ជំពូកទី ៨
ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានលាតត្រដាងទាំងស្រុងនៅក្នុងចក្រវាលទាំងមូល។ ការលេចមករបស់ព្រះជាម្ចាស់មិនគ្រាន់តែត្រូវបានធ្វើបន្ទាល់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ត្រូវបានធ្វើបន្ទាល់នៅគ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងផងដែរ។ ពួកគេគ្រប់គ្នាកំពុងតែស្រែកហៅព្រះនាមដ៏បរិសុទ្ធនេះ ដោយព្យាយាមប្រកបគ្នាជាមួយព្រះជាម្ចាស់តាមមធ្យោបាយណាមួយដែលអាចធ្វើបាន ដោយព្យាយាមចង់យល់ពីព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបម្រើទ្រង់រួមគ្នានៅក្នុងពួកជំនុំ។ នេះហើយជារបៀបដ៏អស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ។
ទោះបីជាភាសានៃជាតិសាសន៍នានាខុសគ្នាយ៉ាងណាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយដែរ។ ព្រះវិញ្ញាណនេះបង្រួបបង្រួមពួកជំនុំនៅទូទាំងចក្រវាល ហើយជាអង្គតែមួយជាមួយព្រះជាម្ចាស់ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្ដិច។ នេះជាអ្វីមួយដែលច្បាស់លាស់គ្មានអ្វីត្រូវឆ្ងល់ឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធអំពាវនាវទៅកាន់ពួកគេ ហើយព្រះសូរសៀងរបស់ទ្រង់ដាស់ពួកគេឱ្យភ្ញាក់ឡើង។ នេះជាព្រះសូរសៀងនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ពួកគេគ្រប់គ្នាកំពុងតែស្រែករកព្រះនាមដ៏បរិសុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា! ពួកគេក៏ថ្វាយការសរសើរតម្កើង និងការច្រៀងផងដែរ។ វាមិនអាចមានការងាកចេញណាមួយនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចម្រើនឡើងតាមផ្លូវដែលត្រឹមត្រូវ ហើយពួកគេមិនងាករេពីឫទ្ធិបាដិហារិយ៍យ៉ាងច្រើនឡើយ។ នេះជាអ្វីមួយដែលមនុស្សពិបាកស្រមើស្រមៃ និងពិបាកវាស់ស្ទង់មើល។
ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាស្ដេចនៃជីវិតនៅក្នុងចក្រវាល! ទ្រង់គង់នៅលើបល្ល័ង្កដែលប្រកបដោយសិរីល្អ និងជំនុំជម្រះពិភពលោក ហើយគ្រប់គ្រងលើអ្វីៗទាំងអស់ ព្រមទាំងសោយរាជ្យលើគ្រប់ប្រជាជាតិ។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ អធិស្ឋានទៅកាន់ទ្រង់ ចូលជិតទ្រង់ ហើយប្រាស្រ័យទាក់ទងជាមួយទ្រង់។ មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណា មិនថាអ្នកមានឋានៈខ្ពស់បែបណា ឬមានអតីតភាពអស្ចារ្យយ៉ាងណាឡើយ ប្រសិនបើអ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកត្រូវទទួលការជំនុំជម្រះ ហើយត្រូវក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដោយបញ្ចេញសម្រែកអង្វរករដ៏ឈឺចាប់មិនខាន។ នេះហើយជាការច្រូតផលពីទង្វើរបស់អ្នកផ្ទាល់នោះ។ សម្រែកទ្រហោយំនេះគឺជាសម្រែកនៃការរងទារុណកម្មនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ហើយវាជាសម្រែកនៃការត្រូវបានវាយផ្ចាល ដោយដំបងដែករបស់ព្រះជាម្ចាស់។ នេះហើយជាការជំនុំជម្រះនៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទនោះ។
មនុស្សខ្លះមានសេចក្តីភ័យខ្លាច អ្នកខ្លះមានមនសិការពិរុទ្ធ អ្នកខ្លះប្រុងប្រយ័ត្ន អ្នកខ្លះស្ដាប់យ៉ាងយកចិត្តទុកដាក់ អ្នកខ្លះប្រែចិត្ត ហើយចាប់ផ្ដើមជាថ្មី ទាំងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង អ្នកខ្លះយំសោកទាំងឈឺចាប់ជូរចត់ អ្នកខ្លះបោះបង់ចោលអ្វីៗទាំងអស់ ហើយស្វែងរកយ៉ាងអន្ទះសា អ្នកខ្លះពិនិត្យពិច័យខ្លួនឯង ហើយលែងហ៊ានធ្វើទង្វើឆ្កួតឡប់តទៅទៀត អ្នកខ្លះស្វះស្វែងចូលទៅជិតព្រះជាម្ចាស់ រីឯអ្នកខ្លះទៀតពិនិត្យមើលមនសិការរបស់ខ្លួន ទាំងសួរថាហេតុអ្វីបានជាជីវិតរបស់ពួកគេមិនអាចចម្រើនឡើងបានដូច្នេះ។ អ្នកខ្លះបន្តនៅក្នុងភក់ជ្រាំ អ្នកខ្លះដោះច្រវាក់ជើងរបស់ខ្លួន ហើយបន្តដំណើរទៅមុខយ៉ាងក្លាហាន ទាំងយល់អំពីចំណុចគន្លឹះ និងមិនខាតបង់ពេលវេលាក្នុងការមើលថែជីវិតរបស់ពួកគេ។ អ្នកខ្លះនៅតែអល់អែក និងមិនច្បាស់លាស់អំពីនិមិត្ត ពោលគឺបន្ទុកដែលពួកគេមាន និងរែកពន់នៅក្នុងដួងចិត្តរបស់ពួកគេនោះគឺធ្ងន់ណាស់។
បើគំនិតរបស់អ្នកមិនច្បាស់ទេ នោះព្រះវិញ្ញាណបរិសុទ្ធគ្មានផ្លូវអាចធ្វើការនៅក្នុងអ្នកបានឡើយ។ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវផ្តោតលើ ផ្លូវដែលអ្នកត្រូវដើរ និងរាល់អ្វីៗដែលដួងចិត្តរបស់អ្នកស្រេកឃ្លានចង់បាន គឺពេញពោរដោយសញ្ញាណរបស់អ្នក និងការរាប់ខ្លួនឯងជាសុចរិត! ខ្ញុំទ្រាំលែងបានទៀតហើយ ខ្ញុំចង់តែប្រោសអ្នករាល់គ្នាឱ្យបានគ្រប់លក្ខណ៍ឥឡូវនេះទេ ដើម្បីឱ្យអ្នកអាចឆាប់មានគុណសម្បត្តិស័ក្តិសមនឹងឱ្យខ្ញុំប្រើប្រាស់អ្នក ព្រមទាំងដើម្បីឱ្យបន្ទុកដ៏ធ្ងន់របស់ខ្ញុំអាចត្រូវបានជួយសម្រាល។ ប៉ុន្តែ ដោយឃើញអ្នករាល់គ្នាបែបនេះ ខ្ញុំទតមើលឃើញថា វានឹងមិនទទួលបានលទ្ធផលលឿននោះឡើយ។ ខ្ញុំមានតែរង់ចាំទាំងអំណត់ ដើរយឺតៗ ហើយគាំទ្រ និងដឹកនាំអ្នកដោយយឺតៗប៉ុណ្ណោះ។ នែ៎ អ្នករាល់គ្នាគួរតែគិតឱ្យបានច្បាស់ហើយ! តើមានអ្វីខ្លះដែលគួរតែបោះបង់ចោល? តើអ្នកមានកំណប់អ្វីខ្លះ? តើអ្នកមានចំណុចខ្សោយស្លាប់រស់អ្វីខ្លះ? តើអ្នកមានឧបសគ្គអ្វីខ្លះ? ចូរសញ្ជឹងគិតអំពីសំណួរទាំងនេះកាន់តែច្រើននៅក្នុងវិញ្ញាណរបស់អ្នក ហើយប្រកបគ្នាជាមួយខ្ញុំចុះ។ អ្វីដែលខ្ញុំចង់បានគឺចង់ឱ្យដួងចិត្តរបស់អ្នករាល់គ្នាសម្លឹងមើលមកកាន់ខ្ញុំដោយសេចក្ដីស្ងាត់ស្ងៀម។ ខ្ញុំមិនចង់បានការបម្រើតែបបូរមាត់របស់អ្នករាល់គ្នាឡើយ។ ចំពោះអស់អ្នកដែលស្វែងរកខ្ញុំយ៉ាងពិតប្រាកដ ខ្ញុំនឹងបើកសម្ដែងគ្រប់យ៉ាងឱ្យអ្នកនោះបានដឹង។ ជំហានខ្ញុំលឿនណាស់។ ដរាបណាដួងចិត្តរបស់អ្នកសម្លឹងមើលមកកាន់ខ្ញុំ ហើយអ្នកដើរតាមខ្ញុំគ្រប់ពេលវេលា នោះអ្នកអាចទទួលបានបំណងព្រះហឫទ័យរបស់ខ្ញុំនៅគ្រប់ពេល តាមរយៈការបណ្ដាលចិត្ត និងបើកសម្ដែងឱ្យអ្នកឃើញមិនខាន។ អស់អ្នកដែលយកចិត្តទុកដាក់ក្នុងការរង់ចាំនឹងទទួលបានការចិញ្ចឹមបីបាច់ ហើយគេនឹងមានផ្លូវមួយនៅខាងមុខ។ អស់អ្នកដែលគ្មានគំនិតនឹងមានការពិបាកយល់អំពីព្រះហឫទ័យរបស់ខ្ញុំ ហើយពួកគេនឹងដើរទៅដល់ផ្លូវទ័លមិនខាន។
ខ្ញុំចង់ឱ្យអ្នករាល់គ្នាក្រោកឡើងឆាប់ៗ ហើយសហការជាមួយខ្ញុំ និងជិតស្និទ្ធជាមួយខ្ញុំគ្រប់ពេលវេលា មិនមែនគ្រាន់តែនៅពេលមួយថ្ងៃ និងពេលមួយយប់នោះឡើយ។ ព្រះហស្តរបស់ខ្ញុំត្រូវតែអូសទាញអ្នករាល់គ្នា និងដាស់តឿនអ្នករាល់គ្នា រុញអ្នករាល់គ្នាឱ្យបន្តទៅមុខ បញ្ចុះបញ្ចូលអ្នករាល់គ្នាឱ្យបន្តដំណើរ និងអំពាវនាវឱ្យអ្នករាល់គ្នាដើរទៅមុខទៀត! អ្នករាល់គ្នាមិនយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំតែម្ដង។ ឧបសគ្គនៃសញ្ញាណរបស់អ្នក និងឧបសគ្គនៃការជាប់ជំពាក់ខាងលោកីយ៍គឺធ្ងន់ធ្ងរពេកហើយ ហើយអ្នកមិនអាចមានភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅជាមួយខ្ញុំបានឡើយ។ ជាក់ស្ដែង អ្នកចូលមកឯខ្ញុំ នៅពេលដែលអ្នកមានបញ្ហាប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលអ្នកគ្មានបញ្ហាវិញ ដួងចិត្តរបស់អ្នកក៏ប្រែជានៅមិនស្ងប់។ ដួងចិត្តរបស់អ្នកប្រៀបបីដូចជាទីផ្សារសេរីមួយ និងពេញដោយនិស្ស័យបែបសាតាំង។ វាត្រូវបានកាន់កាប់ដោយវត្ថុខាងលោកីយ៍ ហើយអ្នកមិនដឹងពីរបៀបប្រកបគ្នាជាមួយខ្ញុំឡើយ។ តើឱ្យខ្ញុំមិនមានព្រះទ័យព្រួយបារម្ភអំពីអ្នករាល់គ្នាម្ដេចកើតទៅ? ប៉ុន្តែ ខ្ញុំនឹងមិនព្រួយបារម្ភឡើយ។ ពេលវេលាកាន់តែខើច ហើយកិច្ចការក៏នៅច្រើនទៀតដែរ។ ជំហានរបស់ខ្ញុំបោះទៅមុខហើយ។ អ្នករាល់គ្នាត្រូវតែប្រកាន់ខ្ជាប់នូវអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាមាន សម្លឹងមើលទៅកាន់ខ្ញុំនៅគ្រប់វិនាទី ហើយប្រកបគ្នាយ៉ាងស្និទ្ធស្នាលជាមួយខ្ញុំ។ នោះបំណងព្រះហឫទ័យរបស់ខ្ញុំនឹងប្រាកដជាបើកសម្ដែងឱ្យអ្នកឃើញនៅគ្រប់វេលាមិនខាន។ នៅពេលដែលអ្នករាល់គ្នាយល់អំពីព្រះហឫទ័យរបស់ខ្ញុំ នោះអ្នកនឹងមានផ្លូវមួយនៅខាងមុខ។ អ្នកមិនត្រូវអល់អែកទៀតឡើយ។ ចូរប្រកបគ្នាដ៏ពិតជាមួយខ្ញុំ ហើយកុំងាកទៅរកការភូតភរ ឬព្យាយាមឆ្លាតពេកនោះឡើយ។ ការនោះមានតែបញ្ឆោតខ្លួនឯង ហើយវានឹងត្រូវបើកសម្ដែងគ្រប់ពេលវេលានៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទតែប៉ុណ្ណោះ។ មាសសុទ្ធមិនខ្លាចនឹងត្រូវដុតសាកល្បងដោយភ្លើងឡើយ។ នេះជាសេចក្តីពិត! មិនត្រូវខ្វល់ចិត្ត ហើយក៏កុំនឿយណាយ ឬទន់ជ្រាយនោះដែរ។ ចូរប្រកបគ្នាដោយផ្ទាល់កាន់តែច្រើនជាមួយខ្ញុំនៅក្នុងវិញ្ញាណរបស់អ្នក រង់ចាំដោយចិត្តអត់ធ្មត់ចុះ នោះខ្ញុំនឹងប្រាកដជាបើកសម្ដែងឱ្យអ្នកឃើញនៅក្នុងពេលកំណត់របស់ខ្ញុំមិនខាន។ អ្នកត្រូវតែមើលថែ ហើយមិនត្រូវបណ្ដោយឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំទៅលើអ្នកក្លាយជាខ្ជះខ្ជាយនោះឡើយ។ ចូរកុំខាតបង់ពេលវេលាឡើយ។ នៅពេលដែលដួងចិត្តរបស់អ្នកបន្តប្រកបគ្នាជាប់ជានិច្ចជាមួយខ្ញុំ នៅពេលដែលដួងចិត្តរបស់អ្នករស់នៅជាប់ជានិច្ចចំពោះខ្ញុំ នោះគ្មាននរណាម្នាក់ គ្មានហេតុការណ៍ណាមួយ គ្មានអ្វីមួយ គ្មានស្វាមី គ្មានកូនប្រុស ឬកូនស្រីណាម្នាក់ អាចរំខានដល់ការប្រកបគ្នារបស់អ្នកជាមួយខ្ញុំនៅក្នុងដួងចិត្តរបស់អ្នកបានឡើយ។ នៅពេលដែលដួងចិត្តរបស់អ្នកត្រូវបានរឹតយ៉ាងជាប់ ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនៅពេលដែលអ្នកកំពុងតែប្រកបគ្នាជាមួយខ្ញុំនៅគ្រប់វិនាទី នោះបំណងព្រះហឫទ័យរបស់ខ្ញុំនឹងប្រាកដជាបើកសម្ដែងឱ្យអ្នកដឹងមិនខាន។ នៅពេលដែលអ្នកកំពុងតែចូលមកជិតខ្ញុំតាមរបៀបនេះ មិនថាមជ្ឈដ្ឋានជុំវិញអ្នកបែបណា ឬមានបុគ្គល ព្រឹត្តិការណ៍ ឬអ្វីមួយដែលអ្នកជួបប្រទះនោះឡើយ អ្នកនឹងមិនក្លាយជាភក់ជ្រាំទេ ប៉ុន្តែអ្នកនឹងមានផ្លូវមួយនៅខាងមុខមិនខាន។
តាមធម្មតា បើអ្នកមិនបណ្ដោយឱ្យមានអ្វីមួយចូលមកជ្រៀតជ្រែក ទោះជារឿងធំក្ដី ឬតូចក្ដី បើគ្រប់ទាំងគំនិត និងយោបល់របស់អ្នកគឺបរិសុទ្ធ ហើយបើអ្នកមានភាពស្ងប់ស្ងាត់នៅក្នុងវិញ្ញាណរបស់អ្នក នោះគ្រប់ពេលដែលអ្នកជួបបញ្ហាណាមួយ ព្រះបន្ទូលរបស់ខ្ញុំនឹងបណ្ដាលចិត្តអ្នកភ្លាមៗ ប្រៀបដូចជាកញ្ចក់ថ្លាមួយដែលអ្នកយកមកឆ្លុះមើលខ្លួនឯង ហើយបន្ទាប់មក អ្នកនឹងមានផ្លូវមួយនៅខាងមុខ។ ការនេះត្រូវបានហៅថាជាការដាក់ថ្នាំត្រូវនឹងជំងឺ! ហើយស្ថានភាពជំងឺនឹងត្រូវបានជាសះស្បើយ។ នេះហើយជាសព្វានុភាពរបស់ព្រះជាម្ចាស់នោះ។ ខ្ញុំនឹងប្រាកដជាបំភ្លឺ និងស្រាយពន្យល់ដល់អស់អ្នកណាដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត ព្រមទាំងអស់អ្នកដែលស្វែងរកដោយចិត្តស្មោះសរ។ ខ្ញុំនឹងបង្ហាញទៅកាន់អ្នករាល់គ្នាអំពីសេចក្តីអាថ៌កំបាំងនៃពិភពខាងវិញ្ញាណ និងផ្លូវនៅខាងមុខ ដោយធ្វើឱ្យអ្នកបោះចោលនិស្ស័យចាស់ដ៏ពុករលួយរបស់អ្នកកាន់តែឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឱ្យអ្នកអាចទទួលបានភាពចាស់ទុំនៃជីវិត ហើយមានគុណសម្បត្តិស័ក្ដិសមនឹងឱ្យខ្ញុំប្រើប្រាស់ ដូច្នេះ កិច្ចការនៃដំណឹងល្អអាចដំណើរការឆាប់ៗ ដោយគ្មានឧបសគ្គរាំងស្ទះ។ មានតែបែបនេះទេ ទើបបំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវបានបំពេញ មានតែបែបនេះទេ ទើបផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេចនៅក្នុងពេលដ៏ខ្លីបំផុតតាមតែអាចធ្វើទៅបាន។ ព្រះជាម្ចាស់នឹងទទួលបាននគរទ្រង់ ព្រមទាំងយាងចុះមកកាន់ផែនដី ហើយយើងនឹងចូលទៅក្នុងសិរីល្អជាមួយគ្នា!