ជំពូកទី ២០
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកំពុងតែបោះជំហានទៅមុខ នាំអ្នករាល់គ្នាទៅក្នុងពិភពថ្មីទាំងស្រុង ដែលអាចនិយាយបានថា ភាពពិតនៃជីវិតរបស់នគរព្រះ បានលេចឡើងនៅចំពោះមុខអ្នករាល់គ្នាហើយ។ ព្រះបន្ទូលដែលថ្លែងដោយព្រះវិញ្ញាណបរិសុទ្ធ បានបើកសម្ដែងដោយផ្ទាល់អំពីជម្រៅក្នុងដួងចិត្តអ្នករាល់គ្នា ហើយរូបភាពពីមួយទៅមួយនឹងលេចឡើងនៅចំពោះមុខអ្នករាល់គ្នាផងដែរ។ អស់អ្នកដែលស្រេក និងឃ្លាននូវសេចក្ដីសុចរិត ហើយអ្នកដែលមានបំណងចុះចូល ប្រាកដជាអាចបន្ដនៅក្នុងក្រុងស៊ីយ៉ូន ហើយស្នាក់នៅក្រុងយេរូសាឡិមថ្មីជាក់ជាមិនខាន។ ប្រាកដណាស់ ពួកគេនឹងទទួលបាននូវសិរីរុងរឿង និងកិត្ដិនាម ហើយចែករំលែកនូវព្រះពរដ៏អស្ចារ្យពេលនៅជុំគ្នាជាមួយខ្ញុំ។ សព្វថ្ងៃនេះ មានអាថ៌កំបាំងខ្លះៗនៃពិភពខាងវិញ្ញាណដែលអ្នកមិនទាន់បានឃើញ ពីព្រោះភ្នែកខាងវិញ្ញាណរបស់អ្នករាល់គ្នាមិនទាន់បានបើកចំហនៅឡើយ។ អ្វីៗសព្វសារពើពិតជាអស្ចារ្យខ្លាំងណាស់។ ឫទ្ធិបារមី និងការអស្ចារ្យ ព្រមទាំងអ្វីៗដែលមនុស្សមិនធ្លាប់គិតសោះ នឹងកើតឡើងបណ្តើរៗហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដានឹងសម្ដែងឫទ្ធិបារមីដ៏អស្ចារ្យបំផុតរបស់ទ្រង់ដើម្បីឱ្យសកលលោក និងចុងបំផុតនៃផែនដី ព្រមទាំងគ្រប់ប្រជាជាតិ និងគ្រប់មនុស្សទាំងអស់អាចមើលឃើញឫទ្ធិបារមីទាំងនោះដោយផ្ទាល់ភ្នែករបស់ពួកគេ ហើយក៏នឹងបានឃើញនូវតេជានុភាព សេចក្តីសុចរិត និងព្រះចេស្ដារបស់ខ្ញុំនាពេលខាងមុខ។ ថ្ងៃនោះកាន់តែខិតជិតមកដល់ហើយ! នេះគឺជាពេលវេលាដ៏សំខាន់បំផុត៖ តើអ្នកនឹងដកថយ ឬក៏អ្នកនឹងតស៊ូរហូតដល់ទីបញ្ចប់ដោយមិនងាកក្រោយ? ចូរកុំមើលទៅមនុស្សណាម្នាក់ ព្រឹត្តិការណ៍ ឬអ្វីមួយ ក៏កុំមើលទៅលោកិយ ប្តីរបស់អ្នក កូនរបស់អ្នក ឬពិភាល់ភាពនៃជីវិតរបស់អ្នកនោះឡើយ។ ចូរគ្រាន់តែមើលទៅសេចក្តីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ នោះអ្នកនឹងឃើញនូវការបង់ថ្លៃប្រោសលោះរបស់ខ្ញុំដើម្បីទទួលបានអ្នករាល់គ្នា ហើយក៏នឹងឃើញនូវអ្វីដែលខ្ញុំមានផងដែរ។ អ្វីៗទាំងអស់នេះនឹងល្មមគ្រប់គ្រាន់ដើម្បីលើកទឹកចិត្តអ្នកហើយ។
ពេលវេលាគឺកាន់តែខិតជិតមកដល់ ហើយបំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវសម្រេចបានជាប្រញាប់។ ខ្ញុំនឹងមិនបោះបង់ចោលអស់អ្នកដែលនៅក្នុងនាមខ្ញុំឡើយ ដ្បិតខ្ញុំនឹងនាំអ្នករាល់គ្នាមកក្នុងសិរីល្អ។ តែទោះជាយ៉ាងណាក៏ដោយ ចូរក្រឡេកមើលទៅសិរីល្អឥលូវនេះ ព្រោះនេះជាពេលវេលាដ៏សំខាន់មួយ។ អស់អ្នកណាដែលមិនអាចទទួលយកជំហានបន្ទាប់ នឹងទួញសោកអស់មួយជីវិតរបស់ពួកគេ ហើយនិងមានវិប្បដិសារី បើទោះជាវានឹងយឺតពេលទៅហើយក្ដីសម្រាប់អារម្មណ៍បែបនេះ។ ឥឡូវនេះ កម្ពស់របស់អ្នករាល់គ្នាកំពុងត្រូវបានដាក់សាកល្បងជាក់ស្តែង ដើម្បីមើលថាតើព្រះវិហារអាចត្រូវបានសាងសង់ឡើង ហើយថាតើអ្នកអាចស្ដាប់បង្គាប់គ្នាទៅវិញទៅមកបានដែរឬទេ។ បើមើលតាមទស្សនៈវិស័យនេះ ការស្ដាប់បង្គាប់របស់អ្នករាល់គ្នាគឺប្រាកដណាស់ថាជាការស្ដាប់បង្គាប់មួយដែលអ្នកកំណត់ និងជ្រើសរើសយក ទោះបីអ្នកអាចស្ដាប់បង្គាប់មនុស្សណាម្នាក់ក៏ដោយ ក៏អ្នកនៅតែពិបាកក្នុងការស្ដាប់បង្គាប់អ្នកផ្សេងទៀតដែរ។ តាមពិតទៅ គ្មានវិធីណាដែលអ្នកអាចស្ដាប់បង្គាប់បានទេ នៅពេលដែលអ្នកពឹងផ្អែកលើសញ្ញាណរបស់មនុស្ស។ ទោះយ៉ាងណា ព្រះតម្រិះរបស់ព្រះជាម្ចាស់តែងតែលើសជាងគំនិតរបស់មនុស្ស! ព្រះគ្រីស្ទបានចុះចូលរហូតដល់ទីសុគត ហើយបានសុគតនៅលើឈើឆ្កាង។ ទ្រង់មិនបានមានបន្ទូលអ្វីសោះអំពីលក្ខខណ្ឌ ឬហេតុផលណាមួយ ដរាបណាជាបំណងព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ នោះទ្រង់ស្តាប់បង្គាប់ដោយស្ម័គ្រព្រះទ័យ។ កម្រិតនៃការស្ដាប់បង្គាប់បច្ចុប្បន្នរបស់អ្នករាល់គ្នានៅមានកម្រិតខ្លាំងនៅឡើយ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ការស្តាប់បង្គាប់មិនមែនស្តាប់បង្គាប់មនុស្សទេ តែផ្ទុយទៅវិញវាមានន័យថាជាការស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់បង្គាប់តាមព្រះជាម្ចាស់ផ្ទាល់វិញ។ ព្រះបន្ទូលរបស់ខ្ញុំកំពុងរំឭកឡើងវិញ និងផ្លាស់ប្តូរអ្នករាល់គ្នាពីខាងក្នុងដួងចិត្តមក បើមិនដូច្នោះទេ តើអ្នកណានឹងស្តាប់បង្គាប់តាមនរណា? អ្នករាល់គ្នាមិនស្តាប់បង្គាប់អ្នកដទៃផ្សេងទៀតនោះឡើយ។ អ្នករាល់គ្នាត្រូវតែចំណាយពេលស្វែងយល់ពីការនេះថាការស្ដាប់បង្គាប់ជាអ្វី ហើយរបៀបដែលអ្នកអាចរស់នៅដោយការស្ដាប់បង្គាប់នោះវាយ៉ាងដូចម្ដេច។ អ្នកត្រូវតែចូលមកចំពោះខ្ញុំបន្ថែមទៀត ហើយប្រកបនឹងការនេះ នោះបន្តិចម្តងៗអ្នកនឹងយល់ពីវា ដោយលះបង់សញ្ញាណ និងជម្រើសដែលនៅខាងក្នុងដួងចិត្តអ្នកចេញ។ អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើតាមវិធីនេះ គឺពិបាកដល់មនុស្សក្នុងការយល់ឱ្យបានស៊ីជម្រៅណាស់។ វាមិនមែនសំដៅទៅលើរបៀបដែលមនុស្សពូកែធ្វើ ឬមានសមត្ថភាពធ្វើនោះទេ តែគឺជាខ្ញុំវិញទេ ដែលប្រើមនុស្សល្ងង់ខ្លៅបំផុត និងមនុស្សដែលគេចាត់ទុកថាមិនសំខាន់ ដើម្បីបើកសម្ដែងពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ខណៈពេលដំណាលគ្នា ទ្រង់នឹងផ្លាស់ប្តូរនូវសញ្ញាណ យោបល់ និងជម្រើសមួយចំនួនរបស់មនុស្សផងដែរ។ ស្នាព្រះហស្ដរបស់ព្រះជាម្ចាស់គឺអស្ចារ្យខ្លាំងណាស់ លើសពីសមត្ថភាពដែលគំនិតមនុស្សអាចយល់បាន។
ប្រសិនបើអ្នករាល់គ្នាពិតជាចង់ក្លាយជាមនុស្សដែលធ្វើជាទីបន្ទាល់ដល់ខ្ញុំ អ្នកត្រូវតែទទួលនូវសេចក្ដីពិតដែលបរិសុទ្ធ ហើយមិនមានកំហុសឆ្គង។ អ្នកត្រូវតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការយកបន្ទូលរបស់ខ្ញុំទៅអនុវត្ត ហើយព្យាយាមធ្វើឱ្យជីវិតរបស់អ្នកមានភាពចាស់ទុំយ៉ាងឆាប់រហ័ស។ ចូរកុំស្វែងរករបស់អ្វីដែលគ្មានតម្លៃឱ្យសោះ ព្រោះការទាំងនោះមិនមានប្រយោជន៍ចំពោះដំណើរវិវឌ្ឍន៍នៃជីវិតរបស់អ្នករាល់គ្នាទេ។ អ្នកអាចនឹងត្រូវបានពង្រឹងបន្ថែមតែនៅពេលដែលជីវិតរបស់អ្នកមានភាពចាស់ទុំប៉ុណ្ណោះ ព្រោះមានតែពេលនោះទេ ដែលខ្ញុំអាចនាំអ្នកចូលទៅក្នុងនគរព្រះបាន គឺមិនអាចប្រកែកតវ៉ាបានឡើយ។ ខ្ញុំនៅតែចង់និយាយបន្ថែមទៀតចំពោះអ្នករាល់គ្នាថា ខ្ញុំបានផ្តល់ឱ្យអ្នករាល់គ្នាច្រើនហើយ ប៉ុន្តែតើអ្នករាល់គ្នាយល់ច្បាស់បានប៉ុនណា? តើអ្វីដែលខ្ញុំមានបន្ទូល បានក្លាយជាការពិតនៃជីវិតរបស់អ្នករាល់គ្នាហើយឬនៅ? តើអ្នករាល់គ្នារស់នៅតាមព្រះបន្ទូលរបស់ខ្ញុំបានប៉ុនណាហើយ? ចូរកុំព្យាយាមដងទឹកដោយប្រើកន្ត្រកឫស្សី ដ្បិតអ្នកនឹងមិនទទួលបានអ្វីសោះនៅចុងបញ្ចប់គឺមានតែភាពទទេប៉ុណ្ណោះ។ អ្នកឯទៀតទទួលបានអត្ថប្រយោជន៍ដ៏ពិតយ៉ាងងាយស្រួល ចុះអ្នករាល់គ្នាវិញ? តើអ្នកអាចយកឈ្នះសាតាំងបានអត់ បើអ្នកដៃទទេ ហើយគ្មានកាន់អាវុធនោះ? អ្នកត្រូវតែពឹងផ្អែកថែមទៀតលើព្រះបន្ទូលរបស់ខ្ញុំក្នុងជីវិតរបស់អ្នក ព្រោះវាជាអាវុធល្អបំផុតសម្រាប់ការពារខ្លួន។ អ្នករាល់គ្នាគួរកត់ចំណាំថា៖ កុំយកបន្ទូលរបស់ខ្ញុំធ្វើជាកម្មសិទ្ធិរបស់អ្នករាល់គ្នាឡើយ។ ប្រសិនបើអ្នករាល់គ្នាមិនយល់ពីព្រះបន្ទូលទាំងនោះ ហើយប្រសិនបើអ្នកមិនស្វែងរកព្រះបន្ទូល ហើយម៉្យាងទៀតប្រសិនបើអ្នកមិនព្យាយាមស្វែងយល់ព្រះបន្ទូល ឬក៏ទំនាក់ទំនងជាមួយខ្ញុំអំពីព្រះបន្ទូល តែបែរទៅជាបំពេញចិត្តខ្លួនឯង និងផ្គាប់ផ្គន់ដល់ចិត្តខ្លួនឯងវិញ នោះអ្នករាល់គ្នានឹងទទួលរងនូវការឈឺចាប់បាត់បង់។ ឥឡូវនេះអ្នកគួរតែរៀនពីមេរៀននេះ ហើយអ្នករាល់គ្នាត្រូវតែដាក់ខ្លួនឯងនៅដោយឡែក ហើយទាញយកចំណុចខ្លាំងរបស់អ្នកដទៃមក ដើម្បីបំពេញនូវភាពខ្វះខាតរបស់អ្នក។ ចូរកុំគ្រាន់តែធ្វើនូវអ្វីដែលអ្នកចង់បាននោះឡើយ។ ពេលវេលាមិនរង់ចាំនរណាម្នាក់ឡើយ។ ជីវិតបងប្អូនប្រុសស្រីរបស់អ្នកកំពុងតែលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេកំពុងជួបប្រទះនូវការផ្លាស់ប្តូរ ហើយទទួលបានការរំឭកឡើងវិញជារៀងរាល់ថ្ងៃ។ កម្លាំងរបស់បងប្អូនប្រុសស្រីអ្នកកំពុងតែកើនឡើង ហើយនេះគឺជារឿងដ៏អស្ចារ្យមួយ! ចូរបោះជំហានទៅកាន់ទីបញ្ចប់។ គ្មាននរណាម្នាក់អាចធ្វើជំនួសនរណាម្នាក់ផ្សេងទៀតបានទេ។ ចូរគ្រាន់តែខំប្រឹងសម្របខ្លួនដើម្បីសហការជាមួយខ្ញុំបានហើយ។ អ្នកដែលមាននិមិត្ត អ្នកដែលឆ្ពោះទៅមុខ អ្នកដែលមិនខូចចិត្ត ហើយអ្នកដែលតែងតែទន្ទឹងរង់ចាំ គឺខ្ញុំធានាថានឹងទទួលបានជ័យជម្នះយ៉ាងប្រាកដ។ នេះគឺជាពេលវេលាដ៏សំខាន់មួយ។ ត្រូវប្រាកដថាមិនមានការខូចចិត្ត ឬធ្លាក់ទឹកចិត្តនោះឡើយ អ្នកត្រូវតែទន្ទឹងរង់ចាំគ្រប់អ្វីៗទាំងអស់ ហើយកុំងាកក្រោយ។ អ្នកត្រូវតែលះបង់អ្វីៗគ្រប់យ៉ាង បោះបង់ចោលនូវភាពជំពាក់ជំពិនទាំងអស់ ហើយខិតខំបន្តឱ្យអស់ពីកម្លាំងកាយចិត្ត។ ដរាបណាអ្នករាល់គ្នានៅតែមានដង្ហើម អ្នកត្រូវតែតស៊ូរហូតដល់ចុងបញ្ចប់។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលអ្នកនឹងក្លាយជាមនុស្សដែលសមនឹងទទួលបានការសរសើរ។