តើអ្នកជឿគួរប្រកាន់យកទស្សនៈបែបណា
ចាប់តាំងពីពេលដែលមនុស្សចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូងមក តើពួកគេបានទទួលអ្វីខ្លះ? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់ តើអ្នកបានផ្លាស់ប្តូរច្រើនប៉ុនណាហើយ? សព្វថ្ងៃនេះ អ្នករាល់គ្នាសុទ្ធតែដឹងហើយថា ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ មិនមែនដើម្បីតែសេចក្ដីសង្រ្គោះខាងព្រលឹង និងភាពសុខស្រួលខាងសាច់ឈាមតែប៉ុណ្ណោះទេ ហើយក៏មិនមែនដើម្បីធ្វើឱ្យជីវិតរបស់ពួកគេបានសម្បូរហូរហៀរដោយការស្រឡាញ់ព្រះជាម្ចាស់ដែរ ។ល។ និង ។ល។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ប្រសិនបើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីតែភាពសុខស្រួលខាងសាច់ឈាម ឬការសប្បាយមួយពេល ដូច្នេះ បើទោះបីជាចុងក្រោយ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចខ្ពស់បំផុត ហើយអ្នកលែងសុំអ្វីទៀតក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលអ្នកស្វែងរកនេះ នៅតែជាសេចក្តីស្រឡាញ់មួយដែលមានភាពហ្មងសៅ មិនគាប់ព្រះទ័យព្រះជាម្ចាស់ដដែល។ អ្នកដែលប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដើម្បីធ្វើឱ្យជីវិតស្រអាប់គ្មានពន្លឺរបស់គេបានសម្បូរហូរហៀរឡើង និងដើម្បីបំពេញចន្លោះប្រហោងនៅក្នុងដួងចិត្តរបស់ពួកគេ គឺជាប្រភេទមនុស្សដែលលោភលន់ចង់បានជីវិតមួយដែលងាយស្រួល មិនមែនជាអ្នកដែលស្វែងរកដើម្បីស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដឡើយ។ សេចក្ដីស្រឡាញ់បែបនេះមិនមែនចេញពីចិត្តទេ តែជាការស្វែងរកការស្កប់ស្កល់ចិត្ត ហើយព្រះជាម្ចាស់មិនសព្វព្រះទ័យចង់បានសេចក្ដីស្រឡាញ់បែបនេះទេ។ ដូច្នេះ តើអ្នកមានសេចក្តីស្រឡាញ់បែបណាដែរ? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីអ្វី? ពេលនេះ តើនៅក្នុងចិត្តអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះព្រះជាម្ចាស់ច្រើនប៉ុនណាដែរ? សេចក្តីស្រឡាញ់របស់អ្នករាល់គ្នាភាគច្រើន គឺជាប្រភេទនៃសេចក្ដីស្រឡាញ់ដែលបានរៀបរាប់ពីខាងលើ។ សេចក្តីស្រឡាញ់បែបនេះ គ្រាន់តែអាចរក្សាឈ្មោះថាជាសេចក្ដីស្រឡាញ់ប៉ុណ្ណោះ តែមិនអាចឋិតថេរអស់កល្បជានិច្ចបានទេ ហើយក៏មិនអាចចាក់ឫសនៅក្នុងខ្លួនមនុស្សបានដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះ គឺប្រៀបដូចផ្កាដែលរីក ហើយរោយទៅវិញ គ្មានផ្លែសោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ក្រោយពីអ្នកបានស្រឡាញ់ព្រះជាម្ចាស់ដោយបែបនេះម្ដងរួចហើយ ប្រសិនបើគ្មានអ្នកណាម្នាក់ដឹកនាំអ្នកនៅផ្លូវខាងមុខនោះទេ នោះអ្នកនឹងដួលមិនខាន។ ប្រសិនបើអ្នកគ្រាន់តែស្រឡាញ់ព្រះជាម្ចាស់ក្នុងពេលដែលកំពុងស្រឡាញ់ទ្រង់ ប៉ុន្តែក្រោយមក និស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្តូរ នោះអ្នកនឹងនៅតែមិនអាចគេចចេញពីស្រមោលឥទ្ធិពលនៃភាពងងឹតបានដដែល ហើយអ្នកនឹងនៅតែមិនអាចគេចចេញពីចំណងនិងឧបាយកលរបស់សាតាំងបានដដែល។ មនុស្សដែលមានលក្ខណៈបែបនេះ មិនអាចឱ្យព្រះជាម្ចាស់ទទួលយកបានទាំងស្រុងនោះទេ។ នៅទីបញ្ចប់ វិញ្ញាណ ព្រលឹង និងរូបកាយរបស់គេ នឹងនៅតែជាកម្មសិទ្ធិរបស់អារក្សសាតាំងដដែល។ រឿងនេះគ្មានអ្វីគួរឆ្ងល់ឡើយ។ អស់អ្នកណាដែលព្រះជាម្ចាស់មិនអាចទទួលយកបានទាំងស្រុងទេ នឹងត្រូវត្រលប់ទៅកាន់កន្លែងដើមរបស់គេវិញ ពោលគឺ គេត្រូវត្រលប់ទៅខាងសាតាំងវិញ ហើយគេនឹងត្រូវចុះបឹងភ្លើង និងស្ពាន់ធ័រ ដើម្បីទទួលយកការដាក់ទោសពីព្រះជាម្ចាស់នៅដំណាក់កាលបន្ទាប់។ អ្នកដែលព្រះជាម្ចាស់ទទួលយក គឺជាអ្នកដែលលះបង់សាតាំងចោល ហើយគេចចេញពីដែនត្រួតត្រារបស់វា។ ពួកគេត្រូវបានបង់លេខរៀងផ្លូវការនៅក្នុងចំណោមរាស្រ្តនៃនគរព្រះ។ រាស្រ្តនៃនគរព្រះមានវត្តមានតាមរបៀបបែបនេះឯង។ តើអ្នកសុខចិត្តក្លាយជាមនុស្សប្រភេទនេះដែរឬទេ? តើអ្នកសុខចិត្តឱ្យព្រះជាម្ចាស់ទទួលយកអ្នកដែរឬទេ? តើអ្នកសុខចិត្តគេចចេញពីដែនត្រួតត្រារបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញដែរឬទេ? តើពេលនេះអ្នកជាកម្មសិទ្ធិរបស់សាតាំង ឬអ្នកត្រូវបានបង់លេខរៀងនៅក្នុងចំណោមរាស្រ្តនៃនគរព្រះហើយ? រឿងទាំងអស់នេះគួរតែច្បាស់លាស់ស្រេចហើយ មិនចាំបាច់ត្រូវការពន្យល់បន្ថែមទៀតទេ។
កាលពីមុន មនុស្សជាច្រើនបានស្វែងរកដោយមហិច្ឆតាខ្លាំងក្លា និងគំនិតគ្មានមូលដ្ឋាន។ ពួកគេស្វែងរកដោយសារតែសេចក្តីសង្ឃឹមផ្ទាល់ខ្លួនប៉ុណ្ណោះ។ សូមយើងទុកបញ្ហាបែបនេះមួយឡែកសិន។ អ្វីដែលសំខាន់ក្នុងពេលនេះ គឺត្រូវស្វែងរកវិធីអនុវត្តន៍មួយ ដែលនឹងអាចឱ្យអ្នករាល់គ្នាម្នាក់ៗ បន្តប្រកាន់ខ្ជាប់នូវសភាពធម្មតានៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយអាចផ្តាច់ខ្លួនចេញពីខ្នោះនៃឥទ្ធិពលរបស់អារក្សសាតាំងបន្តិចម្ដងៗ ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលយកអ្នកបាន និងរស់នៅលើផែនដីតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យអ្នករស់នៅ។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបអ្នកអាចសម្រេចតាមបំណងរបស់ព្រះជាម្ចាស់បាន។ មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនដឹងថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្វី មិនដឹងថាសាតាំងចង់បានអ្វី។ ពួកគេមានជំនឿដោយការវង្វេង ចេះតែបណ្ដោយខ្លួនទៅតាមវាសនា ហេតុនេះហើយទើបពួកគេគ្មានជីវិតជាគ្រីស្ទបរិស័ទក្នុងលក្ខណៈធម្មតានោះ។ លើសពីនេះទៅទៀត ពួកគេមិនដែលមានទំនាក់ទំនងផ្ទាល់ខ្លួនសាមញ្ញធម្មតាឡើយ ហើយក៏មិនដែលមានទំនាក់ទំនងសាមញ្ញធម្មតាជាមួយព្រះជាម្ចាស់ដែរ។ តាមលក្ខណៈនេះ យើងអាចឃើញថា ការលំបាកនិងគុណវិបត្តិរបស់មនុស្ស និងកត្តាផ្សេងទៀត ដែលរារាំងគេមិនឱ្យសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន គឺមានច្រើនណាស់។ ចំណុចនេះគ្រប់គ្រាន់នឹងបញ្ជាក់ថា មនុស្សមិនទាន់បានដើរនៅលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវនៅឡើយទេ ហើយពួកគេក៏មិនទាន់បានចូលទៅក្នុងបទពិសោធពិតប្រាកដនៃជីវិតរបស់មនុស្សដែរ។ ដូច្នេះ តើការដើរនៅលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវមានន័យដូចម្តេច? ការដើរនៅលើផ្លូវត្រឹមត្រូវ មានន័យថា អ្នកអាចធ្វើឱ្យចិត្តរបស់អ្នកស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់បានគ្រប់ពេល ហើយអាចមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដោយការរីករាយ ដោយចាប់ផ្ដើមដឹងពីអ្វីដែលមនុស្សខ្វះខាតបន្តិចម្តងៗ និងមានការយល់ដឹងជ្រាលជ្រៅពីព្រះជាម្ចាស់បន្តិចម្ដងៗ។ តាមរយៈនេះ វិញ្ញាណរបស់អ្នកនឹងទទួលបានការយល់ដឹង និងការបំភ្លឺថ្មីៗជារៀងរាល់ថ្ងៃ។ សេចក្ដីស្រេកឃ្លានរបស់អ្នកក៏កើនឡើង អ្នកស្វែងរកដើម្បីបានចូលទៅក្នុងសេចក្តីពិត ហើយជារៀងរាល់ថ្ងៃ តែងមានពន្លឺ និងការយល់ដឹងថ្មីៗជានិច្ច។ នៅលើផ្លូវនេះ អ្នកបានផ្តាច់ខ្លួនចេញពីឥទ្ធិពលរបស់អារក្សសាតាំងបន្តិចម្ដងៗ ហើយជីវិតរបស់អ្នកក៏បានលូតលាស់ចម្រើនឡើងដែរ។ មនុស្សបែបនេះហើយ ដែលបានដើរនៅផ្លូវត្រឹមត្រូវនោះ។ ចូរវាយតម្លៃពីបទពិសោធពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក និងពិនិត្យមើលផ្លូវដែលអ្នកបានដើរនៅក្នុងសេចក្ដីជំនឿរបស់អ្នក៖ ពេលដែលអ្នកគិតពិចារណាអំពីចំណុចដែលបានរៀបរាប់ពីខាងលើ តើអ្នកគិតថា អ្នកកំពុងដើរនៅលើផ្លូវត្រឹមត្រូវដែរឬទេ? តើអ្នកបានផ្តាច់ខ្លួនចេញពីខ្នោះរបស់សាតាំង និងពីឥទ្ធិពលរបស់សាតាំងនៅក្នុងបញ្ហាអ្វីខ្លះដែរ? ប្រសិនបើអ្នកមិនទាន់បានដើរនៅលើផ្លូវត្រឹមត្រូវនៅឡើយទេ នោះចំណងរបស់អ្នកជាមួយសាតាំង នៅមិនទាន់បានកាត់ផ្តាច់នៅឡើយទេ។ បើករណីនេះពិតមែន តើការស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់របស់អ្នក នឹងនាំអ្នកទៅកាន់សេចក្តីស្រឡាញ់មួយដែលពិតប្រាកដ មិនប្រែប្រួល និងបរិសុទ្ធដែរឬទេ? អ្នកនិយាយថា សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ មិនងាករេនិងស្មោះអស់ពីដួងចិត្ត ប៉ុន្តែអ្នកនៅមិនទាន់បានផ្តាច់ខ្លួនពីខ្នោះរបស់សាតាំងនៅឡើយទេ។ តើអ្នកមិនមែនកំពុងព្យាយាមបោកប្រាស់ព្រះជាម្ចាស់ទេឬអ្វី? ប្រសិនបើអ្នកចង់សម្រេចបានសភាពនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែលគ្មានភាពហ្មងសៅ ហើយអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលយកអ្នកទាំងស្រុង ព្រមទាំងត្រូវបានបង់លេខរៀងនៅក្នុងចំណោមរាស្រ្តនៃនគរព្រះ នោះអ្នកត្រូវដើរនៅលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវជាមុនសិន។