កិច្ចការ និងការចូលទៅក្នុង (២)
កិច្ចការ និងការចូលទៅក្នុងរបស់អ្នករាល់គ្នាគឺខ្សោយបន្តិច។ មនុស្សមិនផ្តល់សារៈសំខាន់លើវិធីធ្វើកិច្ចការ ហើយកាន់តែមិនខ្វល់ខ្វាយអំពីច្រកចូលទៅក្នុងជីវិតថែមទៀតផង។ មនុស្សមិនចាត់ទុកចំណុចទាំងនេះជាមេរៀនដែលពួកគេគួរតែចូលទៅក្នុងនោះទេ។ ដូច្នេះហើយ នៅក្នុងបទពិសោធរបស់អ្នក គ្រប់យ៉ាងដែលមនុស្សមើលឃើញនឹងភ្នែកគឺជាក្តីរំពឹងដែលទទេសូន្យ។ បើនិយាយអំពីកិច្ចការ គ្មានអ្វីច្រើនដែលតម្រូវពីអ្នករាល់គ្នានោះទេ ប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ដែលព្រះជាម្ចាស់នឹងធ្វើឱ្យគ្រប់លក្ខណ៍ អ្នកគួរតែទទួលមេរៀនរបស់អ្នកអំពីការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ នោះទើបអ្នករាល់គ្នាអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានយ៉ាងឆាប់រហ័ស។ អស់រយៈពេលជាច្រើនយុគសម័យ អស់អ្នកដែលធ្វើកិច្ចការត្រូវបានហៅថា អ្នកធ្វើការ ឬពួកសាវ័ក ដែលជាពាក្យសំដៅទៅលើមនុស្សមួយចំនួនតូចដែលព្រះជាម្ចាស់ប្រើ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចការដែលខ្ញុំមានបន្ទូលនៅថ្ងៃនេះ មិនសំដៅទៅលើតែអ្នកធ្វើការ និងពួកសាវ័កទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែបានសំដៅទៅដល់អស់អ្នកដែលព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ ប្រហែលជាមានមនុស្សជាច្រើនដែលមានចំណាប់អារម្មណ៍បន្តិចបន្តួចនៅក្នុងប្រធានបទនេះ ប៉ុន្តែដើម្បីផលប្រយោជន៍នៃការចូលទៅក្នុង វាជារឿងល្អបំផុតដែលត្រូវនិយាយអំពីការពិតទាក់ទងនឹងបញ្ហានេះ។
ទាក់ទងនឹងកិច្ចការ មនុស្សជឿថាកិច្ចការគឺជាការមមាញឹកដើម្បីព្រះជាម្ចាស់ អធិប្បាយព្រះបន្ទូលគ្រប់ទីកន្លែង និងចំណាយដើម្បីផលប្រយោជន៍របស់ទ្រង់។ ទោះបីជាជំនឿនេះត្រឹមត្រូវក៏ដោយ ក៏វាត្រូវតែមួយចំហៀងពេកហើយ។ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សគឺមិនមែនត្រឹមតែមមាញឹកដើម្បីទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះ កិច្ចការនេះគឺទាក់ទងទៅនឹងព័ន្ធកិច្ច និងការផ្គត់ផ្គង់នៅក្នុងវិញ្ញាណ។ បងប្អូនប្រុសស្រីជាច្រើន សូម្បីតែបន្ទាប់ពីមានបទពិសោធជាច្រើនឆ្នាំទាំងនេះហើយក៏ដោយ ក៏មិនដែលគិតអំពីការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ដែរ ដោយសារតែមនុស្សគិតថាកិច្ចការគឺស្របគ្នាទៅនឹងអ្វីដែលព្រះជាម្ចាស់តម្រូវ។ ដូច្នេះហើយ មនុស្សមិនមានចំណាប់អារម្មណ៍អ្វីនៅក្នុងបញ្ហារបស់កិច្ចការនោះទេ ហើយនេះគឺពិតជាមូលហេតុដែលថា ការចូលទៅក្នុងរបស់មនុស្ស ក៏ត្រឹមតែមួយចំហៀងដែរនោះ។ អ្នករាល់គ្នាគួរតែចាប់ផ្តើមការចូលទៅក្នុងរបស់អ្នករាល់គ្នា ដោយការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ នោះទើបអ្នករាល់គ្នាអាចឆ្លងកាត់បទពិសោធគ្រប់ទិដ្ឋភាពបានកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែចូលទៅក្នុង។ កិច្ចការមិនសំដៅលើការមមាញឹកដើម្បីព្រះជាម្ចាស់នោះទេ ប៉ុន្តែវាសំដៅទៅលើថាតើជីវិតរបស់មនុស្ស និងអ្វីដែលមនុស្សស្ដែងចេញនៅក្នុងការរស់នៅ អាចថ្វាយការសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ឬអត់។ កិច្ចការសំដៅលើមនុស្សដែលប្រើប្រាស់ភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ ហើយប្រើប្រាស់ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ព្រមទាំងធ្វើព័ន្ធកិច្ចដល់មនុស្សដែរ។ នេះគឺជាទំនួលខុសត្រូវរបស់មនុស្ស ហើយនេះគឺជាអ្វីដែលមនុស្សទាំងអស់គួរតែយល់។ មនុស្សម្នាក់អាចនិយាយថា ការចូលទៅក្នុងរបស់អ្នករាល់គ្នាគឺជាកិច្ចការរបស់អ្នក ហើយថាអ្នកកំពុងតែស្វះស្វែងចូលទៅក្នុង អំឡុងពេលធ្វើកិច្ចការថ្វាយព្រះជាម្ចាស់។ ការមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនគ្រាន់តែមានន័យថា អ្នកដឹងពីវិធីហូប និងផឹកព្រះបន្ទូលរបស់ទ្រង់នោះទេ។ ពិសេសជាងនេះទៅទៀត អ្នកត្រូវតែដឹងពីវិធីដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងអាចបម្រើទ្រង់ ព្រមទាំងអាចធ្វើព័ន្ធកិច្ច និងផ្គត់ផ្គង់ដល់មនុស្សទៀតផង។ នេះគឺជាកិច្ចការ ហើយវាក៏ជាការចូលទៅក្នុងរបស់អ្នកដែរ។ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែសម្រេចបាន។ មានមនុស្សជាច្រើនដែលគ្រាន់តែផ្តោតទៅលើការមមាញឹកដើម្បីព្រះជាម្ចាស់ និងអធិប្បាយព្រះបន្ទូលគ្រប់ទីកន្លែង ប៉ុន្តែពួកគេមើលរំលងបទពិសោធផ្ទាល់ខ្លួន ហើយធ្វើព្រងើយកន្តើយចំពោះការចូលទៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ។ នេះគឺជាអ្វីដែលបាននាំអស់អ្នកដែលបម្រើព្រះជាម្ចាស់ ឱ្យក្លាយជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សទាំងនេះដែលបានបម្រើព្រះជាម្ចាស់ និងបានធ្វើព័ន្ធកិច្ចដល់មនុស្សជាតិក្នុងពេលជាច្រើនឆ្នាំនេះ គ្រាន់តែបានចាត់ទុកការធ្វើកិច្ចការ និងការអធិប្បាយព្រះបន្ទូល ជាការចូលទៅក្នុង ហើយគ្មាននរណាម្នាក់បានទទួលបទពិសោធខាងវិញ្ញាណផ្ទាល់ខ្លួន ជាការចូលទៅក្នុងដ៏មានសារៈសំខាន់នោះទេ។ ផ្ទុយទៅវិញ ពួកគេបានទទួលការបំភ្លឺដែលពួកគេទទួលបានពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាទុនដើម្បីបង្រៀនអ្នកដទៃ។ នៅពេលអធិប្បាយព្រះបន្ទូល ពួកគេមានបន្ទុកជាច្រើន ហើយពួកគេទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយតាមរយៈវិធីនេះ ពួកគេកំពុងតែបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលនេះ អស់អ្នកដែលធ្វើកិច្ចការ គឺបានពេញដោយការពេញចិត្ត ហាក់ដូចជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានក្លាយជាបទពិសោធខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា គ្រប់ទាំងពាក្យដែលពួកគេកំពុងតែនិយាយ គឺជាកម្មសិទ្ធិនៃភាវៈផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែជាថ្មីម្តងទៀត វាហាក់ដូចជាបទពិសោធរបស់ពួកគេមិនច្បាស់ដូចជាពួកគេបានពណ៌នាសោះ។ ជាងនេះទៅទៀត នៅមុនពេលនិយាយ ពួកគេគ្មានដឹងអ្វីដែលនឹងត្រូវនិយាយនោះទេ ប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកគេ នោះពាក្យរបស់ពួកគេហូរចេញមកដូចទឹក។ បន្ទាប់ពីអ្នកបានអធិប្បាយព្រះបន្ទូលម្តងទៀតតាមវិធីនេះ អ្នកមានអារម្មណ៍ថា កម្ពស់ពិតរបស់អ្នកគឺមិនតូចដូចដែលអ្នកបានជឿនោះទេ ហើយនៅក្នុងស្ថានភាពដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅក្នុងអ្នកពីរបីដងរួចហើយ នោះអ្នកកំណត់ថា អ្នកមានកម្ពស់រួចទៅហើយ ថែមទាំងជឿដោយខុសឆ្គងថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការចូលទៅក្នុងផ្ទាល់ខ្លួនរបស់អ្នក និងជាភាវៈផ្ទាល់ខ្លួនរបស់អ្នកទៀតផង។ នៅពេលដែលអ្នកមានបទពិសោធជាបន្តបន្ទាប់តាមវិធីនេះ អ្នកនឹងទន់ជ្រាយអំពីការចូលទៅក្នុងផ្ទាល់ខ្លួនរបស់អ្នក ដោយរអិលចូលទៅក្នុងភាពខ្ជិលច្រអូសដោយមិនបានកត់សម្គាល់ ហើយឈប់ផ្តល់សារៈសំខាន់លើការចូលទៅក្នុងផ្ទាល់ខ្លួនរបស់អ្នកតទៅទៀតហើយ។ ដោយសារមូលហេតុនេះ ទើបនៅពេលដែលអ្នកកំពុងតែធ្វើព័ន្ធកិច្ចដល់អ្នកដទៃ អ្នកត្រូវតែបែងចែកឱ្យច្បាស់រវាងកម្ពស់របស់អ្នក និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការធ្វើបែបនេះអាចជួយសម្រួលការចូលទៅក្នុងរបស់អ្នកកាន់តែប្រសើរ ហើយនាំយកផលប្រយោជន៍ដល់បទពិសោធរបស់អ្នក។ នៅពេលដែលមនុស្សយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើជាបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ នោះទង្វើនេះក្លាយជាប្រភពនៃការបាត់បង់សីលធម៌។ នេះគឺជាមូលហេតុដែលខ្ញុំមានបន្ទូល មិនថាអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ អ្នកគួរតែចាត់ទុកការចូលទៅក្នុងរបស់អ្នករាល់គ្នា គឺជាមេរៀនដ៏សំខាន់មួយ។
មនុស្សម្នាក់ធ្វើការដើម្បីធ្វើឱ្យផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីនាំអស់អ្នកដែលត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់មកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់ ដើម្បីនាំមនុស្សទៅកាន់ព្រះជាម្ចាស់ និងដើម្បីណែនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងសេចក្ដីណែនាំរបស់ព្រះជាម្ចាស់ដល់មនុស្សផង ហេតុនេះទើបធ្វើឱ្យផលផ្លែនៃកិច្ចការរបស់ព្រះជាម្ចាស់គ្រប់លក្ខណ៍។ ដូច្នេះហើយ វាចាំបាច់ដែលអ្នករាល់គ្នាមានភាពច្បាស់លាស់យ៉ាងហ្មត់ចត់ពាក់ព័ន្ធនឹងខ្លឹមសារនៃកិច្ចការ។ ក្នុងនាមជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ប្រើ មនុស្សម្នាក់ៗមានតម្លៃក្នុងការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ ពោលគឺគ្រប់គ្នាមានឱកាសដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ មានចំណុចមួយដែលអ្នករាល់គ្នាត្រូវដឹង៖ នៅពេលដែលមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ដាក់បញ្ជាបេសកកម្មឱ្យ នោះមនុស្សត្រូវបានផ្តល់ឱកាសដើម្បីឱ្យព្រះជាម្ចាស់ប្រើប្រាស់។ ប៉ុន្តែអ្វីដែលមនុស្សនិយាយនិងដឹង មិនមែនជាកម្ពស់ទាំងមូលរបស់មនុស្សនោះទេ។ គ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើ គឺស្គាល់ភាពខ្វះខាតផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាឱ្យកាន់តែល្អប្រសើរជាងមុន ក្នុងអំឡុងដំណើរនៃកិច្ចការរបស់អ្នក ហើយមានការបំភ្លឺកាន់តែប្រសើរជាងមុនពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរបៀបនេះ អ្នករាល់គ្នានឹងត្រូវបានធ្វើឱ្យមានសមត្ថភាពក្នុងការទទួលបាននូវការចូលទៅក្នុងដ៏ប្រសើរជាងមុន នៅក្នុងដំណើរនៃកិច្ចការរបស់អ្នក។ ប្រសិនបើមនុស្សចាត់សេចក្ដីណែនាំដែលមកពីព្រះជាម្ចាស់ជាការចូលទៅក្នុងផ្ទាល់ខ្លួនរបស់ពួកគេ ហើយជាអ្វីមួយដែលមានស្រាប់នៅក្នុងពួកគេ នោះគ្មានសក្តានុពលអ្វីសម្រាប់កម្ពស់របស់មនុស្សក្នុងការលូតលាស់នោះទេ។ ការបំភ្លឺដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស ប្រព្រឹត្តទៅនៅពេលដែលពួកគេស្ថិតនៅក្នុងសភាពធម្មតា។ នៅពេលនោះ មនុស្សតែងតែភាន់ច្រឡំចំពោះការបំភ្លឺដែលពួកគេទទួលបានថាជាកម្ពស់ជាក់ស្តែងផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារតែវិធីដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ គឺសាមញ្ញណាស់ ហើយទ្រង់ប្រើប្រាស់អ្វីដែលមានស្រាប់នៅក្នុងមនុស្ស។ នៅពេលដែលមនុស្សធ្វើកិច្ចការ និងនិយាយ ឬនៅពេលដែលពួកគេកំពុងតែអធិស្ឋាន និងកំពុងសម្ដែងភក្ដីភាពខាងវិញ្ញាណរបស់ពួកគេ នោះសេចក្តីពិតមួយនឹងក្លាយជាច្បាស់មួយរំពេចសម្រាប់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ តាមពិតទៅ អ្វីដែលមនុស្សមើលឃើញគឺត្រឹមតែជាការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ (ជាធម្មជាតិ ការបំភ្លឺនេះគឺជាប់ទាក់ទងនឹងកិច្ចសហការរបស់មនុស្ស) ហើយមិនតំណាងឱ្យកម្ពស់ពិតរបស់មនុស្សនោះទេ។ បន្ទាប់ពីមានបទពិសោធមួយរយៈមក នៅពេលដែលមនុស្សជួបប្រទះសេចក្តីលំបាក និងការល្បងលមួយចំនួន នោះកម្ពស់ពិតរបស់មនុស្សក៏លេចចេញមកជាក់ស្តែងនៅក្រោមកាលៈទេសៈនេះ។ មានតែបែបនោះទេ ទើបមនុស្សនឹងរកឃើញថា កម្ពស់របស់គេមិនអស្ចារ្យណាស់ណាទេ ហើយភាពអាត្មានិយម ការគិតតែពិខ្លួនឯង និងភាពលោភលន់របស់មនុស្ស គឺចេញមកទាំងអស់។ មានតែបន្ទាប់ពីមានបទពិសោធពីរបីដងដូចនេះទេ ទើបមនុស្សជាច្រើនដែលបានភ្ញាក់នៅក្នុងវិញ្ញាណរបស់ពួកគេ ដឹងថា អ្វីដែលពួកគេមានបទពិសោធកាលពីអតីតកាល មិនមែនជាការពិតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែវាជាការស្រាយបំភ្លឺដ៏ខ្លីពីព្រះវិញ្ញាណបរិសុទ្ធ ហើយថាមនុស្សមិនទទួលបានអ្វីក្រៅពីពន្លឺនេះទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺមនុស្សដើម្បីឱ្យយល់ពីសេចក្តីពិត វាតែងតែស្ថិតនៅក្នុងរបៀបមួយដែលច្បាស់លាស់ និងលេចធ្លោ ដោយពុំមានការពន្យល់ថាអ្វីៗកើតបានឡើងដោយរបៀបណា ឬនឹងទៅកន្លែងណានោះទេ។ ពោលគឺ ក្រៅពីការបញ្ចូលសេចក្តីលំបាករបស់មនុស្សទៅក្នុងការបើកបង្ហាញនេះ ទ្រង់បើកសម្ដែងសេចក្តីពិតដោយផ្ទាល់។ នៅពេលដែលមនុស្សជួបប្រទះសេចក្តីលំបាកនៅក្នុងដំណើរការនៃការចូលទៅក្នុង ហើយក្រោយមកចូលទៅក្នុងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះហេតុការណ៍នេះក៏ក្លាយជាបទពិសោធជាក់ស្តែងរបស់មនុស្ស។ ឧទាហរណ៍ ស្ត្រីមិនទាន់រៀបការម្នាក់បាននិយាយបែបនេះក្នុងអំឡុងពេលនៃការប្រកបគ្នាថា៖ «យើងមិនស្វែងរកភាពរុងរឿង និងភាពសម្បូរសប្បាយ ឬចង់បានសុភមង្គលនៃសេចក្តីស្រឡាញ់រវាងស្វាមី និងភរិយានោះទេ។ យើងគ្រាន់តែស្វែងរកដើម្បីលះបង់ចិត្តតែមួយ និងបរិសុទ្ធថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះ»។ នាងបានបន្តទៀតថា៖ «នៅពេលដែលមនុស្សរៀបការ មានរឿងរ៉ាវជាច្រើនដែលរំខានពួកគេ ហើយចិត្តនៃសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់របស់ពួកគេ គឺឈប់បរិសុទ្ធទៀតហើយ។ ចិត្តរបស់ពួកគេតែងតែត្រូវបានគ្រប់គ្រងសារជាថ្មីដោយក្រុមគ្រួសារ និងស្វាមីភរិយារបស់ពួកគេ ដូច្នេះ ពិភពខាងក្នុងរបស់ពួកគេកាន់តែស្មុគស្មាញជាងមុន...។» នៅពេលដែលនាងកំពុងតែនិយាយ វាប្រៀបដូចជាអ្វីដែលចេញមកពីមាត់របស់នាងគឺជាអ្វីដែលនាងកំពុងតែគិតនៅក្នុងចិត្តអ៊ីចឹង។ ពាក្យសម្តីរបស់នាងខ្ទរខ្ទារ និងមានថាមពល ប្រៀបដូចជាគ្រប់យ៉ាងដែលនាងបាននិយាយ គឺសុទ្ធតែចេញពីជម្រៅចិត្តខាងក្នុងរបស់នាងអ៊ីចឹង ហើយវាប្រៀបដូចជាក្តីប្រាថ្នាដ៏ឆេះឆួលរបស់នាង ថ្វាយខ្លួនទាំងមូលរបស់នាងដើម្បីព្រះជាម្ចាស់អ៊ីចឹង ហើយសេចក្តីសង្ឃឹមរបស់នាងដែលចង់ឱ្យបងប្អូនប្រុសស្រីចូលចិត្តនាង អាចនឹងមានការតាំងចិត្តដូចគ្នា។ អាចនិយាយបានថា អារម្មណ៍នៃការតាំងចិត្តរបស់អ្នក និងអារម្មណ៍ដែលត្រូវពាល់ចិត្តនៅពេលនេះ ចេញមកពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ នៅពេលដែលវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្តូរ នោះអ្នកក៏នឹងបានចម្រើនអាយុពីរបីឆ្នាំដែរ។ អ្នកឃើញថា មិត្តរួមថ្នាក់ និងមិត្តភក្តិទាំងអស់របស់អ្នក ដែលមានអាយុតំណាលគ្នានឹងអ្នក បានយកស្វាមីរួចហើយ ឬអ្នកស្តាប់ឮថា បន្ទាប់ពីពួកគេរៀបការ ស្វាមីរបស់នាងបាននាំនាងទៅរស់នៅទីក្រុង ហើយនាងទទួលបានការងារមួយនៅទីនោះ។ នៅពេលដែលអ្នកឃើញនាង អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ច្រណែន ដោយឃើញនាងពេញដោយសម្រស់ និងដំណើរគួរឱ្យស្រឡាញ់តាំងពីក្បាលរហូតដល់ចុងជើង ហើយនៅពេលដែលនាងនិយាយទៅកាន់អ្នក នាងពិតជាមានឥរិយាបថជាមនុស្សសាកល ហើយនាងលែងមានជាប់ដានស្រែៗទៀតហើយ។ ការឃើញបែបនេះ បានដាស់អារម្មណ៍នៅក្នុងខ្លួនអ្នក។ ដោយបានលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់កន្លងមក អ្នកគ្មានក្រុមគ្រួសារ ឬគ្មានអាជីពការងារទេ ហើយអ្នកបានអត់ទ្រាំនឹងដំណោះស្រាយជាច្រើន។ អ្នកបានឈានចូលអាយុវ័យកណ្តាលមួយរយៈកន្លងមក ហើយភាពយុវវ័យរបស់អ្នកបានកន្លងផុតទៅយ៉ាងស្ងប់ស្ងាត់ ដូចជាសុបិនមួយអ៊ីចឹង។ ពេលនេះ ដោយបានធ្វើដំណើរតាំងពីដើមរហូតមកដល់ពេលនេះ អ្នកមិនដឹងថាត្រូវទៅទីណានោះទេ។ នៅពេលនេះ អ្នកត្រូវបានជាប់នៅក្នុងភាពច្របូកច្របល់នៃគំនិត ប្រៀបដូចជាអ្នកបានបាត់បង់សតិអ៊ីចឹង។ គ្រប់ពេលនៅតែម្នាក់ឯង ហើយមិនអាចចូលទៅគេងបាន ដោយការទម្រេតខ្លួនទាំងមិនងងុយពេញមួយយប់ ហើយមុនពេលដែលអ្នកដឹងអំពីការនេះ អ្នកចាប់ផ្តើមគិតអំពីការតាំងចិត្តរបស់អ្នក និងការសច្ចាយ៉ាងប្តូរផ្តាច់ចំពោះព្រះជាម្ចាស់ ហើយទោះបីជាយ៉ាងនេះក្តី ហេតុអ្វីបានជាអ្នកបានធ្លាក់ទៅក្នុងសភាពដ៏សោកសៅបែបនេះ? អ្នកស្រក់ទឹកភ្នែក ហើយអ្នកមានអារម្មណ៍ឈឺចិត្ត ដោយមិនដឹងខ្លួន។ ដោយចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ដើម្បីអធិស្ឋាន នៅថ្ងៃដែលអ្នកនៅជាមួយព្រះជាម្ចាស់ អ្នកនៅនឹកចាំថាអ្នកបាននៅជិតយ៉ាងស្និទ្ធស្នាល និងជាប់កៀកកិតជាមួយទ្រង់យ៉ាងណា។ ទិដ្ឋភាពពីមួយទៅមួយបានរសាត់នៅខាងមុខក្រសែភ្នែករបស់អ្នក ហើយការសច្ចាដែលអ្នកបានធ្វើនៅថ្ងៃនោះ បន្លឺសម្លេងម្តងទៀតនៅក្នុងត្រចៀករបស់អ្នក «តើព្រះជាម្ចាស់មិនមែនជាភាពជិតស្និទ្ធតែមួយរបស់ខ្ញុំទេឬ?» មកដល់ពេលនេះ អ្នកឈឺចាប់ដោយការយំខ្សឹកខ្សួលថា៖ «ឱព្រះជាម្ចាស់! ព្រះជាម្ចាស់ជាទីស្រឡាញ់អើយ! ទូលបង្គំបានថ្វាយដួងចិត្តរបស់ទូលបង្គំទៅទ្រង់ទាំងស្រុងរួចហើយ។ ទូលបង្គំចង់ភ្ជាប់ពាក្យជាមួយទ្រង់ជារៀងរហូត ហើយទូលបង្គំនឹងស្រឡាញ់ទ្រង់មិនផ្លាស់ប្តូរអស់មួយជីវិតរបស់ទូលបង្គំ...។» មានតែពេលដែលអ្នកតស៊ូនឹងការឈឺចាប់ដ៏តឹងតែងបែបនោះទេ ទើបអ្នកពិតជាមានអារម្មណ៍ពិតអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ហើយមានតែពេលនោះទេ ទើបអ្នកដឹងយ៉ាងច្បាស់ថា៖ ខ្ញុំបានថ្វាយគ្រប់យ៉ាងដែលខ្ញុំមានទៅព្រះជាម្ចាស់តាំងពីយូរមកហើយ។ បន្ទាប់ពីជំនះបាននៅក្នុងស្ថានភាពវាយលុកបែបនេះ អ្នកចាប់ផ្ដើមដឹងក្តីជាងមុនចំពោះបញ្ហាបែបនេះ ហើយអ្នកឃើញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ មិនមែនជាអ្វីដែលមនុស្សមាននោះទេ។ នៅក្នុងបទពិសោធរបស់អ្នកបន្ទាប់ពីចំណុចនេះទៅ អ្នកនឹងលែងត្រូវបានបង្ខិតបង្ខំនៅក្នុងទិដ្ឋភាពនៃការចូលទៅក្នុងនេះហើយ។ វាដូចជាសម្លាកចេញពីរបួសចាស់របស់អ្នកបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការចូលទៅក្នុងរបស់អ្នកអ៊ីចឹង។ នៅពេលដែលអ្នកជួបប្រទះនូវស្ថានភាពមួយដូចនេះ អ្នកនឹងនឹកឃើញភា្លមអំពីទឹកភ្នែកដែលអ្នកហូរនៅថ្ងៃនោះ ប្រៀបដូចជាអ្នកបានរួបរួមសារជាថ្មីជាមួយព្រះជាម្ចាស់ បន្ទាប់ពីការបែកគ្នាអ៊ីចឹង ហើយភ័យខ្លាចជាខ្លាំង ព្រោះខ្លាចទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់អាចនឹងធ្ងន់ធ្ងរម្តងទៀត ហើយខ្លាចការជំពាក់ចិត្តផ្នែកមនោសញ្ចេតនា (ទំនាក់ទំនងធម្មតា) រវាងអ្នកនិងព្រះជាម្ចាស់នឹងត្រូវបានបំផ្លាញ។ នេះគឺជាកិច្ចការ និងការចូលទៅក្នុងរបស់អ្នក។ ដូច្នេះហើយ ស្របពេលដែលអ្នកទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកគួរតែផ្តល់សារៈសំខាន់ឱ្យកាន់តែខ្លាំងលើការចូលទៅក្នុងរបស់អ្នករាល់គ្នា ដោយការមើលឃើញយ៉ាងត្រឹមត្រូវអំពីអ្វីដែលជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអ្វីជាការចូលទៅក្នុងរបស់អ្នករាល់គ្នា ក៏ដូចជាការបញ្ចូលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទៅក្នុងការចូលទៅក្នុងរបស់អ្នករាល់គ្នាដែរ នោះទើបអ្នករាល់គ្នាអាចបានគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធតាមវិធីច្រើនជាងនេះ ហើយទើបខ្លឹមសារនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបាននៅក្នុងអ្នករាល់គ្នា។ នៅក្នុងដំណើរនៃបទពិសោរបស់អ្នកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ក៏ដូចជាខ្លួនឯងដែរ ហើយជាងនេះទៅទៀត នៅក្នុងចំណោមអស់អ្នកដែលស្គាល់ពីចំនួននៃការឈឺចាប់ដ៏តឹងតែងនេះ អ្នកនឹងអភិវឌ្ឍទំនាក់ទំនងជាប្រក្រតីមួយជាមួយព្រះជាម្ចាស់ ហើយទំនាក់ទំនងរវាងអ្នកនិងព្រះជាម្ចាស់ នឹងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីការកើតឡើងនៃការលួសកាត់ និងការបន្សុទ្ធរាប់មិនអស់រួចមក អ្នកនឹងអភិវឌ្ឍសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់។ នោះជាមូលហេតុដែលអ្នករាល់គ្នាត្រូវតែដឹងថា ការរងទុក្ខ ការវាយផ្ដួល និងសេចក្តីទុក្ខវេទនា មិនមែនជារឿងដែលត្រូវខ្លាចនោះទេ។ អ្វីដែលគួរឱ្យខ្លាចគឺការមានតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែមិនមានការចូលទៅក្នុងរបស់អ្នក។ នៅពេលដែលថ្ងៃនៃកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ចូលមកដល់ នោះអ្នកនឹងបានបញ្ចេញកម្លាំងដោយគ្មានបានអ្វីសោះ។ ទោះបីជាអ្នកមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនឹងមិនបានស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ឬមានការចូលទៅក្នុងរបស់អ្នកដែរ។ ការបំភ្លឺដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស គឺមិនមែនដើម្បីរក្សាចិត្តឆេះឆួលរបស់មនុស្សឱ្យស្ថិតស្ថេរនោះទេ ប៉ុន្តែដើម្បីបើកផ្លូវសម្រាប់ការចូលទៅក្នុងរបស់មនុស្ស ក៏ដូចជាដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងដើម្បីអភិវឌ្ឍអារម្មណ៍នៃការគោរព និងការស្រឡាញ់ចំពោះព្រះជាម្ចាស់ចាប់ពីចំណុចនេះទៅ។