ជំពូកទី ២៨
នៅពេលដែលខ្ញុំយាងមកពីស៊ីយ៉ូន របស់សព្វសារពើបានទន្ទឹងរង់ចាំខ្ញុំ ហើយនៅពេលដែលខ្ញុំយាងត្រឡប់ទៅស៊ីយ៉ូនវិញ មនុស្សទាំងអស់បានទទួលស្វាគមន៍ខ្ញុំ។ ពេលដែលខ្ញុំយាងមក និងយាងត្រឡប់ទៅវិញ ជំហានរបស់ខ្ញុំមិនដែលត្រូវបានរារាំងដោយអ្វីៗដែលប្រឆាំងជំទាស់នឹងខ្ញុំនោះទេ ដូច្នេះហើយ កិច្ចការរបស់ខ្ញុំដំណើរការទៅមុខដោយរលូន។ សព្វថ្ងៃនេះ នៅពេលដែលខ្ញុំចូលមកក្នុងចំណោមសត្ដនិករទាំងអស់ របស់សព្វសារពើទទួលស្វាគមន៍ខ្ញុំដោយភាពស្ងៀមស្ងាត់ ដោយភ័យខ្លាចខ្ញុំចាកចេញទៅម្តងទៀត ហើយពេលនោះគេនឹងបាត់បង់ជំនួយដែលពួកគេពឹងពាក់។ របស់សព្វសារពើធ្វើតាមការដឹកនាំរបស់ខ្ញុំ ហើយគ្រប់យ៉ាងមើលទិសដៅដែលព្រះហស្តរបស់ខ្ញុំចង្អុលបង្ហាញ។ ព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំបានធ្វើឱ្យសត្ដនិករជាច្រើនបានគ្រប់លក្ខណ៍ ហើយបានវាយផ្ចាលកូនដែលមិនស្តាប់បង្គាប់ជាច្រើន។ ដូច្នេះ ទើបមនុស្សទាំងអស់សម្លឹងដោយចេតនាមករកព្រះបន្ទូលរបស់ខ្ញុំ ហើយស្តាប់យ៉ាងជិតទៅរកព្រះសូរសៀងដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ និងភ័យខ្លាចការបាត់បង់ឱកាសដ៏ល្អនេះជាខ្លាំង។ ដោយសារហេតុផលនេះហើយ ទើបខ្ញុំបានបន្តមានបន្ទូល នោះទើបកិច្ចការរបស់ខ្ញុំអាចប្រព្រឹត្តទៅបានកាន់តែលឿន ហើយទើបស្ថានភាពដ៏សប្បាយរីករាយអាចកើតឡើងកាន់តែឆាប់នៅលើផែនដី ហើយបំបាត់នូវទិដ្ឋភាពនៃភាពសោះកក្រោះចេញពីផែនដី។ នៅពេលដែលខ្ញុំទតទៅលើមេឃ នោះជាពេលដែលខ្ញុំបែរព្រះភ័ក្ត្រដាក់មនុស្សជាតិម្តងទៀត។ ដែនដីទាំងអស់នឹងបានពេញទៅដោយជីវិត គ្មានធូលីដីនៅតាមខ្យល់តទៅទៀតទេ ហើយភក់ល្បាប់ក៏លែងគ្របដណ្តប់លើដីទៀតដែរ។ ព្រះនេត្ររបស់ខ្ញុំបញ្ចេញពន្លឺភ្លាម ដែលបណ្តាលឱ្យមនុស្សនៃដែនដីទាំងអស់ស្ញប់ស្ញែងខ្ញុំ ហើយជ្រកកោននៅក្នុងខ្ញុំ។ នៅក្នុងចំណោមមនុស្សនៃពិភពលោកបច្ចុប្បន្ននេះ រួមទាំងអស់អ្នកដែលមានវត្តមាននៅក្នុងដំណាក់របស់ខ្ញុំផង តើនរណាខ្លះជ្រកនៅក្នុងខ្ញុំយ៉ាងពិតប្រាកដនោះ? តើនរណាថ្វាយចិត្តរបស់ពួកគេជាការដោះដូរនឹងតម្លៃដែលខ្ញុំបានបង់ថ្លៃនោះ? តើនរណាធ្លាប់រស់នៅក្នុងសេចក្តីស្ងប់សុខនៅក្នុងដំណាក់របស់ខ្ញុំ? តើនរណាធ្លាប់ថ្វាយខ្លួនរបស់គេយ៉ាងពិតប្រាកដនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ? នៅពេលដែលខ្ញុំធ្វើការទាមទារពីមនុស្ស គេបិទ «ឃ្លាំងដ៏តូច» របស់គេមួយរំពេច។ នៅពេលដែលខ្ញុំប្រទានដល់មនុស្ស នោះគេបើកមាត់របស់គេយ៉ាងលឿន ដើម្បីកញ្ឆក់យកភាពសម្បូរណ៍ហូរហៀររបស់ខ្ញុំ ហើយនៅក្នុងចិត្តរបស់គេ គេតែងតែភ័យញ័រ ដោយខ្លាចថាខ្ញុំនឹងវាយប្រហារត្រឡប់ទៅគេវិញ។ ដូច្នេះ មាត់របស់មនុស្ស គឺបើកពាក់កណ្តាល បិទពាក់កណ្តាល ហើយគេមិនអាចរីករាយយ៉ាងពិតប្រាកដនឹងភាពសម្បូរណ៍ហូរហៀរដែលខ្ញុំប្រទាននោះទេ។ ខ្ញុំមិនថ្កោលទោសមនុស្សដោយងាយៗនោះទេ ប៉ុន្តែគេតែងតែទាញព្រះហស្តរបស់ខ្ញុំ ហើយសុំឱ្យខ្ញុំប្រទានសេចក្តីមេត្តាករុណាដល់គេ។ មានតែពេលដែលមនុស្សទទូចសុំខ្ញុំប៉ុណ្ណោះ ទើបខ្ញុំប្រទាន «សេចក្តីមេត្តាករុណា» ដល់គេម្តងទៀត ហើយខ្ញុំប្រទានព្រះបន្ទូលយ៉ាងតឹងរឹងបំផុតនៃព្រះឱស្ឋរបស់ខ្ញុំដល់គេ គឺជាព្រះបន្ទូលដែលគេមានអារម្មណ៍ខ្មាសអៀនមួយរំពេច ហើយមិនអាចទទួលយក «សេចក្តីមេត្តាករុណា» របស់ខ្ញុំដោយផ្ទាល់នោះទេ ផ្ទុយទៅវិញ គេឱ្យអ្នកដទៃជាអ្នកយកក្តីសណ្តោសប្រណីនោះទៅឱ្យគេ។ នៅពេលដែលគេយល់យ៉ាងល្អិតល្អត់ពីព្រះបន្ទូលទាំងអស់របស់ខ្ញុំ នោះឋានៈរបស់មនុស្សស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយការអង្វរកររបស់គេទទួលបានផ្លែផ្កា មិនមែនឥតប្រយោជន៍ ឬឥតបានផលផ្លែនោះទេ។ ខ្ញុំប្រទានពរដល់ការអង្វរកររបស់មនុស្សជាតិដែលស្មោះត្រង់ គឺជាការអង្វរករដែលមិនក្លែងបន្លំ។
ខ្ញុំបានធ្វើ និងមានព្រះបន្ទូលអស់ជាច្រើយុគសម័យមកហើយ ប៉ុន្តែមនុស្សមិនដែលធ្លាប់ឮព្រះសូរសៀងបែបនេះ ដូចជាខ្ញុំមានបន្ទូលសព្វថ្ងៃនេះទេ ហើយគេមិនដែលភ្លក់រស់ជាតិនៃភាពអស្ចារ្យ និងការជំនុំជម្រះរបស់ខ្ញុំដែរ។ ទោះបីជាមនុស្សមួយចំនួននៅក្នុងពិភពលោកកាលពីអតីតកាល បានឮពីកេរ្ត៍ឈ្មោះរបស់ខ្ញុំក៏ដោយ ក៏គ្មានរណាម្នាក់បានរកឃើញយ៉ាងពិតប្រាកដនូវទំហ៊ំនៃភាពសម្បូរណ៍ហូរហៀររបស់ខ្ញុំឡើយ។ ទោះបីជាមនុស្សនាពេលសព្វថ្ងៃនេះ ឮព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែមិនដឹងពីចំនួននៃអាថ៌កំបាំងដែលមាននៅក្នុងព្រះឱស្ឋរបស់ខ្ញុំដដែល ដូច្នេះ គេចាត់ទុកព្រះឱស្ឋរបស់ខ្ញុំគឺជាកន្ត្រកមួយប៉ុណ្ណោះ។ មនុស្សទាំងអស់មានបំណងចង់ទទួលបានអ្វីមួយពីព្រះឱស្ឋរបស់ខ្ញុំ។ មិនថាវាជាអាថ៌កំបាំងនៃសភាវៈ ឬអាថ៌កំបាំងនៃស្ថានសួគ៌ ឬកម្លាំងនៃពិភពខាងវិញ្ញាណ ឬគោលដៅចុងក្រោយរបស់មនុស្សជាតិនោះទេ គឺមនុស្សទាំងអស់មានបំណងចង់ទទួលបានរបស់បែបនេះ។ ដូច្នេះ ប្រសិនបើខ្ញុំប្រមូលផ្តុំមនុស្ស ហើយមានបន្ទូលប្រាប់ពួកគេពី «រឿងរ៉ាវនានា» នោះពួកគេនឹងងើបពី «គ្រែអ្នកជំងឺ» របស់ពួកគេភ្លាមៗ ដើម្បីស្តាប់ពីវិធីរបស់ខ្ញុំ។ នៅក្នុងមនុស្ស មានការខ្វះខាតច្រើនណាស់៖ គេមិនត្រឹមតែត្រូវការ «ថ្នាំបំប៉នជីវជាតិ» នោះទេ លើសពីនេះ គេថែមទាំងត្រូវការ «ជំនួយផ្លូវចិត្ត» និង «ការផ្គត់ផ្គត់ខាងវិញ្ញាណ» ថែមទៀតផង។ នេះជាអ្វីដែលខ្វះខាតនៅក្នុងមនុស្សទាំងអស់។ នេះគឺជា «ជំងឺ» របស់មនុស្សទាំងអស់។ ខ្ញុំប្រទានការព្យាបាលសម្រាប់ជំងឺរបស់មនុស្ស ដើម្បីឱ្យទទួលបានប្រសិទ្ធភាពប្រសើរជាងមុន នោះទើបមនុស្សទាំងអស់នឹងបានស្តារឱ្យមានសុខភាពឡើងវិញ ហើយទើបមនុស្សអរគុណចំពោះការព្យាបាលរបស់ខ្ញុំ ហើយអាចវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។ តើអ្នករាល់គ្នាពិតជាស្អប់នាគដ៏ធំមានសម្បុរក្រហមមែនទ? តើអ្នកពិតជាស្អប់វាមែនទេ? ហេតុអ្វីបានជាខ្ញុំសួរអ្នករាល់គ្នាជាច្រើនលើកច្រើនសារនោះ? ហេតុអ្វីបានជាខ្ញុំចេះតែសួរសំណួរនេះដល់អ្នកម្តងហើយម្តងទៀត? តើនាគដ៏ធំមានសម្បុរក្រហម មានរូបរាងដូចម្តេចនៅក្នុងចិត្តរបស់អ្នករាល់គ្នា? តើវាត្រូវបានយកចេញហើយឬនៅ? តើអ្នកពិតជាមិនចាត់ទុកវាជាឪពុករបស់អ្នកមែនទេ? មនុស្សទាំងអស់គួរតែគិតអំពីគោលបំណងរបស់ខ្ញុំនៅក្នុងសំណួរនេះ។ នេះមិនមែនជាការដាស់កំហឹងរបស់មនុស្ស ឬញុះញង់ឱ្យមានការបះបោរនៅក្នុងចំណោមមនុស្ស ឬធ្វើឱ្យមនុស្សអាចស្វែងរកច្រកចេញដោយខ្លួនឯងនោះទេ ផ្ទុយទៅវិញ សំណួរនេះធ្វើឱ្យមនុស្សទាំងអស់អាចរំដោះខ្លួនចេញពីចំណងនៃនាគដ៏ធំមានសម្បុរក្រហមបាន។ ប៉ុន្តែគ្មាននរណាម្នាក់គួរតែឆ្ងល់នោះទេ។ គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឱ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឱ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!
នៅពេលដែលយុគសម័យនៃការជំនុំជម្រះឈានដល់ចំណុចកំពូលរបស់វា នោះខ្ញុំនឹងមិនប្រញាប់ក្នុងការបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងរួមបញ្ចូលភស្តុតាងនៃយុគសម័យនៃការវាយផ្ចាលទៅក្នុងកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យមនុស្សទាំងអស់មើលឃើញភស្តុតាងនេះ។ នៅក្នុងសេចក្ដីនេះ នឹងមានផលផ្លែរកាន់តែប្រសើរ។ ភស្តុតាងនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំនឹងធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានឃើញការនេះដោយភ្នែករបស់ពួកគេផ្ទាល់ នោះទើបពួកគេនឹងស្គាល់កាន់តែច្បាស់អំពីនិស្ស័យរបស់ខ្ញុំ។ ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឱ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងវាគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត។ នៅពេលដែលព្រះចន្ទដ៏ភ្លឺរះឡើង នោះយប់ងងឹតដ៏ស្ងាត់ជ្រងំនឹងបាត់មួយរំពេច។ ទោះបីជាព្រះចន្ទនៅក្នុងភាពដាច់ដោចក៏ដោយ ក៏មនុស្សមានវិញ្ញាណដ៏ល្អ ហើយអង្គុយយ៉ាងសុខស្រួលនៅក្រោមរាត្រីដួងចន្ទ ដោយស្ងើចសរសើរពីទស្សនីយភាពដ៏ស្រស់ស្អាតដោយសាររាត្រីដួងចន្ទដែរ។ មនុស្សមិនអាចពណ៌នាមនោសញ្ចេតនារបស់គេបានទេ។ វាប្រៀបដូចជាគេមានបំណងចង់បោះគំនិតរបស់គេត្រឡប់ទៅអតីតកាលវិញ ប្រៀបដូចជាគេមានបំណងចង់ក្រឡេកមើលទៅរកអនាគតខាងមុខ ហើយវាប្រៀបដូចជាគេកំពុងតែសប្បាយរីករាយនឹងបច្ចុប្បន្នអ៊ីចឹង។ ស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខរបស់គេ ហើយនៅកណ្តាលខ្យល់ដែលគួរជាទីពេញចិត្ត មានសាយភាយនូវក្លិនក្រអូបឈ្ងុយឈ្ងប់។ ពេលដែលមនុស្សចាប់ផ្តើមដកដង្ហើម នោះគេស្រង់ក្លិនដ៏សម្បូរណ៍បែប ហើយគេហាក់ដូចជាវង្វេងដោយសារក្លិននោះអ៊ីចឹង ដោយមិនអាចដាស់ខ្លួនឯងបានទេ។ នោះគឺជាពេលតែមួយគត់ ដែលខ្ញុំបានយាងមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយមនុស្សមានសតិយល់ដឹងអំពីក្លិនដ៏សម្បូរបែបនេះកាន់តែខ្លាំងឡើង ដូច្នេះ មនុស្សទាំងអស់រស់ក្នុងក្លិនក្រអូបនេះ។ ខ្ញុំចងសម្ព័ន្ធមេត្រីជាមួយមនុស្ស មនុស្សរស់នៅដោយភាពស្រុះស្រួលជាមួយខ្ញុំ គេលែងងាកចេញពីការទទួលស្គាល់ខ្ញុំតទៅទៀតហើយ ហើយខ្ញុំក៏លែងលួសកាត់ភាពខ្វះខាតរបស់មនុស្សទៀតដែរ ក៏លែងមានទឹកមុខក្រៀមក្រំនៅលើផ្ទៃមុខរបស់មនុស្សទៀតហើយ ហើយសេចក្តីស្លាប់ក៏លែងគំរាមកំហែងមនុស្សជាតិទាំងមូលតទៅទៀតដែរ។ សព្វថ្ងៃនេះ ខ្ញុំបោះជំហានជាមួយមនុស្សចូលទៅក្នុងយុគសម័យនៃការវាយផ្ចាល ដោយធ្វើដំណើរទៅមុខជាមួយគេយ៉ាងទន្ទឹមគ្នា។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់ខ្ញុំ ឬអាចនិយាយថា ខ្ញុំយកដំបងរបស់ខ្ញុំវាយក្នុងចំណោមមនុស្ស ហើយវាធ្លាក់ទៅលើអ្វីដែលជាការបះបោរនៅក្នុងមនុស្ស។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ដំបងរបស់ខ្ញុំហាក់ដូចជាមានអំណាចពិសេស៖ វាមករកអស់អ្នកណាដែលជាសត្រូវរបស់ខ្ញុំ ហើយដែលមិនងាយនឹងសម្លាប់បាន។ ក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងខ្ញុំ ដំបងនេះធ្វើតាមតួនាទីដែលមានស្រាប់របស់វា។ អស់អ្នកដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ បំពេញភារកិច្ចរបស់ពួកគេ ដោយផ្អែកលើបំណងប្រាថ្នារបស់ខ្ញុំ ហើយពួកគេមិនដែលបំពានចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ផ្លាស់ប្តូរខ្លឹមសារនៃបំណងព្រះហឫទ័យនោះទេ។ ជាលទ្ធផល ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមិនទទួលបានការផ្លាស់ប្តូរ ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឱ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។ ខ្ញុំមិនប្រទានឱកាសដល់មនុស្សដើម្បីបញ្ចេញមនោសញ្ចេតនារបស់ពួកគេនោះទេ ដោយសារតែខ្ញុំគ្មានមនោសញ្ចេតនា ហើយខ្ញុំបានធំធាត់ដើម្បីស្អប់មនោសញ្ចេតនារបស់មនុស្សក្នុងកម្រិតខ្លាំងបំផុត។ គឺដោយសារតែមនោសញ្ចេតនាវាងមនុស្ស ទើបខ្ញុំត្រូវបានគេច្រានទុកមួយឡែក ដូច្នេះខ្ញុំបានក្លាយជា «អ្នកដទៃ» ម្នាក់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេបំភ្លេច។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេឆក់យកឱកាសដើម្បីជ្រើសយក «មនសិការ»។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេតែងតែអន់ចិត្តចំពោះការវាយផ្ចាលរបស់ខ្ញុំ។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេហៅខ្ញុំថា អយុត្តិធម៌ និងមិនស្មើភាព ហើយនិយាយថា ខ្ញុំធ្វេសប្រហែសចំពោះអារម្មណ៍របស់មនុស្ស នៅក្នុងការធ្វើការរបស់ខ្ញុំ។ តើខ្ញុំក៏មានសាច់ញាតិនៅលើផែនដីដែរឬ? តើនរណាធ្លាប់ធ្វើការទាំងយប់ទាំងថ្ងៃដូចខ្ញុំ ដោយគ្មានគិតពីអាហារ ឬដំណេក ដើម្បីប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំនោះ? ធ្វើដូចម្តេចទើបមនុស្សអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បាន? ធ្វើដូចម្តេច ទើបព្រះជាម្ចាស់ដែលជាអ្នកបង្កើត អាចជាប្រភេទដូចមនុស្សដែលត្រូវបានបង្កើតនោះបាន? ធ្វើដូចម្តេចទើបខ្ញុំអាចរស់នៅ និងធ្វើសកម្មភាពជាមួយមនុស្សនៅលើផែនដីបានរហូតមក? តើនរណាអាចមានអារម្មណ៍ខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំបាន? តើវាជាការអធិស្ឋានរបស់មនុស្សឬ? ខ្ញុំធ្លាប់យល់ព្រមចូលរួមជាមួយមនុស្ស និងយាងជាមួយគេម្តង ហើយពិតណាស់ រហូតមកដល់ថ្ងៃនេះ មនុស្សបានរស់នៅក្រោមការមើលថែ និងការការពាររបស់ខ្ញុំ ប៉ុន្តែតើនឹងមានថ្ងៃដែលមនុស្សអាចបំបែកខ្លួនគេចេញពីការមើលថែរបស់ខ្ញុំទេ? ទោះបីជាមនុស្សមិនដែលយកការខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំដាក់ខ្លួនគេក៏ដោយ តើនរណាអាចបន្តរស់នៅក្នុងដែនដីមួយកន្លែងដោយគ្មានពន្លឺបាន? គឺដោយសារតែព្រះពររបស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សបានរស់នៅរហូតមកទល់សព្វថ្ងៃនេះ។
ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៩២