ជំពូកទី ២៧
ព្រះដ៏ពិតតែមួយអង្គដែលសោយរាជ្យលើចក្រវាល និងរបស់សព្វសារពើ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ! នេះគឺជាទីបន្ទាល់មួយរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺជាភស្តុតាងមួយដែលមិនអាចប្រកែកបានឡើយ! ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើទីបន្ទាល់នៅគ្រប់ទីកន្លែង ដូច្នេះ គ្មាននរណាម្នាក់ត្រូវសង្ស័យឡើយ។ ឱព្រះមហាក្សត្រដ៏មានជ័យ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ព្រះអង្គបានយកឈ្នះលើលោកីយ៍ ទ្រង់បានយកឈ្នះលើបាប ហើយព្រះអង្គបានសម្រេចការប្រោសលោះរបស់ទ្រង់! ទ្រង់បានសង្រ្គោះយើង ដែលជាមនុស្សមួយក្រុមត្រូវបានសាតាំងធ្វើឱ្យពុករលួយនេះ ព្រមទាំងបានប្រោសយើងឱ្យគ្រប់លក្ខណ៍ ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះអង្គកាន់អំណាចជាព្រះមហាក្សត្រលើផែនដីទាំងមូល ដោយគ្រប់គ្រងទឹកដីនេះម្ដងទៀត និងបណ្ដេញសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ព្រះអង្គកំពុងតែជំនុំជម្រះពិភពលោក ហើយគ្មាននរណាម្នាក់អាចរួចខ្លួនពីព្រះហស្តរបស់ទ្រង់ឡើយ។ ទ្រង់សោយរាជ្យជាព្រះមហាក្សត្រ។
ផែនដីទាំងមូលស្រែកឡើងដោយសេចក្តីរីករាយ! វាសរសើរតម្កើងព្រះមហាក្សត្រដ៏មានជ័យ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា! ជារៀងរហូតតទៅ! ដ្បិតព្រះអង្គស័ក្តិសមទទួលព្រះកិត្តិយស និងការសរសើរតម្កើង។ សូមថ្វាយសិទ្ធិអំណាច និងសិរីល្អដល់ព្រះមហាក្សត្រដ៏ធំឧត្តមនៃចក្រវាល!
ពេលវេលានៅខ្លីណាស់។ ចូរដើរតាមដានព្រះបាទារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបន្តដើរទៅមុខចុះ។ ចូរប្រយ័ត្នប្រយែងចំពោះកំហុស ចូរពិចារណាចំពោះបន្ទុករបស់ទ្រង់ ចូរមានចិត្តគំនិតតែមួយដូចទ្រង់ ហើយលះបង់ខ្លួនសម្រាប់ផែនការគ្រប់គ្រងរបស់ទ្រង់។ អ្នកមិនត្រូវរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកឡើយ។ នៅសល់ពេលវេលាតិចណាស់។ ចូរលះបង់ទ្រព្យសម្បត្តិទាំងនោះទៅ! កុំឱបរឹតវាទុកឡើយ! ចូរលះបង់ទ្រព្យសម្បត្តិទាំងនោះទៅ! កុំឱបរឹតវាទុកឡើយ!