៨. យើងជឿថា ការរៀបចំប្រេងរបស់ពួកស្ត្រីព្រហ្មចារីដ៏វៃឆ្លាតសំដៅទៅលើភាពជាប់លាប់នៅក្នុងការអធិស្ឋាន ការអានបទគម្ពីរ និងការចូលរួមការប្រជុំ ការឧស្សាហ៍ធ្វើការសម្រាប់ព្រះអម្ចាស់ និងការរង់ចាំយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ព្រះជាម្ចាស់។ នេះគឺជាអត្ថន័យនៃការក្លាយជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ហើយនៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ យើងនឹងស្វាគមន៍កូនកំលោះ ហើយចូលរួមពិធីជប់លៀងរបស់កូនចៀម។

ខគម្ពីរយោង៖

«លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ។ នោះស្ដ្រីក្រមុំព្រហ្មចារីទាំងអស់ក៏ភ្ញាក់ឡើង និងបានរៀបចំចង្កៀងរបស់គេ។ រីឯស្ដ្រីដែលឆោតល្ងង់ក៏ពោលទៅកាន់ស្ដ្រីឆ្លាតវៃថាសូមឱ្យប្រេងរបស់អ្នកមកពួកយើងផង ដ្បិតចង្កៀងរបស់ពួកយើងអស់ប្រេងហើយ។ តែស្ដ្រីឆ្លាតវៃឆ្លើយដោយពោលថា មិនឱ្យទេ ប្រេងមានតិចណាស់ មិនគ្រប់សម្រាប់ពួកយើង និងអ្នកទេ៖ ចូរអ្នកទៅរកអ្នកលក់ប្រេង ហើយរកទិញដោយខ្លួនឯងចុះ។ ហើយខណៈពេលដែលពួកគេបានចេញទៅទិញ នោះកូនកម្លោះក៏មកដល់ ហើយពួកអ្នកដែលបានត្រៀមបម្រុងទុកក៏បានទៅរៀបការជាមួយកូនកម្លោះ៖ រួចទ្វារក៏ត្រូវបានបិទ» (ម៉ាថាយ ២៥:៦-១០)

«មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)

«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)

«ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)

«ពួកគេទាំងនេះជាអ្នកដើរតាមកូនចៀមទៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ» (វិវរណៈ ១៤:៤)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលដើរតាមន័យពាក្យ និងគោលលទ្ធិយ៉ាងរឹងរូស គឺជាមនុស្សដែលត្រូវបានផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាមដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានផាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖

ការស្វាគមន៍របស់ក្រុមស្ត្រីព្រហ្មចារីដ៏វៃឆ្លាតចំពោះព្រះអម្ចាស់បង្ហាញថា ប្រាជ្ញារបស់ពួកគេផ្ដោតសំខាន់លើការស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាប្រាជ្ញាមួយដែលក្រុមស្ត្រីព្រហ្មចារីដ៏ល្ងីល្ងើគ្មាននោះឡើយ។ តើការស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជារឿងសាមញ្ញឬ? បើមនុស្សពោរពេញដោយសញ្ញាណ និងការស្រមើស្រមៃ នោះពួកគេនឹងត្រូវជាប់ចំណង និងបង្ខាំង នៅពេលដែលពួកគេស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយពួកគេនឹងទំនងជាសង្ស័យចំពោះព្រះសូរសៀងរបស់ព្រះអម្ចាស់មិនខាន។ នៅពេលដែលក្រុមស្ត្រីព្រហ្មចារីដ៏វៃឆ្លាតឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ពួកគេអាចលះបង់ចោលសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ។ ពួកគេគ្មានសង្ស័យសោះឡើយថា នេះជាព្រះអម្ចាស់កំពុងតែមានបន្ទូល ហើយជាលទ្ធផល ពួកគេស្វាគមន៍ព្រះអម្ចាស់។ ហេតុនេះ អស់អ្នកណាដែលអាចស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់សុទ្ធតែយល់ពីរឿងរ៉ាវខាងវិញ្ញាណ៖ ពួកគេស្គាល់យ៉ាងច្បាសប់ពីប្រភពនៃព្រះសូរសៀងនេះ ហើយពួកគេក៏អាចមើលឃើញដែរថា នេះជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កំពុងតែមានបន្ទូលផងដែរ។ ប៉ុននេះគឺគ្រប់គ្រាន់ ហើយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេក៏លែងក្លាយជាបញ្ហាដ៏ធំផងដែរ។ ក្នុងគ្រាដដែលនោះ ក្រុមស្ត្រីព្រហ្មចារីដ៏ល្ងីល្ងើចាត់ទុកសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តរបស់ខ្លួន ហើយពួកគេចាត់ទុកអ្វីៗទាំងនោះជាសេចក្តីពិត។ ទោះបីជាពួកគេស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ក៏ដោយ ក៏ពួកគេច្រានចោល និងបដិសេធដែរ ហើយជាលទ្ធផល ពួកគេខកខានឱកាស ដើម្បីស្វាគមន៍ព្រះអម្ចាស់។ នេះហើយគឺជាទីដែលនាំឲ្យក្រុមស្ត្រីព្រហ្មចារីដ៏ល្ងីល្ងើបរាជ័យនោះ។ ដូច្នេះ តើការរៀបចំប្រេងរបស់ក្រុមស្ត្រីព្រហ្មចារីដ៏វៃឆ្លាតសំដៅលើអ្វីទៅ? ជាចម្បង វាសំដៅលើការស្ដាប់ដោយយកចិត្តទុកដាក់លើព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយមិនត្រូវបានរឹតត្បិតដោយសញ្ញាណ និងការស្រមើស្រមៃ ហើយស្វាគមន៍ និងទទួលយកព្រះអម្ចាស់ ដោយគ្មានមន្ទិលសង្ស័យក្នុងការបញ្ជាក់ថា នេះជាព្រះសូរសៀងរបស់ព្រះអម្ចាស់។ កិច្ចការនេះពិតជាសំខាន់ណាស់។ នៅក្នុងការស្វាគមន៍ព្រះអម្ចាស់ មនុស្សជាច្រើនត្រូវបានរឹតត្បិតដោយសញ្ញាណខាងសាសនា។ វាដូចជាពួកគេបានបង្កើត និងបញ្ជាក់នូវគំរូមួយរួចហើយសម្រាប់ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់អ៊ីចឹង ហើយពួកគេគ្មានការគិតគូរចំពោះអ្វីមួយផ្សេងដែលផ្ទុយពីសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេផ្ទាល់ឡើយ។ មនុស្សបែបនេះល្ងីល្ងើអ្វីម្ល៉េះទេ! មានមនុស្សជាច្រើនដែលបានសិក្សាស្វែងយល់ពីផ្លូវដ៏ពិត ដែលបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលស្គាល់ថា ព្រះបន្ទូលទាំងនោះជាសេចក្តីពិត ប៉ុន្តែពួកគេមិនដែលទទួលយកថា បុគ្គលនេះជាការយកកំណើតជាមនុស្សឡើយ។ ពួកគេប្រព្រឹត្តដូចគ្នាបះដាក់ទៅនឹងរបៀបដែលពួកផារីស៊ីបានធ្វើចំពោះព្រះអម្ចាស់យេស៊ូវអ៊ីចឹងដែរ ពោលគឺពួកគេជាមនុស្សល្ងីល្ងើបំផុត។ ក្រោយបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួចមក អស់អ្នកណាដែលទទួលស្គាល់ព្រះបន្ទូលទាំងនេះជាសេចក្តីពិត ដែលប្រាកដជាក់ថា នេះគឺជាការលេចមក និងជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះសង្រ្គោះ បុគ្គលនោះគឺជាមនុស្សដែលមានប្រាជ្ញាបំផុត។ តើអ្វីទៅដែលធ្វើឲ្យពួកគេមានប្រាជ្ញា? ជាដំបូង ពួកគេអាចឈ្វេងយល់ថា គ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ទីពីរ ដោយបានកំណត់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ពួកគេអាចកំណត់អំពីអ្វីដែលសាតាំងនិយាយថាជាពាក្យចចាមអារ៉ាម និងជាពាក្យរបស់អារក្ស ដែលថ្កោលទោស និងប្រឆាំងព្រះជាម្ចាស់ ហើយច្រានចោលពាក្យទាំងអស់នោះដែលចេញមកពីសាតាំង និងទុកចិត្តលើព្រះជាម្ចាស់តែមួយគត់ថាជាសេចក្តីពិត។ ទាំងនេះគឺជារឿងដែលមានប្រាជ្ញាបំផុតអំពីក្រុមស្ត្រីព្រហ្មចារីដ៏វៃឆ្លាត។ ក្រោយពេលពួកគេបានស្វាគមន៍ព្រះអម្ចាស់ គ្មានសេចក្តីកុហក និងសេចក្តីប្រឌិតណាមួយរបស់សាតាំងអាចបោកបញ្ឆោតពួកគេបានឡើយ។ ពួកគេទុកចិត្តលើព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ហើយពួកគេក៏ព្រមលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះជាម្ចាស់ផងដែរ ជាលទ្ធផល វាសម្រេចបានទាំងស្រុងតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ ក្រុមស្ត្រីព្រហ្មចារីដ៏វៃឆ្លាតបានស្វាគមន៍ព្រះអម្ចាស់ ពោលគឺពួកគេត្រូវបានលើកឡើងទៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់។

(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)

ខាង​ដើម៖ ៧. នៅក្នុងព្រះគម្ពីរមានចែងថា៖ «ដ្បិតព្រះ‌អម្ចាស់ផ្ទាល់នឹងយាងចុះពីស្ថាន‌សួគ៌ ដោយសម្រែកមួយ ទាំងមានសំឡេងមហាទេវតា និងស្នូរត្រែរបស់ព្រះផង ហើយពួកអ្នកស្លាប់ក្នុងព្រះ‌គ្រីស្ទ នឹងរស់ឡើងវិញមុនគេ» (១ ថែស្សាឡូនិច ៤:១៦)។ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ ប៉ុន្តែយើងមិនបានឮសម្រែក ឬសំឡេងរបស់មហាទេវតា ឬសំឡេងត្រែរបស់ព្រះជាម្ចាស់ឡើយ ហើយយើងក៏មិនបានឃើញពួកបរិសុទ្ធដែលបានស្លាប់ទៅ និងបានរស់ឡើងវិញនោះដែរ។ ដូច្នេះ តើវាអាចបញ្ជាក់បានយ៉ាងដូចម្ដេចទៅថា ព្រះអម្ចាស់បានយាងត្រលប់មកវិញ?

បន្ទាប់៖ ១. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ និងថាទ្រង់បានត្រលប់ជាសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ តើការនេះអាចទៅរួចម្ដេចកើតទៅ? ព្រះគម្ពីរចែងថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ» (កិច្ចការ ១:១១)។ ក្រោយពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការនៃការជាប់ឆ្កាង ព្រះអង្គបានរស់ពីសុគតឡើងវិញ ហើយបានលេចមកឲ្យពួកសិស្សរបស់ទ្រង់ឃើញ។ ទ្រង់បានត្រលប់ជារូបកាយខាងវិញ្ញាណដ៏មានសិរីល្អ ហើយបានយាងឡើងទៅស្ថានសួគ៌។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់ក៏គួរតែលេចមកឲ្យយើងឃើញជារូបកាយខាងវិញ្ញាណដែលត្រូវបានរស់ពីស្លាប់ឡើងវិញផងដែរ។ ហេតុអ្វីបានជាអ្នកនិយាយថា ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម និងធ្វើការ ក្នុងនាមជាបុត្រមនុស្សនៅគ្រាចុងក្រោយទៅវិញ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ