កិច្ចការ និងច្រកចូល (៣)
ព្រះជាម្ចាស់បានប្រទានយ៉ាងច្រើនដល់មនុស្ស ហើយក៏បានលើកឡើងអំពីការចូលទៅក្នុងរបស់គេនៅក្នុងរបៀបរាប់មិនអស់ដែរ។ ប៉ុន្តែ ដោយសារតែគុណសម្បត្តិរបស់មនុស្សមានកម្រិតអន់ ដូច្នេះ ព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់មិនអាចចាក់ឫសបានឡើយ។ គុណសម្បត្តិដ៏អន់បែបនេះកើតចេញពីហេតុផលជាច្រើន ដូចជា សេចក្តីពុករលួយនៃគំនិត និងសីលធម៌របស់មនុស្ស កង្វះខាតនៃការចិញ្ចឹមបីបាច់ឱ្យបានត្រឹមត្រូវ អបិយជំនឿដ៏ចាស់គំរឹលដែលបានដក់ជាប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស របៀបរស់នៅដែលគ្មានគុណធម៌ និងចេះតែដុនដាប ដែលបានធ្វើឱ្យមនុស្សជាច្រើនទៅជាអាក្រក់នៅក្នុងផ្នែកដ៏ជ្រៅបំផុតនៃដួងចិត្តរបស់មនុស្ស ការយល់ដឹងដ៏រាក់កំផែលអក្ខរក្រមវប្បធម៌ ដែលមានសឹងតែកៅសិបប្រាំបីភាគរយរបស់មនុស្សខ្វះនូវការអប់រំ ហើយលើសពីនេះទៅទៀត មានមនុស្សតិចតួចណាស់ដែលទទួលបានការអប់រំវប្បធម៌កម្រិតខ្ពស់។ ដូច្នេះ មនុស្សមិនមានគំនិតយល់ដឹងអំពីអ្វីទៅជាព្រះជាម្ចាស់ ឬជាព្រះវិញ្ញាណ ប៉ុន្តែគេមានរូបអង្គរបស់ព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនច្បាស់លាស់ ដែលទទួលបានពីអបិយជំនឿដ៏ចាស់គំរឹលតែប៉ុណ្ណោះ។ ឥទ្ធិពលដ៏អាក្រក់នៃ «ស្មារតីជាតិនិយមដ៏ខ្ពស់» ដែលបានចាក់ឫសនៅក្នុងដួងចិត្តរបស់មនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំ ព្រមទាំងគំនិតបែបចាស់គំរឹល ដែលមនុស្សបានជាប់ចំណងយ៉ាងតឹងណែន ដោយគ្មានសេរីភាព សូម្បីតែបន្ដិច ហើយគ្មានឆន្ទៈចង់បាន ឬចង់តស៊ូសម្រាប់សេរីភាព គ្មានបំណងចង់អភិវឌ្ឍ ចង់តែបន្តនៅអកម្ម និងដកថយ បានចាក់ឫសនៅក្នុងផ្នត់គំនិតជាទាសករ ជាដើម។ កត្តាសត្យានុម័តទាំងនេះបានលាតត្រដាងចេញនូវតួអង្គដ៏ស្មោកគ្រោក និងអាក្រក់លុបមិនជ្រះ ដែលងប់ទៅនឹងទស្សនៈមនោគមវិជ្ជា ឧត្តមគតិ សីលធម៌ និងនិស្ស័យរបស់មនុស្ស។ វាហាក់ដូចជា មនុស្សកំពុងតែរស់នៅក្នុងពិភពដ៏ខ្មៅងងឹតនៃភេរវនិយម ដែលគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេចង់បានលើសពីនេះ ហើយគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេគិតអំពីការបន្តទៅកាន់ពិភពលោកដ៏ឧត្ដមនោះឡើយ ផ្ទុយទៅវិញ ពួកគេស្កប់ស្កល់ជាមួយវាសនាដ៏អាក្រក់នៅក្នុងជីវិតរបស់គេ ចំណាយពេលពពោះ និងចិញ្ចឹមកូន ខំស្វះស្វែងទាំងបែកញើស ទៅធ្វើការងាររបស់គេ ដោយស្រមៃចង់បានក្រុមគ្រួសារដែលរស់នៅដោយមានផាសុកភាព និងមានសុភមង្គលមួយ ព្រមទាំងស្រមៃចង់បានសេចក្តីស្រឡាញ់បែបប្ដីប្រពន្ធ មានកូនចៅ មានអំណរនៅក្នុងវ័យចំណាស់ នៅពេលដែលគេរស់នៅយ៉ាងមានក្ដីសុខ...។ អស់រយៈពេលរាប់រយរាប់ពាន់ឆ្នាំ រហូតមកដល់ពេលនេះ មនុស្សបានកំពុងតែខ្ជះខ្ជាយពេលវេលារបស់គេតាមរបៀបនេះ ដោយគ្មាននរណាម្នាក់បង្កើតបានជីវិតរស់នៅដ៏ល្អឥតខ្ចោះឡើយ គឺមានតែការកាប់សម្លាប់គ្នានៅក្នុងពិភពដ៏ខ្មៅងងឹតនេះ ដើម្បីប្រជែងគ្នាដណ្ដើមយកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ដោយប្រើឧបាយកលដាក់គ្នា។ តើធ្លាប់មាននរណាម្នាក់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើធ្លាប់មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? គ្រប់ផ្នែកនៃមនុស្សដែលត្រូវបានកាន់កាប់ ដោយឥទ្ធិពលនៃសេចក្តីងងឹត បានក្លាយជាធម្មជាតិរបស់មនុស្សតាំងពីយូរយារណាស់មកហើយ ដូច្នេះ វាពិតជាពិបាកក្នុងការអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះថាមនុស្សកាន់តែមិនសូវមានចិត្ដមានថ្លើមយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេនាពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត ខ្ញុំជឿថា មនុស្សនឹងមិនខ្វល់ពីខ្ញុំ ដែលកំពុងតែថ្លែងព្រះបន្ទូលទាំងនេះឡើយ ដោយសារតែអ្វីដែលខ្ញុំកំពុងតែថ្លែងនេះ គឺជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ ប្រវត្តិសាស្ត្រគឺជាការពិត ហើយលើសពីនេះ វាជារឿងអាស្រូវដែលមនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ ដូច្នេះ តើការនិយាយផ្ទុយពីការពិតមានន័យដូចម្ដេចទៅ? ប៉ុន្តែ ខ្ញុំក៏ជឿដែរថា មនុស្សដែលមានវិចារណញ្ញាណ នៅពេលដែលឃើញព្រះបន្ទូលទាំងនេះហើយ ពួកគេនឹងភ្ញាក់ខ្លួន ហើយប្រឹងប្រែងរកការចម្រើនឡើងមិនខាន។ ព្រះជាម្ចាស់សង្ឃឹមថា មនុស្សលោកអាចរស់នៅ និងធ្វើការនៅក្នុងសន្តិភាព និងសេចក្តីស្កប់ចិត្ត ក្នុងពេលជាមួយគ្នានោះ ក៏អាចស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់ឱ្យមនុស្សទាំងអស់អាចចូលទៅក្នុងសេចក្ដីសម្រាក ហើយលើសពីនេះទៅទៀត ការបំពេញផែនដីទាំងមូល ដោយសិរីល្អរបស់ព្រះជាម្ចាស់ គឺជាបំណងព្រះហឫទ័យចង់បានដ៏ធំធេងរបស់ព្រះជាម្ចាស់។ វាពិតជារឿងដ៏អាម៉ាស់ណាស់ ដែលមនុស្សលោកនៅតែបន្តលិចលង់នៅក្នុងការវង្វេងស្មារតី និងមិនភ្ញាក់ខ្លួន ត្រូវបានអារក្សសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង រហូតដល់សព្វថ្ងៃនេះ ពួកគេលែងមានលក្ខណៈជាមនុស្សទៀតនោះ។ ដូច្នេះ គំនិត សីលធម៌ និងការអប់រំរបស់មនុស្ស គឺជាប្រភពដ៏សំខាន់ទីមួយ ហើយការបណ្ដុះបណ្ដាលនៅក្នុងកម្រិតវប្បធម៌ គឺជាប្រភពទីពីរ ដើម្បីធ្វើឱ្យគុណសម្បត្តិខាងវប្បធម៌របស់មនុស្សកាន់តែប្រសើរឡើង និងផ្លាស់ប្ដូរទស្សនៈខាងវិញ្ញាណរបស់ពួកគេ។
ជាការពិត លក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកមិនខ្ពស់ពេកឡើយ ប៉ុន្តែដោយសារតែគម្លាតរវាងគុណសម្បត្តិរបស់មនុស្ស និងបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនោះគឺធំពេក ដូច្នេះ មនុស្សភាគច្រើនគ្រាន់តែងើយក្បាល ហើយសម្លឹងមើលទៅទិសដៅនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្មានសមត្ថភាពក្នុងការបំពេញតាមឡើយ។ សមត្ថភាពពីកំណើតរបស់មនុស្ស រួមជាមួយអ្វីដែលពួកគេបានរៀនសូត្របំពាក់បំប៉នក្រោយកំណើត គឺមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ ប៉ុន្តែ ការគ្រាន់តែទទួលស្គាល់ចំណុចនេះមិនមែនជាដំណោះស្រាយនាំទៅរកភាពជោគជ័យយ៉ាងពិតប្រាកដឡើយ។ ទឹកដែលនៅឆ្ងាយមិនអាចចម្អែតភាពស្រេកឃ្លានភ្លាមៗបានឡើយ។ ទោះបីមនុស្សដឹងថា ខ្លួនគេទន់ទាបស្មើនឹងធូលីដី ទោះបីពួកគេមិនមានការតាំងចិត្តចង់បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនបានដើរតាមផ្លូវដ៏ជឿនលឿន ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ទេ តើចំណេះដឹងបែបនេះមានតម្លៃអ្វីទៅ? តើវាមិនដូចជាការដងទឹកជាមួយកន្ត្រកឫស្សីទេឬ? វាពិតជាគ្មានន័យឡើយ មែនទេ? ចំណុចដ៏សំខាន់អំពីអ្វីដែលខ្ញុំកំពុងតែមានបន្ទូលនេះ ពាក់ព័ន្ធនឹងច្រកចូល ដែលនេះជាប្រធានបទដ៏សំខាន់។
នៅក្នុងដំណើរនៃការចូលទៅក្នុងរបស់មនុស្ស ជីវិតរស់នៅរបស់មនុស្សតែងតែគួរឱ្យធុញទ្រាន់ ពេញដោយសមាសធាតុដដែលៗនៃជីវិតខាងវិញ្ញាណ ដូចជា ការអធិស្ឋាន ការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការបង្កើតជាក្រុមជួបជុំ ហើយមនុស្សតែងតែមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់មិនបាននាំមកនូវសេចក្តីរីករាយដ៏ធំឡើយ។ សកម្មភាពខាងវិញ្ញាណបែបនេះតែងតែត្រូវបានអនុវត្តនៅលើមូលដ្ឋាននៃនិស្ស័យដើមរបស់មនុស្ស ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ទោះបីពេលខ្លះមនុស្សអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ការគិត និស្ស័យ របៀបរស់នៅ និងទម្លាប់របស់គេនៅតែចាក់ឫសខាងក្នុង ដូច្នេះ ធម្មជាតិរបស់គេនៅតែមិនផ្លាស់ប្ដូរដដែល។ សកម្មភាពអបិយជំនឿដែលមនុស្សមាន គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត ប៉ុន្តែមនុស្សជាច្រើននៅតែមិនអាចបោះបង់វាចោល ដ្បិតគេគិតថា សកម្មភាពអបិយជំនឿទាំងនេះត្រូវបានបង្គាប់មកពីព្រះជាម្ចាស់ ហើយសូម្បីតែសព្វថ្ងៃនេះ ក៏មិនទាន់មាននរណាម្នាក់កម្ចាត់វាចោលបានទាំងស្រុងដែរ។ អបិយជំនឿទាំងនេះមានជាអាទិ៍ ការរៀបចំចាត់ចែងរបស់យុវជនយុវនារីសម្រាប់ពិធីមង្គលការ និងគ្រឿងលម្អកូនក្រមុំ អំណោយជាលុយ ជាបាច់ផ្កា និងរបៀបស្រដៀងគ្នាផ្សេងទៀតក្នុងការប្រារព្ធពិធីសប្បាយៗ។ ទំនៀមទម្លាប់ពីបុរាណដែលបានបន្តមកដល់ជំនាន់ក្រោយៗ រួមទាំងសកម្មភាពអរិយជំនឿដ៏គ្មានន័យទាំងអស់ដែលត្រូវបានធ្វើសម្រាប់មនុស្សដែលបានស្លាប់ និងពិធីបុណ្យសព ហើយទង្វើទាំងនេះកាន់តែគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ថែមទៀត។ សូម្បីតែថ្ងៃនៃការថ្វាយបង្គំ (រួមទាំង ថ្ងៃសប្ប័ទ ដែលត្រូវបានគោរពដោយពិភពសាសនា) ក៏គួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ផងដែរ ហើយទំនាក់ទំនងសង្គម និងអន្តរកម្មខាងលោកីយ៍រវាងមនុស្សនិងមនុស្ស គឺសុទ្ធតែគួរឱ្យស្អប់ខ្ពើមកាន់តែខ្លាំងចំពោះព្រះជាម្ចាស់ ហើយត្រូវបានទ្រង់បដិសេធ។ សូម្បីតែពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យណូអែល ដែលមនុស្សគ្រប់គ្នាបានស្គាល់នោះ ក៏មិនត្រូវបានបង្គាប់ពីព្រះជាម្ចាស់ដែរ ចំណែកឯរបស់របរលេង និងការតុបតែងសម្រាប់ថ្ងៃឈប់សម្រាកជាតិទាំងនេះ ដូចជា ពាក្យស្លោកនៃសិរីសួស្ដី ការដុតផាវ ការបង្ហោះគោម ពិធីលៀងព្រះអម្ចាស់ ការជូនកាដូថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងពិធីបុណ្យណូអែល តើពិធីទាំងនេះមិនមែនជារូបព្រះនៅក្នុងគំនិតរបស់មនុស្សទេឬ? ការកាច់នំប៉័ងនៅថ្ងៃសប្ប័ទ ការផឹកស្រា និងសំពត់ទេសឯក កាន់តែជារូបព្រះហើយ។ គ្រប់ទាំងថ្ងៃបុណ្យប្រពៃណីជាតិដ៏ធំៗនៅក្នុងប្រទេសចិន ដូចជា ពិធីរាំម៉ុងសាយ ពិធីប្រណាំងទូក ពិធីបង្ហោះគោម ពិធីឡាបា (Laba Festival) និងបុណ្យចូលឆ្នាំថ្មី ព្រមទាំងពិធីបុណ្យផ្សេងទៀតនៅក្នុងពិភពខាងសាសនា ដូចជា បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ បុណ្យជ្រមុជទឹក និងថ្ងៃបុណ្យណូអែល ដែលពិធីបុណ្យដ៏មិនសមហេតុផលទាំងអស់នេះត្រូវបានរៀបចំ និងបដិបត្ដិបន្ត ដោយមនុស្សជាច្រើន តាំងពីជំនាន់ដើម រហូតមកដល់សព្វថ្ងៃ។ វាជាការស្រមើស្រមៃដ៏សម្បូរបែប និងគោលគំនិតដ៏ប៉ិនប្រសប់របស់មនុស្ស ដែលបានជួយឱ្យពួកគេផ្ទេរបន្តនូវពិធីបុណ្យទាំងនេះរហូតមកដល់ពេលបច្ចុប្បន្ន។ ពិធីទាំងនេះមើលទៅហាក់ដូចជាគ្មានគុណវិបត្តិឡើយ ប៉ុន្តែវាជាកលល្បិចដែលអារក្សសាតាំងបង្ហាញទៅកាន់មនុស្ស។ បើកន្លែងមួយមានមនុស្សកាន់តែច្រើននៅជាមួយសាតាំង ទីនោះកាន់តែមានភាពហួសសម័យកាល និងយឺតយ៉ាវ ហើយវានឹងមានទំនៀមទម្លាប់ដ៏ចាស់គំរឹលចាក់ឫសយ៉ាងជ្រៅផងដែរ។ ជំនឿទាំងនេះបានចងមនុស្សយ៉ាងជាប់ ដោយគ្មានទុកកន្លែងឱ្យកម្រើកខ្លួនបានឡើយ។ ពិធីបុណ្យជាច្រើននៅក្នុងពិភពខាងសាសនា ហាក់ដូចជាបង្ហាញនូវភាពច្នៃប្រឌិតដ៏ខ្លាំង និងបង្កើតជាស្ពានទៅរកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពិធីទាំងនេះជាចំណងអរូបិយ ដែលអារក្សសាតាំងចង និងរារាំងមនុស្សមិនឱ្យមកស្គាល់ព្រះជាម្ចាស់វិញទេ ដ្បិតអ្វីៗទាំងអស់នេះជាកលល្បិចដ៏ប៉ិនប្រសប់របស់អារក្សសាតាំង។ ជាការពិត នៅពេលដែលដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់បានបំផ្លាញឧបករណ៍ និងស្ទីលនៃគ្រានោះរួចហើយ ដោយគ្មានបន្សល់ដានអ្វីឡើយ។ យ៉ាងណាមិញ «អ្នកជឿដ៏ស្មោះត្រង់» បន្តថ្វាយបង្គំវត្ថុរូបិយទាំងនោះ ហើយក្នុងគ្រាដដែលនោះ ពួកគេលាក់ទុកអ្វីដែលព្រះជាម្ចាស់មាននៅខាងក្រោយនៃគំនិតរបស់គេ លែងសិក្សាតទៅទៀត ធ្វើខ្លួនដូចជាពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅពេលដែលជាក់ស្ដែង ពួកគេបានបណ្ដេញទ្រង់ចេញពីផ្ទះរបស់គេ តាំងពីយូរយារ ហើយបានដាក់សាតាំងនៅលើតុ ដើម្បីថ្វាយបង្គំ។ រូបព្រះយេស៊ូវ រូបឈើឆ្កាង រូបនាងម៉ារា រូបបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ និងពិធីលៀងព្រះអម្ចាស់ មនុស្សគោរពសក្ការៈរូបទាំងនេះទុកដូចជាព្រះអម្ចាស់នៃស្ថានសួគ៌ ក្នុងពេលដែលគេបន្តស្រែកឡើងដដែលៗថា «ឱ ព្រះអម្ចាស់ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌»។ តើទាំងអស់នេះមិនមែនជារឿងកំប្លែងទេឬ? មកដល់សព្វថ្ងៃនេះ មានពាក្យស្លោក និងការប្រណិប័តន៍ស្រដៀងគ្នាជាច្រើនដែលត្រូវបានផ្ទេរបន្តនៅក្នុងចំណោមមនុស្ស គឺជារឿងដ៏គួរឱ្យស្អប់ចំពោះព្រះជាម្ចាស់ ដ្បិតវាពិតជាបង្អាក់ដល់ផ្លូវខាងមុខសម្រាប់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត វាបង្កើតជាឧបសគ្គដ៏ធំចំពោះការចូលទៅក្នុងរបស់មនុស្ស។ ដោយព្រងើយកន្តើយចំពោះកម្រិតដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយ ផ្នែកខាងក្នុងរបស់មនុស្សត្រូវបានពេញពោរទាំងស្រុងដោយអ្វីៗ ដូចជា ក្រឹត្យវិន័យរបស់លោក វីតនេស លី (Witness Lee) បទពិសោធរបស់លោក ឡូរិនស៍ (Lawrence) ការស្ទង់មតិ ដោយលោក វ៉ូចមែន នី (Watchman Nee) និងកិច្ចការរបស់លោកប៉ុល។ ព្រះជាម្ចាស់គ្មានផ្លូវក្នុងការធ្វើការពីលើមនុស្សលោកឡើយ ដោយសារតែនៅក្នុងគំនិតរបស់គេ មានពោរពេញទៅដោយភាពបុគ្គលនិយម ក្រឹត្យវិន័យ ក្បួនច្បាប់ បទបញ្ញត្តិ ប្រព័ន្ធ ជាដើម ហើយដោយបន្ថែមពីលើទំនោរអបិយជំនឿដ៏ចាស់គំរឹលរបស់មនុស្ស រឿងទាំងនេះបានធ្វើឱ្យមនុស្សងប់ងុល និងវក់វីយ៉ាងខ្លាំង។ គឺវាប្រៀបបីដូចជាគំនិតរបស់មនុស្ស ជាខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍ ដែលចាក់បញ្ចាំងអំពីរឿងព្រេងនិទាននៅក្នុងភាពចម្រុះពណ៌ ហើយមានតួអង្គដ៏អស្ចារ្យកំពុងតែជិះលើពពក ពេញដោយការស្រមើស្រមៃ ដែលធ្វើឱ្យពួកគេភ្ញាក់ផ្អើល ភាំងស្មារតី និងលែងមាត់ក។ និយាយការពិត កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើនៅថ្ងៃនេះ គឺផ្ដោតជាចម្បងទៅលើការដោះស្រាយ និងការលុបបំបាត់គំនិតអបិយជំនឿរបស់មនុស្សលោក ហើយបំផ្លាស់បំប្រែទស្សនៈរបស់គេទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់មិនបានស្ថិតស្ថេរ រហូតមកដល់ពេលសព្វថ្ងៃ ដោយសារតែកេរមរតកដែលត្រូវបានផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយៗដោយមនុស្សឡើយ ប៉ុន្តែវាជាកិច្ចការដែលទ្រង់បានផ្ដួចផ្ដើមឡើងដោយអង្គទ្រង់ ហើយបញ្ចប់ដោយអង្គទ្រង់ ដោយគ្មានតម្រូវការទទួលបានកេរដំណែលរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ ឬស្នងមរតកកិច្ចការណាមួយនៃធម្មជាតិតំណាងណាមួយដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យណាមួយឡើយ។ មនុស្សលោកមិនចាំបាច់មានកង្វល់ជាមួយរឿងទាំងនេះឡើយ។ ព្រះជាម្ចាស់នាពេលសព្វថ្ងៃមានរបៀបនៃការថ្លែងបន្ទូល និងរបៀបនៃការធ្វើការមួយបែបទៀត ដូច្នេះ ហេតុអ្វីបានជាមនុស្សលោកគួរតែយកចិត្តទុកដាក់ទៅ? ប្រសិនបើមនុស្សដើរនៅលើផ្លូវនាពេលសព្វថ្ងៃនៅក្នុងចរន្តបច្ចុប្បន្ន ខណៈពេលបន្តកេរដំណែលនៃ «បុព្វបុរស» របស់គេ នោះពួកគេនឹងមិនទៅដល់វាសនារបស់គេឡើយ។ ព្រះជាម្ចាស់មានព្រះទ័យស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះឥរិយាបថរបស់មនុស្សបែបនេះ គឺដូចជាទ្រង់ស្អប់ខ្ពើមថ្ងៃ ខែ ឆ្នាំនៃពិភពរបស់មនុស្សអ៊ីចឹងដែរ។
វិធីដ៏ល្អបំផុតដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស គឺជាការព្យាបាលផ្នែកនៃដួងចិត្តដ៏ជ្រៅបំផុតរបស់មនុស្ស ដែលត្រូវបានបំពុលយ៉ាងធំធេង ដោយជួយឱ្យមនុស្សចាប់ផ្ដើមផ្លាស់ប្ដូរការគិត និងសីលធម៌របស់គេ។ ជាដំបូង មនុស្សត្រូវតែមើលឃើញយ៉ាងច្បាស់ថា គ្រប់ពិធីសាសនា សកម្មភាពសាសនា ខែឆ្នាំ និងពិធីបុណ្យទាំងអស់ គឺជារឿងគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ពួកគេគួរតែកាត់ផ្ដាច់ឱ្យខ្លួនមានសេរីភាពពីចំណងនៃការគិតបែបចាស់គំរឹលទាំងនេះ ហើយលុបបំបាត់គ្រប់ទាំងដាននៃអបិយជំនឿដែលចាក់ឫសយ៉ាងជ្រៅរបស់គេ។ ទាំងអស់នេះត្រូវបានរាប់បញ្ចូលនៅក្នុងការចូលទៅក្នុងរបស់មនុស្ស។ អ្នករាល់គ្នាត្រូវតែយល់អំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់ដឹកនាំមនុស្សចេញពីលោកីយ៍ និងយល់អំពីហេតុផលដែលនាំឱ្យទ្រង់ដឹកនាំមនុស្សចេញពីក្បួនច្បាប់ និងបទបញ្ញត្តិ។ នេះគឺជាច្រកចូលដែលអ្នករាល់គ្នានឹងត្រូវដើរចូល ហើយទោះបីរឿងទាំងនេះគ្មានពាក់ព័ន្ធអ្វីជាមួយបទពិសោធខាងវិញ្ញាណរបស់អ្នករាល់គ្នាក៏ដោយ ក៏វាជាឧបសគ្គដ៏ធំបំផុតដែលរាំងស្ទះដល់ការចូលទៅក្នុងរបស់អ្នករាល់គ្នា រាំងស្ទះអ្នកមិនឱ្យស្គាល់ព្រះជាម្ចាស់។ រឿងទាំងនេះបង្កើតជាសំណាញ់មួយដែលធ្វើឱ្យមនុស្សជាប់ជំពាក់។ មនុស្សជាច្រើនអានព្រះគម្ពីរច្រើនពេក ហើយថែមទាំងអាចសូត្របទគម្ពីរជាច្រើនចេញពីការចងចាំរបស់គេទៀតផង។ នៅក្នុងការចូលទៅក្នុងរបស់គេនាពេលសព្វថ្ងៃ ដោយមិនដឹងខ្លួនមនុស្សប្រើព្រះគម្ពីរ ដើម្បីវាស់វែងកិច្ចការរបស់ព្រះជាម្ចាស់ គឺដូចជាមូលដ្ឋាននៃដំណាក់កាលនេះនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់គឺជាព្រះគម្ពីរ ហើយប្រភពរបស់វាគឺជាព្រះគម្ពីរអ៊ីចឹង។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ស្របតាមព្រះគម្ពីរ មនុស្សគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ហើយគោរពស្រឡាញ់ទ្រង់យ៉ាងខ្លាំង។ ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របតាមព្រះគម្ពីរវិញ មនុស្សមានភាពអន្ទះសាយ៉ាងខ្លាំង រហូតដល់ពួកគេបែកញើសស្រាក់ៗក្នុងការស្វែងរកខគម្ពីរយោងសម្រាប់ជាមូលដ្ឋាននៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់មិនត្រូវបានលើកឡើងនៅក្នុងព្រះគម្ពីរ នោះមនុស្សនឹងព្រងើយកន្ដើយចំពោះព្រះជាម្ចាស់។ គឺអាចនិយាយបានថា ចំពោះកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ មនុស្សភាគច្រើនទទួលយកវាថ្នមៗ និងដោយប្រុងប្រយ័ត្ន ពួកគេស្ដាប់បង្គាប់យ៉ាងយកចិត្តទុកដាក់ ហើយមិនចាប់អារម្មណ៍ចង់ដឹងអំពីវាឡើយ ហើយបើធៀបនឹងរឿងរ៉ាវពីអតីតកាលវិញ ពួកគេកាន់តាមពាក់កណ្ដាល ហើយបោះបង់ចោលពាក់កណ្ដាលទៀត។ តើការនេះអាចត្រូវបានហៅថាជាការចូលទៅក្នុងដែរឬទេ? ដោយកាន់សៀវភៅរបស់អ្នកដទៃទុកដូចជាកំណប់ ហើយចាត់ទុកសៀវភៅទាំងនោះដូចជាកូនសោមាស ដើម្បីចាក់ទ្វារចូលទៅក្នុងនគរព្រះ មនុស្សសម្ដែងការមិនចាប់អារម្មណ៍ទាល់តែសោះទៅលើអ្វីដែលព្រះជាម្ចាស់តម្រូវពីពួកគេនាពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត មាន «អ្នកជំនាញដ៏វៃឆ្លាត» ជាច្រើនកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅដៃឆ្វេងរបស់ពួកគេ ហើយកាន់ «ស្នាដៃ» របស់អ្នកផ្សេងនៅដៃស្ដាំ គឺដូចជាពួកគេចង់ស្វែងរកមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនៅក្នុងស្នាដៃទាំងនេះ ដើម្បីបញ្ជាក់អះអាងទាំងស្រុងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពត្រឹមត្រូវ ហើយពួកគេថែមទាំងពន្យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់អ្នកដទៃ ដោយបូកបញ្ចូលព្រះបន្ទូលទាំងនោះជាមួយស្នាដៃ គឺដូចជាស្នាដៃទាំងនោះប្រើការបានអ៊ីចឹង។ និយាយតាមត្រង់ មាននូវ «អ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រ» ជាច្រើននាក់នៅក្នុងចំណោមនុស្សដែលមិនធ្លាប់ឱ្យតម្លៃខ្ពស់ទៅលើសមិទ្ធិផលបែបវិទ្យាសាស្ត្រថ្មីៗនាពេលសព្វថ្ងៃ ជាសមិទ្ធិផលបែបវិទ្យាសាស្ត្រដែលមិនធ្លាប់កើតមានពីមុនឡើយ (ឧទាហរណ៍ កិច្ចការរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងផ្លូវសម្រាប់ការចូលទៅកាន់ជីវិត) ដូច្នេះ មនុស្សសុទ្ធតែ «ពឹងអាងលើខ្លួនឯង» ដោយ «កំពុងអធិប្បាយ» យ៉ាងទូលំទូលាយអំពីចំណុចខ្លាំងនៃវោហាសព្ទរបស់គេ និងកំពុងតែបង្អួតអំពី «ព្រះនាមដ៏ល្អរបស់ព្រះជាម្ចាស់»។ ក្នុងពេលនោះ ការចូលទៅក្នុងរបស់គេផ្ទាល់កំពុងតែស្ថិតក្នុងសេចក្តីវិនាស ហើយពួកគេហាក់នៅឆ្ងាយពីលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ ដូចជាកំណើតពិភពលោកដែលនៅសែនឆ្ងាយពីពេលបច្ចុប្បន្នអ៊ីចឹងដែរ។ តើការធ្វើកិច្ចការរបស់ព្រះជាម្ចាស់មានភាពងាយស្រួលកម្រិតណាទៅ? វាហាក់ដូចជា មនុស្សបានសម្រេចចិត្តរួចហើយក្នុងការបោះបង់ចោលខ្លួនពួកគេពាក់កណ្ដាលទៅឱ្យថ្ងៃម្សិលមិញ ហើយពាក់កណ្ដាលទៀតមកឱ្យថ្ងៃនេះ ឱ្យខ្លួនពាក់កណ្ដាលទៅឱ្យសាតាំង និងថ្វាយខ្លួនពាក់កណ្ដាលទៀតដល់ព្រះជាម្ចាស់ គឺដូចរបៀបនេះជាផ្លូវ ដើម្បីធ្វើឱ្យមនសិការរបស់គេស្ងប់ និងមានអារម្មណ៍ស្ងប់ចិត្តខ្លះអ៊ីចឹង។ ពិភពខាងក្នុងរបស់មនុស្សពេញដោយកលល្បិច ពួកគេខ្លាចបាត់បង់មិនគ្រាន់តែថ្ងៃស្អែកប៉ុណ្ណោះទេ ប៉ុន្តែក៏ថ្ងៃម្សិលមិញដែរ ហើយក៏ខ្លាចក្នុងការបំពានដល់សាតាំងផង និងព្រះជាម្ចាស់នាពេលសព្វថ្ងៃផង ជាអ្នកដែលចាក់ខ្សែមិនច្បាស់ខាងណាមួយសោះ។ ដោយសារតែមនុស្សមិនអភិវឌ្ឍឱ្យមានការគិត និងសីលធម៌ដែលត្រឹមត្រូវ ដូច្នេះ ពួកគេកំពុងតែខ្វះនូវការដឹងខុសត្រូវ ហើយពួកគេមិនអាចដឹងឡើយថា កិច្ចការនាពេលសព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ឬក៏អត់នោះ។ ប្រហែលនោះគឺដោយសារតែគំនិតដ៏ចាស់គំរឹល និងអបិយជំនឿរបស់មនុស្សចាក់ឫសយ៉ាងជ្រៅពេក រហូតដល់ពួកគេបានដាក់អបិយជំនឿ និងសេចក្តីពិត ព្រមទាំងព្រះជាម្ចាស់ និងរូបព្រះនៅក្នុងចំណាត់ថ្នាក់ដូចគ្នា ដោយមិនបានធ្វើការវែកញែកឱ្យបានច្បាស់លាស់រវាងចំណុចទាំងនេះ ហើយពួកគេហាក់ដូចជាមិនចេះវែកញែកយ៉ាងច្បាស់ ទោះបីជាពួកគេខំគិតយ៉ាងណាក៏ដោយ។ នោះជាហេតុផលដែលមនុស្សលោកបានឈប់ដើរតាម ហើយលែងបន្តដំណើរតទៅមុខទៀត។ បញ្ហាទាំងអស់នេះកើតចេញពីកង្វះការអប់រំបែបមនោគមវិជ្ជាដែលត្រឹមត្រូវរបស់មនុស្ស ដែលបង្កើតឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ការចូលទៅក្នុងរបស់គេ។ ជាលទ្ធផល មនុស្សមិនដែលសម្ដែងការចាប់អារម្មណ៍ណាមួយទៅលើកិច្ចការរបស់ព្រះជាម្ចាស់ដ៏ពិតឡើយ ប៉ុន្តែចេះតែមានះប្រកាន់ខ្ជាប់[១] នឹងកិច្ចការរបស់មនុស្ស (ដូចជា មនុស្សដែលពួកគេចាត់ទុកជាមនុស្សដ៏អស្ចារ្យ) គឺធ្វើដូចជាពួកគេត្រូវបានជាប់ឈ្មោះយីហោនៃកិច្ចការនោះអ៊ីចឹង។ តើទាំងនេះមិនមែនជាប្រធានបទថ្មីៗបំផុតដែលមនុស្សជាតិគួរតែចូលទៅក្នុងទេឬ?
លេខយោង៖
(១) «មានះប្រកាន់ខ្ជាប់» ត្រូវបានប្រើក្នុងន័យចំអក។ ឃ្លានេះបង្ហាញថា មនុស្សរឹងចចេស និងពិបាកប្រដៅ ដោយប្រកាន់ខ្ជាប់នឹងអ្វីៗចាស់គំរឹល ហើយមិនព្រមបោះបង់វាចោលឡើយ។