៤៤. ការសួរចម្លើយជាសម្ងាត់នៅសណ្ឋាគារ

By Song Ping, China

ថ្ងៃមួយក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ខ្ញុំនិងបងស្រីម្នាក់បានណាត់ជួបគ្នា ដើម្បីចូលរួមការជួបជុំមួយ។ នៅប្រហែលម៉ោង ២ រសៀល ពេលខ្ញុំកំពុងរង់ចាំគាត់នៅក្បែរហាងលក់ស្បែកជើងមួយកន្លែង ខ្ញុំបានឃើញបុរសម្នាក់កំពុងនិយាយទូរសព្ទ និងចេះតែសំឡឹងមើលមកខ្ញុំ ម្ដងហើយម្ដងទៀត ហើយខ្ញុំមានអារម្មណ៍ដូចជាមិនសូវស្រួលសោះ។ គ្រាន់តែខ្ញុំហៀបនឹងចាកចេញទៅ ខ្ញុំក៏បានឮគេស្រែកថា៖ «នៅឱ្យស្ងៀម!» ខ្ញុំបានឃើញមនុស្ស ៤ ឬ ៥ នាក់ ប្រញាប់ប្រញាល់សំដៅមករកខ្ញុំ ហើយខ្ញុំគិតថា៖ «អូ! ចប់ហើយ គឺប៉ូលិសទេតើ!» ខ្ញុំព្យាយាមរត់គេច ប៉ុន្តែមនុស្សប្រុស ២ នាក់បានតាមខ្ញុំទាន់ ហើយក៏បានចាប់ផ្ដួលខ្ញុំទៅលើដី រួចក៏បានសែងខ្ញុំដាក់លើឡាន ដែលនៅលើឡាននោះ ខ្ញុំបានឃើញបងប្អូនស្រីៗចំនួន ៣ នាក់ទៀត ដែលត្រូវបានគេចាប់ខ្លួនជាមួយខ្ញុំដែរ។

ប៉ូលិសបាននាំពួកយើងទៅកាន់ប៉ុស្តិ៍ប៉ូលិស និងបញ្ជាឱ្យយើងឈរនៅក្បែរជញ្ជាំងសំយ៉ាបអគារ។ ខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត និងបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចូរកុំខ្លាចនេះ ខ្លាចនោះឱ្យសោះ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះនៃកងទ័ពទាំងឡាយ ច្បាស់ជានឹងគង់នៅជាមួយអ្នកមិនខាន។ ទ្រង់គឺជាខ្នងបង្អែករបស់អ្នករាល់គ្នា ហើយទ្រង់គឺជាខែលការពាររបស់អ្នករាល់គ្នា» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពិតណាស់ មានព្រះជាម្ចាស់នៅខាងខ្ញុំហើយ តើខ្ញុំមានអ្វីត្រូវខ្លាចទៀត? ខ្ញុំត្រូវពឹងលើព្រះជាម្ចាស់ដើម្បីឆ្លងកាត់មជ្ឈដ្ឋាននេះ។ ខ្ញុំក៏អាចរម្ងាប់ចិត្តបានបន្តិចម្ដងៗ។ បន្ទាប់ពីនោះមក ពួកគេបាននាំខ្ញុំទៅបន្ទប់មួយ។ ខ្ញុំមានអារម្មណ៍រងការបំបាក់មុខ និងខឹងសប្បារនៅពេលដែលប៉ូលិសស្រីម្នាក់បានបង្ខំឱ្យខ្ញុំដោះសម្លៀកបំពាក់ចេញដើម្បីឆែកឆេរ និងមានចេតនាឱ្យខ្ញុំអង្គុយច្រហោង ដោយដាក់ជើងកន្ធែកឆ្ងាយពីគ្នា។

នៅយប់បន្ទាប់ ប៉ូលិសបាននាំខ្ញុំទៅកាន់សណ្ឋាគារមួយកម្ពស់ប្រាំមួយជាន់។ ពួកគេបានជួលជាន់ទាំងបីខាងលើនៃសណ្ឋាគារនោះ និងកែប្រែវាទៅជាមណ្ឌលសួរចម្លើយសម្ងាត់មួយកន្លែង ដើម្បីឃុំឃាំងនិងធ្វើទារុណកម្មអ្នកជឿលើព្រះជាម្ចាស់។ នៅពេលខ្ញុំទៅដល់ជាន់ទី ៦ ខ្ញុំបានឃើញបងប្អូនប្រុសស្រីជាង ២០ នាក់កំពុងឈរជាជួរ ហើយខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់។ មានមនុស្សជាច្រើនដែលត្រូវបានចាប់ខ្លួន! មើលទៅហាក់ដូចជាបក្សកុម្មុយនីស្តបានចាប់ខ្លួនពួកគេមកក្នុងពេលដំណាលគ្នាដែរ។ ខ្ញុំមិនដឹងថាតើប៉ូលិសនឹងធ្វើដាក់ពួកយើងយ៉ាងម៉េចខ្លះនោះទេ ដូច្នេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ ដោយទូលសុំឱ្យព្រះជាម្ចាស់ការពារពួកយើង ដើម្បីឱ្យពួកយើងអាចស៊ូទ្រាំបាន។ បន្ទាប់មក ប៉ូលិសបានបំបែកយើងដើម្បីសួរចម្លើយ។

នៅម៉ោងប្រាំព្រឹកនាថ្ងៃទីបី ប៉ូលិសកន្ធាត់ម្នាក់បានចូលមក និងនិយាយដោយសំឡេងឮៗថា៖ «អាប្រុសម្នាក់ដែលអញបានសួរចម្លើយ គឺជាអ្នកដឹកនាំគេ ហើយវាក្បាលរឹងណាស់។ ទម្រាំតែសួរចម្លើយចប់ ម៉ោងពីរ ម៉ោងបីយប់»។ ប៉ូលិសនោះបានធ្វើកាយវិការអួតក្អេងក្អាង ពេលវាបន្តនិយាយថា៖ «ដំបូង អញទាត់វាមួយទំហឹងចំកណ្ដាលមុខ ហើយបន្ទាប់មក ក៏ទាត់មួយទំហឹងទៀតត្រូវចំមុខវាម្ខាងទៀត រួចអញទះកំផ្លៀងវាឆ្វេងស្ដាំៗ»។ វារលាស់ដៃ រួចបន្តរអ៊ូរទាំទាំងខឹងសម្បាថា៖ «អញវាយវាឡើងឈឺដៃ អ៊ីចឹងអញក៏កាន់ដបទឹកសុទ្ធដែលមានទឹកត្រឹមពាក់កណ្ដាល ហើយវាយមុខវាទាល់តែចុកដៃលើកលែងរួច។ មុខវាទាំងមូលខ្ទេចអស់ហើយ។ មើលលែងស្គាល់តែម្ដង»។ ខ្ញុំតក់ស្លុតនឹងសកម្មភាពប៉ូលិសនោះណាស់។ បេះដូងខ្ញុំលោតញាប់ ហើយខ្ញុំពិតជាខឹងខ្លាំងណាស់៖ «អាប៉ូលិសនេះ ពិតជាឃោរឃៅមែន បើវាវាយខ្ញុំដូចវាយបងប្រុសនោះដែរ តើខ្ញុំអាចទ្រាំបានអត់ហ្ន៎?» ខ្ញុំមិនហ៊ានគិតអ្វីលើសពីនេះទៀតទេ។ ខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីទូលសុំទ្រង់ឱ្យការពារបងប្រុសដែលត្រូវគេវាយនោះ និងការពាររូបខ្ញុំផងដែរ ដើម្បីឱ្យពួកយើងអាចមានទំនុកចិត្តក្នុងការឆ្លងកាត់មជ្ឈដ្ឋាននេះ។

នៅព្រឹកថ្ងៃទីបួន ប៉ូលិសបាននាំខ្ញុំទៅកាន់ប៉ុស្ដិ៍ប៉ូលិស។ ប៉ូលិសត្រកូល វូ បានសួរខ្ញុំអំពីតួនាទីរបស់ខ្ញុំនៅពួកជំនុំ។ ខ្ញុំបាននិយាយថា ខ្ញុំជាអ្នកជឿធម្មតាម្នាក់។ វាប្រញាប់ក្រោកឈរ ហើយនិយាយថា៖ «អញថាបើមិនភ្លក់ការឈឺចាប់ខ្លះទេ នាងឯងមិនព្រមនិយាយការពិតឡើយ!» វាបានបញ្ជាឱ្យខ្ញុំលាតដៃឱ្យត្រង់ អង្គុយច្រហោង ក្រោកឈរ ហើយឱ្យធ្វើចលនានេះម្ដងហើយម្ដងទៀត។ បន្ទាប់ពីធ្វើចលនានេះបានមួយសន្ទុះមក ខ្ញុំហត់បែកញើសជោក ហើយជើងរបស់ខ្ញុំចុកអស់ហើយ។ ខ្ញុំក៏ដួលទៅលើកដី។ វាញញឹមចំអក រួចនិយាយ៖ «នាងឯងមានដឹងទេ? មនុស្សទោះខ្លាំងប៉ុនណាក៏ដោយ នៅទីនេះ ត្រូវតែឱនក្បាលដាក់អញ។ តើនាងឯងជាអ្នកដឹកនាំ មែនទេ? នរណាជាមេនាងឯង?» នៅពេលខ្ញុំមិនឆ្លើយអ្វីសោះ វាក៏ឱ្យខ្ញុំអង្គុយច្រហោង។ អង្គុយច្រហោងបានពីរបីនាទី ជើងរបស់ខ្ញុំចាប់ផ្ដើមញ័រ ឡើងហើម ហើយមិនយូរប៉ុន្មាន ខ្ញុំក៏ដួល។ វាបានឱ្យខ្ញុំក្រោកឡើង ហើយបន្តអង្គុយច្រហោងទៀត ហើយខ្ញុំធ្វើបែបនេះជាង ៨០០ ដង។ ប៉ូលិសម្នាក់បាននិយាយគំរាមថា៖ «មើលចុះ នាងឯងបែកញើសដល់ហើយ។ មើលទៅគួរឱ្យអាណិតណាស់។ ហេតអ្វីនាងឯងត្រូវរងទុក្ខបែបនេះ? តើព្រះជាម្ចាស់នៅឯណា? បើនាងឯងនិយាយអ្វីដែលនាងឯងដឹង នោះនាងឯងមិនចាំបាច់ត្រូវរងទុក្ខទេ។ បើមិនព្រមប្រាប់ទេ នាងឯងនឹងត្រូវរងទុក្ខជាងនេះមិនខាន»។ ស្ដាប់សម្ដីរបស់ប៉ូលិសនោះរួច ខ្ញុំមានអារម្មណ៍ខ្ពើមរអើមខ្លាំងណាស់។ ខ្ញុំបានសម្លឹងមើលវា ហើយបាននិយាយថា ខ្ញុំមិនដឹងអ្វីទាំងអស់។ ពួកគេបានដាក់ខ្នោះដៃខ្ញុំទាំងពីរមកក្រោយកៅអីសួរចម្លើយ។ ក្រោយពីត្រូវគេដាក់ខ្នោះបានមួយសន្ទុះ ខ្ញុំមានអារម្មណ៍តឹងណែនទ្រូង ពិបាកដកដង្ហើម។ ខ្ញុំស្ទើរតែថប់ដង្ហើមស្លាប់ទៅហើយ។ ខ្ញុំបានសុំឱ្យពួកវាដោះខ្នោះដៃចេញ ហើយមួយសន្ទុះធំក្រោយមក ពួកគេក៏បានដោះខ្នោះចេញ។ ក្រោយមក មន្ត្រីប៉ូលិសម្នាក់បានចូលមក រួចនិយាយថា៖ «ត្រូវចេះយល់ពីស្ថានភាពខ្លួនផង។ អ្នកផ្សេងទៀត គេសារភាពអស់ហើយ។ អង្គុយនៅទីនេះ ហើយស៊ូត្រាំម្នាក់ឯង មិនល្ងង់ពេកទេឬអី? ពេលនេះ ប្រាប់ពួកយើងមកថានាងដឹងអ្វីខ្លះ នោះយើងនឹងដោះលែងនាង»។ ពេលនោះ វាក៏បានដករូបថតពីរបីសន្លឹកចេញមក រួចឱ្យខ្ញុំប្រាប់ពីអត្តសញ្ញាណមនុស្សក្នុងរូបថតនោះ។ វានិយាយថា៖ «មនុស្សអស់នេះ គេចាប់ខ្លួនរួចអស់ហើយ ហើយពួកគេថា ពួកគេស្គាល់នាង។ តើនាងស្គាល់ពួកគេទេ? តើពួកគេមានការងារអ្វីនៅឯក្រុមជំនុំ?» ខ្ញុំគិតថា៖ «បើបងប្អូនប្រុសស្រីពិតជាសារភាពថាស្គាល់ខ្ញុំមែន តែបើខ្ញុំថាខ្ញុំមិនស្គាល់ពួកគេ ប៉ូលិសច្បាស់ជាមិនដោះលែងខ្ញុំទេ។ តែបើខ្ញុំថាខ្ញុំស្គាល់ពួកគេ ខ្ញុំមុខជាក្បត់នឹងបងប្អូនប្រុសស្រីមិនខាន។ នោះនឹងធ្វើឱ្យខ្ញុំក្លាយខ្លួនដូចជា យូដាស ដែលក្បត់ព្រះជាម្ចាស់ដែរ។ តើខ្ញុំគួរធ្វើយ៉ាងម៉េច?» នៅពេលនោះ ខ្ញុំបាននឹកចាំពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «រាស្ត្ររបស់ខ្ញុំគប្បីប្រយ័ត្នប្រយែងចំពោះគ្រោងការបោកបញ្ឆោតរបស់សាតាំងគ្រប់ពេលវេលាទាំងអស់ ដោយចាំយាមច្រកទ្វារនៃដំណាក់របស់ខ្ញុំជំនួសខ្ញុំ។ ... ដើម្បីចៀសវាងធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំង បើមិនដូច្នោះទេ ពេលនោះ ទោះសោកស្ដាយក៏យឺតពេលដែរ» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា នេះគឺជាល្បិចកលមួយរបស់សាតាំង។ ប៉ូលិសប្រហែលជាប្រើវិធីសាស្រ្តនេះដើម្បីបោកបញ្ឆោតខ្ញុំ និងធ្វើឱ្យក្បត់បងប្អូនប្រុសស្រី និងក្បត់ព្រះជាម្ចាស់។ ខ្ញុំមិនអាចចាញ់ល្បិចនេះបានទេ។ ទោះបីជាបងប្អូនប្រុសស្រីបានសារភាពថាស្គាល់ខ្ញុំ ខ្ញុំក៏មិនអាចក្បត់ពួកគេបានដែរ។ ដោយមានគំនិតបែបនេះ ខ្ញុំក៏ឆ្លើយថា ខ្ញុំមិនស្គាល់ពួកគេទៅ។

មន្ត្រីប៉ូលិសត្រកូល វូ នោះ ឃើញថាខ្ញុំមិនចាញ់បោកវា វាក៏និយាយទាំងខឹងសប្បាថា៖ «អញចង់មើលថាតើនាងឯងក្បាលរឹងប៉ុនណា!» ពេលនោះ វាបានបញ្ជាឱ្យខ្ញុំក្រោកឈរ រួចដាក់ខ្នោះដៃខ្ញុំជាប់ទៅនឹងចម្រឹងដែកបង្អួចសាលធំ។ ខ្លួនខ្ញុំត្រូវហើបផុតពីដី ករដៃខ្ញុំឈឺទ្រាំសឹងមិនបាន ហើយពេលនោះ ប៉ូលិសនោះ មើលមកខ្ញុំ រួចសើច។ មួយសន្ទុះក្រោយមក ពួកវាបានដាក់ខ្ញុំចុះ ហើយប្រាប់ឱ្យខ្ញុំបន្តអង្គុយច្រហោងទៀត។ យប់នោះ ប៉ូលិសបាននាំខ្ញុំត្រឡប់ទៅសណ្ឋាគារវិញ។ ព្រឹកស្អែក មន្ត្រីប៉ូលិសត្រកូល វូ បាននិយាយថា៖ «ចាប់ពីថ្ងៃនេះតទៅ អញនឹងដាក់ខ្នោះនាងឯងជាប់នឹងបង្អួចនេះហើយ។ បើនាងឯងមិនព្រមនិយាយការពិតទេ នាងឯងកុំសង្ឃឹមបានអីស៊ីឱ្យសោះ»។ បន្ទាប់មក ពួកវាបានដាក់ខ្នោះដៃខ្ញុំម្ខាងទៅនឹងចម្រឹងដែក។ ម្ដងហើយម្ដងទៀត ពួកវាបានមកសួរនាំខ្ញុំអំពីព័ត៌មានលម្អិតអំពីពួកជំនុំរបស់ខ្ញុំ។ នៅពេលប៉ូលិសម្នាក់ឃើញថា ខ្ញុំនៅតែមិនព្រមនិយាយទៀត វាបានយកសឺមីមកទះកំផ្លៀងខ្ញុំមួយទំហឹង ហើយមានចេតនាបើកទ្វារដើម្បីឱ្យខ្ញុំអាចស្ដាប់ឮគេធ្វើទារុណកម្មបងប្អូនស្រីៗដទៃទៀត។ ពេលឮពួកគេស្រែកយំដោយការឈឺចាប់ ចិត្តខ្ញុំខ្ទេចខ្ទាំ និងខឹងសប្បាខ្លាំងណាស់។

បួនថ្ងៃក្រោយមក ប៉ូលិសប្រុសម្នាក់ត្រកូល មុ បានយកសៀវភៅរបស់ខ្ញុំមក និងចង្អុលទៅលេខដែលសរសេរនៅលើនោះ ហើយសួរខ្ញុំថាតើលេខនោះជាលេខទូរស័ព្ទបងប្អូនប្រុសស្រីខ្ញុំឬមិនមែន។ ពេលខ្ញុំមិនឆ្លើយ វាក៏ស្រែកខ្លាំងៗថា៖ «ទោះបីនាងឯងមិននិយាយអ្វីមួយម៉ាត់ក៏ដោយ ក៏សៀវភៅនេះគ្រប់គ្រាន់នឹងកាត់ទោសនាងឯងបានហើយ!» វាបានដករូបថតចេញមក រួចចង្អុលទៅមនុស្សនៅក្នុងរូបនោះ និងសួរខ្ញុំថាតើម្នាក់នោះជាអ្នកដឹកនាំពួកជំនុំឬមិនមែន។ បន្ទាប់មក វាបានដករូបថតផ្ទះសម្រាប់ទទួលភ្ញៀវពួកជំនុំចេញមកបីសន្លឹក រួចវាបានឱ្យខ្ញុំកំណត់អត្តសញ្ញាណផ្ទះនោះ។ ខ្ញុំស្គាល់ផ្ទះនោះទាំងអស់ តែខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ផ្ទះទាំងនោះទេ។ វាបាននិយាយទៀតថា៖ «យើងនឹងយករថយន្តដឹកនាងទៅទីនោះ។ នាងគ្រាន់តែចង្អុលប្រាប់ទីតាំងយើងទៅបានហើយ។ ហើយយើងនឹងលាក់ការសម្ងាត់ឱ្យនាង គ្មាននរណាដឹងថានាងជាអ្នកឱ្យការណ៍នោះទេ»។ ពេលឃើញខ្ញុំនៅតែមិនព្រមនិយាយស្ដីអ្វីសោះ វាក៏បាននិយាយទៅកាន់ប៉ូលិសនៅក្បែរវាថា៖ «ដោះសម្លៀកបំពាក់នាងឱ្យអស់ទៅ ចង់ព្យួរនាងបែរមុខទៅរកបង្អួច ដើម្បីអ្នកដំណើរឆ្លងកាត់អាចមើលឃើញ។ បន្ទាប់មក ថតរូបនាង រួចបង្ហោះវានៅលើអ៊ីនធឺណិត និយាយថានាងជាជនក្បត់ និងថានាងបានសារភាពគ្រប់យ៉ាងហើយ»។ បន្ទាប់មក វាបានមកស្រាតសម្លៀកបំពាក់ខ្ញុំចេញ។ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់។ បើវាពិតជាធ្វើអ៊ីចឹងមែន ហើយបង្ហោះរូបខ្ញុំនៅលើអ៊ីនធឺណិត នោះសាច់ញាតិបងប្អូនខ្ញុំនឹងឃើញមិនខាន។ តើខ្ញុំអាចរស់នៅទៀតយ៉ាងម៉េចកើតទៅ? ខ្ញុំបានអង្វរវាកុំឱ្យដោះសម្លៀកបំពាក់ខ្ញុំ តែវាបានញញឹមចំអក រួចថា៖ «ថាម៉េច? នាងឯងខ្លាចមែនទេ?» ពេលនោះ ពួកវាសុទ្ធតែផ្ទុះសំណើច។ ពេលឃើញរូបរាងសប្បាយចិត្តរបស់ពួកវា ខ្ញុំក៏ចាប់អារម្មណ៍ដឹងថា នេះគឺជាកលល្បិចរបស់សាតាំង ដូច្នេះ ខ្ញុំប្រញាប់រម្ងាប់ចិត្តនិងដង្ហើយរកព្រះជាម្ចាស់។ នៅពេលនោះ ខ្ញុំបាននឹកចាំពីទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានផ្ដល់ទំនុកចិត្ត និងកម្លាំងដល់ខ្ញុំ។ ខ្ញុំបានជឿលើព្រះជាម្ចាស់ និងដើរលើផ្លូវជីវិតដែលត្រឹមត្រូវ។ ការដែលត្រូវគេធ្វើទារុណកម្ម និងធ្វើឱ្យអាប់ឱនកិត្តិយសដោយសារជំនឿលើព្រះជាម្ចាស់ គឺគ្មានអ្វីដែលត្រូវអៀនខ្មាសនោះទេ។ គេកំពុងធ្វើបាបខ្ញុំដោយសារតែសេចក្ដីសុចរិត ហើយព្រះជាម្ចាស់សព្វព្រះទ័យនឹងទង្វើនេះ។ បើខ្ញុំចុះចូលនឹងសាតាំង ហើយក្បត់ព្រះជាម្ចាស់ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ខ្ញុំ នោះទើបជារឿងដ៏គួរឱ្យអាម៉ាស់បំផុតដែលខ្ញុំធ្វើ ហើយខ្ញុំនឹងបាត់បង់សេចក្ដីថ្លៃថ្នូររបស់មនុស្សមិនខានឡើយ។ ខ្ញុំស្អប់ខ្លួនឯងដែលគ្មានសេចក្ដីក្លាហាន ហើយអង្វរសុំសេចក្ដីមេត្តាករុណាពីសាតាំង ដែលធ្វើឱ្យខ្លួនឯងក្លាយជាតួត្លុករបស់សាតាំង។ ខ្ញុំបានស្បថនឹងខ្លួនឯងថា មិនថាពួកប៉ូលិសអាក្រក់ទាំងនេះធ្វើឱ្យខ្ញុំអាប់ឱនកិត្តិយសយ៉ាងណា ទោះបីពួកគេពិតជាស្រាតសម្លៀកបំពាក់ខ្ញុំចេញក៏ដោយ ក៏ខ្ញុំនឹងមិនឱនក្បាលដាក់ពួកវា និងអង្វរសុំសេចក្ដីមេត្តាករុណាដែរ ហើយខ្ញុំនឹងមិនធ្វើដូចជា យូដាស ឡើយ។ នៅពេលដែលប៉ូលិសឃើញថា ខ្ញុំលែងខ្លាច ពួកគេក៏ខឹងជាខ្លាំងរហូតដល់ពួកវាដាក់ខ្នោះដៃខ្ញុំទាំងពីរទៅនឹងចម្រឹងដែក។ ប៉ូលិសស្រីម្នាក់បានស្រែកថា៖ «ពួកឯងមិនស្រាតខោអាវនាងចេញទេឬអី? ស្រាតឱ្យអស់ទៅ ទើបពួកឯងអាចមើលឃើញកន្លុកកន្លៀតទាំងអស់បាន»។ ក្រុមប៉ូលិសនាំគ្នាសើចក្អាកក្អាយដូចពួកអារក្សពីស្ថាននរកអ៊ីចឹង។ នៅពេលនោះ ជើងខ្ញុំផុតពីដី ហើយទម្ងន់មកនៅនឹងករដៃ ដែលឈឺចាប់ដូចជាបាក់ដៃអ៊ីចឹង។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ក្នុងចិត្ត ដោយទូលសុំទ្រង់ឱ្យប្រទានទំនុកចិត្តនិងកម្លាំងដល់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចស៊ូទ្រាំនឹងការធ្វើទារុណកម្មរបស់ប៉ូលិសបាន និងមិនចុះញ៉មនឹងសាតាំង។ ជាងកន្លះម៉ោងក្រោយមក ប៉ូលិសបានដាក់ខ្ញុំចុះ។ ជើងរបស់ខ្ញុំឡើងស្ពឹក លែងដឹងអារម្មណ៍ ហើយខ្ញុំដួលទៅលើកម្រាលឥដ្ឋនៅពេលជើងខ្ញុំប៉ះកម្រាលឥដ្ឋ។ មន្ត្រីប៉ូលិសនិយាយទាំងខឹងថា៖ «គិតពីស្ថានភាពខ្លួនឯងផង។ បើនាងនៅតែមិនព្រមនិយាយទៀត យើងនៅមានល្បិចជាច្រើនទៀតដើម្បីដោះស្រាយជាមួយនាងឯង»។ បន្ទាប់មក ពួកគេក៏បានចាកចេញទៅ។

ពីរថ្ងៃក្រោយមក ប៉ូលិសកន្ធាត់ម្នាក់បានចូលមក។ ពេលវាចូលមកភ្លាម វាក៏បាននិយាយទៅកាន់ប៉ូលិសពីរនាក់ដែលនៅយាមខ្ញុំថា៖ «តើពួកឯងដឹងទេថាម៉េចបានជាបំបាក់នាងនេះមិនបាន? មកពីពួកឯងទន់ជ្រាយពេក ហើយពួកឯងប្រើបច្ចេកទេសមិនត្រូវ។ ថ្ងៃនេះ ចាំអញបង្រៀនពួកឯងពីល្បិចមួយចំនួន ហើយចាំមើលអញបង្ហាញថាត្រូវធ្វើវាយ៉ាងម៉េច!» វាបានឱ្យខ្ញុំអង្គុយច្រហោង រួចឱ្យច្រហោងពាក់កណ្ដាល ហើយក៏ឱ្យធ្វើបែបនេះរហូតទាល់តែខ្ញុំអស់កម្លាំងរលីង រួចក៏ដួល។ បន្ទាប់មក វាបានប្រាប់ប៉ូលិសពីរនាក់ឱ្យចាប់ដៃខ្ញុំម្នាក់ម្ខាង រួចរុញខ្ញុំចុះ រួចលើកឡើងវិញ ហើយបន្តធ្វើទារុណកម្មដូច្នេះដដែលៗ។ ពេលមើលទឹកមុខដ៏កាចសាហាវរបស់ពួកវា ខ្ញុំដឹងថា បន្ទាប់មកទៀត មុខជាមានការធ្វើទារុណកម្មឃោរឃៅជាងនេះមិនខាន។ ខ្ញុំបានគិតពីរូបរាងជាបាវបម្រើរបស់ខ្ញុំនៅពេលខ្ញុំឱនក្បាលចំពោះសាតាំង និងសុំសេចក្ដីមេត្តាករុណាពីពួកវា កាលពីពីរថ្ងៃមុនដោយសារខ្ញុំខ្លាចត្រូវអាប់មុខ ដូច្នេះខ្ញុំបានតាំងចិត្តនៅក្នុងថ្ងៃនោះថា ខ្ញុំនឹងពឹងលើព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រងនៅចំពោះមុខសាតាំង។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត៖ «ព្រះជាម្ចាស់ ខ្ញុំម្ចាស់មិនដឹងថាប៉ូលិសនឹងប្រើមធ្យោបាយអ្វីដើម្បីធ្វើទារុណកម្មខ្ញុំម្ចាស់ទេ ប៉ុន្តែខ្ញុំម្ចាស់ចង់ធ្វើទីបន្ទាល់ដ៏រឹងមាំ និងកងរំពងថ្វាយទ្រង់ ដូច្នេះ ខ្ញុំម្ចាស់ទូលសុំទ្រង់ឱ្យប្រទានទំនុកចិត្ត និងកម្លាំងដល់ខ្ញុំម្ចាស់ផង»។ មួយសន្ទុះក្រោយមក ពួកគេក៏អស់កម្លាំង បែកញើស មិនអាចលើកខ្ញុំរួចទៀត។ ពេលដែលដៃរបស់ពួកគេលែងខ្ញុំ ខ្ញុំក៏ធ្លាក់ទៅលើកម្រាលឥដ្ឋយ៉ាងខ្លាំង។ ពួកវាបានបញ្ជាឱ្យខ្ញុំក្រោកឡើង និងអង្គុយច្រហោងម្ដងហើយម្ដងទៀត។ ប៉ូលិសកន្ធាត់នោះញញឹមចំអក រួចនិយាយថា៖ «មើលទៅនាងដូចជាក្ដៅស្អុះដល់ហើយ។ ចាក់ទឹកកកលើខ្លួននាងទៅ។ ច្បាស់ជានាងពេញចិត្តមិនខាន»។ បន្ទាប់មក ពួកគេបានចាក់ទឹកកកលើខ្ញុំរហូតដល់ខ្ញុំទទឹកខ្លួនជោក។ ប៉ុន្តែរឿងដែលអស្ចារ្យនោះគឺថា ខ្ញុំមានអារម្មណ៍ថាមានចំហាយក្ដៅភាយចេញពីខ្លួនខ្ញុំមក ហើយខ្ញុំពុំមានអារម្មណ៍ត្រជាក់ទាល់តែសោះ។ ខ្ញុំបានដឹងថា នេះគឺជាការពារពីព្រះជាម្ចាស់ចំពោះរូបខ្ញុំ។ ខ្ញុំបានបន្តអរព្រះគុណព្រះជាម្ចាស់ឥតឈប់នៅក្នុងចិត្តខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា សេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់បានកើនឡើងជាងមុន។

ពេលនោះ ប៉ូលិសពីរនាក់បានអូសខ្ញុំ ហើយដាក់ខ្នោះដៃឆ្វេងខ្ញុំជាប់ទៅនឹងចម្រឹងដែក។ ករដៃរបស់ខ្ញុំមានរបួសស្រាប់ដោយសារគេដាក់ខ្នោះព្យួរខ្ញុំពីលើកមុន ដូច្នេះពេលគេដាក់ខ្នោះខ្ញុំម្ដងនេះ ធ្វើឱ្យខ្ញុំឈឺចាប់កាន់តែខ្លាំង។ ប៉ូលិសសើចនៅពេលដែលវាឃើញខ្ញុំឈឺ ហើយខ្ញុំមិនចង់ឱ្យពួកវាឃើញពីចំណុចខ្សោយរបស់ខ្ញុំទេ ដូច្នេះ ខ្ញុំបានស៊ូទ្រាំនឹងការឈឺចាប់ដោយពុំមានថ្ងូរមួយអ៊ឹះ។ ដើម្បីកាត់បន្ថយការឈឺចាប់នេះ ខ្ញុំបានខំប្រឹងឈរចំទើតជើង។ ម្រាមជើងខ្ញុំមួយអាចប៉ះដល់កម្រាលឥដ្ឋ តែមិនបានពេញស៊ប់ទេ នៅពេលមន្ត្រីប៉ូលិសឃើញបែបនេះ វាក៏យកជើងវាទល់ពីក្រោមកែងជើងខ្ញុំ ធ្វើឱ្យខ្លួនខ្ញុំយោលតែលតោលផុតពីដីមួយសន្ទុះ ហើយបន្ទាប់មកវាដកជើងចេញ ធ្វើឱ្យមានកម្លាំងកន្ត្រាក់ខ្លាំងនៅនឹងដៃខ្ញុំ ដែលពិតជាឈឺខ្លាំងណាស់។ ពេលឃើញខ្ញុំនៅស្ងៀម ប៉ូលិសបានយកខ្សែមកចងជើងខ្ញុំម្ខាង រួចទាញខ្សែនោះដើម្បីយឱ្យខ្លួនខ្ញុំហើបផុតពីដី រួចវាក៏ព្រលែងខ្សែនោះ។ ពួកវាធ្វើបែបនេះដដែលៗ។ ពេលធ្វើអ៊ីចឹងទៅ ខ្លួនខ្ញុំយោលពីម្ខាងទៅម្ខាង ហើយខ្ញុំមានអារម្មណ៍ដូចកាំបិតកំពុងមុតករដៃខ្ញុំអ៊ីចឹង។ ពេលសកម្មភាពនេះចេះតែបន្ត ខ្ញុំបានប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត។ ក្រោយមក ប៉ូលិសកន្ធាត់នោះក៏បានយកកៅអីផ្ដៅមួយមក។ ប៉ូលិសពីរនាក់ទៀត ចាប់ជើងខ្ញុំម្នាក់ម្ខាង ដាក់នៅលើក្បាលកៅអី ហើយបន្ទាប់មក កន្ត្រាក់កៅអីនោះចេញ។ ទម្ងន់ខ្ញុំទាំងប៉ុន្មានក៏ធ្លាក់ទៅលើករដៃ ធ្វើឱ្យគែមខ្នោះដៃលិចចូលទៅក្នុងសាច់ខ្ញុំ។ ការឈឺចាប់នោះទ្រាំសឹងមិនបាន។ សាមសិប ឬសែសិបនាទីក្រោយមក ប៉ូលិសបានដោះខ្នោះដៃឆ្វេងខ្ញុំចេញ ហើយដាក់ខ្នោះដៃស្ដាំខ្ញុំទៅនឹងចម្រឹងដែកម្ដង ហើយបន្តធ្វើទារុណកម្មខ្ញុំទៀត។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាដកដង្ហើមមិនដល់គ្នា និងគិតថា៖ «ខ្ញុំមិនដឹងថាប៉ូលិសនឹងធ្វើទារុណកម្មខ្ញុំយូរប៉ុនណានោះទេ។ បើពួកវាបន្តដាក់ខ្នោះព្យួរខ្ញុំបែបនេះទៀត ដៃខ្ញុំនឹងពិការមិនខាន ហើយបើដៃខ្ញុំពិតជាត្រូវពិការមែន តើទៅថ្ងៃមុខ ខ្ញុំនឹងត្រូវរស់ដោយរបៀបណា?» ពេលខ្ញុំគិតកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍សោកសៅ រហូតដល់ខ្ញុំដកដង្ហើមសឹងមិនរួចថែមទៀត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចស៊ូទ្រាំបានយូរទៀតទេ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តថា៖ «ព្រះជាម្ចាស់ សាច់ឈាមរបស់ខ្ញុំម្ចាស់ទន់ខ្សោយណាស់។ ខ្ញុំម្ចាស់មិនអាចទ្រាំបានយូរទៀតទេ។ សូមប្រទានកម្លាំងដល់ខ្ញុំម្ចាស់ ដើម្បីឱ្យខ្ញុំម្ចាស់អាចស៊ូទ្រាំបាន និងបំបាក់មុខសាតាំង»។ នៅពេលនោះខ្ញុំបាននឹកចាំពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងបេះដូងរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច ពោលគឺតែងតែមានកម្លាំងដ៏មានអានុភាព ដែលបង្ខំឱ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមមានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់ សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ» («របៀបបម្រើឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ដល់កម្លាំងដល់ខ្ញុំ។ ដើម្បីប្រោសលោះមនុស្សជាតិ ព្រះអម្ចាស់យេស៊ូវត្រូវបានគេឆ្កាង និងរងការបំបាក់មុខ និងការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែទ្រង់នៅតែធ្វើកិច្ចការនោះដោយគ្មានការស្ទាក់ស្ទើរ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សធំធេងណាស់ ហើយព្រះជាម្ចាស់ក៏បានធ្វើជាគំរូឱ្យយើងឃើញស្រាប់នៅក្នុងកិច្ចការនោះដែរ។ ប៉ុន្តែនៅពេលដែលខ្ញុំជួបប្រទះការធ្វើទារុណកម្មពីប៉ូលិស ខ្ញុំមិនដឹងថាត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់ដោយរបៀបណាទេ។ ផ្ទុយទៅវិញ ខ្ញុំគិតតែរូបកាយខ្លួនឯង។ ខ្ញុំពិតជាអាត្មានិយមនិងគួរឱ្យស្អប់ខ្លាំងណាស់! ដោយសារមានគំនិតបែបនេះ ខ្ញុំមានអារម្មណ៍អៀនខ្មាស និងអាម៉ាស់មុខណាស់។ ម្ដងនេះ ខ្ញុំបានតាំងចិត្តថា ខ្ញុំនឹងផ្គាប់ព្រះទ័យព្រះជាម្ចាស់ឱ្យបាន។ ពេលគិតដល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានជំរុញចិត្តខ្ញុំ និងធ្វើឱ្យខ្ញុំមានសេចក្ដីក្លាហានក្នុងការតតាំងជាមួយសាតាំងដល់ទីបញ្ចប់។ នៅពេលនោះ ប៉ូលិសម្នាក់បានឃើញខ្ញុំបិទភ្នែក ក៏និយាយថា៖ «នាងកំពុងអធិស្ឋានទៅព្រះនាងទៀតហើយ ហើយរាល់ពេលដែលនាងអធិស្ឋានរួច នាងតែងមានកម្លាំងខ្លាំងក្លា»។ ប៉ូលិសម្នាក់ទៀតបានយកសសៃដែកតូចមួយមកចាក់ត្របកភ្នែកខ្ញុំ។ ពេលវាចាក់ភ្នែករបស់ខ្ញុំ វាបាននិយាយថា៖ «បើកភ្នែកឡើង។ គេមិនឱ្យនាងឯងអធិស្ឋានទៅព្រះស្អីទេ»។ នៅពេលវាឃើញខ្ញុំបន្តនៅស្ងៀម វាបានយកខ្សែក្រវ៉ាត់មកទះមុខខ្ញុំបីបួនដង ប៉ុន្តែខ្ញុំគ្មានអារម្មណ៍ឈឺចាប់ទាល់តែសោះ។ កន្លះម៉ោងក្រោយមក ប៉ូលិសម្នាក់បាននិយាយថា៖ «ដាក់ខ្នោះនាងឱ្យខ្ពស់បន្តិច កុំឱ្យជើងនាងដល់ដី។ ចាំមើលថានាងសប្បាយប៉ុនណា»។ ពេលនោះ ប៉ូលិសពីរនាក់បានលើកខ្ញុំឡើង តែគ្រាន់តែប៉ូលិសម្នាក់ទៀតបើកខ្នោះបម្រុងនឹងចាក់ជាប់ទៅនឹងចម្រឹងដែកខ្ពស់ជាងនេះ ស្រាប់តែខ្នោះនោះបានខូច ហើយដាច់គន្លឹះចាក់មិនជាប់។ ពួកគេយកខ្នោះមួយគូមកទៀត ប៉ុន្តែប្រើការមិនកើតដដែល។ ខ្ញុំបានដឹងថា នេះជាការការពារពីព្រះជាម្ចាស់ ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្ត។ ប៉ូលិសហត់នឹងចងខ្ញុំឡើងខ្ពស់ជាងនេះ ដូច្នេះ ពួកគេក៏ស្រាយខ្ញុំ ហើយខ្ញុំក៏ធ្លាក់មកដីមួយរំពេច។ ពួកគេបានធ្វើទារុណកម្មខ្ញុំជិតពីរម៉ោង ហើយខ្ញុំអស់កម្លាំងខ្លាំងរហូតដល់ខ្ញុំក្រាបនៅលើកម្រាលឥដ្ឋគ្មានចលនាអ្វីបន្តិចសោះ។ ពេលគិតឡើងវិញពីដំណើរការទាំងមូលដែលប៉ូលិសធ្វើទារុណខ្ញុំ ខ្ញុំបានយល់យ៉ាងច្បាស់ពីធម្មជាតិអាក្រក់ ថោកទាបរបស់ប៉ូលិសនោះ។ ខ្ញុំក៏មានអារម្មណ៍ដឹងពីការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ ហើយខ្ញុំក៏មានទំនុកចិត្តលើព្រះជាម្ចាស់កាន់តែខ្លាំងដែរ។ មួយសន្ទុះក្រោយមក មន្ត្រីប៉ូលិសបានចូលមក ហើយទាត់ខ្ញុំពីរបីជើង។ ដោយឃើញថាខ្ញុំនៅមិនកម្រើកទៀត វាបានយកប្រេងខ្យល់មួយដបមកចាក់លើភ្នែករបស់ខ្ញុំ ប៉ុន្តែខ្ញុំគ្មានអារម្មណ៍ឈឺចាប់បន្តិចណាសោះ។ ប៉ូលិសនោះឃើញថាខ្ញុំមិនឆ្លើយតបអ្វី ក៏ចេញទៅបាត់។ ខ្ញុំបានដឹងថា នេះគឺជាការការពារពីព្រះជាម្ចាស់ចំពោះរូបខ្ញុំ។

នៅប្រហែលម៉ោងប្រាំពីរល្ងាច មន្ត្រីប៉ូលិសម្នាក់បានចូលមក។ នៅពេលដែលវាឃើញថា ខ្ញុំទទឹកខ្លួនជោក និងរងារញាក់ វាបានស្ដីបន្ទោសប៉ូលិសដទៃទៀត។ ដោយចិត្តមេត្តាករុណាក្លែងក្លាយនោះ វាក៏បានឱ្យពួកប៉ូលិសទៅយកសម្លៀកបំពាក់ស្ងួតមកផ្លាស់ឱ្យខ្ញុំ ហើយបន្ទាប់មកបានយកមីមួយចានឱ្យខ្ញុំ រួចវាក៏បានព្យាយាមលួងលោមខ្ញុំ។ វានិយាយថា៖ «បងមកឆ្ងាយពីផ្ទះ ហើយពេលនេះមិនអាចត្រឡប់ទៅវិញបានទៀត។ តើកូនបងមិននឹកបងទេឬអី? ម៉េចក៏បងមកជឿលើព្រះជាម្ចាស់អីទាំងវ័យក្មេងបែបនេះ? ខ្ញុំបានឮគេថា បងជាអ្នកដឹកនាំម្នាក់ដែរ ដូច្នេះ បងគ្រាន់តែប្រាប់ពួកយើងមកថាបងដឹងអ្វីខ្លះ ហើយខ្ញុំសន្យាថា យើងនឹងដោះលែងបង។ បងនឹងអាចត្រឡប់ទៅផ្ទះវិញ និងជួបជុំជាមួយគ្រួសារបាន»។ នៅពេលដែលខ្ញុំបានឮបែបនេះ ខ្ញុំបានដឹងថា វាកំពុងព្យាយាមបោកបញ្ឆោតខ្ញុំឱ្យទុកចិត្តវា ហើយប្រាប់វាពីព័ត៌មានរបស់ពួកជំនុំ។ ខ្ញុំបាននិយាយថា៖ «ខ្ញុំបាននិយាយប្រាប់លោកអស់ហើយពីអ្វីដែលខ្ញុំបានដឹង។ ខ្ញុំមិនដឹងអ្វីផ្សេងទៀតឡើយ»។ រំពេចនោះ វាក៏ទះតុផូង ក្រោកឈរ រួចនិយាយទាំងកំហឹងថា៖ «កុំគិតថាយើងធ្វើអ្វីនាងឯងមិនកើត ទោះនាងឯងមិនព្រមនិយាយស្អីក៏ដោយ រដ្ឋាភិបាលមជ្ឈិមបានបញ្ជាពួកយើងឱ្យបំបាត់ចោលនូវពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទាំងស្រុង។ យើងនឹងលុបបំបាត់អង្គការរបស់ពួកនាងឯងចោល។ បើនាងឯងមិនព្រមសហការទេ យើងនឹងកាត់ទោសនាងឯងហើយ»។ បន្ទាប់មក វាក៏ចាកចេញទៅ។ នៅពេលនោះ ប៉ូលិសត្រកូល វូ បាននិយាយថា៖ «នាងគួរតែឈ្លាសវៃជាងនេះ ហើយប្រាប់ព័ត៌មានដែលយើងចង់ដឹងមក។ អ៊ីចឹង នាងនឹងមិនចាំបាច់ត្រូវរងទុក្ខអ្វីច្រើនទេ»។ ខ្ញុំបានគិតថា៖ «ប៉ូលិសនឹងមិនព្រមឈប់ទេ បើពួកវាមិនបានព័ត៌មានដែលវាចង់បាន។ បើខ្ញុំមិនអាចស៊ូទ្រាំនឹងការធ្វើទារុណកម្មបាន ហើយក្លាយជាជនក្បត់ ដែលក៏ជាការក្បត់ព្រះជាម្ចាស់ដែរនោះ អ៊ីចឹងខ្ញុំគួរសម្លាប់ខ្លួនឯងដែរចុះ»។ ខ្ញុំមានគំនិតចង់សម្លាប់ខ្លួន។ នៅពេលនោះ ខ្ញុំបានដឹងថា សភាពរបស់ខ្ញុំមិនត្រឹមត្រូវ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ស្ងាត់ៗថា៖ «ព្រះជាម្ចាស់! សាច់ឈាមខ្ញុំម្ចាស់ទន់ខ្សោយ ហើយខ្ញុំម្ចាស់មិនអាចគេចផុតពីមជ្ឈដ្ឋាននេះដោយការស្លាប់នោះទេ។ ខ្ញុំម្ចាស់ទន់ជ្រាយណាស់ ហើយកម្ពស់របស់ខ្ញុំម្ចាស់តូចទាបណាស់។ សូមបំភ្លឺ និងដឹកនាំខ្ញុំម្ចាស់ និងប្រទានទំនុកចិត្ត និងកម្លាំងដល់ខ្ញុំម្ចាស់ដើម្បីស៊ូទ្រាំបន្តទៀតផង»។ បន្ទាប់ពីខ្ញុំបានអធិស្ឋានរួច រំពេចនោះ ខ្ញុំស្រាប់តែដឹងថា ខ្ញុំមានឯកសារព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងម៉ាស៊ីន MP5 របស់ខ្ញុំ។ ខ្ញុំក៏បាននិយាយទៅមន្ត្រីប៉ូលិសវ័យក្មេងម្នាក់ថា៖ «សូមប្រគល់ម៉ាស៊ីន MP5 ឱ្យខ្ញុំមក។ ខ្ញុំមានរបស់ចង់បង្ហាញនៅក្នុងនោះ»។ វាគិតថាខ្ញុំចង់សារភាព ដូច្នេះ វាក៏ហុចម៉ាស៊ីននោះមកខ្ញុំ។ ខ្ញុំបានបើកម៉ាស៊ីន MP5 ដែលនៅក្នុងនោះ ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា 'អ្នកដែលមានជ័យជំនះ' គឺជាអ្នកដែលនៅតែអាចឈរមាំធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្តដើមរបស់ពួកគេ និងការលះបង់ខ្លួនគេចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងឈរមាំធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា 'អ្នកមានជ័យជម្នះ'» («អ្នកគប្បីរក្សាភាពស្មោះត្រង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលខ្ញុំប្រឈមនឹងការបៀតបៀន និងទុក្ខសោក អ្វីដែលព្រះជាម្ចាស់ចង់បាន គឺជាសេចក្ដីជំនឿ និងភាពស្មោះត្រង់របស់ខ្ញុំ។ ព្រះជាម្ចាស់ចង់ឱ្យខ្ញុំធ្វើបន្ទាល់ពីជ័យជម្នះនៅពេលស្ថិតក្រោមការឡោមព័ទ្ធពីសាតាំង។ ប៉ូលិសទុច្ចរិតទាំងនេះ បានធ្វើទារុណកម្មខ្ញុំបែបនេះ ដើម្បីបង្ខំឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ ប្រសិនបើខ្ញុំសម្លាប់ខ្លួន បាត់បង់ទីបន្ទាល់របស់ខ្ញុំ នោះច្បាស់ជាធ្លាក់ចូលក្នុងល្បិចកលរបស់សាតាំងមិនខាន និងជាការបរាជ័យក្នុងការរស់នៅតាមការខិតខំដែលព្រះជាម្ចាស់បានលះបង់ដើម្បីខ្ញុំ។ ទង្វើនោះនឹងធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ជាខ្លាំង។ ខ្ញុំមិនអាចស្លាប់បានទេ ខ្ញុំត្រូវបន្តរស់នៅទៀត ត្រូវរឹងមាំ ស៊ូទ្រាំ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់។ ពេលគិតពីចំណុចនេះ ខ្ញុំមានអារម្មណ៍ថាមានកម្លាំង។ ខ្ញុំបានលត់ជង្គង់ចុះ និងអធិស្ឋានអរព្រះគុណដល់ព្រះជាម្ចាស់។ ប៉ូលិសវ័យក្មេងនោះនិយាយទាំងភ្ញាក់ផ្អើលថា៖ «បងឯងក្លាហានពិតមែន ហ៊ានលត់ជង្គង់អធិស្ឋាននៅទីនេះទៀត!» ខ្ញុំមិនខ្វល់នឹងប៉ូលិសក្មេងនោះទេ។ ពេលខ្ញុំអធិស្ឋានរួច វាបានសួរខ្ញុំថា៖ «តើបងសម្រេចចិត្តហើយឬនៅ? ពេលដែលបងគិតរួចហើយ ប្រាប់ខ្ញុំពីអ្វីដែលបងបានដឹងមកចុះ»។ ខ្ញុំបាននិយាយដោយម៉ឺងម៉ាត់ថា៖ «ខ្ញុំបាននិយាយគ្រប់យ៉ាងដែលខ្ញុំត្រូវនិយាយអស់ហើយ។ ខ្ញុំគ្មានអ្វីផ្សេងទៀតត្រូវនិយាយទេ»។ មន្ត្រីប៉ូលិសត្រកូល វូ ខឹងខ្លាំងណាស់ រហូតដល់គាត់យកខ្នោះដៃមកដាក់ដៃខ្ញុំម្ខាងជាប់ទៅនឹងចម្រឹងដែក។ ប៉ូលិសវ័យក្មេងនោះបាននិយាយថា៖ «ការអធិស្ឋានពិតជាអស្ចារ្យមែន។ មើលទៅដូចជាធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ផ្សេងទាំងស្រុងតែម្ដង។ គាត់មិនខ្លាចអ្វីទាំងអស់ ហើយក៏មិនព្រមនិយាយអ្វីដែរ»។ នៅពេលខ្ញុំឮដូច្នោះ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏កាន់តែមានទំនុកចិត្តជាងមុនថា ខ្ញុំអាចស៊ូទ្រាំតទៅទៀតបាន។

នៅព្រឹកបន្ទាប់ នៅពេលដែលប៉ូលិសឃើញថា គ្មានវិធីសាស្រ្តណាដែលមានប្រសិទ្ធភាព ពួកគេក៏និយាយថា៖ «ចាប់ពីថ្ងៃនេះទៅ យើងនឹងដាក់ខ្នោះនាងជាប់នឹងបង្អួចនេះជារៀងរាល់ថ្ងៃ ហើយយើងនឹងបង្អត់បាយ បង្អត់ទឹក មិនឱ្យដេកពួន។ ចាំមើលតើនាងឯងអាចទ្រាំបានយូរប៉ុនណា»។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ស្ងាត់ៗថា៖ «ព្រះជាម្ចាស់ ខ្ញុំម្ចាស់ជឿថា ការរស់ និងការស្លាប់របស់ខ្ញុំម្ចាស់ ស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ហើយ។ សូមការពារខ្ញុំម្ចាស់ផង។ ទោះបីខ្ញុំម្ចាស់ត្រូវស្លាប់ ក៏ខ្ញុំម្ចាស់នឹងស៊ូទ្រាំ និងធ្វើបន្ទាល់ថ្វាយទ្រង់ដែរ!» បន្ទាប់ពីនោះមក ប៉ូលិសបានផ្លាស់វេនគ្នាចាំមើលខ្ញុំ ហើយពួកគេបានដាស់ខ្ញុំឮៗឱ្យខ្ញុំភ្ញាក់ នៅពេលដែលពួកវាឃើញថាខ្ញុំដេកលក់។ នៅថ្ងៃទីបី បុរសម្នាក់នៅម្ខាងផ្លូវ បានឃើញគេដាក់ខ្នោះខ្ញុំជាប់នឹងបង្អួច ហើយក៏ស្រែកសួរខ្ញុំ៖ «តើនរណាចាប់ជំរិតបងមែនទេ? បើគេចាប់ជំរិតមែន សូមគ្រវីដៃដាក់ខ្ញុំមក ចាំខ្ញុំទូរស័ព្ទទៅលេខ ១១០ ដើម្បីជួយបង»។ ខ្ញុំគិតថា៖ «ខ្ញុំត្រូវប៉ូលិសឃុំឃាំងនៅទីនេះ។ តើប្អូនឯងគិតថា ប៉ូលិសនឹងធ្វើល្អដាក់ប្រជាជនសាមញ្ញឬ? បក្សកុម្មុយនីស្តគ្រាន់តែជាហ្វូងអារក្សឃោរឃៅមួយក្រុមប៉ុណ្ណោះ»។ ប៉ុន្មានថ្ងៃក្រោយមក មនុស្សនៅជាន់ខាងក្រោមច្រើនឡើងៗបានកត់សម្គាល់ឃើញគេដាក់ខ្នោះខ្ញុំជាប់នឹងបង្អួច។ ពួកគេនាំគ្នាចង្អុលមកខ្ញុំ និងនាំគ្នានិយាយពីរឿងនេះ ដូច្នេះប៉ូលិសបានយកខ្ញុំទៅដាក់បន្ទប់ទល់មុខនោះ។

យប់មួយ ប្រហែលជាថ្ងៃទី២០ ខែមីនា គេបានយកខ្ញុំទៅកាន់មន្ទីរស៊ើបអង្កេតពិសេសមួយកន្លែង។ នៅទីនោះ ប៉ូលិសពីរនាក់បានបញ្ចុះបញ្ចូលខ្ញុំរហូតដល់ម៉ោងបួនទៀបភ្លឺ ទើបពេលនោះ មន្ត្រីប៉ូលិសត្រកូល លូ បាននិយាយមកខ្ញុំថា៖ «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានកើនឡើងដល់មានមនុស្សជាច្រើនលាននាក់ហើយពេលនេះ ហើយវាពិតជាប៉ះពាល់ដោយផ្ទាល់ដល់ប្រយោជន៍របស់បក្សកុម្មុយនីស្ត។ បើយើងមិនគាបសង្កត់វាទេ តើនរណានឹងស្ដាប់បក្សកុម្មុយនីស្តទៅ? លោកប្រធាន ស៊ី បានបញ្ជាដោយផ្ទាល់ថា ត្រូវបំបាត់ចោលនូវ 'ផ្លេកបន្ទោរពីទិសខាងកើត' ទាំងស្រុង ដូច្នេះហើយ នរណាដែលជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា នឹងត្រូវទទួលការអប់រំកែប្រែ ដើម្បីឱ្យពួកគេលះបង់ជំនឿ និងទទួលយកការអប់រំ និងការដឹកនាំរបស់បក្ស។ បើពួកគេបដិសេធ ពួកគេនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ហើយគ្មាននរណាខ្វល់ថាពួកនោះត្រូវគេវាយដល់ស្លាប់ឬអត់នោះទេ»។ វាបានបន្តទៀតថា៖ «ពេលនេះ ខេត្តទាំងមូល និងប្រទេសទាំងមូល កំពុងចាប់ខ្លួនសមាជិកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ចុងក្រោយ ពួកនេះនឹងត្រូវជីករម្លើងទាំងឫសមិនខាន។ បើនាងគិតថា នាងអាចបន្តជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានទៀត យើងប្រាប់ទៅចុះ គឺមិនអាចទៅរួចនោះទេ!» ខ្ញុំបាននិយាយថា៖ «យើងជាអ្នកជឿលើព្រះជាម្ចាស់ គ្រាន់តែទៅចូលរួមការជួបជុំ អានព្រះបន្ទូល ស្វះស្វែងរកការផ្លាស់ប្ដូរនិស្ស័យ ដើម្បីក្លាយជាមនុស្សស្មោះត្រង់ និងដើរនៅលើផ្លូវជីវិតដែលត្រឹមត្រូវប៉ុណ្ណោះ។ តើពួកយើងអាចធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់បក្សកុម្មុយនីស្តយ៉ាងម៉េចទៅ? បើលោកមិនជឿខ្ញុំ អានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទៅ នោះលោកនឹងបានដឹងហើយ។ លោកបានរឹបអូសសៀវភៅព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាជាច្រើន ម៉េចក៏លោកមិនបើកសៀវភៅនោះមើលមួយក្បាលទៅ?» មន្ត្រីប៉ូលិសម្នាក់ទៀតបាននិយាយឮៗថា៖ «មិនចាំបាច់ប្រាប់យើងពីការជឿលើព្រះជាម្ចាស់ស្អីទេ! យើងមិនជឿព្រះនោះទេ យើងជឿតែលើបក្សកុម្មុយនីស្ត និងលោកប្រធាន ស៊ី ប៉ុណ្ណោះ»។ ពេលនោះ វាបានគំរាមខ្ញុំថា៖ «គិតឱ្យមែនទែនពីរឿងនេះ។ បើនាងប្រាប់យើងពីអ្វីដែលយើងចង់ដឹង យើងសន្យាមិនកាត់ទោសនាងឱ្យជាប់គុកនោះទេ។ យើងនឹងដោះលែងនាងត្រឡប់ទៅផ្ទះវិញភ្លាម។ បើនាងនៅតែមិនព្រមយល់ពីស្ថានភាពខ្លួនឯងទៀត អញនឹងបញ្ជូននាងឯងទៅមន្ទីរពេទ្យឆ្កួតហើយ។ គ្រូពេទ្យនឹងចាក់ថ្នាំឱ្យនាងឯងរាល់ថ្ងៃ ដើម្បីឱ្យនាងឯងបាត់បង់សតិ។ នាងនឹងរស់នៅជាមួយមនុស្សឆ្កួតគ្រប់ប្រភេទ ពេលនោះពួកគេនឹងវាយដំ ស្រែកដាក់នាងរាល់ថ្ងៃ។ យើងនឹងរង់ចាំមើលថាតើនាងឯងស៊ូទ្រាំនៅទីនោះបានយូរប៉ុនណា»។ នៅពេលខ្ញុំឮបែបនេះ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់។ ប្រសិនបើគេបញ្ជូនខ្ញុំទៅមន្ទីរពេទ្យឆ្គួតមែន ខ្ញុំនឹងត្រូវមនុស្សឆ្កួតចោមរោមរាល់ថ្ងៃ។ រស់នៅជាមួយមនុស្សបែបនេះ ទោះជាមនុស្សធម្មតាក្ដី ក៏គង់តែនឹងឆ្កួតដែរ។ នៅពេលប៉ូលិសឃើញខ្ញុំនៅស្ងៀម ពួកគេបានគំរាមខ្ញុំម្ដងទៀត៖ «ត្រឡប់ទៅគិតឡើងវិញទៅ។ សរសេរព័ត៌មានគ្រប់យ៉ាងដែលយើងគួរដឹងចេញមក។ ផ្អែកតាមភស្តុតាងដែលយើងមាន យើងអាចកាត់ទោសនាងឱ្យជាប់គុកយ៉ាងតិចពីបី ទៅប្រាំពីរឆ្នាំ»។

ពេលត្រឡប់ទៅសណ្ឋាគារវិញ ហើយគិតពីសម្ដីដែលប៉ូលិសបាននិយាយ ខ្ញុំដេកមិនលក់សោះ។ ការគិតពីមនុស្សឆ្កួតដេញតាមចោមរោមខ្ញុំ និងវាយដំខ្ញុំ និងរូបភាពដែលខ្លួនខ្ញុំក្លាយជាមនុស្សឆ្កួត ហើយរត់ស្រាតទៅមកនៅតាមផ្លូវ ពិតជាធ្វើឱ្យខ្ញុំបែកញើសត្រជាក់ខ្លួន ហើយក៏ក្រោកឡើងផ្អែកខ្លួនទៅនឹងក្បាលគ្រែ។ ខ្ញុំក៏យំសោក ហើយអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់! ខ្ញុំម្ចាស់ខ្លាចខ្លួនឯងក្លាយជាមនុស្សឆ្កួតណាស់។ សូមជួយខ្ញុំម្ចាស់ ដឹកនាំខ្ញុំម្ចាស់ និងធ្វើឱ្យខ្ញុំម្ចាស់បានស្ងប់ចិត្តផង។ មិនថាខ្ញុំម្ចាស់ជួបប្រទះនឹងកាលៈទេសៈបែបណាទេ ខ្ញុំម្ចាស់នឹងមិនក្បត់ទ្រង់ជាដាច់ខាត»។ បន្ទាប់ពីខ្ញុំអធិដ្ឋានរួច ខ្ញុំបាននឹកចាំពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ? ដូច្នេះហើយ បានជាសាតាំងគ្មានសមត្ថភាពធ្វើការនៅក្នុងមនុស្សតទៅទៀតទេ ហើយគ្មានអ្វីដែលវាអាចធ្វើបានជាមួយមនុស្សនោះទេ» («ការបញ្ចេញឱ្យឃើញអាថ៌កំបាំងអំពី 'ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល'» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំក៏បានស្ងប់ចិត្តបន្តិចម្ដងៗ។ ប្រសិនបើខ្ញុំម្ចាស់សុខចិត្តប្រថុយជីវិតទៅហើយ តើមានទុក្ខលំបាកណាទៀតដែលខ្ញុំម្ចាស់ស៊ូទ្រាំមិនបាននោះ? ការរស់ និងការស្លាប់របស់ខ្ញុំម្ចាស់ គឺស្ថិតនៅក្នុងព្រះហស្ដព្រះជាម្ចាស់ ហើយបើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេនោះ ខ្ញុំនឹងមិនក្លាយជាមនុស្សឆ្គួតទេ។ ពេលភ្លឺស្រាងៗ ខ្ញុំបានចាប់យកប៊ិចនិងក្រដាសមកសរសេរឃ្លាមួយបន្ទាត់ថា៖ «ទីធ្លាធំព័ទ្ធដោយជញ្ជាំងខ្ពស់ៗ សុខចិត្តជាប់គុកជារៀងរហូត»។ ពេលមន្ត្រីប៉ូលិសឃើញហើយ វាក៏ប្រែទឹកមុខ។ វាខឹងខ្លាំងណាស់រហូតដល់វាបិទទ្វារឮសូរក្ឌាំង ហើយក៏ចេញទៅ។

បន្ទាប់ពីបានមួយខែជាង គេបានបញ្ជូនខ្ញុំទៅមន្ទីរឃុំឃាំង។ ដោយសារការសួរចម្លើយនៅមិនទាន់បញ្ចប់នៅឡើយ ពួកវាបានកាត់ទោសខ្ញុំឱ្យស្ថិតក្រោមការឃ្លាំមើលនៅផ្ទះរយៈពេលប្រាំមួយខែ និងបានព្រមានខ្ញុំថា៖ «ពេលនេះ នាងជាឧក្រិដ្ឋជនសង្ស័យ ហើយនាងគ្មានសេរីភាពទៅកន្លែងផ្សេងទេ។ ប្រសិនបើនាងជឿលើព្រះជាម្ចាស់ម្ដងទៀត បើយើងចាប់បាន នាងនឹងត្រូវកាត់ទោសមិនខាន»។ ប៉ូលិសបានទូរស័ព្ទមកផ្ទះខ្ញុំម្ដងហើយម្ដងទៀត ហើយមនុស្សមកពីការិយាល័យកិច្ចការសាសនាបានមកផ្ទះខ្ញុំដើម្បីសួរនាំពីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ខ្ញុំមិនហ៊ានទាក់ទងបងប្អូនប្រុសស្រីទេ ហើយខ្ញុំក៏មិនអាចរស់នៅក្នុងជីវិតជាពួកជំនុំបានដែរ។ ខ្ញុំមិនអាចកម្រើកម្រាមដៃទាំងសងខាងបានទេ ដោយសារត្រូវប៉ូលិសធ្វើទារុណកម្ម ហើយករដៃរបស់ខ្ញុំឈឺខ្លាំងរហូតដល់ខ្ញុំកម្រើកមិនកើត។ ខ្ញុំគ្មានកម្លាំងសូម្បីតែកាន់ក្រាសសិតសក់ ហើយសូម្បីពេលនេះ ខ្ញុំក៏គ្មានកម្លាំងនៅនឹងករដៃដែរ។

បន្ទាប់ពីត្រូវចាប់ខ្លួន ធ្វើទុក្ខបុកម្នេញ និងត្រូវធ្វើទារុណកម្មពីបក្សកុម្មុយនីស្តចិនមក ខ្ញុំបានឃើញច្បាស់ថាសារជាតិរបស់វា សាហាវឃោរឃៅ អាក្រក់ និងប្រឆាំងនឹងស្ថានសួគ៌ខ្លាំងប៉ុនណាហើយ។ ខ្ញុំក៏បានឃើញយ៉ាងច្បាស់ថា គឺសាតាំងនេះហើយ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងលេបត្របាក់មនុស្ស។ ក្នុងពេលជាមួយគ្នានោះដែរ ខ្ញុំក៏យល់ថា ព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា និងមានព្រះប្រាជ្ញាញាណ ហើយខ្ញុំមានអារម្មណ៍ដឹងពីការការពារ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់មកលើរូបខ្ញុំ។ នៅក្នុងសង្គ្រាមខាងវិញ្ញាណនេះ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះឯង ដែលបានដឹកនាំខ្ញុំ មួយជំហានម្ដងៗ ដើម្បីទទួលបានជ័យជម្នះលើសាតាំង និងអាចស៊ូទ្រាំបាន។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៣៩. ខ្ញុំតាំងចិត្តដើរលើផ្លូវនេះ

បន្ទាប់៖ ៤៨. ដប់ប្រាំបួនឆ្នាំនៃឈាម និងទឹកភ្នែក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ