១. សេចក្តីទំនាយនៅក្នុងព្រះគម្ពីរទាក់ទងនឹងការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ឥឡូវនេះ ត្រូវបានសម្រេចសឹងតែទាំងអស់ ហើយព្រះអម្ចាស់ក៏បាននៅទីនេះរួចជាស្រេចដែរ។ យើងឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែធ្វើបន្ទាល់ជាសាធារណៈតាមអនឡាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយមនុស្សជាច្រើនមកពីគ្រប់សាសនា និងនិកាយដែលជឿលើព្រះអម្ចាស់យ៉ាងពិតប្រាកដ និងស្រេកឃ្លានចង់បានការលេចមករបស់ព្រះជាម្ចាស់ បានត្រលប់មករកព្រះដ៏មានគ្រប់ព្រះចេស្ដា។ យើងគ្រាន់តែចង់ដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមករបស់ព្រះជាម្ចាស់ឬក៏អត់ប៉ុណ្ណោះ។
ខគម្ពីរយោង៖
«ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម» (យ៉ូហាន ១:១)។
«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឱ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវព្រះសូរសៀងរបស់ខ្ញុំយកឈ្នះ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!
(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឱ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់ទិសដៅ និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឱ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឱ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ព្រមទាំងធ្វើឱ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងចិត្តយើង ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងភ្ញាក់ ទាំងគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត! ទ្រង់បានជួយឱ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺជាថ្មី ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឱ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានធ្វើបន្ទាល់អំពីការអនុញ្ញាតរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។ នៅពេលនោះ ទ្រង់បានយកឈ្នះលើដួងចិត្តរបស់យើងទាំងស្រុង យើងលែងសង្ស័យថាទ្រង់ជានរណាទៀតហើយ យើងលែងប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងព្រះបន្ទូលទៀតហើយ ហើយយើងក៏ក្រាបថ្វាយបង្គំនៅចំពោះទ្រង់ដែរ។ យើងមិនប្រាថ្នាចង់បានអ្វីក្រៅពីដើរតាមស្នាមព្រះបាទារបស់ទ្រង់អស់មួយជីវិតរបស់យើង និងបានគ្រប់លក្ខណ៍ដោយសារទ្រង់ តបស្នងចំពោះព្រះគុណ និងសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង ហើយស្ដាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ព្រមទាំងសហការជាមួយកិច្ចការរបស់ទ្រង់ និងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីបំពេញនូវអ្វីដែលទ្រង់ផ្ទុកដាក់នឹងយើង។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ប្រសិនបើមនុស្សបន្តជាប់នៅក្នុងយុគសម័យនៃព្រះគុណ នោះពួកគេនឹងមិនអាចត្រូវបានដកចោលនិស្ស័យពុករលួយរបស់គេបានឡើយ ដូច្នេះពួកគេគ្មានថ្ងៃនឹងស្គាល់និស្ស័យខាងក្នុងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងព្រះគុណដ៏ពេញបរិបូណ៌ ប៉ុន្តែមិនមានផ្លូវនៃជីវិតដែលអនុញ្ញាតឱ្យពួកគេស្គាល់ព្រះជាម្ចាស់ ឬបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេនឹងមិនដែលទទួលបានទ្រង់យ៉ាងពិតប្រាកដនៅក្នុងជំនឿរបស់គេលើទ្រង់ឡើយ។ ជំនឿប្រភេទនេះពិតជាគួរឱ្យអាណិតណាស់។ នៅពេលដែលអ្នកបានអានចប់សៀវភៅនេះនៅពេលដែលអ្នកបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងយុគសម័យនៃនគរព្រះ នោះអ្នកនឹងមានអារម្មណ៍ថាបំណងប្រាថ្នាដែលអ្នកមានជាច្រើនឆ្នាំមកនេះ នៅចុងបញ្ចប់បានក្លាយជាការពិតហើយ។ អ្នកនឹងមានអារម្មណ៍ថា មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញព្រះជាម្ចាស់មុខទល់នឹងមុខ។ មានតែពេលនេះប៉ុណ្ណោះ ដែលអ្នកបានឃើញទឹកព្រះភ័ក្ត្ររបស់ទ្រង់ បានឮព្រះសូរសៀងរបស់ទ្រង់ដោយផ្ទាល់ បានទទួលប្រាជ្ញាអំពីកិច្ចការរបស់ទ្រង់ និងពិតជាមានអារម្មណ៍យ៉ាងអស្ចារ្យអំពីព្រះចេស្ដារបស់ទ្រង់។ អ្នកនឹងមានអារម្មណ៍ថា អ្នកបានទទួលនូវរឿងជាច្រើនដែលមនុស្សនៅសម័យមុនមិនបានឃើញ ក៏មិនធ្លាប់មានផងដែរ។ នៅពេលនេះ អ្នកនឹងដឹងយ៉ាងច្បាស់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពិតប្រាកដណាស់ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នឹងទស្សនៈអតីតកាល ហើយបដិសេធឬជំទាស់នឹងការពិតនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នោះអ្នកនឹងនៅតែចាប់ខ្យល់ មិនទទួលបានអ្វីសោះឡើយ ហើយចុងបញ្ចប់ អ្នកនឹងត្រូវព្រះជាម្ចាស់ប្រកាសថា មានទោសប្រឆាំងនឹងទ្រង់។ អស់អ្នកដែលអាចស្ដាប់បង្គាប់តាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថាខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់តាមរយៈការមានបន្ទូល ការអនុញ្ញាតឱ្យអស់អ្នកដែលទទួលយកការកាត់ទោសនិងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះ អំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះព្រះជាម្ចាស់ប្រើមធ្យោបាយមួយដែលទ្រង់អាចសម្ដែងពីនិស្ស័យខាងក្នុងរបស់ទ្រង់ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។ នៅពេលដែលមនុស្សបានដកពិសោធន៍ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះរួចហើយ នោះគេនឹងដឹងអំពីអត្ថន័យដ៏ពិតនៃប្រសាសន៍របស់យ៉ូហាន នៅពេលដែលគាត់មានប្រសាសន៍អំពីបុត្រមនុស្សនៅក្នុងចំណោមជើងចង្កៀងថា៖ «ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ។ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ»។ នៅពេលនោះ អ្នកនឹងដឹងយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានថា សាច់ឈាមសាមញ្ញដែលបានមានបន្ទូលយ៉ាងច្រើននេះ គឺជាព្រះដែលយកកំណើតជាមនុស្សលើកទីពីរ។ លើសពីនេះទៅទៀត អ្នកនឹងយល់យ៉ាងពិតប្រាកដថា អ្នកពិតជាមានពរណាស់ និងមានអារម្មណ៍ថា អ្នកជាមនុស្សមានសំណាងបំផុតនៅក្នុងលោក។ តើអ្នកមិនព្រមទទួលយកព្រះពរនេះទេឬអី?
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)