ជំពូកទី ៩
ខ្ញុំចង់រំឭកអ្នកថា សូម្បីតែភាពមិនច្បាស់លាស់ ឬការធ្វេសប្រហែសបន្ដិចបន្ដួចអំពីព្រះបន្ទូលរបស់ខ្ញុំ ក៏មិនអាចទទួលយកបានដែរ។ អ្នកត្រូវតែយកចិត្តទុកដាក់ និងស្ដាប់បង្គាប់ ហើយអនុវត្តស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកត្រូវតែប្រុងប្រៀបជានិច្ច ហើយកុំបង្ហាញនូវនិស្ស័យក្រអឺតក្រទម ឬឱ្យតម្លៃខ្លួនខ្ពស់ជាងអ្នកដទៃឱ្យសោះ។ គ្រប់ពេលទាំងអស់ អ្នកត្រូវតែពឹងផ្អែកលើខ្ញុំដើម្បីបោះចោលនិស្ស័យចាស់ពីធម្មជាតិ ដែលមាននៅក្នុងខ្លួនអ្នក។ អ្នកគួរតែអាចរក្សានូវសភាពធម្មតានៅចំពោះខ្ញុំជានិច្ច ហើយមាននិស្ស័យដែលឋិតថេរ។ ការគិតរបស់អ្នកត្រូវតែនឹងធឹង និងច្បាស់លាស់ ហើយមិនគួរត្រូវបានត្រួតត្រា ឬទន់ទោរទៅតាមមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុណាមួយឡើយ។ អ្នកគួរតែមានសមត្ថភាពស្ងប់ស្ងៀមនៅចំពោះព្រះវត្តមានខ្ញុំជានិច្ច ហើយរក្សាភាពនូវភាពជិតស្និទ្ធ និងការប្រកបជាមួយខ្ញុំជាដរាប។ អ្នកត្រូវតែបង្ហាញភាពខ្លាំង និងចិត្តក្លាហាន ហើយឈរមាំនឹងទីបន្ទាល់របស់អ្នកចំពោះខ្ញុំ។ ចូរក្រោកឡើង ហើយនិយាយជំនួសខ្ញុំ និងកុំខ្លាចអ្វីដែលអ្នកដទៃអាចនឹងនិយាយឡើយ។ គ្រាន់តែបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយកុំឱ្យនរណាម្នាក់ត្រួតត្រាអ្នក។ អ្វីដែលខ្ញុំបើកសម្ដែងដល់អ្នក ត្រូវតែធ្វើតាមស្របទៅនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយមិនអាចពន្យាពេលបានឡើយ។ តើអ្នកមានអារម្មណ៍នៅក្នុងជម្រៅចិត្តយ៉ាងណា? អ្នកមិនស្រួលមែនទេ? អ្នកនឹងយល់។ ហេតុអ្វីបានជាអ្នកមិនអាចក្រោកឈរឡើង ហើយនិយាយជំនួសខ្ញុំ ខណៈពេលដែលអ្នកកំពុងគិតពិចារណាបន្ទុករបស់ខ្ញុំ? អ្នកទទូចចូលរួមក្នុងគ្រោងការកំប៉ិកកំប៉ុក ប៉ុន្តែខ្ញុំឃើញអ្វីៗទាំងអស់ច្បាស់។ ខ្ញុំជាអ្នកគាំទ្រ និងជាខែលរបស់អ្នក ហើយអ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ អ៊ីចឹង តើអ្នកខ្លាចអ្វី? តើអ្នកមិនមានអារម្មណ៍ហួសហេតុទេឬ? អ្នកត្រូវតែបោះបង់ចោលអារម្មណ៍របស់អ្នកឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។ ខ្ញុំមិនធ្វើតាមតែអារម្មណ៍ទេ តែខ្ញុំអនុវត្តនូវសេចក្តីសុចរិតជំនួសវិញ។ ប្រសិនបើឪពុកម្តាយរបស់អ្នកធ្វើអ្វីដែលគ្មានប្រយោជន៍ដល់ក្រុមជំនុំ នោះពួកគេមិនអាចគេចខ្លួនបានទេ។ បំណងព្រះហឫទ័យរបស់ខ្ញុំត្រូវបានបើកសម្ដែងដល់អ្នក ហើយអ្នកប្រហែលជាមិនព្រងើយកន្តើយនឹងបំណងព្រះហឫទ័យរបស់ខ្ញុំទេ។ ផ្ទុយទៅវិញអ្នកត្រូវតែផ្តោតការយកចិត្តទុកដាក់ទាំងអស់របស់អ្នកលើបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយបោះចោលអ្វីៗផ្សេងទៀតដើម្បីដើរតាមដោយអស់ពីចិត្ត។ ខ្ញុំនឹងរក្សាអ្នកនៅក្នុងព្រះហស្ដរបស់ខ្ញុំជានិច្ច។ កុំចេះតែអៀនប្រៀន ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ប្តី ឬប្រពន្ធរបស់អ្នកឡើយ។ អ្នកត្រូវតែអនុវត្តទៅតាមព្រះហឫទ័យរបស់ខ្ញុំ។
ចូរមានសេចក្ដីជំនឿឡើង! ចូរមានសេចក្ដីជំនឿឡើង! ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្តារបស់អ្នក។ ប្រហែលជាអ្នកមានការយល់ដឹងខ្លះអំពីបញ្ហានេះ ប៉ុន្តែអ្នកនៅតែត្រូវប្រយ័ត្នប្រយែង។ ដើម្បីជាប្រយោជន៍ដល់ក្រុមជំនុំ បំណងព្រះហឫទ័យរបស់ខ្ញុំ និងការគ្រប់គ្រងរបស់ខ្ញុំ អ្នកត្រូវតែលះបង់ទាំងស្រុង ហើយអ្នកនឹងត្រូវបានបង្ហាញឱ្យមើលឃើញយ៉ាងច្បាស់នូវអាថ៌កំបាំង និងលទ្ធផលទាំងអស់។ វានឹងមិនមានការពន្យាពេលតទៅទៀតទេ។ គ្រានោះជិតមកដល់ហើយ។ តើអ្នកគួរធ្វើអ្វី? តើអ្នកគួរស្វែងរកការរីកលូតលាស់ និងធំធាត់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច? តើអ្នកអាចធ្វើឱ្យខ្លួនឯងមានប្រយោជន៍ចំពោះខ្ញុំបានឆាប់ៗយ៉ាងដូចម្តេច? តើអ្នកនឹងធ្វើឱ្យបំណងព្រះហឫទ័យខ្ញុំត្រូវបានអនុវត្តយ៉ាងដូចម្តេច? សំណួរទាំងនេះត្រូវការការគិតច្រើន និងការប្រកបកាន់តែស៊ីជម្រៅជាមួយខ្ញុំ។ ចូរពឹងផ្អែកលើខ្ញុំ ចូរជឿលើខ្ញុំ ចូរកុំធ្វេសប្រហែសឱ្យសោះ ហើយត្រូវអាចធ្វើអ្វីគ្រប់យ៉ាងស្របតាមការណែនាំរបស់ខ្ញុំ។ អ្នកត្រូវតែទទួលបានការបំពាក់បំប៉នយ៉ាងល្អអំពីសេចក្ដីពិត ហើយអ្នកត្រូវតែហូប និងផឹកវាឱ្យបានញឹកញាប់។ រាល់សេចក្តីពិត ត្រូវតែយកមកអនុវត្តមុនពេលវាអាចយល់យ៉ាងច្បាស់បាន។
តើឥឡូវអ្នកមានអារម្មណ៍ថា អ្នកមិនមានពេលវេលាគ្រប់គ្រាន់ទេឬ? តើអ្នកក៏ញាណដឹងដែរថា នៅខាងក្នុងអ្នកមានភាពខុសប្លែកពីមុន ហើយថាបន្ទុករបស់អ្នកឥឡូវហាក់ដូចជាធ្ងន់ណាស់មែនទេ? បំណងព្រះហឫទ័យរបស់ខ្ញុំ គឺស្ថិតនៅលើអ្នក។ អ្នកត្រូវតែយល់ដឹងច្បាស់ មិនបែកចេញពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយនៅតែភ្ជាប់ទំនាក់ទំនងជាមួយខ្ញុំជានិច្ច។ នៅក្បែរខ្ញុំ ជិតស្និទ្ធជាមួយខ្ញុំ ចេះគិតគូរពីដួងហឫទ័យរបស់ខ្ញុំ និងអាចបម្រើដោយមានការសម្របសម្រួលជាមួយអ្នកដទៃ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងដល់អ្នករាល់គ្នាជានិច្ច។ ចូរយកចិត្តទុកដាក់ឱ្យខ្ជាប់ខ្ជួនគ្រប់ពេលវេលា! ចូរយកចិត្តទុកដាក់ឱ្យខ្ជាប់! ចូរកុំបន្ថយសូម្បីតែបន្តិច។ នោះគឺជាភារកិច្ចរបស់អ្នក ហើយកិច្ចការរបស់ខ្ញុំស្ថិតនៅក្នុងនោះ។
មកដល់ចំណុចនេះ អ្នកប្រហែលជាបានទទួលការយល់ដឹងបន្តិចបន្តួច ហើយមានអារម្មណ៍ថា នេះពិតជាអស្ចារ្យណាស់។ អ្នកប្រហែលជាមានការសង្ស័យកាលពីមុន មានអារម្មណ៍ថា វាខុសគ្នាទាំងស្រុងពីគោលគំនិត យោបល់ និងការគិតរបស់មនុស្ស ប៉ុន្តែឥឡូវនេះ អ្នកយល់អំពីវាជាមូលដ្ឋាន។ នេះជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ខ្ញុំ ហើយនេះក៏ជាកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ផងដែរ។ អ្នកត្រូវតែភ្ញាក់ដឹងខ្លួន ហើយរង់ចាំពេលអ្នកដើរចូលមក។ ពេលវេលាគឺនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំខ្ជះខ្ជាយវា ហើយកុំបន្ថយល្បឿនសូម្បីតែមួយភ្លែត។ ការខ្ជះខ្ជាយពេលវេលា គឺពន្យាពេលកិច្ចការរបស់ខ្ញុំ ហើយវាបណ្តាលឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំត្រូវបានរារាំងនៅក្នុងអ្នក។ អ្នកត្រូវតែពិចារណា និងប្រកបជាមួយខ្ញុំឱ្យបានញឹកញាប់។ អ្នកក៏ត្រូវនាំយករាល់សកម្មភាព ចលនា គំនិត យោបល់ នៃគ្រួសាររបស់អ្នក ប្តីរបស់អ្នក កូនប្រុសរបស់អ្នក កូនស្រីរបស់អ្នកទាំងអស់មកនៅចំពោះមុខខ្ញុំដែរ។ ចូរកុំពឹងផ្អែកលើខ្លួនឯងក្នុងការអនុវត្តរបស់អ្នក បើមិនដូច្នោះទេខ្ញុំនឹងខឹងសម្បារខ្លាំង ហើយការបាត់បង់របស់អ្នកនឹងទៅជាធ្ងន់ធ្ងរ។
ចូរដាក់កម្រិតលើជំហានផ្ទាល់ខ្លួនរបស់អ្នកគ្រប់ពេលវេលា ហើយដើរតាមព្រះបន្ទូលខ្ញុំជានិច្ច។ អ្នកត្រូវតែមាននូវប្រាជ្ញារបស់ខ្ញុំ។ ចូរមកនៅចំពោះខ្ញុំប្រសិនបើអ្នកជួបប្រទះនឹងការលំបាកណាមួយ ហើយខ្ញុំនឹងផ្តល់ការណែនាំដល់អ្នក។ ចូរកុំបង្កបញ្ហា ឬប្រកបទាក់ទងដោយភាពច្របូកច្របល់នោះឡើយ។ ប្រសិនបើជីវិតរបស់អ្នកមិនទទួលបានអត្ថប្រយោជន៍ទេ នោះគឺមកពីអ្នកខ្វះចំណេះដឹង ហើយមិនអាចបែងចែកនូវពាក្យល្អ និងពាក្យអាក្រក់បាន។ អ្នកនឹងមិនដឹងរឿងនេះទេ ដរាបណាអ្នកត្រូវបានរងទុក្ខទោសនៅក្នុងសភាពអាក្រក់ ហើយគ្មានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែដល់ពេលនោះ វានឹងយឺតពេលហើយ។ ពេលវេលាកំពុងតែបន្ទាន់ហើយឥឡូវនេះ ដូច្នេះអ្នកមិនត្រូវយឺតយ៉ាវសូម្បីតែបន្តិចក្នុងការរត់ប្រណាំងដើម្បីជីវិតនោះឡើយ។ អ្នកត្រូវដើរតាមគន្លងរបស់ខ្ញុំឱ្យកៀកមែនទែន។ នៅពេលមានការលំបាកណាមួយកើតឡើង ចូរឧស្សាហ៍ត្រិះរិះពិចារណាដោយការស្ថិតនៅជិតខ្ញុំ និងប្រកបជាមួយខ្ញុំដោយផ្ទាល់។ ប្រសិនបើអ្នកអាចចាប់យកមាគ៌ានេះ វានឹងជួយសម្រួលជាមុនដល់អ្នកក្នុងការចូលទៅក្នុង។
ព្រះបន្ទូលរបស់ខ្ញុំមិនគ្រាន់តែសំដៅទៅលើអ្នកប៉ុណ្ណោះទេ។ មនុស្សគ្រប់គ្នាក្នុងក្រុមជំនុំកំពុងតែខ្វះក្នុងទ្រង់ទ្រាយផ្សេងៗគ្នា។ អ្នករាល់គ្នាត្រូវតែប្រកបគ្នាឱ្យបានច្រើន អាចហូប និងផឹកដោយឯករាជ្យក្នុងអំឡុងពេលនៃការថ្វាយបង្គំខាងវិញ្ញាណផ្ទាល់ខ្លួនរបស់អ្នក និងអាចយល់ពីសេចក្ដីពិតសំខាន់ៗ ហើយអនុវត្តវាភ្លាមៗ។ អ្នកត្រូវតែមានអារម្មណ៍ចំពោះសេចក្ដីពិតនៃព្រះបន្ទូលរបស់ខ្ញុំ៖ ចាប់យកចំណុចស្នូលរបស់វា និងគោលការណ៍របស់វា ហើយកុំបន្ថយនូវអ្វីដែលអ្នកកំពុងប្រកាន់ខ្ជាប់។ ចូរពិចារណាជានិច្ច ហើយប្រកបជាមួយខ្ញុំជានិច្ច ហើយអ្វីៗនឹងត្រូវបើកសម្ដែងជាបណ្តើរៗ។ អ្នកមិនអាចចូលទៅជិតព្រះជាម្ចាស់បានមួយភ្លែត ហើយក្រោយមកត្រូវបានរំខាននៅពេលមានអ្វីផ្សេងទៀតកើតឡើងចំពោះអ្នក ដោយមិនរង់ចាំឱ្យចិត្តអ្នកស្ងប់ស្ងៀមនៅចំពោះទ្រង់នោះឡើយ។ អ្នកតែងតែយល់ច្រលំ និងមិនច្បាស់អំពីរឿងរ៉ាវ ហើយមិនអាចមើលឃើញព្រះភ័ក្រ្តរបស់ខ្ញុំ។ ដូច្នេះអ្នកមិនអាចទទួលបាននូវការយល់ដឹងច្បាស់ពីព្រះហឫទ័យរបស់ខ្ញុំទេ ហើយទោះបីអ្នកអាចយល់ពីវាបន្តិចក៏ដោយ ក៏អ្នកនៅតែមិនច្បាស់ ហើយនៅតែសង្ស័យ។ មានតែពេលដែលខ្ញុំយកបានចិត្តរបស់អ្នកដោយពេញទំហឹង ហើយគំនិតរបស់អ្នកមិនត្រូវរំខានដោយអ្វីៗក្នុងលោកីយ៍ទៀត ហើយអ្នកអាចរង់ចាំដោយគំនិតច្បាស់ និងស្ងប់ស្ងាត់បាន នោះខ្ញុំនឹងបើកសម្ដែងដល់អ្នករាល់គ្នាម្តងមួយៗ ស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នករាល់គ្នាត្រូវតែយល់ពីមាគ៌ានៃភាពជិតស្និទ្ធនឹងខ្ញុំនេះ។ អ្នកណាក៏ដោយដែលធ្វើឱ្យអ្នកឈឺចាប់ខ្លាំង ឬដាក់បណ្តាសាអ្នក ឬអ្វីដែលល្អដែលមនុស្សផ្តល់ឱ្យអ្នក គឺមិនអាចទទួលយកបានទេប្រសិនបើពួកគេរារាំងអ្នកពីការនៅជិតព្រះជាម្ចាស់។ សូមឱ្យដួងចិត្តរបស់អ្នកស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយកុំចាកចេញពីខ្ញុំឱ្យសោះ។ ជាមួយនឹងភាពស្និទ្ធស្នាល និងការប្រកបបែបនេះ ឪពុកម្តាយ ប្តី សមាជិកគ្រួសារផ្សេងទៀត និងការជាប់ទាក់ទងខាងលោកីយ៍នឹងទាសចេញឆ្ងាយ។ អ្នកនឹងទទួលបានភាពផ្អែមល្ហែមដែលមិនអាចពិពណ៌នាបាននៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងទទួលបាននូវរសជាតិក្រអូប និងរសជាតិឈ្ងុយឆ្ងាញ់។ លើសពីនេះទៅទៀត អ្នកប្រាកដជាមិនអាចឃ្លាតឆ្ងាយពីខ្ញុំបានទេ។ ប្រសិនបើអ្នកបន្តធ្វើបែបនេះ អ្នករាល់គ្នានឹងយល់ពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកនឹងមិនដែលបាត់បង់ផ្លូវរបស់អ្នកនៅពេលដែលអ្នកបន្តរីកចម្រើនតទៅទៀតទេព្រោះខ្ញុំជាផ្លូវរបស់អ្នក ហើយអ្វីៗក៏កើតមានឡើងដោយសារតែខ្ញុំដែរ។ តើជីវិតរបស់អ្នកមានភាពចាស់ទុំយ៉ាងដូចម្តេចនៅពេលដែលអ្នកនឹងអាចផ្តាច់ចេញពីភាពនៃលោកីយ៍ នៅពេលដែលអ្នកអាចដកអារម្មណ៍របស់អ្នកចេញ នៅពេលដែលអ្នកអាចទុកចោលប្តី និងកូនរបស់អ្នក នៅពេលដែលជីវិតរបស់អ្នកនឹងមានភាពចាស់ទុំ...អ្វីៗទាំងអស់នេះ នឹងកើតឡើងទៅតាមពេលវេលារបស់ខ្ញុំ។ មិនចាំបាច់មានការថប់បារម្ភទេ។
អ្នកត្រូវតែទទួលបានច្រកចូលទៅក្នុង ពីផ្នែកវិជ្ជមាន។ ប្រសិនបើអ្នករង់ចាំដោយអកម្ម នោះអ្នកនៅតែអវិជ្ជមាន។ អ្នកត្រូវតែសកម្មក្នុងការសហការជាមួយខ្ញុំ។ ត្រូវឧស្សាហ៍ព្យាយាម ហើយកុំខ្ជិលឱ្យសោះ។ ត្រូវប្រកបជាមួយខ្ញុំហើយទទួលបានភាពស្និទ្ធស្នាលជាងមុនជាមួយខ្ញុំជានិច្ច។ ប្រសិនបើអ្នកមិនយល់ ចូរកុំមានភាពមិនអត់ធ្មត់ដោយចង់បានលទ្ធផលឆាប់រហ័សនោះឡើយ។ វាមិនមែនថាខ្ញុំនឹងមិនប្រាប់អ្នកនោះទេ។ វាគឺថា ខ្ញុំចង់ដឹងថាតើអ្នកពឹងផ្អែកលើខ្ញុំ នៅពេលអ្នកនៅក្នុងព្រះវត្តមានរបស់ខ្ញុំ ឬថាតើអ្នកជឿជាក់លើការពឹងផ្អែករបស់អ្នកមកលើខ្ញុំឬអត់។ អ្នកត្រូវតែនៅជិតខ្ញុំជានិច្ច ហើយដាក់បញ្ហាទាំងអស់នៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំត្រឡប់ទៅជាឥតប្រយោជន៍ឡើយ។ បន្ទាប់ពីអ្នកបាននៅជិតខ្ញុំដោយមិនដឹងខ្លួនមួយរយៈ បំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងដល់អ្នក។ ប្រសិនបើអ្នកយល់បំណងព្រះហឫទ័យរបស់ខ្ញុំ នោះអ្នកនឹងជួបព្រះភ័ក្រ្ដរបស់ខ្ញុំទល់នឹងមុខអ្នកយ៉ាងពិតប្រាកដ ហើយអ្នកប្រាកដជាបានឃើញព្រះភ័ក្រ្ដរបស់ខ្ញុំ។ អ្នកនឹងមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនច្រើន ហើយអ្នកនឹងមានអ្វីដែលត្រូវពឹងផ្អែក។ ពេលនោះអ្នកក៏នឹងមានអំណាច ក៏ដូចជាភាពជឿជាក់ ហើយអ្នកនឹងមានផ្លូវទៅមុខ។ អ្វីគ្រប់យ៉ាងនឹងមករកអ្នកយ៉ាងងាយស្រួល។