ជំពូកទី ២៦
ពួកកូនប្រុសរបស់ខ្ញុំអើយ ចូរស្ដាប់តាមព្រះបន្ទូលខ្ញុំ ចូរស្តាប់សំឡេងខ្ញុំដោយស្ងប់ស្ងៀម ហើយខ្ញុំនឹងធ្វើការបើកសម្ដែងឱ្យអ្នកឃើញ។ ចូរស្ងប់ស្ងៀមនៅក្នុងខ្ញុំ ដោយព្រោះខ្ញុំជាព្រះជាម្ចាស់របស់អ្នក ជាព្រះដ៏ប្រោសលោះតែមួយអង្គរបស់អ្នករាល់គ្នា។ អ្នកត្រូវតែធ្វើឱ្យចិត្តរបស់អ្នករាល់គ្នាស្ងប់ស្ងៀមគ្រប់ពេលវេលា ហើយរស់នៅក្នុងខ្ញុំ។ ខ្ញុំជាថ្មដារបស់អ្នក ជាចន្ទល់របស់អ្នករាល់គ្នា។ មិនត្រូវមានគំនិតផ្សេងទៀតឡើយ ប៉ុន្តែត្រូវពឹងផ្អែកលើខ្ញុំដោយអស់ពីដួងចិត្ត ហើយខ្ញុំច្បាស់ជានឹងលេចមកឱ្យអ្នករាល់គ្នាឃើញ ខ្ញុំជាព្រះជាម្ចាស់របស់អ្នករាល់គ្នា! អ្ហា អស់អ្នកដែលសង្ស័យអើយ! ពួកគេប្រាកដជាមិនអាចឈររឹងមាំ ហើយពួកគេនឹងមិនទទួលបានអ្វីឡើយ។ អ្នកត្រូវតែដឹងថាពេលនេះជាពេលអ្វីហើយ វាជាពេលវេលាដ៏សំខាន់! វាពិតជាសំខាន់យ៉ាងណាទៅ! មិនត្រូវរវល់នឹងរឿងរ៉ាវដែលឥតប្រយោជន៍នោះឡើយ ចូរចូលមកជិតខ្ញុំជាប្រញាប់ ចូរប្រកបជាមួយនឹងខ្ញុំ ហើយខ្ញុំនឹងបើកសម្ដែងឱ្យឃើញនូវអាថ៌កំបាំងទាំងអស់ដល់អ្នករាល់គ្នា។
អ្នកត្រូវតែស្តាប់គ្រប់ទាំងព្រះបន្ទូលនៃការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយយកព្រះបន្ទូលនីមួយៗដាក់ក្នុងចិត្តចុះ។ ច្រើនដងហើយដែលអ្នកបានឮព្រះបន្ទូលខ្ញុំ ហើយបន្ទាប់មកក៏ភ្លេចព្រះបន្ទូលនោះ។ អូ៎ ពួកអ្នកដែលមិនចេះគិតអើយ! អ្នកបានបាត់បង់នូវព្រះពរជាច្រើន! ឥឡូវអ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ ហើយស្ដាប់តាមព្រះបន្ទូលរបស់ខ្ញុំ ប្រកបជាមួយខ្ញុំកាន់តែច្រើន ហើយចូលមកជិតខ្ញុំកាន់តែខ្លាំង។ អ្វីទាំងអស់ដែលអ្នកមិនយល់ ខ្ញុំនឹងណែនាំអ្នក ហើយខ្ញុំនឹងដឹកនាំអ្នករាល់គ្នាឆ្ពោះទៅមុខ។ មិនត្រូវធ្វើការប្រកបច្រើនជាមួយអ្នកដទៃឡើយ។ ឥឡូវនេះមានមនុស្សជាច្រើនដែលប្រកាសប្រាប់ន័យពាក្យ និងគោលលទ្ធិ ហើយមានមនុស្សតិចណាស់ដែលប្រកាន់ខ្ជាប់នូវសេចក្ដីពិតរបស់ខ្ញុំយ៉ាងប្រាកដ។ ការប្រកបរបស់ពួកគេ ធ្វើឱ្យមានមនុស្សច្រឡំ និងស្ពឹកស្រពន់ ដោយមិនដឹងថាត្រូវរីកលូតលាស់យ៉ាងដូចម្ដេចទេ។ ដោយបានឮពីពួកគេ មនុស្សអាចយល់កាន់តែច្បាស់ថែមទៀតអំពីន័យពាក្យ និងគោលលទ្ធិ។ អ្នកត្រូវតែប្រុងប្រយ័ត្ននូវជំហានរបស់អ្នក ហើយរក្សាចិត្តរបស់អ្នករាល់គ្នា ឱ្យនៅតែមាននៅចំពោះខ្ញុំគ្រប់ពេលវេលា។ អ្នកត្រូវតែប្រាស្រ័យទាក់ទងជាមួយខ្ញុំ ហើយចូលមកជិតខ្ញុំ ហើយខ្ញុំនឹងឱ្យអ្នកមើលឃើញនូវអ្វីដែលអ្នកមិនយល់។ ចូរយកចិត្តទុកដាក់ចំពោះការនិយាយរបស់អ្នក អង្កេតមើលដួងចិត្តអ្នកគ្រប់ពេលវេលា និងដើរតាមផ្លូវដែលខ្ញុំដើរ។
វានឹងមិនមានពេលយូរទេឥឡូវនេះ គឺនៅសល់ពេលតិចតួចប៉ុណ្ណោះ។ ចូរប្រញាប់បោះបង់ចោលអ្វីៗទាំងអស់ លើកលែងតែខ្ញុំប៉ុណ្ណោះ ហើយមកតាមខ្ញុំចុះ! ខ្ញុំនឹងមិនធ្វើទុក្ខទោសដល់អ្នករាល់គ្នាទេ។ ជាច្រើនដងមកហើយដែលអ្នករាល់គ្នាយល់ច្រឡំចំពោះសកម្មភាពរបស់ខ្ញុំ តែអ្នកដឹងទេថាខ្ញុំស្រលាញ់អ្នករាល់គ្នាប៉ុនណា? អ្ហ៎ា អ្នកមិនយល់ពីព្រះហឫទ័យរបស់ខ្ញុំនោះទេ។ មិនថាអ្នករាល់គ្នាសង្ស័យយ៉ាងណាក៏ដោយ ទោះបីជាអ្នកជំពាក់ខ្ញុំប៉ុនណាក៏ដោយ ក៏ខ្ញុំនឹងមិនចងចាំវានោះទេ តែខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញឱ្យទៅមុខ និងធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។
សព្វថ្ងៃនេះ មិនមែនជាពេលដែលត្រូវពន្យារពេលទៀតនោះទេ។ ប្រសិនបើអ្នកនៅតែបន្តលាក់បាំងបំណងមួយចំនួនទៀត នោះការជំនុំជម្រះរបស់ខ្ញុំនឹងកើតមានដល់អ្នករាល់គ្នាមិនខាន។ ប្រសិនបើអ្នកចាកចេញពីខ្ញុំ សូម្បីតែមួយភ្លែតក៏ដោយ ក៏អ្នកនឹងដូចជាប្រពន្ធរបស់ឡុតដែរ។ ឥឡូវនេះ ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែលឿន ហើយអស់អ្នកណាដែលមិនអាចដើរតាមទាន់ពន្លឺថ្មីបានទេ អ្នកនោះគឺកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ហើយ ហើយអស់អ្នកណាដែលមិនរវៀសរវៃទេ អ្នកនោះនឹងត្រូវបោះបង់ចោលមិនខាន។ អ្នកត្រូវតែការពារខ្លួនអ្នក។ អ្នកគួរតែដឹងថា រាល់មជ្ឈដ្ឋាននៅជុំវិញអ្នក គឺខ្ញុំជាអ្នករៀបចំ និងអនុញ្ញាតឱ្យកើតមាន។ ត្រូវយល់ឱ្យច្បាស់អំពីចំណុចនេះ ហើយត្រូវបំពេញតាមព្រះហឫទ័យរបស់ខ្ញុំនៅក្នុងមជ្ឈដ្ឋានដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាចនេះ ខ្លាចនោះឱ្យសោះ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះនៃកងទ័ពទាំងឡាយ ច្បាស់ជានឹងគង់នៅជាមួយអ្នកមិនខាន។ ទ្រង់គឺជាខ្នងបង្អែករបស់អ្នក ហើយទ្រង់គឺជាខែលការពារអ្នក។ សព្វថ្ងៃនេះ មនុស្សមានសញ្ញាណច្រើនពេក ដែលបង្ខំឱ្យខ្ញុំត្រូវបង្ហាញពីព្រះរាជបំណងរបស់ខ្ញុំទៅកាន់មនុស្សដែលត្រូវគេមើលងាយ ដោយបំបាក់មុខអ្នកដែលរាប់ខ្លួនឯងជាសំខាន់ និងអ្នកដែលរាប់ខ្លួនឯងជាសុចរិត អ្នកដែលអួតខ្លួនហួសហេតុ អ្នកដែលមានមហិច្ឆតា និងអ្នកដែលចង់បានឋានៈខ្ពង់ខ្ពស់។ឱ្យតែអ្នករាល់គ្នាបង្ហាញពីការគិតគូរដោយស្មោះចំពោះបន្ទុករបស់ខ្ញុំ នោះខ្ញុំនឹងបានរៀបចំអ្វីគ្រប់យ៉ាងទុកសម្រាប់អ្នករាល់គ្នាមិនខាន។ គ្រាន់តែធ្វើតាមខ្ញុំទៅបានហើយ!