កិច្ចការ និងច្រកចូល (៤)

ប្រសិនបើមនុស្សពិតជាអាចចូលទៅក្នុងស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះជីវិតរបស់គេនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ដូចទំពាំងដែលដុះឡើង ក្រោយមេឃភ្លៀងអ៊ីចឹង។ ដោយវិនិច្ឆ័យចេញពីកម្ពស់បច្ចុប្បន្នរបស់មហាជន មនុស្សមិនឱ្យតម្លៃសំខាន់ទៅលើជីវិតឡើយ ផ្ទុយទៅវិញ ពួកគេបែរជាឱ្យតម្លៃទៅលើកិច្ចការដែលហាក់ដូចជាគ្មានលទ្ធផលទៅវិញ។ ឬមួយពួកគេខំប្រញាប់រត់ទៅឆ្វេងរត់ទៅស្ដាំ ប្រឹងធ្វើការទាំងគ្មានគោលដៅ ធ្វើនេះបន្ដិចធ្វើនោះបន្ដិច ដោយគ្មានផ្ចង់អារម្មណ៍ ទាំងមិនដឹងអំពីទិសដៅដែលខ្លួនគួរតែទៅ ព្រមទាំងមិនដឹងថា ពួកគេត្រូវធ្វើសម្រាប់នរណាឡើយ។ ពួកគេគ្មានអ្វីក្រៅពី «បន្ទាបដោយគ្របបាំងខ្លួន» ឡើយ។ ការពិតនោះគឺថា មានមនុស្សតិចតួចណាស់នៅក្នុងចំណោមអ្នករាល់គ្នាដែលដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់គ្រាចុងក្រោយ។ កម្រមានអ្នករាល់គ្នាណាម្នាក់ដឹងអំពីដានព្រះបាទារបស់ព្រះជាម្ចាស់ណាស់ ហើយកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺថា គ្មាននរណាម្នាក់ដឹងថា សមិទ្ធិផលចុងក្រោយរបស់ព្រះជាម្ចាស់នឹងក្លាយជាអ្វីនោះឡើយ។ ប៉ុន្តែ តាមរយៈសេចក្តីអំណត់ និងការស៊ូទ្រាំ មនុស្សគ្រប់គ្នាកំពុងតែឆ្លងកាត់ការប្រៀនប្រដៅ និងការចាត់ការរបស់អ្នកដទៃ គឺដូចពួកគេកំពុងតែពត់ដៃពត់ជើង ដើម្បីត្រៀមខ្លួនប្រយុទ្ធ[១] ដោយសង្ឃឹមចង់បានជ័យជម្នះរបស់គេអ៊ីចឹង។ ខ្ញុំនឹងមិនប្រទានសេចក្តីអត្ថាធិប្បាយណាមួយទាក់ទងនឹង «ទស្សនីយភាពប្លែកៗ» ទាំងនេះនៅក្នុងចំណោមមនុស្សឡើយ ប៉ុន្តែមានចំណុចមួយដែលអ្នករាល់គ្នាត្រូវតែយល់។ ឥឡូវនេះ មនុស្សភាគច្រើនកំពុងតែអភិវឌ្ឍទៅរកភាពខុសប្រក្រតី[២] ហើយនៅក្នុងជំហាននៃការចូលទៅក្នុងរបស់គេ ពួកគេកំពុងតែបោះជំហានទៅរកផ្លូវទ័ល។[៣] មនុស្សជាច្រើនប្រហែលជាគិតថា នៅខាងក្រៅពិភពលោករបស់មនុស្ស មានស្ថានសួគ៌មួយដែលមនុស្សទន្ទឹងចង់ទៅ ទាំងជឿថា ស្ថាននោះជាពិភពនៃសេរីភាព ប៉ុន្តែការពិតនោះគឺថា វាមិនមែនឡើយ។ ឬប្រហែលគេអាចនិយាយបានថា មនុស្សដែលគិតបែបនេះបានវង្វេងផ្លូវហើយ។ ប៉ុន្តែ ទោះបីមនុស្សកំពុងតែធ្វើអ្វីក៏ដោយ ខ្ញុំនៅតែចង់មានបន្ទូលអំពីចំណុចមួយដែលមនុស្សគួរតែចូលក្នុង។ គុណសម្បត្តិ និងចំណុចខ្វះខាតរបស់មហាជន មិនមែនជាប្រធានបទចម្បងនៃមេរៀននៅថ្ងៃនេះឡើយ។ បងប្អូនប្រុសស្រីអើយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងអាចទទួលបានព្រះបន្ទូលរបស់ខ្ញុំនៅក្នុងរបៀបមួយដែលត្រឹមត្រូវ ហើយមិនយល់ច្រឡំពីបំណងព្រះហឫទ័យរបស់ខ្ញុំទៅចុះ។

ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅក្នុងប្រទេសចិនដីគោក ឬនៅក្នុងពាក្យរបស់ជនរួមជាតិដែលមកពីទីក្រុងហុងកុង និងតៃវ៉ាន់ គេហៅថា «ផ្ទៃក្នុង»។ នៅពេលដែលព្រះជាម្ចាស់បានយាងពីស្ថានសួគ៌ខាងលើមកកាន់ផែនដី គ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬនៅលើផែនដីបានដឹងអំពីការនេះឡើយ ដ្បិតនេះគឺជាអត្ថន័យពិតអំពីព្រះជាម្ចាស់ដែលកំពុងយាងត្រលប់មកវិញនៅក្រោមការលាក់កំបាំង។ ទ្រង់បានកំពុងតែធ្វើការ និងរស់នៅក្នុងសាច់ឈាមអស់រយៈពេលយ៉ាងយូរ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងឡើយ។ សូម្បីតែមកដល់ពេលបច្ចុប្បន្ននេះ ក៏គ្មាននរណាម្នាក់ដឹងអំពីការនេះដែរ។ ប្រហែលការនេះនឹងបន្តជាពាក្យបណ្ដៅដ៏អស់កល្បជានិច្ច។ ការយាងមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនៅលើកនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចដឹងនោះឡើយ។ មិនថាកិច្ចការរបស់ព្រះវិញ្ញាណមានការជះឥទ្ធិពលនៅកម្រិតធំធេង និងខ្លាំងអស្ចារ្យយ៉ាងណានោះឡើយ ក៏ព្រះជាម្ចាស់នៅតែមិនភ្ញាក់ផ្អើល ហើយមិនបើកសម្ដែងពីសេចក្តីលាក់កំបាំងដដែល។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ គឺជាកិច្ចការមួយដូចទៅនឹងកិច្ចការដែលកំពុងតែកើតឡើងនៅក្នុងពិភពស្ថានសួគ៌អ៊ីចឹងដែរ។ ទោះបីកិច្ចការនេះស្ដែងចេញឱ្យមនុស្សទាំងអស់ដែលមានភ្នែកមើលឃើញក៏ដោយ ក៏គ្មាននរណាម្នាក់ដឹងអំពីកិច្ចការនេះដែរ។ នៅពេលដែលព្រះជាម្ចាស់បញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ នោះមនុស្សលោកទាំងអស់នឹងលែងមានចិត្តគំនិតធម្មតា[៤] ហើយភ្ញាក់ឡើងពីសុបិនដ៏យូររបស់គេ។ ខ្ញុំនឹកចាំថា ព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា «ការយាងមកនៅក្នុងសាច់ឈាមលើកនេះ គឺដូចជាការធ្លាក់ចូលទៅក្នុងរូងខ្លាអ៊ីចឹង។» អត្ថន័យនៃឃ្លានេះគឺថា ដោយសារតែនៅក្នុងកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើលើកនេះ ព្រះអង្គត្រូវយាងចូលក្នុងសាច់ឈាម លើសពីនេះ ទ្រង់ត្រូវប្រសូតនៅក្នុងទីកន្លែងរស់នៅរបស់នាគដ៏ធំមានសម្បុរក្រហម ហើយលើសពីនេះទៀតនោះគឺ តាមរយៈការយាងមកកាន់ផែនដីនៅលើកនេះ ទ្រង់ត្រូវប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំងបំផុត។ អ្វីដែលទ្រង់ត្រូវប្រឈម គឺជាកាំបិត និងកាំភ្លើង ព្រមទាំងដំបង និងព្រនង់។ អ្វីដែលទ្រង់ត្រូវប្រឈម គឺជាសេចក្តីល្បួង ព្រមទាំងបណ្ដាជនដែលមានទឹកមុខពេញដោយបំណងធ្វើឃាត។ ទ្រង់ត្រូវរងហានិភ័យក្នុងការត្រូវឱ្យគេសម្លាប់នៅគ្រប់ពេលវេលា។ ព្រះជាម្ចាស់បានយាងមកដោយនាំយកនូវសេចក្ដីក្រោធមកជាមួយទ្រង់។ ទោះបីជាយ៉ាងណា ទ្រង់បានយាងមក ដើម្បីធ្វើកិច្ចការនៃការប្រោសឱ្យគ្រប់លក្ខណ៍ ដែលអាចនិយាយបានថា ទ្រង់បានយាងមក ដើម្បីធ្វើផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់ដែលបន្តពីកិច្ចការនៃការប្រោសលោះ។ សម្រាប់ជាប្រយោជន៍ដល់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានមានព្រះតម្រិះ និងយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ហើយទ្រង់កំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចៀសផុតពីការវាយប្រហារនៃសេចក្តីល្បួង បន្ទាបខ្លួនគ្របបាំងអង្គទ្រង់ ហើយមិនដែលសម្ញែងអត្តសញ្ញាណរបស់ទ្រង់ឡើយ។ ដើម្បីសង្រ្គោះមនុស្សពីឈើឆ្កាង ព្រះយេស៊ូវកំពុងតែបញ្ចប់កិច្ចការនៃការប្រោសលោះតែប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងធ្វើកិច្ចការនៃការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ មានតែពាក់កណ្ដាលនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលត្រូវបានសម្រេច ហើយព្រះអង្គបានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់តែពាក់កណ្ដាលនៃផែនការទាំងមូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលដែលយុគសម័យថ្មីរៀបនឹងចាប់ផ្ដើម ហើយយុគសម័យចាស់រៀបនឹងដកថយ ព្រះវរបិតាដ៏ជាព្រះបានចាប់ផ្ដើមមានព្រះតម្រិះគិតគូរអំពីផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់ និងធ្វើការរៀបចំសម្រាប់កិច្ចការនេះ។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយលើកនេះ មិនត្រូវបានថ្លែងទំនាយទុកច្បាស់ៗកាលអតីតកាលឡើយ ដូច្នេះ វាបង្កើតឱ្យមានភាពសម្ងាត់កាន់តែច្រើន ពាក់ព័ន្ធនឹងការយាងមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមលើកនេះ។ នៅពេលថ្ងៃរះស្រាងៗ ទាំងមហាជនមិនបានដឹង ព្រះជាម្ចាស់បានយាងមកកាន់ផែនដី ហើយចាប់ផ្ដើមព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមិនបានដឹងអំពីការយាងមកនៅលើកនេះឡើយ។ ប្រហែល ពួកគេគ្រប់គ្នាកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់។ ប្រហែលមនុស្សជាច្រើនដែលភ្ញាក់ដឹងខ្លួននោះកំពុងតែរង់ចាំ ហើយប្រហែលមនុស្សជាច្រើនកំពុងតែអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ ប៉ុន្តែ នៅក្នុងចំណោមមនុស្សទាំងអស់នេះ គ្មានមនុស្សណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងមកដល់ផែនដីរួចហើយនោះឡើយ។ ព្រះជាម្ចាស់បានធ្វើការបែបនេះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ឱ្យកាន់តែរលូន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ ហើយក៏ដើម្បីទប់ស្កាត់សេចក្តីល្បួងកាន់តែច្រើនផងដែរ។ នៅពេលដែលមនុស្សភ្ញាក់ពីដំណេកដ៏ស្កប់ស្កប់របស់ខ្លួន នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់តាំងពីយូរ ហើយទ្រង់នឹងចាកចេញទៅ ដោយបានបញ្ចប់ការត្រាច់ចរចុះឡើង និងការស្នាក់នៅបណ្ដោះអាសន្នរបស់ទ្រង់នៅលើផែនដី។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តម្រូវឱ្យទ្រង់ធ្វើកិច្ចការ និងមានបន្ទូលនៅក្នុងអង្គរបស់ទ្រង់ផ្ទាល់ ហើយដោយសារតែមនុស្សគ្មានផ្លូវក្នុងការជ្រៀតជ្រែក នោះព្រះជាម្ចាស់បានរងទុក្ខវេទនាយ៉ាងខ្លាំង ដើម្បីយាងមកកាន់ផែនដីក្នុងការធ្វើកិច្ចការដោយអង្គទ្រង់ផ្ទាល់។ មនុស្សមិនអាចឈរជំនួសឱ្យកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ដោយហេតុផលនេះ ព្រះជាម្ចាស់បានហ៊ានប្រថុយនឹងគ្រោះថ្នាក់រាប់សិបពាន់ដងខ្លាំងជាងគ្រោះថ្នាក់ដែលកើតមាននៅក្នុងយុគសម័យនៃព្រះគុណទៅទៀត ដើម្បីយាងចុះមកកាន់ទឹកដីមួយ ដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ដោយមានព្រះតម្រិះ និងយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងការប្រោសលោះមនុស្សដ៏លិចលង់មួយក្រុមនេះ ដែលបានផុងខ្លួននៅក្នុងពំនូកលាមកសត្វ។ ទោះបីគ្មាននរណាម្នាក់ដឹងអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់មិនខ្វល់ឡើយ ដោយសារតែការនេះផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការរបស់ទ្រង់។ ដោយសារតែមនុស្សគ្រប់គ្នាមានចរិតសាហាវយង់ឃ្នង និងអាក្រក់យ៉ាងខ្លាំង តើពួកគេនឹងអត់ទ្រាំចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ដោយរបៀបណាទៅ? នេះជាហេតុផលដែលនាំឱ្យព្រះជាម្ចាស់រក្សានូវភាពស្ងៀមស្ងាត់ ពេលយាងមកលើផែនដី។ ទោះបីមនុស្សបានលិចលង់នៅក្នុងភាពឃោរឃៅជ្រុលបំផុតបែបណា ក៏ព្រះជាម្ចាស់មិនខ្វល់ព្រះទ័យនឹងពួកគេដែរ ប៉ុន្តែទ្រង់គ្រាន់តែបន្តធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ដើម្បីទៅសម្រេចបញ្ជាបេសកកម្មដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ទ្រង់តែប៉ុណ្ណោះ។ នៅក្នុងចំណោមអ្នករាល់គ្នា តើមាននរណាខ្លះដែលបានស្គាល់ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់? តើនរណាខ្លះដែលបង្ហាញការគិតគូរពិចារណាទៅលើបន្ទុករបស់ព្រះវរបិតាដ៏ជាព្រះ ខ្លាំងជាងព្រះបុត្រារបស់ទ្រង់? តើនរណាអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ? ព្រះវិញ្ញាណរបស់ព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌មានកង្វល់ជាញឹកញាប់ ហើយព្រះបុត្រារបស់ទ្រង់នៅលើផែនដីអធិស្ឋានគ្រប់ពេលសម្រាប់ជាប្រយោជន៍នៃបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ដោយខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ទ្រង់គ្រប់ពេល។ តើមាននរណាម្នាក់ដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាដ៏ជាព្រះដែលមានចំពោះព្រះបុត្រារបស់ទ្រង់ដែរឬទេ? តើមាននរណាម្នាក់ដឹងអំពីដួងព្រះហឫទ័យរបស់ព្រះបុត្រាស្ងួនភ្ញា ដែលនឹករឭកដល់ព្រះវរបិតាដ៏ជាព្រះដែរឬទេ? ដោយស្ថិតនៅចន្លោះរវាងស្ថានសួគ៌ និងផែនដី ព្រះទាំងពីរអង្គកំពុងតែសម្លឹងទៅកាន់គ្នាទៅវិញទៅមកពីចម្ងាយ ដោយតាមដានគ្នាទៅវិញទៅមកនៅក្នុងព្រះវិញ្ញាណ។ ឱ មនុស្សលោកអើយ! តើពេលណាទៅទើបអ្នកចេះគិតគូរអំពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើពេលណាទៅទើបអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ព្រះវរបិតា និងព្រះរាជបុត្រាតែងតែពឹងអាងគ្នាទៅវិញទៅមក។ ចុះហេតុអ្វីបានជាពួកទ្រង់គួរតែនៅដាច់ចេញពីគ្នា ដែលម្នាក់គង់នៅស្ថានសួគ៌ ហើយម្នាក់ទៀតគង់នៅលើផែនដីដូច្នេះ? ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រារបស់ទ្រង់ ដូចព្រះរាជបុត្រាដែលស្រឡាញ់ព្រះវរបិតារបស់ទ្រង់អ៊ីចឹងដែរ។ ចុះហេតុអ្វីបានជាព្រះវរបិតាត្រូវទន្ទឹងរង់ចាំផ្លូវរបស់ព្រះរាជបុត្រា ទាំងព្រះទ័យឈឺចាប់ និងជ្រាលជ្រៅបែបនេះ? ពួកទ្រង់ប្រហែលមិនបានដាច់ចេញពីគ្នាយូរមែន ប៉ុន្តែ តើនរណាដឹងទៅថា មានពេលប៉ុន្មានថ្ងៃ ប៉ុន្មានយប់ដែលព្រះវរបិតាបានទន្ទឹងរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ទាំងព្រះទ័យឈឺចាប់ និងអន្ទះសានោះ? ទ្រង់ឃ្លាំមើល ទ្រង់គង់យ៉ាងស្ងាត់ស្ងៀម ហើយទ្រង់រង់ចាំ ប៉ុន្តែទ្រង់មិនអាចធ្វើអ្វីមួយ ដើម្បីឱ្យព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់វិលត្រលប់មកវិញក្នុងពេលឆាប់ៗបានឡើយ។ ព្រះរាជបុត្រាដែលបានធ្វើដំណើរដល់ចុងបំផុតនៃផែនដី៖ តើពេលណាទៅទើបពួកទ្រង់ជួបជុំគ្នាវិញ? ទោះបីថ្ងៃមួយទ្រង់ជួបជុំគ្នា ជាពេលពួកទ្រង់នឹងនៅជុំគ្នាអស់កល្បជានិច្ចក៏ដោយ តើទ្រង់អាចស៊ូទ្រាំនឹងការដាច់ចេញពីគ្នារាប់ពាន់ថ្ងៃយប់ ដែលម្នាក់នៅស្ថានសួគ៌ ហើយម្នាក់ទៀតនៅលើផែនដីយ៉ាងដូចម្ដេចទៅ? ប៉ុន្មានទសវត្សរ៍នៅលើផែនដីមានអារម្មណ៍ដូចជារាប់សហស្សវត្សរ៍នៅស្ថានសួគ៌។ តើព្រះវរបិតាដ៏ជាព្រះមិនមានអារម្មណ៍ខ្វល់ខ្វាយម្ដេចកើតទៅ? នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ដូចជាមនុស្សដែរ គឺព្រះអង្គក៏ត្រូវឆ្លងកាត់នូវបទពិសោធឡើងចុះរាប់មិនអស់នៅពិភពមនុស្ស។ ព្រះជាម្ចាស់គ្មានកំហុសឡើយ ចុះហេតុអ្វីបានជាទ្រង់ត្រូវមករងទុក្ខវេទនាដូចមនុស្សបែបនេះ? ពិតណាស់ ព្រះវរបិតាមានព្រះទ័យអន្ទះសាយ៉ាងខ្លាំងចំពោះព្រះរាជបុត្រារបស់ទ្រង់ តើនរណាអាចយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅ? ព្រះជាម្ចាស់ប្រទានដល់មនុស្សច្រើនពេកហើយ តើមនុស្សអាចតបស្នងសងគុណចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចម្ដេចទៅ? ប៉ុន្តែ មនុស្សតបស្នងដល់ព្រះជាម្ចាស់វិញតិចតួចណាស់ បើបែបនេះ តើឱ្យព្រះជាម្ចាស់មិនខ្វល់ព្រះទ័យយ៉ាងម្ដេចកើតទៅ?

កម្រមាននរណាម្នាក់នៅក្នុងចំណោមមនុស្សដែលយល់ពីភាពបន្ទាន់នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ណាស់ ដោយសារតែគុណសម្បត្តិរបស់មនុស្សលោកមានលក្ខណៈអន់ពេក ហើយវិញ្ញាណរបស់គេក៏ស្ពឹកស្រពន់ដែរ ដូច្នេះ ពួកគេទាំងអស់មិនខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើឡើយ។ ដោយហេតុផលនេះ ព្រះជាម្ចាស់តែងតែមានព្រះទ័យខ្វល់ខ្វាយចំពោះមនុស្ស ហាក់បីដូចជាធម្មជាតិដ៏ថោកទាបរបស់មនុស្សអាចផ្ទុះឡើងបានគ្រប់ពេលដូច្នោះដែរ។ ចេញពីការនេះ មនុស្សអាចមើលឃើញកាន់តែច្បាស់ថា ការយាងមកកាន់ផែនដីរបស់ព្រះជាម្ចាស់ ត្រូវអមមកជាមួយសេចក្តីល្បួងធំៗជាច្រើន។ ប៉ុន្តែ សម្រាប់ជាប្រយោជន៍នៃការធ្វើឱ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់ដែលពេញដោយសិរីល្អបានប្រាប់មនុស្សអំពីគ្រប់ទាំងបំណងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការលាក់បាំងអ្វីមួយពីគេឡើយ។ ទ្រង់បានតាំងព្រះទ័យយ៉ាងមុតមាំក្នុងការប្រោសមនុស្សមួយក្រុមនេះឱ្យគ្រប់លក្ខណ៍ ហើយទោះបីទ្រង់ត្រូវជួបទុក្ខលំបាក ឬសេចក្តីល្បួងបែបណាក៏ដោយ ក៏ព្រះអង្គបែរព្រះភ័ក្ត្រចេញ ហើយព្រងើយកន្ដើយចំពោះវាទាំងអស់។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់ដោយស្ងប់ស្ងៀម ទាំងជឿជាក់យ៉ាងមុតមាំថា នាថ្ងៃមួយ នៅពេលដែលព្រះជាម្ចាស់យាងមក ទាំងពេញដោយសិរីល្អរបស់ទ្រង់ នោះមនុស្សនឹងស្គាល់ទ្រង់ ហើយទ្រង់ជឿទៀតថា នៅពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នោះពួកគេនឹងយល់ទាំងស្រុងអំពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ប្រហែលមានមនុស្សដែលកំពុងតែល្បងលព្រះជាម្ចាស់ យល់ច្រឡំ ឬស្ដីបន្ទោសព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះរឿងទាំងនេះឡើយ។ នៅពេលដែលព្រះជាម្ចាស់យាងចុះមក ទាំងប្រកបដោយសិរីល្អ នោះមនុស្សទាំងអស់នឹងយល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសុខរបស់មនុស្សលោក ហើយពួកគេទាំងអស់នឹងយល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីឱ្យមនុស្សលោកអាចរស់នៅកាន់តែប្រសើរ។ ព្រះជាម្ចាស់យាងមក ដោយនាំមកនូវសេចក្តីល្បួង ហើយទ្រង់ក៏យាងមក ទាំងនាំមកនូវឫទ្ធានុភាព និងសេចក្ដីក្រោធផងដែរ។ នៅគ្រាដែលព្រះជាម្ចាស់ចាកចេញពីមនុស្ស ទ្រង់យាងចូលមកទាំងពេញដោយសិរីល្អរបស់ទ្រង់ជាយូរណាស់មកហើយ ហើយទ្រង់ចាកចេញទៅទាំងពេញដោយសិរីល្អ និងជាមួយសេចក្តីអំណរនៃការវិលត្រលប់មកវិញ។ ព្រះជាម្ចាស់ដែលធ្វើការនៅលើផែនដីមិនបានខ្វល់ខ្វាយសោះឡើយ ទោះបីជាមនុស្សបដិសេធទ្រង់បែបណាក៏ដោយ។ ទ្រង់គ្រាន់តែបន្តធ្វើកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ការបង្កើតពិភពលោករបស់ព្រះជាម្ចាស់កើតឡើងរាប់ពាន់ឆ្នាំមុន។ ទ្រង់បានយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់ ហើយទ្រង់បានដកពិសោធន៍យ៉ាងពេញពោរនូវការបដិសេធ និងការមួលបង្កាច់នៅពិភពមនុស្សលោក។ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ព្រះជាម្ចាស់ឡើយ គឺទ្រង់មិនត្រូវបានគេស្វាគមន៍យ៉ាងកក់ក្ដៅឡើយ។ នៅក្នុងដំណើរផ្លូវដ៏លំបាកជាច្រើនពាន់ឆ្នាំមកនេះ ការប្រព្រឹត្តរបស់មនុស្សបានធ្វើឱ្យព្រះជាម្ចាស់រងរបួសតាំងពីយូរណាស់មកហើយ។ ទ្រង់លែងខ្វល់ព្រះទ័យចំពោះការបះបោររបស់មនុស្ស ប៉ុន្តែទ្រង់បានធ្វើផែនការមួយទៀត ដើម្បីបំផ្លាស់បំប្រែ និងប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍វិញ។ ការចំអកមើលងាយ ការនិយាយមួលបង្កាច់ ការបៀតបៀន ទុក្ខលំបាក ទុក្ខវេទនានៃការជាប់ឆ្កាង ការបដិសេធរបស់មនុស្ស ។ល។ ដែលព្រះជាម្ចាស់បានជួប តាំងពីយាងចូលក្នុងសាច់ឈាម៖ ព្រះជាម្ចាស់បានភ្លក់គ្រប់រសជាតិ ហើយចំពោះទុក្ខលំបាកនៃពិភពរបស់មនុស្ស ព្រះជាម្ចាស់ដែលបានយាងមកក្នុងសាច់ឈាម បានជួបគ្រប់បញ្ហាទាំងអស់នេះយ៉ាងពេញពោរ។ ព្រះវិញ្ញាណរបស់ព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌ បានទតឃើញសា្ថនភាពដែលមិនអាចអត់ទ្រាំបាននេះតាំងពីយូរមកហើយ ដោយបានបែរព្រះសិរសាទ្រង់ចេញ បិទព្រះនេត្រ ហើយរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់។ អ្វីដែលទ្រង់ប្រាថ្នាចង់បាននោះគឺចង់ឱ្យមនុស្សលោកស្ដាប់ និងធ្វើតាមទ្រង់ ហើយអាចមានអារម្មណ៍ដឹងអំពីភាពអាម៉ាស់ដ៏ខ្លាំងបំផុតនៅចំពោះសាច់ឈាមរបស់ទ្រង់ ព្រមទាំងចង់ឱ្យពួកគេឈប់បះបោរប្រឆាំងនឹងទ្រង់។ អ្វីដែលទ្រង់ចង់បានគឺឱ្យមនុស្សលោកជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គលែងទាមទារថែមទៀតពីមនុស្សតាំងពីយូរមកហើយ ដោយសារតែព្រះជាម្ចាស់បានបង់ថ្លៃយ៉ាងខ្ពស់ ប៉ុន្តែមនុស្សបែរជាកំពុងសម្រាកយ៉ាងស្រួល[៥] ហើយថែមទាំងមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។

ទោះបីសេចក្តីដែលខ្ញុំកំពុងតែមានបន្ទូលអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ អាចមានផ្ទុកនូវសេចក្តី «មិនទំនងគ្មានមូលដ្ឋាន»[៦] ជាច្រើនក៏ដោយ ក៏វាមានភាពទាក់ទងយ៉ាងជ្រាលជ្រៅសម្រាប់ការចូលទៅក្នុងរបស់មនុស្សដែរ។ ខ្ញុំគ្រាន់តែមានបន្ទូលខ្លះអំពីកិច្ចការ ហើយខ្លះទៀតអំពីការចូលទៅក្នុងប៉ុណ្ណោះ ប៉ុន្តែទិដ្ឋភាពទាំងពីរនេះមានតម្លៃស្មើគ្នា ហើយនៅពេលដែលច្របាច់បញ្ចូលគ្នា ចំណុចទាំងពីរនេះកាន់តែមានប្រយោជន៍ចំពោះជីវិតរបស់មនុស្ស។ ទិដ្ឋភាពទាំងពីរនេះជួយបំពេញឱ្យគ្នាទៅវិញទៅមក[៧] ហើយពិតជាមានប្រយោជន៍យ៉ាងខ្លាំង ដ្បិតវាជួយឱ្យមនុស្សយល់កាន់តែប្រសើរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជួយដល់ការប្រាស្រ័យទាក់ទងរវាងមនុស្ស និងព្រះជាម្ចាស់។ តាមរយៈមេរៀនអំពីកិច្ចការនៅថ្ងៃនេះ ទំនាក់ទំនងរបស់មនុស្សលោកជាមួយព្រះជាម្ចាស់ ត្រូវបានប្រសើរឡើងជាងមុន ការយល់ដឹងអំពីគ្នាកាន់តែស៊ីជម្រៅ ហើយមនុស្សអាចគិតគូរពិចារណា និងយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើបន្ទុករបស់ព្រះជាម្ចាស់។ មនុស្សអាចចាប់ផ្ដើមយល់អារម្មណ៍របស់ព្រះជាម្ចាស់ កាន់តែមានទំនុកចិត្តថា គេនឹងត្រូវបានបំផ្លាស់បំប្រែដោយព្រះជាម្ចាស់ ហើយរង់ចាំការលេចមកជាថ្មីរបស់ព្រះជាម្ចាស់។ នេះគឺជាការទាមទារចង់បានតែមួយគត់ដែលព្រះជាម្ចាស់មានចំពោះមនុស្សនាពេលសព្វថ្ងៃ គឺត្រូវរស់នៅស្របតាមរូបកាយរបស់មនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ ដើម្បីឱ្យពន្លឺដ៏ចាំងចែងនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នឹងជះឡើងនៅក្នុងយុគសម័យនៃភាពងងឹត ហើយក៏ដើម្បីឱ្យការរស់នៅរបស់មនុស្សអាចបន្សល់ទុកនូវទំព័រដ៏ភ្លឺចាំងចែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដោយជះពន្លឺជារៀងរហូតនៅទិសខាងកើតនៃពិភពលោក ទាក់ទាញចំណាប់អារម្មណ៍ពីពិភពលោក និងទទួលបានការកោតសរសើរពីមនុស្សទាំងអស់។ កាន់តែប្រាកដច្បាស់បំផុតនោះគឺថា នេះជាការចូលទៅក្នុងកាន់តែប្រសើរសម្រាប់អស់អ្នកដែលស្ថិតនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលស្រឡាញ់ព្រះជាម្ចាស់។

លេខយោង៖

(១) «កំពុងតែពត់ដៃពត់ជើង ដើម្បីត្រៀមខ្លួនប្រយុទ្ធ» ត្រូវបានប្រើជាន័យចំអក។

(២) «ភាពខុសប្រក្រតី» មានន័យថា ការចូលទៅក្នុងរបស់មនុស្សគឺខុសពីធម្មតា ហើយគេមានបទពិសោធតែម្ខាងប៉ុណ្ណោះ។

(៣) «ផ្លូវទ័ល» មានន័យថា ផ្លូវដែលមនុស្សកំពុងតែដើរនោះ ផ្ទុយពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

(៤) «លែងមានចិត្តគំនិតធម្មតា» សំដៅទៅលើរបៀបដែលសញ្ញាណ និងទស្សនៈរបស់មនុស្សអំពីព្រះជាម្ចាស់មានការផ្លាស់ប្ដូរ នៅពេលដែលពួកគេបានចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។

(៥) «សម្រាកយ៉ាងស្រួល» មានន័យថា មនុស្សមិនអើពើអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនឱ្យតម្លៃសំខាន់ទៅលើកិច្ចការរបស់ទ្រង់។

(៦) «មិនទំនងគ្មានមូលដ្ឋាន» មានន័យថា មនុស្សគ្មានសមត្ថភាពអាចយល់អំពីមូលដ្ឋាននៃព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង ហើយក៏គ្មានគំនិតចង់យល់អំពីអ្វីដែលព្រះជាម្ចាស់កំពុងតែមានបន្ទូលដែរ។ ឃ្លានេះត្រូវបានប្រើក្នុងន័យចំអក។

(៧) «បំពេញឱ្យគ្នាទៅវិញទៅមក» មានន័យថា ការច្របាច់បញ្ចូល «កិច្ចការ» និង «ការចូល» នៅក្នុងការប្រកបគ្នា នឹងកាន់តែមានអត្ថប្រយោជន៍ដល់ចំណេះដឹងរបស់យើងអំពីព្រះជាម្ចាស់។

ខាង​ដើម៖ កិច្ចការ និងច្រកចូល (៣)

បន្ទាប់៖ កិច្ចការ និងច្រកចូល (៥)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ