ជំពូកទី ១៤
ឥឡូវនេះ ពេលវេលាពិតជាបន្ទាន់ណាស់។ ព្រះវិញ្ញាណបរិសុទ្ធ ប្រើវិធីផ្សេងៗគ្នាជាច្រើន ដើម្បីនាំយើងទៅរកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកគួរតែជ្រួតជ្រាបនូវរាល់សេចក្តីពិតទាំងអស់ គួរតែមានភាពបរិសុទ្ធ ហើយគួរណាស់តែមានភាពជិតស្និទ្ធជាមួយខ្ញុំ និងមានទំនាក់ទំនងជាមួយខ្ញុំ ហើយអ្នកនឹងមិនត្រូវបានផ្តល់ឱកាសក្នុងការជ្រើសរើសឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមិនមានមនោសញ្ចេតនា និងមិនខ្វល់ថាអ្នកជាមនុស្សប្រភេទណាទេ។ ដរាបណាអ្នកមានឆន្ទៈក្នុងការពិនិត្យ និងតាមដាន ដោយមិនផ្តល់ការដោះសារ និងមិនប្រកែកតវ៉ាទៅលើផលចំណេញ និងការខាតបង់ផ្ទាល់ខ្លួនអ្វីឡើយ ប៉ុន្តែមានឆន្ទៈក្នុងស្វែងរកដោយការស្រេកឃ្លានចង់បានសេចក្តីសុចរិត នោះខ្ញុំនឹងបំភ្លឺអ្នក។ មិនថាអ្នកជាមនុស្សល្ងីល្ងើ និងល្ងង់ខ្លៅយ៉ាងណានោះទេ ខ្ញុំមិនផ្តោតលើរឿងទាំងនេះឡើយ។ ខ្ញុំនឹងពិនិត្យមើលថា តើអ្នកធ្វើកិច្ចការលំបាកខ្លាំងប៉ុនណានៅក្នុងទិដ្ឋភាពជាវិជ្ជមាននេះ។ ប្រសិនបើអ្នកនៅតែប្រកាន់យកសញ្ញាណនៃមជ្ឈដ្ឋានជុំវិញខ្លួននៅក្នុងពិភពដ៏តូចផ្ទាល់ខ្លួនរបស់អ្នក នោះខ្ញុំគិតថា អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់...។ តើការលើកឡើងទៅក្នុងពពក គឺជាអ្វី? តើការបោះបង់ចោល មានន័យដូចម្តេច? តើអ្នកគួររស់នៅយ៉ាងដូចម្តេច នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់នៅថ្ងៃនេះ? តើអ្នកគួរសហការយ៉ាងសកម្មជាមួយខ្ញុំយ៉ាងដូចម្តេច? ចូរបោះបង់ចោលសញ្ញាណផ្ទាល់ខ្លួន ចូរញែកឱ្យដាច់ដោយខ្លួនឯង ចូរដោះរបាំងមុខរបស់អ្នក ចូរមើលពណ៌សម្បុរពិតរបស់ខ្លួនអ្នកឱ្យច្បាស់ ចូរស្អប់ខ្ពើមខ្លួនឯង ចូរមានចិត្តស្រេកឃ្លានចង់ស្វែងរកសេចក្តីសុចរិត ចូរជឿថាខ្លួនឯងពិតជាគ្មានបានការអ្វីទេ ចូរសុខចិត្តលះបង់ខ្លួនឯង ចូរមានលទ្ធភាពបញ្ឈប់រាល់ទង្វើគ្រប់យ៉ាងទាំងអស់ ចូរមានភាពស្ងប់ស្ងៀមនៅចំពោះព្រះភក្ត្រខ្ញុំ ហើយអធិដ្ឋានឱ្យបានច្រើនបន្ថែមទៀត ចូរពឹងផ្អែកលើខ្ញុំដោយស្មោះ ចូរគោរពខ្ញុំ ហើយមិនត្រូវឈប់នៅជិតខ្ញុំ ហើយលែងប្រាស្រ័យទាក់ទងជាមួយខ្ញុំនោះទេ ក្នុងរឿងទាំងនេះ គន្លឹះដ៏សំខាន់ ត្រូវបានរកឃើញ។ ជារឿយៗ មនុស្សតែងស្ថិតនៅក្នុងរង្វង់ខ្លួនពួកគេ ដូច្នេះហើយទើបពួកគេមិននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន ពិតជាពិបាកសម្រាប់មនុស្សក្នុងការនឹកស្មានដល់ខ្លាំងណាស់ ហើយពួកគេគ្រប់គ្នាចូលទៅក្នុងភាពជាក់ស្ដែង។ ពិតជាមិនគួរខ្វះការពិចារណាអំពីកិច្ចការនេះឡើយ។ ប្រសិនបើចិត្តគំនិតរបស់អ្នកមានភាពច្របូកច្របល់នោះអ្នកនឹងគ្មានផ្លូវរីកចម្រើនទៅមុខឡើយ។ ពីដើមដល់ចប់ អ្នកត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ ហើយធ្វើយ៉ាងណាត្រូវប្រយ័ត្នកុំឱ្យមានការធ្វេសប្រហែសឱ្យសោះ។ អ្នកដែលមានការប្រុងស្មារតីជានិច្ច និងអ្នកដែលមានភាពស្ងៀមស្ងាត់នៅចំពោះព្រះភក្ត្រខ្ញុំ ពួកគេរមែងទទួលបានការប្រទានពរ! អ្នកដែលតែងតែគោរពខ្ញុំក្នុងចិត្ត អ្នកដែលយកចិត្តទុកដាក់ស្តាប់សំឡេងខ្ញុំ អ្នកដែលយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់ខ្ញុំ ហើយនឹងអ្នកដែលធ្វើតាមពាក្យបន្ទូលខ្ញុំ ពួកគេរមែងទទួលបានការព្រទានពរ! ពេលវេលា ពិតជាមិនអាចពន្យារតទៅទៀតឡើយ។ សត្វចង្រៃឧត្បាត នឹងតាមមកយាយីពាសទឹកពាសដី ដោយបើកមាត់ដ៏សាហាវប្រឡាក់ដោយឈាមរបស់វាមកលេបត្របាក់អ្នករាល់គ្នា។ ឱពួកកូនប្រុសរបស់ខ្ញុំអើយ! ពេលវេលាបានមកដល់ហើយ! គ្មានឱកាសសញ្ជឹងគិតទៀតឡើយ។ ផ្លូវតែមួយគត់ដែលនាំអ្នកឱ្យស្ថិតនៅក្រោមការការពាររបស់ខ្ញុំ គឺត្រឡប់មកនៅចំពោះព្រះភក្ត្រខ្ញុំ។ អ្នកត្រូវតែមានចរិតលក្ខណៈរឹងមាំជាកូនប្រុស។ កុំទន់ខ្សោយ ឬមានចិត្តក្តុកក្តួលឱ្យសោះ។ អ្នកត្រូវតែដើរតាមជំហានរបស់ខ្ញុំ កុំបដិសេធនឹងពន្លឺថ្មី ហើយដូចខ្ញុំប្រាប់អ្នករាល់គ្នាអ៊ីចឹងអំពីរបៀបដែលត្រូវហូប និងផឹកនូវបន្ទូលរបស់ខ្ញុំ អ្នកគួរតែចុះចូល ហើយហូប និងផឹកវាឱ្យបានត្រឹមត្រូវ។ តើនៅមានពេលវេលាដើម្បីឈ្លោះ ឬប្រកែកគ្នាតាមអំពើចិត្តតទៅទៀតដែរទេ? តើអ្នកអាចធ្វើសង្គ្រាមបានទេ ប្រសិនបើអ្នកមិនហូបឱ្យបានឆ្អែត ហើយមិនមានការជ្រួតជ្រាបអំពីសេចក្តីពិតនោះ? ប្រសិនបើអ្នកចង់យកឈ្នះលើសាសនា អ្នកត្រូវតែជ្រួតជ្រាបអំពីសេចក្តីពិត។ ចូរហូប និងផឹកបន្ទូលរបស់ខ្ញុំថែមទៀត ហើយសញ្ជឹងគិតពីពួកវាបន្តទៀត។ អ្នកត្រូវតែហូប និងផឹកនូវបន្ទូលរបស់ខ្ញុំដោយខ្លួនឯង ហើយចាប់ផ្តើមដោយចូលទៅជិតព្រះជាម្ចាស់។ សូមឱ្យការនេះក្លាយជាសេចក្ដីព្រមានមួយដល់អ្នក! អ្នកត្រូវតែយកចិត្តទុកដាក់! អ្នកដែលឆ្លាត គួរតែចាប់ផ្តើយយល់អំពីសេចក្តីពិតនេះឱ្យបានឆាប់បំផុត! ចូរលះបង់អ្វីៗដែលអ្នកមិនចង់ចែករំលែក។ ខ្ញុំសូមប្រាប់អ្នកម្តងទៀតថា របស់អស់ទាំងនេះ ពិតជាបង្កគ្រោះថ្នាក់ដល់ជីវិតអ្នក ហើយពួកវាគ្មានប្រយោជន៍អ្វីទេ! ខ្ញុំសង្ឃឹមថា អ្នកអាចពឹងផ្អែកលើខ្ញុំក្នុងសកម្មភាពរបស់អ្នក។ បើមិនដូច្នោះទេ ផ្លូវតែមួយគត់ដែលឆ្ពោះទៅមុខ គឺផ្លូវនៃសេចក្តីស្លាប់ អ៊ីចឹង តើអ្នកនឹងទៅស្វែងរកផ្លូវជីវិតនៅឯណា? ចូរដកចិត្តរបស់អ្នក ដែលស្រឡាញ់ងប់តែនឹងរបស់ក្រៅខ្លួនចេញទៅ! ចូរដកចិត្តរបស់អ្នក ដែលមិនគោរពកោតក្រែងអ្នកដទៃចោលទៅ! បើសិនជាជីវិតរបស់អ្នកមិនអាចមានភាពចាស់ទុំទេ ហើយបើសិនជាអ្នកត្រូវបានគេបោះបង់ចោល នោះតើអ្នកនឹងក្លាយជាអ្នកដែលដើរបែងជើងខ្លួនឯងឱ្យដួលមែនឬទេ? កិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាអ្វីដែលអ្នកនឹកស្មានដល់នោះទេ។ ប្រសិនបើអ្នកមិនអាចលះបង់គំនិតរបស់អ្នកទេ នោះអ្នកនឹងត្រូវបង់ខាតធ្ងន់ធ្ងរ។ បើសិនជាកិច្ចការស្របទៅតាមសញ្ញាណរបស់មនុស្ស តើធម្មជាតិ និងសញ្ញាណចាស់របស់អ្នកអាចចេញមកឯពន្លឺបានទេ? តើអ្នកអាចស្គាល់ខ្លួនឯងបានទេ? ប្រហែលជាអ្នកនៅតែគិតថា អ្នកគ្មានសញ្ញាណ ប៉ុន្តែពេលនេះ លក្ខណៈមិនល្អរបស់អ្នកទាំងអស់នឹងស្តែងចេញមកយ៉ាងច្បាស់។ ចូរសួរខ្លួនឯងដោយប្រុងប្រយ័ត្នថា៖
តើអ្នកជាមនុស្សម្នាក់ដែលចុះចូលនឹងខ្ញុំដែរទេ?
តើអ្នកមានឆន្ទៈ និងត្រៀមខ្លួនដើម្បីលះបង់ខ្លួនឯង ហើយដើរតាមខ្ញុំដែរទេ?
តើអ្នកជាមនុស្សម្នាក់ដែលចង់ជួបព្រះភក្រ្តរបស់ខ្ញុំដោយចិត្តបរិសុទ្ធដែរទេ?
តើអ្នកដឹងពីរបៀបចូលទៅជិតខ្ញុំ ហើយប្រាស្រ័យទាក់ទងជាមួយខ្ញុំដែរទេ?
តើអ្នកអាចធ្វើឱ្យខ្លួនឯងមានភាពស្ងប់ស្ងាត់នៅចំពោះព្រះភក្រ្តខ្ញុំ ហើយស្វែងយល់ពីព្រះហឫទ័យរបស់ខ្ញុំបានទេ?
តើអ្នកអនុវត្តតាមបន្ទូលដែលខ្ញុំត្រាស់បង្គាប់ប្រាប់ដល់អ្នកទេ?
តើអ្នកអាចរក្សាលក្ខណៈធម្មតានៅចំពោះព្រះភក្រ្តខ្ញុំបានទេ?
តើអ្នកអាចមើលឃើញធ្លុះកលល្បិចរបស់សាតាំងដែរទេ? តើអ្នកហ៊ានបង្ហាញពួកវាទេ?
តើអ្នកគិតយ៉ាងដូចម្តេចចំពោះបន្ទុករបស់ព្រះជាម្ចាស់?
តើអ្នកជាមនុស្សម្នាក់ដែលគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់ដែរទេ?
តើអ្នកប្រកាន់យកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្តេច?
តើអ្នកផ្តល់ការបម្រើរួមគ្នានៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច?
តើអ្នកធ្វើជាទីបន្ទាល់ដ៏រឹងមាំសម្រាប់ខ្ញុំយ៉ាងដូចម្តេច?
តើអ្នកត្រូវតស៊ូជម្នះធ្វើរឿងដ៏ត្រឹមត្រូវសម្រាប់សេចក្ដីពិតយ៉ាងដូចម្តេច?
អ្នកត្រូវតែចំណាយពេលពិចារណាអំពីសេចក្តីពិតទាំងនេះយ៉ាងហ្មត់ចត់។ ការពិតនានាមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញថា ថ្ងៃនោះជិតដល់ហើយ។ អ្នកត្រូវធ្វើខ្លួនឱ្យពេញខ្នាត មុនពេលគ្រោះមហន្តរាយកើតឡើង នេះគឺជារឿងសំខាន់មួយ ជារឿងបន្ទាន់បំផុតមួយដែលត្រូវតែដោះស្រាយ! ខ្ញុំចង់ធ្វើឱ្យអ្នករាល់គ្នាមានភាពពេញខ្នាត ប៉ុន្តែខ្ញុំទតឃើញថា អ្នករាល់គ្នាពិតជាមិនមានអ្វីប្លែកទេ។ អ្នកមានចិត្តមុះមុត ប៉ុន្តែអ្នកមិនបានប្រើវាឱ្យអស់ពីលទ្ធភាពទេ ហើយអ្នកក៏មិនបានចាប់យកអ្វីដែលសំខាន់បំផុតដែរ។ ផ្ទុយទៅវិញ អ្វីដែលអ្នកចាប់យក គឺសុទ្ធតែជារឿងតូចតាច។ តើមានប្រយោជន៍អ្វីក្នុងការពិភាក្សាអំពីរឿងទាំងនេះ? តើវាមិនខ្ជះខ្ជាយពេលវេលាទេឬ? ខ្ញុំបង្ហាញសេចក្តីល្អដល់អ្នករាល់គ្នាតាមរបៀបនេះ ប៉ុន្តែអ្នករាល់គ្នាមិនបានបង្ហាញការដឹងគុណទេ។ អ្នកគ្រាន់តែឈ្លោះប្រកែកគ្នាទៅវិញទៅមកប៉ុណ្ណោះ ដូច្នេះ តើការខិតខំប្រឹងប្រែងរបស់ខ្ញុំ មិនមែនជាការខ្ជះខ្ជាយឥតអំពើទេឬ? ប្រសិនបើអ្នកនៅតែអនុវត្តរបៀបនេះទៀត ខ្ញុំនឹងមិនចំណាយពេលដើម្បីមកលួងលោមអ្នករាល់គ្នាទេ! ខ្ញុំមានបន្ទូលទៅកាន់អ្នករាល់គ្នាថា លុះត្រាតែអ្នកចាប់ផ្តើយយល់អំពីសេចក្តីពិត ពុំនោះទេ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងត្រូវដកចេញពីអ្នករាល់គ្នា! អ្នករាល់គ្នានឹងមិនទទួលបានអ្វីហូបទៀតទេ ហើយអ្នកអាចនឹងមានជំនឿតាមដែលអ្នករាល់គ្នាយល់ឃើញថាសមស្រប។ ខ្ញុំបានសម្តែងព្រះបន្ទូលរបស់ខ្ញុំសព្វគ្រប់អស់ហើយ។ វាអាស្រ័យលើអ្នករាល់គ្នាថា តើអ្នកស្តាប់ ឬមិនស្តាប់ប៉ុណ្ណោះ។ ពេលណាពេលវេលាមកដល់ដែលធ្វើឱ្យអ្នករាល់គ្នាមានភាពច្របូកច្របល់ គ្មានផ្លូវរីកចម្រើនទៅមុខ និងមិនអាចមើលឃើញពន្លឺពិតនោះ តើអ្នកនឹងស្តីបន្ទោសខ្ញុំទេ? ពិតជាល្ងង់ខ្លៅមែន! តើលទ្ធផលនឹងទៅជាយ៉ាងណា បើសិនជាអ្នកប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះខ្លួនឯង បើសិនជាអ្នកមិនព្រមលះបង់ចោលនោះទេ? តើកិច្ចការរបស់អ្នក មិនគ្រាន់តែការអនុវត្តមួយដែលឥតប្រយោជន៍ទេឬ? វាពិតជាគួរឱ្យអាណិតណាស់ដែលត្រូវបានគេបង់បោះចោល នៅពេលមានគ្រោះមហន្តរាយកើតឡើង!
ឥឡូវនេះ គឺជាដំណាក់កាលដ៏សំខាន់នៃការកសាងក្រុមជំនុំ។ បើសិនជាអ្នកមិនអាចសហការជាមួយខ្ញុំយ៉ាងសកម្ម និងថ្វាយខ្លួនដល់ខ្ញុំដោយចិត្តស្មោះត្រង់នោះទេ ហើយបើសិនជាអ្នកមិនអាចលះបង់អ្វីគ្រប់យ៉ាងទេ នោះអ្នកនឹងត្រូវទទួលរងនូវការបាត់បង់។ តើអ្នកនៅតែអាចមានបំណងផ្សេងទៀតដែរទេ? ខ្ញុំបានបង្ហាញអ្នករាល់គ្នាពីភាពទន់ភ្លន់តាមរបៀបនេះ ដោយរង់ចាំឱ្យអ្នករាល់គ្នាប្រែចិត្ត ហើយចាប់ផ្តើមសាជាថ្មី។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាពិតជាមិនបណ្តែតបណ្តោយឱ្យមានរឿងនេះតទៅទៀតទេ ហើយខ្ញុំត្រូវតែពិចារណាលើបញ្ហាជារួម។ សម្រាប់ជាប្រយោជន៍ចំពោះគោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ អ្វីៗទាំងអស់កំពុងធ្វើដំណើរឆ្ពោះទៅមុខ ហើយជំហានរបស់ខ្ញុំដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយពេលទៅមួយពេល និងពីវិនាទីមួយទៅវិនាទីមួយ អ្នកដែលមិនអាចដើរតាមទាន់ នឹងត្រូវបោះបង់ចោល។ រៀងរាល់ថ្ងៃ តែងមានពន្លឺថ្មីជានិច្ច។ រាល់ថ្ងៃ គេធ្វើកិច្ចការថ្មីៗជានិច្ច។ ជារៀងរាល់ថ្ងៃ មានរឿងថ្មីៗកើតឡើង ហើយអ្នកដែលមិនអាចមើលឃើញពន្លឺ គឺជាមនុស្សខ្វាក់! អ្នកដែលមិនធ្វើតាម នឹងត្រូវផាត់ចោលចោល...។