ជំពូកទី ៦៨
ព្រះបន្ទូលរបស់ខ្ញុំកំពុងតែត្រូវបានអនុវត្តនៅគ្រប់ប្រទេស គ្រប់ទីកន្លែង គ្រប់ប្រជាជាតិ និងគ្រប់និកាយ ហើយក៏កំពុងតែត្រូវបានសម្រេចនៅគ្រប់ច្រកល្ហកនៅគ្រប់ពេលវេលាផងដែរ។ គ្រោះមហន្តរាយដែលកើតឡើងនៅគ្រប់ទីកន្លែង មិនមែនជាសមរភូមិរវាងមនុស្សឡើយ ហើយពួកគេក៏មិនប្រយុទ្ធគ្នាដោយប្រើអាវុធដែរ។ ក្រោយមកទៀត វានឹងលែងមានសង្រ្គាមទៀតហើយ។ អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ខ្ញុំ។ មនុស្សទាំងអស់នឹងប្រឈមមុខនឹងការជំនុំជម្រះរបស់ខ្ញុំ ហើយត្រូវរងទុក្ខល្ហិតល្ហៃនៅក្នុងចំណោមគ្រោះមហន្តរាយ។ ចូរឱ្យអស់អ្នកដែលប្រឆាំងខ្ញុំ ក៏ដូចជាអស់អ្នកដែលមិនផ្ដួចផ្ដើមសហការជាមួយខ្ញុំ ជួបនូវការឈឺចាប់ពីគ្រោះមហន្តរាយផ្សេងៗចុះ។ ចូរឱ្យពួកគេយំសោក និងសង្កៀតធ្មេញជារៀងរហូត ដោយបន្តនៅក្នុងភាពងងឹតអស់កល្បជានិច្ច។ ពួកគេនឹងមិនមានជីវិតរស់រានឡើយ។ ខ្ញុំប្រព្រឹត្តត្រង់ៗ និងរហ័សរហួន ហើយខ្ញុំមិនពិចារណាថា អ្នកបានស្មោះត្រង់ចំពោះខ្ញុំកម្រិតណាកាលពីអតីតកាលឡើយ។ ដរាបណាអ្នកប្រឆាំងនឹងខ្ញុំ នោះព្រះហស្តជំនុំជម្រះរបស់ខ្ញុំនឹងសម្ដែងសេចក្តីក្រោធទៅកាន់អ្នកវិញយ៉ាងឆាប់រហ័ស ដោយគ្មានការពន្យារពេល និងគ្មានក្ដីមេត្តាសោះឡើយ។ ខ្ញុំបានកំពុងតែមានបន្ទូលថា ខ្ញុំជាព្រះជាម្ចាស់ដែលគោរពតាមព្រះបន្ទូលរបស់ខ្ញុំ។ គ្រប់ទាំងព្រះបន្ទូលដែលខ្ញុំថ្លែងនឹងត្រូវបានសម្រេច ហើយខ្ញុំនឹងជួយឱ្យអ្នករាល់គ្នាមើលឃើញព្រះបន្ទូលនីមួយៗនោះ។ នេះហើយជាអត្ថន័យដ៏ពិតប្រាកដនៃការចូលទៅក្នុងការពិតនៅក្នុងអ្វីៗគ្រប់យ៉ាងនោះ។
ឱពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ គ្រោះមហន្តរាយដ៏ធំនឹងប្រាកដជាមិនធ្លាក់ទៅលើពួកកូនប្រុសរបស់ខ្ញុំឡើយ! ខ្ញុំនឹងមើលថែពួកកូនប្រុសរបស់ខ្ញុំនៅគ្រប់វិនាទី និងគ្រប់ពេលវេលា។ ប្រាកដណាស់ អ្នករាល់គ្នានឹងមិនចាំបាច់រងការឈឺចាប់ និងទុក្ខវេទនាបែបនេះឡើយ។ ផ្ទុយទៅវិញ គោលបំណងនៃទុក្ខវេទនានេះគឺដើម្បីប្រោសពួកកូនប្រុសរបស់ខ្ញុំឱ្យគ្រប់លក្ខណ៍ និងដើម្បីសម្រេចព្រះបន្ទូលរបស់ខ្ញុំនៅក្នុងពួកគេ។ ជាលទ្ធផល អ្នករាល់គ្នាអាចទទួលស្គាល់សព្វានុភាពរបស់ខ្ញុំ កាន់តែចម្រើនឡើងនៅក្នុងជីវិត រែកពន់បន្ទុកសម្រាប់ខ្ញុំកាន់តែឆាប់ ហើយដាក់ចិត្តដាក់កាយទាំងស្រុងរបស់អ្នករាល់គ្នា ទៅសម្រេចផែនការគ្រប់គ្រងរបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែអរសប្បាយ ទាំងរីករាយ និងមានក្ដីសុខ ដោយសារតែការនេះ។ ខ្ញុំនឹងប្រគល់អ្វីៗទាំងអស់ដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាគ្រប់គ្រង។ ខ្ញុំនឹងដាក់វានៅក្នុងដៃរបស់អ្នករាល់គ្នា។ បើកូនប្រុសត្រូវស្នងមរតកទាំងអស់ពីឪពុកគឺជាការពិតមែន តើវានឹងកាន់តែក្លាយជាការពិតសម្រាប់អ្នករាល់គ្នា ដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ ទៀតទេឬ? អ្នករាល់គ្នាមានពរយ៉ាងប្រាកដមែន។ ជាជាងរងគ្រោះមហន្តរាយដ៏ធំ អ្នកនឹងរីករាយព្រះពរដ៏អស់កល្បជានិច្ចវិញ។ រុងរឿងអ្វីម្ល៉េះ! រុងរឿងអ្វីម្ល៉េះទេ!
ចូរបង្កើនល្បឿនរបស់អ្នក ហើយដើរតាមដានព្រះបាទារបស់ខ្ញុំនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាចុះ។ កុំនៅក្រោយគេឡើយ។ ចូរឱ្យដួងចិត្តរបស់អ្នកដើរតាមព្រះហឫទ័យរបស់ខ្ញុំ ហើយចូរឱ្យគំនិតរបស់អ្នកដើរតាមព្រះតម្រិះរបស់ខ្ញុំ។ ចូរសហការជាមួយខ្ញុំ និងមានចិត្តថ្លើមតែមួយ។ ចូរបរិភោគជាមួយខ្ញុំ រស់នៅជាមួយខ្ញុំ និងរីករាយជាមួយខ្ញុំ។ ព្រះពរដ៏អស្ចារ្យកំពុងតែរង់ចាំឱ្យអ្នករាល់គ្នារីករាយ និងទទួលយកហើយ។ ដ្បិតនៅខាងក្នុងខ្ញុំមានភាពបរិបូរដែលគ្មានគូប្រៀបឡើយ។ សូម្បីតែភាពបរិបូរតែបន្ដិចក៏មិនត្រូវបានរៀបចំទុកសម្រាប់អ្នកផ្សេងដែរ។ ខ្ញុំធ្វើការនេះសម្រាប់តែពួកកូនប្រុសរបស់ខ្ញុំប៉ុណ្ណោះ។
ក្នុងពេលបច្ចុប្បន្ន អ្វីដែលខ្ញុំមាននៅក្នុងព្រះតម្រិះខ្ញុំគឺជាកិច្ចការដែលនឹងត្រូវសម្រេច។ ទម្រាំដល់ពេលដែលខ្ញុំបានមានបន្ទូលចប់ទៅកាន់អ្នករាល់គ្នា នោះកិច្ចការទាំងនោះនឹងបានបញ្ចប់រួចស្រេចទៅហើយ។ កិច្ចការពិតជាដំណើរការទៅយ៉ាងឆាប់រហ័ស ហើយវាកំពុងតែផ្លាស់ប្ដូរនៅគ្រប់វិនាទី។ បើអ្នកបែកអារម្មណ៍តែបន្ដិច នោះបាតុភូត «ងាកចេញពីស្នូលកណ្ដាល» នឹងកើតឡើង ហើយអ្នកនឹងត្រូវគ្រវែងហោះទៅទីឆ្ងាយ ចាកចេញពីចរន្តនេះ។ បើអ្នករាល់គ្នាមិនស្វែងរកយ៉ាងអស់ពីចិត្តទេ នោះអ្នកនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងដ៏លំបាករបស់ខ្ញុំក្លាយជាអសារបង់មិនខាន។ ទៅថ្ងៃអនាគត មនុស្សចេញពីប្រជាជាតិនានានឹងជួបជុំគ្នានៅគ្រប់ពេលវេលា៖ នៅកម្រិតបច្ចុប្បន្នរបស់អ្នករាល់គ្នា តើអ្នកនឹងអាចដឹកនាំពួកគេបានដែរឬទេ? ខ្ញុំនឹងបង្វឹកបង្ហាត់អ្នករាល់គ្នាយ៉ាងហ្មត់ចត់ឱ្យក្លាយជាទាហានដ៏ល្អនៅក្នុងអំឡុងពេលដ៏ខ្លីនេះ ដើម្បីឈានទៅសម្រេចបញ្ជាបេសកកម្មរបស់ខ្ញុំ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាថ្វាយសិរីល្អដល់ព្រះនាមខ្ញុំនៅក្នុងគ្រប់កិច្ចការទាំងអស់ និងធ្វើបន្ទាល់ដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ចូរឱ្យអស់អ្នកដែលពួកគេស្អប់ខ្ពើម ឈរនៅពីលើពួកគេនៅថ្ងៃនេះ ដើម្បីដឹកនាំ និងគ្រប់គ្រងពួកគេចុះ។ តើអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? តើអ្នកធ្លាប់យល់អំពីកិច្ចខិតខំប្រឹងប្រែងដែលខ្ញុំបានធ្វើដែរឬទេ? ខ្ញុំធ្វើកិច្ចការទាំងអស់នេះសម្រាប់អ្នករាល់គ្នា។ វាអាស្រ័យលើថាតើអ្នករាល់គ្នាអាចរីករាយនឹងព្រះពររបស់ខ្ញុំឬក៏អត់តែប៉ុណ្ណោះ។
ក្នុងនាមជាព្រះជាម្ចាស់ដែលឈ្វេងយល់គំនិត និងដួងចិត្តរបស់មនុស្សជាតិ ខ្ញុំធ្វើដំណើរដល់ចុងនៃផែនដី។ តើនរណានឹងមិនហ៊ានបម្រើខ្ញុំទៅ? ភាពតានតឹងមានកាន់តែខ្ពស់នៅក្នុងចំណោមប្រជាជាតិទាំងអស់ ហើយពួកគេប្រយុទ្ធគ្នា ទាំងចិត្តជូរចត់។ យ៉ាងណាមិញ នៅទីបំផុត ពួកគេនឹងមិនរួចពីកណ្ដាប់ព្រះហស្តរបស់ខ្ញុំឡើយ។ ខ្ញុំនឹងប្រាកដជាមិនបណ្ដោយឱ្យពួកគេរបូតទៅស្រួលៗឡើយ។ ខ្ញុំនឹងនាំពួកគេមកទទួលការជំនុំជម្រះម្ដងមួយៗ ស្របតាមសកម្មភាព ឋានៈលើផែនដី និងការសប្បាយរបស់ពួកគេនៅលើផែនដី។ ខ្ញុំនឹងមិនយោគយល់នរណាម្នាក់ឡើយ។ សេចក្តីក្រោធរបស់ខ្ញុំបានចាប់ផ្ដើមបើកសម្ដែងឱ្យឃើញ ហើយវានឹងធ្លាក់ទៅលើពួកគេជាក់ជាមិនខាន។ គ្រប់យ៉ាងនឹងត្រូវបានសម្រេចនៅក្នុងពួកគេម្ដងមួយៗ ហើយពួកគេនឹងនាំឱ្យការទាំងអស់នោះធ្លាក់ទៅលើពួកគេផ្ទាល់។ មនុស្សដែលមិនស្គាល់ខ្ញុំ ឬស្អប់ខ្ពើមខ្ញុំកាលពីអតីតកាល ឥឡូវនឹងទទួលការជំនុំជម្រះរបស់ខ្ញុំ។ ចំពោះអស់អ្នកដែលបានបៀតបៀនពួកកូនប្រុសរបស់ខ្ញុំវិញ ខ្ញុំនឹងវាយផ្ចាលពួកគេជាពិសេស ស្របទៅតាមពាក្យសម្ដី និងទង្វើពីអតីតកាលរបស់ពួកគេ។ ខ្ញុំនឹងមិនទុកឱ្យរួចខ្លួនសូម្បីតែកូនក្មេង ដ្បិតមនុស្សទាំងអស់នេះគឺជាប្រភេទតែមួយដូចសាតាំងដែរ។ ទោះបីពួកគេមិននិយាយ និងមិនធ្វើអ្វីសោះក៏ដោយ ក៏នៅក្នុងជម្រៅចិត្ត ពួកគេមានចិត្តស្អប់ចំពោះពួកកូនប្រុសរបស់ខ្ញុំ។ ខ្ញុំនឹងមិនទុកជីវិតឱ្យពួកគេណាម្នាក់ឡើយ។ ខ្ញុំនឹងធ្វើឱ្យពួកគេទាំងអស់ឃើញថា យើងដែលជាមនុស្សមួយក្រុមនេះ សោយរាជ្យ និងគ្រប់គ្រងអំណាចនាពេលសព្វថ្ងៃ គឺមិនមែនជាពួកគេឡើយ។ ដោយហេតុនេះ វាកាន់តែសំខាន់ទៀតដែលអ្នកត្រូវដាក់កម្លាំងរបស់អ្នកទាំងអស់ និងលះបង់គ្រប់យ៉ាងសម្រាប់ខ្ញុំ ដើម្បីឱ្យអ្នកអាចថ្វាយសិរីល្អ និងធ្វើបន្ទាល់សម្រាប់ព្រះនាមខ្ញុំនៅគ្រប់ទីកន្លែង គ្រប់ច្រកល្ហក គ្រប់សាសនា និងគ្រប់និកាយ ហើយផ្សព្វផ្សាយទៅកាន់ចក្កវាឡទាំងមូល និងដល់ចុងបំផុតនៃផែនដី!