កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ

មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់យើងនៅលើផែនដីនេះ ពោលគឺអ្វីដែលយើងសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលយើងត្រូវសម្រេចបាននៅក្នុងកិច្ចការនេះមុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយយើងរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់យើងទៀត នោះតើពួកគេមិនមែនដើរជាមួយយើងដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមយើង នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់យើង។ យើងបានធ្វើការនៅលើផែនដីអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏យើងនៅតែបន្ដបំពេញកិច្ចការរបស់យើងតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់យើងក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាយើងពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលយើងធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឲ្យដំណឹងល្អរបស់យើងកាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះយើងនៅតែបន្ដធ្វើកិច្ចការរបស់យើងតទៅទៀតដែរ គឺយើងបន្ដកិច្ចការដែលយើងត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលយើងមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់យើងក៏ដោយ ក៏យើងនៅតែបំពេញភារកិច្ចរបស់យើងដែរ ព្រោះគោលបំណងនៃកិច្ចការរបស់យើងមិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់យើងក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់យើង គឺដើម្បីជួយឲ្យមនុស្សកាន់តែស្ដាប់បង្គាប់យើង ហើយមុខងារនៃការដាក់ទោសរបស់យើង គឺដើម្បីឲ្យមនុស្សផ្លាស់ប្ដូរ កាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលយើងធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់យើងក៏ដោយ ក៏យើងមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះយើងសព្វព្រះហឫទ័យចង់ឲ្យជាតិសាសន៍ទាំងអស់ ក្រៅពីអ៊ីស្រាអែល ស្ដាប់បង្គាប់យើង ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឲ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឲ្យយើងអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់យើង គឺជាកិច្ចការដែលយើងកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់យើងដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត និងគោលដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាយើងនិយាយអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលយើងធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើគោលដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឲ្យកិច្ចការរបស់យើងរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឲ្យដំណឹងល្អរបស់យើងអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថា នៅពេលដែលកិច្ចការរបស់យើងរីកចម្រើន នោះយើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នាដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឲ្យដំណឹងល្អរបស់យើងបានផ្សព្វផ្សាយទៅពាសពេញលើផែនដី និងបានឮទៅដល់សាសន៍ដទៃ ដើម្បីឲ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមយើង ហើយដើម្បីឲ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់យើង។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់យើងនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់យើង ព្រមទាំងហៅយើងថាជាព្រះដែលមានគ្រប់ទាំងអំណាចព្រះចេស្ដាទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់យើង ហើយព្រះបន្ទូលរបស់យើងនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ យើងនឹងធ្វើឲ្យមនុស្សទាំងអស់ដឹងថា យើងមិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះរបស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលយើងបានដាក់បណ្ដាសាផង។ យើងនឹងឲ្យមនុស្សទាំងអស់ឃើញថា យើងគឺជាព្រះនៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់យើង ជាគោលបំណងនៃផែនការកិច្ចការរបស់យើងនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។ 

មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលយើងបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឲ្យមនុស្សឃើញ។ លើសពីនេះទៅទៀត មានតែនៅគ្រាឥឡូវនេះទេ ដែលយើងបានបង្ហាញអាថ៌កំបាំងនៃការគ្រប់គ្រងរបស់យើងពេញលេញទៅដល់មនុស្ស ហើយមនុស្សក៏បានដឹងពីគោលបំណងនៃកិច្ចការរបស់យើងដែរ ព្រមទាំងបានយល់ពីអាថ៌កំបាំងទាំងអស់របស់យើងផង។ យើងបានប្រាប់ដល់មនុស្សរួចហើយ អំពីអ្វីៗគ្រប់យ៉ាងនៃគោលដៅដែលពួកគេខ្វល់ខ្វាយ។ យើងបានលាតត្រដាងឲ្យមនុស្សដឹងពីអាថ៌កំបាំងទាំងអស់របស់យើង ជាអាថ៌កំបាំងដែលបានលាក់ទុកជាង៥៩០០ឆ្នាំមកហើយ។ តើព្រះយេហូវ៉ាជានរណា? តើព្រះមែស្ស៊ីជានរណា? តើព្រះយេស៊ូវជានរណា? អ្នករាល់គ្នាគួរតែដឹងពីរឿងទាំងអស់នេះហើយ។ កិច្ចការរបស់យើងគឺផ្ដោតសំខាន់ទៅលើឈ្មោះទាំងនេះ។ តើអ្នករាល់គ្នាបានយល់ពីការនោះដែរឬទេ? តើព្រះនាមដ៏បរិសុទ្ធរបស់យើង គួរតែត្រូវបានគេប្រកាសយ៉ាងដូចម្ដេច? តើព្រះនាមរបស់យើងគួរតែបានឮទៅដល់ជាតិសាសន៍ដែលបានអំពាវនាវរកយើង តាមព្រះនាមណាមួយរបស់យើង យ៉ាងដូចម្ដេច? កិច្ចការរបស់យើងកំពុងរីកចម្រើន ហើយយើងនឹងផ្សព្វផ្សាយពីភាពពេញលេញនៃកិច្ចការនេះទៅដល់គ្រប់ជាតិសាសន៍ទាំងអស់។ ដោយសារកិច្ចការរបស់យើងត្រូវបានអនុវត្តតាមរយៈអ្នករាល់គ្នា យើងនឹងវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់អ្នកគង្វាលនៃដំណាក់របស់ដាវីឌនៅក្នុងប្រទេសអ៊ីស្រាអែលដែរ ដោយធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅក្នុងគ្រប់ជាតិសាសន៍ទាំងអស់។ ដ្បិតនៅគ្រាចុងក្រោយ យើងនឹងកម្ទេចជាតិសាសន៍ទាំងអស់ឲ្យទៅជាគំនរបាក់បែក ហើយឲ្យប្រជាជននៃជាតិសាសន៍ទាំងអស់នោះ បែកខ្ញែកគ្នាជាថ្មី។ នៅពេលដែលយើងត្រឡប់មកវិញ ជាតិសាសន៍ទាំងអស់ត្រូវបានញែកចេញពីគ្នាតាមខ័ណ្ឌសីមាដែលបានកំណត់ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅរបស់យើងរួចទៅហើយ។ នៅគ្រានោះ យើងនឹងបង្ហាញខ្លួនឲ្យមនុស្សជាតិឃើញសាជាថ្មី ដូចជាព្រះអាទិត្យដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ទាំងបង្ហាញខ្លួនយើងដោយបើកចំហដល់ពួកគេ ក្នុងរូបអង្គជាព្រះដ៏បរិសុទ្ធមួយអង្គ ដែលពួកគេមិនធ្លាប់បានឃើញ ហើយក៏ដើរក្នុងចំណោមប្រជាជាតិជាច្រើន ដូចដែលយើងបានដើរក្នុងនាមជាព្រះយេហូវ៉ានៅក្នុងចំណោមពូជអំបូរយូដាដែរ។ ចាប់ពីពេលនោះតទៅ យើងនឹងដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីនេះ។ នៅទីនោះ ពួកគេនឹងមើលឃើញសិរីរុងរឿងរបស់យើង ហើយពួកគេនឹងមើលឃើញបង្គោលពពកមួយនៅក្នុងខ្យល់ដែលដឹកនាំជីវិតរបស់ពួកគេ ព្រោះយើងនឹងបង្ហាញខ្លួននៅកន្លែងដែលបរិសុទ្ធ។ មនុស្សនឹងឃើញថ្ងៃនៃសេចក្ដីសុចរិតរបស់យើង ហើយក៏ឃើញការបើកសម្ដែងដ៏រុងរឿងរបស់យើងដែរ។ ការនោះកើតឡើងនៅពេលដែលយើងសោយរាជ្យលើផែនដីទាំងមូល ហើយយើងនឹងនាំកូនប្រុសៗជាច្រើនរបស់យើងចូលទៅក្នុងសិរីរុងរឿង។ មនុស្សគ្រប់ទីកន្លែងនៅលើផែនដីនឹងឱនក្រាបចុះ ហើយរោងឧបោសថរបស់យើងនឹងត្រូវសាងសង់ឡើងយ៉ាងមាំនៅកណ្ដាលមនុស្សជាតិ គឺនៅលើថ្មដានៃកិច្ចការដែលយើងបំពេញសព្វថ្ងៃនេះ។ មនុស្សក៏នឹងបម្រើយើងនៅក្នុងព្រះវិហារដែរ។ យើងនឹងកម្ទេចអាសនាដែលគ្របដណ្ដប់ដោយរបស់ស្មោកគ្រោក និងគួរឲ្យស្អប់ខ្ពើម ទៅជាបំណែកតូចៗ ហើយសាងសង់ឡើងជាថ្មី។ គេនឹងយកកូនចៀម ព្រមទាំងកូនគោដែលទើបកើតថ្មីៗទៅដាក់នៅលើអាសនាបរិសុទ្ធ។ យើងនឹងបំផ្លាញព្រះវិហារសព្វថ្ងៃនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយ។ ព្រះវិហារដែលឈរនៅពេលនេះ ជាព្រះវិហារដែលសម្បូរដោយមនុស្សគួរឲ្យស្អប់ខ្ពើម នឹងត្រូវដួលរលំចុះ ហើយយើងនឹងសាងសង់ព្រះវិហារថ្មីមួយដែលពេញដោយអ្នកបម្រើដែលស្មោះត្រង់ចំពោះយើង។ ពួកគេនឹងក្រោកឈរឡើងជាថ្មី ហើយបម្រើដល់យើង សម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងនៃព្រះវិហាររបស់យើង។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលយើងទទួលសិរីរុងរឿងដ៏អស្ចារ្យយ៉ាងពិតប្រាកដ ហើយអ្នករាល់គ្នាក៏នឹងឃើញថ្ងៃដែលយើងបំផ្លាញព្រះវិហារនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយឡើងវិញ យ៉ាងពិតប្រាកដដែរ។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលរោងឧបោសថរបស់យើងចូលមកដល់ពិភពលោករបស់មនុស្ស យ៉ាងពិតប្រាកដ។ កាលណាយើងកម្ទេចព្រះវិហារនេះចោល នោះយើងនឹងនាំយករោងឧបោសថរបស់យើង ចូលមកក្នុងពិភពលោករបស់មនុស្ស ដូចដែលពួកគេមើលឃើញការយាងមកដល់របស់យើងដែរ។ ក្រោយពេលដែលយើងកម្ទេចជាតិសាសន៍ទាំងអស់ហើយ យើងនឹងប្រមូលពួកគេមកជួបជុំគ្នាជាថ្មី ហើយសាងសង់ព្រះវិហារ និងអាសនារបស់យើងឡើងវិញ ដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយយញ្ញបូជាដល់យើង បម្រើយើងនៅក្នុងព្រះវិហារ ព្រមទាំងលះបង់ ចំពោះកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃ ដោយស្មោះត្រង់។ ពួកគេនឹងបានដូចជនជាតិអ៊ីស្រាអែលនៅពេលបច្ចុប្បន្ន ដែលប្រដាប់កាយដោយសម្លៀកបំពាក់របស់សង្ឃ និងមកុដ មានទាំងសិរីរុងរឿងរបស់យើងដែលជាព្រះយេហូវ៉ា នៅកណ្ដាលចំណោមពួកគេផង ហើយឫទ្ធានុភាពរបស់យើងក៏នៅរេរាលើពួកគេ និងនៅជាប់ជាមួយពួកគេដែរ។ កិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃក៏នឹងអនុវត្តតាមរបៀបដូចគ្នានេះដែរ។ ដែលយើងអនុវត្តកិច្ចការរបស់យើងនៅក្នុងប្រទេសអ៊ីស្រាអែលជាយ៉ាងណា នោះយើងក៏នឹងអនុវត្តវានៅក្នុងចំណោមសាសន៍ដទៃយ៉ាងនោះដែរ ព្រោះយើងនឹងពង្រីកកិច្ចការរបស់យើងនៅក្នុងប្រទេសអ៊ីស្រាអែល ហើយផ្សព្វផ្សាយកិច្ចការនេះទៅដល់សាសន៍ដទៃទាំងអស់។ 

ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់យើងធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលយើងបំពេញកិច្ចការរបស់យើងនៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលយើងត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឲ្យកិច្ចការរបស់យើងដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលយើងស្នើសុំពីអ្នករាល់គ្នា គឺឲ្យអ្នកលះបង់ ដើម្បីកិច្ចការទាំងអស់របស់យើង ហើយលើសពីនេះទៅទៀត គឺឲ្យអ្នកយល់ច្បាស់ពីការងារទាំងអស់ដែលយើងបានធ្វើនៅក្នុងអ្នក ហើយធ្វើនូវកិច្ចការជាក់លាក់ទាំងអស់នោះ ព្រមទាំងប្រឹងឲ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់យើងផង ដើម្បីឲ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នាទៅវិញទៅមកក្នុងចំណោមអ្នករាល់គ្នា ដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់យើង និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះ គឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឲ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួងដែលអ្នកពិបាកនឹងដកខ្លួនចេញ ហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។ នៅពេលនោះ ថ្ងៃរបស់យើងនឹងចូលមកជិតមនុស្ស។ តើអ្នកនឹងរត់គេចពីការជំនុំជម្រះរបស់យើងបានយ៉ាងដូចម្ដេច? តើអ្នកអាចនឹងទ្រាំទ្រនៅក្រោមកម្ដៅព្រះអាទិត្យដែលឆេះយ៉ាងសន្ធោសន្ធៅយ៉ាងដូចម្ដេច? នៅពេលដែលយើងប្រគល់ភាពបរិបូររបស់យើងទៅឲ្យមនុស្ស គេមិនបានឱបវាជាប់នឹងដើមទ្រូងរបស់គេដោយក្ដីស្រឡាញ់ទេ ប៉ុន្ដែពួកគេបែរជាបោះវាចោលទៅកន្លែងមួយដែលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ នៅពេលដែលថ្ងៃរបស់យើងធ្លាក់មកលើមនុស្ស គេនឹងមិនអាចរកឃើញភាពបរិបូររបស់យើងទៀតឡើយ តែគេនឹងរកឃើញពាក្យដ៏ជូរចត់នៃសេចក្ដីពិត ដែលយើងបាននិយាយទៅកាន់គេតាំងពីយូរមកហើយ។ គេនឹងស្រែកថ្ងូរ ហើយយំសោក ព្រោះគេបានបាត់បង់នូវពន្លឺដ៏ត្រចះត្រចង់ ហើយបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់យើងប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់យើង ឬក៏អណ្ដាតភ្លើងដែលយើងបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខយើង។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយយើងនៅក្នុងដំណាក់របស់យើង ដោយប្រើអណ្ដាតមនុស្សរបស់អ្នកមកប្រកែកនឹងអ្វីដែលយើងបានមានបន្ទូលដោយព្រះឱស្ឋរបស់យើងផ្ទាល់។ មនុស្សមិនកោតខ្លាចយើងទេ ហើយទោះបីជាគេនៅតែបន្ដស្អប់យើងរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានការកោតខ្លាចអ្វីដែរ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឲ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខយើងដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា យើងកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខយើង គឺយើងបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់យើង និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់យើង ប៉ុន្ដែយើងមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ យើងសព្វព្រះហឫទ័យឲ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់យើង ប្រយោជន៍ឲ្យយើងអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់យើង ហើយការជំនុំជម្រះរបស់យើងមិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់យើងគឺត្រូវដុតបញ្ឆះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្ស ដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់យើង។ តាមរយៈការធ្វើបែបនេះ(ក) នៅពេលដែលយើងចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះយើង ហើយនឹងនៅតែបម្រើយើង ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់យើងធ្វើការបម្រើនៅក្នុងកិច្ចការរបស់យើងដែរ ដោយអនុញ្ញាតឲ្យកិច្ចការរបស់យើងនៅលើផែនដីនេះបន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។ 

សម្គាល់៖

ក. អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ» ទេ។

ខាង​ដើម៖ ព្រះអង្គសង្គ្រោះ បានយាងត្រឡប់មកវិញនៅលើ «ពពកស» មួយដុំ

បន្ទាប់៖ កិច្ចការនៅក្នុងសម័យក្រឹត្យវិន័យ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ