ជំពូកទី ១៥

ការលេចមករបស់ព្រះជាម្ចាស់បានកើតឡើងនៅក្នុងក្រុមជំនុំទាំងអស់រួចហើយ។ គឺជាព្រះវិញ្ញាណដែលមានបន្ទូល ហើយទ្រង់គឺជាភ្លើងដ៏សន្ធោសន្ធៅ មានឫទ្ធានុភាព និងកំពុងជំនុំជម្រះ។ ទ្រង់គឺជាបុត្រមនុស្ស ទ្រង់គ្រងព្រះពស្ដ្រវែងដល់ព្រះបាទា ហើយមានខ្សែមាសរឹតតឹងព្រះឧរា។ ព្រះសិរសា និងព្រះកេសារបស់ទ្រង់សដូចជារោមចៀម ហើយព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង។ ព្រះបាទរបស់ទ្រង់ដូចជាលង្ហិនរលីងដែលភ្លឺផ្លេកៗដូចជាគេដុតក្នុងគុកភ្លើង ហើយព្រះសូរសៀងរបស់ទ្រង់ដូចជាសូរនៃទឹកជាច្រើន។ នៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយប្រាំពីរ ក៏មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ដ្របញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច!

បុត្រមនុស្សត្រូវបានគេមើលឃើញ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គត្រូវបានបើកសម្ដែងយ៉ាងបើកចំហ។ សិរីល្អរបស់ព្រះជាម្ចាស់បានសាយភាយទៅ ដោយបញ្ចេញពន្លឺដូចជាថ្ងៃភ្លឺពេញអំណាច! ព្រះភក្ដ្រដ៏មានសិរីល្អរបស់ទ្រង់ភ្លឺត្រចះត្រចង់ដោយពន្លឺផ្លេកៗ។ តើភ្នែករបស់អ្នកណាដែលហ៊ានសម្លឹងទ្រង់ដោយការទាស់ទទឹងនោះ? ការទាស់ទទឹងនាំទៅរកសេចក្តីស្លាប់! គ្មានសេចក្ដីមេត្តាករុណាបន្ដិចឡើយ ចំពោះអ្វីមួយដែលអ្នកគិតនៅក្នុងចិត្ត ចំពោះពាក្យពេចន៍ណាមួយដែលអ្នកនិយាយ ឬចំពោះអ្វីមួយដែលអ្នកធ្វើ។ អ្នករាល់គ្នានឹងយល់ ហើយមើលឃើញអ្វីដែលអ្នករាល់គ្នាបានទទួល គឺគ្មានអ្វីក្រៅពីការជំនុំជម្រះឡើយ! តើខ្ញុំអាចប្រកាន់ខ្ជាប់ការជំនុំជម្រះបានទេ នៅពេលដែលអ្នករាល់គ្នាមិនប្រឹងប្រែងហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ តែបែរជារំខានយ៉ាងបំពាន ហើយបំផ្លាញការកសាងរបស់ខ្ញុំនោះ? ខ្ញុំនឹងមិនប្រព្រឹត្តយ៉ាងទន់ភ្លន់ចំពោះបុគ្គលប្រភេទនេះទេ! ប្រសិនបើឥរិយាបថរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅ នោះអ្នកនឹងត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើង! ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកបង្ហាញនៅក្នុងរូបកាយខាងវិញ្ញាណមួយ ដោយគ្មានសាច់ឈាម ឬការតភ្ជាប់ពីក្បាលដល់ចុងជើងសូម្បីតែបន្តិចឡើយ។ ទ្រង់យាងឆ្លងកាត់ពិភពសាកលលោក ដោយគង់លើបល្ល័ង្កដ៏រុងរឿងនៅក្នុងស្ថានសួគ៌ជាន់ទីបី ទ្រង់គ្រប់គ្រងរបស់សព្វសារពើ។ សាកលលោក និងរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមានបន្ទូលបែបណា នោះវានឹងក្លាយជាបែបនោះ។ ប្រសិនបើខ្ញុំបង្គាប់បែបណា នោះវានឹងទៅជាបែបនោះ។ សាតាំងនៅក្រោមព្រះបាទរបស់ខ្ញុំ វានៅក្នុងជង្ហុកដ៏ធំ! នៅពេលដែលសម្លេងរបស់ខ្ញុំបន្លឺឡើង នោះផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ ហើយក្លាយជាទទេសូន្យ! របស់សព្វសារពើនឹងត្រូវបានស្អាងឱ្យថ្មីឡើងវិញ នេះគឺជាសេចក្តីពិតដែលមិនអាចផ្លាស់ប្តូរបាន និងពិតជាត្រឹមត្រូវ។ ខ្ញុំបានយកឈ្នះពិភពលោក ក៏ដូចជាសភាវៈអាក្រក់ទាំងអស់។ ខ្ញុំគង់នៅទីនេះដោយការនិយាយទៅកាន់អ្នករាល់គ្នា ហើយអស់អ្នកណាដែលមានត្រចៀក គួរតែស្ដាប់ ហើយអស់អ្នកណាដែលកំពុងតែរស់នៅគួរតែទទួលយក។

ពេលវេលានឹងចូលមកដល់ទីបញ្ចប់ របស់សព្វសារពើនៅក្នុងពិភពលោកនេះនឹងក្លាយជាទទេសូន្យ ហើយរបស់សព្វសារពើនឹងត្រូវបានកើតជាថ្មី។ ចូរចាំពីសេចក្តីនេះ! ចូរកុំភ្លេចឱ្យសោះ! អាចមិនមានភាពស្រពេចស្រពិលឡើយ! ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ តែព្រះបន្ទូលរបស់ខ្ញុំមិនដែលបាត់ឡើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្ដងទៀត៖ ចូរកុំរត់ដោយអសារឥតការ! ចូរក្រោកឡើង! ចូរប្រែចិត្ត ការសង្គ្រោះនៅជិតបង្កើយ! ខ្ញុំបានលេចមករួចហើយនៅក្នុងចំណោមអ្នករាល់គ្នា ហើយព្រះសូរសៀងរបស់ខ្ញុំបានបន្លឺឡើង។ ព្រះសូរសៀងរបស់ខ្ញុំបានបន្លឺឡើងនៅចំពោះអ្នករាល់គ្នា។ ជារៀងរាល់ថ្ងៃ ព្រះសូរសៀងនេះនៅចំពោះមុខអ្នកដោយផ្ទាល់ ហើយរាល់ថ្ងៃគឺជាថ្ងៃដែលស្រស់ស្រាយ ហើយថ្មីជានិច្ច។ អ្នកមើលឃើញខ្ញុំ ហើយខ្ញុំមើលឃើញអ្នក។ ខ្ញុំនិយាយទៅកាន់អ្នកជានិច្ច ហើយខ្ញុំនៅចំពោះមុខអ្នក។ ទោះបីជាយ៉ាងណា អ្នកបដិសេធខ្ញុំ ហើយមិនស្គាល់ខ្ញុំទេ។ ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាស្ទាក់ស្ទើរទៅវិញ! អ្នកស្ទាក់ស្ទើរ! ចិត្តរបស់អ្នកបានត្រឡប់ជាស្ពឹក ភ្នែករបស់អ្នកបានខ្វាក់ដោយសារសាតាំង ហើយអ្នកមិនអាចមើលឃើញផ្ទៃមុខដ៏មានសិរីរុងល្អរបស់ខ្ញុំបានឡើយ អ្នកគួរឱ្យអាណិតណាស់! គួរឱ្យអាណិតមែន!

ព្រះវិញ្ញាណទាំងប្រាំពីរ នៅខាងមុខបល្ល័ង្ករបស់ខ្ញុំត្រូវបានបញ្ជូនទៅគ្រប់ច្រកល្ហកនៃផែនដី ហើយខ្ញុំនឹងបញ្ជូនអ្នកនាំសាររបស់ខ្ញុំដើម្បីនិយាយទៅកាន់ក្រុមជំនុំ។ ខ្ញុំសុចរិត និងស្មោះត្រង់ ខ្ញុំជាព្រះជាម្ចាស់ដែលត្រួតពិនិត្យផ្នែកដ៏ជ្រៅបំផុតនៃចិត្តរបស់មនុស្ស។ ព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មាន ហើយនោះជាព្រះបន្ទូលរបស់ខ្ញុំដែលបន្លឺចេញពីខាងក្នុងបុត្រារបស់ខ្ញុំ។ អស់អ្នកណាដែលមានត្រចៀកគួរតែស្ដាប់! អស់អ្នកណាដែលកំពុងរស់នៅ គួរតែទទួលយក! ចូរហូប និងផឹកព្រះបន្ទូលទាំងនេះ ហើយចូរកុំសង្ស័យឡើយ។ អស់អ្នកណាដែលចុះចូល ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំនឹងទទួលបានព្រះពរដ៏អស្ចារ្យ! អស់អ្នកណាដែលស្វែងរកព្រះភ័ក្រ្ដខ្ញុំដោយអស់ពីចិត្ត នឹងពិតជាមានពន្លឺថ្មី ការបំភ្លឺថ្មី និងការយល់ដឹងថ្មី។ គ្រប់យ៉ាងនឹងស្រស់ ហើយថ្មី។ ព្រះបន្ទូលរបស់ខ្ញុំនឹងលេចមកដល់វិញ្ញាណរបស់អ្នក ដើម្បីឱ្យអ្នកអាចមើលឃើញរាល់អាថ៌កំបាំងនៃពិភពខាងវិញ្ញាណទាំងឡាយ ហើយមើលឃើញថា នគរព្រះគឺស្ថិតនៅក្នុងចំណោមមនុស្ស។ ចូរចូលទៅក្នុងទីជម្រក ហើយព្រះគុណនិងព្រះពរទាំងអស់នឹងកើតមានដល់អ្នក។ គ្រោះទុរភិក្ស និងគ្រោះកាច នឹងមិនអាចប៉ះពាល់អ្នកបានឡើយ ហើយចចក ពស់ ខ្លា និងខ្លាដំបង នឹងមិនអាចបង្កគ្រោះថ្នាក់ដល់អ្នកបានឡើយ។ អ្នកនឹងទៅជាមួយខ្ញុំ ដើរជាមួយខ្ញុំ ហើយចូលទៅក្នុងសិរីល្អជាមួយខ្ញុំ។

ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! រូបអង្គដ៏រុងរឿងរបស់ទ្រង់លេចឡើងដោយចំហ រូបអង្គនៃព្រះវិញ្ញាណបរិសុទ្ធលេចឡើង ហើយទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលពេញលេញ! លោកីយ៍ និងសាច់ឈាមបានផ្លាស់ប្ដូរទាំងពីរ ហើយការផ្លាស់ប្រែរបស់ទ្រង់នៅលើភ្នំ គឺជារូបអង្គរបស់ព្រះជាម្ចាស់។ ទ្រង់ពាក់មកុដមាសនៅលើព្រះសិរសារបស់ទ្រង់ ព្រះពស្ដ្ររបស់ទ្រង់សដូចរោមចៀម នៅជុំវិញព្រះឱរាមានខ្សែមាសព័ទ្ធជុំវិញ ហើយលោកីយ៍ និងរបស់សព្វសារពើ គឺជាទ្រនាប់ព្រះបាទរបស់ទ្រង់។ ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយនៅព្រះហស្ដស្តាំទ្រង់កាន់ផ្កាយប្រាំពីរ។ ផ្លូវទៅកាន់នគរព្រះគឺភ្លឺចែងចាំងគ្មានដែនកំណត់ ហើយសិរីរុងរឿងរបស់ទ្រង់លេចឡើង ព្រមទាំងបញ្ចេញពន្លឺ។ ភ្នំទាំងឡាយមានអំណរ ហើយទឹកសើចសប្បាយ ហើយព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារាទាំងឡាយវិលត្រឡប់ទៅរកការរៀបចំដ៏មានសណ្ដាប់ធ្នាប់របស់ពួកវា ដោយទទួលស្វាគមន៍ព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់ ដែលការយាងត្រឡប់មកប្រកបដោយជ័យជម្នះរបស់ទ្រង់ ប្រកាសអំពីការបញ្ចប់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ គ្រប់យ៉ាងលោតកញ្ឆេង និងរាំដោយក្តីអំណរ! ចូរអបអរសាទរ! ព្រះដ៏មានគ្រប់ព្រះចេស្ដាគង់នៅលើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់! ចូរច្រៀង! ទង់ជ័យនៃព្រះចេស្ដាដ៏ខ្ពង់ខ្ពស់ ត្រូវបានលើកឡើងនៅលើភ្នំស៊ីយ៉ូនដ៏ប្រសើរ និងប្រកបដោយឫទ្ធានុភាព! ជាតិសាសន៍ទាំងអស់កំពុងតែអបអរសាទរ មនុស្សទាំងអស់កំពុងតែច្រៀង ភ្នំស៊ីយ៉ូនកំពុងតែសើចយ៉ាងក្អាកក្អាយ ហើយសិរីល្អរបស់ព្រះជាម្ចាស់បានកើតឡើង! ខ្ញុំមិនធ្លាប់ស្រមៃថា ខ្ញុំអាចមើលឃើញព្រះភក្ដ្ររបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានឃើញហើយ។ ដោយនៅផ្ទាល់ជាមួយទ្រង់ជារៀងរាល់ថ្ងៃ នោះខ្ញុំបានប្រគល់ចិត្តទាំងមូលដល់ទ្រង់។ ទ្រង់ប្រទានអាហារ និងភេសជ្ជៈយ៉ាងច្រើនក្រៃលែង។ ពន្លឺដ៏រុងរឿងរបស់ទ្រង់បំភ្លឺគ្រប់ទាំងជីវិត ពាក្យពេចន៍ សកម្មភាព គំនិត យោបល់។ ទ្រង់ដឹកនាំរាល់ជំហាននីមួយៗនៃវិធី ហើយការជំនុំជម្រះរបស់ទ្រង់កើតឡើងភ្លាមៗចំពោះចិត្តដ៏បះបោរ។

ការទទួលទាន ការស្នាក់នៅជាមួយគ្នា និងការរស់នៅជាមួយព្រះជាម្ចាស់ ការនៅរួមគ្នាជាមួយទ្រង់ ដើរជាមួយគ្នា រីករាយជាមួយគ្នា ទទួលបានសិរីល្អ និងព្រះពរជាមួយគ្នា ចែករំលែកភាពជាស្ដេចជាមួយទ្រង់ ហើយមានវត្តមានជាមួយគ្នានៅក្នុងនគរព្រះ ឱ! ពិតជារីករាយម្ល៉េះទេ! ឱ! ពិតជាផ្អែមល្ហែមម៉្លេះទេ! យើងនៅផ្ទាល់ជាមួយទ្រង់មុខទល់នឹងមុខជារៀងរាល់ថ្ងៃ និយាយជាមួយទ្រង់ជារៀងរាល់ថ្ងៃ ហើយជជែកគ្នាជានិច្ច ព្រមទាំងទទួលបានការបំភ្លឺថ្មី និងគំនិតថ្មីជារៀងរាល់ថ្ងៃ។ ភ្នែកខាងវិញ្ញាណរបស់យើងបានបើក ហើយយើងមើលឃើញអ្វីៗគ្រប់យ៉ាង។ គ្រប់អាថ៌កំបាំងទាំងអស់នៃវិញ្ញាណត្រូវបានបើកសម្ដែងដល់យើង។ ជីវិតដ៏បរិសុទ្ធ គឺពិតជាគ្មានសេចក្តីខ្វល់ខ្វាយឡើយ។ ចូររត់យ៉ាងលឿន និងកុំឈប់ឱ្យសោះ ព្រមទាំងបោះជំហានទៅមុខឥតឈប់ ព្រោះមានជីវិតដ៏អស្ចារ្យជាងនេះនៅខាងមុខ។ ចូរកុំពេញចិត្តត្រឹមតែរសជាតិផ្អែមឱ្យសោះ ចូរស្វែងរកឥតឈប់ឈរដើម្បីចូលទៅក្នុងព្រះជាម្ចាស់។ ទ្រង់គឺជាគ្រប់យ៉ាងដែលបរិបូរណ៍ និងច្រើនក្រៃលែង ហើយទ្រង់មានអ្វីៗគ្រប់ប្រភេទដែលយើងខ្វះខាត។ ចូរសហការយ៉ាងសកម្ម និងចូលទៅក្នុងទ្រង់ ហើយគ្មានអ្វីដែលនឹងដូចពីមុនម្ដងទៀតឡើយ។ ជីវិតរបស់យើងនឹងវិសេសវិសាល ហើយគ្មានបុគ្គលណា បញ្ហាណា ឬអ្វីមួយអាចនឹងរំខានយើងបានឡើយ។

ភាពវិសេសវិសាល! ភាពវិសាល! ភាពវិសេសវិសាលដ៏ពិត! ជីវិតដែលវិសេសវិសាលរបស់ព្រះជាម្ចាស់គឺនៅខាងក្នុង ហើយរបស់សព្វសារពើបានស្រាកស្រាន្ដយ៉ាងពិតប្រាកដ! យើងវិសេសលើសពិភពលោក និងវត្ថុនៃលោកីយ៍ ដោយគ្មានអារម្មណ៍ជាប់ជំពាក់ជាមួយស្វាមី ឬកូនៗឡើយ។ យើងវិសេសលើសការត្រួតត្រានៃជំងឺ និងបរិស្ថានទាំងឡាយ។ សាតាំងមិនហ៊ានរំខានយើងឡើយ។ យើងពិតជាវិសេសលើសគ្រោះមហន្តរាយទាំងស្រុង។ ការនេះកំពុងតែអនុញ្ញាតឱ្យព្រះជាម្ចាស់កាន់កាប់ភាពជាស្ដេច! យើងជាន់ឈ្លីសាតាំងនៅក្រោមព្រះបាទ ឈរជាទីបន្ទាល់សម្រាប់ក្រុមជំនុំ ហើយបើកបង្ហាញយ៉ាងលម្អិតអំពីមុខមាត់ដ៏អាក្រក់របស់សាតាំង។ ការកសាងក្រុមជំនុំគឺស្ថិតនៅក្នុងព្រះគ្រីស្ទ ហើយរូបកាយដ៏រុងរឿងបានលេចចេញមក នេះគឺជាការរស់នៅក្នុងការលើកឡើងទៅក្នុងពពក!

ខាង​ដើម៖ ជំពូកទី ១៤

បន្ទាប់៖ ជំពូកទី ១៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ