១២. ផ្លូវដ៏លំបាករបស់ខ្ញុំឆ្ពោះទៅរក ការសហការដ៏ចុះសម្រុង
ក្នុងខែកក្កដា ឆ្នាំ២០២០ ខ្ញុំត្រូវបានគេបោះឆ្នោតឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំ ហើយត្រូវបានចាត់តាំងឱ្យទទួលបន្ទុកកិច្ចការរបស់ពួកជំនុំរួមជាមួយបងស្រី ឈិន ស៊ឺ។ នៅពេលខ្ញុំចាប់ផ្តើមបំពេញភារកិច្ចនោះដំបូង ខ្ញុំខ្វះការក្តាប់បានច្បាស់លាស់អំពីគោលការណ៍ជាច្រើន ហើយខ្ញុំតែងតែពិភាក្សាជាមួយគាត់រាល់ពេលដែលខ្ញុំមានសំណួរ។ ខ្ញុំទទួលយករាល់ដំបូន្មានដែលគាត់បានផ្ដល់ឱ្យខ្ញុំដោយរីករាយ។ មួយរយៈក្រោយមក ខ្ញុំចាប់ផ្តើមទទួលបានលទ្ធផលខ្លះនៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសមត្ថភាពការងារ ហើយអាចធ្វើការដោយឯករាជ្យបាន។ បន្ទាប់ពីនោះមក នៅពេលចាត់តាំងកិច្ចការ ខ្ញុំគ្រាន់តែចាត់ចែងវាដោយខ្លួនឯង ដោយមិនបានពិភាក្សាជាមួយ ឈិន ស៊ឺ ឡើយ។ សូម្បីតែនៅក្នុងករណីខ្លះដែលយើងគួរតែសម្រេចចិត្តរួមគ្នា ក៏ខ្ញុំសម្រេចចិត្តដោយខ្លួនឯងដែរ។ ដោយឃើញថាខ្ញុំមិនបានប្រព្រឹត្តស្របតាមគោលការណ៍ ឈិន ស៊ឺ តែងតែរំឭកខ្ញុំឱ្យឈប់ធ្វើការសម្រេចចិត្តតាមតែអំពើចិត្តទៀត។ ពេលខ្លះ គាត់ថែមទាំងនិយាយបែបនេះនៅចំពោះមុខពួកគ្រូជំនួយទៀតផង។ ខ្ញុំមានអារម្មណ៍ថាគាត់រកផ្លូវទាស់នឹងខ្ញុំ គឺគាត់មិនយល់ដល់សេចក្ដីថ្លៃថ្នូររបស់ខ្ញុំសោះ ហើយកំពុងធ្វើឱ្យខ្ញុំអាម៉ាស់មុខ។ ដូច្នេះ ខ្ញុំមានអារម្មណ៍ទាស់ទទឹងនឹងគាត់បន្តិច។ ពេលខ្លះ នៅពេលដែលយើងពិភាក្សាកិច្ចការ គាត់បដិសេធគំនិតរបស់ខ្ញុំ ហើយខ្ញុំក៏ក្លាយជារឹងទទឹង ដោយគិតថា៖ «យើងទាំងពីរនាក់សុទ្ធតែទទួលបន្ទុកកិច្ចការរបស់ពួកជំនុំ ដូច្នេះហេតុអ្វីបានជាអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវ ហើយអ្វីដែលខ្ញុំនិយាយគឺខុសទៅវិញ? អ្នកតែងតែបដិសេធគំនិតរបស់ខ្ញុំ តើការណ៍នេះមិនធ្វើឱ្យមើលទៅហាក់ដូចជាអ្នកពូកែជាងខ្ញុំទេឬ? តើបងប្អូនប្រុសស្រីនឹងមិនគិតថា ខ្ញុំជាអ្នកដឹកនាំមិនល្អទេឬ? ចុះតើខ្ញុំនឹងប្រឈមមុខនឹងអ្នករាល់គ្នាយ៉ាងដូចម្តេចទៅ?» ខ្ញុំចាប់ផ្តើមមានអគតិចំពោះគាត់។ បន្ទាប់ពីនោះមក នៅពេលដែលយើងពិភាក្សាកិច្ចការ គ្រាន់តែគំនិតរបស់ខ្ញុំត្រូវបានបដិសេធភ្លាម ខ្ញុំនឹងនៅស្ងៀមមិននិយាយអ្វីទាំងអស់។ ទោះបីជាពេលខ្លះខ្ញុំគិតថាគាត់ត្រឹមត្រូវក៏ដោយ ក៏គំនិតនៃការធ្វើតាមគាត់ ធ្វើឱ្យខ្ញុំមិនស្រួលចិត្តឡើយ។ យូរៗទៅ អគតិរបស់ខ្ញុំចំពោះគាត់កាន់តែកើនឡើង។ ខ្ញុំមិនចង់និយាយជាមួយគាត់ទេ ហើយរឹតតែមិនចង់ពិភាក្សាកិច្ចការជាមួយគាត់ទៀតផង។ គាត់ពិតជាត្រូវបានខ្ញុំគាបសង្កត់យ៉ាងខ្លាំង ហើយខ្ញុំក៏មានអារម្មណ៍ថាទើសទាល់ និងតឹងតែងខ្លាំងដែរ។
ក្នុងខែមករា ឆ្នាំ២០២១ ដោយសារបញ្ហសុខភាព ការខ្វះការសហការដោយចុះសម្រុងជាយូរមកហើយរបស់យើង និងការមានអារម្មណ៍ថាទទួលរងការគាបសង្កត់ពីខ្ញុំ ឈិន ស៊ឺ បានធ្លាក់ក្នុងភាពអវិជ្ជមាន រហូតដល់គាត់មិនអាចងើបរួចវិញបាន។ ទីបំផុត គាត់បានលាលែងពីតំណែង ដោយស្ដីបន្ទោសខ្លួនឯងចំពោះរឿងនោះ។ នៅខែតុលា ពួកជំនុំបានរៀបចំការបោះឆ្នោតដើម្បីបំពេញតំណែងអ្នកដឹកនាំដែលទំនេរ។ អ្នកដឹកនាំថ្នាក់លើម្នាក់បានលើកឡើងពី ឈិន ស៊ឺ ដោយសួរអំពីស្ថានភាពរបស់គាត់។ បងស្រី វ៉ាង ជឺស៊ីន ដែលជាអ្នករួមការងារម្នាក់បាននិយាយថា៖ «សភាពរបស់គាត់បានប្រសើរឡើងច្រើនណាស់នាពេលថ្មីៗនេះ ហើយគាត់កំពុងរ៉ាប់រងបន្ទុកកាន់តែច្រើនក្នុងភារកិច្ចរបស់គាត់»។ រឿងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រួយបារម្ភបន្តិចថា៖ «ខ្ញុំគិតថា គាត់ប្រហែលជាឱ្យតម្លៃខ្ពស់លើ ឈិន ស៊ឺ។ ពេលឮបែបនេះ អ្នកដឹកនាំប្រាកដជានឹងគិតថា ឈិន ស៊ឺ ស័ក្តិសមសម្រាប់តំណែងនេះហើយ។ ប្រសិនបើគាត់ពិតជាជាប់ឆ្នោតមែន តើនោះមិនមានន័យថា យើងនឹងធ្វើកិច្ចការជាមួយគ្នាម្ដងទៀតទេឬ?» ពេលគិតត្រឡប់ទៅពេលវេលាដែលយើងធ្វើកិច្ចការជាមួយគ្នា ខ្ញុំមានអារម្មណ៍ភ័យខ្លាចថា៖ «កាលពីមុន នៅពេលដែលយើងមានមតិខុសគ្នាអំពីរបៀបបន្តកិច្ចការ អ្នករួមការងារភាគច្រើននឹងនៅខាង ឈិន ស៊ឺ គឺគ្មាននរណាម្នាក់ស្តាប់ខ្ញុំទេ។ គាត់ក៏មានស្មារតីយុត្តិធម៌ដែរ។ នៅពេលដែលគាត់កត់សម្គាល់ឃើញថា ខ្ញុំមិនបានប្រព្រឹត្តស្របតាមគោលការណ៍ គាត់នឹងចង្អុលបង្ហាញរឿងនោះប្រាប់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់មុខ។ វាពិតជាវេទនាណាស់ដែលធ្វើកិច្ចការជាមួយគាត់។ ប្រសិនបើខ្ញុំត្រូវធ្វើកិច្ចការជាមួយគាត់ម្ដងទៀត តើវានឹងមិនដូចដើមទេឬ? ប្រសិនបើគាត់តែងតែចង្អុលបង្ហាញបញ្ហារបស់ខ្ញុំ តើមុខមាត់ដែលខ្ញុំបានកសាងក្នុងចំណោមបងប្អូនប្រុសស្រី នឹងមិនត្រូវវិនាសអស់ទេឬ?» ដោយដឹងច្បាស់ពីរឿងនេះ ខ្ញុំពិតជាមិនចង់ធ្វើកិច្ចការជាមួយ ឈិន ស៊ឺ ទេ។ ខ្ញុំបានគិតថា៖ «បែបនេះមិនបានទេ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពុករលួយដែលគាត់បានបញ្ចេញឲ្យឃើញពីមុនមក បើមិនដូច្នោះទេ វាពិតជាលំបាកមិនខាន ប្រសិនបើគាត់ជាប់ឆ្នោត»។ គិតដូច្នោះហើយ ខ្ញុំបានរៀបរាប់ភ្លាមអំពីឥរិយាបថមិនល្អទាំងអស់របស់គាត់ រួមទាំងរបៀបដែលគាត់ខ្វល់ខ្វាយអំពីឋានៈ និងមិនបានរ៉ាប់រងបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ និងរឿងផ្សេងៗទៀត។ ដោយបារម្ភថាខ្ញុំនិយាយមិនបានលម្អិតគ្រប់គ្រាន់ ខ្ញុំក៏បានលើកយកឧទាហរណ៍ជាក់ស្តែងមួយចំនួនមកបញ្ជាក់ពីការលើកឡើងរបស់ខ្ញុំផងដែរ។ អ្នកដឹកនាំបានមើលឃើញថា ខ្ញុំមិនអាចប្រព្រឹត្តចំពោះ ឈិន ស៊ឺ ដោយយុត្តិធម៌ទេ ហើយបានប្រកបគ្នាជាមួយខ្ញុំអំពីគោលការណ៍សេចក្ដីពិតនៃការប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌ ប៉ុន្តែខ្ញុំស្តាប់មិនចូលទេ។ ប៉ុន្មានថ្ងៃក្រោយមក ការបោះឆ្នោតបានចាប់ផ្តើមជាផ្លូវការ ហើយបងស្រី លី មីង បានសួរខ្ញុំអំពីស្ថានភាពរបស់ ឈិន ស៊ឺ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «គាត់មិនស្និទ្ធស្នាលជាមួយ ឈិន ស៊ឺ ទេ ហើយក៏មិនស្គាល់គាត់ច្បាស់ដែរ។ ខ្ញុំត្រូវតែឲ្យគាត់ដឹងថា ឈិន ស៊ឺ មិនស័ក្តិសមធ្វើជាអ្នកដឹកនាំទេ។ ធ្វើបែបនេះ គាត់នឹងមិនបោះឆ្នោតឱ្យ ឈិន ស៊ឺ ឡើយ»។ ដូច្នេះ ខ្ញុំបានប្រាប់គាត់អំពីឥរិយាបថមិនល្អទាំងអស់របស់ ឈិន ស៊ឺ កាលពីមុន រួមទាំងការមិនរ៉ាប់រងបន្ទុកនៅក្នុងភារកិច្ចរបស់គាត់ផងដែរ។ ប៉ុន្តែស្រាប់តែពេលនោះ បងប្អូនស្រីម្នាក់នៅក្បែរនោះបាននិយាយថា៖ «ឈិន ស៊ឺ មិនរ៉ាប់រងបន្ទុកនៅពេលនោះ គឺដោយសារតែគាត់មានសភាពមិនល្អ។ ថ្មីៗនេះ គាត់បានកែប្រែសភាពរបស់គាត់ ហើយកំពុងរ៉ាប់រងបន្ទុកនៅក្នុងភារកិច្ចរបស់គាត់។ លើសពីនេះ គាត់ប្រកបគ្នា និងជួយពួកយើងដោយក្ដីអត់ធ្មត់ នៅពេលមានអ្វីមួយដែលយើងមិនយល់ក្នុងភារកិច្ចរបស់យើង»។ ពេលខ្ញុំឮបែបនេះ ខ្ញុំមានការព្រួយបារម្ភថា៖ «ហេតុអ្វីបានជាអ្នកចេះតែសរសើរ ឈិន ស៊ឺ ម្ល៉េះ? តើអ្នកបានបោះឆ្នោតឱ្យគាត់រួចហើយមែនទេ? តើ លី មីង នឹងបោះឆ្នោតឱ្យគាត់ដែរទេ បន្ទាប់ពីគាត់បានឮអ្វីដែលអ្នកនិយាយ? ប្រសិនបើគាត់ពិតជាជាប់ឆ្នោតមែន យើងនឹងត្រូវធ្វើកិច្ចការជាមួយគ្នាម្ដងទៀត។ ពេលនោះ មិនត្រឹមតែខ្ញុំមិនអាចលេចធ្លោបានទេ តែខ្ញុំនឹងត្រូវគាត់កែតម្រូវរហូតទៀតផង។ វាប្រសើរជាង បើដៃគូថ្មីម្នាក់ត្រូវបានជ្រើសរើស។ បែបនោះ ដោយសារខ្ញុំបានធ្វើជាអ្នកដឹកនាំមួយរយៈ ហើយយល់គោលការណ៍ច្រើនជាង ពួកគេនឹងយល់ស្របតាមមតិរបស់ខ្ញុំភាគច្រើន។ ទោះបីជាខ្ញុំធ្វើអ្វីមួយខុសក៏ដោយ ពួកគេប្រហែលជាមើលមិនឃើញច្បាស់ទេ ហើយនឹងមិនរិះគន់ខ្ញុំចំៗឡើយ ដូច្នេះ ឋានៈរបស់ខ្ញុំនឹងមិនមាននរណាដណ្តើមបានឡើយ»។ ខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែមានអារម្មណ៍ថា ខ្ញុំមិនអាចបណ្ដោយឱ្យ ឈិន ស៊ឺ ជាប់ឆ្នោតបានទេ។ ដូច្នេះ ខ្ញុំបាននិយាយភ្លាមថា ឈិន ស៊ឺ មិនសូវមានបទពិសោធជីវិតច្រើនទេ ហើយនិយាយតែ ពាក្យពេចន៍ និងគោលលទ្ធិ ប៉ុណ្ណោះ។ ពេលឃើញ លី មីង ងក់ក្បាល ខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិច ដោយគិតថា នេះមានន័យថាគាត់ប្រហែលជាមិនបោះឆ្នោតឱ្យ ឈិន ស៊ឺ ទេ។ តែខ្ញុំនឹកស្មានមិនដល់សោះថា នៅទីបំផុត ឈិន ស៊ឺ និងបងប្អូនស្រីម្នាក់ទៀត មានសំឡេងឆ្នោតស្មើគ្នាដែលច្រើនជាងគេ។ ខ្ញុំកាន់តែព្រួយបារម្ភថា ឈិន ស៊ឺ នឹងជាប់ឆ្នោត ហើយចាប់ផ្តើមធ្វើកិច្ចការជាមួយខ្ញុំម្ដងទៀត។ មួយសន្ទុះក្រោយមក អ្នកដឹកនាំបានសួរខ្ញុំថា៖ «ប្រសិនបើ ឈិន ស៊ឺ ជាប់ឆ្នោត តើអ្នកនឹងមានអារម្មណ៍យ៉ាងណា?» សំណួរនេះធ្វើឱ្យខ្ញុំព្រួយបារម្ភថា ពួកគេអាចនឹងជ្រើសរើស ឈិន ស៊ឺ ពិតមែន ដូច្នេះខ្ញុំប្រញាប់និយាយថា៖ «ឈិន ស៊ឺ មិនសូវមានបទពិសោធជីវិតច្រើនទេ ហើយគាត់មាននិស្ស័យពុករលួយធ្ងន់ធ្ងរ...»។ អ្នកដឹកនាំអាចមើលដឹងថាខ្ញុំទាស់ទទឹងនឹង ឈិន ស៊ឺ ប៉ុនណា ហើយបានលាតត្រដាងខ្ញុំម្ដងទៀតថា៖ «អ្នកសម្លឹងឃើញតែចំណុចខ្សោយរបស់គេ និងមិនដែលមើលចំណុចខ្លាំងរបស់គេសោះ។ បើមានចរិតបែបនេះ អ្នកនឹងមិនអាចសហការល្អជាមួយនរណាម្នាក់បានទេ។ អ្នកកំពុងតែក្រអឺតក្រទម និងអួតអាងហើយ»។ ពេលឮអ្នកដឹកនាំនិយាយថា ខ្ញុំនឹងមិនសហការល្អជាមួយនរណាម្នាក់ វាប៉ះទង្គិចចិត្តខ្ញុំខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថា អ្នកដឹកនាំបានមើលឃើញបំណងចិត្តរបស់ខ្ញុំ ហើយប្រាកដជាមិនយល់ឃើញល្អចំពោះខ្ញុំទេ។ ឥឡូវនេះ ទាំងបងប្អូនប្រុសស្រី និងអ្នកដឹកនាំ សុទ្ធតែចូលចិត្ត ឈិន ស៊ឺ ចុះតើខ្ញុំនឹងបន្តបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងដូចម្តេច? ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំង ហើយមិនទាំងចង់ធ្វើជាអ្នកដឹកនាំទៀតផង។ ខ្ញុំបានគិតថា «បើអ្នករាល់គ្នាគិតថាគាត់ល្អដល់ថ្នាក់ហ្នឹង គ្រាន់តែបោះឆ្នោតឱ្យគាត់ទៅចប់ហើយ»។ ដូច្នេះ ខ្ញុំបាននិយាយទៅកាន់អ្នកដឹកនាំថា «ខ្ញុំមិនមានមនុស្សជាតិល្អទេ ហើយមិនអាចសហការជាមួយនរណាម្នាក់បានឡើយ។ ខ្ញុំមិនអាចបំពេញភារកិច្ចនេះទៀតទេ។ ខ្ញុំគិតថា អ្នកគួរតែជ្រើសរើសអ្នកដឹកនាំផ្សេងទៀតមកជំនួសខ្ញុំ»។ អ្នកដឹកនាំបានប្រកបគ្នាជាមួយខ្ញុំថា «ខ្ញុំមិនមែននិយាយថាអ្នកក្រអឺតក្រទម និងអួតអាង ដើម្បីដាក់កំហិតអ្នកទេ ប៉ុន្តែ ដើម្បីជំរុញអ្នកឱ្យស្វែងរកសេចក្ដីពិត និងដោះស្រាយនិស្ស័យពុករលួយរបស់អ្នក...»។ ពេលឮបែបនេះ ខ្ញុំដឹងថាខ្ញុំកំពុងបញ្ចេញកំហឹងលើភារកិច្ចរបស់ខ្ញុំ ហើយមានអារម្មណ៍ថាមានកំហុស និងមិនស្រួលចិត្តបន្តិច។ ប៉ុន្តែនៅពេលដែលខ្ញុំគិតអំពីការធ្វើការជាមួយ ឈិន ស៊ឺ ខ្ញុំមានអារម្មណ៍មួម៉ៅ។ ខ្ញុំមិនចង់ប្រឈមមុខនឹងស្ថានភាពនេះទេ ដូច្នេះ ខ្ញុំបានយកលេសថាមានការងារផ្សេងទៀត ហើយបានចាកចេញទៅ។ ក្នុងចិត្តខ្ញុំមានអារម្មណ៍សៅហ្មងខ្លាំងណាស់ ខ្ញុំដឹងថាខ្ញុំកំពុងឈរនៅខាងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយព្រះអង្គបានបិទព្រះភក្ត្រពីខ្ញុំ។ ខ្ញុំក៏កំពុងគេចវេសពីស្ថានភាពដែលព្រះអង្គបានរៀបចំសម្រាប់ខ្ញុំផងដែរ។ ប្រសិនបើខ្ញុំមិនកែប្រែខ្លួនទេ ព្រះជាម្ចាស់នឹងស្អប់ខ្ពើមខ្ញុំ ហើយខ្ញុំនឹងបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ដូច្នេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ មានមេរៀនដែលទូលបង្គំត្រូវរៀនពីស្ថានភាពដែលព្រះអង្គបានរៀបចំសម្រាប់ទូលបង្គំនៅថ្ងៃនេះ។ វាជារឿងខុសឆ្គងដែលទូលបង្គំគេចវេស និងទាស់ទទឹងនឹងមេរៀននោះ ប៉ុន្តែទូលបង្គំមិនដឹងច្បាស់ពីរបៀបឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងឡើយ។ សូមដឹកនាំទូលបង្គំឱ្យចុះចូលនឹងការរៀបចំរបស់ព្រះអង្គ និងរៀនមេរៀនក្នុងដំណើរការនេះ»។ ក្រោយពីអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាងមុនបន្តិច។
លទ្ធផលបោះឆ្នោតត្រូវបានប្រកាសនៅថ្ងៃបន្ទាប់៖ ឈិន ស៊ឺ ត្រូវបានជ្រើសរើសជាអ្នកដឹកនាំ។ ដំណឹងនេះមិនបានប៉ះពាល់ខ្ញុំខ្លាំងប៉ុន្មានទេ។ ខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំងពីខ្លួនឯង៖ ខ្ញុំតែងតែរិះគន់សេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ ឈិន ស៊ឺ ប៉ុន្តែមិនដែលនិយាយពីចំណុចខ្លាំង និងគុណសម្បត្តិរបស់គាត់សោះ។ តើនេះមិនមែនជាការផាត់គាត់ចេញទេឬ? ដូច្នេះ ខ្ញុំបានស្វែងរកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទផាត់អ្នកដែលមិនយល់ស្របនឹងពួកគេចេញ។ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ ពិតជាចាក់ដោតចិត្តខ្ញុំណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើពួកទទឹងនឹងព្រះគ្រីស្ទផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិតដោយរបៀបណា? ពួកគេតែងតែប្រើវិធីសាស្ត្រដែលអ្នកដទៃមើលទៅឃើញថាសមហេតុសមផល និងត្រឹមត្រូវ សូម្បីតែប្រើការជជែកវែកញែកអំពីសេចក្ដីពិត ដើម្បីយកប្រៀប ក្នុងគោលបំណងវាយប្រហារ ថ្កោលទោស និងបំភាន់អ្នកដទៃ។ ជាឧទាហរណ៍ អាទទឹងនឹងព្រះគ្រីស្ទគិតថា ប្រសិនបើដៃគូរបស់គេគឺជាអ្នកដែលដេញតាមសេចក្ដីពិត នោះអ្នកទាំងនោះអាចគំរាមកំហែងដល់ឋានៈរបស់ខ្លួន ដូច្នេះហើយ អាទទឹងនឹងព្រះគ្រីស្ទនឹងថ្លែងសេចក្តីអធិប្បាយបែបខ្ពង់ខ្ពស់ និងពិភាក្សាអំពីទ្រឹស្ដីខាងវិញ្ញាណ ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យមនុស្សវាយតម្លៃគេខ្ពស់។ តាមរបៀបនោះ គេអាចបន្ទាបបន្ថោក និងគាបសង្កត់ដៃគូ និងអ្នករួមការងាររបស់គេ ហើយធ្វើឱ្យមនុស្សមានអារម្មណ៍ថា ទោះបីជាដៃគូរបស់អ្នកដឹកនាំរបស់ពួកគេគឺជាអ្នកដែលដេញតាមសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនស្មើនឹងអ្នកដឹកនាំរបស់ពួកគេដែរ ទាំងផ្នែកគុណសម្បត្តិ និងសមត្ថភាព។ មនុស្សមួយចំនួនថែមទាំងនិយាយថា “សេចក្តីអធិប្បាយរបស់អ្នកដឹកនាំយើងគឺខ្ពង់ខ្ពស់ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានឡើយ”។ សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ ការបានឮមតិយោបល់បែបនេះ គឺជារឿងដែលគួរឱ្យពេញចិត្តខ្លាំងណាស់។ គេនឹកគិតក្នុងចិត្តថា “អ្នកគឺជាដៃគូរបស់ខ្ញុំ តើអ្នកមិនមានតថភាពនៃសេចក្ដីពិតខ្លះទេឬអី? ហេតុអ្វីបានជាអ្នកមិនអាចនិយាយដោយវោហារស័ព្ទ និងភាពខ្ពង់ខ្ពស់ដូចខ្ញុំបាន? ឥឡូវនេះ អ្នកត្រូវអាម៉ាស់មុខយ៉ាងខ្លាំងហើយ។ អ្នកខ្វះសមត្ថភាព ប៉ុន្តែអ្នកហ៊ានប្រកួតប្រជែងជាមួយខ្ញុំ!” នោះហើយជាអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទកំពុងគិត។ តើគោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទគឺជាអ្វីទៅ? គេកំពុងព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីគាបសង្កត់ បន្ទាបបន្ថោក និងលើកតម្កើងខ្លួនឯងឱ្យខ្ពស់ជាងអ្នកដទៃ។ នេះជារបៀបដែលអាទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះគ្រប់គ្នាដែលដេញតាមសេចក្ដីពិត ឬសហការជាមួយពួកគេ។ ... ក្រៅពីអំពើអាក្រក់ទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀត នោះគឺពួកគេតែងតែព្យាយាមរកវិធីយកប្រៀបលើអស់អ្នកដែលដេញតាមសេចក្ដីពិត។ ជាឧទាហរណ៍ ប្រសិនបើមនុស្សមួយចំនួនបានប្រព្រឹត្តអំពើសហាយស្មន់ ឬប្រព្រឹត្តអំពើរំលងផ្សេងទៀត ពួកទទឹងនឹងព្រះគ្រីស្ទចាប់យកចំណុចទាំងនេះធ្វើជាជាការមានប្រៀបជាង ដើម្បីវាយប្រហារពួកគេ ស្វែងរកឱកាសដើម្បីប្រមាថ លាតត្រដាង និងមួលបង្កាច់ពួកគេ លាបពណ៌ពួកគេដើម្បីបំបាក់ទឹកចិត្តពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឱ្យពួកគេមានអារម្មណ៍អវិជ្ជមាន។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រើសអើងពួកគេ គេចចេញពីពួកគេ និងបដិសេធពួកគេផងដែរ ដើម្បីឱ្យអស់អ្នកដែលដេញតាមសេចក្ដីពិតត្រូវឯកោ។ នៅទីបំផុត នៅពេលដែលអស់អ្នកដែលដេញតាមសេចក្ដីពិតមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ លែងសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងមិនចង់ចូលរួមការជួបជុំ នោះគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានសម្រេចហើយ។ ដោយសារតែអស់អ្នកដែលដេញតាមសេចក្ដីពិតលែងបង្កការគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេទៀតហើយ ហើយគ្មាននរណាម្នាក់ហ៊ានរាយការណ៍ ឬលាតត្រដាងពួកគេទៀតទេ នោះអាទទឹងនឹងព្រះគ្រីស្ទអាចមានអារម្មណ៍ស្ងប់ចិត្តបានហើយ។ ... សរុបមក ដោយផ្អែកលើការបង្ហាញចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ យើងអាចកំណត់បានថា ពួកគេមិនកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំឡើយ ពីព្រោះពួកគេមិនកំពុងដឹកនាំមនុស្សក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីសេចក្ដីពិតទេ ហើយពួកគេមិនកំពុងស្រោចស្រព ឬទ្រទ្រង់មនុស្ស ដោយអនុញ្ញាតឱ្យ មនុស្សទទួលបានសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ រុះរើ និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ហើយរារាំងមនុស្សនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត និងការទទួលបានសេចក្ដីសង្គ្រោះ។ ពួកគេចង់ដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យវង្វេងផ្លូវ និងធ្វើឱ្យអ្នកទាំងនោះបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ នេះគឺជាគោលដៅចុងក្រោយដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចឱ្យបាន តាមរយៈការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ» («ចំណុចទីបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះ ពិតជាចាក់ដោតចិត្តខ្ញុំចំកន្លែងដែលឈឺចាប់។ ព្រះជាម្ចាស់លាតត្រដាងពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគាបសង្កត់ និងផាត់អ្នកដែលមិនយល់ស្របនឹងពួកគេចេញ ដោយចាប់កំហុស និងបន្តុះបង្អាប់អ្នកដែលស្វែងរកសេចក្ដីពិត ដើម្បីពង្រឹងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ។ តើនេះមិនមែនជារបៀបដែលខ្ញុំប្រព្រឹត្តចំពោះ ឈិន ស៊ឺ ទេឬ? ក្នុងអំឡុងពេលបោះឆ្នោត នៅពេលដែលខ្ញុំឃើញថាអ្នករាល់គ្នាយល់ឃើញល្អចំពោះគាត់ ខ្ញុំនឹកឃើញកាលដែលយើងធ្វើការជាមួយគ្នាពីមុន របៀបដែលអ្នកផ្សេងទៀតទទួលយកគំនិតរបស់គាត់ភាគច្រើន ហើយគាត់ទទួលបានការចាប់អារម្មណ៍ទាំងអស់ជំនួសឱ្យរូបខ្ញុំ។ គាត់ក៏តែងតែចង្អុលបង្ហាញកំហុសរបស់ខ្ញុំដែរ ដែលធ្វើឱ្យខ្ញុំបាក់មុខ។ ខ្ញុំបារម្ភថា ប្រសិនបើគាត់ជាប់ឆ្នោតម្ដងទៀត វានឹងដូចពីមុនដែរ គឺ បងប្អូនប្រុសស្រីនឹងស្តាប់ និងកោតសរសើរតែគាត់ ហើយគ្មាននរណាម្នាក់ស្តាប់ខ្ញុំទៀតទេ។ ដូច្នេះ នៅពេលដែលអ្នករួមការងារម្នាក់និយាយថា ឈិន ស៊ឺ អាចទទួលបន្ទុកបាន ហើយនៅពេលដែលបងស្រីម្នាក់ទៀតគិតចង់បោះឆ្នោតឱ្យគាត់ ខ្ញុំមានអារម្មណ៍ថាមានវិបត្តិ ហើយបានធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីបដិសេធចំណុចខ្លាំងរបស់គាត់ ដោយយកសេចក្ដីពុករលួយដែលគាត់បានបញ្ចេញឲ្យឃើញ កាលពីមុន មកនិយាយជាធំដុំ។ ខ្ញុំបាននិយាយថា គាត់មិនសូវមានបទពិសោធជីវិតទេ ហើយមិនស្វែងរកសេចក្ដីពិតឡើយ ដោយព្យាយាមធ្វើឱ្យបងប្អូនទាំងអស់មានអគតិចំពោះគាត់ ដើម្បីកុំឱ្យពួកគេបោះឆ្នោតឱ្យគាត់។ នៅពេលដែលអ្នកដឹកនាំកត់សម្គាល់ឃើញបញ្ហារបស់ខ្ញុំ ហើយបានលួសកាត់ខ្ញុំចំពោះការប្រព្រឹត្តចំពោះ ឈិន ស៊ឺ ដោយមិនយុត្តិធម៌ ខ្ញុំឃើញថាខ្ញុំមិនបានសម្រេចដូចបំណង បន្ទាប់មកខ្ញុំក៏ក្លាយជាគ្មានវិចារណញ្ញាណ ដោយចង់បោះបង់ភារកិច្ចចោល។ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយគឺពោរពេញដោយល្បិចកល និងគោលបំណងលាក់កំបាំង។ នេះសុទ្ធតែដើម្បីការពារមុខមាត់ និងឋានៈរបស់ខ្ញុំ។ តើវាខុសគ្នាត្រង់ណាពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលវាយប្រហារអ្នកដែលស្វែងរកសេចក្ដីពិត ដើម្បីពង្រឹងឋានៈរបស់ពួកគេនោះ? ឥឡូវនេះ មានតម្រូវការបន្ទាន់សម្រាប់មនុស្សដើម្បីសហការក្នុងកិច្ចការរបស់ពួកជំនុំ ទោះបីជា ឈិន ស៊ឺ បានបញ្ចេញឲ្យឃើញសេចក្ដីពុករលួយ និងមានចំណុចខ្វះខាត កាលពីមុន ក៏ដោយ តែគាត់មានស្មារតីយុត្តិធម៌ និងទទួលបន្ទុកនៅក្នុងភារកិច្ចរបស់គាត់។ គាត់ស្វែងរកសេចក្ដីពិតនៅពេលជួបបញ្ហា ហើយជាអ្នកដែលដេញតាមសេចក្ដីពិត ដូច្នេះ គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកដឹកនាំ។ ប៉ុន្តែខ្ញុំបារម្ភថា គាត់នឹងគំរាមកំហែងដល់ឋានៈរបស់ខ្ញុំនៅក្នុងកែវភ្នែកអ្នកដទៃ ដូច្នេះ ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីបន្តុះបង្អាប់ និងផាត់គាត់ចេញ ដោយមិនបានគិតគូរដល់កិច្ចការរបស់ពួកជំនុំសូម្បីតែបន្តិច។ ខ្ញុំមិនបានគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់សោះឡើយ តើខ្ញុំកំពុងបំពេញភារកិច្ចតាមរបៀបណាទៅ? ខ្ញុំកំពុងរំខាន និងបង្អាក់កិច្ចការរបស់ពួកជំនុំ ខ្ញុំកំពុងប្រព្រឹត្តអំពើអាក្រក់ហើយ! ដោយបានដឹងច្បាស់ពីរឿងនេះ ភ្លាមនោះខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាគួរឲ្យខ្ពើមរអើមខ្លាំងណាស់។ កាលពីមុន ខ្ញុំតែងតែគិតថា ការផាត់ចេញនិងការធ្វើបាបមនុស្ស គឺជាទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែឥឡូវនេះ ខ្ញុំបានដឹងថា ខ្ញុំក៏មាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទដែរ ហើយកំពុងដើរលើផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទម្នាក់។ ប្រសិនបើខ្ញុំមិនប្រែចិត្តទេ ខ្ញុំនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងជម្រុះចោលប៉ុណ្ណោះ។ ពេលដឹងពីរឿងនេះ ខ្ញុំមានអារម្មណ៍ភ័យរន្ធត់ ប៉ុន្តែខ្ញុំក៏បានយល់ដែរថា ការត្រូវបានលួសកាត់ និងបើកសម្ដែង គឺជាឱកាសរបស់ខ្ញុំដើម្បីឆ្លុះបញ្ចាំង និងប្រែចិត្ត។ ខ្ញុំត្រូវការស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ និងសហការជាមួយ ឈិន ស៊ឺ ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើកិច្ចការរបស់ពួកជំនុំឲ្យបានល្អ និងប៉ះប៉ូវការសោកស្តាយកាលពីមុន។
បន្ទាប់ពីនោះ ខ្ញុំបានបើកចំហប្រាប់បងប្អូនប្រុសស្រីអំពីការបញ្ចេញឲ្យឃើញសេចក្ដីពុករលួយរបស់ខ្ញុំ ដើម្បីឲ្យពួកគេអាចមានការវែកញែកបែងចែកចំពោះសម្តីរបស់ខ្ញុំកាលពីមុនអំពី ឈិន ស៊ឺ និងប្រព្រឹត្តចំពោះគាត់ឲ្យបានត្រឹមត្រូវ។ ខ្ញុំបានឈប់ផាត់ចេញ និងទាស់ទទឹងនឹង ឈិន ស៊ឺ នៅពេលដែលខ្ញុំឃើញគាត់ ហើយសួរនាំ និងខ្វល់ខ្វាយយ៉ាងយកចិត្តទុកដាក់អំពីសភាពរបស់គាត់ ពិភាក្សាការងារ និងសហការជាមួយគាត់។ បន្តិចម្ដងៗ យើងចាប់ផ្តើមចុះសម្រុងគ្នាកាន់តែល្អប្រសើរ ហើយខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនច្រើន។ ជាពិសេស នៅក្នុងអំឡុងពេលប្រជុំ នៅពេលដែល ឈិន ស៊ឺ និយាយយ៉ាងជាក់ស្តែងអំពីការយល់ដឹងតាមរយៈបទពិសោធរបស់គាត់ ខ្ញុំក៏មានអារម្មណ៍វិប្បដិសារីកាន់តែខ្លាំងឡើង ពេលនោះ ខ្ញុំស្ទើរតែធ្វើឲ្យបងស្រីម្នាក់នេះបាត់បង់ឱកាសដើម្បីបំពេញតួនាទីក្នុងតំណែងជាអ្នកដឹកនាំទៅហើយ។ ខ្ញុំស្ទើរតែបានប្រព្រឹត្តអំពើអាក្រក់ទៅហើយ។
ក្រោយមក ខ្ញុំបានបន្តស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំបានអានឃើញវគ្គមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «ការស្រឡាញ់ថ្នាក់ថ្នមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ គឺហួសពីមនុស្សធម្មតា ហើយវាជារឿងដែលស្ថិតនៅក្នុងសារជាតិនិស្ស័យរបស់ពួកគេ។ វាមិនមែនជាចំណាប់អារម្មណ៍បណ្ដោះអាសន្ន ឬជាឥទ្ធិពលមួយភ្លែតនៃមជ្ឈដ្ឋានជុំវិញរបស់ពួកគេឡើយ វាជារឿងដែលស្ថិតនៅក្នុងជីវិតរបស់ពួកគេ នៅក្នុងឆ្អឹងរបស់ពួកគេ ដូច្នេះហើយ វាគឺជាសារជាតិរបស់ពួកគេ។ នេះមានន័យថា នៅក្នុងគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនជារឿងអ្វីផ្សេងឡើយ។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ កេរ្តិ៍ឈ្មោះ និងឋានៈគឺជាជីវិតរបស់ពួកគេ ហើយជាគោលដៅដែលពួកគេដេញតាមពេញមួយជីវិតរបស់ខ្លួន។ នៅក្នុងអ្វីទាំងអស់ដែលពួកគេធ្វើ ការគិតគូរដំបូងរបស់ពួកគេគឺ៖ “តើនឹងមានអ្វីកើតឡើងចំពោះឋានៈរបស់ខ្ញុំ? ចុះចំណែកកេរ្តិ៍ឈ្មោះរបស់ខ្ញុំវិញ? តើការធ្វើបែបនេះនឹងផ្ដល់កេរ្តិ៍ឈ្មោះល្អដល់ខ្ញុំដែរឬទេ? តើវានឹងលើកកម្ពស់ឋានៈរបស់ខ្ញុំនៅក្នុងចិត្តមនុស្សដែរឬទេ?” នោះគឺជារឿងដំបូងដែលពួកគេគិតដល់ ដែលជាភស្តុតាងដ៏គ្រប់គ្រាន់បញ្ជាក់ថា ពួកគេមាននិស្ស័យ និងសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយក៏ដោយសារតែរឿងនេះហើយ ទើបពួកគេពិចារណារឿងរ៉ាវតាមរបៀបនេះ។ ... ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ថាស្មើនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរ ហើយដាក់រឿងទាំងពីរនេះក្នុងកម្រិតស្មើគ្នា។ ពោលគឺ នៅពេលដែលពួកគេដើរលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ ពួកគេក៏ដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេដែរ។ អាចនិយាយបានថា នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការដេញតាមសេចក្ដីពិតនៅក្នុងការជឿលើព្រះជាម្ចាស់ គឺជាការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ក៏ជាការដេញតាមសេចក្ដីពិតដែរ។ ការទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ គឺទទួលបានសេចក្ដីពិត និងជីវិត។ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនទទួលបានកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឬឋានៈទេ ហើយគ្មាននរណាម្នាក់គោរពពួកគេ កោតសរសើរយ៉ាងខ្លាំងដល់ពួកគេ ឬដើរតាមពួកគេទេ នោះពួកគេបាក់ទឹកចិត្ត។ ពួកគេជឿថា គ្មានន័យអ្វីឡើយក្នុងការជឿលើព្រះជាម្ចាស់ គ្មានតម្លៃចំពោះជំនឿនេះទេ ហើយពួកគេគិតឆ្ងល់ក្នុងចិត្តថា៖ “តើខ្ញុំបានបរាជ័យមែនទេដោយការជឿលើព្រះជាម្ចាស់បែបនេះ? តើលែងមានសង្ឃឹមសម្រាប់ខ្ញុំហើយមែនទេ?” ពួកគេតែងតែគិតគូររឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគិតគូរពីរបៀបដែលពួកគេអាចធានាបានឋានៈមួយសម្រាប់ខ្លួនឯងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ របៀបដែលពួកគេអាចមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់នៅក្នុងពួកជំនុំ ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សស្ដាប់នៅពេលពួកគេនិយាយ និងកោតសរសើរពួកគេនៅពេលពួកគេធ្វើសកម្មភាព ត្រូវធ្វើដូចម្ដេចដើម្បីឱ្យមនុស្សដើរតាមពួកគេមិនថាពួកគេទៅទីណាក៏ដោយ និងត្រូវធ្វើដូចម្ដេចដើម្បីឱ្យអាចមានសំឡេងដែលមានឥទ្ធិពលនៅក្នុងពួកជំនុំ ព្រមទាំងមានកេរ្តិ៍ឈ្មោះ មានលាភសក្ការៈ និងមានឋានៈ ពួកគេពិតជាផ្ដោតលើរឿងបែបនេះនៅក្នុងចិត្តរបស់ពួកគេណាស់។ ទាំងនេះគឺជាអ្វីដែលមនុស្សបែបនេះដេញតាម» («ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់លាតត្រដាងពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទឲ្យតម្លៃកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ និងរបៀបដែលអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺបម្រើដល់ការដេញតាមអំណាចរបស់ពួកគេ។ ពួកគេចង់ឲ្យមនុស្សគ្រប់គ្នាចុះចូលនឹងពួកគេ និងមានកន្លែងសម្រាប់ពួកគេនៅក្នុងចិត្ត។ តាមសារជាតិ ពួកគេធ្វើបែបនេះ ដើម្បីបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីដណ្តើមរាស្ដ្រពីព្រះជាម្ចាស់ គឺដើម្បីធ្វើឲ្យមនុស្សថ្វាយបង្គំពួកគេ។ ខ្ញុំបានឃើញថា ការបញ្ចេញឲ្យឃើញរបស់ខ្ញុំគឺដូចអ្វីដែលព្រះជាម្ចាស់បានលាតត្រដាងអញ្ចឹង។ ខ្ញុំតែងតែព្យាយាមការពារមុខមាត់របស់ខ្ញុំនៅក្នុងកែវភ្នែកអ្នកដទៃ ស្វែងរកឋានៈ និងចង់សម្រេចកិច្ចការតែម្នាក់ឯង។ ខ្ញុំចង់ក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។ នៅពេលដែលមាននរណាម្នាក់ពូកែជាងខ្ញុំ ខ្ញុំចាត់ទុកពួកគេថាជាការគំរាមកំហែងដល់ឋានៈរបស់ខ្ញុំ ហើយវាយប្រហារ និងផាត់ពួកគេចេញ។ នោះហើយជារបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះ ឈិន ស៊ឺ។ ដោយបារម្ភថា ខ្ញុំនឹងមិនអាចលេចធ្លោបានទេ ប្រសិនបើគាត់ត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ខ្ញុំបានយកសេចក្ដីពុករលួយកាលពីមុនរបស់គាត់មកនិយាយជាធំដុំ ដើម្បីបំភាន់អ្នកដទៃកុំឱ្យបោះឆ្នោតឱ្យគាត់។ ខ្ញុំថែមទាំងសង្ឃឹមថា ដៃគូថ្មីនឹងត្រូវជាប់ឆ្នោតទៀតផង។ ធ្វើបែបនេះ ដោយសារតែខ្ញុំបានធ្វើជាអ្នកដឹកនាំយូរជាង នោះ ទោះបីជាខ្ញុំនិយាយ ឬធ្វើអ្វីក៏ដោយ ហើយទោះបីជាវាមិនស្របតាមគោលការណ៍ក៏ដោយ ដៃគូថ្មីរបស់ខ្ញុំនឹងមើលមិនធ្លុះបញ្ហាទេ ហើយនឹងមិនលាតត្រដាង ឬរិះគន់ខ្ញុំឡើយ។ ពេលនោះ ខ្ញុំនឹងក្ដោបក្ដាប់អំណាចតែម្នាក់ឯងក្នុងពួកជំនុំ អ្វីៗសម្រេចលើមាត់ខ្ញុំ ហើយខ្ញុំអាចធ្វើអ្វីៗតាមចិត្តចង់។ មហិច្ឆតា និងបំណងប្រាថ្នារបស់ខ្ញុំគឺហួសហេតុពេកហើយ ខ្ញុំកំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងណាស់! ដើម្បីរក្សាការគ្រប់គ្រងបែបផ្តាច់ការរបស់ពួកគេ បក្សកុម្មុយនីស្តចិនអនុញ្ញាតឱ្យតែមនុស្សដើរតាម និងចុះចូលនឹងពួកគេប៉ុណ្ណោះ។ ពួកគេហាមឃាត់ដាច់ខាតមិនឱ្យមនុស្សជឿ និងដើរតាមព្រះជាម្ចាស់ ហើយអ្នកដែលជឿ នឹងត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ។ ខ្ញុំក៏ដូចគ្នាដែរ គឺសូម្បីតែរឿងគាបសង្កត់ និងផាត់មនុស្សចេញ ដើម្បីការពារឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជានឹកស្មានមិនដល់សោះថា ខ្ញុំបានក្លាយជាមនុស្សអាក្រក់យ៉ាងនេះ ដើម្បីតែឋានៈ។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំគួរតែធ្វើការរួមគ្នាជាមួយអ្នកដែលដេញតាមសេចក្ដីពិត ដោយរួមចិត្តរួមគំនិតគ្នា ដើម្បីធ្វើកិច្ចការរបស់ពួកជំនុំឱ្យបានល្អ និងនាំបងប្អូនប្រុសស្រីមកចំពោះព្រះជាម្ចាស់។ ប៉ុន្តែអ្វីដែលខ្ញុំគិតមានតែកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ ខ្ញុំគ្មានកន្លែងក្នុងចិត្តសម្រាប់កិច្ចការរបស់ពួកជំនុំ ឬការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីទេ ហើយខ្ញុំគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់សោះឡើយ។ ខ្ញុំបានជឿព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំនៅតែគាបសង្កត់បងស្រីរបស់ខ្ញុំ ដើម្បីឋានៈរបស់ខ្ញុំដដែល។ អ្វីដែលខ្ញុំបានធ្វើ ពិតជាធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមណាស់!
ខ្ញុំបានដឹងច្បាស់ថា មានហេតុផលមួយទៀតដែលខ្ញុំបានគាបសង្កត់ និងផាត់ ឈិន ស៊ឺ ចេញ៖ គាត់តែងតែរិះគន់ខ្ញុំ លាតត្រដាងខ្ញុំ និងធ្វើឱ្យខ្ញុំបាក់មុខ។ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ខាងក្រោមនេះ ទាក់ទងនឹងសភាពនេះ៖ «តើអ្នកគួរធ្វើដូចម្ដេច ប្រសិនបើអ្នកចង់ជៀសវាងផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទឱ្យបានឆ្ងាយនោះ? អ្នកគួរតែផ្ដួចផ្ដើមគំនិតចូលទៅជិតមនុស្សដែលស្រឡាញ់សេចក្ដីពិត មនុស្សដែលមានភាពទៀងត្រង់ ចូលទៅជិតមនុស្សដែលអាចចង្អុលបង្ហាញពីបញ្ហារបស់អ្នក ដែលអាចនិយាយដោយស្មោះត្រង់ និងស្ដីបន្ទោសអ្នក នៅពេលដែលពួកគេរកឃើញបញ្ហារបស់អ្នក ហើយជាពិសេស មនុស្សដែលអាចលួសកាត់អ្នក នៅពេលដែលពួកគេរកឃើញបញ្ហារបស់អ្នក ពោលគឺមនុស្សទាំងនេះគឺជាអ្នកដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ហើយអ្នកគួរតែឱ្យតម្លៃពួកគេ។ ប្រសិនបើអ្នកផាត់ចេញ និងកម្ចាត់មនុស្សល្អបែបនេះចោល នោះអ្នកនឹងបាត់បង់ការការពាររបស់ព្រះជាម្ចាស់ ហើយគ្រោះមហន្តរាយនឹងខិតមកជិតអ្នកបន្តិចម្ដងៗមិនខាន។ តាមរយៈការចូលទៅជិតមនុស្សល្អ និងមនុស្សដែលយល់ពីសេចក្ដីពិត អ្នកនឹងមានសេចក្ដីសុខសាន្ត និងអំណរ ហើយអ្នកនឹងអាចទប់ស្កាត់គ្រោះមហន្តរាយបាន។ តាមរយៈការចូលទៅជិតមនុស្សថោកទាប មនុស្សឥតអៀនខ្មាស និងមនុស្សដែលបញ្ជោរអ្នក នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ អ្នកមិនត្រឹមតែងាយនឹងត្រូវគេបោកប្រាស់ និងបញ្ឆោតប៉ុណ្ណោះទេ ប៉ុន្តែគ្រោះមហន្តរាយក៏អាចធ្លាក់មកលើអ្នកនៅគ្រប់ពេលដែរ។ អ្នកត្រូវតែដឹងថាតើ មនុស្សប្រភេទណាដែលអាចផ្ដល់ប្រយោជន៍ដល់អ្នកបានច្រើនបំផុត គឺអ្នកដែលអាចក្រើនរំលឹកអ្នក នៅពេលដែលអ្នកធ្វើរឿងខុសឆ្គង ឬនៅពេលដែលអ្នកលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង ហើយបំភាន់អ្នកដទៃ នោះទើបអាចផ្ដល់ប្រយោជន៍ដល់អ្នកបានច្រើនបំផុត។ ការចូលទៅជិតមនុស្សបែបនេះ គឺជាផ្លូវដ៏ត្រឹមត្រូវដែលត្រូវដើរតាម។ តើអ្នករាល់គ្នាអាចធ្វើបែបនេះបានដែរឬទេ? ប្រសិនបើនរណាម្នាក់និយាយអ្វីមួយដែលបំផ្លាញកិត្តិយសរបស់អ្នក ហើយអ្នកថ្នាំងថ្នាក់ចិត្តនឹងពួកគេអស់មួយជីវិត ដោយនិយាយថា៖ “ហេតុអ្វីបានជាអ្នកលាតត្រដាងខ្ញុំ? ខ្ញុំមិនដែលប្រព្រឹត្តអាក្រក់ចំពោះអ្នកឡើយ។ ហេតុអ្វីបានជាអ្នកតែងតែធ្វើឱ្យខ្ញុំពិបាកម្ល៉េះ?” ហើយអ្នកមានគំនុំនៅក្នុងចិត្តរបស់អ្នក បង្កើតឱ្យមានការប្រេះឆា ហើយអ្នកតែងតែគិតថា៖ “ខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានអត្តសញ្ញាណ និងឋានៈនេះ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យអ្នកនិយាយបែបនោះឡើយ” ដូច្នេះ តើនេះជាការស្តែងចេញបែបណា? នេះគឺការមិនទទួលយកសេចក្ដីពិត និងការតាំងខ្លួនប្រឆាំងនឹងអ្នកដទៃ វាជាការមិនសូវចេះស្ដាប់ហេតុផល។ តើនេះមិនមែនជាគំនិតចង់បានឋានៈរបស់អ្នក ដែលកំពុងបង្កបញ្ហាទេឬអី? នេះបង្ហាញថា និស្ស័យពុករលួយរបស់អ្នកធ្ងន់ធ្ងរពេកហើយ។ អស់អ្នកដែលតែងតែមានគំនិតចង់បានឋានៈ គឺជាមនុស្សដែលមាននិស្ស័យទទឹងនឹងព្រះគ្រីស្ទយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើពួកគេប្រព្រឹត្តអំពើអាក្រក់ផងដែរ នោះពួកគេនឹងត្រូវបានលាតត្រដាង និងជម្រុះចោលយ៉ាងឆាប់រហ័ស។ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សដែលបដិសេធ និងមិនទទួលយកសេចក្ដីពិត! ការដែលតែងតែមានបំណងប្រាថ្នាចង់ដណ្ដើមឋានៈ និងចង់សោយសុខនឹងផលប្រយោជន៍នៃឋានៈ គឺជាសញ្ញានៃគ្រោះថ្នាក់។ នៅពេលដែលចិត្តរបស់មនុស្សម្នាក់តែងតែត្រូវបានរឹតត្បិតដោយឋានៈ តើគេនៅតែអាចអនុវត្តសេចក្ដីពិត និងចាត់ការរឿងរ៉ាវនានាស្របតាមគោលការណ៍បានដែរឬទេ? ប្រសិនបើមនុស្សម្នាក់មិនអាចអនុវត្តសេចក្ដីពិតបាន ហើយតែងតែធ្វើសកម្មភាពដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយតែងតែប្រើអំណាចរបស់ខ្លួនដើម្បីធ្វើរឿងរ៉ាវនានា តើគេមិនមែនជាបុគ្គលទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់ក្រឡែត ដែលកំពុងបង្ហាញពីមុខមាត់ពិតរបស់គេទេឬអី?» («ចំណុចទីបួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងច្បាស់ថា បងប្អូនប្រុសស្រីមិនមែនកំពុងលាតត្រដាង និងរិះគន់ខ្ញុំ ដើម្បីសើចចំអក បង្អាប់ ឬធ្វើឱ្យខ្ញុំអាម៉ាស់មុខនោះទេ ប៉ុន្តែដើម្បីជួយឱ្យខ្ញុំស្គាល់ពីខ្លួនឯង។ ការនេះមានប្រយោជន៍ដល់ជីវិតរបស់ខ្ញុំ និងធានាថាខ្ញុំមិនដើរផ្លូវខុសទេ។ នៅពេលនឹកគិតត្រឡប់ទៅពេលដែល ឈិន ស៊ឺ និងខ្ញុំបានសហការគ្នា ហើយនៅពេលឃើញថាខ្ញុំក្រអឺតក្រទម អួតអាង និងធ្វើតាមតែចិត្តឯង គាត់ក៏បានលាតត្រដាងខ្ញុំចំៗ។ នោះគឺជាការជួយដោយសេចក្ដីស្រឡាញ់ដែលគាត់បានផ្ដល់ឱ្យខ្ញុំ។ ការមានមនុស្សបែបនេះនៅក្បែរដើម្បីត្រួតពិនិត្យខ្ញុំ គឺមានប្រយោជន៍ដល់ការរីកចម្រើនក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្តែនៅពេលនោះ ខ្ញុំមិនបានទទួលយកវាពីព្រះជាម្ចាស់ទេ ហើយតែងតែមានអារម្មណ៍ថា គាត់កំពុងធ្វើឱ្យខ្ញុំបាក់មុខ ដោយការរិះគន់ និងលាតត្រដាងខ្ញុំនៅចំពោះមុខអ្នកដទៃ ដូច្នេះ ខ្ញុំមានអគតិចំពោះគាត់ ហើយបានផាត់គាត់ចេញ។ ទាំងនេះសុទ្ធតែជាការបញ្ចេញឱ្យឃើញនូវនិស្ស័យអាទទឹងនឹងព្រះគ្រីស្ទរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឱ្យខ្ញុំនូវផ្លូវនៃការអនុវត្ត៖ ខ្ញុំគួរតែចំណាយពេលច្រើនជាមួយមនុស្សស្មោះត្រង់ និងត្រង់ទៅត្រង់មក ដែលដេញតាមសេចក្ដីពិត ហើយនៅពេលដែលខ្ញុំធ្វើអ្វីមួយខុស និងផ្ទុយពីគោលការណ៍ ខ្ញុំគួរតែបោះបង់ឋានៈ និងអំនួតរបស់ខ្ញុំ ហើយស្តាប់គំនិតរបស់ពួកគេ។ តាមរបៀបនេះ ខ្ញុំអាចជៀសវាងការប្រព្រឹត្តអំពើអាក្រក់បាន។ ខ្ញុំបានគិតថា ទោះបីជាខ្ញុំជាអ្នកដឹកនាំក៏ដោយ ក៏ខ្ញុំនៅតែមិនទាន់យល់ធ្លុះចំពោះបញ្ហាជាច្រើន និងស្ថិតនៅក្រោមការគ្រប់គ្រងនៃនិស្ស័យពុករលួយរបស់ខ្ញុំ ហេតុនេះ ខ្ញុំមិនអាចជៀសផុតពីការបង្កការបង្អាក់ និងការរំខានខ្លះៗនៅក្នុងភារកិច្ចរបស់ខ្ញុំឡើយ។ មានតែការធ្វើការដោយចុះសម្រុងជាមួយអ្នកដទៃ និងការជួយ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំ និងធ្វើការងាររបស់ពួកជំនុំបានល្អ។ បន្ទាប់ពីខ្ញុំយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំបានបើកចំហចំពោះ ឈិន ស៊ឺ និងសុំទោសគាត់ ដោយប្រាប់គាត់ពីរឿងរ៉ាវទាំងមូលអំពីរបៀបដែលខ្ញុំបានវាយប្រហារ និងផាត់គាត់ចេញ។ នៅពេលឮដូច្នោះ គាត់បានប្រកបគ្នាអំពីបទពិសោធផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយខ្ញុំ ដោយការបើកចំហ និងការប្រកបគ្នា យើងអាចបំបាត់ភាពរកាំរកូសរវាងគ្នាបាន។
មានពេលមួយដែលខ្ញុំបានធ្វេសប្រហែសការងារទូទៅ ដោយសារតែខ្ញុំរវល់នឹងការងារផ្សេងទៀត។ បងស្រី យ៉ាង យានអ៊ី ដែលទទួលបន្ទុកកិច្ចការនោះ បាននិយាយរិះគន់ខ្ញុំចំៗដោយមិនសំចៃមាត់ថា «អ្នកមិនបានប្រជុំជាមួយពួកយើងពីរខែហើយ អ្នកមិនបានដោះស្រាយការលំបាកដែលយើងជួបប្រទះនៅក្នុងភារកិច្ចរបស់យើងទេ ហើយជីវិតរបស់យើងបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា អ្នកដឹកនាំនិងអ្នកធ្វើការក្លែងក្លាយ បែងចែកការងារហើយ មិនតាមដាន ចុះតើអ្នកមិនមែនជាអ្នកដឹកនាំក្លែងក្លាយទេឬ?» ពេលឮបងស្រីនិយាយបែបនេះ ខ្ញុំមិនព្រមទទួលយកទេ ហើយបានដោះសារឲ្យខ្លួនឯងថា៖ «ខ្ញុំបានសួរអំពីសភាពរបស់អ្នកដែរក្នុងរយៈពេលពីរខែនេះ គ្រាន់តែមិនសូវញឹកញាប់ប៉ុណ្ណោះ។ ហើយម្យ៉ាងទៀត គឺដោយសារតែខ្ញុំរវល់នឹងការងារផ្សេង។ អ្នកមិនអាចហៅខ្ញុំថាជាអ្នកដឹកនាំក្លែងក្លាយ ដោយសារតែរឿងហ្នឹងបានទេ។ បើអ្នកមានចរិតបែបនេះ តើខ្ញុំហ៊ានតាមដានការងាររបស់អ្នកនៅពេលអនាគតយ៉ាងដូចម្តេច? ប្រសិនបើអ្នកចាប់បានចំណុចខ្វះខាតរបស់ខ្ញុំម្ដងទៀត ហើយទៅរាយការណ៍ប្រាប់អ្នកដឹកនាំថ្នាក់លើថាខ្ញុំជាអ្នកដឹកនាំក្លែងក្លាយ តើខ្ញុំនឹងមិនបាត់បង់ឋានៈរបស់ខ្ញុំទេឬ? មិនបានទេ ខ្ញុំមិនអាចឲ្យអ្នកមើលការខុសត្រូវការងារនៅពេលអនាគតបានទេ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំបាននឹកគិតពីរបៀបដែលខ្ញុំបានវាយប្រហារ និងផាត់ ឈិន ស៊ឺ ចេញកាលពីមុន ហើយឥឡូវនេះ ខ្ញុំមិនចង់ឲ្យ យ៉ានអ៊ី មើលការខុសត្រូវការងារទៀត បន្ទាប់ពីគាត់បានបញ្ចេញមតិអំពីខ្ញុំ។ តើខ្ញុំមិនមែនកំពុងតែវាយប្រហារ និងផាត់អ្នកដែលមានទស្សនៈខុសពីខ្ញុំចេញដដែលទេឬ? ខ្ញុំបាននឹកឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «អ្នកត្រូវតែចូលទៅជិតមនុស្សដែលអាចនិយាយដោយស្មោះត្រង់ប្រាប់អ្នក។ ការមានមនុស្សបែបនេះនៅក្បែរអ្នក គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នក។ ជាពិសេស ការមានមនុស្សល្អបែបនេះនៅជុំវិញអ្នក ដែលនៅពេលពួកគេរកឃើញបញ្ហាជាមួយអ្នក ពួកគេមានភាពក្លាហានក្នុងការស្ដីបន្ទោសអ្នក និងលាតត្រដាងអ្នក នោះអាចការពារអ្នកមិនឱ្យដើរផ្លូវខុសបាន។ ពួកគេមិនខ្វល់ថាអ្នកមានឋានៈអ្វីឡើយ ហើយពេលដែលពួកគេរកឃើញថា អ្នកបានធ្វើរឿងអ្វីមួយផ្ទុយនឹងគោលការណ៍សេចក្ដីពិត ពួកគេនឹងស្ដីបន្ទោស និងលាតត្រដាងអ្នក ប្រសិនបើចាំបាច់។ មានតែមនុស្សបែបនេះទេ ទើបជាមនុស្សទៀងត្រង់ ជាមនុស្សដែលមានស្មារតីយុត្តិធម៌។ មិនថាពួកគេលាតត្រដាង និងស្ដីបន្ទោសអ្នកយ៉ាងណាក៏ដោយ វាសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក ហើយវាសុទ្ធតែជាការមើលការខុសត្រូវលើអ្នក និងជំរុញអ្នកឱ្យឆ្ពោះទៅមុខ។ អ្នកត្រូវតែចូលទៅជិតមនុស្សបែបនេះ។ ដោយមានមនុស្សបែបនេះនៅក្បែរដើម្បីជួយអ្នក នោះអ្នកនឹងមានសុវត្ថិភាពជាងមុនច្រើន នេះហើយជាអត្ថន័យនៃការមានការការពាររបស់ព្រះជាម្ចាស់» («ចំណុចទីបួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ នៅពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏ចាប់ផ្តើមស្ងប់ចិត្តបន្តិចម្ដងៗ។ ខ្ញុំបានពិចារណាយ៉ាងម៉ត់ចត់ថា ទោះបីជា យានអ៊ី បានលួសកាត់ខ្ញុំធ្ងន់ៗក៏ដោយ ក៏គាត់បាននិយាយសេចក្ដីពិតដែរ។ ក្នុងរយៈពេលពីរខែនេះ ខ្ញុំមិនបានយល់ ឬដោះស្រាយសភាព និងបញ្ហារបស់គាត់ឡើយ។ ការចូលទៅក្នុងជីវិតរបស់គាត់ ពិតជាបានរងផលប៉ះពាល់មែន។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ វាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការក្ដាប់ឱ្យបាននូវសភាពរបស់បងប្អូនប្រុសស្រី និងដោះស្រាយការលំបាករបស់ពួកគេក្នុងការចូលទៅក្នុងជីវិត ខ្ញុំមិនអាចគេចវេសពីការទទួលខុសត្រូវរបស់ខ្ញុំបានទេ ទោះបីជាខ្ញុំរវល់យ៉ាងណាក៏ដោយ។ ប៉ុន្តែខ្ញុំមិនបានបង្ហាញការយកចិត្តទុកដាក់ចំពោះយានអ៊ី សោះ។ នៅពេលដែលគាត់ផ្ដល់យោបល់ខ្លះដល់ខ្ញុំ ខ្ញុំបែរជាចង់វាយប្រហារសងសឹកគាត់ទៅវិញ ពីព្រោះខ្ញុំគិតថា គាត់កំពុងបំផ្លាញកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ហើយថាប្រសិនបើគាត់រាយការណ៍ពីខ្ញុំ ខ្ញុំនឹងបាត់បង់ឋានៈរបស់ខ្ញុំ។ ខ្ញុំពិតជាមានចិត្តព្យាបាទមែន! នៅពេលដែល យ៉ាង យានអ៊ី លួសកាត់ខ្ញុំ គាត់កំពុងមើលការខុសត្រូវកិច្ចការរបស់ខ្ញុំ និងអនុវត្តសេចក្ដីពិត។ ប្រសិនបើខ្ញុំវាយប្រហារ និងស្វែងរកការសងសឹកចំពោះគាត់ នោះខ្ញុំនឹងទាស់ទទឹងនឹងសេចក្ដីពិត ហើយកំពុងប្រព្រឹត្តអំពើអាក្រក់ហើយ។ ដោយដឹងពីរឿងនេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំបានដឹងថា ទូលបង្គំមានសារជាតិព្យាបាទ។ ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ទូលបង្គំ ទូលបង្គំចង់វាយប្រហារ និងសងសឹកយានអ៊ី។ នេះគឺជាការធ្វើបាបមនុស្ស។ ឱ ព្រះជាម្ចាស់អើយ ទូលបង្គំលែងចង់ប្រព្រឹត្តតាមនិស្ស័យពុករលួយរបស់ទូលបង្គំទៀតហើយ។ ទូលបង្គំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអនុវត្តសេចក្ដីពិត និងទទួលយកយោបល់របស់ យានអ៊ី»។ ក្រោយពីអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ថាមានកំហុសខ្លាំងណាស់ ហើយចង់សុំទោស ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ គាត់បានសុំទោសខ្ញុំមុន ដោយនិយាយថា គាត់បាននិយាយឆ្គាំឆ្គងបន្តិច និងបាននិយាយដោយនិស្ស័យពុករលួយ។ ខ្ញុំក៏បានសុំទោសគាត់ដែរថា៖ «បងស្រីលួសកាត់ខ្ញុំគឺត្រឹមត្រូវហើយ។ ខ្ញុំពិតជាមិនបានធ្វើកិច្ចការជាក់ស្តែងទេ ហើយខ្ញុំគួរតែឆ្លុះបញ្ចាំងពីរឿងនេះ»។ ខ្ញុំមានអារម្មណ៍ថា ការដែលបងប្អូនប្រុសស្រីលួសកាត់ និងជួយខ្ញុំ គឺដើម្បីឱ្យខ្ញុំដឹងថា ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្តែង។ នេះមកពីព្រះជាម្ចាស់ ហើយជាការការពាររបស់ព្រះអង្គសម្រាប់ខ្ញុំ។ អរព្រះគុណព្រះជាម្ចាស់!
តាមរយៈបទពិសោធទាំងនេះ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ហើយលោភលន់ចង់បានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ និងឋានៈពេក។ នៅពេលប៉ះពាល់ដល់មុខមាត់ និងឋានៈរបស់ខ្ញុំ ខ្ញុំថែមទាំងអាចគាបសង្កត់ និងផាត់មនុស្សចេញទៀតផង។ ខ្ញុំក៏បានដឹងច្បាស់ដែរថា មិនថាយើងជួបស្ថានការណ៍បែបណាក៏ដោយ យើងត្រូវតែផ្តោតលើការឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង និងស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់យើង។ មានតែពេលនោះទេ ទើបយើងអាចជៀសវាងការប្រព្រឹត្តអំពើអាក្រក់ និងការទាស់ទទឹងនឹងព្រះជាម្ចាស់បាន។ អរព្រះគុណព្រះជាម្ចាស់!