ជំពូកទី ២៩
នៅថ្ងៃដែលរបស់សព្វសារពើត្រូវបានរស់ឡើងវិញ នោះខ្ញុំបានយាងមកនៅក្នុងចំណោមមនុស្ស ហើយខ្ញុំបានចំណាយពេលដ៏អស្ចារ្យទាំងថ្ងៃ ទាំងយប់ជាមួយគេ។ មានតែត្រង់ចំណុចនេះទេ ដែលមនុស្សអាចដឹងតិចតួចអំពីការដែលអាចចូលមកកាន់ខ្ញុំ ហើយនៅពេលដែលការប្រកបទាក់ទងរបស់គេជាមួយខ្ញុំកាន់តែញឹកញាប់ នោះគេនឹងមើលឃើញខ្លះៗអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ ហើយជាលទ្ធផល គេទទួលបានចំណេះដឹងខ្លះៗពីខ្ញុំ។ ខ្ញុំងើបព្រះសិរសារបស់ខ្ញុំទតមើលទៅក្នុងចំណោមមនុស្សទាំងអស់ ហើយពួកគេទាំងអស់គ្នាបានឃើញខ្ញុំ។ ប៉ុន្តែនៅពេលមានគ្រោះមហន្តរាយកើតឡើងដល់ពិភពលោក ពួកគេមានការថប់បារម្ភមួយរំពេច ហើយរូបអង្គរបស់ខ្ញុំក៏រសាត់បាត់ចេញពីចិត្តរបស់ពួកគេ។ ដោយការភ័យស្លន់ស្លោចំពោះការមកដល់នៃគ្រោះមហន្តរាយនេះ ពួកគេមិនយកចិត្តទុកដាក់ចំពោះការដាស់តឿនរបស់ខ្ញុំទេ។ ខ្ញុំបានយាងកាត់ក្នុងចំណោមមនុស្សជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេនៅតែមិនបានចាប់ភ្លឹក ហើយមិនដែលស្គាល់ខ្ញុំសោះឡើយ។ ថ្ងៃនេះខ្ញុំមានបន្ទូលប្រាប់គេដោយព្រះឱស្ឋខ្ញុំផ្ទាល់ ហើយខ្ញុំធ្វើឱ្យមនុស្សទាំងអស់មកនៅចំពោះខ្ញុំ ដើម្បីទទួលអ្វីមួយពីខ្ញុំ ប៉ុន្តែពួកគេនៅតែរក្សាគម្លាតឆ្ងាយពីខ្ញុំដដែល ដូច្នេះហើយពួកគេមិនស្គាល់ខ្ញុំទេ។ នៅពេលដែលស្នាមព្រះបាទារបស់ខ្ញុំជាន់នៅលើសកលលោកនេះ និងទៅដល់ចុងបំផុតនៃផែនដីហើយ នោះមនុស្សនឹងចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមនុស្សគ្រប់គ្នានឹងចូលមករកខ្ញុំ ទាំងក្រាបចុះនៅចំពោះព្រះភ័ក្ត្រខ្ញុំ ហើយថ្វាយបង្គំខ្ញុំផង។ ថ្ងៃនោះនឹងក្លាយជាថ្ងៃដែលខ្ញុំទទួលបានសិរីល្អ ជាថ្ងៃដែលខ្ញុំយាងត្រលប់មកវិញ ហើយក៏ជាថ្ងៃដែលខ្ញុំយាងចាកចេញទៅវិញផងដែរ។ ឥឡូវនេះ ខ្ញុំបានចាប់ផ្តើមនូវកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្សទាំងអស់ ហើយបានអនុវត្តផែនការគ្រប់គ្រងដំណាក់កាលចុងក្រោយរបស់ខ្ញុំជាផ្លូវការនៅទូទាំងចក្រវាឡទាំងមូល។ ចាប់ពីពេលនេះតទៅ អ្នកណាដែលមិនប្រយ័ត្នប្រយែង នឹងត្រូវទទួលខុសត្រូវចំពោះការធ្លាក់ចូលទៅក្នុងការវាយផ្ចាលដោយគ្មានមេត្តា ហើយការវាយផ្ចាលនេះអាចកើតមានឡើងគ្រប់ពេលទាំងអស់។ នេះមិនមែនដោយសារតែខ្ញុំគ្មានព្រះហឫទ័យនោះទេ ផ្ទុយទៅវិញ វាគឺជាជំហាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ អ្វីៗទាំងអស់ត្រូវតែបន្តទៅតាមជំហាននៃផែនការរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ នៅពេលដែលខ្ញុំចាប់ផ្តើមកិច្ចការរបស់ខ្ញុំជាផ្លូវការ មនុស្សទាំងអស់ធ្វើចលនានៅពេលដែលខ្ញុំធ្វើចលនា មនុស្សនៅទូទាំងសកលលោកទាំងអស់នោះបោះជំហានទៅជាមួយខ្ញុំ នោះនឹងមាន «ភាពសប្បាយរីករាយ» នៅទូទាំងសកលលោក ហើយមនុស្សនឹងត្រូវជំរុញទៅមុខដោយខ្ញុំ។ ជាលទ្ធផល នាគដ៏ធំមានសម្បុរក្រហមនឹងត្រូវខ្ញុំវាយឱ្យវង្វេងស្មារតី និងវល់គំនិត ហើយវាបម្រើកិច្ចការរបស់ខ្ញុំ ហើយទោះបីជាវាមិនមានឆន្ទៈធ្វើក៏ដោយ ក៏វាមិនអាចធ្វើតាមបំណងផ្ទាល់ខ្លួនរបស់វាបានដែរ ប៉ុន្តែវាគ្មានសល់ជម្រើសអ្វីក្រៅពីការចុះចូលក្រោមគ្រប់គ្រងរបស់ខ្ញុំនោះទេ។ ក្នុងគ្រប់ផែនការទាំងអស់របស់ខ្ញុំ នាគដ៏ធំមានសម្បុរក្រហមគឺជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ ជាសត្រូវរបស់ខ្ញុំ និងជាអ្នកបម្រើរបស់ខ្ញុំដែរ ដូច្នោះហើយបានជាខ្ញុំមិនដែលបន្ធូរបន្ថយ «សេចក្ដីតម្រូវ» របស់ខ្ញុំពីវាទេ។ ដូច្នេះដំណាក់កាលចុងក្រោយអំពីកិច្ចការនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ គឺត្រូវបានបំពេញរួចហើយ គឺនៅក្នុងផ្ទះសម្បែងរបស់វាតែម្ដង។ តាមវិធីនេះ នាគដ៏ធំមានសម្បុរក្រហម អាចបម្រើដល់ខ្ញុំបានកាន់តែសមរម្យ ដែលតាមរយៈការនោះ ខ្ញុំនឹងយកឈ្នះលើវា ហើយបញ្ចប់ផែនការរបស់ខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ ពួកទេវតាទាំងអស់ក៏រួមគ្នាជាមួយខ្ញុំចាប់ផ្ដើមធ្វើសង្គ្រាមផ្ដាច់ព្រ័ត្រ ហើយតាំងចិត្តបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ ដើម្បីឱ្យមនុស្សនៅលើផែនដីក្រាបចុះនៅចំពោះព្រះភ័ក្ត្រខ្ញុំដូចពួកទេវតាដែរ ហើយលែងមានបំណងទាស់នឹងខ្ញុំ និងលែងធ្វើអ្វីដែលបះបោរទាស់នឹងខ្ញុំទៀត។ ទាំងនេះគឺជាថាមពលនៃកិច្ចការរបស់ខ្ញុំនៅក្នុងចក្រវាឡទាំងមូល។
គោលបំណង និងសារៈសំខាន់នៃការយាងមកដល់របស់ខ្ញុំក្នុងចំណោមមនុស្ស គឺដើម្បីជួយសង្គ្រោះមនុស្សទាំងអស់ នាំមនុស្សទាំងអស់ឱ្យវិលត្រឡប់មកដំណាក់របស់ខ្ញុំវិញ ដើម្បីបង្រួបបង្រួមស្ថានសួគ៌ជាមួយនឹងផែនដី និងដើម្បីឱ្យមនុស្សដឹងពី «ទីសម្គាល់» រវាងស្ថានសួគ៌និងផែនដី ដែលនេះគឺជាមុខងារដែលមានស្រាប់របស់មនុស្ស។ នៅពេលដែលខ្ញុំបង្កើតមនុស្សជាតិមក ខ្ញុំបានរៀបចំរបស់សព្វសារពើរួចជាស្រេចសម្រាប់មនុស្សជាតិ ហើយក្រោយមក ខ្ញុំបានអនុញ្ញាតឱ្យមនុស្សជាតិទទួលទៅតាមសេចក្ដីតម្រូវរបស់ខ្ញុំ ដែលជាទ្រព្យសម្បត្តិដែលខ្ញុំបានផ្តល់ឱ្យគេ។ ដូច្នេះ ទើបខ្ញុំមានបន្ទូលថា ស្ថិតក្រោមការដឹកនាំរបស់ខ្ញុំនេះហើយ ដែលមនុស្សទាំងអស់បានឈានមកដល់សព្វថ្ងៃ។ ហើយនេះគឺជាផែនការរបស់ខ្ញុំទាំងអស់។ ក្នុងចំណោមមនុស្សគ្រប់រូប មានមនុស្សជាច្រើនរាប់មិនអស់ រស់នៅក្រោមការការពារនៃសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយមានមនុស្សជាច្រើនរាប់មិនអស់ រស់នៅក្រោមការវាយផ្ចាលនៃសេចក្ដីសម្អប់របស់ខ្ញុំ។ ទោះបីជាមនុស្សទាំងអស់អធិស្ឋានដល់ខ្ញុំក៏ដោយ ក៏ពួកគេនៅតែមិនអាចផ្លាស់ប្តូរកាលៈទេសៈបច្ចុប្បន្នរបស់ពួកគេបានឡើយ។ កាលណាពួកគេអស់សង្ឃឹមពួកគេគ្រាន់តែទុកឱ្យវាកើតឡើងដោយឯកឯង ហើយលែងស្តាប់បង្គាប់ខ្ញុំតទៅទៀត ដ្បិតអ្វីៗទាំងអស់នេះអាចសម្រេចបានតាមរយៈមនុស្ស។ នៅពេលនិយាយអំពីសណ្ឋាននៃជីវិតរបស់មនុស្ស គឺមនុស្សមិនទាន់រកឃើញនូវជីវិតដ៏ពិតនៅឡើយទេ គេនៅតែមិនទាន់ប្រទះឃើញនូវភាពអយុត្តិធម៌ ការបំផ្លិចបំផ្លាញ និងស្ថានភាពដ៏លំបាកនៃពិភពលោកនៅឡើយទេ ដូច្នេះហើយ តើវាមិនមែនជាការចូលមកដល់នៃគ្រោះមហន្តរាយទេឬអី ដោយមនុស្សភាគច្រើននៅតែប្រកាន់ខ្ជាប់ចំពោះធម្មជាតិ និងនៅតែទាញចំណាប់អារម្មណ៍ខ្លួនឯងទៅលើរសជាតិនៃ «ជីវិត» នៅឡើយ។ តើនេះមិនមែនជាសេចក្ដីពិតរបស់ពិភពលោកទេឬ? តើនេះមិនមែនជាសំឡេងនៃសេចក្ដីសង្គ្រោះ ដែលខ្ញុំបានមានបន្ទូលទៅកាន់មនុស្សទេឬ? ហេតុអ្វីក្នុងចំណោមមនុស្សជាតិ មិនមានអ្នកណាធ្លាប់ស្រឡាញ់ខ្ញុំដោយពិតប្រាកដ? ហេតុអ្វីបានជាមនុស្សស្រឡាញ់ខ្ញុំតែនៅពេលមានការវាយផ្ចាល និងជួបទុក្ខលំបាក ចុះពេលកំពុងស្ថិតក្រោមការការពាររបស់ខ្ញុំ ម្ដេចក៏គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំសោះអ៊ីចឹង? ខ្ញុំបានដាក់ការវាយផ្ចាលរបស់ខ្ញុំជាច្រើនដងមកលើមនុស្ស។ ពួកគេក្រឡេកមើលវា ប៉ុន្តែក្រោយមកពួកគេព្រងើយកន្តើយនឹងវា ហើយពួកគេមិនបានសិក្សា និងសញ្ជឹងគិតពីវានៅពេលនេះទេ ដូច្នេះហើយ អ្វីទាំងអស់ដែលកើតឡើងលើមនុស្ស គឺជាការជំនុំជម្រះដោយគ្មានមេត្តា។ នេះគ្រាន់តែជាវិធីសាស្រ្តមួយនៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ តែវានៅតែជាវិធីសាស្រ្តដើម្បីផ្លាស់ប្តូរមនុស្ស និងធ្វើឱ្យគេស្រលាញ់ខ្ញុំ។
ខ្ញុំគ្រងរាជ្យនៅក្នុងនគរព្រះ ហើយលើសពីនេះទៀត ខ្ញុំសោយរាជ្យនៅទូទាំងសកលលោកទាំងមូល។ ខ្ញុំជាស្ដេចនៃនគរព្រះ និងជាប្រមុខនៃសកលលោក។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រមូលអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ហើយនឹងចាប់ផ្តើមកិច្ចការរបស់ខ្ញុំក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំនឹងប្រកាសនូវបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដល់សកលលោកទាំងមូល ដើម្បីឱ្យខ្ញុំឈានទៅជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងប្រើការវាយផ្ចាល ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ មានន័យថា ខ្ញុំនឹងប្រើកម្លាំងប្រឆាំងនឹងអស់អ្នកណាដែលជាសាសន៍ដទៃ។ ជាធម្មតា កិច្ចការនេះនឹងត្រូវធ្វើនៅពេលដំណាលគ្នានឹងកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមរាស្រ្តរើសតាំងដែរ។ នៅពេលដែលប្រជារាស្ដ្ររបស់ខ្ញុំគ្រប់គ្រង និងកាន់អំណាចនៅលើផែនដី នោះក៏នឹងជាថ្ងៃដែលមនុស្សទាំងអស់នៅលើផែនដីត្រូវបានយកឈ្នះ ហើយលើសពីនេះទៀត វានឹងជាពេលវេលាដែលខ្ញុំសម្រាក ហើយមានតែពេលនោះទេ ដែលខ្ញុំនឹងលេចមកចំពោះអស់អ្នកដែលត្រូវបានយកឈ្នះ។ ខ្ញុំលេចមកក្នុងនគរដ៏បរិសុទ្ធ ហើយលាក់បំពួនអង្គខ្ញុំពីទឹកដីដ៏ស្មោកគ្រោកនេះ។ អស់អ្នកដែលត្រូវបានយកឈ្នះ ហើយស្តាប់បង្គាប់នៅចំពោះខ្ញុំ គឺអាចមើលឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ភ្នែក ហើយអាចស្តាប់សំឡេងខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់។ នេះគឺជាព្រះពរដល់អស់អ្នកដែលបានកើតនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយនេះ គឺជាព្រះពរដែលខ្ញុំបានកំណត់ទុកជាមុន ហើយនេះគឺជាអ្វីដែលមិនអាចកែប្រែបានដោយមនុស្សណាម្នាក់ឡើយ។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការតាមរបៀបនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចការនាពេលអនាគត។ រាល់កិច្ចការរបស់ខ្ញុំគឺមានទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងនោះមានការអំពាវនាវ និងការឆ្លើយតប៖ មិនដែលមានជំហានណាមួយត្រូវបញ្ឈប់ភ្លាមៗ ហើយក៏មិនដែលមានជំហានណាមួយត្រូវបានអនុវត្តដោយឯករាជ្យពីជំហានផ្សេងទៀតឡើយ។ តើមិនមែនដូច្នេះទេឬ? តើកិច្ចការពីអតីតកាលមិនមែនជាគ្រឹះនៃកិច្ចការសព្វថ្ងៃទេឬ? តើព្រះបន្ទូលពីអតីតកាល មិនមែនជាព្រះបន្ទូលពីមុន ដែលសម្រាប់ព្រះបន្ទូលសព្វថ្ងៃទេឬអី? តើជំហាននៃអតីតកាល មិនមែនជាដើមកំណើតនៃជំហាននៅសព្វថ្ងៃនេះទេឬ? នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សនៅក្នុងចក្រវាឡទាំងមូលត្រូវទទួលការវាយផ្ចាល ជាពេលដែលមនុស្សនៅក្នុងលោកីយ៍ត្រូវធ្លាក់ទៅក្នុងការល្បងល ហើយវាជាចំណុចកំពូលនៃកិច្ចការរបស់ខ្ញុំ។ មនុស្សទាំងអស់រស់នៅក្នុងទឹកដីដែលគ្មានពន្លឺ ហើយមនុស្សទាំងអស់រស់នៅដោយមានការគំរាមកំហែងពីមជ្ឈដ្ឋានរបស់ពួកគេ។ អាចនិយាយម៉្យាងទៀតបានថា នេះជាជីវិតដែលមនុស្សមិនធ្លាប់ជួបប្រទះនោះទេ ចាប់តាំងពីគ្រានៃការបង្កើតលោកីយ៍រហូតមកដល់បច្ចុប្បន្ននេះ ហើយគ្មាននរណាម្នាក់ក្នុងមួយជីវិតគេ ធ្លាប់បាន «រីករាយ» នឹងជីវិតបែបនេះឡើយ ម្ល៉ោះហើយទើបខ្ញុំមានបន្ទូលថា ខ្ញុំបានធ្វើកិច្ចការដែលមិនធ្លាប់មានអ្នកណាបានធ្វើពីមុនមកឡើយ។ នេះគឺជាសណ្ឋានដ៏ពិតនៃកិច្ចការ ហើយនេះគឺជាអត្ថន័យនៅខាងក្នុងចិត្ត។ ដោយសារថ្ងៃរបស់ខ្ញុំខិតជិតមកកៀកនឹងមនុស្សជាតិរាល់គ្នាហើយដោយសារតែថ្ងៃនោះហាក់ដូចជានៅមិនឆ្ងាយប៉ុន្មានទេ ប៉ុន្តែគឺនៅនឹងមុខមនុស្សតែម្ដង ជាលទ្ធផល តើអ្នកណាមិនមានការខ្លាចរអាទៅ? ហើយតើអ្នកណាមិនអាចរីករាយខ្លាំងចំពោះរឿងនេះទៅ? ទីបំផុត ទីក្រុងបាប៊ីឡូនដ៏ស្មោកគ្រោកបានឈានដល់ទីបញ្ចប់ហើយ។ មនុស្សបានជួបនឹងពិភពដ៏ថ្មីស្រឡាងម្ដងទៀត ហើយផ្ទៃមេឃនិងផែនដីត្រូវបានផ្លាស់ប្តូរ និងបង្កើតជាថ្មី។
នៅពេលដែលខ្ញុំលេចមកឯគ្រប់ជាតិសាសន៍ និងមនុស្សទាំងអស់ ពពកពណ៌សបក់បោកនៅលើមេឃ ហើយគ្របដណ្ដប់លើខ្ញុំ។ ដូច្នេះ សត្វស្លាបនៅលើផែនដីនឹងច្រៀង ហើយរាំដោយអំណរថ្វាយដល់ខ្ញុំ ដោយរំលេចឱ្យឃើញបរិយាកាសនៅលើផែនដី ហើយជាហេតុធ្វើឱ្យរបស់សព្វសារពើនៅលើផែនដីមានជីវិតរស់រវើក លែងមានការ «រសាត់ចុះក្រោមបន្ដិចម្ដងៗ» ទៀតឡើយ ប៉ុន្តែជំនួសមកវិញដោយការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលប្រកបដោយថាមពល។ នៅពេលដែលខ្ញុំស្ថិតនៅក្នុងពពក នោះមនុស្សអាចមើលឃើញព្រះភក្រ្ដ និងព្រះនេត្ររបស់ខ្ញុំយ៉ាងច្បាស់ ហើយនៅពេលនេះ គេមានអារម្មណ៍ភ័យខ្លាចបន្តិច។ កាលពីមុន គេបានឮកំណត់ត្រាប្រវត្តិសាស្រ្តអំពីខ្ញុំនៅក្នុងរឿងព្រេង ហើយជាលទ្ធផល គេមានជំនឿតែពាក់កណ្តាលប៉ុណ្ណោះ ហើយមានការសង្ស័យចំពោះខ្ញុំពាក់កណ្ដាល។ គេមិនដឹងថាខ្ញុំនៅឯណា ឬព្រះភក្រ្តរបស់ខ្ញុំធំប៉ុនណានោះទេ តើព្រះភក្រ្តរបស់ខ្ញុំមិនធំទូលាយដូចសមុទ្រ ឬធំទូលាយគ្មានព្រំដែនដូចវាលស្មៅបៃតងទេឬអី? គ្មានអ្នកណាដឹងរឿងទាំងនេះទេ។ មានតែនៅពេលដែលមនុស្សបានឃើញព្រះភក្រ្តរបស់ខ្ញុំនៅលើពពកនាពេលសព្វថ្ងៃនេះទេ ទើបមនុស្សមានអារម្មណ៍ថា ខ្ញុំដែលនៅក្នុងរឿងព្រេងនោះ គឺមានពិតប្រាកដ ដូច្នេះហើយ គេក៏ក្លាយជាមនុស្សដែលគាប់ព្រះហឫទ័យដល់ខ្ញុំ ហើយគឺដោយសារតែទង្វើរបស់ខ្ញុំប៉ុណ្ណោះ ទើបធ្វើឱ្យការកោតសរសើររបស់គេចំពោះខ្ញុំត្រឡប់ជាធំជាងនេះបន្តិច។ ប៉ុន្តែមនុស្សនៅតែមិនស្គាល់ខ្ញុំ ហើយគេឃើញតែផ្នែកមួយរបស់ខ្ញុំនៅក្នុងពពកប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំក៏លាតព្រះហស្ដរបស់ខ្ញុំ ហើយបង្ហាញឱ្យមនុស្សឃើញ។ មនុស្សមានការងឿងឆ្ងល់ និងដាក់ដៃនៅលើមាត់របស់គេ ដោយភ័យខ្លាចយ៉ាងខ្លាំងថានឹងត្រូវវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ ដូច្នេះហើយ គេក៏បន្ថែមការគោរពបន្ដិចបន្ដួចពីលើការកោតសរសើររបស់គេចំពោះខ្ញុំ។ មនុស្សសម្លឹងមើលគ្រប់សកម្មភាពរបស់ខ្ញុំ ដោយភ័យខ្លាចជាខ្លាំងថា គេនឹងត្រូវវាយផ្ដួលដោយសារខ្ញុំ នៅពេលដែលគេមិនយកចិត្តទុកដាក់ ប៉ុន្តែខ្ញុំមិន ត្រូវបានដាក់កម្រិតដោយសារតែការឃ្លាំមើលរបស់មនុស្សនោះឡើយ ហើយខ្ញុំនៅតែបន្តធ្វើកិច្ចការដោយព្រះហស្ដរបស់ខ្ញុំ។ មានតែនៅក្នុងទង្វើទាំងអស់របស់ខ្ញុំនោះទេ ដែលអាចធ្វើឱ្យមនុស្សមានការពេញចិត្តចំពោះខ្ញុំបានខ្លះ ម៉្លោះហើយ គេក៏ចូលមកបន្តិចម្តងៗនៅចំពោះខ្ញុំ ដើម្បីចូលរួមជាមួយខ្ញុំ។ នៅពេលដែលខ្ញុំត្រូវបានបើកសម្ដែងឱ្យមនុស្សឃើញអំពីលក្ខណៈទាំងស្រុងរបស់ខ្ញុំ នោះមនុស្សនឹងមើលឃើញព្រះភក្រ្តរបស់ខ្ញុំ ហើយចាប់ពីពេលនោះទៅ ខ្ញុំនឹងមិនលាក់ព្រះភក្រ្ដ ឬលាក់បាំងព្រះកាយរបស់ខ្ញុំពីមនុស្សទៀតទេ។ នៅទូទាំងសកលលោក ខ្ញុំនឹងលេចមកជាសាធារណៈនៅចំពោះមនុស្សទាំងអស់ ហើយអស់អ្នកដែលនៅជាប់សាច់និងឈាម នឹងមើលឃើញទង្វើទាំងអស់របស់ខ្ញុំ។ អស់អ្នកដែលនៅជាប់នឹងវិញ្ញាណ នឹងរស់នៅដោយសុខសាន្តនៅក្នុងដំណាក់របស់ខ្ញុំ ហើយនឹងរីករាយចំពោះព្រះពរដ៏អស្ចារ្យទាំងអស់គ្នាជាមួយខ្ញុំ។ អស់អ្នកដែលខ្ញុំថែរក្សា ប្រាកដជានឹងគេចផុតពីការវាយផ្ចាល ហើយច្បាស់ជានឹងចៀសផុតពីការឈឺចាប់ខាងវិញ្ញាណ និងការឈឺចាប់ខាងសាច់ឈាម។ ខ្ញុំនឹងលេចមកជាសាធារណៈនៅចំពោះមនុស្សទាំងអស់ ហើយគ្រប់គ្រងនិងប្រើអំណាចដើម្បីឱ្យក្លិនរបស់សាកសពលែងមាននៅលើសកលលោកទៀត។ ផ្ទុយទៅវិញ ក្លិនក្រអូបឈ្ងុយឈ្ងប់របស់ខ្ញុំ នឹងសាយភាយពាសពេញពិភពលោកទាំងមូល ព្រោះថ្ងៃកំណត់របស់ខ្ញុំជិតមកដល់ហើយ មនុស្សនឹងដឹងខ្លួន អ្វីៗនៅលើផែនដីនឹងមានរបៀបរៀបរយ ហើយថ្ងៃនៃការរួចពីសេចក្ដីស្លាប់នៃផែនដីនេះ នឹងមិនមានទៀតទេ ដ្បិតខ្ញុំបានយាងមកដល់ហើយ!
ថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩២