ជំពូកទី ៣៧
អ្នករាល់គ្នាពិតជាខ្វះសេចក្តីជំនឿចំពោះវត្តមានរបស់ខ្ញុំ ហើយអ្នកតែងតែធ្វើអ្វីដោយពឹងផ្អែកលើខ្លួនឯង។ «គ្មានខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ!» ក៏ប៉ុន្តែ អ្នករាល់គ្នាដែលជាមនុស្សពុករលួយនេះតែងតែឱ្យព្រះបន្ទូលរបស់ខ្ញុំផ្លុំចូលទៅត្រចៀកម្ខាង ចេញពីត្រចៀកម្ខាងទៀត។ ជីវិតនាពេលបច្ចុប្បន្ននេះគឺជាជីវិតនៃព្រះបន្ទូល។ បើមិនមានព្រះបន្ទូល ក៏មិនមាននូវជីវិត និងមិនមានបទពិសោធដែរ ហើយរឹតតែមិនសក្ដិសមលើកឡើងថាមិនមានសេចក្តីជំនឿឡើយ។ សេចក្តីជំនឿស្ថិតនៅក្នុងព្រះបន្ទូល ដោយការដាក់បំពេញខ្លួនឯងបន្ថែមទៀតក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ តើអ្នកអាចមានគ្រប់យ៉ាងដែរឬទេ។ ចូរកុំបារម្ភថា អ្នកនឹងមិនចម្រើនឡើង៖ ជីវិតតែងរីកលូតលាស់ ហើយមិនមែនចេញពីការបារម្ភរបស់មនុស្សឡើយ។
អ្នករាល់គ្នាតែងតែឆាប់ងាយភ័យព្រួយ ហើយអ្នកមិនស្តាប់តាមសេចក្តីណែនាំរបស់ខ្ញុំឡើយ។ អ្នកតែងតែចង់ទៅហួសជំហានរបស់ខ្ញុំ។ តើវាជាអ្វីទៅ? វាគឺជាមហិច្ឆតារបស់មនុស្ស។ អ្នកគួរបែងចែកឱ្យច្បាស់ថា អ្វីដែលបានមកពីព្រះជាម្ចាស់ ហើយអ្វីដែលបានមកពីខ្លួនអ្នករាល់គ្នា។ សេចក្តីសាទរនឹងមិនទទួលបានការលើកសរសើរនៅក្នុងវត្តមានរបស់ខ្ញុំឡើយ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាអាចធ្វើតាមខ្ញុំបានរហូតដល់ទីបញ្ចប់ ជាមួយនឹងភាពស្មោះត្រង់ដែលមិនប្រែប្រួលគ្រប់ពេលវេលា។ អ្នកជឿជាក់ថា ការប្រព្រឹត្តបែបនេះគឺជាការគោរពបូជាដល់ព្រះជាម្ចាស់។ ឱពួកមនុស្សខ្វាក់អើយ! ហេតុអ្វីបានជាអ្នកមិនប្រញាប់មកចំពោះមុខខ្ញុំដើម្បីស្វះស្វែងរក ប៉ុន្តែហេតុអ្វីបានជាអ្នកច្របូកច្របល់ជាមួយខ្លួនឯងទៅវិញ? អ្នកត្រូវមើលឱ្យច្បាស់! ម្នាក់ដែលកំពុងធ្វើការឥឡូវនេះច្បាស់ជាមិនមែនមនុស្សឡើយ ប៉ុន្តែជាអធិបតេយ្យសម្រាប់ទាំងអស់គ្នា ដែលជាព្រះជាម្ចាស់ពិតប្រាកដមួយ គឺព្រះដ៏មានគ្រប់ចេស្ដា! អ្នកមិនត្រូវធ្វេសប្រហែសទេ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាន ពីព្រោះថ្ងៃរបស់ខ្ញុំជិតមកដល់ហើយ។ តើអ្នកមិនទាន់មើលឃើញច្បាស់ទេឬ? អ្នកកំពុងនៅតែជាប់ចិត្តជាមួយពិភពលោកនេះ។ តើអ្នកពិតជាស្រឡាញ់ខ្ញុំដែរឬទេ? តើអ្នកអាចលាតត្រដាងបេះដូងរបស់អ្នកឱ្យខ្ញុំទតមើលបានដែរឬទេ? តើអ្នកអាចថ្វាយជីវិតទាំងមូលរបស់អ្នកឱ្យខ្ញុំបានដែរឬទេ?
ចូរគិតបន្ថែមទៀតលើព្រះបន្ទូលរបស់ខ្ញុំ ហើយយល់ច្បាស់អំពីព្រះបន្ទូលទាំងនោះជានិច្ច។ មិនត្រូវភ័ន្តច្រឡំ ឬស្ទាក់ស្ទើរឡើយ។ ចូរចំណាយពេលបន្ថែមទៀតនៅក្នុងវត្តមានរបស់ខ្ញុំ ទទួលព្រះបន្ទូលដ៏បរិសុទ្ធរបស់ខ្ញុំបន្ថែមទៀត ហើយមិនត្រូវយល់ខុសពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំនិយាយអ្វីបន្ថែមទៀតដល់អ្នក? ដួងចិត្ដរបស់មនុស្សគឺរឹងណាស់ មនុស្សទទួលបន្ទុកយ៉ាងធ្ងន់រួមជាមួយនឹងសញ្ញាណនានា។ ពួកគេតែងតែគិតថា ដោយគ្រាន់តែឆ្លងឱ្យផុតឧបសគ្គ គឺវាគ្រប់គ្រាន់ហើយ ហើយពួកគេតែងតែលេងសើចលើជីវិតរបស់ពួកគេ។ កូនៗដ៏ល្ងង់អើយ! យឺតពេលហើយ គ្មានពេលក្នុងការស្វះស្វែងរកការកម្សាន្តទៀតឡើយ។ អ្នកគួរតែបើកភ្នែករបស់អ្នក ហើយមើលថាវាម៉ោងប៉ុន្មានហើយ។ ព្រះអាទិត្យកំពុងតែឆ្លងកាត់មកដល់ជើងមេឃ ហើយបំភ្លឺដល់ផែនដីហើយ។ ចូរបើកភ្នែករបស់អ្នកឱ្យធំ ហើយសម្លឹងមើលចុះ មិនត្រូវធ្វេសប្រហែសឡើយ។
នេះគឺជាបញ្ហាដ៏ធំ ក៏ប៉ុន្តែអ្នករាល់គ្នាបែរជាចាត់ទុកបញ្ហាបែបនោះដូចជាមិនសូវសំខាន់ ហើយចាត់ទុកវាជារឿងធម្មតាទៅវិញ! ខ្ញុំមានព្រះទ័យភ័យព្រួយ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលគិតគូរដល់ព្រះហឫទ័យរបស់ខ្ញុំ ដែលស្តាប់ឮការរំឭកដាស់តឿនដ៏ល្អរបស់ខ្ញុំ ហើយស្តាប់តាមឱវាទរបស់ខ្ញុំផង! បេសកកម្មនេះគឺពិបាកក្រៃលែង ប៉ុន្តែមានតែមនុស្សតិចតួចណាស់ក្នុងចំណោមអ្នករាល់គ្នាទេ ដែលអាចចែករំលែកបន្ទុកសម្រាប់ប្រយោជន៍របស់ខ្ញុំបាន។ អ្នកនៅតែរក្សាអាកប្បកិរិយាបែបនេះទៀត។ ថ្វីបើ ប្រៀបទៅនឹងអតីតកាល អ្នកមានការរីកចម្រើនខ្លះក៏ដោយក្តី អ្នកមិនអាចស្ថិតនៅដំណាក់កាលនេះជានិច្ចបានទេ! ជំហានរបស់ខ្ញុំឆ្ពោះទៅមុខយ៉ាងរហ័ស ក៏ប៉ុន្តែល្បឿនរបស់អ្នករាល់គ្នារក្សាបានតែប៉ុនហ្នឹង។ តើអ្នកអាចដើរទាន់ពន្លឺនៃថ្ងៃនេះ និងជំហានរបស់ខ្ញុំបានដោយរបៀបណា? ចូរឈប់ស្ទាក់ស្ទើរទៀតទៅ។ ខ្ញុំបានបញ្ជាក់ដល់អ្នករាល់គ្នាម្តងហើយម្តងទៀតថា៖ ពេលកំណត់របស់ខ្ញុំនឹងលែងពន្យារពេលទៀតហើយ!
ពន្លឺនៃថ្ងៃនេះ ដែលជាកម្មសិទ្ធិរបស់ពេលបច្ចុប្បន្ននេះ មិនអាចប្រៀបធៀបជាមួយនឹងពន្លឺកាលពីម្សិលមិញ ហើយវាក៏មិនអាចប្រៀបធៀបជាមួយនឹងពន្លឺនៅថ្ងៃស្អែកបានដែរ។ ដោយថ្ងៃនីមួយៗកន្លងផុតទៅ ការបើកសម្តែងថ្មី និងពន្លឺថ្មីកាន់តែរឹងមាំឡើង និងភ្លឺទៅៗ។ ចូរឈប់វង្វេងវង្វាន់ទៀតទៅ ឈប់ល្ងង់ខ្លៅទៀតទៅ ឈប់តោងជាប់នឹងផ្លូវចាស់ៗទៀតទៅ ហើយឈប់ពន្យារពេល ឬខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទៀតទៅ។
ចូរប្រុងប្រយ័ត្ន! ចូរប្រុងប្រយ័ត្ន! ចូរអធិស្ឋានមកនាក់ខ្ញុំបន្ថែមទៀត ហើយចំណាយពេលវេលាបន្ថែមទៀតនៅចំពោះមុខវត្តមានរបស់ខ្ញុំ ហើយអ្នកច្បាស់ជានឹងទទួលបានអ្វីៗគ្រប់យ៉ាងជាក់ជាមិនខាន! ចូរជឿថា តាមរយៈការធ្វើដូច្នេះ អ្នកប្រាកដជាទទួលបានអ្វីៗគ្រប់យ៉ាង!