ជំពូកទី ៤៥
ខ្ញុំធ្លាប់បានជ្រើសរើសទំនិញដ៏ល្អយកមករក្សាទុកនៅក្នុងដំណាក់របស់ខ្ញុំ នោះទើបក្នុងដំណាក់នេះនឹងមានភាពភោគទ្រព្យដែលរកប្រដូចគ្មាន ដូច្នេះហើយ ដំណាក់នេះត្រូវបានតុបតែងលម្អ ហើយធ្វើឱ្យខ្ញុំបានទទួលភាពរីករាយ។ ប៉ុន្តែ ដោយសារតែអាកប្បកិរិយារបស់មនុស្សចំពោះខ្ញុំ ហើយដោយសារតែការជំរុញចិត្តរបស់មនុស្ស នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីទុកកិច្ចការនេះមួយឡែក ហើយធ្វើកិច្ចការផ្សេងឡើយ។ ខ្ញុំនឹងប្រើប្រាស់ការជំរុញទឹកចិត្តរបស់មនុស្ស ដើម្បីសម្រេចកិច្ចការរបស់ខ្ញុំ ខ្ញុំនឹងប្រើប្រាស់របស់សព្វសារពើដើម្បីបម្រើខ្ញុំ ហើយជាលទ្ធផល បណ្ដាលឱ្យដំណាក់របស់ខ្ញុំលែងចាស់ និងលែងកំសត់ទៀតហើយ។ ខ្ញុំធ្លាប់ទតមើលក្នុងចំណោមមនុស្ស៖ គ្រប់យ៉ាងដែលជារបស់សាច់ និងឈាមគឺស្ថិតនៅក្នុងភាពស្រឡាំងកាំង ហើយគ្មានអ្វីមួយមានបទពិសោធន៍នឹងព្រះពរនៃអត្ថិភាពរបស់ខ្ញុំឡើយ។ មនុស្សរស់កណ្ដាលព្រះពរ ប៉ុន្តែពួកគេមិនដឹងថា ពួកគេមានព្រះពរបែបណាឡើយ។ ប្រសិនបើព្រះពររបស់ខ្ញុំចំពោះមនុស្សជាតិមិនមានរហូតដល់បច្ចុប្បន្ននេះទេ តើនរណាក្នុងចំណោមនុស្សជាតិអាចស្ថិតនៅរហូតដល់បច្ចុប្បន្នហើយមិនស្លាប់នោះ? ដែលមនុស្សរស់នៅគឺជាព្រះពររបស់ខ្ញុំ ហើយវាមានន័យថាគេរស់នៅក្នុងព្រះពររបស់ខ្ញុំ ដោយសារតែដើមឡើយ គេគ្មានអ្វីសោះ ហើយដោយសារតែដើមឡើយ គេគ្មានធនធានដើម្បីរស់នៅលើផែនដី និងក្រោមមេឃឡើយ។ បច្ចុប្បន្ននេះ ខ្ញុំបន្តជួយមនុស្ស ហើយដោយសារតែកិច្ចការនេះប៉ុណ្ណោះ ទើបមនុស្សឈរនៅខាងមុខខ្ញុំ ដោយមានសំណាងគ្រប់គ្រាន់ដើម្បីរត់គេចពីសេចក្ដីស្លាប់។ មនុស្សបានសរុបអំពីអាថ៌កំបាំងនៃអត្ថិភាពរបស់មនុស្ស ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់ដឹងថា នេះគឺជាព្រះពររបស់ខ្ញុំឡើយ។ ជាលទ្ធផល មនុស្សទាំងអស់ដាក់បណ្ដាសាភាពអយុត្តិធម៌នៅក្នុងលោកីយ៍ ហើយពួកគេទាំងអស់រអ៊ូរទាំដាក់ខ្ញុំ ដោយសារតែភាពគ្មានសេចក្ដីសុខនៅក្នុងជីវិតរបស់ពួកគេ។ បើមិនដើម្បីព្រះពររបស់ខ្ញុំទេ តើនរណានឹងត្រូវបានឃើញនៅបច្ចុប្បន្ននេះ? មនុស្សទាំងអស់រអ៊ូរទាំដាក់ខ្ញុំ ពីព្រោះពួកគេមិនអាចរស់នៅក្នុងភាពស្រាកស្រាន្ដបាន។ ប្រសិនបើជីវិតរបស់មនុស្សភ្លឺ និងរហើយ ប្រសិនបើ «ភាពរហើយនៅរដូវផ្ការីក» ដ៏កក់ក្ដៅត្រូវបានបញ្ជូនចូលទៅក្នុងដួងចិត្តរបស់មនុស្ស ដែលបណ្ដាលឱ្យមានសេចក្ដីពេញចិត្តដ៏ឥតប្រៀបផ្ទឹមបាននៅក្នុងរូបកាយទាំងមូលរបស់គេ ហើយមិនឱ្យគេមានការឈឺចាប់សូម្បីតែបន្តិច នោះតើនរណាក្នុងចំណោមមនុស្សអាចស្លាប់ដោយការរអ៊ូរទាំ? ខ្ញុំមានការលំបាកយ៉ាងខ្លាំងក្នុងការទទួលបានភាពស្មោះស្ម័គ្រដ៏ពិតប្រាកដរបស់មនុស្ស ដោយសារមនុស្សមានល្បិចកលដ៏ប៉ិនប្រសប់ជាច្រើន ល្មមគ្រប់គ្រាន់ នឹងធ្វើឱ្យមនុស្សម្នាក់វិលក្បាល។ ប៉ុន្តែនៅពេលដែលខ្ញុំលើកឡើងនូវការជំទាស់ចំពោះពួកគេ ពួកគេបង្ហាញការមិនរាប់រកចំពោះខ្ញុំ ហើយពួកគេមិនយកចិត្តទុកដាក់ចំពោះខ្ញុំឡើយ ដ្បិតការជំទាស់របស់ខ្ញុំបានប៉ះពាល់ព្រលឹងរបស់ពួកគេ ដែលធ្វើឱ្យពួកគេស្ពឹកតាំងពីក្បាលរហូតដល់ចុងជើង ដូច្នេះហើយបានជាមនុស្សស្អប់អត្ថិភាពរបស់ខ្ញុំ ដោយសារខ្ញុំតែងតែសព្វព្រះទ័យ «ធ្វើទារុណកម្ម» ពួកគេ។ ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ មនុស្សច្រៀង និងរាំ។ ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ ពួកគេឱនក្បាលរបស់ពួកគេដោយស្ងៀមស្ងាត់។ ហើយដោយសារតែព្រះបន្ទូលរបស់ខ្ញុំ ពួកគេផ្ទុះចេញនូវការយំសោក។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មនុស្សអស់សង្ឃឹម។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ពួកគេទទួលបានពន្លឺសម្រាប់ការរស់រានមានជីវិត។ ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ ពួកគេប្រែចុះប្រែឡើង យប់ថ្ងៃដេកមិនលក់ ហើយដោយសារតែព្រះបន្ទូលរបស់ខ្ញុំ ពួកគេប្រញាប់ប្រញាល់គ្រប់ទីកន្លែង។ ព្រះបន្ទូលរបស់ខ្ញុំបោះមនុស្សទៅក្នុងស្ថានឃុំព្រលឹង ក្រោយមកបោះពួកគេទៅក្នុងការវាយផ្ចាល ប៉ុន្តែមនុស្សរីករាយនឹងព្រះពររបស់ខ្ញុំដោយមិនដឹងខ្លួន។ តើមនុស្សអាចសម្រេចបានរឿងនេះទេ? តើវានឹងមកជំនួសការប្រឹងប្រែងដ៏ឥតនឿយហត់របស់មនុស្សឬទេ? តើនរណាអាចរត់គេចពីការចាត់ចែងនៃព្រះបន្ទូលរបស់ខ្ញុំបាន? ដូច្នេះ ដោយសារតែការបរាជ័យរបស់មនុស្ស នោះខ្ញុំប្រទានព្រះបន្ទូលរបស់ខ្ញុំដល់មនុស្សជាតិ ដែលបណ្ដាលឱ្យភាពខ្វះខាតរបស់មនុស្សត្រូវបានចិញ្ចឹមដោយសារព្រះបន្ទូលរបស់ខ្ញុំ ដែលនាំយកនូវភោគទ្រព្យឥតផ្ទឹមបានដល់ជីវិតរបស់មនុស្សជាតិ។
ខ្ញុំតែងតែពិនិត្យពិច័យពាក្យសម្ដី និងសកម្មភាពរបស់មនុស្ស។ នៅក្នុងឥរិយាបថ និងការសម្ដែងទឹកមុខរបស់ពួកគេ ខ្ញុំបានរកឃើញ «អាថ៌កំបាំង» ជាច្រើន។ នៅក្នុងការប្រាស្រ័យទាក់ទងរបស់មនុស្សជាមួយអ្នកដទៃ «រូបមន្តដ៏អាថ៌កំបាំង» លេចធ្លោរឡើងយ៉ាងជាក់ស្ដែង ដូច្នេះហើយ នៅពេលដែលខ្ញុំទាក់ទងជាមួយមនុស្ស អ្វីដែលខ្ញុំទទួលបានគឺ «រូបមន្ដដ៏អាថ៌កំបាំងនៃអន្ដរកម្មរបស់មនុស្ស» ដែលបង្ហាញថា មនុស្សមិនស្រឡាញ់ខ្ញុំឡើយ។ ខ្ញុំតែងតែស្ដីបន្ទោសមនុស្សដោយសារតែភាពបរាជ័យរបស់ពួកគេ ប៉ុន្តែខ្ញុំអាចទទួលបានសេចក្ដីទុកចិត្តរបស់គេ។ មនុស្សមិនចង់ឱ្យខ្ញុំសម្លាប់គេទេ ដោយសារតែ «រូបមន្ដដ៏អាថ៌កំបាំងនៃអន្ដរកម្មរបស់មនុស្ស» របស់មនុស្ស មិនដែលត្រូវបានរកឃើញថា មនុស្សបានទទួលរងគ្រោះមហន្តរាយដែលបណ្ដាលឱ្យស្លាប់ឡើយ។ គេគ្រាន់តែទទួលរងទុក្ខនឹងបរាជ័យមួយចំនួនតូចប៉ុណ្ណោះ ក្នុងអំឡុងពេលនៃភាពអកុសល។ មនុស្សស្រែកយំដោយសារតែព្រះបន្ទូលរបស់ខ្ញុំ ហើយការអង្វរកររបស់ពួកគេតែងតែមានការប្ដឹងផ្ដល់អំពីភាពគ្មានមេត្តាករុណារបស់ខ្ញុំ។ វាហាក់ដូចជាពួកគេទាំងអស់កំពុងតែស្រាវជ្រាវរក «សេចក្ដីស្រឡាញ់» ដ៏ពិតរបស់ខ្ញុំចំពោះមនុស្សអ៊ីចឹង ប៉ុន្តែធ្វើដូចម្ដេចទើបពួកគេរកឃើញសេចក្ដីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះបន្ទូលដ៏តឹងរ៉ឹងរបស់ខ្ញុំបាន? ជាលទ្ធផល ពួកគេតែងតែបាត់បង់សេចក្ដីសង្ឃឹម ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ។ វាហាក់ដូចជា ដរាបណាពួកគេអានព្រះបន្ទូលរបស់ខ្ញុំ ពួកគេសង្កេតមើល «អ្នកច្រូតកាត់ដ៏តឹងតែង» អ៊ីចឹង ដូច្នេះហើយពួកគេញ័រដោយការភ័យខ្លាច។ ការណ៍នេះធ្វើឱ្យខ្ញុំមិនសប្បាយព្រះទ័យឡើយ។ ហេតុអ្វីបានជាមនុស្សនៃសាច់ឈាមដែលរស់នៅកណ្ដាលសេចក្ដីស្លាប់ តែងតែភ័យខ្លាចសេចក្ដីស្លាប់អ៊ីចឹង? តើមនុស្ស និងសេចក្ដីស្លាប់ជាសត្រូវដ៏ល្វីងជូរចត់ឬ? ហេតុអ្វីបានជាការភ័យខ្លាចនៃសេចក្ដីស្លាប់ តែងតែបណ្ដាលឱ្យមានទុក្ខព្រួយនៅក្នុងមនុស្ស? នៅក្នុងបទពិសោធន៍ «ដែលប្លែកពីធម្មតា» នៃជីវិតរបស់ពួកគេ តើពួកគេគ្រាន់តែមានបទពិសោធន៍តិចតួចអំពីសេចក្ដីស្លាប់ឬ? នៅក្នុងអ្វីដែលពួកគេនិយាយ ហេតុអ្វីបានជាមនុស្សតែងតែរអ៊ូរទាំដាក់ខ្ញុំ? ដូច្នេះ ខ្ញុំសង្ខេបនូវពាក្យស្លោកទីបួនសម្រាប់ជីវិតរបស់មនុស្ស៖ មនុស្សមានការស្ដាប់បង្គាប់ចំពោះខ្ញុំតិចបំផុត ដូច្នេះហើយបានជាពួកគេតែងតែស្អប់ខ្ញុំ។ ដោយសារតែសេចក្ដីស្អប់របស់មនុស្ស ខ្ញុំតែងតែចាកចេញ។ ហេតុអ្វីបានជាខ្ញុំត្រូវតែដាក់អង្គឯងជាកម្មវត្ថុនៃរឿងនេះ? ហេតុអ្វីបានជាខ្ញុំត្រូវតែបង្កឱ្យមានសេចក្ដីស្អប់នៅក្នុងមនុស្សជានិច្ច? ដោយសារមនុស្សមិនស្វាគមន៍អត្ថិភាពរបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅយ៉ាងអាម៉ាស់នៅក្នុងផ្ទះរបស់មនុស្ស? ខ្ញុំគ្មានជម្រើសអ្វីក្រៅពីយក «វ៉ាលី» របស់ខ្ញុំ ហើយចាកចេញពីមនុស្សឡើយ។ ប៉ុន្តែមនុស្សមិនអាចអត់ទ្រាំឱ្យខ្ញុំទៅទេ ហើយពួកគេមិនដែលចង់ឱ្យខ្ញុំចាកចេញឡើយ។ ពួកគេទ្រហោយំ និងយំខ្សឹកខ្សួលដោយភ័យខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងចាកចេញ ហើយថាយ៉ាងនោះពួកគេនឹងបាត់បង់អ្វីដែលពួកគេពឹងផ្អែកលើដើម្បីរស់នៅ។ ដោយមើលឃើញការសម្លឹងដ៏អង្វរកររបស់ពួកគេ នោះព្រះទ័យរបស់ខ្ញុំក៏ទន់។ នៅកណ្ដាលមហាសមុទ្រនៃលោកីយ៍ តើនរណាអាចស្រឡាញ់ខ្ញុំបាន? មនុស្សត្រូវបានគ្របដណ្ដប់ដោយទឹកដ៏ល្អក់ ហ៊ុំព័ទ្ធដោយកម្លាំងរបស់សមុទ្រ។ ខ្ញុំស្អប់ការមិនស្ដាប់បង្គាប់របស់មនុស្ស ប៉ុន្តែខ្ញុំក៏មានអារម្មណ៍អាណិតអាសូរចំពោះភាពអកុសលរបស់មនុស្សជាតិទាំងអស់ដែរ សរុបមក ចំពោះមនុស្ស គឺនៅតែជាជនរងគ្រោះដដែល។ តើខ្ញុំអាចបោះមនុស្សទៅក្នុងទឹកម្ដេចនឹងកើត នៅពេលដែលគេទន់ខ្សោយ ហើយគ្មានកម្លាំងកំហែង? តើខ្ញុំសាហាវណាស់ឬ ដែលទាត់គេនៅពេលដែលគេដួល? តើព្រះទ័យរបស់ខ្ញុំឥតមេត្តាឬ? វាដោយសារតែអាកប្បកិរិយារបស់ខ្ញុំចំពោះមនុស្សជាតិ ដែលមនុស្សចូលក្នុងយុគសម័យនេះជាមួយខ្ញុំ ហើយវាដោយសារតែរឿងនេះ ទើបគេបានរំលងយប់ និងថ្ងៃដ៏ពិសេសទាំងនេះជាមួយខ្ញុំ។ បច្ចុប្បន្ននេះ មនុស្សស្ថិតនៅក្នុងភាពសប្បាយរីករាយលើសលប់ ពួកគេមានញាណនៃសេចក្ដីស្រឡាញ់របស់ខ្ញុំកាន់តែច្រើន ហើយពួកគេស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ដោយសារតែមានជីវិតនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេឈប់ជាកូនដែលខ្ជះខ្ជាយ ដែលដើររសាត់ព្រាត់ទៅចុងបំផុតនៃផែនដីទៀតហើយ។
នៅគ្រាដែលខ្ញុំរស់នៅជាមួយមនុស្ស មនុស្សពឹងផ្អែកលើខ្ញុំ ហើយដោយសារតែខ្ញុំគិតគូរអំពីមនុស្សនៅក្នុងរបស់សព្វសារពើ ព្រមទាំងផ្ចិតផ្ចង់នៅក្នុងការថែរក្សារបស់ខ្ញុំចំពោះគេ នោះមនុស្សរស់នៅក្នុងការឱបក្រសោបដ៏កក់ក្ដៅរបស់ខ្ញុំ ដោយមិនទ្រាំនឹងខ្យល់បក់ ភ្លៀងគំហុក ឬព្រះអាទិត្យដ៏ក្ដៅណាមួយឡើយ។ មនុស្សរស់នៅក្នុងសេចក្ដីសុខ ហើយចាត់ទុកខ្ញុំជាអ្នកម្ដាយជាទីស្រឡាញ់។ មនុស្សគឺដូចនឹងបុប្ផានៅក្នុងផ្ទះកញ្ចក់ ដែលមិនអាចទ្រាំទ្រនឹងការវាយលុករបស់ «គ្រោះធម្មជាតិ» បានឡើយ គឺមិនដែលអាចឈរយ៉ាងរឹងមាំឡើយ។ ដូច្នេះ ខ្ញុំដាក់ពួកគេនៅកណ្ដាលការល្បងលរបស់សមុទ្រដែលកំពុងបក់បោក ហើយពួកគេមិនអាចជួយអ្វីបានក្រៅពី «កម្រើក» ឥតឈប់ឡើយ។ យ៉ាងជាក់ស្ដែង ពួកគេគ្មានកម្លាំងដើម្បីទប់ទាល់តែសោះ ហើយដោយសារតែកម្ពស់របស់ពួកគេខ្វះខាតពេក ហើយរាងកាយរបស់ពួកគេទន់ខ្សោយពេក ទើបខ្ញុំមានព្រះទ័យជ្រាបពីបន្ទុកនោះ។ ដូច្នេះ មនុស្សត្រូវបានកំណត់ជាកម្មវត្ថុនៃការល្បងលរបស់ខ្ញុំដោយមិនដឹងខ្លួន ដោយសារតែពួកគេផុយស្រួយខ្លាំងពេក ហើយមិនអាចឈរនៅក្នុងខ្យល់ដែលកំពុងបក់បោក និងឈរនៅក្នុងព្រះអាទិត្យដ៏ក្ដៅបាន។ តើនេះមិនមែនជាកិច្ចការរបស់ខ្ញុំនៅពេលបច្ចុប្បន្នទេឬ? ហេតុអ្វីបានជានៅពេលប្រឈមនឹងការល្បងលរបស់ខ្ញុំ មនុស្សតែងតែស្រក់ទឹកភ្នែក? តើខ្ញុំកំពុងធ្វើដាក់ពួកគេដោយអយុត្តិធម៌ឬ? តើខ្ញុំកំពុងតែសម្លាប់ពួកគេដោយចេតនាឬ? ហេតុអ្វីបានជាសភាពរបស់មនុស្សដែលគួរឱ្យស្រឡាញ់ ស្លាប់ មិនដែលអាចរស់ឡើងវិញបាន? មនុស្សតែងតែចាប់ខ្ញុំ ហើយមិនឱ្យខ្ញុំចាកចេញឡើយ។ ដោយសារតែពួកគេមិនដែលអាចរស់នៅដោយខ្លួនឯងបាន នោះពួកគេតែងតែឱ្យព្រះហស្ដរបស់ខ្ញុំដឹកនាំពួកគេ ដោយភ័យខ្លាចអ្នកផ្សេងយកពួកគេ។ តើជីវិតទាំងមូលរបស់ពួកគេមិនត្រូវបានដឹកនាំដោយខ្ញុំទេឬ? ក្នុងអំឡុងពេលជីវិតដ៏ជ្រួលច្របល់របស់ពួកគេ ខណៈដែលពួកគេឆ្លងកាត់កំពូលភ្នំ និងជ្រលងភ្នំ នោះពួកគេបានទទួលបទពិសោធន៍អំពីការរំភើបចិត្តជាច្រើន។ តើនេះមិនបានមកពីព្រះហស្ដរបស់ខ្ញុំទេឬ? ហេតុអ្វីបានជាមនុស្សមិនដែលអាចយល់ពីព្រះទ័យរបស់ខ្ញុំ? ហេតុអ្វីបានជាបំណងល្អរបស់ខ្ញុំតែងតែត្រូវបានពួកគេយល់ច្រឡំទៅវិញ? ហេតុអ្វីបានជាកិច្ចការរបស់ខ្ញុំមិនអាចដំណើរការយ៉ាងរលូននៅលើផែនដី? ដោយសារភាពទន់ខ្សោយរបស់មនុស្ស នោះខ្ញុំតែងតែចៀសចេញពីមនុស្ស ដែលធ្វើឱ្យខ្ញុំពេញដោយទុក្ខព្រួយ៖ ហេតុអ្វីបានជាជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ មិនត្រូវបានអនុវត្តនៅក្នុងមនុស្ស? ដូច្នេះ ខ្ញុំនៅស្ងៀម ដោយថ្លឹងថ្លែងអំពីគេយ៉ាងប្រុងប្រយ័ត្ន៖ ហេតុអ្វីបានខ្ញុំធ្លាប់ត្រូវបានរំខានដោយភាពខ្វះខាតរបស់មនុស្ស? ហេតុអ្វីបានជាតែងតែមានឧបសគ្គចំពោះកិច្ចការរបស់ខ្ញុំ។ បច្ចុប្បន្ន ខ្ញុំមិនទាន់បានរកឃើញចម្លើយពេញលេញនៅក្នុងមនុស្សទេ ដោយសារមនុស្សតែងតែប្រែប្រួលជានិច្ច គេមិនដែលធម្មតាទេ។ គេស្អប់ខ្ញុំដល់ឆ្អឺងរបស់គេ ហើយគេក៏មានសេចក្ដីស្រឡាញ់បំផុតចំពោះខ្ញុំដែរ។ ខ្ញុំដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏សាមញ្ញ មិនអាចអត់ទ្រាំនឹងការធ្វើទារុណកម្មបែបនេះពីមនុស្សបានឡើយ។ ដោយសារតែមនុស្សតែងតែមិនប្រក្រតីផ្នែកសតិ នោះខ្ញុំហាក់ដូចជាខ្លាចមនុស្សតិចតួចដែរ ដូច្នេះហើយ ការទតមើលចលនានីមួយរបស់គេ ធ្វើឱ្យខ្ញុំគិតដល់ភាពមិនប្រក្រតី។ ខ្ញុំបានរកឃើញដោយអចេតនា នូវអាថ៌កំបាំងនៅក្នុងមនុស្ស៖ វារកឃើញថា មានមេគំនិតនៅពីក្រោយគេ។ ជាលទ្ធផល មនុស្សតែងតែក្លាហាន ហើយជឿជាក់ ហាក់ដូចជាពួកគេបានធ្វើអ្វីមួយត្រឹមត្រូវអ៊ីចឹង។ ដូច្នេះ មនុស្សតែងតែធ្វើពុតជាមនុស្សពេញវ័យ ហើយពួកគេនិយាយផ្អែមល្ហែមដាក់ «ក្មេងតូច»។ ដោយទតមើលការក្លែងបន្លំរបស់មនុស្ស នោះខ្ញុំមិនអាចជួយអ្វីបានក្រៅពីកើតសេចក្ដីខ្ញាល់ឡើយ៖ ហេតុអ្វីបានជាមនុស្សមិនស្រឡាញ់ និងមិនគោរពខ្លួនឯង? ហេតុអ្វីបានជាពួកគេមិនស្គាល់ខ្លួនឯង? តើព្រះបន្ទូលរបស់ខ្ញុំស្លាប់ហើយឬ? តើព្រះបន្ទូលរបស់ខ្ញុំជាសត្រូវរបស់មនុស្សឬ? ហេតុអ្វីបានជានៅពេលដែលពួកគេអានព្រះបន្ទូលរបស់ខ្ញុំ មនុស្សកើតការតូចចិត្តចំពោះខ្ញុំ? ហេតុអ្វីបានជាមនុស្សតែងតែបន្ថែមគំនិតផ្ទាល់ខ្លួនរបស់ពួកគទៅក្នុងព្រះបន្ទូលរបស់ខ្ញុំ? តើខ្ញុំគ្មានហេតុផលទាល់តែសោះឬចំពោះមនុស្ស? មនុស្សទាំងអស់គួរតែគិតឱ្យល្អិតល្អន់អំពីរឿងនេះ និងអំពីអ្វីដែលមាននៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩២