មានតែព្រះជាម្ចាស់ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចតែមួយគត់

24-02-2021

អត្តសញ្ញាណពិសេសរបស់សាតាំង បានបណ្តាលឲ្យមនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកបង្ហាញរបស់វាអំពីទិដ្ឋភាពនានា។ ក៏មានមនុស្សភ្លីភ្លើជាច្រើនដែរ ដែលជឿថា សាតាំងមានសិទ្ធិអំណាចដូចជាព្រះជាម្ចាស់ដែរ ដោយសារសាតាំងអាចបង្ហាញការឫទ្ធិ​បារមីបាន ហើយវាអាចធ្វើអ្វីៗដែលមនុស្សជាតិមិនអាចធ្វើបាន។ ដូច្នេះ បន្ថែមលើការថ្វាយបង្គំព្រះជាម្ចាស់ មនុស្សជាតិក៏រក្សាទុកទីកន្លែងសម្រាប់សាតាំងនៅក្នុងចិត្តរបស់គេដែរ ហើយគេថែមទាំងថ្វាយបង្គំសាតាំងទុក​ជាព្រះជាម្ចាស់ទៀតផង។ មនុស្សទាំងនេះ គឺគួរឲ្យអាណិតផង និងគួរឲ្យស្អប់ផង។ ពួកគេគួរអាណិតដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ ហើយពួកគេគួរឲ្យស្អប់ដោយសារតែភាពអញនិយមរបស់ពួកគេ និងសារជាតិ​អាក្រក់ដែលមានពីកំណើតរបស់ពួកគេ។ នៅត្រង់ចំណុចនេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ដែល​ត្រូវ​ជម្រាបអ្នករាល់គ្នាអំពីអ្វីដែល​ជាសិទ្ធិអំណាច អ្វីដែលសិទ្ធិអំណាចនេះធ្វើជានិមិត្តរូប និងអ្វីដែលវាតំណាង។ និយាយឲ្យទូលាយជាងនេះគឺ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសិទ្ធិអំណាច សិទ្ធិអំណាចរបស់ទ្រង់គឺជានិមិត្តរូបនៃភាពឧត្តុង្គឧត្តម និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតំណាងឲ្យឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ដោយសារតែបែបនេះ តើសាតាំងហ៊ាននិយាយថា ខ្លួនវាជាព្រះជាម្ចាស់ទេ? តើសាតាំងហ៊ាននិយាយថា វាបានបង្កើតរបស់សព្វសារពើ និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើឬទេ? ពិតណាស់ វាមិនហ៊ាននោះទេ! ព្រោះ​វាមិនអាចបង្កើតរបស់សព្វសារពើបាន​ទេ។ មកដល់សព្វថ្ងៃនេះ វាមិនដែលបានបង្កើតអ្វីមួយដែលព្រះជាម្ចាស់បានបង្កើតនោះទេ ហើយវាក៏​មិនដែលបានបង្កើតអ្វីមួយដែលមានជីវិតនោះដែរ។ ដោយ​សារតែវាមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទើបវាមិនអាចមានឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទាំងនេះត្រូវបានកំណត់ដោយលក្ខណៈសំខាន់​របស់វា។ តើវាមានអំណាចដូចព្រះជាម្ចាស់ឬទេ? ពិតណាស់ វាមិនមានទេ! តើយើងហៅសកម្មភាពរបស់សាតាំង និងការឫទ្ធិ​បារមី​ដែលសាតាំងបង្ហាញ ថាជាអ្វី? តើ​វាជាចេស្ដា​ឬ? តើអាចហៅវាថា ជា​សិទ្ធិអំណាចបានទេ? ពិតណាស់ មិនអាចហៅបានទេ! សាតាំងត្រួតត្រាទំនោររបស់អំពើអាក្រក់ ហើយបង្កភាពស្មុគស្មាញ បំផ្លាញ និងរំខានរាល់ទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់។ អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ ក្រៅពីធ្វើឲ្យមនុស្សជាតិពុករលួយ និងធ្វើទុកបុកម្នេញមនុស្សជាតិ ទាក់ទាញ និងបោកបញ្ឆោតមនុស្សឲ្យមើលងាយ និងបដិសេធព្រះជាម្ចាស់ ទើបមនុស្សដើរទៅកាន់ជ្រោះនៃម្លប់​សេចក្តីស្លាប់ តើសាតាំងបានធ្វើអ្វីផ្សេងទៀតដែលសមនឹងទទួលការរំលឹក ការកោតសរសើរ ឬការស្រឡាញ់ពីមនុស្សសូម្បីតែបន្តិចនោះ? ប្រសិនបើសាតាំងមានសិទ្ធិអំណាច និងចេស្ដា តើវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិឬទេ? ប្រសិនបើសាតាំងមានចេស្ដា​និងសិទ្ធិអំណាច តើមនុស្សជាតិនឹងបោះបង់ព្រះជាម្ចាស់ ហើយវិលត្រឡប់ទៅរកសេចក្តីស្លាប់ឬទេ? ដោយសារសាតាំងគ្មានសិទ្ធិអំណាច ឬចេស្ដា​ តើអ្វីដែលយើងគួរសន្និដ្ឋានអំពីលក្ខណៈសំខាន់នៃ​គ្រប់យ៉ាងដែលវាធ្វើ? មានមនុស្សដែលផ្តល់និយមន័យអំពីគ្រប់យ៉ាងដែលសាតាំងធ្វើថា គ្រាន់តែ​ជាការបោកបញ្ឆោតប៉ុណ្ណោះ ប៉ុន្តែខ្ញុំជឿថា ការផ្តល់និយមន័យបែបនេះ គឺមិនសមស្របនោះទេ។ តើទង្វើអាក្រក់នៃការធ្វើឲ្យមនុស្សពុករលួយរបស់វា គ្រាន់តែជាការបោកបញ្ឆោតឬ? កម្លាំងអាក្រក់ដែលសាតាំងធ្វើទុក្ខទោសដល់លោក​យ៉ូប និងមហិច្ឆតាដ៏សាហាវរបស់វាក្នុង​ការ​ធ្វើទុក្ខទោស និងបំផ្លាញគាត់ មិនអាចសម្រេចបានត្រឹមតែការបោកបញ្ឆោតប៉ុណ្ណោះទេ។ បើក្រឡេកមើលទៅក្រោយ ហ្វូងសត្វរបស់លោក​យ៉ូបដែលរាយប៉ាយទូទាំងភ្នំតូចភ្នំធំបានវិនាសមួយរំពេច។ សំណាងដ៏អស្ចារ្យរបស់លោក​យ៉ូប បានវិនាសបាត់ទៅមួយរំពេច។ តើនេះត្រូវបានសម្រេចត្រឹមតែការបោកបញ្ឆោតឬទេ? ធម្មជាតិនៃគ្រប់យ៉ាងដែលសាតាំងធ្វើ គឺឆ្លើយតប និងសមស្របជាមួយពាក្យអវិជ្ជមានដូចជា ដើម្បីធ្វើឲ្យខូច រំខាន បំផ្លាញ ធ្វើឲ្យគ្រោះថ្នាក់ អាក្រក់ ភាពអាក្រក់ និងភាពងងឹត​ជា​ដើម។ ដូច្នេះ ការកើតឡើងគ្រប់យ៉ាងដែលទុច្ចរិត និងអាក្រក់ គឺផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់សាតាំងដោយ​មិន​អាច​កាត់​ផ្ដាច់​បាន ហើយមិនអាចកាត់ផ្តាច់ពីលក្ខណៈអាក្រក់របស់សាតាំងបាន​ឡើយ។ មិនថាសាតាំង «ខ្លាំង» ប៉ុណ្ណា មិនថាវាអង់អាច និងធំប៉ុណ្ណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុណ្ណាក្នុងការបង្កឲ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឲ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុណ្ណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុណ្ណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិ​ភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្រវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់​សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បី​តែ​សត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹង​នៅលើភ្នំទៅទៀត តូចជាងបក្សា​បក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុណ្ណា និងមិនថាលក្ខណៈសំខាន់​របស់វាអាក្រក់ប៉ុណ្ណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់​។ នេះគឺជាលក្ខណៈសំខាន់ និងតួនាទីរបស់សាតាំង។ លក្ខណៈរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ដោយបានយល់ពីមុខមាត់ពិតរបស់សាតាំង មនុស្សជាច្រើននៅតែមិនយល់ពីអ្វីដែល​ជាសិទ្ធិអំណាច ដូច្នេះ ខ្ញុំសូមប្រាប់អ្នកថា! សិទ្ធិអំណាចអាចត្រូវបានពន្យល់ថា ជាព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់។ ទីមួយ វាអាចត្រូវបាននិយាយដោយភាពប្រាកដថា ទាំងសិទ្ធិអំណាច និងព្រះ​ចេស្ដា​គឺវិជ្ជមាន។ ពួកវាមិនមានទំនាក់ទំនងទៅនឹងអ្វីមួយដែលអវិជ្ជមាននោះទេ ហើយក៏មិនទាក់ទងទៅនឹងភាវៈដែលត្រូវបានបង្កើត និងភាវៈដែល​មិនត្រូវបានបង្កើតដែរ។ អំណាចរបស់ព្រះជាម្ចាស់គឺអាចបង្កើតអ្វីៗគ្រប់សណ្ឋានដែលមានជីវិត និងភាពរស់រវើក ហើយទាំងនេះត្រូវបានកំណត់ដោយជីវិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាជីវិត ដូច្នេះទ្រង់គឺជាប្រភពនៃភាវៈមានជីវិតទាំងអស់។ ជាងនេះទៅទៀត សិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចធ្វើឲ្យភាវៈមានជីវិតទាំងអស់គោរពតាមព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ ពោលគឺ ក្លាយជាភាវៈដោយផ្អែកលើព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយរស់នៅ និងបន្តពូជដោយការបញ្ជារបស់ព្រះជាម្ចាស់ ដែលក្រោយមក ព្រះជាម្ចាស់ត្រួតត្រា និងបញ្ជាភាវៈមានជីវិតទាំងអស់ ហើយនឹងមិនដែលមានការកែប្រែជានិច្ចនិរន្តរ៍។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានលក្ខណៈទាំងនេះទេ គឺមានតែព្រះអាទិករប៉ុណ្ណោះដែលមាន និងកាន់កាប់ព្រះ​ចេស្ដា​បែបនេះ ដូច្នេះ វាត្រូវបានហៅថា សិទ្ធិអំណាច។ នេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ។ ដូចនេះ មិនថាពាក្យ «សិទ្ធិអំណាច» ឬលក្ខណៈសំខាន់របស់សិទ្ធិអំណាចនេះទេ ពួកវានីមួយៗអាចត្រឹមតែជាប់ទាក់ទងជាមួយព្រះអាទិករប៉ុណ្ណោះ ដោយសារតែវាគឺជានិមិត្តរូបនៃអត្តសញ្ញាណ និងលក្ខណៈសំខាន់តែមួយគត់របស់ព្រះអាទិករ ហើយវាតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ ក្រៅពីព្រះអាទិករ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចជាប់ទាក់ទងជាមួយពាក្យ «សិទ្ធិអំណាច» បានទេ។ នេះគឺជាការកាត់​ស្រាយ​អំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។

ទោះបីជាសាតាំងមើលទៅលោក​យ៉ូបដោយក្រសែភ្នែកច្រណែនក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ វាមិនហ៊ានប៉ះពាល់រោមមួយសរសៃដែលមាននៅលើរាងកាយរបស់លោក​យ៉ូបនោះទេ។ ទោះបីសាតាំងអាក្រក់ និងសាហាវពីកំណើតក៏ដោយ បន្ទាប់ពីព្រះជាម្ចាស់ចេញបទបញ្ជារបស់ទ្រង់ដល់វាហើយ​ វាគ្មានជម្រើសអ្វីក្រៅពីគោរពតាមការបញ្ជារបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ទោះបីជាសាតាំងរំភើបភ្ញាក់ផ្អើលដូចចចកមួយក្បាលនៅក្នុងហ្វូងចៀម នៅពេលដែលវាមករកលោក​យ៉ូបក៏ដោយ ក៏វាមិនហ៊ានភ្លេចដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វានោះដែរ​។ វាមិនហ៊ានបំពានបទបញ្ជារបស់ព្រះជាម្ចាស់ទេ ហើយនៅក្នុងគ្រប់យ៉ាងដែលវាបានធ្វើ សាតាំងមិនហ៊ានងាកចេញពីគោលការណ៍ និងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ​។ តើនេះមិនមែនជាការពិតទេឬ? តាម​រយៈ​រឿងរ៉ាវនេះ យើងអាចឃើញថា សាតាំងមិនហ៊ានបំពានព្រះបន្ទូលណាមួយរបស់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ ចំពោះសាតាំង ព្រះបន្ទូលនីមួយៗដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺជាបទបញ្ជាមួយ និងជាច្បាប់​ស្ថានសួគ៌មួយ ព្រមទាំងជាការថ្លែងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយ​សារនៅពីក្រោយព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ គឺត្រូវបានសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលបំពានបទបញ្ជារបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលមិនស្តាប់បង្គាប់ ព្រមទាំងទាស់ទទឹងនឹងច្បាប់​ស្ថានសួគ៌។ សាតាំងដឹងយ៉ាងច្បាស់ថា ប្រសិនបើវាបំពានបទបញ្ជារបស់ព្រះជាម្ចាស់ នោះវាត្រូវតែទទួលលទ្ធផលចំពោះ​ការបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលទ្ធផលនៃការទាស់ទទឹងនឹងច្បាប់​ស្ថានសួគ៌។ តើលទ្ធផលទាំងនេះគឺជាអ្វី? ពិតណាស់ ពួកវាគឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះសាតាំង។ សកម្មភាពរបស់សាតាំងចំពោះលោក​យ៉ូប គ្រាន់តែជា​ចំណែក​ដ៏តូចល្អិតមួយនៃការដែល​វាធ្វើឲ្យមនុស្សពុករលួយតែប៉ុណ្ណោះ ហើយនៅពេលដែលសាតាំងកំពុងធ្វើសកម្មភាពទាំងនេះ ដែនកំណត់ដែលព្រះជាម្ចាស់កំណត់ និងបទបញ្ជាដែលទ្រង់បានចេញចំពោះសាតាំង គ្រាន់តែជាចំណែក​ដ៏តូចល្អិតមួយនៃគោលការណ៍នៅពីក្រោយគ្រប់យ៉ាងដែលវាធ្វើប៉ុណ្ណោះ។ ជាងនេះទៅទៀត តួនាទី និងតំណែងរបស់សាតាំងនៅក្នុងបញ្ហានេះ គ្រាន់តែជាចំណែក​ដ៏តូចល្អិតមួយប៉ុណ្ណោះ។ តួនាទី និងតំណែងរបស់វានៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយការស្តាប់ង្គាប់ទាំងស្រុងរបស់សាតាំងចំពោះព្រះជាម្ចាស់នៅក្នុងការល្បួងរបស់វាចំពោះលោក​យ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតនៃវិធីដែលសាតាំងមិនហ៊ានបញ្ចេញការជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់សូម្បី​តែ​បន្ដិច​ប៉ុណ្ណោះ។ តើការព្រមានអ្វីដែលចំណែកដ៏តូចល្អិតនេះផ្តល់ដល់អ្នករាល់គ្នា? នៅក្នុងចំណោម​របស់សព្វសារពើរួមទាំងសាតាំងដែរនោះ គ្មានមនុស្ស​ណាម្នាក់ ឬវត្ថុណាមួយអាចបំពានច្បាប់​និងបទបញ្ជានៃស្ថានសួគ៌ដែលព្រះអាទិករបានកំណត់នោះទេ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលហ៊ានបំពានច្បាប់​ និងបទបញ្ជានៃស្ថានសួគ៌ទាំងនេះនោះដែរ ព្រោះ​គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចកែប្រែ ឬគេចចេញពីការដាក់ទោសដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលមិនស្តាប់បង្គាប់ច្បាប់ និងបទបញ្ជាទាំងនោះ។ មានតែព្រះអាទិករប៉ុណ្ណោះ ដែលអាចបង្កើតច្បាប់​និងបទបញ្ជានៃស្ថានសួគ៌ មានតែព្រះអាទិករប៉ុណ្ណោះ ដែលមានព្រះ​ចេស្ដា​ដើម្បីដាក់ឲ្យដំណើរ​ការ​ច្បាប់​ និងបទបញ្ជានៃស្ថានសួគ៌ទាំងនោះ ហើយ​មានតែព្រះ​ចេស្ដា​របស់ព្រះអាទិករប៉ុណ្ណោះ ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានបាន។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ហើយសិទ្ធិអំណាចនេះគឺឧត្តុង្គឧត្តមបំផុតក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ វាមិនអាចទៅរួចទេ ដែលនិយាយថា «ព្រះជាម្ចាស់គឺជាព្រះដ៏អស្ចារ្យបំផុត ហើយសាតាំងឈរនៅលេខរៀងទីពីរនោះ។» មានតែព្រះអាទិករប៉ុណ្ណោះដែលមានសិទ្ធិអំណាចតែមួយគត់ ក្រៅពីនេះ គឺគ្មានព្រះដទៃណាផ្សេងទៀតឡើយ!

ពេលនេះ តើអ្នករាល់គ្នាមានចំណេះដឹងថ្មីអំពីសិទ្ធិអំណាច​រស់ព្រះជាម្ចាស់ឬទេ? ទីមួយ តើមានភាពខុសគ្នាឬទេ រវាងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលទើបនឹងលើកឡើងអម្បាញ់មិញ និងអំណាចរបស់មនុស្ស? តើអ្វីជាភាពខុសគ្នា? មនុស្សមួយចំនួននិយាយថា គ្មានការប្រៀបធៀបរវាងអំណាចទាំងពីរនេះទេ។ ការនិយាយបែបនោះ គឺត្រឹមត្រូវ! ទោះបីជាមនុស្សនិយាយថា គ្មានការប្រៀបធៀបរវាងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអំណាចរបស់មនុស្សក៏ដោយ ក៏នៅក្នុងគំនិត និងនៅក្នុងសញ្ញាណរបស់មនុស្ស អំណាចរបស់មនុស្សគឺតែងតែច្របូកច្របល់ជាមួយសិទ្ធិអំណាច ហើយទាំងពីរនេះតែងតែត្រូវបានប្រៀបធៀបទន្ទឹមគ្នា។ តើមានអ្វីកំពុងកើតឡើងនៅទីនេះ? តើមនុស្សមិនមែនកំពុងបង្កើតកំហុស ក្នុងការយកមួយទៅជំនួសមួយទៀតយ៉ាងគ្រោះថ្នាក់ទេឬ? ទាំងពីរយ៉ាងនេះ គឺមិនទាក់ទងគ្នានោះទេ ហើយក៏គ្មានការប្រៀបធៀបរវាងពួកវាដែរ ប៉ុន្តែមនុស្សនៅតែមិនអាចជួយខ្លួនឯងបាន។ តើបញ្ហានេះគួរត្រូវបានដោះស្រាយដោយវិធីណា? ប្រសិនបើអ្នកពិតជាចង់ស្វែងរកដំណោះស្រាយមួយ នោះវិធីតែមួយគត់គឺស្វែងយល់ និងស្គាល់អំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ បន្ទាប់ពីការ​ស្វែង​យល់ និងស្គាល់អំពីសិទ្ធិអំណាចនៃព្រះអាទិកររួចហើយ អ្នកនឹងមិនលើកយកអំណាចរបស់មនុស្ស និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មកនិយាយក្នុងពេលដំណាលគ្នានោះទេ។

តើអំណាចរបស់មនុស្សសំដៅទៅលើអ្វី? និយាយឲ្យ​សាមញ្ញទៅ​ វាគឺជាសមត្ថភាព ឬជំនាញដែលធ្វើឲ្យនិស្ស័យ មហិច្ឆតា និងបំណងពុករលួយរបស់មនុស្សរីកធំធាត់ ឬអាចសម្រេចបានក្នុងកម្រិតច្រើនបំផុត។ តើនេះរាប់ជាសិទ្ធិអំណាច​ឬទេ? មិនថាមនុស្សមានបំណង និងមហិច្ឆតាខ្លាំង និងមានប្រយោជន៍បែបណានោះទេ មនុស្សនោះមិនអាចត្រូវបាននិយាយថា មានសិទ្ធិអំណាចនោះទេ។ យ៉ាងច្រើនបំផុត ការប៉ោងឡើង និងភាពជោគជ័យនេះ គឺគ្រាន់តែជាការចង្អុលបង្ហាញមួយអំពី​អាកប្បកិរិយាដែលគួរឲ្យអស់សំណើចរបស់សាតាំងនៅក្នុងចំណោមមនុស្សប៉ុណ្ណោះ។ យ៉ាងច្រើនបំផុត វាគឺជាការកំប្លែងដែលសាតាំងប្រព្រឹត្តដូចជាបុព្វបុរសរបស់វាដែរ ដើម្បីបំពេញមហិច្ឆតារបស់វាក្នុងការក្លាយទៅជាព្រះជាម្ចាស់។

ពេលនេះ តើអ្នកយល់បែបណាឲ្យពិតប្រាកដ ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? ពេលនេះ ដោយព្រះបន្ទូលទាំងនេះត្រូវបានយកមកប្រកបគ្នា អ្នកគួរតែមានចំណេះដឹងថ្មីមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំសួរអ្នករាល់គ្នាថា៖ តើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់តំណាងឲ្យអ្វី? តើវាតំណាងឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? តើវាតំណាងឲ្យ​អំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? តើវាតំណាងឲ្យ​ឋានៈតែមួយគត់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? នៅក្នុងចំណោមរបស់សព្វសារពើ តើអ្នកបានឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងអ្វី? តើអ្នកឃើញវាដោយរបៀបណា? ពាក់ព័ន្ធនឹងរដូវទាំងបួនដែលមនុស្សធ្លាប់មានបទពិសោធន៍ តើមាននរណាម្នាក់អាចផ្លាស់ប្តូរច្បាប់​នៃការផ្លាស់វេនគ្នារវាងរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារបានទេ? នៅក្នុងរដូវផ្ការីក ដើមឈើចេញផ្កា ហើយរីក។ នៅក្នុងរដូវក្តៅ ពួកវាគ្របដណ្តប់ទៅដោយស្លឹក។ នៅក្នុងរដូវស្លឹកឈើជ្រុះ ពួកវាមានផ្លែ ហើយនៅក្នុងរដូវរងារ ស្លឹកឈើជ្រុះ។ តើមាននរណាម្នាក់អាចកែប្រែច្បាប់​នេះបានទេ? តើនេះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏កើតឡើង។ តើពន្លឺនេះនៅតែស្ថិតនៅឬទេ? តើមូលហេតុអ្វីទើបវាស្ថិតនៅ? ពិតណាស់ វាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយ​សារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើខ្យល់ដែលព្រះជាម្ចាស់បានបង្កើតនៅតែស្ថិតនៅឬទេ? តើខ្យល់ដែលមនុស្សដកដង្ហើមមកពីព្រះជាម្ចាស់មែនទេ? តើមាននរណាម្នាក់អាច​យកអ្វីៗដែលមកពីព្រះជាម្ចាស់ចេញបានទេ? តើមាននរណាម្នាក់អាចកែប្រែលក្ខណៈសំខាន់​ និងតួនាទីរបស់ពួកគេបានទេ? តើនរណាម្នាក់អាចធ្វើឲ្យរំខានដល់យប់ និងថ្ងៃដែលព្រះជាម្ចាស់បែងចែកឲ្យ និងធ្វើឲ្យរំខានដល់ច្បាប់​នៃពេលយប់ និងពេល​ថ្ងៃ ដែលព្រះជាម្ចាស់បានបញ្ជាឬទេ? តើសាតាំងធ្វើរឿងបែបនេះបានទេ? ទោះបីជាអ្នកមិនគេងពេលយប់ ហើយយកយប់ធ្វើជាថ្ងៃក៏ដោយ ក៏វានៅតែជាពេលយប់ដដែល។ អ្នកអាចផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចផ្លាស់ប្តូរច្បាប់​នៃការប្តូរវេនរវាងយប់ និងថ្ងៃបានទេ។ ការពិតនេះ គឺមិនកែប្រែបានដោយមនុស្សណាម្នាក់នោះឡើយ​តើ​មិនអ៊ីចឹងទេឬ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វតោភ្ជួរដីដូចសត្វគោបានទេ? តើមាននរណាម្នាក់អាចប្តូរឲ្យសត្វដំរីក្លាយជាសត្វលាបានទេ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វមាន់ហោះហើរនៅលើអាកាសដូចសត្វឥន្ទ្រីបានទេ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វចចកស៊ីស្មៅដូចជាសត្វចៀមបានទេ? (ទេ)។ តើមាននរណាម្នាក់អាចធ្វើឲ្យមច្ឆានៅក្នុងទឹករស់នៅលើដីគោកបានទេ? មនុស្សមិនអាចធ្វើរឿងទាំងនោះបានទេ។ ហេតុអ្វីមិនបាន? គឺដោយសារតែព្រះជាម្ចាស់បានបញ្ជាមច្ឆាឲ្យរស់នៅក្នុងទឹក ដូច្នេះពួកវាក៏រស់នៅក្នុងទឹក។ នៅលើដី ពួកវាមិនអាចរស់បានទេ ហើយពួកវានឹងស្លាប់។ ពួកវាមិនអាចបំពានដែនកំណត់នៃការបញ្ជារបស់ព្រះជាម្ចាស់បានទេ។ របស់សព្វសារពើមានច្បាប់​ និងដែនកំណត់ចំពោះអត្ថិ​ភាពរបស់ពួកវា ហើយពួកវានីមួយៗមានសភាវគតិផ្ទាល់ខ្លួនរបស់ពួកវា។ ទាំងអស់ត្រូវបានគ្រប់គ្រង់ដោយព្រះអាទិករ ហើយគ្មានមនុស្សណាអាចកែប្រែ និងធ្វើឲ្យហួសនេះបានទេ។ ឧទាហរណ៍ សត្វតោនឹងតែងតែរស់នៅក្នុងព្រៃ ដោយនៅឆ្ងាយពីសហគមន៍របស់មនុស្ស ហើយនឹងមិនដែលស្លូត និងស្មោះត្រង់ដូចសត្វគោដែលរស់នៅជាមួយមនុស្ស និងធ្វើការសម្រាប់មនុស្សនោះទេ។ ទោះបីជាសត្វដំរី និងសត្វលា ទាំងពីរនេះគឺជាសត្វ ទាំងពីរនេះមានជើងបួន និងជាសត្តនិករដែលដកដង្ហើមដូចគ្នាក៏ដោយ ក៏ពួកវាមានពូជខុសគ្នាដែរ ព្រោះ​ពួកវាត្រូវបានព្រះជាម្ចាស់ញែកទៅក្នុងប្រភេទខុសគ្នា។ ពួកវានីមួយៗមានសភាវគតិផ្ទាល់ខ្លួនរបស់ពួកវា ហេតុដូច្នេះ ពួកវានឹងមិនអាចដោះដូរគ្នាបានឡើយ​។ ទោះបីជាសត្វមាន់មានជើងពីរ និងស្លាបពីរដូចជាសត្វឥន្ទ្រីយ៍ក៏ដោយ ក៏វាមិនអាចហើរនៅលើអាកាសបានដែរ។ យ៉ាងច្រើនណាស់ វាអាចត្រឹមតែហើរទៅលើដើមឈើប៉ុណ្ណោះ ដែលនេះត្រូវបានកំណត់ដោយសភាវគតិរបស់វា។ ពិតណាស់ ទាំងអស់នេះគឺដោយសារតែការបញ្ជានៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

នៅក្នុងការអភិវឌ្ឍន៍របស់មនុស្សជាតិសព្វថ្ងៃនេះ វិទ្យាសាស្ត្ររបស់មនុស្សជាតិអាចនិយាយបានថា កំពុងតែរីកចម្រើនលូតលាស់ ហើយសមិទ្ធផលនៃការរុករកបែបវិទ្យាសាស្ត្ររបស់មនុស្ស អាចពណ៌នាបានថា គួរឲ្យចាប់អារម្មណ៍។ វាត្រូវតែត្រូវបាននិយាយថា សមត្ថភាពរបស់មនុស្សកំពុងតែរីកចម្រើនកាន់តែប្រសើរឡើង ប៉ុន្តែមានការរកឃើញបែបវិទ្យាសាស្ត្រមួយដែលមនុស្សជាតិមិនអាចធ្វើបាន៖ មនុស្សជាតិបានផលិតយន្តហោះ នាវាផ្ទុកយន្តហោះ គ្រាប់បែកនុយក្លេ​​អ៊ែរ មនុស្សជាតិបានទៅដល់ឋានអវកាស បានដើរនៅលើភពព្រះចន្ទ និងបានបង្កើតអ៊ិនធឺណែត ហើយបានរស់នៅក្នុងរបៀបរស់នៅបែបបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែ​មនុស្សជាតិមិនអាចបង្កើតវត្ថុដែលអាចដកដង្ហើម និងវត្ថុមានជីវិតបានទេ។ សភាវគតិរបស់សត្តនិករមានជីវិតនីមួយៗ និងច្បាប់​ដែលពួកវារស់នៅ ព្រមទាំងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់វត្ថុមានជីវិតនីមួយៗ ទាំងអស់នេះគឺហួសពីអំណាចនៃវិទ្យាសាស្ត្ររបស់មនុស្សជាតិ ហើយមនុស្សជាតិមិនអាចគ្រប់គ្រងបានទេ។ នៅត្រង់ចំណុចនេះ ត្រូវនិយាយថា មិនថាវិទ្យាសាស្ត្ររបស់មនុស្សឈាន​ដល់​កម្រិត​ខ្ពស់អស្ចារ្យប៉ុនណានោះទេ គឺ​វាមិនអាចប្រៀបធៀបជាមួយព្រះតម្រិះណាមួយរបស់ព្រះអាទិករបានឡើយ ហើយវាក៏មិនអាចយល់ពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់ និងសព្វានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មានមហាសមុទ្រជាច្រើននៅលើផែនដី ប៉ុន្តែពួកវាមិនដែលបំពានដែនកំណត់របស់ពួកវា ហើយមកនៅលើដីតាមអំពើចិត្តនោះឡើយ ហើយនោះគឺដោយសារតែព្រះជាម្ចាស់ដែលបានកំណត់ព្រំដែនសម្រាប់ពួកវានីមួយៗ។ ពួកវាបានស្នាក់នៅទីកន្លែងដែលទ្រង់បានបញ្ជាពួកវាឲ្យនៅ ហើយបើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់នោះទេ ពួកវាមិនអាចផ្លាស់ទីដោយសេរីបានឡើយ។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ពួកវាមិនអាចប៉ះពាល់គ្នាបានទេ ហើយពួកវាអាចត្រឹមតែផ្លាស់ទីនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលឲ្យផ្លាស់ទីប៉ុណ្ណោះ ហើយទីកន្លែងដែលពួកវាទៅ និងស្នាក់នៅត្រូវបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

និយាយឲ្យសាមញ្ញទៅ​«សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» មានន័យថា គឺអាស្រ័យលើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិក្នុងការសម្រេចព្រះទ័យអំពីវិធីដើម្បីធ្វើអ្វីមួយ ហើយវានឹងសម្រេចបានទៅតាមវិធីណាមួយដែលទ្រង់សព្វព្រះហឫ​ទ័យ​​។ ច្បាប់​នៃរបស់សព្វសារពើគឺអាស្រ័យលើព្រះជាម្ចាស់ ហើយមិនអាស្រ័យលើមនុស្សនោះទេ។ មនុស្សក៏មិនអាចកែប្រែច្បាប់​នេះបានដែរ។ វាមិនត្រូវបានផ្លាស់ទីដោយបំណងរបស់មនុស្សនោះទេ ផ្ទុយទៅវិញវាត្រូវបានផ្លាស់ប្តូរដោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបទបញ្ជារបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមនុស្សមិនអាចបដិសេធបាន។ ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សាកលលោក ផ្ទៃមេឃដែលពេញដោយផ្កាយ រដូវទាំងបួនរបស់ឆ្នាំដែលមនុស្សមើលឃើញ និងមើលមិនឃើញ គឺទាំងអស់នេះ​សុទ្ធ​តែ​ស្ថិតនៅ បំពេញ​តួនាទី និងផ្លាស់ប្តូរដោយគ្មានការខុសឆ្គងសូម្បីតែបន្តិច នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទៅតាមការបញ្ជារបស់ព្រះជាម្ចាស់ ទៅតាមបទបញ្ជារបស់ព្រះជាម្ចាស់ និងទៅតាមច្បាប់​នៃការចាប់ផ្តើមការបង្កើត។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរច្បាប់​របស់ពួកវា ឬផ្លាស់ប្តូរមាគ៌ាដែលមានពីកំណើត ដែលពួកវាបំពេញតួនាទីឡើយ។ ពួកវាក្លាយជាភាវៈដោយ​សារសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយស្លាប់ទៅវិញដោយ​សារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ ពេលនេះ យើងបាននិយាយអំពីបញ្ហានេះច្រើនហើយ តើអ្នកមានអារម្មណ៍ថា សិទ្ធិអំណាច​របស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឬទេ? តើភាវៈត្រូវបានបង្កើត និងភាវៈមិនត្រូវបានបង្កើតអាចមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចយកតម្រាប់តាម ដើរតួជាតំណាង ឬជំនួសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ?

អត្តសញ្ញាណរបស់ព្រះអាទិករ គឺមានតែមួយគត់ ហើយអ្នកមិនគួរគោរពតាមទស្សនៈនៃព្រះអាទិទេពនានានោះទេ

ទោះបីជាជំនាញ និងសមត្ថភាពរបស់សាតាំងប្រសើរជាងមនុស្សក៏ដោយ ទោះបីជាវាអាចធ្វើអ្វីមួយដែលមនុស្សមិនអាចធ្វើបានក៏ដោយ មិនថាអ្នកច្រណែន ឬចង់បានអ្វីដែលសាតាំងធ្វើឬអត់នោះទេ មិនថាអ្នកស្អប់អ្វីៗទាំងនេះឬអត់នោះទេ មិនថាអ្នកអាចមើលឃើញពួកវាឬអត់នោះទេ ហើយមិនថាសាតាំងសម្រេចសមិទ្ធផលបានច្រើនប៉ុណ្ណា ឬមិនថាសាតាំងអាចបោកបញ្ឆោតមនុស្សឲ្យថ្វាយបង្គំ និងគោរពវាបានច្រើនប៉ុណ្ណា និងមិនថាអ្នកផ្តល់និយមន័យឲ្យវាយ៉ាងណានោះទេ អ្នកមិនអាចនិយាយថា សាតាំងមានសិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់បានឡើយ។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ ហើយជាងនេះទៅទៀត អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានសិទ្ធិអំណាច អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានព្រះ​ចេស្ដា​ក្នុង​ការគ្រប់​គ្រង និងត្រួតត្រារបស់សព្វសារពើ​។ គ្រាន់តែដោយសារសាតាំងមានសមត្ថភាពបោកបញ្ឆោតមនុស្ស និងអាចដើរតួជាព្រះជាម្ចាស់ យកតម្រាប់តាមទីសម្គាល់ និងការឫទ្ធិ​បារមីដែលព្រះជាម្ចាស់បានធ្វើ ហើយវាបានធ្វើអ្វីៗដែលស្រដៀងនឹងព្រះជាម្ចាស់ អ្នកជឿទាំងយល់ច្រឡំរួចទៅហើយថា ព្រះជាម្ចាស់មិនមែនតែមួយគត់ ជឿថាមានព្រះជាច្រើន ហើយជឿទាំងយល់ច្រឡំថា ព្រះខុសៗគ្នាទាំងនេះគ្រាន់តែមានជំនាញតិចជាង ឬច្រើនជាងគ្នាប៉ុណ្ណោះ ហើយអ្នកជឿទាំងយល់ច្រឡំថា មានភាពខុសគ្នានៅក្នុងវិសាលភាពនៃចេស្ដា​ដែលព្រះទាំងនោះមាន។ អ្នកចាត់លំដាប់ភាពអស្ចារ្យទៅតាមលំដាប់លំដោយនៃការមកដល់ និងទៅតាមអាយុរបស់ពួកវា ហើយអ្នកជឿយ៉ាងខុសឆ្គងថា មានអាទិទេពដទៃទៀតក្រៅពីព្រះជាម្ចាស់ ហើយគិតថា ព្រះ​ចេស្ដា​ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនមែនតែមួយគត់នោះទេ។ ប្រសិនបើអ្នកមានគំនិតបែបនេះ ប្រសិនបើអ្នកមិនទទួលស្គាល់ភាពមានតែមួយគត់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនទទួលស្គាល់ថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាច ហើយប្រសិន​បើអ្នកគ្រាន់តែគោរពតាមព្រះអាទិទេពនានា នោះខ្ញុំនិយាយថា អ្នកគឺជាមនុស្សគ្មានតម្លៃក្នុង​ចំណោម​សត្ដនិករ​ទាំងឡាយ អ្នកជាតំណាង​ពិតប្រាកដរបស់សាតាំង ហើយអ្នកគឺជាមនុស្សអាក្រក់យ៉ាង​ពិតប្រាកដ! តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំកំពុងតែព្យាយាមបង្រៀនអ្នករាល់គ្នា ដោយការនិយាយ​ពាក្យទាំងនេះឬទេ? មិនថាពេលវេលា ទីកន្លែង ឬប្រវត្តិរបស់អ្នកយ៉ាងណានោះទេ អ្នកមិនត្រូវយល់ច្រឡំព្រះជាម្ចាស់ ជាមួយនឹងមនុស្សផ្សេងណាម្នាក់ អ្វីៗ ឬវត្ថុផ្សេងណាមួយឡើយ។ មិនថាអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមិនអាចដឹង និងមិនអាចចូល​ទៅដល់យ៉ាងណានោះទេ មិនថាចំនួននៃទង្វើ និងពាក្យសម្ដី​របស់សាតាំងស្របទៅនឹងសញ្ញាណ និងការគិតស្រមៃរបស់អ្នកប៉ុណ្ណានោះទេ មិនថាអ្នកពេញចិត្តពួកវាយ៉ាងណានោះទេ ចូរកុំល្ងីល្ងើឲ្យ​សោះ ចូរកុំយល់ច្រឡំគំនិតទាំងនេះឲ្យសោះ ចូរកុំបដិសេធអត្ថិ​ភាពរបស់ព្រះជាម្ចាស់ឲ្យសោះ ចូរកុំបដិសេធអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឲ្យសោះ ចូរកុំច្រានព្រះជាម្ចាស់ចេញពីមាត់ទ្វារ ហើយនាំយកសាតាំងចូលជំនួសព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយយកវាធ្វើជាព្រះឲ្យសោះ។ ខ្ញុំគ្មានការសង្ស័យនោះទេ ថាអ្នករាល់គ្នាអាចគិតស្រមៃអំពីលទ្ធផលនៃការធ្វើបែបនោះ!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត

ចូរយើងមើលព្រះគម្ពីរលោកុប្បត្តិជំពូក ២២៖១៧-១៨។ នេះគឺជាខគម្ពីរមួយទៀតដែលព្រះយេហូវ៉ាដ៏ជាព្រះបានមានព្រះបន្ទូលទៅកាន់លោក​អ័ប្រាហាំ...

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពី​អត្ថិ​ភាពពិតប្រាកដ​នៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់​លោក​យ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោក​យ៉ូប?...

ព្រះពររបស់ព្រះជាម្ចាស់

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម...