តើការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការក្បត់ព្រះអម្ចាស់យេស៊ូវមែនឬទេ?
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ។ មនុស្សជាច្រើន...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ឥឡូវនេះ មានមនុស្សជាច្រើននៅក្នុងពិភពសាសនាដែលជឿលើព្រះអម្ចាស់ កំពុងទន្ទឹងរង់ចាំទទួលស្វាគមន៍ព្រះអង្គ ហើយកំពុងស្វែងយល់ពីផ្លូវពិត។ ពួកគេបានឮថា ពួកជំនុំព្រះដ៏មានគ្រប់ព្រះចេស្ដា ធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ហើយកំពុងសម្ដែងចេញនូវសេចក្ដីពិត និងកំពុងធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ហើយរឿងដែលសំខាន់បំផុតក្នុងការរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ គឺត្រូវស្វែងរកស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ។ ពួកគេយល់ថា រឿងនេះគឺស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន ប៉ុន្តែពួកគេនៅតែមានចម្ងល់ ដោយគិតថា «ដោយសារតែមនុស្សនឹងឃើញព្រះអម្ចាស់យាងចុះមកលើពពកទៅហើយ តើហេតុអ្វីបានជានៅតែចាំបាច់ត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទៀត?» តោះយើងប្រកបគ្នាអំពីសំណួរនេះ។ ព្រះអម្ចាស់យេស៊ូវបានទាយទុកថា នឹងមានពីររបៀបដែលព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ៖ មួយគឺក្នុងនាមជាបុត្រមនុស្សដែលយាងចុះមកដោយលាក់កំបាំង ហើយមួយទៀតគឺការយាងចុះមកលើពពកជាសាធារណៈ។ ប្រសិនបើនៅគ្រាចុងក្រោយ ព្រះអម្ចាស់គ្រាន់តែយាងចុះមកលើពពក នោះមនុស្សមិនចាំបាច់ស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីទទួលស្វាគមន៍ព្រះអម្ចាស់ឡើយ។ នេះក៏ព្រោះតែនៅពេលព្រះអម្ចាស់យាងចុះមកលើពពកជាសាធារណៈ គឺពិតជាមានភាពកក្រើកយ៉ាងធំធេងណាស់ ពោលគឺពិតជាកក្រើកមេឃកក្រើកដី ហើយប្រកបដោយតេជានុភាពមិនខាន ហើយមនុស្សនឹងអាចមើលឃើញផ្ទាល់ភ្នែកតែម្ដង ពួកគេនឹងមិនចាំបាច់ស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីទទួលស្វាគមន៍ព្រះអម្ចាស់ឡើយ។ ប៉ុន្តែមនុស្សភាគច្រើននៅក្នុងពិភពសាសនាខ្វះសមត្ថភាពក្នុងការយល់ដឹង។ ពួកគេផ្ដោតតែទៅលើគំនិតដែលថា ឃើញព្រះអម្ចាស់យាងចុះមកលើពពក ដោយគិតថា ដរាបណាពួកគេបានឃើញផ្ទាល់ភ្នែកថាព្រះអម្ចាស់យាងចុះមកលើពពក នោះពួកគេនឹងអាចទទួលស្វាគមន៍ព្រះអង្គបានហើយ។ ហេតុនេះហើយ ទើបមនុស្សដែលជឿថាព្រះអម្ចាស់នឹងយាងចុះមកលើពពក មិនយកចិត្តទុកដាក់លើការផ្ទៀងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ នេះគឺជាស្ថានភាពនៅទូទាំងពិភពសាសនាទាំងមូលនាពេលឥឡូវនេះ។ ពួកគេសុទ្ធតែរង់ចាំព្រះអម្ចាស់យាងចុះមកលើពពក ហើយគ្មាននរណាម្នាក់ស្វែងរកដើម្បីស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ ផលវិបាកនៃការប្រកាន់ខ្ជាប់ផ្នត់គំនិតបែបនេះក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ គឺពិតជាអាក្រក់ហួសស្មានមែន! នៅក្នុងព្រះគម្ពីរ មានសេចក្ដីទំនាយមួយចំនួន ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទាក់ទងនឹងការយាងត្រឡប់មកវិញរបស់ព្រះអង្គ៖ «មើល៎! ខ្ញុំមកដូចជាចោរ» (វិវរណៈ ១៦:១៥)។ «ហេតុដូច្នេះហើយ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកដល់នៅពេលវេលាណាឡើយ» (ម៉ាថាយ ២៤:៤២)។ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣៦)។ ពេលមនុស្សដែលមានសមត្ថភាពក្នុងការយល់ដឹងយ៉ាងពិតប្រាកដ បានឃើញសេចក្ដីទំនាយទាំងនេះរបស់ព្រះអម្ចាស់យេស៊ូវអំពីការយាងត្រឡប់មកវិញរបស់ព្រះអង្គ ពួកគេនឹងពិចារណាថា៖ ព្រះអម្ចាស់ពិតជានឹងយាងត្រឡប់មកវិញក្នុងនាមបុត្រមនុស្សមិនខាន ចុះតើយើងត្រូវទទួលស្វាគមន៍បុត្រមនុស្សដោយរបៀបណា នៅពេលដែលទ្រង់យាងមក? តើយើងអាចដឹងថា ព្រះអម្ចាស់យាងមកហើយដោយរបៀបណាទៅ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលយ៉ាងដូច្នេះថា៖ «ចៀមខ្ញុំស្ដាប់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ដូច្នេះហើយ អ្នកត្រូវតែរៀបចំខ្លួនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីទទួលស្វាគមន៍ការយាងមកនៃបុត្រមនុស្ស។ ចុះតើអ្នកគួររៀបចំខ្លួនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ប្រសិនបើគ្រាន់តែឃើញព្រះអម្ចាស់យាងចុះមកលើពពក តើនៅចាំបាច់ត្រូវរៀបចំខ្លួនទៀតដែរឬទេ? នរណាក៏អាចមើលឃើញ និងដឹងពីការយាងចុះមកលើពពករបស់ព្រះអម្ចាស់បានដែរ គឺមិនចាំបាច់រៀបចំខ្លួនឡើយ។ ប៉ុន្តែ ដើម្បីស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ អ្នកត្រូវតែប្រុងស្មារតី និងរៀបចំខ្លួន នោះគឺ អ្នកត្រូវតែប្រុងស្មារតី និងរៀបចំខ្លួន ពីព្រោះគ្មាននរណាម្នាក់ដឹងថា ព្រះជាម្ចាស់នឹងយាងមកនៅពេលណាឡើយ។ បន្ថែមពីនេះ ព្រះអម្ចាស់យាងត្រឡប់មកវិញក្នុងនាមជាបុត្រមនុស្ស មនុស្សមិនអាចសម្គាល់ទ្រង់បាន ដោយគ្រាន់តែមើលនឹងភ្នែកនោះឡើយ។ ហេតុនេះហើយ តាមរយៈព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ យើងអាចឃើញថា វាជារឿងងាយស្រួលទេ ក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ដែលយាងចុះមកលើពពក ប៉ុន្តែ ដើម្បីទទួលស្វាគមន៍ការលេចមកនៃបុត្រមនុស្ស យើងត្រូវផ្ទៀងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ នេះគឺជារឿងពិបាកមួយហើយ ដូច្នេះហើយ ទើបយើងត្រូវតែប្រុងស្មារតី និងរៀបចំខ្លួន។ អ៊ីចឹង តោះយើងនិយាយបន្ថែមទៀតថា ហេតុអ្វីបានជាយើងត្រូវប្រុងស្មារតី និងរៀបចំខ្លួន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ហើយគ្រារបស់កូនមនុស្សក៏នឹងកើតឡើងដូចជាជំនាន់របស់ណូអេផងដែរ។ ពួកគេស៊ីផឹក រៀបការប្រពន្ធ រៀបមង្គលការ រហូតដល់ថ្ងៃដែលណូអេបានចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏បានមកដល់ បំផ្លាញពួកគេគ្រប់គ្នា» (លូកា ១៧:២៦-២៧)។ យើងអាចឃើញថា ស្ថានភាពនៃការយាងចុះមកនៃបុត្រមនុស្ស គឺដូចទៅនឹងសម័យលោកណូអេដែរ៖ មនុស្សស៊ីផឹក រៀបការប្ដីប្រពន្ធ។ ជាការពិតណាស់ ស្ថានភាពទាំងនេះគឺជាអ្វីដែលកើតមានឡើង នៅមុនគ្រាភយន្តរាយ។ ស្ថានភាពមុនគ្រាភយន្តរាយទាំងនេះ គឺងាយនឹងត្រូវគេមើលរំលងណាស់ ពីព្រោះមនុស្សជាតិមានភាពទុច្ចរិតយ៉ាងខ្លាំង នៅមុនគ្រាភយន្តរាយ នោះគឺការរស់នៅតាមចរន្តដ៏អាក្រក់នៃការស៊ីផឹក ការសប្បាយ និងការរៀបការចុះរៀបការឡើង។ ប៉ុន្តែ ក្នុងកំឡុងគ្រាភយន្តរាយ តើចរន្តដ៏អាក្រក់នៃការស៊ីផឹក និងការរៀបការចុះរៀបការឡើងទាំងនេះ នៅតែមានទៀតឬទេ? រឿងទាំងនេះនឹងរលាយបាត់តាំងពីយូរទៅហើយ។ ពេលមានរោគរាតត្បាតដ៏ធំធ្លាក់មក គឺមិនដឹងថាមានមនុស្សស្លាប់អស់ប៉ុន្មាននាក់នោះទេ។ ទីក្រុងក៏ស្ងាត់ជ្រងំ ហើយនៅតាមជនបទក៏ស្ងាត់ជ្រងំដែរ។ ចរន្តនៃការស៊ីផឹក និងការរៀបការចុះរៀបការឡើង ក៏ស្រាប់តែបាត់សូន្យឈឹងតែម្ដង ដូច្នេះ ច្បាស់ណាស់ថា គ្រាដែលដូចទៅនឹងសម័យលោកណូអែនោះ បានកន្លងផុតទៅហើយ។ អស់អ្នកដែលមិនបានទទួលស្វាគមន៍ព្រះអម្ចាស់នៅមុនគ្រាភយន្តរាយ សុទ្ធតែបានធ្លាក់ចូលទៅក្នុងភយន្តរាយទាំងនោះ ហើយមានតែអ្នកដែលបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងបានទទួលយកកិច្ចការគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបត្រូវបានលើកឡើងមកចំពោះព្រះជាម្ចាស់ ដើម្បីចូលរួមពិធីលៀងសាយភោជន៍នៃនគរស្ថានសួគ៌ ទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយត្រូវបានជម្រះឲ្យស្អាត ពួកគេទាំងអស់គ្នាធ្វើបន្ទាល់ពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះគឺជាក្រុមអ្នកឈ្នះ ដែលព្រះជាម្ចាស់បានធ្វើឱ្យពេញលក្ខណៈនៅមុនគ្រាភយន្តរាយ។
ឥឡូវនេះ យើងទាំងអស់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា បុត្រមនុស្សយាងមកដោយលាក់កំបាំង នៅមុនគ្រាភយន្តរាយ ចំណែកឯព្រះអង្គនឹងយាងចុះមកលើពពកជាសាធារណៈ លុះត្រាតែភយន្តរាយដ៏ធំសម្បើមបានបញ្ចប់ទៅប៉ុណ្ណោះ។ ពេលវេលា និងស្ថានភាពនៃការយាងចុះមកដោយលាក់កំបាំងនៃបុត្រមនុស្ស និងការយាងចុះមកជាសាធារណៈរបស់ទ្រង់ បន្ទាប់ពីភយន្តរាយដ៏ធំសម្បើមបានបញ្ចប់ គឺខុសគ្នា៖ មួយកើតឡើងមុនគ្រាភយន្តរាយ ហើយមួយទៀតកើតឡើងក្រោយគ្រាភយន្តរាយ។ ការយាងចុះមកដែលកើតឡើងមុនគ្រាភយន្តរាយ គឺជាពេលដែលបុត្រមនុស្សយាងមក ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ដូចទៅនឹងរបៀបដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើការដែរ ព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីធ្វើកិច្ចការសង្គ្រោះមនុស្សជាតិ។ ក្រោយពេលភយន្តរាយដ៏ធំសម្បើមបានបញ្ចប់ បុត្រមនុស្សនឹងផ្លាស់ប្ដូររូបអង្គទ្រង់ ហើយយាងចុះមកលើពពកជាសាធារណៈ។ នៅពេលនោះ កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ ហើយនគររបស់សាតាំងនឹងត្រូវបំផ្លាញចោលទាំងអស់ ហើយពួកអ្នកគ្មានជំនឿដែលទាស់ទទឹងនឹងព្រះជាម្ចាស់ រួមទាំងមនុស្សនៅក្នុងពិភពសាសនា ស្ទើរតែទាំងអស់ គឺនឹងត្រូវវិនាសសាបសូន្យ។ ហេតុនេះហើយ នៅពេលព្រះអម្ចាស់យាងចុះមកលើពពកជាសាធារណៈ ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសដល់មនុស្សអាក្រក់។ ទោះបីជាមានចំនួនតិចតួចនៃពួកអ្នកដែលមិនទទួលយកការលេចមក និងកិច្ចការនៃបុត្រមនុស្ស អាចនៅរស់រហូតដល់បានឃើញព្រះអម្ចាស់យាងចុះមកលើពពកជាសាធារណៈក៏ដោយ ពួកគេនៅតែត្រូវទទួលទោសដដែល។ ដល់ពេលនោះ ពួកគេនឹងយំសោក សង្កៀតធ្មេញ ហើយធ្លាក់ទៅនរកត្រង់តែម្ដង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលយ៉ាងច្បាស់ៗថា៖ «នៅក្នុងចំណោមមនុស្សលោកដែលស្ថិតក្នុងចក្រវាល អស់អ្នកណាដែលជារបស់ពួកអារក្ស នឹងត្រូវវិនាសសាបសូន្យ។ អស់អ្នកណាដែលថ្វាយបង្គំសាតាំង នឹងដួលរលំនៅកណ្ដាលភ្លើងដែលឆេះសន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងក្លាយទៅជាផេះ លើកលែងតែអស់អ្នកដែលស្ថិតនៅក្នុងអូរនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តើព្រះបន្ទូលទាំងនេះមានន័យយ៉ាងម៉េចទៅ? មានន័យថា ប្រសិនបើអ្នកចង់នៅរស់រានមានជីវិតពីគ្រាភយន្តរាយ អ្នកត្រូវតែទទួលយកកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ អស់អ្នកដែលមិនទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវវិនាសសាបសូន្យទាំងអស់ ហើយអ្នកដែលគ្រាន់តែរង់ចាំព្រះអម្ចាស់យាងចុះមកលើពពក គឺសុទ្ធតែជាអ្នកដែលត្រូវវិនាសមិនខាន។ ហេតុនេះហើយ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ឱ្យអ្នកទទួលស្វាគមន៍ព្រះអម្ចាស់ គឺចង់ឱ្យអ្នកធ្វើជាស្រីក្រមុំដែលមានប្រាជ្ញា ដែលអាចទទួលស្វាគមន៍ការលេចមកនៃបុត្រមនុស្ស។ អស់អ្នកដែលបានទទួលស្វាគមន៍ការលេចមកនៃបុត្រមនុស្ស គឺជាអ្នកដែលមានពរហើយ នេះគឺជាព្រះពរដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន។ ប៉ុន្តែ អស់អ្នកដែលនៅតែចចេសរង់ចាំទាល់តែឃើញព្រះអម្ចាស់យាងចុះមកលើពពក ទើបព្រមទទួលស្វាគមន៍ទ្រង់ គឺជាស្រីក្រមុំដែលល្ងីល្ងើបំផុត ពីព្រោះនៅពេលពួកគេឃើញព្រះអម្ចាស់យាងចុះមកលើពពក នោះវាមិនមែនជាព្រះពររបស់ព្រះជាម្ចាស់ឡើយ តែវាជាសញ្ញាបញ្ជាក់ថា ពួកគេនឹងត្រូវទទួលទោស។ ដូច្នេះ ប្រសិនបើអ្នកចង់ទទួលស្វាគមន៍ព្រះអម្ចាស់ ចំណុចសំខាន់ គឺត្រូវទទួលស្វាគមន៍ការលេចមក និងកិច្ចការនៃបុត្រមនុស្ស។ មានតែការធ្វើបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ឥឡូវនេះ អ្នករាល់គ្នាគួរតែយល់ហើយថា ដើម្បីទទួលស្វាគមន៍បុត្រមនុស្ស អ្នកត្រូវតែយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ នេះក៏ព្រោះតែបើមើលពីសណ្ឋានខាងក្រៅ បុត្រមនុស្សគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ គឺដូចគ្នាបេះបិទទៅនឹងព្រះអម្ចាស់យេស៊ូវដែរ ប៉ុន្តែអ្វីដែលខុសគ្នាតែមួយគត់នោះគឺ ទ្រង់អាចសម្ដែងចេញនូវសេចក្ដីពិត និងអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកចង់សម្គាល់ស្គាល់បុត្រមនុស្សដែលយកកំណើតជាមនុស្សបាន អ្នកត្រូវតែចេះស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ចុះធ្វើដូចម្ដេច ទើបអ្នកអាចចេះស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់បានទៅ? រឿងដែលសំខាន់បំផុតនោះគឺ អ្នកត្រូវតែដឹងថាសេចក្ដីពិតគឺជាអ្វីសិន។ ទោះបីជាអ្នកមិនយល់ពីសេចក្ដីពិត នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ដរាបណាអ្នកអាចមានអារម្មណ៍នៅក្នុងចិត្តថា វាគឺជាសេចក្ដីពិត ហើយអាចដឹងយ៉ាងច្បាស់ថាវាពិតជាសេចក្ដីពិតមែន នោះវាគ្រប់គ្រាន់បាត់ទៅហើយ។ ប្រសិនបើអ្នកមិនដឹងថាសេចក្ដីពិតជាអ្វី ហើយគ្មានអារម្មណ៍អ្វីសោះនៅក្នុងចិត្ត នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ ឥឡូវនេះ មានមនុស្សជាច្រើននៅជុំវិញពិភពលោកបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដំបូង ពួកគេក៏មិនយល់ពីសេចក្ដីពិតដែរ ប៉ុន្តែពួកគេទាំងអស់គ្នាអាចមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយសុទ្ធសឹងតែជាសេចក្ដីពិត ដូច្នេះហើយ ទើបពួកគេទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សដែលអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលមានពរជាងគេបំផុត នេះគឺជាព្រះពរដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ។ ពេលព្រះជាម្ចាស់មានព្រះបន្ទូលចេញមកភ្លាម ចៀមរបស់ព្រះជាម្ចាស់មានញាណដឹងនៅក្នុងចិត្តរបស់គេតែម្ដង ពួកគេអាចដឹងថា ព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាចខ្លាំងណាស់ ហើយវាគឺជាសេចក្ដីពិត។ តើពួកគេពឹងផ្អែកលើអ្វី ទើបអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន? ពួកគេពឹងផ្អែកលើញាណដឹងនៅក្នុងវិញ្ញាណរបស់ខ្លួន។ ញាណដឹងនៅក្នុងវិញ្ញាណរបស់ពួកគេ គឺជាអារម្មណ៍ដែលដឹងថាព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាចខ្លាំងណាស់ ថាព្រះបន្ទូលទាំងនេះមានអត្ថន័យជ្រាលជ្រៅណាស់ ថាព្រះបន្ទូលទាំងនេះបានមកពីព្រះជាម្ចាស់ ហើយថាគ្មានមនុស្សណាម្នាក់អាចថ្លែងពាក្យបែបនេះបានឡើយ។ បន្ថែមពីនេះ នៅពេលអានព្រះបន្ទូលទាំងនេះ ពួកគេអាចដឹងយ៉ាងច្បាស់ថាវាគឺជាសេចក្ដីពិត ហើយពួកគេយល់ថា មានតែសេចក្ដីពិតទេ ទើបមានសិទ្ធិអំណាច និងព្រះចេស្ដា។ មនុស្សបែបនេះមានញាណដឹង នៅពេលដែលពួកគេស្ដាប់ឮព្រះបន្ទូលនៃសេចក្ដីពិត។ ដូច្នេះហើយ សមត្ថភាពក្នុងការស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ គឺផ្អែកលើញាណដឹងក្នុងវិញ្ញាណ និងសភាវញាណរបស់អ្នក។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្ដាប់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ពាក្យដែលថា «ចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់» មិនមែនមានន័យថា ចៀមរបស់ព្រះជាម្ចាស់ត្រូវតែឆ្លងកាត់បទពិសោធន៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ មានបទពិសោធន៍ជីវិត និងមានចំណេះដឹងពិតខ្លះអំពីព្រះជាម្ចាស់ ទើបអាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់បាននោះឡើយ។ ផ្ទុយទៅវិញ វាប្រាប់យើងថា អ្នកដែលជាចៀមរបស់ព្រះជាម្ចាស់ នឹងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ដោយធម្មជាតិ។ នេះគឺជាសភាវគតិ ដែលចៀមរបស់ព្រះជាម្ចាស់មាន។ មនុស្សដែលមានការយល់ដឹងខាងវិញ្ញាណ គឺមានសភាវគតិនេះឯង។ អ្នកដែលមានសភាវគតិនេះ គឺជាចៀមរបស់ព្រះជាម្ចាស់ ហើយអ្នកដែលគ្មានសភាវគតិនេះ មិនមែនជាចៀមរបស់ព្រះជាម្ចាស់ទេ។ ឥឡូវនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែមានមនុស្សជាច្រើននៅក្នុងពិភពសាសនា នៅតែទាស់ទទឹង និងថ្កោលទោសទ្រង់ដដែល។ មនុស្សទាំងនេះមិនមែនជាចៀមរបស់ព្រះជាម្ចាស់ទេ។ ពួកគេគឺជាស្រីក្រមុំល្ងីល្ងើ ដែលបានធ្លាក់ចូលទៅក្នុងភាពងងឹតរួចទៅហើយ។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាពួកអារក្ស និងជាពួកសាតាំង។
ចុះតើអ្នកអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? អ្នកត្រូវតែស្វែងរក និងស្វែងយល់។ ជាដំបូង រឿងដែលសំខាន់បំផុតគឺ អ្នកត្រូវតែអាចទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដា។ បន្ថែមពីនេះ អ្នកត្រូវតែទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាសេចក្ដីពិតទាំងនេះ គ្មានមនុស្សណាម្នាក់មាននោះទេ ហើយថាគ្មានមនុស្សណាម្នាក់អាចថ្លែងពាក្យបែបនេះបានឡើយ ទោះបីជាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែជាសេចក្ដីពិត។ សេចក្ដីពិតគឺជារឿងវិជ្ជមាន។ សេចក្ដីពិតគឺខុសគ្នាស្រឡះពីសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ហើយវាក៏ខុសគ្នាស្រឡះពីគំនិត និងទ្រឹស្ដីរបស់មនុស្សដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសម្ដែងការណ៍ទាំងនេះចេញមកបាន។ ចំណុចមួយទៀតគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចបើកសម្ដែងនូវអាថ៌កំបាំងក្នុងព្រះគម្ពីរ ក៏ដូចជាអាថ៌កំបាំងផ្សេងៗនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ គ្មានមនុស្សណាម្នាក់អាចបើកសម្ដែងអាថ៌កំបាំងទាំងនេះបានឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏នឹងមិនបើកសម្ដែងអាថ៌កំបាំងទាំងនេះដល់មនុស្សដែរ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចបើកសម្ដែងបាន។ ក្នុងការស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ជាចម្បង អ្នកត្រូវតែយកចិត្តទុកដាក់លើទិដ្ឋភាពទាំងនេះ។ ប្រសិនបើអ្នកអាចស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយយ៉ាងហោចណាស់ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះអង្គដែលកំពុងសម្ដែងចេញនូវសេចក្ដីពិតទាំងនេះ គឺត្រូវបានចាត់មកដោយព្រះជាម្ចាស់ នោះយ៉ាងហោចណាស់ អ្នកនឹងមិនទាស់ទទឹង និងថ្កោលទោសព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចដឹងយ៉ាងច្បាស់ថា សេចក្ដីពិតទាំងនេះមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចសម្ដែងចេញមកបាន នោះវារឹតតែប្រសើរ ហើយអ្នកនឹងបានទទួលស្វាគមន៍ព្រះអម្ចាស់មិនខាន។
តោះយើងនិយាយបន្ថែមទៀត អំពីអត្ថន័យដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលប្រាប់យើង ឲ្យប្រុងស្មារតី និងរៀបចំខ្លួន។ យ៉ាងហោចណាស់ មានរឿងបីយ៉ាងដែលយើងត្រូវតែប្រុងស្មារតី និងរៀបចំខ្លួន។ ទីមួយ គឺយើងត្រូវដឹងពីរបៀបកំណត់សម្គាល់ថាបុត្រមនុស្ស គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ នៅពេលដែលទ្រង់យាងមក។ ប្រសិនបើអ្នកមិនប្រុងស្មារតី និងរៀបចំខ្លួនទេ នោះអ្នកនឹងមិនអាចទទួលស្វាគមន៍ព្រះអម្ចាស់បានឡើយ។ នេះក៏ព្រោះតែមានព្រះគ្រីស្ទក្លែងក្លាយលេចឡើងនៅគ្រាចុងក្រោយ ដើម្បីបំភាន់មនុស្ស អស់អ្នកដែលគ្មានសេចក្ដីពិត គឺងាយនឹងត្រូវបំភាន់ដោយពួកព្រះគ្រីស្ទក្លែងក្លាយណាស់។ វាដូចទៅនឹងព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «នៅពេលនោះ ប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងភាពអស្ចារ្យដ៏គគ្រឹកគគ្រេង ដូច្នេះក៏នាំឱ្យបំភាន់សូម្បីតែពួកដែលត្រូវបានជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការត្រូវបំភាន់ដោយពួកព្រះគ្រីស្ទក្លែងក្លាយ។ វាពិតជាមានគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកមិនប្រុងស្មារតី និងរៀបចំខ្លួន។ ប្រសិនបើអ្នកមិនបានទទួលស្វាគមន៍ព្រះគ្រីស្ទពិតប្រាកដ ហើយបែរជាត្រូវបំភាន់ដោយព្រះគ្រីស្ទក្លែងក្លាយវិញនោះ ទីបំផុត អ្នកនឹងត្រូវទទួលទោសមិនខាន។ ហេតុនេះហើយ ក្នុងការទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ប្រសិនបើអ្នកមិនប្រុងស្មារតីទេ វាងាយនឹងដើរផ្លូវខុស ហើយត្រូវបានបំភាន់ដោយពួកព្រះគ្រីស្ទក្លែងក្លាយណាស់។ នេះគឺជារឿងទីមួយដែលអ្នកត្រូវតែប្រុងស្មារតី។ រឿងទីពីរដែលអ្នកត្រូវតែប្រុងស្មារតីនោះគឺ ប្រសិនបើអ្នកមិនស្គាល់សេចក្ដីពិត និងមិនយល់ពីសេចក្ដីពិតទេ អ្នកងាយនឹងត្រូវបានបំភាន់ដោយពួកគ្រូគង្វាលសាសនា ព្រមទាំងពាក្យប្រឌិត និងសេចក្ដីបង្រៀនខុសទំនងផ្សេងៗនៃពិភពសាសនាណាស់។ អ្នកខ្លះយល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺពិតជាល្អមែន នៅពេលដែលពួកគេបានឮ ប៉ុន្តែពួកគេបែរជាគិតថា «ពេលស្វែងយល់ពីផ្លូវពិត ខ្ញុំត្រូវតែសុំការយល់ព្រមពីគ្រូគង្វាលរបស់ខ្ញុំសិន។ ខ្ញុំត្រូវទុកឱ្យគ្រូគង្វាលរបស់ខ្ញុំជួយពិនិត្យមើលសិន ថាតើផ្លូវនេះជាផ្លូវពិត ឬក៏ជាផ្លូវក្លែងក្លាយ។ ធ្វើបែបនេះ ទើបមិនមានរឿងអ្វីខុសឆ្គង»។ ប៉ុន្តែពេលពួកគេសួរគ្រូគង្វាលរបស់ពួកគេភ្លាម គ្រូគង្វាលនោះក៏និយាយចេញមកនូវពាក្យប្រឌិត និងសេចក្ដីបង្រៀនខុសទំនងមួយចំនួន ធ្វើឲ្យពួកគេត្រូវគេបំភាន់ ហើយក៏បដិសេធព្រះបន្ទូលទាំងអស់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដាតែម្ដងទៅ។ ក្នុងស្ថានភាពនេះ ប្រសិនបើពួកគេបានជួបមនុស្សដែលយល់ពីសេចក្ដីពិត ហើយប្រកបគ្នាអំពីសេចក្ដីពិតដល់ពួកគេ ហើយពួកគេរៀនបែងចែករវាងផ្លូវពិត និងផ្លូវក្លែងក្លាយ ហើយទីបំផុត ពួកគេសម្គាល់ស្គាល់ផ្លូវពិត និងទទួលយកសេចក្ដីពិត ហើយមិនត្រូវពិភពសាសនាទាញត្រឡប់ទៅវិញទេ នោះពួកគេគឺជាអ្នកដែលមានពរហើយ។ ប៉ុន្តែប្រសិនបើពួកគេជួបមនុស្សអាក្រក់ ឬមនុស្សប្រភេទដែលខុសទំនង និងគ្មានការយល់ដឹងខាងវិញ្ញាណ ហើយមនុស្សទាំងនេះក៏និយាយចេញមកនូវពាក្យប្រឌិត និងសេចក្ដីបង្រៀនខុសទំនងមួយចំនួនដែរនោះ ពួកគេនឹងត្រូវបានបំភាន់ឱ្យវង្វេងមិនខាន។ ហេតុនេះហើយ ប្រសិនបើអ្នកមិនប្រុងស្មារតីក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ទេ អ្នកកំពុងប្រឈមនឹងហានិភ័យនៃការត្រូវគេបំភាន់ហើយ។ គឺមិនបានទេ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីទំនាយនៅក្នុងព្រះគម្ពីរ ប្រសិនបើអ្នកគ្មានសមត្ថភាពក្នុងការបែងចែកសេចក្ដីពិត ឬប្រសិនបើអ្នកមានគុណសម្បត្តិអន់នោះ វារឹតតែមិនបានទៅទៀត ប្រសិនបើអ្នកតែងតែត្រូវបានរំខានដោយពួកតួអង្គអវិជ្ជមានជានិច្ច។ នេះគឺជារឿងទីពីរដែលអ្នកត្រូវតែប្រុងស្មារតី។ រឿងទីបីដែលអ្នកត្រូវតែប្រុងស្មារតីនោះគឺថា ប្រសិនបើអ្នកគ្មានសេចក្ដីពិតទេ វាពិតជាងាយណាស់ក្នុងការមានសញ្ញាណចំពោះព្រះគ្រីស្ទ។ ជាឧទាហរណ៍ នៅពេលដែលមនុស្សមួយចំនួនឃើញថា ព្រះគ្រីស្ទមានភាពជាមនុស្សធម្មតា ហើយបើមើលពីសណ្ឋានខាងក្រៅ ទ្រង់មិនមានលក្ខណៈអរូបីទាល់តែសោះ ពួកគេក៏មានសញ្ញាណតែម្ដង។ ពួកគេគិតថា «នៅពេលព្រះអម្ចាស់យេស៊ូវយាងមក ទ្រង់បានធ្វើសញ្ញាសម្គាល់ និងរឿងអស្ចារ្យផ្សេងៗ។ ហេតុអ្វីបានជាព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ មិនធ្វើសញ្ញាសម្គាល់ និងរឿងអស្ចារ្យសោះអញ្ចឹង? ប្រសិនបើទ្រង់មិនបង្ហាញសញ្ញាសម្គាល់ និងរឿងអស្ចារ្យទេ តើទ្រង់ពិតជាព្រះជាម្ចាស់ផ្ទាល់មែនឬ?» ពួកគេមិនដឹងទេថា ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយសម្ដែងចេញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ ហើយទ្រង់បានប្រោសក្រុមមនុស្សមួយក្រុមឲ្យក្លាយជាអ្នកឈ្នះរួចទៅហើយ។ នេះគឺជាសញ្ញាសម្គាល់ និងរឿងអស្ចារ្យដ៏ធំបំផុត ហើយវាគ្រប់គ្រាន់ណាស់ទៅហើយក្នុងការបង្ហាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ជាឧទាហរណ៍មួយទៀត មនុស្សមួយចំនួនក្លាយជាអវិជ្ជមាន នៅពេលមានគ្រោះមហន្តរាយធ្លាក់មកលើពួកគេ ដោយគិតថា ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះពិតមែន ទ្រង់គួរតែការពារពួកគេហើយ។ វាពិតជាមានគ្រោះថ្នាក់ណាស់ ពេលពួកគេមានសញ្ញាណបែបនេះ ពីព្រោះពួកគេងាយនឹងក្បត់ទ្រង់ណាស់! អ្នកឃើញទេ មនុស្សដែលមិនយល់ពីសេចក្ដីពិត តែងតែមានសញ្ញាណចំពោះព្រះគ្រីស្ទជានិច្ច គឺមានមនុស្សបែបនេះមិនតិចនាក់ទេ។ នេះគឺជារឿងទីបីដែលអ្នកត្រូវតែប្រុងស្មារតី។ ដើម្បីទទួលស្វាគមន៍ព្រះគ្រីស្ទនៅគ្រាចុងក្រោយ អ្នកត្រូវតែប្រុងស្មារតី និងរៀបចំប្រេង ហើយនេះជាចម្បង គឺសំដៅទៅលើរឿងទាំងបីយ៉ាងនេះឯង។ ប្រសិនបើមិនប្រុងស្មារតីលើរឿងទាំងបីយ៉ាងនេះទេ ទោះបីជាអ្នកទទួលយកនូវព្រះគ្រីស្ទនៃគ្រាចុងក្រោយក៏ដោយ អ្នកនៅតែពិបាកឈរឲ្យបានរឹងមាំដដែល នៅពេលដែលអ្នកជួបគ្រោះមហន្តរាយ ឬសេចក្ដីល្បួងណាមួយ ឬក៏នៅពេលដែលស្ដាប់ឮការឃោសនាអវិជ្ជមាន ឬពាក្យសម្ដីបំភាន់របស់ពួកគ្រូគង្វាល។
វាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការប្រុងស្មារតី និងរៀបចំខ្លួន ដើម្បីទទួលស្វាគមន៍ព្រះអម្ចាស់! ប្រសិនបើមិនប្រុងស្មារតី និងរៀបចំខ្លួនទេ វាងាយនឹងត្រូវបានបំភាន់ និងងាយនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះណាស់។ មនុស្សជាច្រើនមិនត្រឹមតែមិនប្រុងស្មារតី និងរៀបចំខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏មិនស្វែងរក ឬស្វែងយល់សូម្បីតែបន្តិចដែរ។ ពួកគេតែងតែស្ដាប់តាមពួកគ្រូគង្វាលរបស់ខ្លួន ហើយតែងតែស្វែងរកចម្លើយក្នុងព្រះគម្ពីរជានិច្ច។ មនុស្សបែបនេះគ្មានផ្លូវទទួលស្វាគមន៍ព្រះអម្ចាស់បានឡើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីយើងកំពុងតែស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់មក វាជាការសមគួរដល់យើងដែលត្រូវស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់ ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះឱង្ការរបស់ទ្រង់។ នេះក៏ព្រោះតែនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយកន្លែងណាដែលព្រះជាម្ចាស់យាងមកលេចមក កន្លែងនោះមានសេចក្ដីពិត មាគ៌ា និងជីវិត។ នៅក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបានមើលរំលងនូវព្រះបន្ទូលថា៖ 'ព្រះជាម្ចាស់គឺជាសេចក្តីពិត មាគ៌ា និងជីវិត'។ ដូច្នេះហើយ ទោះបីជាមនុស្សជាច្រើនបានទទួលសេចក្តីពិតក៏ដោយ ក៏ពួកគេមិនជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដែរ ហើយរឹតតែតិចទៅទៀត ពួកគេមិនទទួលស្គាល់ពីការលេចមករបស់ព្រះជាម្ចាស់នោះទេ។ តើនេះជាកំហុសដ៏ធ្ងន់ធ្ងរប៉ុនណាទៅ!» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ។ មនុស្សជាច្រើន...
នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ សម្រាប់ការសង្គ្រោះមនុស្សជាតិ ដែលត្រូវបានដាក់នៅលើអ៊ីនធឺណិតជាយូរមកហើយ...
ជម្រាបសួរ បងប្អូនប្រុសស្រី។ យើងពិតជាមានសំណាងណាស់ដែលអាចជួបជុំគ្នា សូមអរព្រះគុណព្រះអម្ចាស់!...
ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...