ជំពូកទី ១៦
ក្រោយការធ្វើបន្ទាល់អំពីបុត្រមនុស្សរួចមក ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងអង្គទ្រង់ផ្ទាល់ឱ្យយើងឃើញជាសាធារណៈ ក្នុងនាមជាព្រះអាទិត្យនៃសេចក្តីសុចរិត។ នេះគឺជាការផ្លាស់ប្រែព្រះកាយនៅលើភ្នំ! ឥឡូវនេះ វាកាន់តែកំពុងក្លាយជាការពិត កាន់តែជាក់ស្ដែងហើយ។ យើងបានឃើញពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានលេចចេញពីសាច់ឈាម។ ព្រះអង្គមិនស្ថិតនៅក្រោមការត្រួតត្រារបស់មនុស្ស លំហ ឬភូមិសាស្ត្រឡើយ។ ព្រះអង្គខ្ពង់ខ្ពស់លើសព្រំដែននៃផែនដី និងសមុទ្រទៅទៀត។ ទ្រង់លាតសន្ធឹងនៅទូទាំងចក្រវាឡ និងទៅដល់ចុងបំផុតនៃផែនដី ហើយគ្រប់ប្រជាជាតិ និងគ្រប់មនុស្សទាំងអស់កំពុងតែស្ដាប់ព្រះសូរសៀងរបស់ទ្រង់ដោយស្ងាត់ៗ។ នៅពេលដែលយើងបើកភ្នែកខាងវិញ្ញាណរបស់យើង នោះយើងមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសាយភាយចេញពីព្រះកាយដ៏រុងរឿងរបស់ទ្រង់។ នេះគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលលេចចេញពីសាច់ឈាម។ ព្រះអង្គជាព្រះជាម្ចាស់ដ៏ពិត និងពេញលេញដោយផ្ទាល់ព្រះអង្គ។ ទ្រង់មានបន្ទូលមកកាន់យើងជាសាធារណៈ ទ្រង់គង់នៅជាមួយយើងមុខទល់នឹងមុខ ទ្រង់ផ្ដល់ដំបូន្មានដល់យើង ទ្រង់មានព្រះទ័យអាណិតយើង ទ្រង់រង់ចាំយើង ទ្រង់កម្សាន្តចិត្តយើង ទ្រង់ប្រៀនប្រដៅយើង ហើយទ្រង់ជំនុំជម្រះយើង។ ទ្រង់កាន់ដៃដឹកនាំយើង ហើយការយកព្រះទ័យទុកដាក់របស់ទ្រង់ចំពោះយើងឆេះឆួលឡើងដូចជាអណ្តាតភ្លើងនៅខាងក្នុងទ្រង់អ៊ីចឹង។ ដោយមានព្រះហឫទ័យរំភើបខ្លាំង ទ្រង់ដាស់តឿនយើងឱ្យភ្ញាក់រឭក ហើយចូលទៅក្នុងទ្រង់។ ព្រះជន្មដ៏ខ្ពង់ខ្ពស់របស់ទ្រង់ត្រូវបានប្រទានចូលទៅក្នុងយើងទាំងអស់គ្នា ហើយអស់អ្នកដែលចូលទៅក្នុងទ្រង់នឹងទទួលបានភាពខ្ពង់ខ្ពស់ ព្រមទាំងយកឈ្នះលោកីយ៍ និងពួកអារក្ស ហើយសោយរាជ្យជាស្ដេចរួមជាមួយទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះកាយខាងវិញ្ញាណរបស់ព្រះជាម្ចាស់។ បើព្រះអង្គបង្គាប់មក នោះវានឹងកើតឡើង។ បើព្រះអង្គមានបន្ទូល នោះវានឹងកើតឡើង ហើយបើព្រះអង្គបញ្ជាមកហើយ នោះវាក៏នឹងកើតឡើងផងដែរ។ ព្រះអង្គគឺជាព្រះដ៏ពិតតែមួយអង្គ! សាតាំងស្ថិតនៅក្រោមព្រះបាទារបស់ទ្រង់ នៅក្នុងជង្ហុកដ៏ធំ។ ចក្កវាឡ និងរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ពេលវេលាបានមកដល់ ហើយអ្វីៗទាំងអស់នឹងត្រឡប់ទៅរកភាពគ្មានរូប និងត្រូវកើតជាថ្មីវិញ។