តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?

នៅក្នុងមនុស្សមានតែពាក្យមិនច្បាស់លាស់អំពីសេចក្តីជំនឿ ប៉ុន្តែមនុស្សមិនបានដឹងអំពីអ្វីដែលផ្សំគ្នាឡើងឱ្យមានសេចក្តីជំនឿ និងកាន់តែមិនដឹងពីហេតុផលដែលនាំឱ្យគេមានសេចក្តីជំនឿនោះឡើយ។ មនុស្សមានការយល់ដឹងតិចតួចណាស់ ហើយមនុស្សខ្លួនឯងផ្ទាល់ក៏កំពុងតែខ្វះខាតច្រើនពេកហើយ ព្រោះថាសេចក្តីជំនឿរបស់គេចំពោះខ្ញុំ ជាសេចក្តីជំនឿខ្វះការពិចារណា និងល្ងិតល្ងង់។ ទោះបីជាគេមិនដឹងថាអ្វីជាសេចក្តីជំនឿ ឬមិនដឹងពីហេតុផលដែលនាំឱ្យគេមានសេចក្តីជំនឿលើខ្ញុំក៏ដោយ ក៏គេបន្តជឿលើខ្ញុំទាំងគិតមមៃ។ អ្វីដែលខ្ញុំទាមទារពីមនុស្សគឺមិនគ្រាន់តែឱ្យគេអំពាវនាវរកខ្ញុំទាំងមមៃបែបនេះ ឬជឿលើខ្ញុំដោយគ្មានទិសដៅបែបនេះឡើយ ដ្បិតកិច្ចការដែលខ្ញុំធ្វើ គឺដើម្បីឱ្យមនុស្សអាចមើលឃើញ និងស្គាល់ខ្ញុំ មិនមែនឱ្យមនុស្សដក់អារម្មណ៍នឹងខ្ញុំ និងមើលមកខ្ញុំ ដោយទស្សនៈមួយថ្មីនោះឡើយ។ ខ្ញុំធ្លាប់សម្ដែងទីសម្គាល់ ការអស្ចារ្យ និងសម្ដែងឫទ្ធិបារមីជាច្រើន ហើយពួកអ៊ីស្រាអែលនៅសម័យនោះក៏បានបង្ហាញនូវការកោតសរសើរ និងការគោរពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ខ្ញុំ ក្នុងការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស។ នៅគ្រានោះ ពួកយូដាបានគិតថា ព្រះចេស្ដាប្រោសឱ្យជារបស់ខ្ញុំ គឺជាកិច្ចការដ៏ប៉ិនប្រសប់អស្ចារ្យ ហើយដោយសារតែទង្វើជាច្រើនរបស់ខ្ញុំ ពួកគេគ្រប់គ្នាបានគោរពចំពោះខ្ញុំ និងមានអារម្មណ៍កោតសរសើរយ៉ាងខ្លាំងចំពោះគ្រប់ទាំងព្រះចេស្ដារបស់ខ្ញុំ។ ដូច្នេះ មនុស្សគ្រប់គ្នាដែលបានឃើញខ្ញុំធ្វើការអស្ចារ្យ បានដើរតាមខ្ញុំយ៉ាងប្រកិត រហូតដល់ថ្នាក់មានមនុស្សរាប់ពាន់នាក់ ដែលបានហ៊ុមព័ទ្ធជុំវិញខ្ញុំ ដើម្បីមើលខ្ញុំប្រោសអ្នកជំងឺឱ្យជា។ ខ្ញុំបានសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែមនុស្សចាត់ទុកខ្ញុំត្រឹមជាគ្រូពេទ្យដ៏ពូកែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំក៏បានចែកចាយសេចក្តីបង្រៀនជាច្រើនទៅកាន់មនុស្ស នៅសម័យនោះផងដែរ ប៉ុន្តែពួកគេចាត់ទុកខ្ញុំត្រឹមជាបរមគ្រូម្នាក់ចំពោះពួកសិស្សរបស់គាត់តែប៉ុណ្ណោះ។ សូម្បីសព្វថ្ងៃនេះក៏ដោយ ក្រោយពេលមនុស្សបានឃើញកំណត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ខ្ញុំក៏ពួកគេបន្តកាត់ស្រាយថា ខ្ញុំជាគ្រូពេទ្យដ៏ពូកែ ដែលបានប្រោសអ្នកជំងឺឱ្យជា និងជាគ្រូបង្រៀនដល់មនុស្សល្ងិតល្ងង់ ហើយពួកគេបានបរិយាយពីខ្ញុំថា ខ្ញុំជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលពេញដោយសេចក្ដីមេត្តាករុណា។ អស់អ្នកដែលកាត់ស្រាយបទគម្ពីរ អាចមានជំនាញពូកែលើសខ្ញុំនៅក្នុងការប្រោសឱ្យជា ឬមួយពេលនេះ គេអាចក្លាយជាសិស្សដែលពូកែលើសគ្រូរបស់គេ ប៉ុន្តែមនុស្សពូកែដែលមានកិត្តិនាមល្បីរន្ទឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅជុំវិញពិភពលោកទាំងនេះ ចាត់ទុកខ្ញុំត្រឹមតែជាគ្រូពេទ្យដ៏តូចទាបម្នាក់ប៉ុណ្ណោះ។ កិច្ចការរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែមនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និងជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញវិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ ហើយមានមនុស្សជាច្រើនជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំប្រទានសេចក្ដីក្រោធដល់មនុស្ស ហើយដកហូតអស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលពួកគេធ្លាប់មាន នោះពួកគេក៏ចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រទានទុក្ខវេទនានៃស្ថាននរកទៅឱ្យ​មនុស្ស ហើយទាមទារយកមកវិញនូវព្រះពរនៃស្ថានសួគ៌​ ពួកគេក៏ផ្ទុះកំហឹងឡើង​។ ពេលមនុស្សទូលសុំឱ្យខ្ញុំប្រោសគេឱ្យជាពីជំងឺ ហើយខ្ញុំមិនអើពើនឹងគេ និង​មានអារម្មណ៍ស្អប់គេខ្លាំង ពួកគេក៏បានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់វិញ។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែពួកគេបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថា មនុស្សមានសេចក្ដីជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណរបស់ខ្ញុំច្រើនហួសហេតុពេក និងដោយសារមានអត្ថប្រយោជន៍​ជាច្រើនដែលគេនឹងទទួលបាន។ ពួកយូដាបានជឿលើខ្ញុំ ដើម្បីបានព្រះគុណរបស់ខ្ញុំ ហើយបានដើរតាមខ្ញុំទៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅផង។ មនុស្សល្ងិតល្ងង់ដែលមានចំណេះដឹង និងបទពិសោធន៍ដ៏មានកម្រិតទាំងនេះ បានស្វែងរកខ្ញុំ ដើម្បីចង់ឃើញទីសម្គាល់ និងការអស្ចារ្យដែលខ្ញុំបានធ្វើតែប៉ុណ្ណោះ។ ពួកគេបានចាត់ទុកខ្ញុំជាមេដឹកនាំរបស់ពួកយូដាដែលអាចសម្ដែងការឫទ្ធិបារមីដ៏ពូកែបំផុត។ ហើយនៅពេលដែលខ្ញុំបានបណ្ដេញអារក្សចេញពីមនុស្ស វាក៏បានធ្វើឱ្យមានការពិភាក្សាជាច្រើននៅក្នុងចំណោមពួកគេ៖ ពួកគេបាននិយាយថា ខ្ញុំជាអេលីយ៉ា ថាខ្ញុំជាម៉ូសេ ថាខ្ញុំជាហោរាដ៏ចំណាស់បំផុតក្នុងចំណោមពួកហោរាទាំងអស់នាសម័យបុរាណ ឬថាខ្ញុំជាគ្រូពេទ្យដ៏ពូកែជាងគេបំផុត។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំជាជីវិត ជាផ្លូវ និងជាសេចក្តីពិត គ្មាននរណាម្នាក់អាចស្គាល់អង្គខ្ញុំ ឬអត្តសញ្ញាណរបស់ខ្ញុំបានឡើយ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ស្ថានសួគ៌ជាកន្លែងមួយដែលព្រះវរបិតាខ្ញុំគង់នៅ គ្មាននរណាម្នាក់បានដឹងឡើយថា ខ្ញុំជាព្រះបុត្រានៃព្រះ ហើយក៏ជាព្រះជាម្ចាស់ផ្ទាល់ផងដែរ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំនឹងនាំសេចក្តីប្រោសលោះ ទៅឱ្យមនុស្សលោកទាំងអស់ ហើយបង់ថ្លៃលោះយកមនុស្ស គ្មាននរណាម្នាក់បានដឹងថា ខ្ញុំជាព្រះដែលប្រោសលោះមនុស្សលោក ហើយមនុស្សស្គាល់ខ្ញុំ ត្រឹមតែជាមនុស្សម្នាក់ដែលមានចិត្តមេត្តា និងចិត្តក្ដួលអាណិតប៉ុណ្ណោះ។ ហើយក្រៅពីខ្ញុំផ្ទាល់ ដែលអាចពន្យល់គ្រប់ទាំងសេចក្តីអំពីខ្លួនខ្ញុំ នោះគ្មាននរណាម្នាក់បានស្គាល់ខ្ញុំ ហើយក៏គ្មាននរណាម្នាក់ជឿថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់នោះដែរ។ នេះហើយគឺជាសេចក្តីជំនឿរបស់មនុស្សដែលមានចំពោះខ្ញុំ និងជារបៀបដែលគេព្យាយាមបញ្ឆោតខ្ញុំ។ តើពួកគេអាចធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច ខណៈពេលដែលគេមានទស្សនៈបែបនេះ ចំពោះខ្ញុំ?

មនុស្សជឿលើខ្ញុំ ប៉ុន្តែពួកគេគ្មានសមត្ថភាពធ្វើបន្ទាល់ពីខ្ញុំ ហើយពួកគេក៏មិនអាចផ្ដល់សក្ខីភាពសម្រាប់ខ្ញុំ មុនពេលខ្ញុំធ្វើឱ្យមនុស្សស្គាល់ខ្ញុំនោះដែរ។ មនុស្សបានត្រឹមមើលឃើញថា ខ្ញុំមានភាពប្រសើរលើសភាវៈដែលព្រះបង្កើតមក​ និងមនុស្សបរិសុទ្ធទាំងអស់ ហើយមើលឃើញថា កិច្ចការដែលខ្ញុំធ្វើ មនុស្សមិនអាចធ្វើបានឡើយ។ ដូច្នេះ តាំងពីពួកយូដា រហូតដល់មនុស្សនាពេលសព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដែលបានឃើញនូវទង្វើដ៏ពេញដោយសិរីល្អរបស់ខ្ញុំ បានពេញដោយភាពចង់ដឹងចង់ស្គាល់អំពីខ្ញុំ ហើយគ្មានមាត់ភាវៈដែលព្រះបង្កើតមកណាមួយ​ ដែលអាចធ្វើបន្ទាល់ពីខ្ញុំនោះឡើយ។ មានតែព្រះបិតាខ្ញុំប៉ុណ្ណោះ ដែលអាចធ្វើបន្ទាល់ពីខ្ញុំ និងបានរៀបចំផ្លូវសម្រាប់ខ្ញុំនៅក្នុងចំណោមភាវៈដែលព្រះបង្កើតមក​ទាំងអស់។ បើទ្រង់មិនបានធ្វើទេ ទោះបីខ្ញុំខំប្រឹងបែបណា ក៏មនុស្សនឹងគ្មានផ្លូវដឹងថា ខ្ញុំគឺជាព្រះអម្ចាស់នៃសកលលោកនេះដែរ ព្រោះថាមនុស្សដឹងតែចង់បានពីខ្ញុំ ហើយគេគ្មានសេចក្តីជំនឿលើខ្ញុំ ចេញពីលទ្ធផលនៃកិច្ចការរបស់ខ្ញុំឡើយ។ មនុស្សស្គាល់ខ្ញុំ ដោយសារតែខ្ញុំជាមនុស្សស្លូតត្រង់ និងគ្មានបាបសោះឡើយ។ ពួកគេស្គាល់ខ្ញុំ ដោយសារតែខ្ញុំអាចពន្យល់ពីសេចក្តីលាក់កំបាំងជាច្រើន ដោយសារតែខ្ញុំមានឋានៈខ្ពស់ជាងបណ្ដាជន ឬដោយសារតែមនុស្សបានទទួលប្រយោជន៍យ៉ាងច្រើនពីខ្ញុំ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលជឿថា ខ្ញុំជាព្រះអម្ចាស់នៃសកលលោកទាំងមូល។ នេះជាហេតុផលដែលខ្ញុំនិយាយថា មនុស្សមិនដឹងអំពីហេតុផលដែលគេមានជំនឿលើខ្ញុំឡើយ។ គេមិន ដឹងអំពីគោលបំណងឬសារៈសំខាន់នៃសេចក្តីជំនឿរបស់គេចំពោះខ្ញុំឡើយ។ គេកំពុងតែខ្វះតថភាពជាមនុស្ស ដែលជាហេតុនាំឱ្យគេមិនសក្តិសមនឹងធ្វើបន្ទាល់ ពីខ្ញុំឡើយ។ អ្នករាល់គ្នាមានសេចក្តីជំនឿដ៏ពិតតិចពេក ហើយក៏បានទទួលតិចពេកផងដែរ ដូច្នេះ អ្នករាល់គ្នាមានសក្ខីភាពតិចពេកហើយ។ លើសពីនេះទៅទៀត អ្នករាល់គ្នាមានការយល់ដឹងតិចពេកនិងនៅខ្វះខាតច្រើនណាស់ ដូច្នេះ អ្នកសឹងតែមិនសមមកធ្វើបន្ទាល់ពីទង្វើរបស់ខ្ញុំផង។ ពិតណាស់ ការតាំងចិត្តរបស់អ្នករាល់គ្នាគួរជាទីពិចារណា ប៉ុន្តែតើអ្នករាល់គ្នាប្រាកដច្បាស់ដែរឬទេថា អ្នកនឹងអាចធ្វើបន្ទាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់បានដោយជោគជ័យ? អ្វីដែលអ្នករាល់គ្នាបានជួបប្រទះ និងបានឃើញ គឺអស្ចារ្យជាងពួកបរិសុទ្ធ និងពួកហោរាពីគ្រប់យុគសម័យទៅទៀត ប៉ុន្តែតើទីបន្ទាល់ដែលអ្នករាល់គ្នាថ្វាយ​ដល់​ខ្ញុំ អាចអស្ចារ្យជាងពាក្យពេជន៍របស់ពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឱ្យអ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំក៏សុំឱ្យទីបន្ទាល់របស់អ្នករាល់គ្នាល្អលើសម៉ូសេ ហើយសុំឱ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំគឺជាព្រះមួយអង្គដែលប្រទានជីវិតដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ចដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ អ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកមុនមកហើយ។ សំណាងល្អហើយដែលខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយព្រោះតែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុត គឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាងពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នាយល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដូចជាយុគសម័យនៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែលពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបានយល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូបអង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើលឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំងទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដែរ ហើយបានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និងសេចក្ដីក្រោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំសេចក្តីក្រោធរបស់ខ្ញុំមកលើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីក្រោធនេះបានមកដល់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើនជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឱ្យស្រឡាញ់ និងភាពគួរឱ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាងអ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំងច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពីនិស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ក៏អ្នករាល់គ្នាមានការយល់ដឹងអំពីរឿងដែលកើតឡើងពីអតីតកាល និងពីសម័យមុន ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេកឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញរឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់របស់ខ្ញុំ។

ព្រះបិតារបស់ខ្ញុំ គឺជាអ្នកទីមួយដែលបានធ្វើបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំចង់ទទួលបានសិរីល្អច្រើនជាងនេះ និងចង់ឱ្យមានបន្ទាល់ចេញពីមាត់របស់មនុស្សដែលព្រះបានបង្កើតមក ដូច្នេះ ខ្ញុំប្រទានអ្វីគ្រប់យ៉ាងរបស់ខ្ញុំដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន គឺសម្រេចកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្សលោក។ អ្នករាល់គ្នាគួរតែយល់អំពីហេតុផល ដែលនាំឱ្យអ្នករាល់គ្នាជឿលើខ្ញុំហើយ។ បើអ្នករាល់គ្នាគ្រាន់តែចង់ក្លាយជាសិស្ស ឬជាអ្នកជំងឺរបស់ខ្ញុំ ឬក្លាយជាពួកបរិសុទ្ធម្នាក់ក្នុងចំណោមពួកបរិសុទ្ធរបស់ខ្ញុំនៅឯស្ថានសួគ៌ នោះការដែលអ្នករាល់គ្នាដើរតាមខ្ញុំនឹងគ្មានន័យឡើយ។ ការដើរតាមខ្ញុំនៅក្នុងឥរិយាបថបែបនេះ គឺជាការខ្ជះខ្ជាយកម្លាំងចោលប៉ុណ្ណោះ។ ការមានសេចក្តីជំនឿបែបនេះចំពោះខ្ញុំ វាគ្រាន់តែជាការចំណាយពេលឥតប្រយោជន៍ដែលនាំឱ្យខាតបង់ដល់យុវភាពរបស់អ្នកទៀតផង។ ហើយនៅទីបញ្ចប់ អ្នករាល់គ្នានឹងមិនទទួលបានអ្វីសោះឡើយ។ តើនេះវាមិនមែនជាការប្រឹងប្រែង ជាអសារឥតការទេឬ អី? ខ្ញុំបានចាកចេញពីក្នុងចំណោមសាសន៍យូដាជាយូរមកហើយ ហើយក៏លែងជាគ្រូពេទ្យរបស់មនុស្ស ឬក៏ជាឱសថព្យាបាលមនុស្សទៀតដែរ។ ខ្ញុំលែងធ្វើជាសត្វសម្រាប់ ឱ្យមនុស្សលោកជិះ ឬកាប់យកសាច់តាមតែចិត្តគេចង់ទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំបានមកនៅក្នុងចំណោមមនុស្ស ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សវិញ ដើម្បីឱ្យមនុស្សអាចស្គាល់ខ្ញុំ។ អ្នកគួរតែដឹងថា ខ្ញុំធ្លាប់ធ្វើកិច្ចការនៃការប្រោសលោះ និងដឹងថា ខ្ញុំធ្លាប់ជាព្រះយេស៊ូវ ប៉ុន្តែខ្ញុំមិនអាចបន្តនៅជាព្រះយេស៊ូវរហូតឡើយ គឺដូចជាខ្ញុំធ្លាប់ជាព្រះយេហូវ៉ា ប៉ុន្តែក្រោយមកក៏បានក្លាយជាព្រះយេស៊ូវដូច្នឹងដែរ។ ខ្ញុំជាព្រះជាម្ចាស់របស់មនុស្សលោក ជាព្រះអម្ចាស់នៃសកលលោក ប៉ុន្តែខ្ញុំមិនអាចជាព្រះយេស៊ូវ ឬព្រះយេហូវ៉ាជារៀងរហូតឡើយ។ ខ្ញុំបានក្លាយជាបុគ្គលម្នាក់ដែលមនុស្សចាត់ទុកថាជាគ្រូពេទ្យ ប៉ុន្តែមិនអាចនិយាយបានថា ព្រះជាម្ចាស់គ្រាន់តែជាគ្រូពេទ្យម្នាក់ សម្រាប់មនុស្សលោកឡើយ។ ដូច្នេះ ប្រសិនបើអ្នក ប្រកាន់ខ្ជាប់នូវទស្សនៈចាស់គំរិល នៅក្នុងសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ នោះអ្នកនឹងមិនទទួលបានអ្វីឡើយ។ បើទោះបីជាអ្នកសរសើរខ្ញុំនៅថ្ងៃនេះថា៖ «ព្រះស្រឡាញ់​មនុស្ស​លោក​។ ទ្រង់ប្រោសខ្ញុំឱ្យបានជា ហើយប្រទានដល់ខ្ញុំនូវព្រះពរ សេចក្តីសុខសាន្ត និងសេចក្តីអំណរ។ ព្រះអង្គពិតជាល្អចំពោះមនុស្សលោកខ្លាំងណាស់។ ប្រសិនបើខ្ញុំគ្រាន់តែមានជំនឿលើទ្រង់ នោះខ្ញុំមិនចាំបាច់ខ្វល់ខ្វាយអំពីរឿងប្រាក់កាស និងទ្រព្យសម្បត្តិឡើយ...» ក៏ខ្ញុំនៅតែមិនអាចបង្អាក់​កិច្ចការដើមរបស់ខ្ញុំបានឡើយ។ បើអ្នកជឿលើខ្ញុំនៅថ្ងៃនេះ នោះអ្នកនឹងទទួលបានតែសិរីល្អរបស់ខ្ញុំ ហើយអ្នកនឹងសក្តិសមធ្វើបន្ទាល់ពីខ្ញុំ ហើយអ្វីៗផ្សេងទៀត នឹងក្លាយជារឿងបន្ទាប់ បន្សំប៉ុណ្ណោះ។ អ្នកត្រូវតែយល់អំពីការនេះឱ្យបានច្បាស់។

ឥឡូវនេះ តើអ្នកដឹងអំពីហេតុផលដែលនាំឱ្យអ្នកជឿលើខ្ញុំ យ៉ាងពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីភារកិច្ចរបស់អ្នកពិតប្រាកដដែរឬទេ? តើអ្នកស្គាល់ទីបន្ទាល់របស់ខ្ញុំ ពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែជឿលើខ្ញុំ ប៉ុន្តែគ្មានសញ្ញាអំពីសិរីល្អ ឬបន្ទាល់របស់ខ្ញុំនៅក្នុងអ្នកទេ នោះខ្ញុំបានដកអ្នកចោលតាំងពីយូរណាស់មកហើយ។ សម្រាប់អស់អ្នកដែលចេះអស់ហើយ ពួកគេរឹតតែប្រៀបដូចជាបន្លាដ៏ច្រើននៅក្នុងព្រះនេត្រខ្ញុំ ពួកគេគ្មានអ្វីក្រៅតែជាឧបសគ្គរាំងផ្លូវរបស់ខ្ញុំ និងនៅក្នុងដំណាក់របស់ខ្ញុំ ពួកគេជាស្រងែដែលត្រូវបានបោសរម្លីងចេញពីកិច្ចការរបស់ខ្ញុំ ព្រោះថា ពួកគេគ្មានប្រយោជន៍ និងគ្មានតម្លៃទាល់តែសោះ ហើយខ្ញុំបានស្អប់ខ្ពើមពួកគេយូរណាស់មកហើយ។ ជារឿយៗ សេចក្ដីក្រោធរបស់ខ្ញុំធ្លាក់ទៅលើអស់អ្នកណាដែលលែងមានទីបន្ទាល់ ហើយដំបងរបស់ខ្ញុំក៏នៅមិនឆ្ងាយពីពួកគេដែរ។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងដៃរបស់មេកំណាចជាយូរមកហើយ។ ពួកគេលែងមានព្រះពររបស់ខ្ញុំហើយ។ នៅពេលដែលថ្ងៃនោះមកដល់ ការវាយផ្ចាលរបស់គេនឹងគួរឱ្យសោកសង្រេងជាងទោសរបស់ពួកស្ត្រីល្ងង់ខ្លៅទៅទៀត។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការណាដែលជាភារកិច្ចដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ ខ្ញុំនឹងចងស្រូវសាលីទាំងអស់ជាកណ្ដាប់ រួមជាមួយស្រងែទាំងនោះផងដែរ។ នេះជាកិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ។ ស្រងែទាំងនោះ នឹងត្រូវបោសរម្លីងចេញទាំងអស់ នៅក្នុងគ្រានៃការញែករបស់ខ្ញុំបន្ទាប់មក គ្រាប់ស្រូវនឹងត្រូវប្រមូលទុកនៅក្នុងឃ្លាំង ហើយស្រងែទាំងប៉ុន្មាន ដែលប្រមូលបាន នឹងត្រូវដុតចោលឱ្យក្លាយជាផេះ។ កិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ គឺគ្រាន់តែចងមនុស្សទាំងអស់ជាកណ្ដាប់ មានន័យថា ត្រូវច្បាំងយកជ័យលើពួកគេទាំងស្រុងសិន។ បន្ទាប់មក ខ្ញុំនឹងចាប់ផ្ដើមដំណើរការនៃការញែក ដើម្បីបើកសម្ដែងពីគ្រាចុងបញ្ចប់របស់មនុស្សទាំងអស់។ ឥឡូវនេះ អ្នកគួរតែដឹងអំពីរបៀបដែលអ្នកគួរតែបំពេញព្រះទ័យខ្ញុំ និងរបៀបដែល អ្នកគួរតែរៀបចំផ្លូវឱ្យបានត្រឹមត្រូវ នៅក្នុងសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំហើយ។ អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការចុះចូល​ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែអ្នកគួតែថ្វាយដល់ខ្ញុំនូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកមានគឺជាភក្តីភាព និងការចុះចូលរបស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំង គឺស្ថិតនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយចុះចូល​ដល់ទីបញ្ចប់។ មុនពេលខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច? តើអ្នកនឹងមានភក្តីភាព និងចុះចូល​នឹង​​ខ្ញុំដោយរបៀបណា? តើអ្នកដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វាចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការវាយផ្ចាលរបស់ខ្ញុំ? ខ្ញុំវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដីភាព និងចុះចូល​នឹង​ខ្ញុំ។ លើសពីនេះ ការវាយផ្ចាលនាពេលសព្វថ្ងៃ គឺដើម្បីបើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិនត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឱ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការរបស់ខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពីសារៈសំខាន់នៃបទពិសោធន៍របស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងដូចម្ដេច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាចបំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមកដើម្បីបញ្ចប់យុគសម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែលើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយអ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិនមែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅកាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឱ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ទន្ទឹងឱ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

ខាង​ដើម៖ តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច

បន្ទាប់៖ នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ