ចូរត្រៀមអំពើល្អទុកឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅរបស់អ្នក
ប្រាកដណាស់ ខ្ញុំបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា និងបាននិយាយពាក្យពេចន៍មួយចំនួនផងដែរ។ តែទោះយ៉ាងនេះក្ដី ខ្ញុំមិនអាចជួយឱ្យមានអារម្មណ៍ថាបន្ទូលនិងកិច្ចការរបស់ខ្ញុំ មិនបានបំពេញបំណងនៃកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយនេះទាំងស្រុងឡើយ។ សម្រាប់គ្រាចុងក្រោយនេះ កិច្ចការរបស់ខ្ញុំគឺមិនមែនសម្រាប់ជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ឬមនុស្សមួយចំនួននោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីនិស្ស័យរបស់ខ្ញុំវិញ។ ប៉ុន្តែ ដោយសារហេតុផលដ៏ច្រើនអនេក ប្រហែលដោយសារតែការខ្វះពេលវេលា ឬមមាញឹកនឹងការងារខ្លាំងពេក មនុស្សមិនបានស្គាល់ខ្ញុំតាមរយៈនិស្ស័យរបស់ខ្ញុំនោះទេ។ ដូច្នេះខ្ញុំចាប់ផ្ដើមផែនការថ្មីរបស់ខ្ញុំ ដែលជាកិច្ចការចុងក្រោយរបស់ខ្ញុំ ហើយបើកទំព័រថ្មីនៅក្នុងកិច្ចការរបស់ខ្ញុំ ដើម្បីឱ្យអស់អ្នកដែលឃើញខ្ញុំ ពួកគេនឹងញាប់ញ័រដួងចិត្ត ស្រក់ទឹកភ្នែក និងស្រែកយំឥតឈប់ឈរចំពោះអត្ថិភាពរបស់ខ្ញុំ។ នេះក៏ព្រោះតែខ្ញុំនាំមកឱ្យពិភពលោកនូវទីបញ្ចប់របស់មនុស្សជាតិហើយចាប់ពីពេលនេះតទៅ ខ្ញុំលាតត្រដាងនិស្ស័យទាំងមូលរបស់ខ្ញុំ ចំពោះមុខមនុស្សជាតិ ដើម្បីឱ្យអស់អ្នកដែលស្គាល់ខ្ញុំ និងអស់អ្នកដែលមិនស្គាល់ អាចសប្បាយភ្នែកដែលឃើញថា ខ្ញុំពិតជាបានមកកាន់ពិភពមនុស្ស គឺបានមកកាន់ផែនដី ជាកន្លែងដែលអ្វីៗគ្រប់យ៉ាងពហុគុណឡើង។ នេះជាផែនការរបស់ខ្ញុំ និងជា «ការសារភាព» តែមួយគត់របស់ខ្ញុំ ចាប់តាំងពីពេលដែលខ្ញុំបង្កើតមនុស្សជាតិមក។ សូមឱ្យអ្នករាល់គ្នាយកចិត្តទុកដាក់ទាំងស្រុងចំពោះរាល់ចលនារបស់ខ្ញុំ ដ្បិតដំបងរបស់ខ្ញុំសង្កត់ជិតដល់មនុស្សជាតិម្ដងទៀតហើយ គឺជិតដល់អស់អ្នកដែលប្រឆាំងនឹងខ្ញុំ។
ខ្ញុំចាប់ផ្តើមកិច្ចការដែលខ្ញុំត្រូវធ្វើរួមជាមួយស្ថានសួគ៌។ ដូច្នេះហើយ បានជាខ្ញុំប្រជ្រៀតផ្លូវទៅមុខឆ្លងកាត់ហ្វូងមនុស្សច្រើនតំណ ហើយធ្វើដំណើរចុះឡើងរវាងស្ថានសួគ៌និងផែនដី ដោយគ្មាននរណាម្នាក់ដឹងពីចលនារបស់ខ្ញុំ ឬក៏ចាប់អារម្មណ៍អំពីបន្ទូលរបស់ខ្ញុំឡើយ។ ហេតុដូចនេះ ផែនការរបស់ខ្ញុំនៅតែបន្តជឿនលឿនទៅមុខដោយរលូន។ វាគ្រាន់តែថា ញាណទាំងអស់របស់អ្នករាល់គ្នាបានប្រែទៅជាស្ពឹកខ្លាំងរហូតដល់ថ្នាក់មិនចាប់ភ្លឹកនឹងជំហាននៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែ ប្រាកដជានឹងមានថ្ងៃមួយដែលអ្នករាល់គ្នានឹងដឹងពីចេតនារបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំរស់នៅរួមជាមួយអ្នករាល់គ្នា និងរងទុក្ខរួមជាមួយអ្នករាល់គ្នា ហើយខ្ញុំបានយល់ដឹងតាំងពីយូរយារមកហើយអំពីអាកប្បកិរិយាដែលមនុស្សជាតិមានចំពោះខ្ញុំ។ ខ្ញុំមិនចង់និយាយពីរឿងនេះបន្ថែមទៀតទេ ហើយខ្ញុំពិតជាមិនចង់ធ្វើឱ្យអ្នករាល់គ្នាអាម៉ាស់មុខ តាមរយៈការលើកយកឧទាហរណ៍បន្ថែមទៀត អំពីប្រធានបទដ៏ឈឺចាប់នេះមកនិយាយឡើយ។ ខ្ញុំសង្ឃឹមតែម្យ៉ាងគត់ថា អ្នករាល់គ្នាចងចាំទុកក្នុងចិត្ត នូវអ្វីៗទាំងអស់ដែលខ្លួនបានធ្វើ ដើម្បីឱ្យយើងទាំងអស់គ្នាអាចបញ្ចូលរឿងរ៉ាវរបស់ខ្លួនជាមួយគ្នានៅថ្ងៃដែលយើងទាំងអស់គ្នាជួបគ្នាម្តងទៀត។ ខ្ញុំមិនចង់ចោទប្រកាន់ខុសទៅលើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ដ្បិតខ្ញុំតែងតែប្រព្រឹត្ដដោយយុត្ដិធម៌ មិនលំអៀង និងប្រកបដោយកិត្ដិយស។ ពិតមែនហើយ ខ្ញុំក៏សង្ឃឹមដែរថា អ្នករាល់គ្នាអាចទៀងត្រង់ ហើយមិនធ្វើអ្វីដែលប្រឆាំងនឹងស្ថានសួគ៌ និងផែនដី ឬមនសិការផ្ទាល់ខ្លួនឡើយ។ នេះជាបញ្ហាតែមួយគត់ដែលខ្ញុំសួរអំពីអ្នករាល់គ្នា។ មនុស្សជាច្រើនមានអារម្មណ៍រសាប់រសល់ និងងាយឈឺចាប់ ព្រោះពួកគេបានប្រព្រឹត្តខុសធ្ងន់ធ្ងរពេក ហើយមនុស្សជាច្រើនមានអារម្មណ៍ខ្មាសខ្លួនឯង ពីព្រោះពួកគេមិនធ្លាប់ធ្វើអំពើល្អអ្វីមួយសោះ។ តែទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើនដែលគ្មានអារម្មណ៍អាម៉ាស់មុខចំពោះអំពើបាបរបស់ខ្លួនដែរ ដោយប្រែក្លាយពីអាក្រក់ទៅជាកាន់តែអាក្រក់ ដោយហែកចេញអស់របាំងមុខដែលបិទបាំងលក្ខណៈគួរឱ្យខ្ពើមរបស់ពួកគេដែលមិនទាន់ត្រូវបានលាតត្រដាងពេញលេញដើម្បីសាកល្បងនិស្ស័យរបស់ខ្ញុំ។ ខ្ញុំមិនខ្វល់ និងមិនយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើដូចជា ប្រមូលព័ត៌មាន ឬធ្វើដំណើរជុំវិញផែនដី ឬធ្វើអ្វីមួយដែលខ្ញុំចាប់អារម្មណ៍។ នៅសម័យកាលដែលសំខាន់ៗ ខ្ញុំបន្តធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស តាមផែនការដូចដើម មិនយឺតពេក ហើយក៏មិនឆាប់ពេក និងដោយងាយស្រួល ព្រមទាំងមានប្រសិទ្ធភាពលឿន។ ទោះយ៉ាងណាក៏ដោយនៅរាល់ជំហាននៃកិច្ចការរបស់ខ្ញុំ អ្នកខ្លះត្រូវបានបោះចោលទៅម្ខាង ដ្បិតខ្ញុំស្អប់ការបញ្ជោររបស់ពួកគេ និងការស្ដាប់បង្គាប់ក្លែងក្លាយរបស់ពួកគេ។ អ្នកទាំងនោះដែលគួរឱ្យស្អប់ខ្ពើមចំពោះខ្ញុំ ប្រាកដជានឹងត្រូវបានបោះបង់ចោល ទោះមានចេតនា ឬអចេតនាក៏ដោយ។ សរុបសេចក្ដីមក ខ្ញុំចង់ឱ្យអ្នកដែលខ្ញុំស្អប់នៅឆ្ងាយពីខ្ញុំ។ មិនចាំបាច់និយាយទេ ខ្ញុំនឹងមិនប្រណីដល់មនុស្សអាក្រក់ ដែលបន្តនៅក្នុងដំណាក់របស់ខ្ញុំឡើយ។ ដោយសារតែថ្ងៃដាក់ទោសមនុស្សជិតមកដល់ហើយ នោះខ្ញុំមិនបាច់ប្រញាប់បណ្ដេញអស់អ្នកដែលគួរឱ្យស្អប់ទាំងនោះចេញពីផ្ទះរបស់ខ្ញុំទេ ដ្បិតខ្ញុំមានផែនការផ្ទាល់ខ្លួនខ្ញុំហើយ។
ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់ពីលទ្ធផលសម្រាប់មនុស្សម្នាក់ៗហើយ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ ដំណើរនៃការដើរតាមខ្ញុំ ការចាត់ថ្នាក់ជាប់នឹងខ្លួនរបស់ពួកគេ ហើយនិងការសម្ដែងចេញចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានទេ ត្រូវតម្រៀបតាមប្រភេទរបស់ខ្លួន យោងតាមការចាត់តាំងរបស់ខ្ញុំ។ ខ្ញុំកំណត់គោលដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ រឹតតែមិនផ្អែកលើថាតើពួកគេគួរឱ្យអាណិតប៉ុនណានោះទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវតែយល់ថា អស់អ្នកណាដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងត្រូវដាក់ទោសដោយគ្មានការលើកលែងនោះទេ។ នេះគឺជាអ្វីដែលគ្មានមនុស្សណាអាចផ្លាស់ប្តូរបាន។ ហេតុនេះហើយ អស់អ្នកដែលត្រូវដាក់ទោស គឺត្រូវដាក់ទោសដូច្នេះ ដោយសារតែសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់ទង្វើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។ ខ្ញុំមិនបានធ្វើការកែប្រែអ្វីមួយឡើយចំពោះផែនការរបស់ខ្ញុំតាំងពីពេលវាចាប់ផ្ដើមមកម៉្លេះ។ វាគ្រាន់តែថា តាមការគិតរបស់មនុស្ស អ្នកដែលខ្ញុំណែនាំបន្ទូលរបស់ខ្ញុំទាំងអស់នោះ ហាក់ដូចជាកំពុងថយចំនួនចុះ គឺដូចជាអ្នកដែលខ្ញុំពិតជាយល់ព្រម។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅតែរក្សាផែនការរបស់ខ្ញុំមិនឱ្យផ្លាស់ប្តូរដាច់ខាត។ ផ្ទុយទៅវិញ វាគឺជាជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សទេដែលកំពុងតែផ្លាស់ប្តូរជានិច្ច កំពុងតែថយចុះជានិច្ច រហូតដល់កម្រិតដែលវាអាចធ្វើឱ្យមនុស្សម្នាក់ៗបែរចេញពីការលុតក្រាបចំពោះខ្ញុំ ទៅជាព្រងើយកន្តើយចំពោះខ្ញុំ ហើយថែមទាំងបណ្តេញខ្ញុំចេញទៀត។ អាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងមិនក្តៅ ហើយក៏មិនត្រជាក់ដែរ រហូតដល់ខ្ញុំមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំង ទើបទីបំផុតដាក់ចេញនូវការដាក់ទោស។ ទោះយ៉ាងណាក៏ដោយ នៅថ្ងៃដាក់ទោសអ្នករាល់គ្នា ខ្ញុំក៏នឹងនៅតែមើលឃើញអ្នករាល់គ្នាដែរ ប៉ុន្តែអ្នករាល់គ្នានឹងមិនអាចមើលឃើញខ្ញុំទៀតទេ។ ដោយសារតែជីវិតក្នុងចំណោមអ្នករាល់គ្នាបានក្លាយជាគួរឱ្យធុញទ្រាន់ និងល្អក់កករចំពោះខ្ញុំ ដូច្នេះមិនចាំបាច់និយាយអ្វីទេ ខ្ញុំបានជ្រើសរើសកន្លែងផ្សេងទៀតដើម្បីគង់នៅ ដែលល្អប្រសើរជាងមុនដើម្បីចៀសផុតពីការឈឺចាប់ដោយសារពាក្យសំដីព្យាបាទរបស់អ្នករាល់គ្នា និងគេចផុតពីឥរិយាបថដ៏ថោកទាបដែលមិនអាចទ្រាំបានរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាលែងអាចបំភាន់ខ្ញុំ ឬប្រព្រឹត្ដចំពោះខ្ញុំតាមបែបបង្គ្រប់កិច្ចទៀតហើយ។ មុនពេលខ្ញុំចាកចេញពីអ្នករាល់គ្នាខ្ញុំនៅតែត្រូវដាស់តឿនអ្នករាល់គ្នាឱ្យចៀសវាងធ្វើអ្វីមួយដែលមិនស្របតាមសេចក្ដីពិត។ ផ្ទុយទៅវិញ គួរតែធ្វើនូវអ្វីដែលគាប់ចិត្តទាំងអស់គ្នា ដែលផ្ដល់ប្រយោជន៍ដល់ទាំងអស់គ្នា និងដែលមានប្រយោជន៍ដល់ទិសដៅផ្ទាល់ខ្លួនរបស់អ្នក បើមិនដូច្នេះទេ អ្នកដែលរងទុក្ខនៅក្នុងគ្រោះមហន្តរាយ នឹងមិនមែនជានរណាផ្សេងក្រៅពីអ្នកឡើយ។
ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ការដាក់ទោសដែលត្រូវបានដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលទាស់ទទឹងនឹងខ្ញុំ នឹងធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស និងរោគរាតត្បាត ទាំងទួញយំ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ហើយធ្លាប់បានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ក៏នឹងមិនគេចផុតពីការសងចំពោះអំពើបាបរបស់ពួកគេឡើយ។ ពួកគេក៏នឹងធ្លាក់ចូលទៅក្នុងមហន្តរាយ ដែលរាប់លានឆ្នាំកម្រនឹងបានឃើញម្ដង រស់នៅក្នុងសភាពភ័យស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ចំណែកអ្នកដែលបានដើរតាមខ្ញុំដោយភាពស្មោះត្រង់ឥតងាករេ នឹងត្រេកអរ ហើយទះដៃអបអរ សរសើរតម្កើងដល់ព្រះចេស្ដាដ៏មហិមារបស់ខ្ញុំ។ អារម្មណ៍ធូរស្រាល និងក្ដីសុខរបស់ពួកគេ នឹងមិនអាចរកពាក្យថ្លែងបានឡើយ ហើយពួកគេនឹងរស់នៅកណ្ដាលសេចក្ដីអំណរ ដែលខ្ញុំមិនដែលធ្លាប់ប្រទានដល់ពិភពមនុស្សពីមុនមកឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមអំពើអាក្រក់របស់គេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតតែមួយជាមួយខ្ញុំ។ ទន្ទឹមនឹងនេះ អស់អ្នកដែលគ្មានចិត្តគំនិតតែមួយជាមួយខ្ញុំ ខ្ញុំមិនដែលភ្លេចឡើយ។ ខ្ញុំតែងតែស្អប់ពួកគេនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គ្រាន់តែរង់ចាំឱកាសដើម្បីដាក់ទោសពួកគេ ចំពោះអំពើអាក្រក់របស់ពួកគេ ហើយតាមរយៈនោះ ក៏សប្បាយក្នុងការឃើញដូច្នេះ។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!
កិច្ចការចុងក្រោយរបស់ខ្ញុំ គឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំទិសដៅរបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឱ្យមនុស្សទាំងអស់អាចទទួលស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស ក៏មិនមែនធម្មជាតិទេដែលបានបង្កើតមនុស្សជាតិដែរ។ គឺជាខ្ញុំទេដែលចិញ្ចឹមបីបាច់រាល់ភាវៈរស់ទាំងអស់ដែលត្រូវបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខវេទនាដែលបង្កដោយគ្រោះមហន្តរាយជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងជ្រោះស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាការប្រោសលោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងភ្លាមៗ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងមានតែរងភយន្តរាយដ៏បំផ្លិចបំផ្លាញតែប៉ុណ្ណោះ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមបាតជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានតែមនុស្សតិចតួចអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឱ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញ គឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់ខ្លួនឯងផ្ទាល់។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឱ្យល្អ ក្នុងព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។ ក្នុងអំឡុងពេលរងទុក្ខខ្លាំង សកម្មភាព និងអំពើរបស់អ្នករាល់គ្នា មិនត្រូវបានចាត់ទុកថាសមស្របទាំងស្រុងឡើយ ដ្បិតសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាប្រហោងក្នុង ហើយវាគ្រាន់តែបង្ហាញថាអ្នករាល់គ្នាជាមនុស្សកំសាក ឬរឹងមាំប៉ុណ្ណោះ។ ចំពោះបញ្ហានេះ ខ្ញុំនឹងធ្វើការវិនិច្ឆ័យតែទៅលើសេចក្ដីល្អ ឬសេចក្ដីអាក្រក់ប៉ុណ្ណោះ។ ខ្ញុំនៅតែបារម្ភអំពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត និងសម្ដែងអំពីខ្លួនឯង ហើយខ្ញុំនឹងកំណត់ទីបញ្ចប់របស់អ្នករាល់គ្នាដោយផ្អែកលើមូលដ្ឋាននេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់៖ ចំពោះអស់អ្នកដែលមិនបង្ហាញភាពស្មោះត្រង់សូម្បីតែបន្តិចសោះចំពោះខ្ញុំ ក្នុងអំឡុងពេលទុក្ខវេទនា ខ្ញុំនឹងមិនមានសេចក្ដីករុណាទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំមិនចូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំរឹតតែមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះអាចជានរណានោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឱ្យខ្ញុំខូចព្រះហឫទ័យទាំងស្រុង ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត។