ជំពូកទី ៧៣
ព្រះបន្ទូលរបស់ខ្ញុំត្រូវបានសម្រេច នៅពេលដែលខ្ញុំបានមានបន្ទូលភ្លាមៗ។ ព្រះបន្ទូលទាំងនេះមិនដែលផ្លាស់ប្រែ ហើយក៏ត្រឹមត្រូវទាំងស្រុងដែរ។ ចូរចងចាំអំពីការនេះចុះ! អ្នកត្រូវតែពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះគ្រប់ទាំងព្រះបន្ទូល និងឃ្លាឃ្លោងដែលចេញមកពីព្រះឱស្ឋរបស់ខ្ញុំ។ ចូរប្រុងប្រយ័ត្នឱ្យមែនទែន បើមិនដូច្នោះទេ អ្នកមានតែជួបការបាត់បង់ និងទទួលការជំនុំជម្រះរបស់ខ្ញុំ សេចក្តីក្រោធរបស់ខ្ញុំ និងការដុតបំផ្លាញរបស់ខ្ញុំប៉ុណ្ណោះ។ សព្វថ្ងៃនេះ កិច្ចការរបស់ខ្ញុំកំពុងតែមានចលនានៅក្នុងល្បឿនយ៉ាងលឿន ទោះបីជាវាមិនល្អិតល្អន់ក៏ដោយចុះ។ វាត្រូវបានបន្សុទ្ធយ៉ាងប៉ិនប្រសប់ រហូតដល់ថ្នាក់ភ្នែកទទេមើលមិនឃើញ ហើយដៃរបស់មនុស្សក៏ចាប់មិនបានផង។ វាមានភាពផ្ចិតផ្ចង់យ៉ាងពិសេសតែម្ដង។ ខ្ញុំមិនដែលថ្លែងព្រះបន្ទូលទទេឡើយ។ គ្រប់យ៉ាងដែលខ្ញុំមានបន្ទូលសុទ្ធតែជាការពិត។ អ្នកគួរតែជឿថា គ្រប់ទាំងព្រះបន្ទូលរបស់ខ្ញុំគឺពិតប្រាកដ និងសុក្រឹត។ ចូរកុំធ្វេសប្រហែសឱ្យសោះ។ នេះគឺជាពេលដ៏សំខាន់មួយ! មិនថាអ្នកនឹងទទួលបានព្រះពរ ឬជួបភាពអកុសល នោះនឹងត្រូវបានសម្រេចនៅក្នុងពេលនេះហើយ ហើយភាពខុសគ្នាគឺប្រៀបដូចមេឃ និងដីអ៊ីចឹង។ មិនថាអ្នកនឹងទៅស្ថានសួគ៌ ឬក៏ទៅស្ថានឃុំព្រលឹង គឺស្ថិតនៅក្នុងការត្រួតត្រារបស់ខ្ញុំទាំងស្រុង។ អស់អ្នកដែលឆ្ពោះទៅកាន់ស្ថានឃុំព្រលឹង កំពុងតែចូលរួមតយុទ្ធនឹងទុក្ខវេទនាជិតស្លាប់ចុងក្រោយរបស់ពួកគេ រីឯអស់អ្នកដែលទៅស្ថានសួគ៌វិញ បានចូលរួមក្នុងទុក្ខវេទនាបន្ដិចចុងក្រោយរបស់ពួកគេ និងកំពុងតែលះបង់សម្រាប់ខ្ញុំនៅពេលចុងក្រោយ។ នាពេលអនាគត គ្រប់យ៉ាងដែលពួកគេធ្វើនឹងមានតែការរីករាយ និងការសរសើរ ដោយគ្មានរឿងរ៉ាវកំប៉ិកកំប៉ុកគ្រប់យ៉ាងដែលបង្កបញ្ហាដល់មនុស្សទៀតឡើយ (អាពាហ៍ពិពាហ៍ ការងារ ទ្រព្យសម្បត្តិដែលនាំឱ្យខ្វល់ខ្វាយ ឋានៈបុណ្យសក្ដិ ជាដើម)។ យ៉ាងណាមិញ ចំពោះអស់អ្នកដែលទៅស្ថានឃុំព្រលឹងវិញ ទុក្ខវេទនារបស់ពួកគេគឺនៅអស់កល្បជានិច្ច (ការនេះសំដៅទៅលើវិញ្ញាណ ព្រលឹង និងរូបកាយរបស់ពួកគេ)។ ពួកគេនឹងគេចមិនផុតពីព្រះហស្តនៃការដាក់ទោសរបស់ខ្ញុំឡើយ។ ជ្រុងទាំងពីរនេះគឺមិនស្របគ្នាដូចជាទឹក និងភ្លើងអ៊ីចឹង។ ផ្នែកទាំងពីរនេះមិនអាចលាយបញ្ចូលគ្នាបានឡើយ៖ អស់អ្នកដែលជួបភាពអកុសលនឹងបន្តជួបភាពអកុសល រីឯអស់អ្នកដែលទទួលព្រះពរវិញ នឹងជួបជាមួយសេចក្តីរីករាយយ៉ាងពេញចិត្តរបស់ពួកគេ។
គ្រប់ទាំងព្រឹត្តិការណ៍ និងរឿងរ៉ាវត្រូវបានគ្រប់គ្រងដោយខ្ញុំ នេះមិននិយាយដល់អ្នករាល់គ្នា ដែលជាពួកកូនប្រុសរបស់ខ្ញុំ ជាស្ងួនភ្ញារបស់ខ្ញុំ ដែលជាកម្មសិទ្ធិរបស់ខ្ញុំផង។ អ្នកជាការសម្ដែងចេញអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ អ្នកជាកំណប់ទ្រព្យរបស់ខ្ញុំ។ អស់អ្នកដែលខ្ញុំស្រឡាញ់គឺជាទីគាប់ព្រះហឫទ័យដល់ព្រះនេត្ររបស់ខ្ញុំ ដ្បិតពួកគេសម្ដែងចេញអំពីខ្ញុំ។ អស់អ្នកដែលខ្ញុំស្អប់ ខ្ញុំខ្ពើមពួកគេ ដោយមិនចង់មើលមុខពួកគេផង ដ្បិតពួកគេជាពូជរបស់សាតាំង និងជាកម្មសិទ្ធិរបស់សាតាំង។ សព្វថ្ងៃនេះ មនុស្សទាំងអស់គួរតែពិនិត្យមើលខ្លួនឯង៖ បើអ្នកមានចេតនាត្រឹមត្រូវ ហើយអ្នកស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដមែន នោះអ្នកនឹងប្រាកដជាត្រូវបានខ្ញុំស្រឡាញ់មិនខាន។ អ្នកត្រូវតែស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ ហើយមិនត្រូវបោកបញ្ឆោតខ្ញុំឡើយ! ខ្ញុំជាព្រះជាម្ចាស់ដែលពិនិត្យមើលជម្រៅចិត្តរបស់មនុស្ស! បើអ្នកមានចេតនាខុសឆ្គង ហើយអ្នកត្រជាក់ល្អូក និងមិនស្មោះត្រង់ចំពោះខ្ញុំ នោះអ្នកប្រាកដជាត្រូវបានខ្ញុំស្អប់ខ្ពើមមិនខាន។ ខ្ញុំមិនជ្រើសរើសអ្នក ហើយក៏មិនកំណត់អ្នកទុកជាមុនដែរ។ ចូរបន្តរង់ចាំថ្ងៃដែលអ្នកត្រូវធ្លាក់នរកទៅ! មនុស្សផ្សេងទៀតមិនអាចមើលឃើញការទាំងនេះឡើយ ប៉ុន្តែមានតែរូបអ្នក ហើយនិងខ្ញុំ ជាព្រះជាម្ចាស់ដែលទតឃើញស៊ីជម្រៅទៅក្នុងដួងចិត្តរបស់មនុស្សប៉ុណ្ណោះ ទើបដឹងអំពីការទាំងនេះ។ ការទាំងអស់នោះនឹងត្រូវបើកសម្ដែងនៅពេលជាក់លាក់មួយ។ មនុស្សស្មោះត្រង់មិនចាំបាច់អន្ទះអន្ទែងឡើយ ហើយមនុស្សមិនស្មោះត្រង់វិញក៏មិនចាំបាច់ខ្លាចនោះដែរ។ ការទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃការរៀបចំដ៏ប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។
កិច្ចការនៅក្នុងដៃគឺជាកិច្ចការបន្ទាន់ និងស្មុគស្មាញ ហើយវាតម្រូវឱ្យអ្នករាល់គ្នាលះបង់សម្រាប់ខ្ញុំជាលើកចុងក្រោយ ដើម្បីបញ្ចប់កិច្ចការចុងក្រោយមួយនេះ។ តាមពិតទៅ សេចក្តីតម្រូវរបស់ខ្ញុំមិនទាមទារខ្លាំងពេកនោះឡើយ៖ ខ្ញុំគ្រាន់តែត្រូវការឱ្យអ្នករាល់គ្នាចេះធ្វើការងារសម្របសម្រួលឱ្យបានល្អជាមួយខ្ញុំ គ្រាន់តែបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងគ្រប់កិច្ចការ និងគ្រាន់តែដើរតាមការចង្អុលបង្ហាញដែលខ្ញុំប្រទានដល់អ្នកចេញពីខាងក្នុងមកប៉ុណ្ណោះ។ ចូរកុំងងឹតងងល់ពេកឡើយ។ ចូរមានគោលដៅ ហើយមានអារម្មណ៍ដឹងអំពីបំណងព្រះហឫទ័យរបស់ខ្ញុំចេញពីគ្រប់ទិដ្ឋភាព និងនៅក្នុងអ្វីៗទាំងអស់។ នោះគឺដោយសារតែខ្ញុំលែងជាព្រះជាម្ចាស់ដែលលាក់កំបាំងចំពោះអ្នករាល់គ្នាទៀតហើយ ហើយអ្នកក៏ត្រូវតែដឹងឱ្យច្បាស់អំពីការនេះផងដែរ ដើម្បីយល់អំពីចេតនារបស់ខ្ញុំ។ នៅក្នុងរយៈពេលដ៏ខ្លីនេះ អ្នករាល់គ្នានឹងមិនគ្រាន់តែជួបជាមួយជនបរទេសដែលស្វែងរកផ្លូវដ៏ពិតប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៀត អ្នករាល់គ្នាក៏ត្រូវមានសមត្ថភាពឃ្វាលថែទាំពួកគេផងដែរ។ នេះហើយជាចេតនាបន្ទាន់របស់ខ្ញុំនោះ។ វានឹងធ្វើមិនកើតឡើយ បើអ្នកមើលវាមិនឃើញនោះ។ យ៉ាងណាមិញ អ្នកត្រូវតែជឿលើសព្វានុភាពរបស់ខ្ញុំ។ ដរាបណាមនុស្សមានភាពត្រឹមត្រូវ នោះខ្ញុំនឹងប្រាកដជាបង្វឹកពួកគេឱ្យក្លាយជាទាហានដ៏ល្អមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានខ្ញុំរៀបចំយ៉ាងត្រឹមត្រូវ។ អ្នករាល់គ្នាត្រូវតែប្រាថ្នាចង់រងទុក្ខសម្រាប់ខ្ញុំ។ នេះគឺជាវិនាទីដ៏សំខាន់មួយ។ ចូរកុំខកខានឱ្យសោះ! ខ្ញុំនឹងមិនសណ្ឋិតលើអ្វីៗដែលអ្នករាល់គ្នាបានធ្វើកាលពីអតីតកាលឡើយ។ អ្នកត្រូវតែអធិស្ឋាន និងទូលអង្វរនៅចំពោះខ្ញុំឱ្យបានញឹកញាប់។ ខ្ញុំនឹងប្រទានព្រះគុណគ្រប់គ្រាន់ទៅលើអ្នកសម្រាប់ជាសេចក្តីរីករាយ និងការប្រើប្រាស់របស់អ្នក។ ព្រះគុណ និងព្រះពរមិនមែនជារឿងដូចគ្នាឡើយ។ អ្វីដែលអ្នករាល់គ្នាកំពុងតែរីករាយឥឡូវនេះ គឺជាព្រះគុណរបស់ខ្ញុំ ហើយនៅក្នុងព្រះនេត្ររបស់ខ្ញុំ វាមិនស័ក្ដិសមនឹងលើកឡើងឡើយ រីឯព្រះពរវិញ គឺជាអ្វីដែលអ្នករាល់គ្នានឹងរីករាយដោយគ្មានដែនកំណត់នៅពេលអនាគត។ ទាំងនោះគឺជាព្រះពរដែលមិនធ្លាប់បានកើតមានចំពោះមនុស្សឡើយ ហើយក៏ជាព្រះពរដែលមនុស្សមិនអាចស្រមៃឃើញនោះដែរ។ នេះគឺជាហេតុផលដែលខ្ញុំមានបន្ទូលថា អ្នករាល់គ្នាមានព្រះពរ ហើយព្រះពរទាំងនេះទៀតសោត មិនទាន់ត្រូវបានរីករាយដោយមនុស្សឡើយ បើគិតចាប់តាំងពីកំណើតពិភពលោកមក។
ខ្ញុំបានបើកសម្ដែងអ្វីៗទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នារួចហើយ។ ខ្ញុំសង្ឃឹមតែម្យ៉ាងគត់គឺឱ្យអ្នករាល់គ្នាអាចគិតគូរដល់ព្រះហឫទ័យរបស់ខ្ញុំ ថ្វាយគំនិតរបស់អ្នកដល់ខ្ញុំនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ និងគិតគូរដល់ខ្ញុំក្នុងគ្រប់ទិដ្ឋភាព ហើយអ្វីដែលខ្ញុំតែងតែទតឃើញនោះគឺជាទឹកមុខប្រកបដោយស្នាមញញឹមរបស់អ្នករាល់គ្នា។ ចាប់ពីពេលនេះតទៅ អស់អ្នកដែលទទួលបានឋានៈជាពួកកូនប្រុសច្បង គឺជាមនុស្សដែលនឹងសោយរាជ្យជាស្ដេចរួមជាមួយខ្ញុំ។ ពួកគេនឹងមិនត្រូវបានធ្វើបាបដោយបងប្អូនណាម្នាក់ឡើយ ហើយពួកគេក៏នឹងមិនត្រូវបានវាយផ្ចាល ឬដោះស្រាយដោយខ្ញុំនោះដែរ ដ្បិតនេះគឺជាគោលការណ៍ដែលខ្ញុំប្រព្រឹត្ត៖ អស់អ្នកដែលនៅក្នុងក្រុមនៃពួកកូនប្រុសច្បងគឺជាមនុស្សដែលត្រូវបានអ្នកដទៃមើលងាយ និងធ្វើបាប ហើយជាអ្នកដែលបានរងទុក្ខនឹងការផ្លាស់ប្ដូរគ្រប់យ៉ាងនៃជីវិត។ (ពួកគេត្រូវបានដោះស្រាយជាមួយ និងបំបាក់ដោយខ្ញុំទុកជាមុន ហើយក៏ត្រូវបានប្រោសឱ្យពេញខ្នាតទុកជាមុនផងដែរ។) មនុស្សទាំងនេះបានរីករាយជាមុនជាមួយខ្ញុំរួចហើយនូវព្រះពរដែលជារបស់ពួកគេ។ ខ្ញុំសុចរិត ហើយមិនដែលលម្អៀងចំពោះនរណាម្នាក់ឡើយ។