្អិត រហូតដល់ថ្នាក់ធ្វើឱ្យមនុស្សមួយចំនួនដែលមិនដឹងពីសភាពពិតនៃរឿងរ៉ាវ ហើយមិនយល់សេចក្ដីពិត និងជាមនុស្សល្ងង់ខ្លៅនិងអវិជ្ជា ត្រូវបានពាក្យចចាមអារ៉ាមទាំងនេះបំភាន់យ៉ាងពិតប្រាកដ។ នៅពេលត្រូវបានបំភាន់ហើយ តើពួកគេរងផលប៉ះពាល់ និងត្រូវបានរំខានដែរឬទេ? (មែនហើយ។) ទាំងនេះក៏ជាបញ្ហាទូទៅដែលកើតឡើងនៅក្នុងពួកជំនុំដែរ។ ទោះបីជាពាក្យចចាមអារ៉ាមទាំងនេះមិនធ្ងន់ធ្ងរបើប្រៀបទៅនឹងពាក្យដែលមួលបង្កាច់ និងវាយប្រហារព្រះជាម្ចាស់ និងដំណាក់របស់ព្រះជាម្ចាស់ក្ដី ពោលគឺពាក្យទាំងនេះមិនមួលបង្កាច់ ឬប្រមាថព្រះជាម្ចាស់ឡើយ ហើយបើទោះបីជាពាក្យទាំងនេះមិនបង្កការរំខាន ឬការខូចខាតណាមួយដល់កិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពាក្យទាំងនេះនៅតែប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់មនុស្សមួយចំនួនដែរ ហើយគួរតែត្រូវបានបញ្ឈប់។ ឧទាហរណ៍៖ នៅពេលដែលមនុស្សមួយចំនួនឮពាក្យសម្ដីដែលគួរឱ្យសង្ស័យ ពួកគេជឿនៅក្នុងចិត្ត ហើយប្រញាប់ផ្សាយពាក្យទាំងនោះទៅកាន់មនុស្សនៅជុំវិញខ្លួន ដែលស្និទ្ធស្នាលនឹងពួកគេ។ នៅពេលដែលពាក្យចចាមអារ៉ាមសាយភាយចេញទៅ សេចក្ដីលម្អិតក៏កាន់តែមានច្រើនឡើង និងកាន់តែពេញលេញ ហើយនៅទីបំផុត ពាក្យចចាមអារ៉ាមចាប់ផ្ដើមមើលទៅដូចជាព្រឹត្តិការណ៍ពិតៗ។ ធាតុផ្សំដូចជាពេលវេលា ទីកន្លែង និងតួអង្គ សុទ្ធតែមានទាំងអស់ គឺពាក្យចចាមអារ៉ាមបែបនេះ បំពេញលក្ខខណ្ឌដែលអាចផ្សព្វផ្សាយជាសាធារណៈបាន តើមែនទេ? តើព័ត៌មានអ្វីខ្លះដែលកំពុងត្រូវបានផ្សព្វផ្សាយ? អ្នកផ្សាយពាក្យចចាមអារ៉ាមនិយាយថា៖ «ថ្ងៃនេះ មានរឿងសំខាន់មួយដែលខ្ញុំត្រូវតែប្រាប់អ្នក។ ប្រសិនបើខ្ញុំមិនប្រាប់ទេ ខ្ញុំនឹងមានអារម្មណ៍មិនស្រួលក្នុងចិត្តឡើយ ខ្ញុំនឹងមិនអាចសូម្បីតែផ្តោតអារម្មណ៍លើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផង។ ខ្ញុំរំភើបចំពោះរឿងនេះណាស់។ ឥឡូវនេះ ពួកយើងដែលជឿលើព្រះជាម្ចាស់ ទីបំផុតមានសេចក្ដីសង្ឃឹមហើយ!» នៅពេលដែលមនុស្សគ្រប់គ្នាឮថាមានសេចក្ដីសង្ឃឹម ពួកគេចាប់ផ្ដើមចាប់អារម្មណ៍ និងមានចិត្តក្លៀវក្លា ប្រធានបទនេះទាក់ទាញអារម្មណ៍ខ្លាំងណាស់។ ពួកគេនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ទីសម្គាល់ជាច្រើនដែលព្រះជាម្ចាស់បានព្យាករពីមុនមកទាក់ទងនឹងទីបញ្ចប់នៃកិច្ចការរបស់ទ្រង់ បានលេចមករួចទៅហើយ។ ឧទាហរណ៍៖ សភាពនៃព្រះចន្ទ និងព្រះអាទិត្យ ស្ថានភាពនៅទិសខាងកើត និងទិសខាងលិច ចំនួនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសនីមួយៗ ចំនួនមនុស្សដែលអាចបំពេញភារកិច្ចរបស់ខ្លួន និងអ្វីៗផ្សេងទៀត ពោលគឺ ទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់ទាំងនេះ ឥឡូវនេះនៅចំពោះមុខយើងហើយ។ យើងត្រូវតែរៀបចំខ្លួនឱ្យបានឆាប់!» មានគេសួរថា៖ «តើយើងគួររៀបចំអ្វីខ្លះ?» អ្នកផ្សាយពាក្យចចាមអារ៉ាមនិយាយថា៖ «យើងគួរធ្វើអំពើល្អ និងរៀបចំម្ហូបអាហារ ហើយឆាប់ប្រគល់ប្រាក់សន្សំទាំងអស់របស់យើងធ្វើជាតង្វាយថ្វាយព្រះជាម្ចាស់ ទើបយើងអាចទទួលបានគោលដៅល្អមួយ»។ ពួកគេក៏និយាយដែរថា៖ «នៅឆ្នាំនេះឆ្នាំនោះ ខែនេះខែនោះ នៅថ្ងៃទីនេះថ្ងៃនោះ និងនៅម៉ោងនេះម៉ោងនោះ យើងត្រូវជួបជុំគ្នានៅកន្លែងជាក់លាក់មួយ ដែលព្រះជាម្ចាស់នឹងរង់ចាំយើង ដើម្បីយកយើងទៅ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នកមិនលះបង់អ្វីៗគ្រប់យ៉ាងទេ អ្នកមិនស័ក្តិសមធ្វើជាសិស្សរបស់ខ្ញុំឡើយ ហើយក៏មិនស័ក្តិសមធ្វើជាអ្នកដើរតាមខ្ញុំដែរ»។ ឥឡូវនេះ ថ្ងៃរបស់ព្រះជាម្ចាស់បានមកដល់ហើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចហើយ។ យើងត្រូវតែលែងដៃពីរឿងរ៉ាវលោកីយ៍ទាំងអស់ មិនត្រឹមតែអនាគត និងអាជីពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រួសារ សាច់ញាតិ និងទំនាក់ទំនងខាងសាច់ឈាមរបស់យើងទៀតផង។ យើងត្រូវតែលះបង់ការជាប់ជំពាក់ខាងលោកីយ៍ទាំងអស់ យើងនឹងទៅជួបព្រះជាម្ចាស់ហើយ!» មនុស្សភាគច្រើនសួរថា៖ «តើរឿងនេះពិតដែរឬទេ?» អ្នកផ្សាយពាក្យចចាមអារ៉ាមនិយាយថា៖ «ពិតមែនហើយ ខ្ញុំបានលក់ផ្ទះ និងឡានរបស់ខ្ញុំ ហើយបានដកប្រាក់សន្សំរបស់ខ្ញុំអស់ហើយ។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ ចូរមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ នៅក្នុងជំពូកមួយ ការបកស្រាយន័យប្រយោគណាមួយ បង្ហាញពីអាសយដ្ឋានមួយ ហើយនៅក្នុងជំពូកមួយទៀត ការបកស្រាយន័យអត្ថបទណាមួយ បង្ហាញពីឆ្នាំ និងខែ...»។ ពេលឮបែបនេះហើយ តើមាននរណាម្នាក់ដែលមិនរំជើបរំជួលដែរឬទេ? តើមាននរណាម្នាក់ដែលអាចញែកដឹងពាក្យពេចន៍ទាំងនេះបានដែរឬទេ? តើទាំងនេះមិនមែនជារឿងដែលមនុស្សខ្វល់ខ្វាយខ្លាំងទេឬ? តើទាំងនេះមិនមែនជារឿងដែលមនុស្សបានទន្ទឹងរង់ចាំជាយូរមកហើយទេឬ? មនុស្សមួយចំនួន បន្ទាប់ពីបានឮរឿងនេះ ហើយក៏ទៅមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយគិតថាវាពិតជាស៊ីគ្នាមែន ពួកគេចាប់ផ្ដើមគិតគូរពីផែនការបម្រុង។ ទោះបីជាមនុស្សមួយចំនួនមានមន្ទិលនៅក្នុងចិត្តក៏ដោយ ក៏ពួកគេនៅតែសង្ឃឹមថាវាជារឿងពិតដែរ ដោយគិតថា៖ «ទោះបីជាឆ្នាំ និងថ្ងៃដែលបានកំណត់នោះ នៅឆ្ងាយបន្តិចក៏ដោយ យ៉ាងហោចណាស់ក៏មានកាលបរិច្ឆេទ និងពេលវេលាជាក់លាក់ដែរ ដូច្នេះយើងមានសេចក្ដីសង្ឃឹមហើយ»។ ទោះបីជាពួកគេមិនជឿពិតប្រាកដក៏ដោយ ក៏ពួកគេនៅតែយកចិត្តទុកដាក់ចំពោះរឿងនេះក្នុងកម្រិតណាមួយដែរ។ តើការយកចិត្តទុកដាក់នេះបញ្ជាក់ពីអ្វី? វាបង្ហាញថា មនុស្សងាយនឹងរងឥទ្ធិពល និងរងការរំខានដោយសាររឿងទាំងនេះណាស់។ នៅពេលដែលពាក្យចចាមអារ៉ាមប្រភេទនេះចាប់ផ្ដើមផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងពួកជំនុំ មនុស្ស ៨០ ទៅ ៩០ ភាគរយនឹងរំភើបចិត្តជាខ្លាំង ហើយមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ដោយគិតថា៖ «ថ្ងៃដែលយើងបានទន្ទឹងរង់ចាំ ទីបំផុតមកដល់ហើយ! ព្រះជាម្ចាស់បានស្តាប់ឮការអធិដ្ឋានរបស់យើងហើយ! ព្រះជាម្ចាស់ស្រឡាញ់យើង ហើយមិនបានបោះបង់យើងចោលឡើយ!» តើការផ្សព្វផ្សាយប្រធានបទបែបនេះក្នុងអំឡុងពេលនៃការជួបជុំ នឹងមានផលវិបាកអ្វីខ្លះ? តើវានឹងប៉ះពាល់ដល់អារម្មណ៍របស់មនុស្សគ្រប់គ្នាដែរឬទេ? មនុស្សនឹងមិនអាចបដិសេធរឿងនេះបានឡើយ ទោះបីជាពួកគេចង់បដិសេធក៏ដោយ។ គ្រប់ប្រយោគនៃពាក្យចចាមអារ៉ាមនេះ នឹងចាក់ដោតក្នុងដួងចិត្តរបស់ពួកគេ ធ្វើឱ្យពួកគេមិនជឿមិនបានឡើយ។ មនុស្សងាយនឹងជឿពាក្យពេចន៍ទាំងនេះណាស់។ ទោះបីជាពួកគេមិនប្រាកដចិត្តមួយរយភាគរយក៏ដោយ ក៏ពួកគេនៅតែសង្ឃឹមថាវាជារឿងពិតដែរ ដោយគិតថា៖ «ដោយនឹកគិតដល់ទុក្ខលំបាកជាច្រើនដែលយើងបានស៊ូទ្រាំក្នុងការដើរតាមព្រះជាម្ចាស់ គឺត្រូវបានពិភពលោកបដិសេធចោល ត្រូវបានរដ្ឋាភិបាលតាមយាយី ត្រូវបានពិភពសាសនាធ្វើទុក្ខបុកម្នេញ ស្ទើរតែដកដង្ហើមមិនរួច រស់នៅក្នុងភាពភ័យខ្លាចជានិច្ច តើថ្ងៃទាំងនេះនឹងបញ្ចប់នៅពេលណា? ឥឡូវនេះ ថ្ងៃរបស់ព្រះជាម្ចាស់បានមកដល់ហើយ!» គំនិតទាំងនេះធ្វើឱ្យដួងចិត្តរបស់អ្នកពុះកញ្ជ្រោល៖ «យើងបានលះបង់ខ្លួនយ៉ាងច្រើនដើម្បីព្រះជាម្ចាស់ សេចក្ដីជំនឿរបស់យើងក្នុងការដើរតាមព្រះជាម្ចាស់គឺមុតមាំណាស់ អ្វីដែលយើងកំពុងឮនេះត្រូវតែជារឿងពិត។ យើងមិនគួររសាត់អណ្ដែត និងរងទុក្ខនៅក្នុងពិភពលោកនេះទៀតទេ គឺយើងមិនសមនឹងទទួលរឿងបែបនេះឡើយ!» នៅពេលដែលអ្នកមានគំនិតបែបនេះ ហើយអ្នកជឿជាក់ និងមានចិត្តរំជើបរំជួលចំពោះពាក្យចចាមអារ៉ាមនេះខ្លាំងម្ល៉េះ តើអ្នកនៅតែចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតដែរឬទេ? នៅត្រង់ចំណុចនេះ តើការអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាមួយ មិនមែនហាក់ដូចជាមិនចាំបាច់ទេឬ? អ្នកមានអារម្មណ៍ថា៖ «ហេតុអ្វីបានជាការចែករំលែកការយល់ដឹងតាមរយៈបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាមិនចាំបាច់សោះនៅក្នុងពេលនេះ? មិនចាំបាច់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទៀតទេ មែនទេ? ថ្ងៃរបស់ព្រះជាម្ចាស់បានមកដល់ហើយ ហើយយើងនឹងជួបព្រះជាម្ចាស់មុខទល់នឹងមុខក្នុងពេលឆាប់ៗនេះ ដូច្នេះ តើការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅពេលនេះ មិនមែនមានន័យថាយើងមិនគោរពព្រះជាម្ចាស់ទេឬ? ពេលរស់នៅក្នុងសាច់ឈាម នៅឆ្ងាយពីព្រះជាម្ចាស់ យើងត្រូវការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបន្ធូរបន្ថយការទន្ទឹងរង់ចាំរបស់យើង។ ឥឡូវនេះ យើងហៀបនឹងឆ្លងផុតពិភពលោកនេះហើយ ហើយនឹងជួបព្រះជាម្ចាស់ដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ដូច្នេះមិនចាំបាច់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ គ្មានអ្វីដែលយើងធ្វើនៅពេលនេះ សំខាន់ដូចការជួបព្រះជាម្ចាស់នៅឆ្នាំ ខែ ថ្ងៃ និងម៉ោងជាក់លាក់នោះឡើយ។ រឿងនេះនឹងអស្ចារ្យខ្លាំងណាស់! បើប្រៀបធៀបនឹងការជួបព្រះជាម្ចាស់នៅថ្ងៃនោះ និងនៅកន្លែងនោះ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាគ្មានន័យសោះឡើយ»។ អ្នកមិនអាចផ្តោតអារម្មណ៍លើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទៀតទេ។ ចិត្តរបស់អ្នកបានក្លាយជារសាប់រសល់ ដោយទន្ទឹងរង់ចាំឱ្យថ្ងៃនោះមកដល់ភ្លាមៗ! តើអារម្មណ៍នេះមិនពិបាកនឹងបរិយាយទេឬ? ពាក្យចចាមអារ៉ាមបែបនេះ គួរឱ្យទាក់ទាញណាស់ចំពោះចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើន ហើយអាចសាយភាយយ៉ាងងាយនៅក្នុងពួកជំនុំ។ មនុស្សម្នាក់ផ្សព្វផ្សាយតទៅពីរនាក់ ពីរនាក់ប្រាប់ទៅដប់នាក់ ហើយពាក្យចចាមអារ៉ាមសាយភាយកាន់តែខ្លាំងឡើងៗ ពីពួកជំនុំមួយទៅពួកជំនុំពីរ ពីពួកជំនុំពីរទៅពួកជំនុំប្រាំ គឺសាយភាយកាន់តែទូលំទូលាយ។ តើមានផលវិបាកអ្វីខ្លះ? ពាក្យចចាមអារ៉ាមទាំងនេះ ធ្វើឱ្យមនុស្សសង្ស័យព្រះជាម្ចាស់ ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ភ្លេចសេចក្ដីស្រឡាញ់ដ៏ពិតរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ ភ្លេចភារកិច្ចដែលពួកគេគួរបំពេញ និងភ្លេចផ្លូវដែលពួកគេគួរដើរតាម។ ផ្ទុយទៅវិញ ពួកគេគិតតែពីដេញតាមការចង់ឃើញថ្ងៃរបស់ព្រះជាម្ចាស់មកដល់តែមួយមុខគត់ និងចង់ឃើញថាតើពួកគេអាចទទួលបានព្រះពរដែរឬទេ។ នៅពេលថ្ងៃនោះមកដល់ពិតមែន ហើយគ្មានអ្វីកើតឡើង ទើបមនុស្សដឹងខ្លួនថា ការជឿលើពាក្យចចាមអារ៉ាម បានបង្កការខូចខាតដល់ជីវិតរបស់ពួកគេ។ ពេលនោះ តើអ្នកអាចត្រឡប់ទៅរកសភាពដើមវិញ ដោយប្រព្រឹត្តខ្លួនក្នុងឥរិយាបថដ៏ត្រឹមត្រូវ ប្រកាន់ខ្ជាប់នូវភារកិច្ចរបស់អ្នក ដេញតាមសេចក្ដីពិតដោយជាក់ស្ដែង ស្វែងរកគោលការណ៍សេចក្ដីពិតនៅក្នុងគ្រប់រឿងរ៉ាវទាំងអស់ ហើយប្រព្រឹត្តខ្លួន និងបំពេញភារកិច្ចរបស់អ្នកស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? ពេលវេលានឹងកន្លងផុតទៅ ហើយមិនអាចស្ដារមកវិញបានឡើយ។ តើរឿងនេះត្រូវបន្ទោសនរណា? គឺត្រូវបន្ទោសខ្លួនឯង ដែលមិនដែលធ្វើជាមនុស្សដែលដេញតាមសេចក្ដីពិត។ អ្នកចេះតែគិតរវើរវាយ ហើយជាលទ្ធផល ក៏ចាញ់បោកពាក្យចចាមអារ៉ាមទៅ។
ចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនយល់សេចក្ដីពិត ពាក្យចចាមអារ៉ាមតែមួយម៉ាត់ អាចនាំពួកគេធ្លាក់ទៅក្នុងជង្ហុកជ្រៅរកបាតគ្មាន និងបំផ្លាញពួកគេបាន។ តើជង្ហុកជ្រៅរកបាតគ្មាន មានន័យដូចម្តេច? ពីដំបូងឡើយ អ្នកមានជំនឿជាប្រក្រតីលើព្រះជាម្ចាស់ និងមានសេចក្ដីសង្ឃឹមថាត្រូវបានសង្គ្រោះ ប៉ុន្តែពាក្យចចាមអារ៉ាមតែមួយម៉ាត់ បាននាំអ្នកឱ្យវង្វេងផ្លូវ។ ដោយមិនដឹងខ្លួន អ្នកត្រូវបានសាតាំងបំភាន់ អ្នកបានជឿពាក្យរបស់អារក្សដែលសាតាំងបាននិយាយ ហើយអ្នកបានដើរតាមវា។ អ្នកដើរ និងដេញតាមស្របទៅតាមផ្លូវដែលសាតាំងបានត្រួសត្រាយសម្រាប់អ្នក ហើយអ្នកទៅកាន់តែឆ្ងាយ ចិត្តរបស់អ្នកកាន់តែងងឹតទៅៗ ហើយអ្នកកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ នៅពេលដែលអ្នកបានចាកចេញ និងបដិសេធព្រះជាម្ចាស់ទាំងស្រុងហើយ អ្នកមិនត្រឹមតែមានមន្ទិលចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ អ្នកចាប់ផ្ដើមមានការត្អូញត្អែរអំពីព្រះជាម្ចាស់ និងការបដិសេធព្រះជាម្ចាស់។ នៅពេលអ្នកឈានដល់ចំណុចនេះ តើនេះមិនមែនជាផ្លូវទាល់សម្រាប់អ្នកទេឬ? តើនេះមិនមែនជាជង្ហុកជ្រៅរកបាតគ្មានទេឬ? តើនេះជារឿងដែលអ្នកចង់ឃើញមែនទេ? នៅពេលអ្នកឈានដល់ចំណុចនេះ តើអ្នកនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? មិនអាចទេ ហើយវាពិបាកត្រឡប់ក្រោយវិញណាស់។ ហេតុអ្វីទៅ? ពីព្រោះព្រះជាម្ចាស់បានឈប់ធ្វើកិច្ចការ ព្រះវិញ្ញាណបរិសុទ្ធបានឈប់ធ្វើកិច្ចការ ហើយអ្នកពោរពេញដោយសេចក្ដីងងឹត។ ជញ្ជាំងដ៏ខ្ពស់មួយត្រូវបានសង់ឡើងរាំងកណ្ដាលរវាងអ្នក និងព្រះជាម្ចាស់។ តើជញ្ជាំងនេះជាអ្វី? វាគឺជាសញ្ញាណ ការស្រមើស្រមៃ និងពាក្យចចាមអារ៉ាមដែលសាតាំងបានបញ្ចូលទៅក្នុងខ្លួនអ្នក ព្រមទាំងបំណងប្រាថ្នាផ្ទាល់ខ្លួន។ ចំណេះដឹងរបស់អ្នកអំពីរឿងវិជ្ជមាន ដូចជាអត្តសញ្ញាណ សារជាតិ ឋានៈរបស់ព្រះជាម្ចាស់ និងអ្វីៗផ្សេងទៀត ស្រាប់តែក្លាយជាស្រពេចស្រពិល ហើយថែមទាំងបាត់បន្តិចម្ដងៗទៀតផង។ នេះគួរឱ្យភ័យខ្លាចណាស់។ តើនេះមិនមែនជាការធ្លាក់ទៅក្នុងជង្ហុកជ្រៅរកបាតគ្មានទេឬ? (មែនហើយ។) នៅពេលដែលអ្នកធ្លាក់ទៅក្នុងស្ថានភាពនេះ តើអ្នកនៅតែអាចស៊ូទ្រាំនឹងការលំបាក និងលះបង់ដើម្បីបំពេញភារកិច្ចរបស់អ្នកបានដែរឬទេ? តើអ្នកនៅតែអាចដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត ដើម្បីទទួលបានសេចក្ដីសង្គ្រោះបានដែរឬទេ? ខ្ញុំប្រាប់អ្នកចុះ វាពិបាកត្រឡប់ក្រោយវិញណាស់។ នេះគឺជាការត្រូវបាននាំឱ្យវង្វេងហើយ! គ្រាន់តែពាក្យចចាមអារ៉ាមមួយម៉ាត់ ប្រសិនបើអ្នកមិនប្រយ័ត្នមួយភ្លែត ហើយត្រូវបានបំភាន់ នោះអាចមានលទ្ធផលដែលនឹកស្មានមិនដល់។ ហេតុដូច្នេះហើយ នៅពេលដែលពាក្យចចាមអារ៉ាមបែបនេះអំពីកិច្ចការរបស់ព្រះជាម្ចាស់លេចឡើងនៅក្នុងពួកជំនុំ គេគួរតែបញ្ឈប់ និងរឹតត្បិតពាក្យទាំងនោះជាបន្ទាន់។ ដាច់ខាតមិនត្រូវបង្កើតរឿងដោយគ្មានមូលដ្ឋានឡើយ ហើយមិនត្រូវប្រឌិតពាក្យកុហកគ្រប់ប្រភេទដែលមនុស្សចូលចិត្តស្ដាប់ ដើម្បីបំភាន់ពួកគេ និងអូសទាញពួកគេឱ្យចេញពីផ្លូវដ៏ត្រឹមត្រូវឡើយ។ ទោះបីជាមនុស្សចូលចិត្តប្រធានបទទាំងនេះក៏ដោយ តើមានផលល្អអ្វីទៅ ក្នុងការផ្ដោតអារម្មណ៍លើរឿងទាំងនេះនៅក្នុងចិត្ត ហើយផ្សព្វផ្សាយរឿងទាំងនេះនោះ? តើអាចទទួលបានផលប្រយោជន៍អ្វី? មនុស្សមួយចំនួននិយាយថា៖ «បុគ្គលនោះអាចនិយាយអ្វីដែលគេចង់និយាយបាន ព្រោះវាជាមាត់របស់គេ។ ដូច្នេះ ចូរទុកឱ្យគេនិយាយតាមចិត្តគេចុះ»។ នោះអាស្រ័យលើអ្វីដែលគេកំពុងនិយាយ។ ប្រសិនបើវាជារឿងដែលធ្វើឱ្យមនុស្សស្អាងឡើង នោះអាចនិយាយបាន និងអាចផ្សព្វផ្សាយបាន គឺអាចផ្សព្វផ្សាយតាមរបៀបណាក៏បានដែរ។ ប៉ុន្តែ ពាក្យចចាមអារ៉ាមទាំងនេះ មិនបានធ្វើឱ្យមនុស្សស្អាងឡើងសូម្បីបន្តិចសោះឡើយ។ ពួកវាមានតែបំភាន់មនុស្ស និងបង្វែរការយកចិត្តទុកដាក់របស់ពួកគេ រំខានដល់ការដេញតាមរបស់ពួកគេ និងធ្វើឱ្យពួកគេវង្វេងចេញពីផ្លូវដ៏ត្រឹមត្រូវ ប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ប៉ះពាល់ដល់ការបំពេញភារកិច្ចជាប្រក្រតីរបស់ពួកគេ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ជាប្រក្រតីនៃកិច្ចការរបស់ពួកជំនុំប៉ុណ្ណោះ។ នៅពេលដែលមនុស្សទទួលយកពាក្យចចាមអារ៉ាមទាំងនេះ វាប្រៀបដូចជាជាប់នៅក្នុងផ្លូវវង្វេង ដែលពួកគេមិនអាចគេចចេញបានអ៊ីចឹង។ ដូច្នេះ នៅពេលដែលអ្នកឮពាក្យចចាមអារ៉ាមទាំងនេះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកតែម្នាក់ឯង អ្នកគួរតែបដិសេធពាក្យទាំងនោះ។ ប្រសិនបើពួកគេនិយាយពាក្យទាំងនោះក្នុងចំណោមអ្នកដទៃ អ្នកមិនត្រឹមតែគួរបដិសេធពាក្យទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវលាតត្រដាង និងវិភាគពាក្យទាំងនោះទៀតផង ចូរកុំឱ្យមនុស្សកាន់តែច្រើនត្រូវបានបំភាន់។ ជាពិសេស ចំពោះអស់អ្នកដែលទើបតែជឿបានមួយឆ្នាំឬពីរឆ្នាំ ឬក៏ពីរឆ្នាំឬបីឆ្នាំ ពួកគេនៅតែមិនអាចមើលធ្លុះរឿងរ៉ាវអំពីគោលដៅ ការជួបជាមួយព្រះជាម្ចាស់ និងការត្រូវបានលើកឡើងទេ ពួកគេមិនទាន់មានចំណាប់អារម្មណ៍លើសេចក្ដីពិតនៅឡើយទេ ហើយគ្មានផ្លូវសម្រាប់ការដេញតាមសេចក្ដីពិត និងការដេញតាមការផ្លាស់ប្ដូរនិស្ស័យនៅក្នុងសេចក្ដីជំនឿរបស់ពួកគេឡើយ។ នៅក្នុងស្ថានភាពបែបនេះ ពួកគេងាយនឹងត្រូវបានបំភាន់ និងរងឥទ្ធិពលដោយសារពាក្យចចាមអារ៉ាមទាំងនេះបំផុត ហើយនៅពេលដែលពួកគេត្រូវបានបំភាន់ ផលវិបាកគឺនឹកស្មានមិនដល់ឡើយ។ វាប្រៀបដូចជាការលេបថ្នាំពុលអ៊ីចឹង ទោះបីជាមានថ្នាំបន្សាបក៏ដោយ តើរាងកាយរបស់អ្នកមិនបានរងការខូចខាតរួចទៅហើយទេឬ? ទោះបីជាអ្នកនៅរស់ក៏ដោយ តើការរងទុក្ខ និងការខូចខាតចំពោះរាងកាយរបស់អ្នក អាចមើលរំលងបានដែរឬទេ? ហេតុដូច្នេះហើយ នៅពេលប្រឈមមុខនឹងពាក្យចចាមអារ៉ាមទាំងនេះ អ្នកត្រូវតែញែកដឹង និងបដិសេធពាក្យទាំងនោះ ដោយមិនចាត់ទុកពាក្យទាំងនោះជារឿងនិទាន ឬជាព្រឹត្តិការណ៍ពិតឡើយ។ មនុស្សមួយចំនួនចាប់អារម្មណ៍ជាពិសេសចំពោះពាក្យចចាមអារ៉ាមទាំងនេះ ហើយចែកចាយ និងផ្សព្វផ្សាយពាក្យទាំងនោះទៅគ្រប់ទីកន្លែង ដោយចែករំលែកជាមួយអ្នកដទៃ ហាក់ដូចជាពាក្យទាំងនោះជាសេចក្ដីពិតអ៊ីចឹង។ តើនេះមានធម្មជាតិបែបណា? តើនេះមិនមែនជាការធ្វើខ្លួនជាពួកអ្នកបម្រើសាតាំងទេឬ? មនុស្សបែបនេះគួរតែត្រូវបានលួសកាត់ និងព្រមាន។ ប្រសិនបើពួកគេមិនប្រែចិត្តទេ ពួកគេគួរតែត្រូវបានបោសសម្អាតចេញ។ ប្រសិនបើនៅពេលណាមួយ ពួកគេភ្ញាក់រលឹក ហើយនិយាយថា៖ «ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម គឺជារឿងខុសឆ្គង ខ្ញុំបានធ្វើខ្លួនជាអ្នកបម្រើសាតាំង ហើយខ្ញុំនឹងមិនផ្សព្វផ្សាយពាក្យទាំងនោះទៀតឡើយ» នោះពួកគេអាចត្រូវបានដាក់ឱ្យស្ថិតក្រោមការអង្កេត៖ ប្រសិនបើពួកគេប្រែចិត្ត និងបង្ហាញឥរិយាបថល្អ ពួកគេអាចត្រូវបានទទួលឱ្យចូលក្នុងពួកជំនុំវិញជាបណ្ដោះអាសន្ន។ ប្រសិនបើពួកគេធ្វើបែបនេះឡើងវិញទៀត នោះពួកគេគួរតែត្រូវបានជម្រះចេញ។
ពាក្យចចាមអារ៉ាមអំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនមានត្រឹមតែប៉ុណ្ណឹងទេ។ មនុស្សប្រើការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ ព្រមទាំងគំនិតរបស់ពួកគេ ដើម្បីវិភាគ និងពិនិត្យពិច័យ។ ពួកគេពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីទំនាយផ្សេងៗ ក៏ដូចជាមហន្តរាយ ទីសម្គាល់ ព្រមទាំងហេតុការណ៍ផ្សេងៗនៅក្នុងសង្គម និងពិភពលោក ដោយថែមទាំងពឹងផ្អែកលើសុបិនរបស់ពួកគេ ដើម្បីបញ្ចេញមតិលើកិច្ចការរបស់ព្រះជាម្ចាស់តាមចិត្តចង់ទៀតផង គឺពួកគេប្រឌិតពាក្យចចាមអារ៉ាមជាច្រើន។ មនុស្សជាច្រើនមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានទៀងទាត់ ឬខំប្រឹងប្រែងលើសេចក្ដីពិតជាប្រចាំឡើយ ហើយពួកគេកាន់តែមិនខំប្រឹងប្រែងស្វែងរកគោលការណ៍ក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាប្រចាំទៅទៀត។ ផ្ទុយទៅវិញ ពួកគេសញ្ជឹងគិតអំពីសំណួរដូចជា៖ «តើការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ បានចាប់ផ្ដើមដោយរបៀបណា? តើនរណាជាអ្នកចាប់ផ្ដើមរឿងទាំងអស់នេះ? តើមនុស្សបានដើរតួនាទីអ្វីខ្លះ? តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើង?» ពួកគេពិនិត្យពិច័យបាតុភូតខាងក្រៅទាំងនេះ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់ពួកជំនុំ បុគ្គលិក និងអ្វីៗផ្សេងទៀត។ បន្ទាប់ពីបានពិនិត្យពិច័យរឿងទាំងអស់នេះហើយ ពួកគេសរុបសេចក្ដីរឿងទាំងអស់នេះ ហើយបង្កើតបានជាអ្វីដែលគេហៅថាច្បាប់ ឬបាតុភូតមួយចំនួន និងផ្សព្វផ្សាយរឿងទាំងនោះនៅក្នុងពួកជំនុំ ហាក់ដូចជារឿងទាំងនោះជាសេចក្ដីពិតអ៊ីចឹង។ នៅពេលផ្សព្វផ្សាយរឿងទាំងនោះ ពួកគេរៀបរាប់ក្នុងលក្ខណៈយ៉ាងរស់រវើក និងយ៉ាងលម្អិត ហើយអស់អ្នកដែលគ្មានការញែកដឹង អាចនឹងគិតថាពួកគេកំពុងពិភាក្សាអំពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតផង។ ក៏ប៉ុន្តែ អស់អ្នកដែលមានការញែកដឹង គិតថា៖ «តើអ្នកមិនមែនកំពុងនិយាយរឿងផ្ដេសផ្ដាស និងបញ្ចេញជំនឿខុសឆ្គង និងភាពខុសទំនងទេឬ? តើអ្នកមិនមែនកំពុងជំនុំជម្រះកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? នេះមិនមែនជាការចែករំលែកការយល់ដឹង និងបទពិសោធឡើយ គឺវាមិនពាក់ព័ន្ធនឹងសេចក្ដីពិតទេ។ នេះគឺជាការប្រឌិតពាក្យចចាមអារ៉ាម ហើយត្រូវតែបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះទេ មនុស្សមួយចំនួននឹងត្រូវបានបំភាន់!» ភាពខុសទំនង និងជំនឿខុសឆ្គងទាំងនេះ ដែលចាត់ទុកជាពាក្យចចាមអារ៉ាម មិនស្របនឹងសេចក្ដីពិតឡើយ ហើយរំខានដល់ការយល់ដឹងរបស់មនុស្សអំពីសេចក្ដីពិត។ នៅពេលដែលទង្វើនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមលេចឡើងនៅក្នុងពួកជំនុំ វាគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់។
ក៏មានពាក្យចចាមអារ៉ាមខ្លះទៀត ដែលជាពាក្យរបស់អារក្សក្នុងការជំនុំជម្រះកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ឧទាហរណ៍៖ ទាក់ទងនឹងថាតើព្រះជាម្ចាស់ស្រឡាញ់នរណា ទ្រង់សង្គ្រោះនរណា និងទ្រង់ប្រោសឱ្យនរណាគ្រប់លក្ខណ៍ មនុស្សមួយចំនួន ដោយប្រើភាពឆ្លាតវៃតូចតាចរបស់ខ្លួន បានអង្កេត និងសរុបសេចក្ដី ដោយនិយាយថា៖ «អស់អ្នកនៅក្នុងពិភពលោកដែលមានសមត្ថភាព និងអស់អ្នកដែលធ្លាប់ធ្វើជាមន្ត្រី និងអស់អ្នកដែលធ្លាប់ធ្វើជាប្រធានផ្នែក ឬជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុននានា នៅពេលពួកគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេក្លាយជាអ្នកដឹកនាំភ្លាម ឬទទួលបន្ទុកលើកិច្ចការទូទៅ និងហិរញ្ញវត្ថុភ្លាមៗតែម្ដង។ មនុស្សទាំងនេះគឺជាអ្នកដែលព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍»។ តើនេះមិនមែនជាការប្រឌិតពាក្យចចាមអារ៉ាមទេឬ? នេះពិតជាការប្រឌិតពាក្យចចាមអារ៉ាមមែន។ តើពាក្យចចាមអារ៉ាមជាអ្វី? វាគឺជាការនិយាយដោយមិនទទួលខុសត្រូវ ការជំនុំជម្រះដោយងងឹតងងល់ និងការទាញសេចក្ដីសន្និដ្ឋានដោយគ្មានមូលដ្ឋាន ក្នុងរបៀបមួយដែលមិនស្របនឹងការពិត ពាក្យពេចន៍ទាំងនេះសុទ្ធតែជាពាក្យចចាមអារ៉ាម។ មនុស្សផ្សេងទៀតនិយាយថា៖ «ម្នាក់នេះម្នាក់នោះបានថ្វាយតង្វាយរាប់ម៉ឺនយ័ន។ សេចក្ដីជំនឿរបស់គេធំធេងណាស់ គេអាចចូលទៅក្នុងនគរព្រះបាន»។ រឿងនេះបណ្ដាលឱ្យអ្នកដែលគ្មានប្រាក់ ក្លាយជាអវិជ្ជមាន និងមានអារម្មណ៍ពិបាកចិត្ត ពួកគេនិយាយថា៖ «ទោះបីជាខ្ញុំបានថ្វាយតង្វាយច្រើនគួរសមដែរ ប៉ុន្តែវាមិនស្មើនឹងចំនួនដែលគេបានថ្វាយតែម្ដងផង។ តើនេះមានន័យថា ខ្ញុំមិនអាចត្រូវបានសង្គ្រោះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទេឬ? តើព្រះជាម្ចាស់មិនចង់បានមនុស្សដូចជាខ្ញុំទេឬ?» អ្នកផ្សេងទៀតដែលប្រឌិតពាក្យចចាមអារ៉ាម ក៏និយាយថា៖ «អ្នកមានមិនអាចចូលទៅក្នុងនគរព្រះបានទេ ព្រះជាម្ចាស់ចង់បានតែអ្នកក្រប៉ុណ្ណោះ»។ អ្នកក្រទាំងនោះក៏សប្បាយចិត្ត៖ «ទោះបីជាខ្ញុំមិនបានថ្វាយប្រាក់ច្រើនក៏ដោយ ក៏ខ្ញុំនៅតែអាចចូលទៅក្នុងនគរព្រះបានដែរ ចំណែកឯអ្នកមានត្រូវបានទុកចោល»។ មិនថាអ្នកប្រឌិតពាក្យចចាមអារ៉ាមនិយាយអ្វីក៏ដោយ វាជះឥទ្ធិពលលើអ្នកក្រតាមរបៀបផ្សេងៗ ពួកគេមិនអាចមើលធ្លុះការពិតដែលថា ទាំងនេះសុទ្ធតែជាពាក្យចចាមអារ៉ាម និងជាពាក្យរបស់អារក្សឡើយ។ ហេតុអ្វីបានជាបែបនេះ? វាគឺដោយសារតែពួកគេមិនយល់សេចក្ដីពិត និងខ្វះការញែកដឹង ដូច្នេះពួកគេត្រូវបានបំភាន់ជានិច្ច។ ទាំងអ្នកដែលប្រឌិតពាក្យចចាមអារ៉ាម និងអស់អ្នកដែលផ្សព្វផ្សាយពាក្យទាំងនោះ សុទ្ធតែជាអារក្សទាំងអស់។ មិនថាពួកគេនិយាយច្រើនប៉ុនណាក៏ដោយ អ្នកមិនដឹងថាពាក្យណាពិត និងពាក្យណាក្លែងក្លាយឡើយ មិនដឹងថាពាក្យពេចន៍ទាំងនេះមកពីណាឱ្យប្រាកដ មិនដឹងថាពួកគេមានបំណងចិត្តអ្វីឱ្យប្រាកដក្នុងការផ្សព្វផ្សាយពាក្យពេចន៍ទាំងនេះ ហើយមិនដឹងថាពួកគេសង្ឃឹមថាសម្រេចបានគោលបំណងអ្វីឡើយ។ ប្រសិនបើមនុស្សម្នាក់មិនអាចមើលធ្លុះរឿងទាំងនេះ ហើយទទួលយក និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមដោយងងឹតងងល់ តើនេះមិនធ្វើឱ្យពួកគេក្លាយជាមនុស្សល្ងង់ទេឬ? តើមនុស្សល្ងង់ មិនត្រូវបានគេហៅថាជាមនុស្សចោលម្សៀតទេឬ? ទោះបីជាពាក្យពេចន៍នេះមិនពិរោះស្ដាប់ក៏ដោយ ក៏ខ្ញុំយល់ថាវាស័ក្តិសមណាស់។ ហេតុអ្វីបានជាវាស័ក្តិសម? ពីព្រោះមនុស្សបែបនេះនិយាយដោយមិនទទួលខុសត្រូវ។ ពួកគេចេះតែផ្សព្វផ្សាយពាក្យចចាមអារ៉ាម ទាញសេចក្ដីសន្និដ្ឋានដោយមិនខ្វល់ និងប្រឌិតពាក្យចចាមអារ៉ាមដោយផ្អែកលើបាតុភូតមួយចំនួន ហើយបន្ទាប់មកចេះតែផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះ និងរៀបរាប់យ៉ាងសមហេតុសមផល ហាក់ដូចជាវាជាព្រឹត្តិការណ៍ពិតអ៊ីចឹង ជាលទ្ធផល វាប៉ះពាល់ និងរំខានដល់មនុស្សមួយចំនួន។ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយល់សេចក្ដីពិតឡើយ ពួកគេចំណាយពេលរាល់ថ្ងៃផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងនិយាយរឿងផ្ដេសផ្ដាសនៅក្នុងពួកជំនុំ។ ថ្ងៃនេះ ពួកគេឃើញនរណាម្នាក់ថ្វាយតង្វាយយ៉ាងច្រើន ហើយនិយាយថាម្នាក់នោះអាចត្រូវបានសង្គ្រោះ។ ថ្ងៃស្អែក ពួកគេឃើញនរណាម្នាក់ដែលធ្លាប់ជាប់គុក និងមិនបានក្លាយជាយូដាស ហើយពួកគេនិយាយថា៖ «ម្នាក់នោះមានចិត្តតែមួយនឹងព្រះជាម្ចាស់។ គេអាចចូលទៅក្នុងនគរព្រះ និងមានគោលដៅល្អ។ នៅពេលអនាគត គេនឹងគ្រប់គ្រងទីក្រុងចំនួនម្ភៃនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ចំណែកឯពួកយើងដែលជាអ្នកតូចតាច មិនអាចប្រៀបធៀបនឹងគេបានឡើយ»។ តើនេះមិនមែនជាពាក្យរបស់អារក្សទេឬ? តើទាំងនេះមិនមែនជាពាក្យចចាមអារ៉ាមទេឬ? (មែនហើយ។) ដោយមិនគិតពីបំណងចិត្ត និងគោលបំណងរបស់មនុស្សដែលនិយាយពាក្យពេចន៍ទាំងនេះ តើពាក្យបែបនេះនឹងមិនប៉ះពាល់ និងរំខានដល់មនុស្សមួយចំនួនទេឬ? មនុស្សមួយចំនួនមានសេចក្ដីជំនឿតិចតួច ហើយនៅពេលដែលពួកគេឮពាក្យចចាមអារ៉ាម និងពាក្យរបស់អារក្សទាំងនេះ ពួកគេចាប់ផ្ដើមរិះគិតថា៖ «តើខ្ញុំអាចត្រូវបានសង្គ្រោះដែរឬទេ? តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងខ្ញុំដែរឬទេ?» នៅក្នុងចិត្ត ពួកគេគិតអំពីរឿងទាំងនេះពេញមួយថ្ងៃ ដោយរារែក និងខ្វល់ខ្វាយអំពីរឿងទាំងនេះ។ ដោយសារតែរឿងផ្ដេសផ្ដាសគ្មានមូលដ្ឋានរបស់អស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាម ពួកគេមានអារម្មណ៍ថាពួកគេគ្មានសង្ឃឹមនឹងត្រូវបានសង្គ្រោះឡើយ ដូច្នេះពួកគេមកចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋានថា៖ «ព្រះជាម្ចាស់អើយ តើទ្រង់មិនស្រឡាញ់ទូលបង្គំទេឬ? ទូលបង្គំបានលះបង់យ៉ាងច្រើនដើម្បីទ្រង់។ តើនៅពេលណាទើបទូលបង្គំអាចបំពេញបំណងព្រះហឫទ័យព្រះអង្គបាន?» ពួកគេពោរពេញដោយការត្អូញត្អែរ។ គ្មានរឿងអ្វីកើតឡើងសោះ ដូច្នេះតើការត្អូញត្អែរទាំងនេះមកពីណា? គឺបណ្ដាលមកពីពាក្យចចាមអារ៉ាមទាំងនោះ បុគ្គលទាំងនេះត្រូវបានបំពុល និងបានដួលចុះ។ ពួកគេមិនមានអារម្មណ៍វិប្បដិសារី ឬមានកំហុសចំពោះនិស្ស័យពុករលួយណាមួយដែលពួកគេបញ្ចេញឱ្យឃើញ ឬអំពើរំលងណាមួយដែលពួកគេបានប្រព្រឹត្តឡើយ មិនដែលយំដោយសាររឿងនេះទេ សូម្បីតែទឹកភ្នែកមួយតំណក់ក៏គ្មានផង ប៉ុន្តែនៅពេលដែលពួកគេឮអ្នកប្រឌិតពាក្យចចាមអារ៉ាមនិយាយថា មនុស្សដូចជាពួកគេគ្មានសង្ឃឹមនឹងត្រូវបានសង្គ្រោះ ពួកគេមានអារម្មណ៍ពិបាកចិត្តភ្លាម។ តើពួកគេមិនបានរងផលប៉ះពាល់ទេឬ? ពួកគេបានរងផលប៉ះពាល់ និងត្រូវបានរំខាន។ មនុស្សទាំងនេះមានកម្ពស់មិនទាន់ចាស់ទុំ មិនយល់សេចក្ដីពិត និងល្ងង់ខ្លៅណាស់។ អស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាម យល់ថាមនុស្សបែបនេះងាយនឹងបោកប្រាស់ណាស់ ដូច្នេះក៏ប្រឌិតពាក្យចចាមអារ៉ាមខ្លះដើម្បីបោកបញ្ឆោតពួកគេ។ ថ្ងៃនេះ គេនិយាយថាអ្នកមានសង្ឃឹមនឹងត្រូវបានសង្គ្រោះ ហើយអ្នកក៏សប្បាយចិត្ត ថ្ងៃស្អែក គេនិយាយថាអ្នកគ្មានសង្ឃឹមនឹងត្រូវបានសង្គ្រោះទេ ហើយអ្នកក៏យំ និងមានអារម្មណ៍ពិបាកចិត្ត។ ហេតុអ្វីបានជាអ្នកស្ដាប់ពួកគេ? ហេតុអ្វីបានជាអ្នកតែងតែត្រូវបានពួកគេត្រួតត្រា? តើពួកគេមានសិទ្ធិសម្រេចមែនទេ? យ៉ាងច្រើនបំផុត ពួកគេគ្រាន់តែជាតួត្លុកប៉ុណ្ណោះ។ សូម្បីតែវាសនារបស់ពួកគេក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ដូច្នេះតើពួកគេមានលក្ខណៈសម្បត្តិអ្វី ដើម្បីវាយតម្លៃអ្នកដទៃ? តើពួកគេមានលក្ខណៈសម្បត្តិអ្វី ដើម្បីនិយាយថានរណាអាច និងមិនអាចត្រូវបានសង្គ្រោះ ឬថាមនុស្សប្រភេទណាអាច និងមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍? តើពួកគេយល់សេចក្ដីពិតដែរឬទេ? តើពាក្យពេចន៍មួយណាដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់? គ្មានពាក្យណាមួយរបស់ពួកគេស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះហេតុអ្វីបានជាអ្នកជឿពួកគេ? ហេតុអ្វីបានជាអ្នកត្រូវបានពួកគេរំខាន? តើនេះមិនមែនបណ្ដាលមកពីភាពល្ងង់ខ្លៅទេឬ? (មែនហើយ។) មិនថាដោយសារតែភាពល្ងង់ខ្លៅ និងភាពអវិជ្ជា ឬដោយសារតែកម្ពស់របស់អ្នកនៅតូចពេក ហើយអ្នកមិនយល់ពីសេចក្ដីពិតនោះទេ ទោះជាយ៉ាងណាក៏ដោយ អស់អ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅក្នុងពួកជំនុំ គឺជាមនុស្សដែលគួរឱ្យស្អប់ខ្ពើមបំផុត។ ពួកគេគួរតែត្រូវបានញែកដឹង លាតត្រដាង ហើយបន្ទាប់មកដាក់កំហិត ឬបោសសម្អាតចេញ។
មនុស្សមួយចំនួននិយាយថា៖ «មើលអ្នកនេះអ្នកនោះចុះ មានមុខមាត់ស្រស់ស្អាតសមរម្យ គេក៏ត្រូវបានរើសតាំងឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំ។ អ្នកនេះអ្នកនោះពូកែចុះសម្រុងក្នុងសង្គមណាស់ នរណាឃើញក៏ចូលចិត្តដែរ ក្រោយពីមកជឿព្រះជាម្ចាស់ បងប្អូនប្រុសស្រីក៏ចូលចិត្តគាត់ ហើយព្រះជាម្ចាស់ក៏សព្វព្រះទ័យនឹងគាត់ដែរ»។ តើមានសេចក្ដីថ្លែងត្រឹមត្រូវណាមួយឬទេនៅក្នុងពាក្យពេចន៍ទាំងនេះ? (មិនមានទេ។) ហេតុអ្វីទៅ? (ពួកវាមិនស្របនឹងសេចក្ដីពិតឡើយ។) ត្រឹមត្រូវហើយ ពាក្យពេចន៍ទាំងនេះមិនស្របនឹងសេចក្ដីពិតទេ ទាំងនេះសុទ្ធតែជាពាក្យរបស់អារក្ស។ អ្នកខ្លះនិយាយថា៖ «គ្រួសាររបស់អ្នកនេះអ្នកនោះ មានបាន ជីវភាពធូរធារ ហើយពួកគេមានចំណេះដឹង។ ដូច្នេះ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេចាត់ចែងកិច្ចការហិរញ្ញវត្ថុ និងកិច្ចការទូទៅ។ ពួកគេមានប្រយោជន៍ និងអាចទទួលបន្ទុកភារកិច្ចនេះបាន។ នេះគឺជាការគ្រោងទុករបស់ព្រះជាម្ចាស់»។ តើការបន្ថែមពាក្យ «ការគ្រោងទុករបស់ព្រះជាម្ចាស់» ធ្វើឱ្យសេចក្ដីថ្លែងនេះស្របនឹងសេចក្ដីពិតដែរឬទេ? តើនេះមិនមែនជាពាក្យរបស់អារក្សទេឬ? ពាក្យរបស់អារក្សបែបនេះ ត្រូវបានហៅជារួមថាជាពាក្យចចាមអារ៉ាម។ រាល់សេចក្ដីថ្លែងដែលមិនទទួលខុសត្រូវ ដែលមិនស្របនឹងការពិត ដែលផ្ទុយនឹងការពិតដែលព្រះជាម្ចាស់បានគ្រោងទុក គឺជាពាក្យពេចន៍ផ្ដេសផ្ដាស និងជាការសន្និដ្ឋានតាមតែអំពើចិត្ត សេចក្ដីថ្លែងបែបនេះសុទ្ធតែជាពាក្យចចាមអារ៉ាម។ ហេតុអ្វីបានជាកំណត់លក្ខណៈពាក្យទាំងនេះថាជាពាក្យចចាមអារ៉ាម? ពីព្រោះសេចក្ដីថ្លែងទាំងនេះ នៅពេលដែលត្រូវបានបញ្ចេញមក នឹងរំខាន និងបំផ្លាញចិត្តគំនិត និងគោលដៅនៃការដេញតាមជាប្រក្រតីរបស់មនុស្សមួយចំនួន ដូច្នេះហើយទើបពាក្យទាំងនេះត្រូវបានកំណត់លក្ខណៈថាជាពាក្យចចាមអារ៉ាម។ យោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលថា ទីកន្លែងកំណើត ប្រវត្តិគ្រួសារ រូបរាងកាយ កម្រិតវប្បធម៌ និងអ្វីៗផ្សេងទៀតរបស់មនុស្ស ត្រូវបានព្រះជាម្ចាស់គ្រោងទុកប៉ុណ្ណោះ ទ្រង់មិនដែលមានព្រះបន្ទូលប្រាប់មនុស្សថា រូបរាងកាយ ប្រវត្តិសង្គម ឬលក្ខខណ្ឌពីកំណើតរបស់មនុស្សប្រភេទណាមួយ គឺជាលក្ខខណ្ឌសម្រាប់ការទទួលបានព្រះពរនោះឡើយ។ ស្ដង់ដាតែមួយគត់ដែលព្រះជាម្ចាស់តម្រូវពីមនុស្ស គឺពួកគេត្រូវតែអាចដេញតាមសេចក្ដីពិត និងសម្រេចបាននូវការចុះចូលនឹងព្រះជាម្ចាស់។ នេះគឺជាអ្វីដែលសំខាន់បំផុត។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានថ្លែងអំពីអ្វីមួយឱ្យច្បាស់លាស់ទេ ហើយវាគ្រាន់តែជាលទ្ធផលនៃការស្រមើស្រមៃតាមអត្តនោម័តិរបស់មនុស្ស ឬការស្មានរបស់ពួកគេប៉ុណ្ណោះ សេចក្ដីថ្លែងបែបនេះក៏ត្រូវបានចាត់ទុកថាជាពាក្យចចាមអារ៉ាមដែរ។ មនុស្សតែងតែចង់ជំនុំជម្រះថាតើនរណាម្នាក់អាចទទួលបានព្រះពរដែរឬទេ តាមរយៈការអង្កេត និងការយល់ដឹងរបស់ពួកគេ ហើយបន្ថែមលើនេះ គឺផ្អែកលើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ទាប់មក ពួកគេបញ្ចេញភាពខុសទំនងទាំងនេះ ដើម្បីជះឥទ្ធិពលដល់ការដេញតាមសេចក្ដីពិតរបស់អ្នកដទៃ ដោយសម្រេចចិត្តតាមតែអំពើចិត្តថា នរណាអាចត្រូវបានសង្គ្រោះ និងនរណាមិនអាច នរណាជារាស្ដ្ររបស់ព្រះជាម្ចាស់ និងនរណាជាអ្នកធ្វើការដោយកម្លាំង។ ទាំងនេះសុទ្ធតែជាពាក្យចចាមអារ៉ាម។ ចំពោះពាក្យចចាមអារ៉ាម យើងក៏អាចហៅពាក្យទាំងនេះថាជាពាក្យរបស់អារក្សបានដែរ។ មិនថាមានពាក្យចចាមអារ៉ាម ឬពាក្យរបស់អារក្សប្រភេទណាលេចឡើងនោះទេ អ្នកដឹកនាំពួកជំនុំគួរតែចេញមុខជាបន្ទាន់ដើម្បីបញ្ឈប់ និងដាក់កំហិតពាក្យទាំងនោះ។ ជាការពិតណាស់ ប្រសិនបើបងប្អូនប្រុសស្រីណាម្នាក់មានការញែកដឹង ពួកគេក៏គួរតែចេញមុខដើម្បីវែកញែក និងញែកដឹងថាតើពាក្យចចាមអារ៉ាមទាំងនោះមកពីណា និងមានធម្មជាតិបែបណាដែរ។ នៅពេលដែលបងប្អូនប្រុសស្រីទាំងនេះទទួលបានការយល់ដឹងអំពីរឿងទាំងនេះ ពួកគេអាចក្រោកឈរឡើងដើម្បីបដិសេធ និងតវ៉ានឹងពាក្យចចាមអារ៉ាមទាំងនេះ ហើយថែមទាំងដាក់កំហិតលើអស់អ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនោះ ដោយរួមគ្នាប្រឆាំងនឹងពួកគេ។ តើពួកគេគួរធ្វើបែបនេះដោយរបៀបណា? ដោយការស្តីបន្ទោសអ្នកទាំងនោះជាសាធារណៈនៅចំពោះមុខមនុស្សគ្រប់គ្នាថា៖ «អ្វីដែលអ្នកកំពុងនិយាយ សុទ្ធតែជាពាក្យចចាមអារ៉ាម និងជាពាក្យរបស់អារក្ស វាមិនស្របនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយក៏មិនស្របនឹងសេចក្ដីត្រូវការរបស់យើងដែរ។ ប្រសិនបើអ្នកបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាម ទោះបីជាមានការដាស់តឿនយ៉ាងណាក្ដី យើងនឹងបោសសម្អាតអ្នកចេញ ដោយមិនទុកឱកាសឱ្យអ្នកប្រឌិតពាក្យចចាមអារ៉ាម និងបង្កការរំខាននៅក្នុងពួកជំនុំឡើយ!» តើការអនុវត្តបែបនេះយ៉ាងម៉េចដែរ? (ជាការល្អ។) ការធ្វើបែបនេះ គឺស្របនឹងគោលការណ៍សេចក្ដីពិត។ ប្រសិនបើអ្នកប្រកបគ្នាអំពីការយល់ដឹងតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នក ដោយនិយាយរឿងដែលធ្វើឱ្យមនុស្សស្អាងឡើង នោះមិនថាអ្នកនិយាយបែបណាក៏មិនអីដែរ។ អ្នកអាចប្រើពាក្យពេចន៍អ្វីក៏បានដែលអ្នកចូលចិត្ត មិនថាជាភាសាផ្លូវការ ឬភាសានិយាយនោះទេ គឺសុទ្ធតែអាចធ្វើបានទាំងអស់។ រឿងតែមួយគត់ដែលអ្នកមិនអាចធ្វើបាន គឺការផ្សព្វផ្សាយពាក្យចចាមអារ៉ាម។
ង. គ្រោះថ្នាក់ដែលបង្កឡើងដោយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន
ពាក្យចចាមអារ៉ាមដែលត្រូវបានផ្សព្វផ្សាយនៅក្នុងពួកជំនុំ មិនមែនគ្រាន់តែអំពីការបដិសេធព្រះជាម្ចាស់ ឬការជំនុំជម្រះកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ គឺនៅមានពាក្យចចាមអារ៉ាមប្រភេទផ្សេងទៀតដែរ។ ពាក្យចចាមអារ៉ាមទាំងនេះចាំបាច់ត្រូវញែកឱ្យដឹង និងវែកញែក ហើយពួកវាក៏គួរតែត្រូវបានបញ្ឈប់ និងដាក់កំហិតផងដែរ។ សរុបមក ពាក្យចចាមអារ៉ាមពិតជាគ្មានអ្វីល្អនោះទេ វាមិននាំមកនូវផលប្រយោជន៍អ្វីដល់មនុស្សឡើយ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំចង់ស្ដាប់ពាក្យចចាមអារ៉ាម ដើម្បីមើលថាតើគេនិយាយអ្វីខ្លះ ដើម្បីទទួលបានការញែកដឹង និងប្រាជ្ញាពីពាក្យទាំងនោះ»។ ប្រសិនបើអ្នកពិតជាមានសមត្ថភាពក្នុងការញែកដឹងខ្លះមែន ហើយមិនខ្លាចត្រូវបានរំខានដោយពាក្យចចាមអារ៉ាមទេនោះ អ្នកអាចស្ដាប់បាន ប៉ុន្តែតើនឹងមានផលវិបាកអ្វីខ្លះ? ប្រសិនបើអ្នកក្លាយជាច្របូកច្របល់ ហើយចាប់ផ្ដើមសង្ស័យលើព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ នោះគឺជាគ្រោះថ្នាក់ហើយ នេះមានន័យថា អ្នកត្រូវបានបំភាន់ហើយ។ ប្រសិនបើអ្នកមិនអាចញែកដឹង ហើយបែរជាត្រូវបានបំភាន់ទៅវិញ តើនេះមិនមែនជារឿងនាំទុក្ខទេឬ? តើអ្នកមានកម្ពស់នោះដែរឬទេ? អ្នកគិតថាអ្នកមានសេចក្ដីជំនឿ ប៉ុន្តែតើអ្នកយល់សេចក្ដីពិតដែរឬទេ? ប្រសិនបើអ្នកមិនយល់សេចក្ដីពិតទេ សេចក្ដីជំនឿរបស់អ្នកមិនពិតប្រាកដឡើយ ហើយអ្នកនឹងនៅតែត្រូវបានបំភាន់ដដែល។ ប្រសិនបើអ្នកយល់សេចក្ដីពិតខ្លះ មានចំណេះដឹងពិតប្រាកដខ្លះអំពីព្រះជាម្ចាស់ ហើយអាចញែកដឹង និងទាស់ទទឹងនឹងពាក្យចចាមអារ៉ាមទាំងនេះបាន នោះអ្នកអាចទទួលបានប្រាជ្ញាពីការស្ដាប់ពាក្យទាំងនោះ។ ប្រសិនបើអ្នកគិតថា អ្នកគ្រាន់តែមានសេចក្ដីជំនឿ ប៉ុន្តែតាមពិតទៅ សេចក្ដីជំនឿនេះមិនទាន់ជាកម្ពស់ពិតប្រាកដនៅឡើយ ហើយអ្នកមិនទាន់យល់សេចក្ដីពិតទេ នោះខ្ញុំសូមនិយាយថា វានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការទទួលបានការញែកដឹង និងប្រាជ្ញាពីពាក្យចចាមអារ៉ាមយ៉ាងពិតប្រាកដ។ តើពាក្យចចាមអារ៉ាមមកពីណា? ពួកវាមកពីសាតាំង។ សាតាំងឆ្លៀតឱកាសគ្រប់ចន្លោះប្រហោង និងចាប់យកគ្រប់ឱកាសដើម្បីចាប់កំហុសឃ្លានានាដែលប្រើនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងរកអ្វីមួយដែលវាអាចប្រើជាលេសនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីបរិបទ។ វាហាក់ដូចជាមានមូលដ្ឋាន ប៉ុន្តែតាមពិតទៅ ការណ៍នេះត្រូវបានធ្វើឡើងក្រៅបរិបទ ដើម្បីបំភាន់មនុស្ស។ បន្ទាប់ពីបានឮពាក្យចចាមអារ៉ាមទាំងនេះហើយ អស់អ្នកដែលមិនយល់សេចក្ដីពិត គិតក្នុងចិត្តថា៖ «អ្វីដែលពួកគេនិយាយ គឺមានមូលដ្ឋាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគួរតែត្រឹមត្រូវ។ វាមិនអាចជាពាក្យចចាមអារ៉ាមទេ មែនទេ?» ជាលទ្ធផល ពួកគេត្រូវបានបំភាន់។ ពាក្យចចាមអារ៉ាមខ្លះ គឺច្បាស់ក្រឡែត និងងាយស្រួលញែកដឹង។ ទោះជាយ៉ាងណាក៏ដោយ ពាក្យចចាមអារ៉ាមខ្លះពិបាកនឹងញែកដឹងណាស់ មើលពីខាងក្រៅ ពួកវាហាក់ដូចជាស្របនឹងការពិត ប៉ុន្តែសារជាតិរបស់ពួកវាមិនមែនដូច្នោះទេ។ ចូរកុំគិតថា ដោយសារតែពាក្យចចាមអារ៉ាមទាំងនេះ ស្របតាមន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់តែសំបកក្រៅ នោះពួកវាត្រឹមត្រូវឱ្យសោះ។ តាមពិតទៅ សេចក្ដីថ្លែងទាំងនេះជាច្រើន គឺជាទ្រឹស្ដីទទេសូន្យ ជាអន្ទាក់ ហើយពួកវាមិននាំមកនូវការស្អាងចិត្ត ឬផលប្រយោជន៍ដល់មនុស្សឡើយ។ សេចក្ដីថ្លែងទាំងនេះ គួរតែត្រូវបានបដិសេធចោលទាំងអស់។ ដោយសារកម្រិតដែលមនុស្សយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពខុសៗគ្នា ហើយបរិបទដែលព្រះជាម្ចាស់មានព្រះបន្ទូលក៏ខុសគ្នាដែរ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងបកស្រាយទាំងងងឹតងងល់ គឺជាអ្វីដែលងាយនឹងបង្កឱ្យមានកំហុសឆ្គងបំផុត។ សាតាំងតែងតែបំភាន់មនុស្ស ដោយដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីបរិបទ និងបកស្រាយខុស។ រាល់ការថ្កោលទោសណាមួយមកលើកិច្ចការរបស់ព្រះជាម្ចាស់ ដោយផ្អែកលើព្រះគម្ពីរ ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាល្បិចកលរបស់សាតាំង ជាមធ្យោបាយរបស់វាក្នុងការបំភាន់មនុស្ស ពួកវាគឺជាអន្ទាក់ ហើយសេចក្ដីថ្លែងបែបនេះ គួរតែត្រូវបានបដិសេធចោលទាំងអស់។ មើលពីសំបកក្រៅ ពាក្យចចាមអារ៉ាមគ្រាន់តែជាពាក្យសម្ដីមួយម៉ាត់ ឬពីរម៉ាត់ ឬក៏ប៉ុន្មានម៉ាត់ប៉ុណ្ណោះ ពួកវាមិនគួរឱ្យខ្លាចនោះទេ ហើយគ្មានអ្វីដែលត្រូវខ្លាចសោះឡើយ។ អ្វីដែលគួរឱ្យភ័យខ្លាចនោះ គឺពាក្យចចាមអារ៉ាមដែលទាញសេចក្ដីសន្និដ្ឋានដោយផ្អែកលើព្រះគម្ពីរ ឬសេចក្ដីពិតដែលត្រូវបានដកស្រង់ចេញពីបរិបទ។ នេះគឺជាអ្វីដែលអាចបំភាន់មនុស្សបានខ្លាំងបំផុត វាគឺជាអ្វីដែលរំខានដល់ចិត្តគំនិតរបស់មនុស្សខ្លាំងបំផុត។ វានឹងធ្វើឱ្យមនុស្សដែលគ្មានការញែកដឹង ជំពប់ដួល។ មានតែអស់អ្នកដែលយល់សេចក្ដីពិតប៉ុណ្ណោះ ទើបអាចញែកដឹងពាក្យរបស់អារក្សដែលបំភាន់បែបនេះបាន។ ឧទាហរណ៍៖ មនុស្សមួយចំនួនស្វែងរកព្រះបន្ទូលខ្លះៗរបស់ព្រះជាម្ចាស់ ដើម្បីប្រើជាមូលដ្ឋានក្នុងការនិយាយថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សប្រភេទនេះ និងមិនស្រឡាញ់មនុស្សប្រភេទនោះ ថាព្រះជាម្ចាស់សង្គ្រោះមនុស្សប្រភេទនេះ និងមិនសង្គ្រោះមនុស្សប្រភេទនោះ ថាមនុស្សប្រភេទនេះត្រូវបានព្រះជាម្ចាស់ជម្រុះចោល ហើយមនុស្សប្រភេទនោះគ្មានន័យអ្វីចំពោះព្រះជាម្ចាស់ឡើយ និងអ្វីៗផ្សេងទៀត។ តើសេចក្ដីថ្លែងទាំងនេះ មិនមែនជាសេចក្ដីសន្និដ្ឋានទេឬ? តាមពិតទៅ សេចក្ដីសន្និដ្ឋានទាំងនេះ មិនស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មូលដ្ឋានដែលពួកគេរកឃើញ តាមពិតគឺត្រូវបានដកស្រង់ចេញពីបរិបទ ពួកវាស្ថិតនៅក្នុងបរិបទផ្សេងគ្នា ហើយពួកវាជាសេចក្ដីថ្លែងផ្សេងគ្នា។ នេះគឺជាការបកស្រាយខុសទាំងស្រុង។ ពួកគេមើលមិនធ្លុះដល់សារជាតិទេ ហើយពួកគេអនុវត្តបទប្បញ្ញត្តិតាមតែអំពើចិត្ត។ ប៉ុន្តែ អស់អ្នកដែលគ្មានការញែកដឹង ត្រូវបានបំពុល និងបំភាន់ បន្ទាប់ពីបានឮសេចក្ដីខុសទំនងទាំងនេះ ដោយក្លាយជាអវិជ្ជមាននៅក្នុងចិត្ត ព្រោះគិតថា ដោយសារតែអ្វីដែលបាននិយាយនោះផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវាច្បាស់ជាត្រឹមត្រូវហើយ។ ពួកគេមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានហ្មត់ចត់នៅពេលក្រោយ ដើម្បីស្វែងរកចំណុចខ្វះខាតនៅក្នុងភាពខុសទំនងទាំងនេះទេ ផ្ទុយទៅវិញ ពួកគេជឿជាក់ទាំងស្រុងថា វាជាការពិត។ តើពួកគេមិនកំពុងត្រូវបានបំភាន់ទេឬ? ប្រសិនបើគ្មាននរណាម្នាក់ដែលយល់សេចក្ដីពិត ប្រកបគ្នាជាមួយពួកគេទេ នោះវាគ្រោះថ្នាក់ខ្លាំងណាស់។ យ៉ាងហោចណាស់ មនុស្សទាំងនេះអាចក្លាយជាអវិជ្ជមានរយៈពេលប្រាំមួយខែ ទៅមួយឆ្នាំ វាមិនត្រឹមតែពន្យារពេលការចូលទៅក្នុងជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើពួកគេដកខ្លួនថយ និងឈប់ជឿ នោះពួកគេនឹងត្រូវវិនាសទាំងស្រុង ហើយបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទាំងស្រុង។ ហេតុដូច្នេះហើយ មនុស្សដែលមានកម្ពស់តូចទាប ដែលមិនយល់សេចក្ដីពិត ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការត្រូវបានសាតាំងបំភាន់! មានតែអស់អ្នកដែលយល់សេចក្ដីពិតប៉ុណ្ណោះ ទើបមានសុវត្ថិភាព និងស្ថិរភាព។ ប្រសិនបើថ្ងៃណាមួយ អ្នកពិតជាជួបប្រទះនរណាម្នាក់ដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមដើម្បីបំភាន់មនុស្សមែននោះ វិធីដែលមានប្រសិទ្ធភាពបំផុត គឺត្រូវប្រញាប់ស្វែងរកនរណាម្នាក់ដែលយល់សេចក្ដីពិត ដើម្បីប្រកបគ្នាជាមួយ នោះទើបអ្នកអាចត្រូវបានសង្គ្រោះពីស្ថានភាពនេះបាន។ ការស្វែងរកជំនួយពីអ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ ដែលអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ នឹងមិនត្រឹមតែដោះស្រាយបញ្ហាមិនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបំភាន់អ្នកកាន់តែខ្លាំងទៀតផង។ ដូច្នេះ ការត្រូវបានបំភាន់ មិនមែនជារឿងដែលកើតឡើងតែនៅក្នុងសាសនាប៉ុណ្ណោះទេ សូម្បីតែអ្នកជឿលើព្រះជាម្ចាស់ និងរស់នៅក្នុងជីវិតពួកជំនុំក៏ដោយ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិតទេ អ្នកនៅតែអាចត្រូវបានបំភាន់យ៉ាងងាយដដែល។ ទោះបីជាអ្នកបានជឿអស់រយៈពេលបីទៅប្រាំឆ្នាំ ឬប្រាំពីរទៅប្រាំបីឆ្នាំក៏ដោយ ប្រសិនបើអ្នកមិនទាន់ទទួលបានសេចក្ដីពិតទេ នោះអ្នកនៅតែប្រឈមនឹងហានិភ័យនៃការត្រូវបានបំភាន់ដដែល ជាពិសេស អស់អ្នកដែលឧស្សាហ៍មានសញ្ញាណ និងឧស្សាហ៍មានភាពអវិជ្ជមាន ងាយនឹងត្រូវបានបំភាន់បំផុត ហើយអាចក្បត់ព្រះជាម្ចាស់បានគ្រប់ពេលវេលា។ ដ្បិតសាតាំងដើររាតត្បាតនៅលើផែនដី ដូចជាសត្វតោដែលគ្រហឹម ដើម្បីស្វែងរកមនុស្សលេបត្របាក់ នេះគឺជាការពិត។ តើសាតាំងនេះជានរណា? វាគឺអស់អ្នកដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិត រួមទាំងពួកទទឹងនឹងព្រះគ្រីស្ទ ពួកអ្នកដឹកនាំក្លែងក្លាយ មនុស្សដែលខុសទំនងទាំងនោះ និងអស់អ្នកដែលបំភាន់អ្នកដទៃ ពួកគេសុទ្ធតែជាពួកសាតាំង។ មនុស្សទាំងនេះដើររាតត្បាតគ្រប់ទីកន្លែង ដោយបំភាន់ និងរំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅគ្រប់កន្លែងដែលពួកគេទៅ ដូច្នេះពួកគេសុទ្ធតែជាពួកអារក្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គួរតែមានការប្រុងប្រយ័ត្នជាពិសេស ដើម្បីធានាថាពួកគេមិនត្រូវបានបំភាន់ និងអាចឈរយ៉ាងរឹងមាំបាន។
ជាការពិតដែលមិនអាចប្រកែកបានឡើយថា នៅក្នុងពួកជំនុំ អ្នកជឿថ្មីខ្លះ ឬអស់អ្នកដែលមានគុណសម្បត្តិអន់ខ្លាំង ដែលគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែងតែត្រូវបានបំភាន់ រងឥទ្ធិពល និងត្រូវបានរំខានដោយពាក្យចចាមអារ៉ាមផ្សេងៗ។ អស់អ្នកដែលបង្កើតពាក្យចចាមអារ៉ាម អាចធ្វើឱ្យមនុស្សមួយក្រុមជំពប់ដួលយ៉ាងងាយ ដោយគ្រាន់តែប្រើសេចក្ដីសន្និដ្ឋានសាមញ្ញមួយប៉ុណ្ណោះ។ ពាក្យពេចន៍ និងសេចក្ដីថ្លែងដែលពួកគេនិយាយចេញមកដោយមិនបានគិត អាចធ្វើឱ្យមនុស្សមួយចំនួនក្លាយជាអវិជ្ជមាន ទន់ខ្សោយ និងគ្មានឆន្ទៈបំពេញភារកិច្ចរបស់ខ្លួន។ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់ហៅ មនុស្សទាំងនេះពេញទៅដោយភាពភ័យខ្លាច ដោយរកហេតុផល និងលេសផ្សេងៗដើម្បីបដិសេធ និងគេចវេះ។ ច្បាស់ណាស់ តើអស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាមទាំងនោះ បំពេញតួនាទីអ្វីនៅក្នុងពួកជំនុំ? ពួកគេដើរតួជាអ្នកបម្រើសាតាំង ដោយគ្មានមន្ទិលសង្ស័យឡើយ។ ឧទាហរណ៍៖ មនុស្សមួយចំនួននិយាយថា៖ «អ្នកត្រូវមានផ្លូវក្រោយ នៅពេលបំពេញភារកិច្ចរបស់អ្នក។ ដំណាក់របស់ព្រះជាម្ចាស់ហៅអ្នកឱ្យបំពេញភារកិច្ច ហើយប្រសិនបើអ្នកធ្វើវាមិនបានល្អទេ ដំណាក់របស់ព្រះជាម្ចាស់អាចនឹងឈប់ប្រើអ្នកគ្រប់ពេល។ នៅពេលនោះ ប្រសិនបើអ្នកត្រឡប់ទៅផ្ទះវិញ អ្នកនឹងពិបាករស់នៅមិនខាន។ គ្មាននរណាម្នាក់នឹងជួយផ្គត់ផ្គង់អ្នកទេនៅពេលនោះ!» តើពាក្យនេះស្ដាប់ទៅ «កក់ក្ដៅ» ដែរឬទេ? វាស្របតាមមនោសញ្ចេតនារបស់មនុស្ស ហើយស្ដាប់ទៅហាក់ដូចជាពោរពេញដោយក្ដីស្រឡាញ់ និងការគិតគូរណាស់ ប៉ុន្តែតើអ្នកកត់សម្គាល់ឃើញមានការគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងពាក្យពេចន៍ទាំងនេះដែរឬទេ? តើពួកគេផ្ដល់ការគាំទ្រ ការផ្គត់ផ្គង់ ជំនួយ ឬការលើកទឹកចិត្តណាមួយដល់មនុស្សដែរឬទេ? (មិនផ្ដល់ឱ្យទេ។) ការប្រាប់មនុស្សឱ្យត្រៀមផ្លូវក្រោយ តើនេះមិនមែនជាការទាញពួកគេត្រឡប់ក្រោយទេឬ? តើពួកគេមានន័យយ៉ាងណាចំពោះរឿងនេះ? «អ្នកត្រូវប្រយ័ត្នប្រយែង ព្រះជាម្ចាស់អាចនឹងប្រែជាទាស់នឹងអ្នក!» នេះគឺជាថ្នាំពុលដែលពួកគេបញ្ជ្រាបចូលទៅក្នុងមនុស្ស។ បន្ទាប់ពីបានឮបែបនេះហើយ មនុស្សគិតថា៖ «ត្រូវហើយ ហេតុអ្វីបានជាខ្ញុំល្ងង់ម្ល៉េះ? ខ្ញុំស្ទើរតែលក់ផ្ទះរបស់ខ្ញុំទៅហើយ ប្រសិនបើខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ហើយត្រូវបានដកហូតតំណែងនោះ ខ្ញុំនឹងគ្មានសូម្បីតែផ្ទះដើម្បីត្រឡប់ទៅវិញឡើយ។ សំណាងហើយ ដែលពួកគេបានរំលឹកខ្ញុំ បើមិនដូច្នោះទេ ខ្ញុំមុខជាបានធ្វើរឿងល្ងង់ខ្លៅមិនខាន»។ ជាការរំលឹកដ៏ «ចិត្តល្អ» ណាស់ ប៉ុន្តែមានថ្នាំពុលច្រើនណាស់នៅក្នុងនោះ ហើយវាចាក់ឫសយ៉ាងជ្រៅ! តើអ្នករាល់គ្នាធ្លាប់ឮពាក្យចចាមអារ៉ាមបែបនេះដែរឬទេ? ពាក្យទាំងនោះស្ដាប់ទៅហាក់ដូចជាពួកគេល្អចំពោះមនុស្សណាស់ ចេះគិតគូរណាស់ ប្រកបដោយ «ក្ដីស្រឡាញ់» ដ៏អស្ចារ្យ។ មនុស្សទាំងនេះមិនមែនជាសាច់ញាតិ ក៏មិនមែនជាមិត្តភក្តិជាមួយអស់អ្នកដែលពួកគេនិយាយជាមួយនោះដែរ ពួកគេគ្មានជាប់សាច់ឈាមនឹងគ្នាឡើយ គឺដោយសារតែពួកគេសុទ្ធតែជឿលើព្រះជាម្ចាស់ ទើបមនុស្សទាំងនេះអាចមាន «ក្ដីស្រឡាញ់» ដ៏អស្ចារ្យបែបនេះចំពោះអស់អ្នកដែលពួកគេនិយាយជាមួយ។ មនុស្សគិតថា៖ «នេះពិតជាការការពាររបស់ព្រះជាម្ចាស់មែន! អ៊ីចឹង ខ្ញុំគួរតែគិតគូរឱ្យបានល្អិតល្អន់សិន។ ប្រសិនបើខ្ញុំតែងតែធ្វើឱ្យរួចពីដៃ នៅពេលខ្ញុំទៅបំពេញភារកិច្ច តើខ្ញុំនឹងធ្វើដូចម្ដេច ប្រសិនបើខ្ញុំត្រូវបាដកចេញនោះ? ដូច្នេះ នៅពេលខ្ញុំបំពេញភារកិច្ច ខ្ញុំត្រូវប្រយ័ត្នប្រយែង ខ្ញុំគួរតែធ្វើកិច្ចការដែលធ្វើឱ្យខ្ញុំមើលទៅល្អឱ្យបានច្រើន ជៀសវាងកុំឱ្យមានកំហុស ហើយទោះបីជាខ្ញុំប្រព្រឹត្តកំហុសក៏ដោយ ក៏ខ្ញុំមិនអាចឱ្យអ្នកដទៃដឹងបានដែរ។ ធ្វើបែបនេះ ខ្ញុំនឹងមិនត្រូវបានគេដកចេញទេ មែនទេ? ទោះបីជាខ្ញុំត្រូវបានដកចេញមែន ក៏មិនអីដែរ ខ្ញុំមានផ្លូវក្រោយ ខ្ញុំមានប្រាក់សន្សំ ហើយផ្ទះរបស់ខ្ញុំក៏នៅទីនោះដែរ។ តើមិនមែនមកពីព្រះជាម្ចាស់មិនព្រះតម្រិះពីអារម្មណ៍របស់មនុស្ស និងមិនធ្វើតាមមនោសញ្ចេតនាខាងសាច់ឈាមទេឬ? ទោះជាយ៉ាងណាក៏ដោយ តើមានអ្វីត្រូវខ្លាច? មនុស្សធ្វើតាមមនោសញ្ចេតនារបស់ពួកគេ មានក្ដីស្រឡាញ់នៅគ្រប់ទីកន្លែងនៅក្នុងពិភពមនុស្ស!» សេចក្ដីថ្លែងដ៏ «កក់ក្ដៅ» មួយឃ្លានេះ បង្កើត «មិត្តភាព» ក្នុងចំណោមមនុស្ស ប៉ុន្តែតើវាទុកព្រះជាម្ចាស់នៅឯណា? វាធ្វើឱ្យព្រះជាម្ចាស់ក្លាយជាអាទិភាពទីបី ឬទីបួន វាធ្វើឱ្យទ្រង់ក្លាយជាអ្នកក្រៅ ហាក់ដូចជាព្រះជាម្ចាស់មិនសមឱ្យទុកចិត្ត ហើយមានតែមនុស្សទេដែលសមឱ្យទុកចិត្ត មានតែមនុស្សទេដែលចេះគិតគូរពីអ្នកដទៃ។ សេចក្ដីថ្លែងមួយឃ្លានេះ បង្កើតជាឥទ្ធិពលយ៉ាងខ្លាំង វាពិតជា «ទាន់ពេលវេលា» ណាស់! តើអ្នករាល់គ្នាចូលចិត្តស្ដាប់ពាក្យពេចន៍បែបនេះដែរឬទេ? ទោះបីជាអ្នកដឹងថា មានគំនិតអាក្រក់លាក់នៅក្នុងពាក្យពេចន៍របស់ពួកគេក៏ដោយ ក៏អ្នកនៅតែសង្ឃឹមថា មាននរណាម្នាក់អាចផ្ដល់តម្រុយដល់អ្នក អាចជួយអ្នក អាចផ្ដល់ការព្រមានដល់អ្នក ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់ នៅពេលដែលអ្នកមិនដឹងថាមានអ្វីនៅខាងមុខ អាចនិយាយពាក្យពេចន៍ចេញពីចិត្តទៅកាន់អ្នក។ សេចក្ដីថ្លែងនេះពិតជា «ចាំបាច់» ណាស់ ពិតជា «សំខាន់» ណាស់! តើនេះមិនមែនជាការជឿតាមពាក្យពេចន៍របស់ពួកគេទាំងស្រុងទេឬ? ពាក្យសម្ដី «ដែលមិនបានគិត» របស់អ្នកប្រឌិតពាក្យចចាមអារ៉ាមនេះ បានទិញទឹកចិត្តមនុស្ស ហើយក្បត់ព្រះជាម្ចាស់។ តើទង្វើនេះយ៉ាងម៉េចដែរ? តើវាសមរម្យដែរឬទេ? (មិនសមរម្យទេ។) តើអ្នករាល់គ្នានិយាយថា នេះជាមនុស្សប្រភេទណាទៅ? នៅក្នុងភ្នែករបស់មនុស្ស ពួកគេគឺជាមនុស្សល្អ ជាមនុស្សចិត្តល្អ ប៉ុន្តែនៅក្នុងភ្នែករបស់អស់អ្នកដែលយល់សេចក្ដីពិត មនុស្សនេះគឺជាមនុស្សវង្វេងវង្វាន់។ បើជំនុំជម្រះតាមទង្វើ និងឥរិយាបថរបស់ពួកគេ ពួកគេដើរតួជាអ្នកបម្រើសាតាំងទាំងស្រុង ពួកគេគឺជាអារក្សសុទ្ធសាធ! តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) វាត្រឹមត្រូវខ្លាំងណាស់! វាមិនខុសសូម្បីបន្តិចឡើយ។ ពួកគេទាញមនុស្សគ្រប់គ្នាឱ្យចូលទៅក្នុងការប្រយ័ត្នប្រយែងចំពោះព្រះជាម្ចាស់ ប្រឆាំងនឹងព្រះជាម្ចាស់ ហើយពួកគេមិននិយាយពាក្យពេចន៍មួយម៉ាត់ណាដែលអាចស្អាងចិត្តមនុស្សបានឡើយ។ ហេតុអ្វីបានជាពួកគេមិននិយាយ? ពីព្រោះដួងចិត្តរបស់ពួកគេពេញទៅដោយភាពប្រទូសរ៉ាយ និងសេចក្ដីស្អប់ចំពោះព្រះជាម្ចាស់ សារជាតិធម្មជាតិរបស់ពួកគេ គឺជាសារជាតិរបស់សាតាំង ហើយពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ និងឈរនៅខាងប្រឆាំងនឹងទ្រង់ពីកំណើត។ មនុស្សមួយចំនួននិយាយថា៖ «ពួកគេឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់ពីកំណើត ដូច្នេះហេតុអ្វីបានជាពួកគេនៅតែដើរតាមព្រះជាម្ចាស់?» គឺដើម្បីទទួលបានព្រះពរ! ពួកគេចង់បានលទ្ធផលនៃព្រះពរពីដំណាក់របស់ព្រះជាម្ចាស់ដោយប្រើល្បិច ប៉ុន្តែពួកគេមិនចង់លះបង់ ឬដេញតាមសេចក្ដីពិតឡើយ។ ពួកគេក៏ចង់ធ្វើឱ្យខូចខាតដល់កិច្ចការរបស់ព្រះជាម្ចាស់ រំខានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងធ្វើឱ្យពួកគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយក្បត់ព្រះជាម្ចាស់ដែរ។ មនុស្សបែបនេះ គឺជាអារក្សសុទ្ធសាធ ដោយគ្មានមន្ទិលសង្ស័យឡើយ។ ប៉ុន្តែមនុស្សល្ងីល្ងើខ្លះ តែងតែមើលមិនធ្លុះ និងមិនស្គាល់មុខមាត់ជាអារក្សរបស់មនុស្សបែបនេះទេ។ ពួកគេអាចទទួលយកពាក្យរបស់អារក្សទាំងអស់ ដែលស្របតាមសញ្ញាណរបស់មនុស្ស និងតម្រូវការនៃមនោសញ្ចេតនាខាងសាច់ឈាម ដែលមនុស្សទាំងនេះនិយាយ។ នៅក្រោមការបំភាន់របស់មនុស្សទាំងនេះ ពួកគេអាចក្បត់ និងបដិសេធព្រះជាម្ចាស់គ្រប់ពេលវេលា ទោះបីជាពួកគេមិនចង់បដិសេធទ្រង់ក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានដែរ។ សាតាំង ពួកអារក្ស និងពួកអ្នកបម្រើសាតាំង ពិតជាពិសពុល និងបោកបញ្ឆោតខ្លាំងណាស់! ខ្លួនពួកគេផ្ទាល់ទាស់ទទឹងនឹងព្រះជាម្ចាស់ និងឈរនៅខាងប្រឆាំងនឹងទ្រង់ ពួកគេស្អប់ខ្ពើមសេចក្ដីពិត និងមិនទទួលយកវាឡើយ ហើយពួកគេថែមទាំងចង់រារាំងមនុស្សកាន់តែច្រើនមិនឱ្យដើរតាមព្រះជាម្ចាស់ និងដេញតាមសេចក្ដីពិតទៀតផង។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សទាំងនេះដើរតួជាឧបករណ៍របស់សាតាំង ដោយនិយាយ និងធ្វើការឱ្យសាតាំង។ ពួកគេបម្រើជាតួបន្ទាប់បន្សំ ដែលត្រូវបានប្រើជាពិសេសដើម្បីឱ្យមនុស្សមានការញែកដឹងកាន់តែខ្លាំង។ ដូច្នេះ រឿងជាច្រើនដែលពួកគេនិយាយ អាចមើលទៅហាក់ដូចជាមិនមានបញ្ហាធំដុំពេកទេពីសំបកក្រៅ។ ពួកគេថែមទាំងឧស្សាហ៍ដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយស្វែងរកភស្តុតាង និងពាក្យពេចន៍ខ្លះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មកបន្ថែមការតែងលម្អខ្លះ ដោយធ្វើឱ្យមើលទៅហាក់ដូចជាអ្វីដែលពួកគេនិយាយនោះ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ប៉ុន្តែ មានរឿងមួយដែលច្បាស់លាស់គឺ៖ អ្វីដែលពួកគេនិយាយ គឺផ្ទុយនឹងសេចក្ដីពិត។ នៅពេលអ្នកឮអ្វីដែលពួកគេនិយាយ វាអាចហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែប្រសិនបើអ្នកផ្ទៀងផ្ទាត់វាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានហ្មត់ចត់ អ្នកអាចញែកដឹងថា វាពិតជាមិនស្របតាមសេចក្ដីពិតពីឫសគល់ឡើយ។ ពាក្យពេចន៍ដែលត្រឹមត្រូវតែសំបកក្រៅទាំងអស់នោះដែលពួកគេនិយាយ គឺមកពីសាតាំង។ ពួកគេកំពុងល្បងលព្រះជាម្ចាស់ ដោយព្យាយាមរកលេសពីក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុស ដើម្បីថ្កោលទោសព្រះជាម្ចាស់ និងបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយធ្វើឱ្យពួកគេមានមន្ទិល យល់ច្រឡំ ក្បត់ និងបដិសេធព្រះជាម្ចាស់ ជាដើម។ ហេតុដូច្នេះហើយ ក្រៅពីពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ អស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាមដើម្បីបំភាន់អ្នកដទៃ ក៏ជាជំពូកមនុស្សនៅក្នុងពួកជំនុំ ដែលគួរតែត្រូវបានញែកឱ្យដឹង គួរប្រយ័ត្នប្រយែង និងបោសសម្អាតចេញដែរ។
ច. ការញែកដឹងពីមនុស្សដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងគោលការណ៍ ដើម្បីដោះស្រាយជាមួយមនុស្សទាំងនេះ
តើយើងគួរតែញែកឱ្យដឹងអំពីអស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាមនៅក្នុងពួកជំនុំដើម្បីបំភាន់អ្នកដទៃដោយរបៀបណា? ជាដំបូង អស់អ្នកដែលប្រឌិតពាក្យចចាមអារ៉ាម គឺពិតជាមិនដេញតាមសេចក្ដីពិតឡើយ ពួកគេមិនពេញចិត្តនឹងសេចក្ដីពិតទេ។ បន្ថែមលើនេះ ពួកគេតែងតែប្រឌិតពាក្យរបស់អារក្សឡើង និងសេចក្ដីថ្លែងខុសទំនងគ្រប់ប្រភេទ ហើយប្រើពាក្យទាំងនោះដើម្បីបំភាន់ និងទាញយកបងប្អូនប្រុសស្រីមួយចំនួនដែលមានកម្ពស់តូចទាប មានគ្រឹះរាក់កំផែល និងមិនយល់សេចក្ដីពិត។ ផលប៉ះពាល់ដែលពួកគេសម្រេចបាន គឺការរំខាន និងការបំផ្លាញសណ្ដាប់ធ្នាប់ធម្មតានៃជីវិតពួកជំនុំ រំខានដល់ការដេញតាមជាប្រក្រតីរបស់មនុស្ស និងធ្វើឱ្យពួកគេងាកចេញពីផ្លូវដ៏ត្រឹមត្រូវ ធ្វើឱ្យមនុស្សក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ហើយថែមទាំងបណ្តាលឱ្យពួកគេបោះបង់ភារកិច្ចរបស់ខ្លួន និងឈប់ជឿលើព្រះជាម្ចាស់ទៀតផង ដែលនេះធ្វើឱ្យពួកគេកាន់តែសប្បាយចិត្ត។ ហេតុដូច្នេះហើយ ការហៅអ្នកដែលប្រឌិតពាក្យចចាមអារ៉ាមថាជាពួកអ្នកបម្រើសាតាំង គឺជាការពិពណ៌នាដ៏ត្រឹមត្រូវឥតខ្ចោះ នេះគឺជាមុខមាត់ពិត និងធាតុពិតរបស់មនុស្សបែបនេះ ហើយវាងាយស្រួលនឹងញែកដឹងណាស់។ អ្នកខ្លះមានវិចារណញ្ញាណបន្តិចបន្តួច ទោះបីជាខ្លួនពួកគេផ្ទាល់មិនស្រឡាញ់សេចក្ដីពិតក៏ដោយ ក៏ពួកគេមិនបញ្ចេញមតិយោបល់ ឬជ្រៀតជ្រែករឿងអ្នកដទៃដេញតាមសេចក្ដីពិតឡើយ។ យើងអាចមិនអើពើនឹងមនុស្សទាំងនេះបាន។ ប៉ុន្តែ មនុស្សមួយចំនួនច្រណែន និងស្អប់អស់អ្នកដែលដេញតាមសេចក្ដីពិត ពួកគេតែងតែជំនុំជម្រះ និងវាយប្រហារអ្នកទាំងនោះ ដោយលាក់ទុកបំណងខ្លះ ហើយថែមទាំងចាប់យកលេសដើម្បីថ្កោលទោសអ្នកទាំងនោះទៀតផង។ យើងគួរតែប្រយ័ត្នប្រយែងចំពោះមនុស្សបែបនេះ។ ទោះបីជាអ្វីដែលមនុស្សទាំងនេះនិយាយ អាចស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវ សមហេតុផល និងស្របតាមន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែនៅពេលញែកដឹងឱ្យបានហ្មត់ចត់ ភាគច្រើនគឺជាពាក្យកុហក និងពាក្យចចាមអារ៉ាម ជាពាក្យផ្ដេសផ្ដាសសុទ្ធសាធ។ ពាក្យចចាមអារ៉ាម និងពាក្យកុហកដែលមើលពីសំបកក្រៅទៅហាក់ដូចជាពិតទាំងនេះ គួរតែត្រូវបានញែកឱ្យដឹង។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំទើបតែបានជឿលើព្រះជាម្ចាស់រយៈពេលខ្លីប៉ុណ្ណោះ បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់តិចតួច និងមិនយល់សេចក្ដីពិតទេ។ តើខ្ញុំអាចញែកដឹងពីពាក្យចចាមអារ៉ាម និងពាក្យកុហកបានដោយរបៀបណា?» វិធីតែមួយគត់គឺ ចាប់ពីថ្ងៃនេះតទៅ ត្រូវផ្ដោតអារម្មណ៍បន្ថែមទៀតលើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ដោយអនុញ្ញាតឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់ឫសនៅក្នុងដួងចិត្តរបស់អ្នក។ ដោយមានការចង្អុលបង្ហាញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការមើលបញ្ហាស្របតាមសេចក្ដីពិត អ្នកនឹងមានការញែកដឹង។ ពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយដោយមនុស្សទាំងនេះ នឹងគ្មានឥទ្ធិពលលើអ្នកឡើយ ហើយនឹងមិនរំខានដល់ការដេញតាមជាប្រក្រតីរបស់អ្នកទេ។ មិនថាពួកគេពិភាក្សាអំពីពាក្យចចាមអារ៉ាមអ្វី ឬនិយាយពាក្យផ្ដេសផ្ដាសអ្វីនោះទេ អ្នកនឹងមិនរង្គោះរង្គើឡើយ បន្ទាប់ពីបានឮវា ហើយអ្នកក៏នឹងមិនក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ឬកាន់តែមិនមានការយល់ច្រឡំណាមួយអំពីព្រះជាម្ចាស់ដែរ អ្នកគ្រាន់តែផ្ដោតអារម្មណ៍លើការដេញតាមក្នុងទិសដៅដ៏ត្រឹមត្រូវប៉ុណ្ណោះ។ នេះមានន័យថា អ្នកមានកម្លាំងទប់ទល់ហើយ គឺពួកអ្នកបម្រើសាតាំងបែបនេះនឹងលែងមានឥទ្ធិពលអ្វីនៅក្នុងពួកជំនុំទៀតហើយ។ គ្មានផ្លូវកាត់ដើម្បីរៀនពីរបៀបញែកដឹងពីពាក្យចចាមអារ៉ាមនោះទេ។ វិធីតែមួយគត់គឺត្រូវស្ដាប់សេចក្ដីអធិប្បាយឱ្យបានច្រើន អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន និងប្រកបគ្នាអំពីសេចក្ដីពិតឱ្យបានច្រើន។ នៅពេលដែលអ្នកទទួលបានការយល់ដឹងអំពីសេចក្ដីពិតហើយ អ្នកនឹងមានការញែកដឹងដោយឯកឯង។ តើអ្វីទៅជាគោលបំណងនៃការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាអំពីសេចក្ដីពិត? គឺដើម្បីយល់សេចក្ដីពិត និងញែកដឹងពីពាក្យចចាមអារ៉ាម និងសេចក្ដីខុសទំនងទាំងនោះ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកឃើញថា ពាក្យចចាមអារ៉ាមទាំងនោះផ្ទុយ និងប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្ទុយទាំងស្រុងនឹងសេចក្ដីពិត នោះពាក្យចចាមអារ៉ាមទាំងនោះនឹងរលាយបាត់ដោយខ្លួនឯង។ ជាការពិតណាស់ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំមិនបានខិតខំប្រឹងប្រែងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយមិនយល់ថាអ្វីទៅជាសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំគ្រាន់តែចាំរឿងមួយប៉ុណ្ណោះគឺ៖ ចំពោះការប្រព្រឹត្តខ្លួន ខ្ញុំត្រូវតែដើរតាមមនុស្សភាគច្រើន។ អ្វីដែលមនុស្សភាគច្រើនបដិសេធ ខ្ញុំក៏បដិសេធដែរ អ្វីដែលមនុស្សភាគច្រើនទទួលយក ខ្ញុំក៏ទទួលយកដែរ។ ខ្ញុំគ្រាន់តែដើរតាមមនុស្សភាគច្រើនប៉ុណ្ណោះ»។ តើការណ៍នេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ជួនកាល មនុស្សភាគច្រើនក៏ខុសដែរ ហើយការដើរតាមមនុស្សភាគច្រើន មានន័យថា ធ្វើខុសតាមពួកគេដែរ។ អ្នកត្រូវតែរៀនដើរតាមអស់អ្នកដែលយល់សេចក្ដីពិត នេះទើបជាផ្លូវដ៏ល្អ។
ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន គឺជាអ្វីដែលឧស្សាហ៍កើតឡើងនៅក្នុងពួកជំនុំ។ ទោះបីជាបញ្ហានេះមិនមែនជាបញ្ហាធំដុំក៏ដោយ ក៏ការរំខាន និងគ្រោះថ្នាក់របស់វាចំពោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ មិនតូចដែរ។ យ៉ាងហោចណាស់ វាអាចធ្វើឱ្យមនុស្សអវិជ្ជមាន និងទន់ខ្សោយ អាក្រក់បំផុតគឺ វាអាចបណ្តាលឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងថែមទាំងក្បត់ទ្រង់ទៀតផង។ ហេតុដូច្នេះហើយ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម យើងមិនអាចមើលរំលងបានឡើយ។ នៅពេលដែលវាកើតឡើងនៅក្នុងពួកជំនុំ វាគួរតែត្រូវបានបញ្ឈប់ និងដាក់កំហិតភ្លាមៗ។ ប្រសិនបើអ្នកដឹកនាំពួកជំនុំស្ពឹកស្រពន់ និងមិនឆ្លាតវៃ មិនអាចធ្វើកិច្ចការជាក់ស្ដែង និងមិនអាចសម្គាល់ឃើញបញ្ហានេះ ប៉ុន្តែមនុស្សមួយចំនួនដែលមានគុណសម្បត្តិល្អ ដែលដេញតាម និងយល់សេចក្ដីពិត បានសម្គាល់ឃើញ នោះក្រុមក្រោយនេះគួរតែចេញមុខដើម្បីដោះស្រាយបញ្ហានេះ។ តាមរយៈការស្វែងរក និងការប្រកបគ្នាជាមួយមនុស្សជាច្រើន ដើម្បីឈានដល់ការឯកភាពគ្នា និងទទួលបានការបញ្ជាក់ នៅពេលដែលកំណត់បានថា ពាក្យចចាមអារ៉ាមកំពុងត្រូវបានផ្សព្វផ្សាយ មនុស្សគួរតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិនបើមិនច្បាស់ថា ពាក្យសម្ដីណាមួយជាសេចក្ដីខុសទំនងទេនោះ ចូរកុំកំណត់លក្ខណៈវាទាំងងងឹតងងល់អី។ ចំពោះពាក្យសម្ដីដែលច្បាស់ក្រឡែត និងឥតមានការភាន់ច្រឡំ ដែលងាយស្រួលញែកដឹងថាជាពាក្យចចាមអារ៉ាម និងសេចក្ដីខុសទំនង ពួកវាគួរតែត្រូវបានលាតត្រដាង និងវែកញែកភ្លាមៗ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចញែកដឹងបាន។ ប្រសិនបើអ្នកមិនអាចញែកដឹងថាតើអ្វីដែលនរណាម្នាក់និយាយ គឺជាពាក្យចចាមអារ៉ាម ឬជាសេចក្ដីខុសទំនង បន្ទាប់ពីបានឮពួកគេនិយាយមួយប្រយោគ ឬពីរប្រយោគទេនោះ អ្នកគួរតែដោះស្រាយវាដោយប្រយ័ត្នប្រយែង និងមិនត្រូវទាញសេចក្ដីសន្និដ្ឋានទាំងងងឹតងងល់ឡើយ។ ចូររង់ចាំរហូតដល់ពួកគេនិយាយចប់សិន ដើម្បីញែកឱ្យដឹងច្បាស់។ នៅពេលដែលបញ្ជាក់បានថា វាជាពាក្យចចាមអារ៉ាម ឬជាសេចក្ដីខុសទំនង មនុស្សនេះគួរតែត្រូវបានបញ្ឈប់ និងដាក់កំហិតភ្លាមៗ។ ប្រសិនបើការដាស់តឿន និងការដាក់កំហិតជាច្រើនលើកច្រើនសា បរាជ័យក្នុងការដាក់កំហិតពួកគេ ហើយពួកគេនៅតែបន្តផ្សព្វផ្សាយពាក្យចចាមអារ៉ាមដោយចចេសរឹងរូស ពួកគេគួរតែត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ តើគោលការណ៍ និងផ្លូវនេះច្បាស់លាស់ដែរឬទេ អំពីអ្វីដែលត្រូវធ្វើ និងរបៀបអនុវត្ត នៅពេលរកឃើញនរណាម្នាក់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមនៅក្នុងពួកជំនុំ? (ច្បាស់ហើយ។)
ខ្លឹមសារនៃពាក្យចចាមអារ៉ាមមិនមែនគ្រាន់តែពាក់ព័ន្ធនឹងបញ្ហាធំៗដែលខ្ញុំបានលើកឡើងនោះទេ គឺនៅមានពាក្យចចាមអារ៉ាមខ្លះទៀតដែលគ្រាន់តែជារឿងកំប៉ិកកំប៉ុក ដូចជាពាក្យសម្ដីអំពីការលួសកាត់ ឬអំពីអ្នកណាដែលដំណាក់របស់ព្រះជាម្ចាស់ប្រើ ហើយអ្នកណាដែលដំណាក់ជម្រុះចោល និងសេចក្ដីថ្លែងមិនពិតផ្សេងទៀត។ មុនពេលពួកជំនុំត្រូវបានជម្រះយ៉ាងស្អាតបាត មានពួកអ្នកដឹកនាំក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ផ្សេងៗ មនុស្សវង្វេងវង្វាន់ មនុស្សល្ងីល្ងើដែលគ្មានការយល់ដឹងខាងវិញ្ញាណ គឺមានមនុស្សគ្រប់ប្រភេទនៅក្នុងនោះ។ អ្នកកុហក និងអ្នកប្រឌិតពាក្យចចាមអារ៉ាម គឺជាអ្វីដែលឃើញមានជាញឹកញាប់ ហើយមានពាក្យចចាមអារ៉ាម និងពាក្យរបស់អារក្សគ្រប់ប្រភេទនៅក្នុងចំណោមមនុស្ស។ ទាក់ទងនឹងពាក្យចចាមអារ៉ាមទាំងនេះ រឿងម្យ៉ាងគឺ មនុស្សត្រូវមានវិចារណញ្ញាណធម្មតាដើម្បីជំនុំជម្រះពួកវា រឿងម្យ៉ាងទៀតគឺ ចំពោះពាក្យចចាមអារ៉ាមធ្ងន់ធ្ងរជាងនេះ ដែលពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងសូម្បីតែបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ និងបញ្ហាផ្សេងទៀត មនុស្សត្រូវមានសេចក្ដីពិតដើម្បីញែកដឹងពីរឿងទាំងនេះ។ ចំពោះបញ្ហាខាងក្រៅ មនុស្សត្រូវមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាដើម្បីជំនុំជម្រះពួកវា។ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត មនុស្សត្រូវមានតថភាពនៃសេចក្ដីពិត និងកម្ពស់ដើម្បីញែកដឹងពីពួកវា។ សរុបមក មិនថាជាពាក្យចចាមអារ៉ាមប្រភេទណានោះទេ មនុស្សគួរតែញែកឱ្យដឹង និងបដិសេធពួកវា មិនត្រូវទទួលយកឡើយ។ ជាការពិតណាស់ មនុស្សមួយចំនួនមិនដេញតាមសេចក្ដីពិតទេ ហើយគ្រាន់តែរស់នៅតាមពាក្យចចាមអារ៉ាមទាំងនេះប៉ុណ្ណោះ។ ថ្ងៃនេះ មាននរណាម្នាក់ផ្សព្វផ្សាយពាក្យមួយឃ្លា ហើយវាក៏បង្កើតជាចរន្តមួយ ហើយមនុស្សទាំងនេះក៏ដើរតាមវា។ ថ្ងៃស្អែក ពាក្យមួយឃ្លាទៀតបង្កើតជាចរន្តមួយផ្សេងទៀត ហើយបន្ទាប់មក ពួកគេក៏ដើរតាមនោះដែរ។ ឧទាហរណ៍៖ អ្នកដឹកនាំ ឬអ្នកធ្វើការខ្លះនិយាយថា អស់អ្នកដែលអាចសរសេរអត្ថបទធ្វើបន្ទាល់បាន អាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដូច្នេះពួកគេក៏អនុវត្តការសរសេរអត្ថបទ រៀនសរសេរ និងស្វែងរកឯកសារយោង។ នៅថ្ងៃបន្ទាប់ អ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ទៀតនិយាយថា អស់អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនអាចត្រូវបានសង្គ្រោះ ដូច្នេះពួកគេក៏ចាប់ផ្ដើមរវល់នឹងការបំពេញភារកិច្ច។ ប៉ុន្តែ ទោះបីជាពួកគេរវល់យ៉ាងណាក៏ដោយ ក៏ពួកគេមិនដែលខ្វល់ខ្វាយ ឬចាប់អារម្មណ៍នឹងរឿងដែលសំខាន់បំផុតនោះឡើយគឺ៖ ការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងជីវិត។ និន្នាការដ៏ទុច្ចរិតផ្សេងៗដែលបង្កើតឡើងក្នុងចំណោមក្រុមផ្សេងៗនៅក្នុងពួកជំនុំ តែងតែអូសទាញមនុស្សមួយចំនួនឱ្យលង់តាម។ ពាក្យចចាមអារ៉ាមផ្សេងៗដែលកើតឡើងនៅក្នុងចំណោមសមាជិកពួកជំនុំ តែងតែបំភាន់ និងជះឥទ្ធិពលលើមនុស្សមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនដែលនៅតែព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះពាក្យចចាមអារ៉ាមទាំងនេះដែលពួកគេបានឮដែរ។ ពួកគេមិនខ្វល់ថាតើដំណាក់របស់ព្រះជាម្ចាស់កំពុងធ្វើកិច្ចការអ្វីឡើយ ពួកគេមិនចាប់អារម្មណ៍នឹងការជឿលើព្រះជាម្ចាស់ទេ ហើយមិនមែនជាអ្នកជឿពិតប្រាកដឡើយ។ មនុស្សទាំងនេះគឺជាពួកអ្នកជឿតែឈ្មោះ។ មានមនុស្សមួយក្រុមទៀតដែលគ្រាន់បើជាងនេះបន្តិច ពួកគេអាចស្វែងរកសេចក្ដីពិត និងទទួលយកសេចក្ដីពិត ដូច្នេះពួកគេមិនរងផលប៉ះពាល់ពីរបស់អវិជ្ជមាន និងមនុស្សអវិជ្ជមានទាំងនេះឡើយ។ មានតែអស់អ្នកដែលមានកម្ពស់តូចទាប គ្មានគ្រឹះ និងមិនដេញតាមសេចក្ដីពិតទាល់តែសោះប៉ុណ្ណោះ ដែលតែងតែរងឥទ្ធិពលពីពាក្យសម្ដី និងការលើកឡើងផ្សេងៗ។ ដោយសារតែមនុស្សទាំងនេះតែងតែដើរតាមគេឯង ដូច្នេះតែងតែមានអ្នកខ្លះប្រឌិតពាក្យចចាមអារ៉ាមផ្សេងៗដើម្បីញុះញង់។ ពួកគេមានអារម្មណ៍ថា មានតែការធ្វើបែបនេះទេ ទើបធ្វើឱ្យការជឿលើព្រះជាម្ចាស់មានភាពរស់រវើក និងគួរឱ្យរំភើប ហើយមិនគួរឱ្យធុញទ្រាន់ ហើយវាគឺជាមធ្យោបាយតែមួយគត់សម្រាប់ពួកគេក្នុងការមានអារម្មណ៍ថាខ្លួនសំខាន់។ រឿងទាំងនេះតែងតែកើតឡើងនៅក្នុងចំណោមអ្នកជឿថ្មី។ ប្រសិនបើពួកជំនុំមួយពោរពេញទៅដោយការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងមនុស្សដែលត្រូវបានគេបំភាន់ វាមានន័យថា ប្រាកដជាមានមនុស្សតិចតួចពេកដែលយល់សេចក្ដីពិតនៅក្នុងពួកជំនុំនោះ។ នៅក្នុងពួកជំនុំ មនុស្សដែលបានរៀបរាប់ខាងលើ ដើរតាមរាល់ពាក្យចចាមអារ៉ាម និងរាល់ការញុះញង់ដែលអ្នកមានបំណងមិនល្អបង្កើតឡើង ដែលជារឿងនាំទុក្ខខ្លាំងណាស់។ នេះគឺដោយសារតែគុណសម្បត្តិអន់មួយផ្នែក ហើយក៏ជាការបង្ហាញចេញយ៉ាងពិតប្រាកដនៃការមិនយល់សេចក្ដីពិតផងដែរ។ ភាគច្រើននៃអ្វីដែលអ្នកមិនយល់ពីសេចក្ដីពិតនិយាយ គឺមិនជាក់ស្ដែងទេ និងលាយឡំទៅដោយភាពមិនបរិសុទ្ធ បើនិយាយឱ្យតឹងរ៉ឹងទៅ វាសុទ្ធតែជាពាក្យកុហកទាំងអស់។ ប្រសិនបើវាមានចេតនា និងគោលបំណង នោះវាមិនមែនគ្រាន់តែជាពាក្យកុហកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាល្បិចកលរបស់សាតាំង និងជាការឃុបឃិតរបស់មនុស្សអាក្រក់ទៀតផង។ ហេតុដូច្នេះហើយ ភាគច្រើននៃអ្វីដែលមនុស្សគ្មានសេចក្ដីពិតនិយាយ គឺជាពាក្យរបស់អារក្ស និងមិនគួរឱ្យជឿឡើយ។
ការប្រកបគ្នាអំពីប្រធានបទនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ត្រូវបានបញ្ចប់ត្រឹមនេះ។ បញ្ហានៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ គឺជាអ្វីដែលបើកសម្ដែងពីមនុស្សខ្លាំងបំផុត ហើយវាធ្វើឱ្យឃើញយ៉ាងច្បាស់ពីឥរិយាបថរបស់មនុស្សផ្សេងៗគ្នា។ ឥឡូវនេះ អ្នកគួរតែយល់ថាត្រូវមានអាកប្បកិរិយាបែបណាចំពោះពាក្យចចាមអារ៉ាម និងអស់អ្នកដែលផ្សព្វផ្សាយពួកវា ហើយត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីដោះស្រាយពួកវាហើយ មែនទេ? (មែនហើយ។) នៅពេលដែលអ្នកយល់ហើយ ពេលអ្នកជួបប្រទះបញ្ហាបែបនេះម្ដងទៀត អ្នករាល់គ្នាគួរតែផ្ទៀងផ្ទាត់ពួកវាជាមួយនឹងការប្រកបគ្នារបស់យើង ហើយប្រើវិធីសាស្ត្រដ៏ត្រឹមត្រូវបំផុតដើម្បីដោះស្រាយបញ្ហាទាំងនេះ។ នេះទើបស្របតាមគោលការណ៍។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១