១. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ និងថាទ្រង់បានត្រលប់ជាសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ តើការនេះអាចទៅរួចម្ដេចកើតទៅ? ព្រះគម្ពីរចែងថា៖ «ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ» (កិច្ចការ ១:១១)។ ក្រោយពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការនៃការជាប់ឆ្កាង ព្រះអង្គបានរស់ពីសុគតឡើងវិញ ហើយបានលេចមកឲ្យពួកសិស្សរបស់ទ្រង់ឃើញ។ ទ្រង់បានត្រលប់ជារូបកាយខាងវិញ្ញាណដ៏មានសិរីល្អ ហើយបានយាងឡើងទៅស្ថានសួគ៌។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់ក៏គួរតែលេចមកឲ្យយើងឃើញជារូបកាយខាងវិញ្ញាណដែលត្រូវបានរស់ពីស្លាប់ឡើងវិញផងដែរ។ ហេតុអ្វីបានជាអ្នកនិយាយថា ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម និងធ្វើការ ក្នុងនាមជាបុត្រមនុស្សនៅគ្រាចុងក្រោយទៅវិញ?
ខគម្ពីរយោង៖
«ដូច្នេះ ចូរអ្នករាល់គ្នាត្រៀមខ្លួនជាស្រេចដែរ ដ្បិតបុត្រមនុស្សនឹងយាងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត» (លូកា ១២:៤០)។
«ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។
«ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។
«ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំជម្រះផងដែរ ដោយសារតែព្រះអង្គជាកូនមនុស្ស» (យ៉ូហាន ៥:២៧)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ប៉ុន្តែតើអ្នកដឹងពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើអាចដោយសារថា ទ្រង់បានមានបន្ទូលប្រាប់ក្រុមអ្នករាល់គ្នានេះមែនទេ? អ្វីគ្រប់យ៉ាងដែលអ្នកដឹងគឺថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ដោយគង់នៅលើដុំពពក ប៉ុន្តែតើអ្នកដឹងច្បាស់ថា ព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដោយរបៀបណាដែរឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញមែន នោះតើព្រះបន្ទូលដែលព្រះយេស៊ូវបានសម្ដែងមកនោះ អាចពន្យល់បានដោយរបៀបណា? ទ្រង់បានមានព្រះបន្ទូលថា៖ នៅពេលដែលកូនមនុស្សមកដល់នៅគ្រាចុងក្រោយ ទ្រង់ផ្ទាល់ព្រះអង្គនឹងមិនជ្រាបពីការនេះទេ ពួកទេវតានឹងមិនដឹង អ្នកនាំសារនៅស្ថានសួគ៌នឹងមិនដឹង ហើយមនុស្សទាំងអស់ក៏នឹងមិនដឹងដែរ។ មានតែព្រះវរបិតាប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ ពោលគឺមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ក៏ប៉ុន្តែ តើអ្នកអាចមើលឃើញ និងអាចដឹងបានដែរឬទេ? ប្រសិនបើអ្នកអាចដឹងនិងឃើញដោយភ្នែកផ្ទាល់របស់អ្នកបាន តើព្រះបន្ទូលទាំងអស់នេះ មិនត្រូវបានសម្ដែងមកដោយអសារឥតការទេឬអី? ហើយតើព្រះយេស៊ូវបានមានព្រះបន្ទូលអ្វីខ្លះនៅពេលនោះ? «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប។ តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ។ ... ចូរឱ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់»។ នៅពេលថ្ងៃនោះមកដល់ បុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏នឹងមិនជ្រាបដឹងដែរ។ បុត្រមនុស្សសំដៅលើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏មិនជ្រាបដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានរបៀបណា? ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកក្នុងលក្ខណៈដូចដែលទ្រង់បានយាងចាកចេញទៅដែរ។ នៅពេលដែលទ្រង់យាងមក សូម្បីតែទ្រង់ផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ដូច្នេះ តើទ្រង់អាចមានបន្ទូលប្រាប់ដល់អ្នកជាមុនបានដោយរបៀបណា? តើអ្នកអាចមើលឃើញការយាងមកដល់របស់ទ្រង់ដែរឬទេ? តើនោះមិនមែនជាការកំប្លែងទេឬអី?
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែជាមនុស្សដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ដោយសារតែមនុស្សជាកម្មវត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈដែលរមែងស្លាប់ ជាភាវៈដែលមានសាច់និងឈាម ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ដែលអាចសង្រ្គោះមនុស្សបាន។ តាមរបៀបនេះ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដែលមានលក្ខណៈដូចគ្នានឹងមនុស្សដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យកិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឱ្យបានត្រឹមត្រូវដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាពយកឈ្នះលើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឱ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ហេតុផលតែមួយគត់ដែលនាំឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រលប់ជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុករលួយ។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ទេ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នងអ្វីនោះទេ ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែនោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឱ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកស្មានមិនដល់ជាច្រើនក៏ដោយ ប៉ុន្តែលទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត គឺខ្ពស់ជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណឆ្ងាយណាស់។ កិច្ចការនៃសាច់ឈាមតម្រូវឱ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏រឹតតែមិនអាចមានសិទ្ធិអំណាចដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ សារជាតិនៃកិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាមដ៏សាមញ្ញនេះមានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។ សម្រាប់អស់អ្នកដែលត្រូវបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់របស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណ អាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹងបួ និងមហាសមុទ្របាន ប៉ុន្តែកិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឱ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឱ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណ ត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង។ វាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះក្នុងការវាស់ស្ទង់ ហើយពួកគេក៏កាន់តែពិបាកនឹងមើលឃើញដែរ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពជាក់ស្ដែង ព្រមទាំងពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណអាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជាការបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែវាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើនណាស់៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់លាស់។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានដែនកំណត់ប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឱ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុត ចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យចាស់ដ៏ពុករលួយនិងអាក្រក់របស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិរបស់ព្រះជាម្ចាស់ដែលជាប់មានមកជាមួយក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈតែសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាសេចក្តីពិតដ៏ច្បាស់លាស់មួយ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមទៅនឹងអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ ហើយចំពោះមនុស្ស វាហាក់ដូចជាមិនស្របជាមួយឋានៈដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏សាច់ឈាមដែលមិនមានរូបអង្គដ៏ពិតរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់នេះ អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបានដោយផ្ទាល់ដែរ។ នេះគឺជាភាពសំខាន់ និងតម្លៃដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចយល់ និងទទួលស្គាល់ពីភាពសំខាន់ និងតម្លៃនេះឡើយ។ ទោះបីមនុស្សជាតិទាំងអស់ស្ញប់ស្ញែងចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមើលងាយចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ក៏ដោយ ហើយមិនថាពួកគេមានទស្សនៈ ឬគំនិតបែបណានោះទេ ក៏សារៈសំខាន់ និងតម្លៃដ៏ពិតនៃសាច់ឈាម មានកម្រិតខ្ពស់ជាងខាងព្រះវិញ្ញាណដែរ។ ជាការពិត តម្លៃនេះគឺសម្រាប់តែមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះ។ សម្រាប់អស់អ្នកណាដែលស្វែងរកសេចក្តីពិត ហើយទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណអាចប្រទាននូវការរំជួលចិត្ត ឬការបណ្ដាលចិត្ត និងអារម្មណ៍ប្លែកចិត្តដែលកិច្ចការនេះហួសពីសេចក្តីពន្យល់ និងការស្រមើស្រមៃ ព្រមទាំងអារម្មណ៍ដ៏អស្ចារ្យ គិតមិនដល់ និងគួរឱ្យស្ងើចសរសើរ ប៉ុន្តែមនុស្សទាំងអស់មិនអាចទទួលបាន និងយល់បានឡើយ។ មនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចសម្លឹងមើលគ្នាពីចម្ងាយតែប៉ុណ្ណោះ ប្រៀបដូចជាមានគម្លាតដ៏ធំមួយនៅចន្លោះពួកគេ ហើយពួកគេគ្មានថ្ងៃនឹងដូចគ្នាឡើយ គឺដូចជាមនុស្ស និងព្រះជាម្ចាស់ត្រូវបានដាច់ចេញពីគ្នា ដោយរនាំងខណ្ឌចែកអរូបិយមួយអ៊ីចឹង។ តាមពិតទៅ នេះគឺជាដំណើរបំភាន់មួយដែលព្រះវិញ្ញាណប្រទានដល់មនុស្ស ដោយសារតែព្រះវិញ្ញាណ និងមនុស្សមិនអាចមានលក្ខណៈដូចគ្នាឡើយ ហើយពួកគេក៏មិនអាចរួមរស់ជាមួយគ្នានៅក្នុងពិភពលោកតែមួយបាននោះដែរ និងដោយសារតែព្រះវិញ្ញាណគ្មានលក្ខណៈរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សមិនមានតម្រូវការពីព្រះវិញ្ញាណទេ ព្រោះព្រះវិញ្ញាណមិនអាចធ្វើកិច្ចការដែលមនុស្សត្រូវការបំផុតដោយអង្គទ្រង់ផ្ទាល់បានឡើយ។ កិច្ចការនៃសាច់ឈាមផ្ដល់ឱ្យមនុស្សនូវគោលបំណងដ៏ពិតដើម្បីដេញតាម ផ្ដល់ជាព្រះបន្ទូលច្បាស់ៗ និងផ្ដល់នូវអារម្មណ៍ថា ទ្រង់ពិតប្រាកដ ហើយទ្រង់ជាមនុស្សសាមញ្ញ ព្រមទាំងផ្ដល់ជាអារម្មណ៍ថា ទ្រង់បន្ទាបអង្គទ្រង់ និងជាមនុស្សធម្មតាម្នាក់។ ទោះបីមនុស្សអាចមានអារម្មណ៍កោតខ្លាចទ្រង់ក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន ទ្រង់ងាយស្រួលក្នុងការទំនាក់ទំនងជាមួយដែរ៖ មនុស្សអាចមើលឃើញព្រះភ័ក្ត្រទ្រង់ ស្ដាប់ឮព្រះសូរសៀងទ្រង់ ហើយគេមិនចាំបាច់សម្លឹងទៅកាន់ទ្រង់ពីចម្ងាយនោះឡើយ។ សាច់ឈាមនេះធ្វើឱ្យមនុស្សមានអារម្មណ៍ថា គេអាចចូលទៅរកទ្រង់បាន។ គេមិនមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយ ឬមិនអាចវាស់ស្ទង់បាននោះឡើយ ប៉ុន្តែគេអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន ព្រោះសាច់ឈាមនេះស្ថិតនៅក្នុងពិភពលោកដែលមនុស្សរស់នៅ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោលគឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។ គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឱ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកនៅមុខទល់នឹងមុខជាមួយនឹងមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើសិនកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឱ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុង អំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះឡើយ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់អស់អ្នកដែលដើរតាមទ្រង់ ដើម្បីឱ្យក្រោយមក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនិងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្សប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរព្រះប្រឹស្ដាង្គ (ខ្នង) របស់ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិតនិងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងគោលដៅរបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេចស្រពិល ដែលជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចមើលឃើញទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយ ហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យ ចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការដែរ។ បើគ្មានអត្ថិភាពនៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្សនោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះលើចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវភស្តុតាង ឬការពិតបន្ថែមអំពីកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ មនុស្សនឹងមិនអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ ហើយគេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតប្រាកដនោះ។ មនុស្សនឹងមើលមិនឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ហើយក៏ស្ដាប់មិនឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុត ការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឱ្យព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើមរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនអាចត្រូវបានបន្លំដោយមនុស្សបានទេ។ ព្រះជាម្ចាស់អរូបិយដែលគង់នៅស្ថានសួគ៌ និងកិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញ គឺឱ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេចដោយព្រះជាម្ចាស់ដែលមិនយកកំណើតជាមនុស្សបានឡើយ។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ត្រូវតែធ្វើឡើងនៅក្នុងសាច់ឈាម។ បើវាត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងគ្មានបាន លទ្ធផលឡើយ។ ទោះបីវាត្រូវបានធ្វើដោយព្រះវិញ្ញាណក៏ដោយ ក៏កិច្ចការនោះនឹងគ្មានសារៈសំខាន់ធំដុំទេ ហើយនៅទីបំផុត វានឹងមិនគួរឱ្យជឿជាក់បានឡើយ។ សត្តនិករទាំងអស់ចង់ដឹងថា តើកិច្ចការរបស់ព្រះអាទិករមានសារៈសំខាន់ឬអត់ កិច្ចការនោះតំណាងឱ្យអ្វី ហើយវាត្រូវបានធ្វើទៅជាប្រយោជន៍សម្រាប់អ្វី និងចង់ដឹងថាតើកិច្ចការរបស់ព្រះជាម្ចាស់ពេញដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ និងជាកិច្ចការដែលមានតម្លៃ និងសារៈសំខាន់បំផុតឬអត់។ កិច្ចការដែលទ្រង់ធ្វើ ត្រូវបានធ្វើសម្រាប់ជាសេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំងមូល សម្រាប់ជាប្រយោជន៍នៃការយកលើឈ្នះសាតាំង និងសម្រាប់ជាការធ្វើបន្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ កិច្ចការដែលទ្រង់ធ្វើ ប្រាកដជាមានសារៈសំខាន់ធំធេងណាស់។ សាច់ឈាមរបស់មនុស្ស ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់គឺជាមនុស្សដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ សមរភូមិជាមួយសាតាំង តាមពិតទៅ ជាកិច្ចការនៃការយកឈ្នះលើមនុស្ស ហើយស្របពេលជាមួយគ្នានោះមនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយឃើញបែបនេះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពិតជាសំខាន់ខ្លាំងណាស់។ សាតាំងបានធ្វើឱ្យសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សបានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ គឺកិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្សជាតិ ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើឱ្យកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាពួកទទឹងនឹងទ្រង់ហើយអ្នកដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឱ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំងដើម្បីយកឈ្នះលើមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្សដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយតាមរបៀបនេះកិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។ ... សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះទៀត គឺទ្រង់ជាព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបានឡើយ និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ក៏ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានសារៈសំខាន់ចំពោះមនុស្សជាតិជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងសារៈសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិធ្វើឱ្យទ្រង់មានតម្លៃយ៉ាងខ្លាំងដែរ ហើយតម្លៃ និងសារៈសំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឱ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រា របស់ទ្រង់ដែរ។ គឺដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំង ដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ត្រលប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការដែលយកឈ្នះលើមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ តាមរបៀបនេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបង្រ្កាបសាតាំងធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឱ្យជឿជាក់ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឱ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)