ជំពូកទី ៧៤
មានពរហើយអស់អ្នកណាដែលបានអានព្រះបន្ទូលរបស់ខ្ញុំ ហើយជឿថា ព្រះបន្ទូលទាំងនេះនឹងត្រូវបានសម្រេច។ ខ្ញុំនឹងមិនធ្វើទុក្ខទោសដល់អ្នកឡើយ។ ខ្ញុំនឹងធ្វើឱ្យអ្វីដែលអ្នកជឿត្រូវបានសម្រេចក្នុងអ្នក។ នេះគឺជាព្រះពររបស់ខ្ញុំដែលមកចំពោះអ្នក។ ព្រះបន្ទូលរបស់ខ្ញុំវាយប្រហារចំគោលដៅដោយអាថ៌កំបាំង ដែលបានលាក់ទុកនៅក្នុងមនុស្សម្នាក់ៗ។ គ្រប់គ្នាមានរបួសដែលអាចបណ្ដាលឱ្យស្លាប់ ហើយខ្ញុំគឺជាគ្រូពេទ្យដ៏ល្អដែលអាចព្យាបាលរបួសទាំងនោះបាន៖ គ្រាន់តែចូលមកក្នុងវត្តមានរបស់ខ្ញុំប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំនិយាយថា នៅពេលអនាគត នឹងលែងមានសេចក្ដីទុក្ខព្រួយ និងលែងមានទឹកភ្នែកតទៅទៀតហើយ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងគឺត្រូវបានសម្រេច ប៉ុន្តែនៅក្នុងមនុស្ស របស់សព្វសារពើគឺពុករលួយ ទទេសូន្យ និងបោកបញ្ឆោតចំពោះមនុស្ស។ នៅក្នុងវត្តមានរបស់ខ្ញុំ អ្នកច្បាស់ជាទទួលបានរបស់សព្វសារពើ ហើយអ្នកច្បាស់ជាអាចមើលឃើញផង និងរីករាយផងចំពោះព្រះពរទាំងអស់ ដែលអ្នកមិនដែលធ្លាប់គិតស្រមៃ។ អស់អ្នកណាដែលមិនមកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ច្បាស់ជាបះបោរ ហើយពិតជាអ្នកដែលប្រឆាំងនឹងខ្ញុំ។ ខ្ញុំនឹងច្បាស់ជាមិនឱ្យពួកគេរួចខ្លួនដោយងាយស្រួលឡើយ។ ខ្ញុំនឹងវាយផ្ចាលមនុស្សបែបនេះយ៉ាងធ្ងន់ធ្ងរ។ ចូរចងចាំអំពីរឿងនេះ! នៅពេលមនុស្សចូលមកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំកាន់តែច្រើន នោះពួកគេនឹងទទួលបានកាន់តែច្រើន ទោះបីវាត្រឹមតែព្រះគុណក៏ដោយ។ ក្រោយមក ពួកគេនឹងទទួលព្រះពរកាន់តែធំធេងទៀតផង។
ចាប់តាំងពីការបង្កើតពិភពលោក ខ្ញុំបានចាប់ផ្ដើមកំណត់ទុកជាមុន និងជ្រើសរើសមនុស្សក្រុមនេះ ដែលហៅថា អ្នករាល់គ្នានាពេលបច្ចុប្បន្ន។ និស្ស័យពីកំណើត គុណសម្បត្តិ រូបរាង និងកម្ពស់របស់អ្នក គ្រួសាររបស់អ្នកដែលអ្នកបានកើតមក ការងាររបស់អ្នក និងអាពាហ៍ពិពាហ៍របស់អ្នក លក្ខណៈរបស់អ្នកទាំងមូល ហើយសូម្បីតែពណ៌នៃសក់ និងស្បែករបស់អ្នក ព្រមទាំងពេលវេលានៃការកើតរបស់អ្នក គឺទាំងអស់ត្រូវបានរៀបចំដោយព្រះហស្ដរបស់ខ្ញុំ។ ខ្ញុំបានរៀបចំដោយព្រះហស្ដ សូម្បីតែអ្វីៗដែលអ្នកធ្វើ និងមនុស្សដែលអ្នកជួបជារៀងរាល់ថ្ងៃ នោះមិននិយាយដល់តថភាពដែលថា ការនាំអ្នកចូលទៅក្នុងវត្តមានរបស់ខ្ញុំនាពេលបច្ចុប្បន្ននេះ ក៏ពិតជាត្រូវបានធ្វើដោយការរៀបចំរបស់ខ្ញុំទៀតផង។ ចូរកុំធ្វើឱ្យខ្លួនអ្នកឥតសណ្ដាប់ធ្នាប់ អ្នកគួរតែបន្តដំណើរទោមុខយ៉ាងស្ងប់ស្ងាត់។ អ្វីដែលខ្ញុំអនុញ្ញាតឱ្យអ្នករីករាយនៅថ្ងៃនេះ គឺជាចំណែកដែលអ្នកសមនឹងទទួល ហើយវាត្រូវបានខ្ញុំកំណត់ទុកជាមុន ចាប់តាំងពីការបង្កើតពិភពលោក។ មនុស្សទាំងអស់ហួសហេតុខ្លាំងណាស់៖ ពួកគេចចេសជ្រុលផង និងឥតអៀនខ្មាសទាល់តែសោះផង។ ពួកគេមិនអាចចាប់ផ្ដើមធ្វើអ្វីៗ ដោយផ្អែកលើផែនការ និងការរៀបចំរបស់ខ្ញុំទេ។ ចូរកុំធ្វើដូច្នេះតទៅទៀត។ នៅក្នុងខ្ញុំ គ្រប់យ៉ាងត្រូវបានរំដោះ។ ចូរកុំចងខ្លួនឯង ព្រោះថានឹងមានការបាត់បង់ការគោរពចំពោះជីវិតរបស់អ្នក។ ចូរចងចាំរឿងនេះចុះ!
ចូរជឿថា គ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ អ្វីដែលត្រូវបានចាត់ទុកថាជាអាថ៌កំបាំងចំពោះអ្នកកាលពីអតីតកាល សុទ្ធតែត្រូវបានបើកសម្ដែងនៅថ្ងៃនេះ។ អាថ៌កំបាំងទាំងនោះលែងត្រូវបានលាក់បាំងតទៅទៀតហើយ (ដោយសារតែខ្ញុំបានមានបន្ទូលថា នៅពេលអនាគត គ្មានអ្វីនឹងត្រូវបានលាក់បាំងឡើយ)។ មនុស្សតែងតែអន្ទះសារ។ ពួកគេព្រួយបារម្ភខ្លាំងពេកក្នុងការសម្រេចអ្វីមួយ ហើយមិនគិតដល់អ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំទេ។ ខ្ញុំកំពុងតែបង្វឹកអ្នករាល់គ្នា ដើម្បីឱ្យអ្នកអាចចែករំលែកបន្ទុករបស់ខ្ញុំ ហើយគ្រប់គ្រងដំណាក់របស់ខ្ញុំ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាធំធាត់យ៉ាងឆាប់រហ័ស ដើម្បីឱ្យអ្នកនឹងអាចដឹកនាំប្អូនៗប្រុសរបស់អ្នកដែលក្មេងជាងអ្នករាល់គ្នា ហើយទើបពួកយើងដែលជាឪពុក និងកូនអាចរួបរួមគ្នាយ៉ាងឆាប់ ដោយលែងឃ្លាតឆ្ងាយពីគ្នាទៀតហើយ។ ការនេះនឹងបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ។ អាថ៌កំបាំងត្រូវបានបើកសម្ដែងទៅកាន់មនុស្សទាំងអស់រួចហើយ ហើយគ្មានអ្វីនៅលាក់បាំងទាល់តែសោះ៖ ខ្ញុំដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពេញលេញ ជាអ្នកដែលមានទាំងភាពជាមនុស្សសាមញ្ញផង និងមានភាពជាព្រះដ៏ពេញលេញផង ត្រូវបានបើកសម្ដែងថ្ងៃនេះ នៅចំពោះមុខអ្នករាល់គ្នា។ លក្ខណៈទាំងមូលរបស់ខ្ញុំ (ការស្លៀកពាក់ រូបរាងខាងក្រៅ និងសណ្ឋាននៃរាងកាយ) គឺជាការបើកបង្ហាញដ៏គ្រប់លក្ខណ៍នៃព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាគឺជាការរួមគ្នាជារូបរាងនៃរាស្ត្ររបស់ព្រះជាម្ចាស់ដែលមនុស្សធ្លាប់បានគិតស្រមៃតាំងពីការបង្កើតពិភពលោក ប៉ុន្តែជាអ្នកដែលគ្មាននរណាម្នាក់បានឃើញទេ។ មូលហេតុដែលសកម្មភាពរបស់ខ្ញុំល្អដូចព្រះបន្ទូលរបស់ខ្ញុំគឺថា ភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ និងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំគឺតែមួយ។ ជាងនេះទៅទៀត ការនេះអនុញ្ញាតឱ្យមនុស្សមើលឃើញថា បុគ្គលសាមញ្ញម្នាក់នេះពិតជាមានព្រះចេស្ដាដ៏អស្ចារ្យបែបនេះ។ អស់អ្នកណាក្នុងចំណោមអ្នករាល់គ្នា ដែលពិតជាជឿលើខ្ញុំ គឺជឿដោយសារតែខ្ញុំបានប្រទានឱ្យអ្នកនូវដួងចិត្តដ៏ពិតប្រាកដ នោះទើបអ្នកអាចស្រឡាញ់ខ្ញុំ។ នៅពេលដែលខ្ញុំដោះស្រាយជាមួយអ្នក ខ្ញុំបញ្ចាំងពន្លឺដាក់អ្នក ហើយបំភ្លឺអ្នក ហើយតាមរយៈការនេះហើយដែលខ្ញុំអនុញ្ញាតឱ្យអ្នកស្គាល់ខ្ញុំ។ ជាលទ្ធផល មិនថាខ្ញុំដោះស្រាយជាមួយអ្នកដោយវិធីណាទេ នោះអ្នកនឹងមិនរត់ចេញឡើយ។ ផ្ទុយទៅវិញ អ្នកនឹងកាន់តែច្បាស់ឡើងៗអំពីខ្ញុំ។ នៅពេលដែលអ្នកទន់ខ្សោយ នេះក៏ជាការរៀបចំរបស់ខ្ញុំដែរ ហើយវាអនុញ្ញាតឱ្យអ្នកឃើញថា ប្រសិនបើអ្នកចាកចេញពីខ្ញុំ នោះអ្នកនឹងស្លាប់ ហើយក្រៀមស្វិត។ ចេញពីរឿងរ៉ាវនោះ អ្នកអាចដឹងថា ខ្ញុំគឺជាជីវិតរបស់អ្នក។ ស្របពេលដែលអ្នករឹងមាំបន្ទាប់ពីមានសភាពទន់ខ្សោយរួចមក អ្នកនឹងត្រូវបានអនុញ្ញាតឱ្យឃើញថា ការដែលទន់ខ្សោយ និងការដែលរឹងមាំ គឺមិនអាស្រ័យលើអ្នកទេ។ វាអាស្រ័យលើខ្ញុំទាំងស្រុង។
គ្រប់អាថ៌កំបាំងទាំងអស់ត្រូវបានបើកសម្ដែងទាំងស្រុង។ នៅក្នុងសកម្មភាពនៅពេលអនាគតរបស់អ្នករាល់គ្នា ខ្ញុំនឹងប្រទានសេចក្ដីបង្ហាត់បង្ហាញរបស់ខ្ញុំដល់អ្នក ទៅតាមកិច្ចការម្ដងមួយៗ។ ខ្ញុំនឹងមិនស្រពេចស្រពិលទេ។ ខ្ញុំនឹងជាក់លាក់ទាំងស្រុង ហើយមានបន្ទូលដោយផ្ទាល់ទៅកាន់អ្នកទៀតផង។ នេះគឺដើម្បីឱ្យអ្នករាល់គ្នាមិនចាំបាច់ឆ្លុះបញ្ចាំងទៅលើអ្វីៗដោយខ្លួនឯង ក្រែងលោអ្នករំខានការគ្រប់គ្រងរបស់ខ្ញុំ។ គឺដោយសារតែហេតុផលនេះ ទើបខ្ញុំបន្តសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា គ្មានអ្វីផ្សេងទៀតដែលនឹងត្រូវលាក់បាំងទេ ចាប់ពីពេលនេះតទៅ។