សេចក្ដីដាស់តឿនទាំងបី

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកគប្បីស្មោះត្រង់ចំពោះព្រះជាម្ចាស់តែមួយអង្គគត់នៅគ្រប់រឿងទាំងអស់ ហើយត្រូវស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់។ យ៉ាងណាក៏ដោយ ទោះបីជាមនុស្សគ្រប់រូបយល់ពីសារនេះក៏ដោយ តែដោយសារការលំបាកផ្សេងៗគ្នារបស់មនុស្ស ឧទាហរណ៍ ដោយសារភាពល្ងង់ខ្លៅ ភាពលេលា និងសេចក្ដីពុករលួយរបស់គេ ទើបមនុស្សមើលមិនឃើញពីសេចក្ដីពិតដែលជាក់ស្ដែងនិងសាមញ្ញបំផុតទាំងនេះទេ។ ដូច្នេះហើយ មុនពេលកំណត់ពីទីបញ្ចប់របស់អ្នករាល់គ្នា ខ្ញុំគួរតែប្រាប់អ្នករាល់គ្នាពីរឿងមួយចំនួនដែលមានសារៈសំខាន់បំផុតចំពោះអ្នករាល់គ្នាជាមុនសិន។ មុននឹងខ្ញុំបន្ត អ្នករាល់គ្នាគប្បីត្រូវយល់អំពីចំណុចនេះសិន៖ បន្ទូលដែលខ្ញុំថ្លែងចេញមក គឺជាសេចក្តីពិត សម្រាប់មនុស្សជាតិគ្រប់រូប។ បន្ទូលទាំងនេះ មិនសំដៅទៅលើតែបុគ្គល ឬប្រភេទមនុស្សជាក់លាក់ណាមួយឡើយ។ ដូច្នេះ អ្នករាល់គ្នាគប្បីត្រូវផ្តោតការស្វែងយល់ពីបន្ទូលរបស់ខ្ញុំតាមទស្សនៈនៃសេចក្តីពិត ហើយត្រូវមានអាកប្បកិរិយាដែលមានការផ្ចង់អារម្មណ៍ពេញលេញ និងមានភាពស្មោះត្រង់។ មិនត្រូវព្រងើយកន្តើយនឹងបន្ទូល ឬសេចក្តីពិតដែលខ្ញុំបានមានបន្ទូលមក សូម្បីតែមួយព្រះឱស្ឋក៏ដោយ ហើយមិនត្រូវមើលស្រាលបន្ទូលទាំងអស់ ដែលខ្ញុំបានថ្លែងចេញមកទេ។ នៅក្នុងជីវិតរបស់អ្នករាល់គ្នា ខ្ញុំទតឃើញថា អ្នករាល់គ្នាបានធ្វើរឿងជាច្រើន ដែលមិនទាក់ទងនឹងសេចក្ដីពិតសោះ ដូច្នេះហើយ ខ្ញុំសូមអ្នករាល់គ្នាជាពិសេស ឱ្យធ្វើជាបាវបម្រើនៃសេចក្តីពិត កុំឱ្យធ្លាក់ជាទាសករនៃសេចក្ដីទុច្ចរិត និងសេចក្តីអាក្រក់ ហើយអ្នករាល់គ្នាមិនត្រូវជាន់ឈ្លីសេចក្តីពិត ឬធ្វើឱ្យប្រឡាក់ប្រឡូសដល់ដំណាក់របស់ព្រះជាម្ចាស់នៅជ្រុងណាមួយឡើយ។ នេះជាសេចក្ដីដាស់តឿនរបស់ខ្ញុំចំពោះអ្នករាល់គ្នា។ ឥឡូវនេះ ខ្ញុំនឹងចូលមកប្រធានបទយើងវិញ។

ទីមួយ អ្នករាល់គ្នាគប្បីស្វែងរកការយល់ព្រមពីព្រះជាម្ចាស់សិន ដើម្បីវាសនារបស់អ្នករាល់គ្នា។ នេះគឺមានន័យថា ដោយសារអ្នករាល់គ្នាទទួលស្គាល់ថា អ្នកជាសមាជិកម្នាក់ក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាគប្បីធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ស្ងប់ព្រះទ័យ ហើយត្រូវបំពេញតាមបំណងព្រះហឫទ័យទ្រង់គ្រប់រឿងទាំងអស់។ អាចនិយាយបានថា គ្រប់សកម្មភាពរបស់អ្នក ត្រូវតែមានគោលការណ៍ ហើយត្រូវស្របតាមសេចក្តីពិត។ ប្រសិនបើអ្នកធ្វើរឿងនេះមិនបានទេ នោះអ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធមិនខាន ហើយមនុស្សគ្រប់គ្នាក៏នឹងបដិសេធអ្នកដែរ។ នៅពេលដែលអ្នកបានធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះហើយ ពេលនោះអ្នកមិនអាចរាប់បញ្ចូលជាសមាជិកក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះមានន័យជាក់ច្បាស់ថា ព្រះជាម្ចាស់មិនយល់ព្រមនឹងអ្នកឡើយ។

ទីពីរ អ្នករាល់គ្នាត្រូវដឹងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ សារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ ដូច្នេះហើយ ព្រះបន្ទូលរបស់ទ្រង់តែងអាចជឿទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គ្មានកំហុសឆ្គង និងគ្មានមន្ទិលសង្ស័យឡើយ ហេតុនេះហើយទើបព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងមនុស្សណាដែលស្មោះត្រង់នឹងទ្រង់ឥតងាករេរ។ ភាពស្មោះត្រង់ គឺមានន័យថា អ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ បង្ហាញភាពពិតថ្វាយព្រះជាម្ចាស់គ្រប់រឿងទាំងអស់ ស្មោះត្រង់ឥតលាក់លៀមចំពោះព្រះជាម្ចាស់គ្រប់រឿងទាំងអស់ មិនដែលលាក់បាំងការពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅលើអ្នកនិងនៅក្រោមអ្នក ហើយមិនធ្វើអ្វីគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់ឡើយ។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់បាន គឺត្រូវមានភាពបរិសុទ្ធនៅក្នុងសកម្មភាព និងពាក្យសម្ដីរបស់អ្នក ហើយមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ឬបោកបញ្ឆោតមនុស្សឡើយ។ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺងាយស្រួលណាស់ ប៉ុន្តែចំពោះអ្នករាល់គ្នាវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឱ្យគេដាក់ទោសធ្លាក់នរក ក៏មិនព្រមនិយាយពាក្យពិត និងធ្វើរឿងស្មោះត្រង់ដែរ។ គ្មានអ្វីប្លែកទេដែលខ្ញុំនៅមានការប្រព្រឹត្តផ្សេងទៀតចំពោះអ្នកដែលមិនស្មោះត្រង់នោះ។ ជាការពិតណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាពិបាកនឹងធ្វើជាមនុស្សស្មោះត្រង់ណាស់។ ដោយសារតែអ្នករាល់គ្នាសុទ្ធតែមានភាពឆ្លាតវៃ សុទ្ធតែពូកែខាងវាស់ស្ទង់មនុស្សដោយប្រើម៉ែត្រដ៏ខ្លីរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យកិច្ចការរបស់ខ្ញុំកាន់តែសាមញ្ញជាងមុន។ ហើយដោយសារតែអ្នករាល់គ្នាឱបក្រសោបអាថ៌កំបាំងរបស់ខ្លួននៅជាប់នឹងទ្រូងមិនលែង ដូច្នេះ ចាំខ្ញុំដាក់អ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឱ្យភ្លើង «ផ្ដល់មេរៀន» ដល់អ្នករាល់គ្នា ដើម្បីឱ្យក្រោយមកទៀត អ្នករាល់គ្នាអាចលះបង់ចិត្ដគំនិតដើម្បីជឿលើបន្ទូលរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងអាចឮសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ពេលនោះ អ្នករាល់គ្នានឹងទះទ្រូង រួចពោលទាំងកំសត់ថា៖ «ដួងចិត្តមនុស្ស អីក៏វៀចវេរដល់ម្ល៉េះ!»។ ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? ខ្ញុំស្រម៉ៃថា អ្នករាល់គ្នានឹងគ្មានអារម្មណ៍ត្រេកអរដូចពេលនេះទេ ហើយអ្នករាល់គ្នាក៏នឹងគ្មានអារម្មណ៍ «ជ្រាលជ្រៅ និងពិបាកយល់» ដូចពេលនេះដែរ។ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ មនុស្សខ្លះសុទ្ធតែធ្វើខ្លួនសមសួន និងត្រឹមត្រូវ ពួកគេទ្រាំលេបការឈឺចាប់ដើម្បីបង្ហាញ «ឫកពារល្អ» ប៉ុន្ដែនៅចំពោះព្រះភក្រ្តព្រះវិញ្ញាណវិញ ពួកគេបញ្ចេញចង្កូម និងក្រញាំរបស់ពួកគេដាក់ទ្រង់។ តើអ្នកនឹងរាប់មនុស្សបែបនេះចូលក្នុងចំណោមជួរមនុស្សស្មោះត្រង់ដែរឬទេ? ប្រសិនបើអ្នកជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ការទំនាក់ទំនងគ្នា» ដូច្នេះ ខ្ញុំហ៊ាននិយាយថា អ្នកប្រាកដជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលលាយឡំនឹងលេសដោះសារ និងហេតុផលដែលគ្មានតម្លៃ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលស្អប់មិនចង់អនុវត្តសេចក្តីពិតទេ។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលអ្នកស្ទាក់ស្ទើរមិនចង់និយាយចេញមក ប្រសិនបើអ្នកមិនពេញចិត្តនឹងលាតត្រដាងពីអាថ៌កំបាំងរបស់អ្នក ពីការលំបាករបស់អ្នកនៅចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលមិនងាយនឹងទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយអ្នកក៏មិនងាយនឹងងើបចេញផុតពីភាពងងឹតដែរ។ ប្រសិនបើអ្នកពេញចិត្តខ្លាំងនឹងការស្វែងរកផ្លូវនៃសេចក្តីពិត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជាប់ជានិច្ចមិនខាន។ ប្រសិនបើអ្នកពេញចិត្តនឹងខ្លាំងធ្វើជាអ្នកស៊ីឈ្នួលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបំពេញការងារដោយក្ដីឧស្សាហ៍ព្យាយាម មានមនសិការ មិនអួតអាង តែងតែផ្តល់ឱ្យគេ និងមិនដែលសុំអ្វីមកវិញ នោះខ្ញុំហ៊ាននិយាយថា អ្នកជាបុគ្គលបរិសុទ្ធស្មោះត្រង់ ពីព្រោះអ្នកមិនបានស្វែងរករង្វាន់ទេ គ្រាន់តែធ្វើជាមនុស្សស្មោះត្រង់ម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកសុខចិត្តនិយាយចេញមកដោយឥតលាក់លៀម ប្រសិនបើអ្នកសុខចិត្តលះបង់អ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចលះបង់ជីវិតរបស់អ្នកដើម្បីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ប្រសិនបើអ្នកស្មោះត្រង់រហូតដល់ថ្នាក់អ្នកគិតតែពីការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនខ្វល់ពីខ្លួនឯង ឬសុំអ្វីសម្រាប់ខ្លួនឯង នោះខ្ញុំហ៊ាននិយាយថា មនុស្សបែបនេះ គឺជាមនុស្សដែលបានធំធាត់នៅក្នុងពន្លឺ និងជាមនុស្សដែលត្រូវរស់នៅក្នុងនគរព្រះអស់កល្បជានិច្ច។ អ្នកគប្បីដឹងថា ក្នុងខ្លួនអ្នកមានសេចក្ដីជំនឿពិត និងភាពស្មោះត្រង់ពិតឬអត់ ថាតើអ្នកមានកំណត់ត្រានៃការរងទុក្ខដើម្បីព្រះជាម្ចាស់ឬអត់ ហើយថាតើអ្នកបានចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុងឬអត់។ ប្រសិនបើអ្នកខ្វះចំណុចទាំងនេះ ដូច្នេះ នៅក្នុងខ្លួនអ្នក ច្បាស់ជានៅមានការមិនស្តាប់បង្គាប់ ការបោកបញ្ឆោត ការលោភលន់ និងការស្ដីបន្ទោសមិនខាន។ ដោយសារចិត្តរបស់អ្នកនៅមិនទាន់មានភាពស្មោះត្រង់នៅឡើយ ដូច្នេះ អ្នកមិនដែលទទួលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលបានរស់នៅក្នុងពន្លឺដែរ។ វាសនារបស់មនុស្សម្នាក់នឹងទៅជាយ៉ាងណានៅទីបញ្ចប់នោះ គឺអាស្រ័យលើថាតើគេមានបេះដូងស្មោះត្រង់មានឈាមក្រហមច្រាលឬអត់ និងថាតើពួកគេមានព្រលឹងបរិសុទ្ធឬអត់។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់សោះ ជាមនុស្សដែលមានចិត្តព្យាបាទ ជាមនុស្សដែលមានព្រលឹងមិនបរិសុទ្ធ នោះអ្នកច្បាស់ជាត្រូវធ្លាក់ចូលទៅក្នុងទីកន្លែងដែលមនុស្សត្រូវទទួលរងការដាក់ទោសមិនខាន ដូចដែលបានកត់ត្រាទុកនៅក្នុងកំណត់ត្រានៃវាសនារបស់អ្នកដូច្នោះដែរ។ ប្រសិនបើអ្នកអះអាងថា ខ្លួនជាមនុស្សស្មោះត្រង់ណាស់ ប៉ុន្ដែមិនដែលប្រព្រឹត្ដទៅតាមសេចក្តីពិត ឬនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ ដូច្នេះ តើអ្នកនៅតែរង់ចាំឱ្យព្រះជាម្ចាស់ប្រទានរង្វាន់ដល់អ្នកទៀតឬអ្វី? តើអ្នកនៅតែសង្ឃឹមថាព្រះជាម្ចាស់នឹងចាត់ទុកអ្នកជាកែវព្រះនេត្ររបស់ទ្រង់ទៀតឬអ្វី? តើការគិតបែបនេះ មិនមែនខុសទំនងទេឬអ្វី? អ្នកបោកបញ្ឆោតព្រះជាម្ចាស់គ្រប់យ៉ាង។ តើដំណាក់របស់ព្រះជាម្ចាស់អាចទុកកន្លែងសម្រាប់បុគ្គលដូចជាអ្នក ដែលមានដៃកខ្វក់បែបនេះ បានយ៉ាងដូចម្ដេចទៅ?

រឿងទីបីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នាគឺរឿងនេះ។ នៅក្នុងដំណើរជីវិតរស់នៅរបស់មនុស្សគ្រប់រូបដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេបានធ្វើរឿងជាច្រើនដែលទាស់ទទឹង និងបោកបញ្ឆោតព្រះជាម្ចាស់។ អំពើអាក្រក់ខ្លះ មិនចាំបាច់ត្រូវកត់ត្រាថាជាការប្រមាថនោះទេ ប៉ុន្ដែ អំពើខ្លះទៀត មិនអាចលើកលែងទោសឱ្យបានឡើយ ដ្បិតមានអំពើជាច្រើនដែលខុសទៅនឹងបញ្ញត្ដិរដ្ឋបាល ដែលជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនដែលព្រួយអំពីវាសនារបស់ពួកគេផ្ទាល់ អាចចោទសួរអំពីអំពើទាំងនោះ។ អ្នករាល់គ្នាគួរដឹងថា អ្នករាល់គ្នាជាមនុស្សដែលមានធម្មជាតិក្រអឺតក្រទមនិងឆ្មើងឆ្មៃ ហើយមិនសុខចិត្តទទួលស្គាល់ការពិតទេ។ ហេតុនេះហើយ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្តិចម្តងៗ បន្ទាប់ពីអ្នករាល់គ្នាបានឆ្លុះបញ្ចាំងពីខ្លួនឯងរួច។ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឱ្យស្វែងយល់ឱ្យបានច្បាស់ជាងនេះអំពីខ្លឹមសារនៃបញ្ញត្ដិរដ្ឋបាល និងខិតខំប្រឹងប្រែងស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ អ្នករាល់គ្នាមុខជាពិបាកបិទមាត់ឱ្យជិតណាស់ ហើយអណ្តាតរបស់អ្នកនឹងចេះតែគ្រលាស់គ្មានគិត បន្លឺសំឡេងខ្លាំងៗ ហើយអ្នករាល់គ្នានឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួនមិនខាន ចុងក្រោយក៏ត្រូវធ្លាក់ចូលទៅក្នុងភាពងងឹត បាត់បង់វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់ពន្លឺ។ ដោយសារតែក្នុងសកម្មភាពរបស់អ្នករាល់គ្នា គ្មានគោលការណ៍ ដោយសារតែអ្នករាល់គ្នាធ្វើនិងនិយាយអ្វីដែលអ្នករាល់គ្នាមិនគួរធ្វើនិងនិយាយ ដូច្នេះហើយ អ្នករាល់គ្នានឹងត្រូវទទួលកម្មពៀរដែលស័ក្តិសម។ អ្នកគួរតែដឹងថា ទោះបីជានៅក្នុងពាក្យសម្ដីនិងការប្រព្រឹត្ដរបស់អ្នកគ្មានគោលការណ៍ក៏ដោយ តែព្រះជាម្ចាស់មានគោលការណ៍នៅក្នុងចំណុចទាំងពីរនេះណាស់។ មូលហេតុដែលអ្នកទទួលកម្មពៀរ គឺដោយសារតែអ្នកបានប្រមាថព្រះជាម្ចាស់ មិនមែនដោយសារអ្នកប្រមាថបុគ្គលណាម្នាក់ទេ។ នៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកប្រព្រឹត្ដអំពើប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ច្រើន នោះអ្នកនឹងក្លាយជាកូននរកមិនខាន។ ក្នុងភ្នែកមនុស្ស មើលទៅដូចជាអ្នកបានប្រព្រឹត្តតែអំពើមួយចំនួនតូចដែលមិនស្របនឹងសេចក្ដីពិតប៉ុណ្ណោះ មិនបានធ្វើអ្វីផ្សេងឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានក្លាយជាមនុស្សម្នាក់ដែលគ្មានតង្វាយលោះបាបរួចទៅហើយ? ដោយសារតែអ្នកបានប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ច្រើនដងមកហើយ ហើយជាងនេះទៅទៀត អ្នកមិនបានបង្ហាញពីសញ្ញានៃការប្រែចិត្តអ្វីទេ ហេតុដូច្នេះ អ្នកគ្មានអ្វីជាគ្រឿងពឹងអាងផ្សេង ក្រៅតែពីត្រូវធ្លាក់ទៅឋាននរក ជាកន្លែងដែលព្រះជាម្ចាស់ដាក់ទោសមនុស្សឡើយ។ ពេលកំពុងដើរតាមព្រះជាម្ចាស់ មានមនុស្សមួយចំនួនតូចទៀត បានប្រព្រឹត្ដអំពើមួយចំនួនដែលបានបំពានគោលការណ៍ ប៉ុន្តែបន្ទាប់ពីបានដោះស្រាយជាមួយ និងបានទទួលការណែនាំរួច ពួកគេក៏បានមើលឃើញពីសេចក្ដីពុករលួយរបស់ខ្លួនគេផ្ទាល់បន្តិចម្ដងៗ ហើយបន្ទាប់មកទៀត ក៏បានដើរលើផ្លូវនៃតថភាពដែលត្រឹមត្រូវវិញ ហើយសព្វថ្ងៃនេះ ពួកគេនៅតែបន្ទាបខ្លួនដដែល។ មនុស្សបែបនេះ គឺជាមនុស្សដែលនឹងត្រូវបន្ដរស់នៅរហូតដល់ទីបញ្ចប់។ ទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែស្វែងរកភាពស្មោះត្រង់ដដែល។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងជាមនុស្សម្នាក់ដែលធ្វើតាមគោលការណ៍ នោះអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានហើយ។ នៅក្នុងសកម្មភាពរបស់អ្នក ប្រសិនបើអ្នកមិនបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ទេ ហើយបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានចិត្តគោរពព្រះជាម្ចាស់ នោះសេចក្ដីជំនឿរបស់អ្នកនឹងស្របតាមបទដ្ឋានហើយ។ អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងគ្មានចិត្តញាប់ញ័រខ្លបខ្លាចទេ ភាគច្រើនគឺអាចប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនបម្រើព្រះជាម្ចាស់ដោយអំណាចនៃចិត្តស្រឡាញ់របស់ពួកគេ ប៉ុន្តែពួកគេគ្មានការយល់ដឹងពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេ ហើយក៏គ្មានការយល់ដឹងអ្វីច្រើនពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយទើបចេតនាល្អរបស់គេ តែងនាំគេឱ្យធ្វើអ្វីៗដែលបង្អាក់ដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងត្រូវបណ្តេញចេញ លែងមានឱកាសដើរតាមព្រះជាម្ចាស់តទៅទៀត ហើយត្រូវបោះចូលទៅឋាននរក ហើយទំនាក់ទំនងទាំងអស់ជាមួយនឹងដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវបញ្ចប់។ មនុស្សទាំងនេះ ធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយកំលាំងនៃចេតនាល្អតែល្ងង់ខ្លៅ ហើយចុងក្រោយ ក៏ធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធ។ មនុស្សនាំយកទម្លាប់នៃការបម្រើពួកអ្នកដឹកនាំ និងម្ចាស់របស់ពួកគេមកប្រើក្នុងដំណាក់របស់ព្រះជាម្ចាស់ និងព្យាយាមអនុវត្តទម្លាប់ទាំងនោះ ដោយគិតទាំងឥតបានការថា ទម្លាប់ទាំងនោះ អាចអនុវត្តបានដោយងាយនៅទីនេះ។ ពួកគេមិនដែលនឹកស្រម៉ៃថា ព្រះជាម្ចាស់មិនមែនមាននិស្ស័យជាកូនចៀមទេ តែទ្រង់មាននិស្ស័យជាសត្វសិង្ហវិញទេតើ។ ដូច្នេះ អ្នកដែលទាក់ទងព្រះជាម្ចាស់ជាលើកដំបូង មិនអាចប្រាស្រ័យទាក់ទងជាមួយទ្រង់បានទេ ដ្បិតព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខុសពីដួងចិត្ដមនុស្ស។ ទាល់តែអ្នកបានយល់ពីសេចក្ដីពិតបានច្រើនហើយ ទើបអ្នកអាចបន្ដស្វែងយល់ពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនមែនមានតែពាក្យសម្ដី និងគោលលទ្ធិទេ តែក៏អាចប្រើជារតនសម្បត្តិបានផងដែរ តាមរយៈការជឿជាក់លើព្រះជាម្ចាស់កាន់តែខ្លាំង ហើយក៏ជាសេចក្ដីសម្អាងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែរ។ ប្រសិនបើអ្នកខ្វះតថភាពនៃចំណេះដឹង ហើយមិនបានបំពាក់បំប៉នខ្លួនដោយសេចក្ដីពិតទេ នោះការបម្រើដោយងប់ងល់របស់អ្នក នាំមកតែការជិនឆ្អន់ និងការស្អប់ខ្ពើមពីព្រះជាម្ចាស់ប៉ុណ្ណោះ។ មកដល់ត្រឹមនេះ អ្នកគួរតែបានឈ្វេងយល់ហើយថា ជំនឿលើព្រះជាម្ចាស់ មិនមែនគ្រាន់តែជាការសិក្សាអំពីទេវសាស្រ្តនោះទេ!

ទោះបីជាបន្ទូលដែលខ្ញុំដាស់តឿនអ្នករាល់គ្នានេះ ខ្លីក៏ពិតមែន ក៏ប៉ុន្តែអ្វីដែលខ្ញុំបានរៀបរាប់មកនេះ គឺជាចំណុចដែលអ្នករាល់គ្នាខ្វះខាតបំផុតនៅក្នុងខ្លួនអ្នករាល់គ្នា។ អ្នករាល់គ្នាគួរដឹងថា អ្វីដែលខ្ញុំមានបន្ទូលនៅពេលនេះ គឺដើម្បីកិច្ចការចុងក្រោយរបស់ខ្ញុំក្នុងចំណោមមនុស្ស ដើម្បីកំណត់ពីទីបញ្ចប់របស់មនុស្ស។ ខ្ញុំមិនចង់ធ្វើកិច្ចការអ្វីច្រើនទៀត ដែលគ្មានគោលបំណងនោះទេ ហើយខ្ញុំក៏មិនចង់បន្ដដឹកនាំមនុស្សដែលអស់សង្ឃឹមដូចជាឈើពុកនោះដែរ ហើយខ្ញុំកាន់តែមិនចង់បន្តដឹកនាំមនុស្សដែលលាក់បាំងចេតនាអាក្រក់ទៀតហើយ។ ប្រហែលជាថ្ងៃណាមួយ អ្នករាល់គ្នានឹងយល់ពីចេតនាស្មោះត្រង់បង្កប់នៅក្នុងបន្ទូលរបស់ខ្ញុំ និងការរួមចំណែករបស់ខ្ញុំសម្រាប់មនុស្សជាតិ។ ប្រហែលជាថ្ងៃណាមួយ អ្នករាល់គ្នានឹងយល់អំពីសារនេះ ដែលអាចឱ្យអ្នករាល់គ្នាកំណត់ពីទីបញ្ចប់របស់ខ្លួនឯងបាន។

ខាង​ដើម៖ អំពីទិសដៅ

បន្ទាប់៖ អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ