ជំពូកទី ១៣
នៅក្នុងព្រះបន្ទូល និងព្រះសូរសៀងរបស់ខ្ញុំ គឺបង្កប់ទៅដោយបំណងព្រះហឫទ័យរបស់ខ្ញុំជាច្រើន ប៉ុន្តែមនុស្សមិនដឹង និងមិនយល់អ្វីសោះអំពីការនេះ។ ពួកគេនៅតែទទួលយកព្រះបន្ទូលរបស់ខ្ញុំពីខាងក្រៅ និងធ្វើតាមព្រះបន្ទូលនោះពីខាងក្រៅ ហើយពួកគេមិនយល់ព្រះហឫទ័យរបស់ខ្ញុំ ឬដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំចេញពីខាងក្នុងព្រះបន្ទូលរបស់ខ្ញុំនោះទេ។ ទោះបីជាខ្ញុំធ្វើឲ្យព្រះបន្ទូលរបស់ខ្ញុំច្បាស់លាស់ក៏ដោយ តើនរណាដែលនៅទីនោះយល់ពីព្រះបន្ទូល? ខ្ញុំបានយាងពីស៊ីយ៉ូនមកកើតជាមនុស្សជាតិ។ ដោយសារតែខ្ញុំបានបំពាក់អង្គខ្ញុំដោយភាពជាមនុស្សដ៏សាមញ្ញ ហើយនៅក្នុងស្បែករបស់មនុស្ស នោះមនុស្សគ្រាន់តែស្គាល់រូបរាងខាងក្រៅរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែពួកគេមិនស្គាល់ជីវិតដែលមាននៅក្នុងខ្ញុំ ឬទទួលស្គាល់ព្រះនៃព្រះវិញ្ញាណនោះទេ ពួកគេត្រឹមតែស្គាល់ខ្ញុំថាជាមនុស្សខាងសាច់ឈាមប៉ុណ្ណោះ។ តើព្រះជាម្ចាស់ដ៏ពិត ទ្រង់មិនអាចផ្តល់តម្លៃដល់អ្នករាល់គ្នា ដែលព្យាយាមស្គាល់ទ្រង់ទេឬអី? តើព្រះជាម្ចាស់ដ៏ពិត ទ្រង់មិនសមនឹងតម្លៃនៃកិច្ចប្រឹងប្រែងរបស់អ្នករាល់គ្នាក្នុងការ «វិភាគ» ទ្រង់ទេឬអី? ខ្ញុំស្អប់សេចក្តីពុករលួយរបស់ជាតិសាសន៍មនុស្សទាំងមូលខ្លាំងណាស់ ប៉ុន្តែខ្ញុំមានព្រះទ័យអាណិតដល់ភាពទន់ខ្សោយរបស់ពួកគេ។ ខ្ញុំក៏កំពុងដោះស្រាយបញ្ហាជាមួយធម្មជាតិដើមរបស់ជាតិសាសន៍មនុស្សទាំងមូលផងដែរ។ ក្នុងនាមជាប្រជារាស្រ្តម្នាក់របស់ខ្ញុំនៅក្នុងប្រទេសចិន តើអ្នករាល់គ្នាមិនមែនជាផ្នែកនៃជាតិសាសន៍មនុស្សទេឬអី? ក្នុងចំណោមរាស្ត្ររបស់ខ្ញុំទាំងអស់ ហើយក្នុងចំណោមពួកកូនប្រុសរបស់ខ្ញុំទាំងអស់ គឺក្នុងចំណោមអ្នកដែលខ្ញុំបានជ្រើសរើសចេញពីពូជមនុស្សទាំងមូល អ្នករាល់គ្នាស្ថិតនៅក្នុងក្រុមដែលទាបបំផុត។ ដោយសារហេតុផលនេះ ខ្ញុំបានចំណាយថាមពលស្ទើតែទាំងអស់ទៅលើអ្នករាល់គ្នា ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត។ តើអ្នករាល់គ្នានៅតែមិនស្រឡាញ់ជីវិតប្រកបដោយព្រះពរដែលអ្នករីករាយសព្វថ្ងៃនេះឬទេអី? តើអ្នករាល់គ្នានៅតែធ្វើឲ្យចិត្តអ្នករាល់គ្នារឹងទទឹង ដើម្បីប្រឆាំងនឹងខ្ញុំ ហើយបង្កើតនូវផែនការផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា មែនទេ? តើវាមិនមែនដើម្បីសេចក្តីស្រឡាញ់ និងសេចក្ដីអាណិតជាបន្តបន្ទាប់របស់ខ្ញុំទេឬអី ដែលមនុស្សទាំងមូលបានធ្លាក់ទៅក្នុងចំណាប់ខ្មាំងរបស់សាតាំង ហើយក្លាយជា «ចំណីដ៏ឆ្ងាញ់» នៅក្នុងមាត់របស់វា តាំងពីយូរយារណាស់មកហើយ? សព្វថ្ងៃនេះ នៅក្នុងចំណោមមនុសទាំងអស់ អស់អ្នកដែលចំណាយខ្លួនដើម្បីខ្ញុំ ហើយស្រឡាញ់ខ្ញុំពិតប្រាកដ គឺនៅតែរាប់មិនបានស្មើនឹងម្រាមដៃម្ខាងដដែល។ សព្វថ្ងៃនេះ តើឋានៈ «រាស្ត្ររបស់ខ្ញុំ» អាចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាឬទេ? តើមនសិការបស់អ្នកក្លាយជាត្រជាក់ដូចទឹកកកយ៉ាងសាមញ្ញ ហើយមែនទេ? តើអ្នកមានតម្លៃពិតដើម្បីក្លាយជារាស្រ្តដែលខ្ញុំទាមទារ ឬទេ? ចូរគិតត្រឡប់ទៅអតីតកាលឡើងវិញ ហើយសម្លឹងមើលច្ចុប្បន្នសាជាថ្មី តើនរណាម្នាក់ដែលបានធ្វើឲ្យខ្ញុំសព្វព្រះហឫទ័យ? តើនរណាម្នាក់ក្នុងចំណោមអ្នក ដែលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ? ប្រសិនបើខ្ញុំមិនបានប្រាប់អ្នករាល់គ្នានោះទេ នោះអ្នករាល់គ្នានៅតែមិនភ្ញាក់ខ្លួនដដែល ផ្ទុយទៅវិញ អ្នករាល់គ្នានឹងនៅតែមិនកម្រើក ហើយជាថ្មីម្តងទៀត អ្នករាល់គ្នានឹងនៅក្នុងការសម្ងំស្ងៀមដដែល។
នៅក្នុងរលកដែលកំពុងបក់បោក មនុស្សមើលឃើញសេចក្តីក្រោធរបស់ខ្ញុំ។ នៅក្នុងភាពលាយឡំនៃដុំពពកដ៏ខ្មៅដែលកំពុងរសាត់អណ្តែត មនុស្សភ័យខ្លាច និងរន្ធត់ញាប់ញ័រ ហើយមិនដឹងរត់គេចទៅកន្លែងណានោះទេ គឺដូចជាភ័យខ្លាចផ្គររន្ទះ និងភ្លៀង បក់ផាត់ពួកគេចេញអ៊ីចឹង។ ក្រោយមក បន្ទាប់ពីព្យុះព្រឹលដ៏តូចបានកន្លងផុតទៅ អារម្មណ៍របស់ពួកគេកាន់តែងាយស្រួល ហើយស្រាល ខណៈដែលពួកគេពេញចិត្តនឹងទេសភាពដ៏ស្រស់បំព្រងរបស់ធម្មជាតិ។ ប៉ុន្តែ នៅក្នុងខណៈពេលបែបនេះ តើមាននរណាម្នាក់ក្នុងចំណោមពួកគេ ធ្លាប់មានបទពិសោធន៍នៃសេចក្តីស្រឡាញ់គ្មានព្រំដែន ដែលខ្ញុំមានសម្រាប់មនុស្សនោះ? នៅក្នុងចិត្តរបស់ពួកគេ គឺមានតែរាងកាយរបស់ខ្ញុំប៉ុណ្ណោះ មិនមានធាតុសំខាន់នៅក្នុងវិញ្ញាណរបស់ខ្ញុំនោះទេ៖ តើមនុស្សមិនប្រឆាំងជំទាស់ខ្ញុំដោយចំហរទេឬ? នៅពេលដែលព្យុះសង្ឃរា បានបក់ផាត់កន្លងហួសទៅ មនុស្សជាតិទាំងអស់គឺដូចត្រូវបានធ្វើឲ្យថ្មីឡើងវិញ អ៊ីចឹង។ វាដូចជា ការធ្វើតាមការបន្សុទ្ធដោយការឈឺចាប់ ធ្វើឲ្យពួកគេទទួលបានពន្លឺ និងជីវិតឡើងវិញអ៊ីចឹង។ តើអ្នករាល់គ្នាមិនមានសំណាងល្អដែរទេឬអី ដែលបានមកដល់ថ្ងៃនេះ បន្ទាប់ពីអត់ទ្រាំនឹងការបក់បោកដែលខ្ញុំវាយប្រហារនោះ? ប៉ុន្តែនៅពេលដែលថ្ងៃនេះបានកន្លងផុតទៅ ហើយថ្ងៃស្អែកចូលមកដល់ តើអ្នករាល់គ្នាអាចរក្សាភាពបរិសុទ្ធ បន្ទាប់ពីភ្លៀងខ្លាំងនោះបានទេ? តើអ្នកអាចរក្សាការលះបង់ បន្ទាប់ពីការបន្សុទ្ធរបស់អ្នកបានទេ? តើអ្នកអាចរក្សាការស្តាប់បង្គាប់សព្វថ្ងៃនេះបានទេ? តើការលះបង់របស់អ្នករាល់គ្នាអាចនៅរឹងមាំ ហើយមិនប្រែប្រួល ឬទេ? តើនេះ ជាការទាមទារមួយដែលលើសពីសម្ថភាពរបស់មនុស្សក្នុងការបំពេញទេឬ? ខ្ញុំរស់នៅរាល់ថ្ងៃនៅក្នុងចំណោមមនុស្សជាតិ ហើយនៅកណ្តាលពួកគេ ខ្ញុំធ្វើសកម្មភាពជាមួយមនុស្សជាតិ ប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់ពីរឿងនេះទេ។ ប្រសិនបើព្រះវិញ្ញាណរបស់ខ្ញុំមិនដឹកនាំនោះទេ តើមាននរណាក្នុងចំណោមជាតិសាសន៍មនុស្សទាំងមូល ដែលនឹងនៅតែមានវត្តមាននៅក្នុងយុគសម័យបច្ចុប្បន្ននេះ? នៅពេលដែលខ្ញុំមានព្រះបន្ទូលថា ខ្ញុំរស់ និងធ្វើសកម្មភាពជាមួយមនុស្ស តើខ្ញុំកំពុងតែមានព្រះបន្ទូលបំផ្លើសមែនទេ? កាលពីមុន ខ្ញុំបានមានព្រះបន្ទូលថា «ខ្ញុំបានបង្កើតមនុស្ស ហើយខ្ញុំបានដឹកនាំមនុស្សទាំងអស់ ក៏ដូចជាបានបញ្ជាមនុស្សទាំងអស់» តើនេះមិនមែនជារឿងពិតទេឬ? តើទៅរួចទេ ដែលអ្នករាល់គ្នាមានបទពិសោធន៍នៃរឿងទាំងនេះហើយ នៅតែមិនគ្រប់គ្រាន់ទៀតនោះ? គ្រាន់តែឃ្លា «អ្នកស៊ីឈ្នួល» ក៏នឹងត្រូវការឲ្យអ្នករាល់គ្នាពន្យល់អស់មួយជីវិតដែរ។ ប្រសិនបើគ្មានបទពិសោធន៍ជាក់ស្តែងនោះទេ មនុស្សនឹងមិនដែលស្គាល់ខ្ញុំឡើយ។ ពួកគេនឹងមិនអាចស្គាល់ខ្ញុំតាមរយៈព្រះបន្ទូលរបស់ខ្ញុំបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ខ្ញុំបានយាងមកដោយផ្ទាល់នៅក្នុងចំណោមអ្នករាល់គ្នា។ តើនេះ នឹងមិនមានប្រយោជន៍កាន់តែច្រើនសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាទេឬអី? តើការយកកំណើតជាមនុស្សរបស់ខ្ញុំ មិនមែនជាការសង្គ្រោះអ្នករាល់គ្នាផងដែរ ទេឬអី? ប្រសិនបើខ្ញុំមិនបានចុះមកក្នុងចំណោមមនុស្សជាតិ ដោយផ្ទាល់នោះទេ នោះជាតិសាសន៍មនុស្សទាំងអស់ នឹងបានជ្រួតជ្រាបដោយសញ្ញាណទាំងឡាយតាំងពីយូរណាស់មកហើយ ដែលនឹងក្លាយជាកម្មសិទ្ធរបស់សាតាំង ដ្បិតអ្វីដែលអ្នកជឿ គឺគ្រាន់តែជារូបភាពរបស់សាតាំងប៉ុណ្ណោះ គ្មានអ្វីទាក់ទងនឹងព្រះជាម្ចាស់នោះទេ។ តើនេះមិនមែនជាការសង្គ្រោះរបស់ខ្ញុំ ទេឬ?
នៅពេលដែលសាតាំងមកចំពោះព្រះភ័ក្រ្តខ្ញុំ ខ្ញុំមិនរាថយចំពោះភាពសាហាវយង់ឃ្នងរបស់វា ឬភ័យខ្លាចដោយសារភាពកំណាចរបស់វានោះទេ៖ ខ្ញុំគ្រាន់តែធ្វើមិនដឹងទៅបានហើយ។ នៅពេលដែលសាតាំងល្បួងខ្ញុំ ខ្ញុំមើលឃើញល្បិចកល្បរបស់វា ដែលធ្វើឲ្យវាគេចខ្លួនទាំងអាម៉ាស់ និងបាក់មុខ។ នៅពេលដែលសាតាំងឈ្លោះប្រកែកជាមួយខ្ញុំ ហើយព្យាយាមកន្ត្រាក់យករាស្រ្តដែលត្រូវបានជ្រើសរើសរបស់ខ្ញុំទៅ នោះខ្ញុំធ្វើសង្គ្រាមជាមួយវា ដោយសាច់ឈាមរបស់ខ្ញុំ ហើយនៅក្នុងសាច់ឈាមរបស់ខ្ញុំ ខ្ញុំការពារ ហើយឃ្វាលរាស្ត្ររបស់ខ្ញុំ ដូច្នេះហើយទើបពួកគេអាចនឹងមិនដួល ឬវង្វេងដោយងាយ ហើយខ្ញុំដឹកនាំពួកគេរាល់ជំហាននៃវិធីសាស្ត្រ។ ហើយនៅពេលដែលសាតាំងចុះចាញ់ ខ្ញុំនឹងត្រូវបានលើកតម្កើងនៅក្នុងរាស្ត្ររបស់ខ្ញុំ ហើយរាស្ត្ររបស់ខ្ញុំនឹងនាំទីបន្ទាល់ដ៏ស្រស់ស្អាត និងល្បីរន្ទឺមកថ្វាយខ្ញុំ។ ដូច្នេះ ខ្ញុំនឹងយកគ្រឿងបន្ទាប់បន្សំនៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ បោះតែម្តងចូលទៅក្នុងបាតរណ្តៅ។ នេះជាផែនការរបស់ខ្ញុំ នេះជាកិច្ចការរបស់ខ្ញុំ។ នៅក្នុងជីវិតរបស់អ្នករាល់គ្នា អាចនឹងមានថ្ងៃមួយដែលអ្នកនឹងជួបស្ថានភាពបែបនេះ៖ តើអ្នកស្ម័គ្រចិត្តឱ្យខ្លួនរបស់អ្នក ធ្លាក់ជាចំណាប់ខ្មាំងរបស់សាតាំង ឬឱ្យខ្ញុំគ្រប់គ្រងអ្នក? នេះគឺជាជោគវាសនាផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកត្រូវតែពិចារណាដោយប្រុងប្រយ័ត្ន។
ជីវិតនៅក្នុងនគរព្រះ គឺជាជីវិតរបស់មនុស្ស និងជាជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មនុស្សទាំងអស់ស្ថិតនៅក្រោមការថែរក្សាការពាររបស់ខ្ញុំ ហើយគ្រប់គ្នាមានជម្លោះរហូតដល់ស្លាប់ ជាមួយនាគដ៏ធំមានសម្បុរក្រហម។ ដើម្បីយកឈ្នះការប្រយុទ្ធចុងក្រោយនេះ ហើយដើម្បីបញ្ចប់ជីវិតនាគដ៏ធំមានសម្បុរក្រហម មនុស្សទាំងអស់គួរតែប្រគល់ជីវិតទាំងមូលរបស់ពួកគេថ្វាយខ្ញុំ នៅក្នុងនគររបស់ខ្ញុំ។ «នគរព្រះ» ដែលនិយាយនៅទីនេះ គឺសំដៅទៅលើជីវិតដែលរស់នៅក្រោមការគ្រប់គ្រងដោយផ្ទាល់នៃភាពជាព្រះ ដែលខ្ញុំឃ្វាលមនុស្សជាតិទាំងអស់។ អ្នកណាដែលទទួលការបណ្តុះបណ្តាលពីខ្ញុំដោយផ្ទាល់ នោះជីវិតរបស់ពួកគេដូចជាជីវិតនៅស្ថានសួគ៌ដែរ ទោះបីជាជីវិតរបស់គេនៅលើផែនដីនៅឡើយក៏ដោយ ដែលនេះគឺជាការយល់ដឹងនៃជីវិតមួយដ៏ពិតនៅក្នុងស្ថានសួគ៌ទីបី។ ទោះបីជាខ្ញុំស្ថិតនៅក្នុងសាច់ឈាមក៏ដោយ ខ្ញុំមិនរងការឈឺចាប់ដោយព្រំដែនកំណត់របស់សាច់ឈាមនោះទេ។ ជាច្រើនលើកច្រើនសារ ដែលខ្ញុំបានយាងមកក្នុងចំណោមមនុស្ស ហើយស្តាប់ការអធិស្ឋានរបស់គេ ហើយជាច្រើនលើកច្រើនសារ ដែលខ្ញុំរីករាយនឹងការសរសើរតម្កើងរបស់ពួកគេ ខណៈដែលខ្ញុំដើរជាមួយមនុស្ស។ ទោះបីជាមនុស្សមិនដែលដឹងថាមានវត្តមានរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែធ្វើកិច្ចការរបស់ខ្ញុំតាមវិធីនេះដដែល។ នៅទីកន្លែងដែលខ្ញុំគង់នៅ ជាកន្លែងដែលខ្ញុំលាក់ព្រះកាយ ទោះបីជាយ៉ាងណា នៅទីនោះ ខ្ញុំបានវាយឈ្នះសត្រូវទាំងអស់របស់ខ្ញុំ។ នៅទីកន្លែងដែលខ្ញុំគង់នៅ ខ្ញុំបានទទួលបទពិសោធន៍ពិតនៃជីវិតនៅលើផែនដី។ នៅទីកន្លែងដែលខ្ញុំគង់នៅ ខ្ញុំសង្កេតមើលរាល់ពាក្យសម្តី និងសកម្មភាពរបស់មនុស្ស ហើយទតមើល និងដឹកនាំពូជមនុស្សទាំងមូល។ ប្រសិនបើមនុស្សអាចបង្ហាញអារម្មណ៍យកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយការធ្វើឲ្យខ្ញុំសព្វព្រះទ័យ និងថ្វាយការសប្បាយរីករាយដល់ខ្ញុំ នោះខ្ញុំនឹងប្រទានពរមនុស្សជាតិទាំងអស់ជាក់ជាមិនខាន។ តើនេះមិនមែនជាអ្វីដែលខ្ញុំប្រាថ្នាចង់បានសម្រាប់មនុស្សទេឬអី?
ដោយសារតែមនុស្សដេកដូចមនុស្សស្លាប់ មានតែសូរសម្លេងនៃផ្គររន្ទះរបស់ខ្ញុំនោះទេ ដែលអាចដាស់ពួកគេឲ្យភ្ញាក់ពីការយល់សប្តិរបស់ខ្លួនបាន។ ហើយនៅពេលដែលពួកគេបើកភ្នែកឡើង ការបញ្ចេញរស្មីដ៏ត្រជាក់ទាំងនេះ ធ្វើឲ្យភ្នែកជាច្រើនរបស់ពួកគេឈឺ ពេលនោះពួកគេលែងដឹងទិសដៅ ហើយមិនដឹងថាពួកគេមកពីទីណា និងកំពុងទៅទីណានោះទេ? មនុស្សភាគច្រើនត្រូវបានវាយប្រហារដោយខ្សែពន្លឺដែលមានលក្ខណៈដូចកាំរស្មីឡាស៊ែរ ហើយដួលរលំគរលើគ្នានៅក្រោមព្យុះសង្ឃរា។ រាងកាយរបស់ពួកគេត្រូវបានបក់បោក ដោយទឹកភ្លៀងដ៏ល្ហល្ហាច ដោយមិនបានបន្សល់ទុកស្នាមដានអ្វីនោះទេ។ ទីបំផុត នៅក្នុងពន្លឺ អ្នកដែលនៅរស់អាចមើលឃើញព្រះភ័ក្រ្តរបស់ខ្ញុំយ៉ាងច្បាស់ ហើយមានតែពេលនោះទេ ដែលពួកគេដឹងពីអ្វីម៉្យាងនៃរូបរាងខាងក្រៅរបស់ខ្ញុំ។ ហេតុនោះ ពួកគេលែងហ៊ានក្រឡេកមើលព្រះភ័ក្រ្តរបស់ខ្ញុំដោយចំតទៅទៀតហើយ ដោយភ័យខ្លាចជាខ្លាំង ក្រែងលោការវាយផ្ចាល និងបណ្តាសាររបស់ខ្ញុំ ចូលមករកសាច់ឈាមរបស់ពួកគេម្តងទៀត។ មនុស្សច្រើនណាស់ ស្រែក និងយំខ្សឹបខ្សួលដោយភាពល្វីងជូរចត់។ មនុស្សច្រើនណាស់ធ្លាក់ទៅក្នុងភាពអស់សង្ឃឹម។ មនុស្សច្រើនណាស់បង្កើតជាទន្លេដោយសារឈាមរបស់ពួកគេ។ មនុស្សច្រើនណាស់ក្លាយជាសាកសព ដែលរសាត់អណ្តែតពីកន្លែងមួយទៅកន្លែងមួយទៀតដោយគ្មានគោលបំណង។ មនុស្សច្រើនណាស់ ដោយកំពុងតែស្វែងរកទីកន្លែងរបស់ពួកគេនៅក្នុងពន្លឺ មានអារម្មណ៍ឈឺបេះដូងភ្លាមៗ ហើយស្រក់ទឹកភ្នែកដោយសារតែភាពទុក្ខព្រួយជាច្រើនឆ្នាំរបស់ពួកគេ។ មនុស្សច្រើនណាស់ ដែលត្រូវបានបង្ខំដោយសារពន្លឺ សារភាពពីភាពកខ្វក់របស់ពួកគេ ហើយតាំងចិត្តធ្វើការកែទម្រង់ខ្លួនឯង។ មនុស្សច្រើនណាស់ ដែលខ្វាក់មើលអ្វីមិនឃើញ បានបាត់បង់ភាពរីករាយនៃការរស់នៅរួចទៅហើយ ជាលទ្ធផលពួកគេគ្មានចិត្តដើម្បីកត់សម្គាល់ពន្លឺនោះទេ ដូច្នេះហើយ ពួកគេបន្តរស់នៅដោយសភាពដដែល រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ហើយមនុស្សច្រើនណាស់កំពុងតែលើកស្ទូចនាវាជីវិត ហើយក្រោមការចង្អុលបង្ហាញរបស់ពន្លឺ ពួកគេប៉ាន់ប្រមាណថ្ងៃស្អែកយ៉ាងក្លាហាន។ ... សព្វថ្ងៃនេះ តើនរណាក្នុងចំណោមមនុស្សជាតិ ដែលមិនស្ថិតក្នុងសភាពបែបនេះនោះ? តើនរណា ដែលមិនស្ថិតនៅក្នុងពន្លឺរបស់ខ្ញុំ? ទោះបីជាអ្នកខ្លាំង ឬទោះបីជាអ្នកអាចខ្សោយក៏ដោយ តើអ្នកអាចគេចពីការមកដល់នៃពន្លឺរបស់ខ្ញុំបានទេ?
ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២