ជំពូកទី ៤៦
អ្នកណាដែលបានលះបង់ដោយស្មោះស្ម័គ្រ ហើយថ្វាយខ្លួនសម្រាប់ខ្ញុំ នោះខ្ញុំច្បាស់ជានឹងការពារអ្នកនោះរហូតដល់ទីបញ្ចប់ ព្រះហស្ដខ្ញុំនឹងទ្រអ្នកជាប្រាកដ ដើម្បីឱ្យអ្នកមានសេចក្កីសុខសាន្ដជានិច្ច និងមានអំណរជានិច្ច ព្រមទាំងឱ្យអ្នកទទួលបានពន្លឺ និងការបើកសម្ដែងរបស់ខ្ញុំជារាល់ថ្ងៃផងដែរ។ ខ្ញុំនឹងបន្ថែមព្រះពររបស់ខ្ញុំទ្វេដងដល់អ្នកជាប្រាកដ ដើម្បីឱ្យអ្នកមានអ្វីដែលខ្ញុំមាន និងបានអ្វីដែលខ្ញុំមានផងដែរ។ នេះជាអ្វីដែលអ្នកត្រូវទទួលបាននៅក្នុងជីវិតរបស់អ្នក ហើយគ្មាននរណាម្នាក់អាចយកវាចេញពីអ្នកបានឡើយ។ សូមអ្នកកុំមានការថប់បារម្ភ ឬធ្លាក់ទឹកចិត្តឱ្យសោះ ដ្បិត នៅក្នុងខ្ញុំមានតែសេចក្ដីសុខសាន្ដ និងអំណរប៉ុណ្ណោះ។ កូនអើយ ខ្ញុំស្រឡាញ់អ្នកដោយស្មោះស្ម័គ្រ ខ្ញុំស្រឡាញ់អ្នកជាអ្នកដែលគោរព និងស្ដាប់បង្គាប់ដល់ខ្ញុំយ៉ាងស្មោះស្ម័គ្រ។ អ្នកដែលខ្ញុំស្អប់ជាងគេ គឺជាមនុស្សកំពុត។ ខ្ញុំនឹងកាត់កាលអ្នកទាំងនោះចោលជាក់ជាមិនខាន។ ខ្ញុំនឹងផាត់ចោលនូវការទាំងនោះក្នុងលោកីយ៍ចេញពីដំណាក់របស់ខ្ញុំ ហើយនឹងផាត់ចោលនូវអ្វីទាំងអស់ដែលខ្ញុំមិនអាចទ្រាំទតមើលតទៅទៀតបាន។
នៅក្នុងហឫទ័យខ្ញុំ ខ្ញុំដឹងច្បាស់ថាអ្នកណាចង់បានខ្ញុំដោយស្មោះស្ម័គ្រ ហើយអ្នកណាដែលមិនចង់បានខ្ញុំ។ ទោះបីជាពួកគេអាចបន្លំខ្លួនបានយ៉ាងល្អ ហើយមើលទៅដូចជាពិតមែន ហើយបើទោះជាពួកគេពូកែសម្ដែងនៅក្នុងលោកិយនេះយ៉ាងណាក៏ដោយ ក៏ខ្ញុំទតឃើញយ៉ាងច្បាស់នូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ កុំគិតថាខ្ញុំមិនដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តអ្នកឡើយ។ ការពិតទៅគ្មាននរណាម្នាក់ដែលយល់ច្បាស់ជាងខ្ញុំនោះទេ។ ខ្ញុំដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ អ្នកមានបំណងថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ និងលះបង់សម្រាប់ព្រះជាម្ចាស់ ប៉ុន្ដែអ្នកមិនចង់ប្រើសម្ដីផ្អែមល្ហែមដើម្បីធ្វើឱ្យអ្នកដទៃរីករាយនោះឡើយ។ ចូរមើលឱ្យច្បាស់! នគរព្រះនាពេលសព្វថ្ងៃ មិនត្រូវបានសង់ឡើងដោយកម្លាំងរបស់មនុស្សនោះទេ ប៉ុន្តែនឹងត្រូវសង់ឡើងដោយជោគជ័យទាំងស្រុងដោយប្រើប្រាជ្ញាគ្រប់យ៉ាង និងការខំប្រឹងដោយផ្ចិតផ្ចង់របស់ខ្ញុំ។ អ្នកណាដែលមានប្រាជ្ញា និងមានលក្ខណៈរបស់ខ្ញុំនៅក្នុងខ្លួនគេ អ្នកទាំងនោះនឹងមានចំណែកនៅក្នុងការកសាងនគរព្រះ។ ចូរកុំបារម្ភទៀតឡើយ អ្នកតែងតែព្រួយបារម្ភជាពន់ពេក ដោយមិនបានគិតពីការបើកសម្តែង ឬការបំភ្លឺនៃបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងខ្លួនឯង។ ចូរកុំធ្វើបែបនេះតទៅទៀត។ មិនថាមានបញ្ហាអ្វីក៏ដោយ ចូរមានការប្រកបជាមួយខ្ញុំឱ្យបានច្រើនថែមទៀត ដើម្បីឱ្យអ្នកអាចជៀសផុតពីការរងទុក្ខដែលកើតចេញពីសកម្មភាពរបស់អ្នកផ្ទាល់។
ប្រហែលជានៅខាងក្រៅ មើលទៅខ្ញុំដូចជាមិនរវល់នឹងមនុស្សគ្រប់គ្នានោះទេ ប៉ុន្តែតើអ្នកដឹងពីអ្វីដែលខ្ញុំគិតនៅខាងក្នុងទេ? ខ្ញុំតែងតែលើកអ្នកដែលបន្ទាបខ្លួនឱ្យខ្ពស់ឡើង ហើយតែងតែបន្ទាបចុះចំពោះអ្នកដែលគិតតែពីខ្លួនឯង និងគិតថាមានតែខ្លួនឯងទេដែលសំខាន់។ អ្នកដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ នឹងទទួលរងនូវការបាត់បង់ដ៏ធំ។ អ្នកត្រូវដឹងថា នេះជាលក្ខណៈខ្ញុំ ហើយនេះជា និស្ស័យរបស់ខ្ញុំ ពោលគឺគ្មាននរណាម្នាក់អាចផ្លាស់ប្តូរខ្ញុំបានឡើយ ហើយក៏គ្មានអ្នកណាអាចយល់ពីខ្ញុំបានស៊ីជម្រៅដែរ។ មានតែតាមរយៈការបើកសម្តែងរបស់ខ្ញុំប៉ុណ្ណោះ ទើបអ្នកអាចយល់បាន បើមិនដូច្នេះទេ អ្នកក៏នឹងមិនយល់ច្បាស់អំពីខ្ញុំនោះដែរ ដូច្នេះ ចូរកុំក្រអឺតក្រទមឱ្យសោះ។ ទោះបីមនុស្សខ្លះអាចនិយាយបានយ៉ាងល្អក៏ដោយ ក៏ដួងចិត្តគេនៅតែមិនស្មោះត្រង់នឹងខ្ញុំ ហើយតែងតែប្រឆាំងខ្ញុំដោយសំងាត់។ ខ្ញុំនឹងជំនុំជម្រះមនុស្សប្រភេទនេះ។
ចូរកុំគ្រាន់តែផ្តោតលើការទទួលយកការចាប់អារម្មណ៍ពីអ្នកដទៃនោះឡើយ អ្នកគួរតែយកចិត្តទុកដាក់លើឫកពា និងរបៀបរបបរបស់ខ្ញុំផងដែរ។ មានតែតាមវិធីនេះទេដែលអ្នកនឹងយល់បន្តិចម្តងៗនូវបំណងព្រះហឫទ័យរបស់ខ្ញុំ។ នៅពេលនោះសកម្មភាពរបស់អ្នកនឹងស្របតាមបំណងព្រះហឫទ័យខ្ញុំ ហើយអ្នកនឹងមិនប្រព្រឹត្តកំហុសនោះឡើយ។ ចូរកុំយំសោក ឬសោកសៅនោះឡើយ។ ខ្ញុំមើលឃើញយ៉ាងច្បាស់នូវអ្វីដែលអ្នកបានធ្វើ គ្រប់ឥរិយាបថរបស់អ្នក និងគ្រប់ទាំងអ្វីដែលអ្នកគិត ហើយខ្ញុំដឹងអំពីចំណង់ចិត្ត និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់អ្នកផងដែរ។ ខ្ញុំនឹងប្រើអ្នក។ ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់ ពេលវេលាដើម្បីសាកល្បងអ្នកបានមកដល់ហើយ។ តើអ្នកនៅតែមិនទាន់ឃើញទេឬអី? តើអ្នកនៅតែមិនទាន់យល់ឬយ៉ាងណា? ហេតុអ្វីបានជាខ្ញុំប្រកាន់អាកប្បកិរិយាបែបនេះចំពោះអ្នក? តើអ្នកដឹងទេ? ខ្ញុំបានបើកសម្ដែងរឿងទាំងនេះដល់អ្នក ហើយអ្នកមានការជ្រួតជ្រាបតិចតួច។ ប៉ុន្តែចូរកុំឈប់ឡើយ ត្រូវខំប្រឹងបន្តទៅមុខទៀត ហើយខ្ញុំនឹងបន្តបំភ្លឺអ្នក។ តើអ្នកបានដឹងទេថា បើអ្នកកាន់តែស្ដាប់បង្គាប់ និងយកចិត្តទុកដាក់ចំពោះខ្ញុំកាន់តែច្រើន នោះអ្នកនឹងមានភាពត្រចះត្រចង់ ហើយនឹងទទួលបានការបើកសម្ដែងដល់អ្នកកាន់តែច្រើននៅខាងក្នុងដួងចិត្តឬទេ? តើអ្នកដឹងទេថា បើអ្នកកាន់តែស្ដាប់បង្គាប់ និងយកចិត្តទុកដាក់ចំពោះខ្ញុំ នោះអ្នកនឹងចម្រើននូវចំណេះដឹង និងទទួលបាននូវបទពិសោធកាន់តែច្រើនដែលអ្នកទទួលបានពីខ្ញុំឬទេ? ចូរកុំប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនជានិច្ចនោះឡើយ ដោយសារការធ្វើបែបនេះនឹងធ្វើឱ្យស្ទះដល់លំហូរនៃទឹករស់របស់ខ្ញុំ និងរារាំងការបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកត្រូវដឹងថា ដើម្បីឱ្យនរណាម្នាក់មានការលូតលាស់ពេញលេញ មិនមែនជារឿងងាយស្រួលទេ។ ដូច្នេះ ចូរកុំមានការគិតស្មុគស្មាញពេក។ គ្រាន់តែធ្វើតាម ហើយមិនចាំបាច់ពិចារណាវែងឆ្ងាយទៀតទេ!