១៤. ថ្ងៃមួយដែលមិនអាចបំភ្លេចបាន

ដោយ លី ឈីង មកពីប្រទេសចិន

នៅព្រឹកមួយក្នុងខែធ្នូ ឆ្នាំ ២០១២ នៅម៉ោង ៩ ព្រឹកបន្តិច ពេលខ្ញុំកំពុងផ្សព្វផ្សាយដំណឹងល្អជាមួយបងប្អូនប្រុសស្រីមួយចំនួន ស្រាប់តែមានឡានប៉ូលិសមួយគ្រឿងបើកមកឈប់ពីមុខពួកយើង។ ដោយមិនបានបង្ហាញកាតសម្គាល់អ្វីសោះ ប៉ូលិសម្នាក់បានចាប់មួលដៃខ្ញុំ ហើយរុញខ្ញុំបញ្ចូលទៅក្នុងឡានរបស់គេ។ បងស្រីម្នាក់ និងបងប្រុសម្នាក់ទៀត ក៏ត្រូវបានចាប់ដាក់ចូលក្នុងឡាននោះដែរ។ បេះដូងខ្ញុំលោតញាប់ ហើយខ្ញុំមិនដឹងថាប៉ូលិសបម្រុងនឹងធ្វើអ្វីដាក់ខ្ញុំនោះទេ។ ខ្ញុំបានគិតក្នុងចិត្តថា «ចុះបើខ្ញុំទ្រាំនឹងការធ្វើទារុណកម្មមិនបាន ហើយក្លាយជាយូដាស និងក្បត់ព្រះជាម្ចាស់វិញនោះ?» ខ្ញុំប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ភ្លាម ដោយសុំឱ្យព្រះអង្គការពារចិត្តរបស់ខ្ញុំ និងបានសច្ចាថា ខ្ញុំសុខចិត្តស្លាប់ ជាជាងក្លាយជាយូដាស និងលក់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ក្រោយពីអធិស្ឋានរួច ខ្ញុំមិនសូវភ័យដូចមុនទេ។

នៅពេលដែលយើងទៅដល់ប៉ុស្តិ៍ប៉ូលិស យើងត្រូវបានបំបែកចេញពីគ្នា និងសួរចម្លើយម្នាក់ម្ដងៗ។ ប៉ូលីសម្នាក់បានសួរដេញដោលខ្ញុំយ៉ាងកាចថា «តើនរណាជាអ្នកដឹកនាំរបស់អ្នក? តើអ្នករស់នៅឯណា?» ខ្ញុំបានឆ្លើយថា «ខ្ញុំមិនដឹងថាអ្នកដឹកនាំជានរណាទេ។ ខ្ញុំមិនបានបំពានច្បាប់អ្វីទេ ហេតុអ្វីបានជាចាប់ខ្លួនខ្ញុំ?» ពួកគេបានសើចក្អាកក្អាយ ហើយនិយាយថា «តើអ្នកដឹងអីពីច្បាប់? តើអ្នកមានការអនុញ្ញាតពីរដ្ឋាភិបាលកណ្តាលដើម្បីផ្សាយដំណឹងល្អដែរឬទេ? តើការិយាល័យកិច្ចការសាសនាបានអនុញ្ញាតឱ្យអ្នកដែរឬទេ? អ្នកកំពុងធ្វើការងារផ្សព្វផ្សាយសាសនាខុសច្បាប់ និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ យើងគួរតែបញ្ជូនអ្នកទៅការិយាល័យកិច្ចការសាសនា ហើយឱ្យពួកគេចាត់ការអ្នក!» មន្ត្រីម្នាក់ទៀតបាននិយាយថា «ឱ្យតែអ្នកសហការជាមួយយើង យើងនឹងដោះលែងអ្នកទៅវិញ»។ ខ្ញុំគ្រាន់តែមិនអើពើនឹងពួកគេ។ បន្ទាប់មក មន្ត្រីម្នាក់ដែលឈរនៅមាត់ទ្វារ បានរត់ចូលទៅក្នុងបន្ទប់ ហើយទាត់កំភួនជើងស្តាំរបស់ខ្ញុំយ៉ាងខ្លាំង។ វាឈឺខ្លាំងណាស់ រហូតដល់ខ្ញុំគិតថាឆ្អឹងកំភួនជើងរបស់ខ្ញុំបាក់ទៅហើយ។ គាត់ទាត់ខ្ញុំខ្លាំងរហូតដល់ថ្នាក់គាត់ដួលទៅលើដី ហើយពួកមន្ត្រីផ្សេងទៀតក៏ចាប់ផ្តើមសើច។ គាត់បានក្រោកឈរឡើង ហើយបញ្ចេញកំហឹងដាក់ខ្ញុំ ដោយទះកំផ្លៀងខ្ញុំ។ គាត់វាយខ្ញុំខ្លាំងណាស់ រហូតដល់ខ្ញុំបែកផ្កាភ្លើង ហើយខ្ញុំវិលមុខខ្លាំងណាស់ស្ទើរតែដួល។ មួយសន្ទុះក្រោយមក មុខចំហៀងខាងស្តាំរបស់ខ្ញុំក៏ចាប់ផ្តើមហើម។ បន្ទាប់មក គាត់បានទាត់កំភួនជើងស្តាំរបស់ខ្ញុំយ៉ាងខ្លាំង ដែលធ្វើឱ្យខ្ញុំដួលខ្ទាតទៅជ្រុងនៃបន្ទប់។ បន្ទាប់មក គាត់បម្រុងនឹងទាត់ចង្កេះរបស់ខ្ញុំយ៉ាងកម្រោល។ ខ្ញុំភ័យខ្លាចខ្លាំងណាស់។ ចុះបើគាត់ទាត់ខ្ញុំ ហើយធ្វើឱ្យចង្កេះរបស់ខ្ញុំរបួសវិញនោះ? ខ្ញុំក៏ចាប់ផ្តើមយំ។ ពេលនោះ មន្ត្រីផ្សេងទៀតពីរបីនាក់បានឃាត់គាត់។ មន្ត្រីម្នាក់ទៀតបាននិយាយមកកាន់ខ្ញុំដោយសម្លេងទន់ភ្លន់ជាងមុនថា មន្ត្រីម្នាក់ទៀតបាននិយាយមកកាន់ខ្ញុំក្នុងសម្ដីទន់ភ្លន់ជាងមុនថា «ស្តាប់ណា ប្អូនស្រី យើងមិនចង់ធ្វើបាបប្អូនបែបនេះទេ។ អ្វីដែលប្អូនត្រូវធ្វើគឺគ្រាន់តែប្រាប់អាសយដ្ឋានរបស់ប្អូនមកយើង ហើយយើងនឹងដោះលែងប្អូនឱ្យមានសេរីភាពវិញ»។ ខ្ញុំបានគិតក្នុងចិត្តថា «ឪពុកម្ដាយរបស់ខ្ញុំទាំងពីរនាក់ជឿលើព្រះជាម្ចាស់ ហើយកំពុងបំពេញភារកិច្ច។ ប្រសិនបើខ្ញុំប្រាប់អាសយដ្ឋានរបស់ខ្ញុំទៅកាន់ពួកគេ ឪពុកម្ដាយរបស់ខ្ញុំក៏នឹងជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ។ ប្រសិនបើចៃដន្យមានបងប្អូនប្រុសស្រីកំពុងជួបជុំនៅផ្ទះរបស់ខ្ញុំ ហើយត្រូវបានចាប់ខ្លួនទាំងអស់គ្នា នោះខ្ញុំនឹងប្រព្រឹត្តអំពើអាក្រក់ហើយ»។ ដូច្នេះ ខ្ញុំមិនបាននិយាយអ្វីទេ។ បន្ទាប់មក មន្ត្រីម្នាក់បានប្រាប់អ្នកផ្សេងទៀតឱ្យចេញទៅក្រៅ ព្រោះគាត់ចង់និយាយជាមួយខ្ញុំតែម្នាក់ឯង។ គាត់បានសួរខ្ញុំថា «តើអ្នកចង់ចេញពីទីនេះទេ? បើចង់ គ្រាន់តែប្រាប់អាសយដ្ឋានរបស់អ្នកមកយើង។ ឬអ្នកអាចសហការជាមួយយើង ហើយធ្វើជាអ្នកផ្តល់ព័ត៌មានរបស់យើង។ ជ្រៀតចូលទៅក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់នៃពួកជំនុំឱ្យយើង ហើយយើងនឹងធ្វើការជាមួយគ្នា។ ឱ្យតែអ្នកយល់ព្រម យើងនឹងដោះលែងអ្នកទៅវិញ»។ នៅពេលដែលគាត់ឃើញថាខ្ញុំមិនអើពើនឹងគាត់ គាត់ហាក់ដូចជានឹកឃើញគំនិតមួយទៀត ហើយនិយាយថា «ឥឡូវនេះ មានតែយើងពីរនាក់ទេនៅទីនេះ។ ខ្ញុំដឹងថា អ្នកប្រហែលជាមិនអាចចង្អុលបង្ហាញសមាជិកផ្សេងទៀតនៅចំពោះមុខពួកគេទេ ដូច្នេះខ្ញុំអាចលាក់អត្តសញ្ញាណរបស់អ្នកបាន។ យើងនឹងជិះឡានរបស់ខ្ញុំចេញទៅក្រៅ ប្អូនអាចអង្គុយនៅក្នុងឡាន ហើយប្អូនគ្រាន់តែ ចង្អុលម្រាមដៃទៅកាន់បងប្អូនប្រុសស្រីណាម្នាក់របស់អ្នកប៉ុណ្ណោះ។ ឱ្យតែប្អូនបង្ហាញសមាជិកម្នាក់ទៀតដើម្បីជំនួសប្អូន យើងនឹងដោះលែងប្អូនទៅវិញ។ តើអ្នកយល់យ៉ាងណាដែរ?» ដោយឃើញមុខដ៏អាក្រក់របស់មន្ត្រីនោះ ខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមណាស់។ ខ្ញុំបានគិតក្នុងចិត្តថា «វាប្រហែលជាមានតែយើងពីរនាក់នៅទីនេះ ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ពិនិត្យពិច័យអ្វីៗទាំងអស់។ អ្នកអាចបោកបញ្ឆោតមនុស្សផ្សេងទៀតបាន ប៉ុន្តែអ្នកមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ បើអ្នកគិតថាខ្ញុំនឹងក្លាយជាអ្នកផ្តល់ព័ត៌មាន លក់បងប្អូនប្រុសស្រីរបស់ខ្ញុំ និងក្បត់ព្រះជាម្ចាស់ អ្នកកុំសង្ឃឹមឱ្យសោះ!» ខ្ញុំបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា «ខ្ញុំមិនស្គាល់នរណាទេ!» បន្ទាប់មក គាត់បានគំរាមខ្ញុំថា «តើអ្នកកំពុងព្យាយាមការពារនរណាម្នាក់មែនទេ? តើឪពុកម្ដាយរបស់អ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? ពួកមនុស្សដែលត្រូវបានចាប់ខ្លួនជាមួយអ្នក បានប្រាប់យើងគ្រប់យ៉ាងអំពីអ្នកអស់ហើយ។ យើងដឹងអ្វីៗគ្រប់យ៉ាងដែលយើងត្រូវដឹងអំពីអ្នក។ ខ្ញុំកំពុងផ្តល់ឱកាសឱ្យអ្នកនៅទីនេះ ដើម្បីសារភាពការពិត។ ប្រសិនបើអ្នកមិនប្រាប់អ្វីដល់យើងទេ អ្នកនឹងរស់នៅមិនបានស្រួលទេពេលនៅក្នុងគុក»។ ពួកគេនឹងបង្ខំឱ្យអ្នកផឹកទឹកម្ទេស គាបម្រាមដៃរបស់អ្នកនឹងបន្ទះឫស្សី ដោតម្ជុលចូលក្រោមក្រចកដៃ យកឫស្សីស្រួចៗចាក់ចូលត្រចៀក និងប្រាប់ឱ្យអ្នកទោសផ្សេងទៀតធ្វើបាបអ្នក។ វានឹងដូចធ្លាក់នរកទាំងរស់អញ្ចឹង!» ការរៀបរាប់របស់គាត់បានធ្វើឱ្យខ្ញុំព្រឺឆ្អឹងខ្នង ហើយខ្ញុំតក់ស្លុតយ៉ាងខ្លាំង។ ខ្ញុំបានគិតក្នុងចិត្តថា «តើពួកគេពិតជាបានលក់ខ្ញុំមែនទេ? ប្រសិនបើប៉ូលិសពិតជាយកឫស្សីស្រួចៗចាក់ចូលក្នុងត្រចៀកខ្ញុំមែន តើខ្ញុំនឹងមិនថ្លង់ទេឬ? ការគាបម្រាមដៃនឹងបន្ទះឫស្សី ការដោតម្ជុលចូលក្រោមក្រចកដៃ ម្រាមដៃគឺឆាប់ដឹងការឈឺចាប់ណាស់ វាប្រាកដជាឈឺចាប់ខ្លាំងមិនខាន! ប្រសិនបើពួកគេបញ្ជូនខ្ញុំទៅគុក ហើយធ្វើទារុណកម្មខ្ញុំ តើក្មេងស្រីតូចស្គមស្គាំងដូចខ្ញុំ អាចទ្រាំទ្រនឹងរឿងទាំងអស់នោះបានទេ? ឬមួយក៏ខ្ញុំនឹងស្លាប់នៅក្នុងនោះ? ខ្ញុំទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ហើយជីវិតរបស់ខ្ញុំទើបតែចាប់ផ្តើម។ ខ្ញុំមិនទាន់ចង់ស្លាប់ទេ! ប្រហែលជាខ្ញុំអាចប្រាប់រឿងដែលមិនសូវសំខាន់ខ្លះៗ ដើម្បីឱ្យពួកគេអស់ចិត្ត»។ គិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយដឹងច្បាស់នៅក្នុងចិត្តថា «ការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ គឺជាការល្បងលសម្រាប់ខ្ញុំ។ ប្រសិនបើខ្ញុំប្រាប់ពួកគេតែបន្តិច ពួកគេប្រាកដជានឹងសួរដេញដោលបន្ថែមទៀត។ បើពួកគេឃោរឃៅដាក់ក្មេងស្រីតូចដូចខ្ញុំដល់ថ្នាក់នេះ មិនដឹងថាពួកគេនឹងឃោរឃៅដាក់បងប្អូនប្រុសស្រីរបស់ខ្ញុំខ្លាំងប៉ុណ្ណាទេ! ខ្ញុំមិនអាចក្បត់មនសិការរបស់ខ្ញុំ ហើយគិតតែពីខ្លួនឯងបានទេ។ ខ្ញុំមិនអាចក្លាយជាអ្នកបម្រើសាតាំង និងក្បត់ព្រះជាម្ចាស់ឡើយ។ ទោះបីជាបងប្អូនប្រុសស្រីផ្សេងទៀតបានលក់ខ្ញុំឬអត់ក៏ដោយ ក៏ខ្ញុំត្រូវតែឈរឱ្យរឹងមាំដែរ។ ទោះបីជាត្រូវជាប់គុក និងរងទារុណកម្មក៏ដោយ ក៏ខ្ញុំមិនអាចក្បត់ព្រះជាម្ចាស់បានដែរ»។

បន្ទាប់ពីនោះ មិនថាពួកគេសួរចម្លើយខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំតែងតែនិយាយថាខ្ញុំមិនដឹង។ មន្ត្រីម្នាក់បានខឹងយ៉ាងខ្លាំង រហូតដល់គាត់ទះតុ ហើយស្រែកថា «សង្ស័យតែយើងត្រូវប្រើធម៌ក្តៅហើយមើលទៅ!» បន្ទាប់មក មន្ត្រីម្នាក់ទៀតបានដាក់ខ្នោះដៃខ្ញុំ ចាប់សក់របស់ខ្ញុំ ហើយកន្ត្រាក់ទៅក្រោយយ៉ាងខ្លាំង។ បន្ទាប់មក មន្ត្រីបីឬបួននាក់ទៀតបានចូលមកព្រួតគ្នា ដាល់ និងទាត់ខ្ញុំ។ ពួកគេទាត់កំភួនជើងរបស់ខ្ញុំជាពិសេស ហើយដាល់ក្បាល ពោះ និងចង្កេះរបស់ខ្ញុំ។ មន្ត្រីម្នាក់បានដាល់ពោះខ្ញុំយ៉ាងខ្លាំង រហូតដល់ខ្ញុំរួញខ្លួននៅជ្រុងនៃបន្ទប់ ហើយចាប់ផ្តើមយំ។ មន្ត្រីម្នាក់បានសួរខ្ញុំថា «យ៉ាងម៉េច ព្រមនិយាយហើយឬនៅ?» ខ្ញុំបានសម្លក់គាត់។ មន្ត្រីម្នាក់ទៀតបានចាប់កអាវខ្ញុំលើកឡើង បោកក្បាលខ្ញុំទៅនឹងជញ្ជាំង និងទូដែក ហើយច្របាច់កខ្ញុំ។ វាឈឺខ្លាំងណាស់ រហូតដល់ខ្ញុំស្ទើរតែដកដង្ហើមមិនរួច។ ទាល់តែខ្ញុំមើលទៅហាក់ដូចជាជិតដាច់ខ្យល់ ទើបមន្ត្រីនៅក្បែរខ្ញុំប្រាប់គាត់ឱ្យឈប់។ ខ្ញុំបានដួលទៅលើឥដ្ឋ ទាំងដកដង្ហើមញាប់ៗ។ ខ្ញុំបានគិតអំពីរបៀបដែលពួកប៉ូលិសមិនហ៊ានតាមចាប់ពួកមនុស្សអាក្រក់នៅក្នុងសង្គមរបស់យើង ប៉ុន្តែចំពោះពួកយើងជាអ្នកជឿវិញ ពួកគេធ្វើទារុណកម្ម វាយដំ និងថែមទាំងសម្លាប់យើងដោយគ្មានញញើតដៃ។ ខ្ញុំបានស្រែកនៅក្នុងចិត្តថា «តើមានយុត្តិធម៌ទេនៅក្នុងពិភពលោកនេះ? តើពួកគេហៅខ្លួនឯងថា “ប៉ូលិសប្រជាជន” យ៉ាងដូចម្តេចកើត?» ពេលនោះ ខ្ញុំបាននឹកឃើញទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយដែលមានចំណងជើងថា «អ្នកដែលនៅក្នុងសេចក្ដីងងឹតគួរតែងើបឡើង»៖

១  អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិចនិងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន គ្មានមេត្តានិងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឱ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។ តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់?

២  ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាអ្នកបដិសេធការយាងមកដល់របស់ព្រះជាម្ចាស់? ហេតុអ្វីបានជាអ្នកគ្មានមនសិការបែបនេះ? តើអ្នករាល់គ្នាសុខចិត្តទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះឬ?

............

(ដកស្រង់ពី «កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កាលពីមុន ខ្ញុំមិនមានការវែកញែកដាច់ស្រឡះណាមួយចំពោះបក្សកុម្មុយនីស្តចិនទេ។ នៅក្នុងសៀវភៅសិក្សារបស់ពួកគេ បក្សកុម្មុយនីស្តចិនបានអះអាងថាគាំទ្រសេរីភាពសាសនា ដូច្នេះ ខ្ញុំបានជឿពួកគេដោយគ្មានការសង្ស័យ ហើយថែមទាំងច្រៀងសរសើរពួកគេទៀតផង។ ទាល់តែត្រូវបានបក្សកុម្មុយនីស្តចិនធ្វើទុក្ខបុកម្នេញ ទើបខ្ញុំបានឃើញមុខមាត់ពិតរបស់ពួកគេ។ បក្សកុម្មុយនីស្តចិនអះអាងថាពួកគេគាំទ្រសេរីភាពសាសនា ដើម្បីបោកបញ្ឆោតប្រជាជន ប៉ុន្តែតាមពិតទៅ ពួកគេកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងកម្រោល និងធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកដើម្បីសម្ដែងចេញសេចក្ដីពិត និងសង្រ្គោះមនុស្សជាតិពីសេចក្ដីពុករលួយ និងការធ្វើទារុណកម្មរបស់សាតាំង ពីឥទ្ធិពលងងឹតរបស់សាតាំង និងដឹកនាំយើងទៅកាន់ផ្លូវដ៏ត្រឹមត្រូវនៃជីវិត។ នេះគឺជារឿងដ៏អស្ចារ្យ ប៉ុន្តែបក្សកុម្មុយនីស្តចិនធ្វើទុក្ខបុកម្នេញយើង និងបញ្ជាឱ្យមន្ត្រីចាប់ខ្លួន និងធ្វើបាបអ្នកជឿលើព្រះជាម្ចាស់ជាពិសេស។ បក្សកុម្មុយនីស្តចិនពិតជាអាក្រក់ណាស់! វាគឺជាបិសាចដែលស្អប់ព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់!

បន្ទាប់មក ពួកគេបានដាក់ខ្នោះដៃខ្ញុំរយៈពេលកន្លះម៉ោង ដោយកាច់ដៃស្តាំរបស់ខ្ញុំទៅក្រោយស្មា និងទាញដៃឆ្វេងរបស់ខ្ញុំឡើងពីក្រោយខ្នង ហើយបង្ខំឱ្យខ្ញុំឈរជំហរសេះ និងបញ្ជាឱ្យខ្ញុំលុតជង្គង់នៅចំពោះមុខពួកគេ។ នៅពេលដែលខ្ញុំមិនលុតជង្គង់ មន្ត្រីពីរនាក់បានចាប់ដៃខ្ញុំ ហើយមន្ត្រីទីបីបានយកជង្គង់របស់គាត់មកសង្កត់ជើងខ្ញុំ បង្ខំឱ្យខ្ញុំលុតជង្គង់ចុះ។ ខ្ញុំត្រូវបានគេធ្វើទារុណកម្មរហូតដល់អស់កម្លាំង ហើយលុតជង្គង់នៅលើដីបែរមុខទៅរកជញ្ជាំង។ ខ្ញុំបានគិតថា ពួកគេនឹងមិនដោះលែងខ្ញុំដោយងាយទេ ប្រសិនបើពួកគេមិន ទទួលបានព័ត៌មានខ្លះអំពីពួកជំនុំពីខ្ញុំ។ ខ្ញុំទើបតែនៅក្នុងនោះបានពីរម៉ោងប៉ុណ្ណោះ ហើយខ្ញុំត្រូវបានគេធ្វើទារុណកម្មរហូតដល់អស់កម្លាំង និងឈឺចាប់ពេញរាងកាយទៅហើយ។ ខ្ញុំឆ្ងល់ថា តើនៅមានទារុណកម្មប៉ុន្មានទៀតរង់ចាំខ្ញុំ ហើយតើខ្ញុំអាចទ្រាំទ្របានដែរឬទេ។ ខ្ញុំមានអារម្មណ៍ដូចជាកូនចៀមតូចមួយ ដែលស្រាប់តែជួបហ្វូងឆ្កែចចក ហើយអាចនឹងត្រូវគេត្របាក់ស៊ីនៅពេលណាមួយ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងភ័យខ្លាចខ្លាំងណាស់។ ខ្ញុំចេះតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមានអារម្មណ៍ទន់ខ្សោយខ្លាំងណាស់នៅក្នុងចិត្ត។ ទូលបង្គំមិនដឹងថានឹងអាចទ្រាំទ្របានយូរប៉ុណ្ណាទៀតទេ។ ឱ ព្រះជាម្ចាស់អើយ ស្ថានការណ៍នេះកើតឡើងដោយមានការអនុញ្ញាតពីព្រះអង្គ ប៉ុន្តែទូលបង្គំមិនយល់ថា បំណងព្រះហឫទ័យ របស់ព្រះអង្គជាអ្វីទេ។ សូមណែនាំទូលបង្គំផង»។ ភ្លាមនោះ ខ្ញុំស្រាប់តែនឹកឃើញឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «គឺមានតែពេលដែលអ្នកមានសេចក្ដីជំនឿប៉ុណ្ណោះដែលអ្នកនឹងអាចមើលឃើញព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកមានសេចក្ដីជំនឿ ព្រះជាម្ចាស់នឹងប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ភ្លាមនោះ ខ្ញុំក៏បានយល់ច្បាស់អ្វីៗទាំងអស់។ ព្រះជាម្ចាស់សង្ឃឹមថា ខ្ញុំនឹងរក្សាជំនឿលើព្រះអង្គ ខណៈពេលដែលកំពុងឆ្លងកាត់ការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនា។ ខ្ញុំបានច្រៀងទំនុកបរិសុទ្ធមួយបទដែលមានចំណងជើងថា «ការល្បងលទាមទារនូវជំនឿ» នៅក្នុងចិត្ត៖

១  នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សប្រែជាទន់ខ្សោយ អវិជ្ជមាននៅក្នុងខ្លួន មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះភាពច្បាស់លាស់អំពីផ្លូវនៃការអនុវត្ត។ ប៉ុន្តែទោះជាករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយដូចជាយ៉ូបដែរ អ្នកមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ។ ទោះបីជាយ៉ូបទន់ខ្សោយ និងពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានបដិសេធទេថា គ្រប់យ៉ាងដែលមនុស្សមានបន្ទាប់ពីពួកគេកើតមក គឺព្រះយេហូវ៉ាជាអ្នកប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ជាព្រះដែលដកយករបស់ទាំងនោះទៅវិញដែរ។ មិនថាគាត់ត្រូវបានដាក់ឱ្យឆ្លងកាត់ការល្បងលបែបណាទេ គាត់នៅតែរក្សាជំនឿនេះដដែល។

២  នៅក្នុងបទពិសោធរបស់អ្នក មិនថាអ្នកឆ្លងកាត់ការបន្សុទ្ធតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបណានោះទេ ជារួម អ្វីដែលព្រះជាម្ចាស់ចង់បាន គឺជាសេចក្តីជំនឿរបស់អ្នក និងចិត្តស្រឡាញ់ព្រះជាម្ចាស់។ អ្វីដែលទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍តាមរយៈការធ្វើកិច្ចការរបៀបនេះ គឺសេចក្ដីជំនឿ សេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការនៃការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ ហើយពួកគេមើលមិនឃើញកិច្ចការនេះទេ ក៏មិនអាចប៉ះពាល់កិច្ចការនេះបានដែរ។ ក្នុងកាលៈទេសៈបែបនេះ តម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន នោះតម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្នកមិនអាចលះបង់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបានទេ នោះតម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្វីដែលត្រូវការចាំបាច់ គឺឱ្យអ្នកមានសេចក្ដីជំនឿ ប្រកាន់ជំហររឹងមាំ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ និងមានព្រះបន្ទូលទៅកាន់គាត់។ គឺមានតែពេលដែលអ្នកមានសេចក្ដីជំនឿប៉ុណ្ណោះ ដែលអ្នកនឹងអាចមើលឃើញព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកមានសេចក្ដីជំនឿ ព្រះជាម្ចាស់នឹងប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។

(ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់ពីច្រៀងទំនុកបរិសុទ្ធនៅក្នុងចិត្តចប់ ទឹកភ្នែកបានហូរស្រោចពេញមុខរបស់ខ្ញុំ។ ខ្ញុំបានគិតអំពីរបៀបដែលយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ ដោយបាត់បង់កូនៗ និងទ្រព្យសម្បត្តិទាំងអស់ ហើយកើតបូសពេញរាងកាយរបស់គាត់ ហើយគាត់បានរងទុក្ខយ៉ាងខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ នៅពេលប្រឈមមុខនឹងការល្បងលនេះ ដំបូងឡើយយ៉ូបមិនច្បាស់អំពី បំណងព្រះហឫទ័យ របស់ព្រះជាម្ចាស់ទេ ហើយគាត់មានអារម្មណ៍ឈឺចាប់ និងពិបាកចិត្តខ្លាំងណាស់ ប៉ុន្តែគាត់មានចិត្តកោតខ្លាចព្រះជាម្ចាស់។ គាត់មិនបានដេញតាមពួកចោរ ឬត្អូញត្អែរឡើយ។ គាត់បានមកចំពោះព្រះជាម្ចាស់ជាមុនសិន ដោយអធិស្ឋាន និងស្វែងរកព្រះអង្គ។ ទីបំផុត គាត់បាននិយាយថា៖ «យេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ ដោយបានធ្វើទីបន្ទាល់ដ៏រំពង។ តាមរយៈរឿងនេះ ខ្ញុំបានដឹងច្បាស់ពី បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់កំពុងប្រើស្ថានការណ៍ទាំងនេះ ដើម្បីធ្វើឱ្យជំនឿរបស់ខ្ញុំបានគ្រប់លក្ខណ៍។ ខ្ញុំគួរតែរៀនសូត្រពីរឿងរបស់យ៉ូប ហើយមានជំនឿលើព្រះជាម្ចាស់ អធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងពឹងអាស្រ័យលើព្រះអង្គ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ។

បន្ទាប់ពីឱ្យខ្ញុំលុតជង្គង់ជាង 10 នាទី ប៉ូលិសបានបញ្ជាឱ្យខ្ញុំក្រោកឈរឡើង។ មន្ត្រីខ្ពស់ម្នាក់បានចាប់សក់ខ្ញុំ ហើយកន្ត្រាក់ក្បាលខ្ញុំឡើងលើ ធ្វើឱ្យជើងរបស់ខ្ញុំផុតពីដី ដោយនៅសល់តែចុងម្រាមជើងប៉ុណ្ណោះដែលប៉ះដី។ ការឈឺចាប់នោះ ហាក់ដូចជាស្បែកក្បាលរបស់ខ្ញុំត្រូវបានគេហែកចេញពីក្បាលអញ្ចឹង។ បន្ទាប់មក គាត់ចាប់ផ្តើមយកស្បែកជើងរបស់គាត់មកឈូស និងកិនម្រាមជើងឆ្វេងរបស់ខ្ញុំ និងជាន់ខ្នងជើងរបស់ខ្ញុំដោយទម្ងន់ខ្លួនទាំងអស់របស់គាត់។ វាឈឺខ្លាំងណាស់ រហូតដល់ខ្ញុំគិតថាឆ្អឹងជើងរបស់ខ្ញុំប្រហែលជាបាក់ហើយ ដូច្នេះខ្ញុំក៏រុញគាត់ចេញ។ គាត់ឃើញថាខ្ញុំឈឺខ្លាំងប៉ុណ្ណា គាត់ក៏ជាន់ខ្នងជើងរបស់ខ្ញុំម្ដងទៀត។ ជើងរបស់ខ្ញុំចាប់ផ្តើមញ័រ ហើយខ្ញុំក៏អង្គុយចុះ ដោយឯកឯង ប៉ុន្តែគាត់បានទាញខ្ញុំឱ្យក្រោកឡើងវិញ ដាក់ដៃខ្ញុំផ្អែកនឹងជញ្ជាំង ហើយបន្តជាន់ជើងរបស់ខ្ញុំទៀត។ នោះគឺជាលើកទីមួយហើយ ដែលខ្ញុំគិតថា ខ្ញុំសុខចិត្តស្លាប់ ជាជាងទ្រាំនឹងការឈឺចាប់នេះ។ ទាល់តែជើងឆ្វេងរបស់ខ្ញុំលាន់សូរ «ក្រឹប» ទើបគាត់ឈប់។ ខ្ញុំគិតថាឆ្អឹងជើងរបស់ខ្ញុំបាក់ហើយ ប៉ុន្តែតាមពិតទៅ វាអត់អីទេ។ ខ្ញុំដឹងថា ព្រះជាម្ចាស់កំពុងថែរក្សា និងការពារខ្ញុំ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់អស់ពីដួងចិត្ត។ បន្ទាប់មក មានមន្ត្រីម្នាក់ដែលមើលទៅមានអាយុជាង 20 ឆ្នាំ បានចូលមក ហើយសួរខ្ញុំក្នុងសមដីចែចង់ថា «អូនអាយុប៉ុន្មានហើយ? មានសង្សារនៅ? បើមិនចង់និយាយក៏មិនអីដែរ។ ប៉ុន្តែបើអូនឆាប់និយាយ យើងនឹងឆាប់ដោះលែងអូន។ ហើយនៅពេលយប់ បងនឹងមកលេងអូន»។ បន្ទាប់មក គាត់បានចូលមកកៀកខ្ញុំ ហើយនិយាយថា «តើអូនគិតថាប្រុសនិងស្រីនឹងធ្វើអ្វីខ្លះ នៅពេលនៅតែពីរនាក់ក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំ?» គាត់បាននិយាយរឿងអាសអាភាស និងមិនសមរម្យជាច្រើនទៀតដាក់ខ្ញុំ។ បន្ទាប់មក មន្ត្រីស្រីម្នាក់បានចូលមក ហើយនិយាយទាំងញញឹមបែបពិសពុលថា «បើវាមិននិយាយទេ ចាប់ស្រាតខោអាវវាចេញទាំងអស់ទៅ ហើយឱ្យវាឈរអាក្រាតកាយនៅផ្លូវបំបែកដែលមានមនុស្សកុះករ ដោយព្យួរស្លាកនៅក ឱ្យអ្នករាល់គ្នាមើលវា។ រួចបង្ហោះរូបអាក្រាតរបស់វានៅលើអ៊ីនធឺណិត ចាំមើលថាតើវានៅហ៊ានចេញក្រៅទៀតអត់។ វានឹងអាម៉ាស់អស់មួយជីវិត!» និយាយបណ្តើរ គាត់បានដោះខ្នោះដៃខ្ញុំ ហើយចាប់ផ្តើមដោះអាវរងាខ្ញុំចេញ។ ខ្ញុំភ័យខ្លាចខ្លាំងណាស់។ ខ្ញុំគិតថាគាត់ប្រហែលជាមានចិត្តអាណិតខ្ញុំខ្លះ ក្នុងនាមជាស្រីដូចគ្នា ប៉ុន្តែតាមពិតទៅ គាត់ក៏អាក្រក់ដូចពួកមន្ត្រីប្រុសៗដែរ។ មន្ត្រីប្រុសម្នាក់ទៀតបានចាប់ផ្តើមយកដៃមកស្ទាបអង្អែលចង្កេះខ្ញុំ ហើយនិយាយថា «រាងរបស់អូនស្អាតគ្រាន់បើ»។ មន្ត្រីផ្សេងទៀតបានផ្ទុះសំណើចយ៉ាងអាសអាភាស។ សំឡេងសើចរបស់ពួកគេ ហាក់ដូចជាចេញមកពីនរកអញ្ចឹង។ ខ្ញុំភ័យខ្លាចរហូតដល់ចង់យំ ដោយគិតថា «គ្មានអ្វីដែលមន្ត្រីទាំងនេះមិនហ៊ានធ្វើនោះទេ។ ប្រសិនបើពួកគេពិតជាចាប់ស្រាតខោអាវខ្ញុំអស់មែន តើខ្ញុំអាចរស់នៅទាំងអាម៉ាស់បែបនេះយ៉ាងដូចម្តេច? សុខចិត្តស្លាប់ ប្រសើរជាងរស់នៅក្នុងភាពអាម៉ាស់មុខបែបនេះ»។ ខ្ញុំបានឃើញថាគ្មានចម្រឹងនៅបង្អួចខាងមុខតុទេ ហើយខ្ញុំក៏បានគិតចង់លោតចេញតាមបង្អួចនោះ។ ពេលពួកគេឃើញថាខ្ញុំគិតចង់លោតចេញ ពួកគេក៏ចាក់សោបង្អួច ដូច្នេះ ខ្ញុំបានបោកក្បាលនឹងជញ្ជាំងអស់ទំហឹង។ មន្ត្រីម្នាក់បានសង្កត់ខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឱ្យខ្ញុំកម្រើកបាន។ គាត់ស្រែកទាំងកំហឹងថា «នាងចង់ងាប់មែនទេ? យើងមិនឱ្យនាងងាប់ស្រួលៗទេ។ យើងនឹងធ្វើឱ្យនាងរស់ពិបាកជាងងាប់ទៅទៀត!» ខ្ញុំចង់ស្លាប់ ប៉ុន្តែពួកគេមិនឱ្យខ្ញុំស្លាប់។ ខ្ញុំឈឺចាប់វេទនាខ្លាំងណាស់។ ពេលនោះ ខ្ញុំបាននឹកឃើញទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយដែលមានចំណងជើងថា «ចូរស្វះស្វែងស្រលាញ់ព្រះជាម្ចាស់ មិនថាអ្នកមានទុក្ខលំបាកខ្លាំងប៉ុនណានោះទេ»៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង់ឱ្យខ្ញុំរស់នៅ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះអង្គ។ ការចង់ស្លាប់ក្រោយពីរងទុក្ខបន្តិចបន្តួច មិនមែនជាចរិតរបស់មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ឡើយ។ នេះគឺជាទង្វើរបស់មនុស្សកំសាក និងអសារឥតការ។ ខ្ញុំត្រូវតែបន្តរស់នៅ! ប្រសិនបើពួកគេពិតជាដោះខោអាវខ្ញុំអស់ ហើយយកខ្ញុំទៅបង្ហាញមែន នេះគឺជាភស្តុតាងនៃការធ្វើទុក្ខបុកម្នេញរបស់ពួកគេចំពោះគ្រីស្ទបរិស័ទ។ ក្រោយពីគិតដល់ចំណុចនេះ ខ្ញុំលែងចង់ស្លាប់ទៀតហើយ។ បន្ទាប់មក មន្ត្រីម្នាក់ត្រកូល សៀ បានសម្លឹងមើលមកខ្ញុំដោយក្រសែភ្នែកល្មោភកាម ហើយនិយាយថា «អូនមើលទៅស្អាតបាតគ្រាន់បើ។ ទើបតែអាយុ 20 ឆ្នាំហ្អេ៎? អូនមិនទាន់មានសង្សារទេមែនទេ? បងចង់ដឹងណាស់ថា តើអូននៅបរិសុទ្ធឬអត់»។ និយាយបណ្តើរ គាត់បានចូលមកជិតខ្ញុំ ហើយយកខ្លួនមកកៀកនឹងខ្ញុំ ព្រមទាំងយកដៃមកប៉ះមុខ និងចង្កាខ្ញុំ។ ខ្ញុំភ័យខ្លាច ហើយរុញគាត់ចេញ។ គាត់បានថយក្រោយទាំងច្រងាប់ច្រងិលហើយបុកនឹងគែមតុ រួចក៏ខឹង ហើយស្ទុះមករកខ្ញុំ ដោយចាប់ដៃខ្ញុំផ្អឹបជាប់នឹងជញ្ជាំង។ គាត់បានថើបមុខ និងករបស់ខ្ញុំ។ ខ្ញុំខ្ពើមរអើមខ្លាំងណាស់ រហូតដល់ខ្ញុំស្រែកឡើង។ មន្ត្រីពីរបីនាក់ដែលកំពុងឈរមើល បានផ្ទុះសំណើចក្អាកក្អាយ។ ដើម្បីការពារខ្លួនកុំឱ្យគេរំលោភបំពាន ខ្ញុំបានទាត់គាត់ ហើយមិនឱ្យគាត់ចូលជិតឡើយ។ មន្ត្រីម្នាក់ទៀតបានយកកាមេរ៉ារបស់គេមកថតខ្ញុំ។ គាត់និយាយថា «នាងហ៊ានវាយមន្ត្រីផងហ្អេ៎!» គាត់ធ្វើឱ្យខ្ញុំក្ដៅក្រហាយខ្លាំងណាស់ ពួកគេនាំគ្នាព្រួតធ្វើបាបខ្ញុំ ប៉ុន្តែពួកគេបែរជាចោទប្រកាន់ថាខ្ញុំវាយពួកគេទៅវិញ? តើនេះមិនមែនជាការក្រឡាស់សជាខ្មៅទេឬ? ប៉ុន្តែខ្ញុំក៏បានគិតដែរថា «បើខ្ញុំតដៃ ហើយពួកគេថតរូប ពួកគេអាចបង្ហោះរូបនោះនៅលើអ៊ីនធឺណិត ហើយប្រើវាដើម្បីបង្ខូចឈ្មោះ និងទម្លាក់កំហុសដាក់ពួកជំនុំ។ តើការនេះនឹងមិននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់ទេឬ?» ខ្ញុំមិនចង់ឱ្យពួកគេមានលេសចោទប្រកាន់ពួកជំនុំទេ ដូច្នេះខ្ញុំត្រូវសង្កត់ចិត្តលេបទឹកភ្នែក ហើយទ្រាំនឹងការបៀតបៀនរបស់ពួកគេដោយស្ងៀមស្ងាត់។ ទីបំផុត ពួកគេមិនបានរូបថតដែលពួកគេចង់បានទេ ដូច្នេះពួកគេក៏ចាកចេញទៅ។

មន្ត្រីត្រកូល សៀ បានឱ្យមន្ត្រីប្រុសម្នាក់ទៀតដាក់ខ្នោះដៃខ្ញុំ ហើយផ្អឹបដៃខ្ញុំជាប់នឹងជញ្ជាំង។ គាត់បានជាន់ពីលើជើងខ្ញុំ រូតអាវរងាខ្ញុំចុះ ហើយចាប់ផ្តើមស្ទាបអង្អែលពាសពេញខ្នង និងចង្កេះរបស់ខ្ញុំ។ ដៃ និងជើងរបស់ខ្ញុំត្រូវបានសង្កត់ជាប់ទាំងអស់ ដូច្នេះខ្ញុំគ្មានផ្លូវតដៃបានឡើយ។ ខ្ញុំតូចចិត្តខ្លាំងណាស់ រហូតដល់ខ្ញុំចាប់ផ្តើមយំខ្សឹកខ្សួល។ ទាល់តែសង្សាររបស់មន្ត្រីត្រកូល សៀ ចូលមក ទើបគាត់ព្រមឈប់។ មួយសន្ទុះក្រោយមក មន្ត្រីត្រកូល សៀ បានត្រឡប់ចូលមកវិញ ហើយស្ទុះមកសង្គ្រុបលើខ្ញុំដូចត្រូវខ្មោចចូល។ ពេលនោះគ្មាននរណាផ្សេងទៀតនៅក្នុងបន្ទប់ទេ។ គាត់បានគាបជើងខ្ញុំបញ្ចូលគ្នាឱ្យជាប់ ហើយឱបរឹតខ្ញុំ ព្រមទាំងស្ទាបអង្អែលពេញខ្លួនប្រាណ។ គាត់ថែមទាំងស្រាតខោរបស់ខ្ញុំទៀតផង។ ខ្ញុំមានតក់ស្លុតខ្លាំងណាស់ ហើយចាប់ចង្កេះខោរបស់ខ្ញុំយ៉ាងណែន។ គាត់បានទះកំផ្លៀងខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំក៏ស្រែកឡើង។ គាត់បានយកដៃខ្ទប់មាត់ និងច្រមុះរបស់ខ្ញុំ។ ខ្ញុំដកដង្ហើមមិនរួចទេ ហើយកាន់តែខ្ញុំរើបម្រះ ខ្ញុំកាន់តែអស់កម្លាំង។ នេះគឺដូចគ្នាបេះបិទនឹងរបៀបដែលខ្ញុំធ្លាប់ឃើញអ្នករំលោភធ្វើបាបជនរងគ្រោះនៅក្នុងទូរទស្សន៍។ ខ្ញុំភ័យខ្លាចខ្លាំងណាស់ ហើយមានអារម្មណ៍អស់សង្ឃឹម។ ដោយខឹង និងមួម៉ៅ មន្ត្រីត្រកូល សៀ បានស្រែកថា «ស្រែកទៅ! ស្រែកឱ្យខ្លាំងៗទៅ! ចាំមើលថាតើព្រះរបស់អ្នកមកជួយអ្នកឬអត់!» ភាពឥតកេរ្តិ៍ខ្មាស និងភាពអាក្រក់របស់គាត់ ធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ឱ្យសាតាំងជាន់ឈ្លីទេ។ សូមសង្រ្គោះទូលបង្គំផង សូមសង្រ្គោះទូលបង្គំផង!» ខណៈពេលដែលខ្ញុំកំពុងអង្វរព្រះជាម្ចាស់យ៉ាងទទូច មន្ត្រីត្រកូល សៀ បានលែងដៃពីច្រមុះ និងមាត់របស់ខ្ញុំ ហើយខ្ញុំបានដកដង្ហើមធំមួយឃូ។ ខ្ញុំបានស្រែកឡើងភ្លាម ហើយមន្ត្រី ពីរបីនាក់នៅបន្ទប់ជាប់គ្នាបានឮ ហើយដើរចូលមក។ ទើបគាត់ព្រមលែងខ្ញុំ។ ខ្ញុំបានដួលទៅលើឥដ្ឋ ដោយនឹកគិតដល់រឿងដែលទើបតែកើតឡើង។ ប្រសិនបើគ្មានការការពារពីព្រះជាម្ចាស់ទេ ខ្ញុំប្រាកដជាត្រូវបានគេរំលោភហើយ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្ត។

នៅថ្ងៃត្រង់នោះ មានមន្ត្រីប្រហែល 7 ឬ 8 នាក់បានចូលមក។ នៅពេលដែលខ្ញុំមិនសហការជាមួយពួកគេ ប្រធានប៉ុស្តិ៍បានដើរមកជិតខ្ញុំ ហើយមួលត្រចៀកខ្ញុំ ព្រមទាំងចាប់ក្ដិចកញ្ចឹងករបស់ខ្ញុំ។ ខ្ញុំបានរួញកដោយការឈឺចាប់។ គាត់បានសើចចំអកឱ្យខ្ញុំ ដោយនិយាយថា «រួញកដូចអណ្ដើកហ្អេ៎?» ពួកអ្នកផ្សេងទៀតក៏បានចូលរួមសើចចំអកឱ្យខ្ញុំដែរ។ ពួកគេបានព័ទ្ធជុំវិញខ្ញុំ ហើយចាប់ផ្តើមរុញខ្ញុំទៅវិញទៅមក ដូចបាល់អញ្ចឹង។ មន្ត្រីពីរនាក់ថែមទាំងឆ្លៀតឱកាសស្ទាបច្របាច់ដើមទ្រូង និងចង្កេះរបស់ខ្ញុំទៀតផង។ ពួកគេពិតជាពួកព្រៃផ្សៃណាស់! ខ្ញុំសង្កៀតធ្មេញដោយកំហឹង ហើយចង់តដៃវិញ! ប្រសិនបើខ្ញុំមិនបានឆ្លងកាត់រឿងទាំងអស់នេះដោយខ្លួនឯងទេ ខ្ញុំនឹងមិនជឿឡើយថា ពួកគេគឺជា «ប៉ូលិសប្រជាជន» ដែលសៀវភៅសិក្សា និងទូរទស្សន៍របស់យើងបានអះអាងថា «បម្រើប្រជាជន» និង «ការពារយុត្តិធម៌» នោះទេ។ ខ្ញុំទ្រាំលែងបាន ហើយខ្ញុំបានស្រែកដាក់ពួកគេថា «តើកូនប្រុសមែនទែនទេ ដែលមកធ្វើបាបក្មេងស្រីតូចបែបនេះ?» ពួកគេបានឈប់ភ្លាម នៅពេលដែលខ្ញុំនិយាយបែបនោះ។ មួយសន្ទុះក្រោយមក មន្ត្រីប៉ូលិសម្នាក់បានយកកាំភ្លើងមកភ្ជង់សៀតផ្កាខ្ញុំ ហើយគំរាមខ្ញុំថា «អញអាចបាញ់មីនាងឯងចោលឥឡូវនេះបាន! ពេលយើងចាប់បានពួកអ្នកជឿដូចនាងឯង យើងអាចសម្លាប់ចោលដោយគ្មានទោសពៃរ៍អ្វីទេ។ យើងអាចបាញ់នាងឯងចោលភ្លាមៗ។ ពេលនាងងាប់ទៅ យើងគ្រាន់តែយកនាងទៅកប់ចោលប៉ុណ្ណោះ! បើមានពាក្យផ្តាំផ្ញើចុងក្រោយ និយាយមកឥឡូវនេះ!» និយាយបណ្តើរ គាត់បានបញ្ចូលគ្រាប់កាំភ្លើងបណ្តើរ។ ពេលខ្ញុំឃើញថាគាត់មិនមែនលេងសើច ខ្ញុំភ័យខ្លាចខ្លាំងណាស់ រហូតដល់ជើងរបស់ខ្ញុំទន់អស់។ ខ្ញុំបានគិតក្នុងចិត្តថា «តើជីវិតរបស់ខ្ញុំពិតជាត្រូវចប់ត្រឹមវ័យក្មេងបែបនេះមែនទេ? ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបព្រះជាម្ចាស់ ដែលបានយាងមកសង្រ្គោះមនុស្សជាតិ ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រូវស្លាប់ មុនពេលបានឃើញទិដ្ឋភាពដ៏អស្ចារ្យនៃការផ្សាយដំណឹងល្អអំពីនគរព្រះទៅទូទាំងសកលលោក និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្ញុំឬ? វាពិតជាពិបាកទទួលយកណាស់»។ ពេលនោះ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ហើយមិនត្រូវភ័យខ្លាចំពោះអ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ៖ តែត្រូវកោតខ្លាចទ្រង់ដែលអាចបំផ្លាញទាំងព្រលឹង និងរូបកាយរបស់អ្នកនៅក្នុងស្ថាននរកវិញ» (ម៉ាថាយ ១០:២៨)។ នាគដ៏ធំមានសម្បុរក្រហម អាចគ្រាន់តែបំផ្លាញ និងធ្វើទារុណកម្មសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបំផ្លាញព្រលឹងរបស់ខ្ញុំបានទេ។ វាគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ។ មើលទៅខាងក្រៅ វាហាក់ដូចជាគួរឱ្យខ្លាច ប៉ុន្តែមិនថាវាឆ្កួតលីលាយ៉ាងណាទេ វាតែងតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ វាច្បាស់ជាមិនហ៊ានធ្វើអ្វីខ្ញុំទេ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់។ ខ្ញុំបានគិតដល់ពេត្រុស ដែលត្រូវបានគេឆ្កាងក្បាលចុះក្រោម ដើម្បីព្រះជាម្ចាស់ នៅក្នុងការដេញតាមស្រឡាញ់ព្រះអង្គ។ នៅពេលដែលគាត់ត្រូវបានគេឆ្កាង គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងសម្រាប់ទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បីទ្រង់ គឺជារឿងកម្សាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឱ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បីទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអធិស្ឋានរបស់ពេត្រុស បានបំភ្លឺខ្ញុំយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ហើយលែងខ្លាចសេចក្ដីស្លាប់ទៀតហើយ។ ខ្ញុំបានគិតដល់ការដែលព្រះជាម្ចាស់បានការពារខ្ញុំ តាំងពីខ្ញុំត្រូវបានចាប់ខ្លួន និងការដែលនៅពេលសាតាំងល្បួងខ្ញុំ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ដែលបានដឹកនាំខ្ញុំឱ្យមើលធ្លុះល្បិចកលរបស់វា។ នៅពេលដែលខ្ញុំទន់ខ្សោយ ព្រះអង្គបានប្រទានជំនឿ និងកម្លាំងដល់ខ្ញុំ ហើយនៅពេលដែលខ្ញុំជួបគ្រោះថ្នាក់ ព្រះជាម្ចាស់បានការពារខ្ញុំ ដើម្បីកុំឱ្យសាតាំងជាន់ឈ្លីខ្ញុំបាន។ ពេត្រុសអាចចុះចូលចំពោះព្រះជាម្ចាស់ ហើយត្រូវបានគេឆ្កាងក្បាលចុះក្រោមដើម្បីព្រះអង្គ។ ខ្ញុំមិនមាន កម្ពស់ ដូចពេត្រុសទេ ប៉ុន្តែខ្ញុំសុខចិត្តយកគាត់ជាគំរូ។ វាគឺជាកិត្តិយសរបស់ខ្ញុំ ដែលបានស្លាប់ដើម្បីព្រះជាម្ចាស់នៅថ្ងៃនេះ។ ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំងដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយខ្ញុំបានអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំជំពាក់ព្រះអង្គច្រើនណាស់។ ក្នុងមួយជីវិតនេះ ទូលបង្គំមិនដែលខិតខំដេញតាមសេចក្ដីពិត ឬស្វែងរកការស្រឡាញ់ព្រះអង្គឡើយ។ ប្រសិនបើទូលបង្គំមានជាតិក្រោយមែន ទូលបង្គំនឹងនៅតែជឿលើព្រះអង្គ ដើរតាមព្រះអង្គ និងតបស្នងសេចក្ដីស្រឡាញ់របស់ព្រះអង្គដដែល!» មន្ត្រីខ្លះបានឃើញខ្ញុំយំ ហើយស្មានថាខ្ញុំខ្លាច ក៏និយាយថា «នេះគឺជាឱកាសចុងក្រោយរបស់នាងហើយ។ បើមានពាក្យផ្តាំផ្ញើអ្វី និយាយមកឥឡូវនេះ!» ខ្ញុំបាននិយាយថា «មនុស្សគ្រប់រូបគង់តែនឹងស្លាប់នៅថ្ងៃណាមួយ។ ខ្ញុំស្លាប់ដោយសារតែត្រូវបានគេធ្វើទុក្ខបុកម្នេញព្រោះតែសេចក្ដីសុចរិត ដូច្នេះខ្ញុំមិនមានវិប្បដិសារីទេ»។ ក្រោយពីនិយាយចប់ ខ្ញុំបានបិទភ្នែក ហើយរង់ចាំឱ្យគាត់បាញ់។ មន្ត្រីនោះខឹងខ្លាំងណាស់ រហូតដល់ដៃរបស់គាត់ញ័រ ហើយនិយាយថា «អញនឹងបំពេញបំណងរបស់នាង!» គាត់បានប្រាប់ឱ្យខ្ញុំងាកក្បាលទៅចំហៀង បន្ទាប់មកភ្ជង់កាំភ្លើងទៅសៀតផ្កាខ្ញុំ ហើយបាញ់ពីរបីគ្រាប់ ប៉ុន្តែមិនដឹងយ៉ាងម៉េច ខ្ញុំមិនស្លាប់សោះ។ បន្ទាប់មក ទើបខ្ញុំដឹងថា គាត់បានដកគ្រាប់កាំភ្លើងចេញអស់ហើយ។ មន្ត្រីម្នាក់ទៀតបានទះតុ ហើយនិយាយថា «តើនាងគិតថានាងជាវីរនារីមែនទេ? មិនថាយើងធ្វើអ្វីដាក់នាង ក៏ហាក់ដូចជាគ្មានបានផលសោះ!» ពួកគេបានយកកាំភ្លើងមកចាក់សៀតផ្កា និងវាយក្បាលខ្ញុំ ហើយនិយាយថា «យំទៅ! ហេតុអីមិនយំ?» ខ្ញុំបាននឹកឃើញទំនុកបរិសុទ្ធមួយដែលចែងថា៖ «ទោះបីជាក្បាលរបស់ពួកយើងអាចបែក ឈាមរបស់យើងអាចហូរក៏ដោយ ក៏ឆ្អឹងខ្នងនៃរាស្ត្ររបស់ព្រះជាម្ចាស់មិនអាចកោងបានឡើយ»។ កាលពីមុន នៅពេលប្រឈមមុខនឹងការធ្វើទារុណកម្ម និងការគំរាមកំហែងរបស់ពួកគេ ខ្ញុំចេះតែយំ ដើម្បីឱ្យពួកគេអាណិត។ ខ្ញុំគ្មានជំនឿលើព្រះជាម្ចាស់សោះឡើយ។ ខ្ញុំបានក្រាបលុតជង្គង់ចំពោះមុខសាតាំង ហើយខ្វះការតាំងចិត្ត។ ខ្ញុំមិនអាចធ្វើឱ្យព្រះជាម្ចាស់អាម៉ាស់ ដោយសារតែភាពទន់ជ្រាយរបស់ខ្ញុំទៀតទេ។ ដូច្នេះ ខ្ញុំបានជូតទឹកភ្នែក ក្ដាប់ដៃឱ្យណែន ហើយតាំងចិត្តប្រយុទ្ធជាមួយសាតាំងរហូតដល់ទីបញ្ចប់! ខ្ញុំបានច្រៀងទំនុកបរិសុទ្ធមួយបទដែលមានចំណងជើងថា «ខ្ញុំចង់ឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់» នៅក្នុងចិត្ត៖ «ខ្ញុំនឹងថ្វាយសេចក្ដីស្រឡាញ់ និងភក្ដីភាពរបស់ខ្ញុំទៅព្រះជាម្ចាស់ និងបំពេញបេសកកម្មរបស់ខ្ញុំ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។ ខ្ញុំតាំងចិត្តឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំចំពោះព្រះជាម្ចាស់ និងមិនដែលចុះចាញ់សាតាំងឡើយ។ មើល៍ ទោះបីជាក្បាលរបស់ពួកយើងអាចបែក ឈាមរបស់យើងអាចហូរក៏ដោយ ក៏ឆ្អឹងខ្នងនៃរាស្ត្ររបស់ព្រះជាម្ចាស់មិនអាចកោងបានឡើយ។ ដោយសេចក្ដីដាស់តឿនរបស់ព្រះជាម្ចាស់ដែលបានចងភ្ជាប់នឹងចិត្តរបស់ខ្ញុំ នោះខ្ញុំតាំងចិត្តបំបាក់មុខសាតាំង អារក្ស។ ការឈឺចាប់ និងការលំបាក ត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ ខ្ញុំនឹងស្មោះត្រង់ និងស្ដាប់បង្គាប់ចំពោះទ្រង់រហូតដល់ស្លាប់។ ខ្ញុំនឹងមិនបណ្ដាលឱ្យព្រះជាម្ចាស់ទ្រង់ព្រះកន្សែងម្ដងទៀតឡើយ ហើយមិនបណ្ដាលឱ្យទ្រង់ព្រួយព្រះទ័យទៀតឡើយ» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)

មន្ត្រីខ្លះបានឃើញខ្ញុំក្ដាប់ដៃយ៉ាងណែន ហើយខឹងយ៉ាងខ្លាំង ដោយនិយាយថា «មីនាងនេះរឹងរូសជាងសត្វលាទៀត!» ដោយឃើញប៉ូលិសអស់ល្បិច ខ្ញុំដឹងថា ហ្វូងអារក្ស និងសាតាំងនេះ ត្រូវអាម៉ាស់មុខ និងបរាជ័យហើយ។ ខ្ញុំពិតជាយល់នូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលថា៖ «នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ? ដូច្នេះហើយ បានជាសាតាំងគ្មានសមត្ថភាពធ្វើការនៅក្នុងមនុស្សតទៅទៀតទេ ហើយគ្មានអ្វីដែលវាអាចធ្វើបានជាមួយមនុស្សនោះទេ» («ការបើកបង្ហាញនៃអាថ៌កំបាំងអំពី “ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល”» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចំណុចគ្រោះថ្នាក់ របស់មនុស្ស គឺការខ្លាចស្លាប់។ សាតាំងជាអារក្ស ដឹងពី ចំណុចគ្រោះថ្នាក់ របស់ខ្ញុំ ហើយប្រើវាដើម្បីគំរាមកំហែងខ្ញុំ និងរារាំងខ្ញុំមិនឱ្យជឿ និងដើរតាមព្រះជាម្ចាស់។ ប៉ុន្តែព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ត្រូវបានប្រើប្រាស់ផ្អែកលើល្បិចកលរបស់សាតាំង។ នៅពេលដែលខ្ញុំប្រគល់ជីវិតរបស់ខ្ញុំទៅឱ្យព្រះជាម្ចាស់ សាតាំងបានអស់អំណាច វាបានបរាជ័យ និងអាម៉ាស់មុខ។

នៅពេលថ្ងៃត្រង់ មន្ត្រីខ្លះបានទៅញ៉ាំបាយ ខណៈដែលបីនាក់នៅយាមខ្ញុំ។ មន្ត្រីម្នាក់បានដើរមកជិតខ្ញុំ ហើយសួរខ្ញុំទាំងញញឹមបែបក្លែងក្លាយថា «ហេតុអីមិនយំ?» ខ្ញុំបាននិយាយថា «ខ្ញុំគ្មានរឿងអ្វីត្រូវយំទេ»។ គាត់បាននិយាយថា «បើមិនព្រមយំទេ យើងនឹងរកអ្វីម្យ៉ាងមកធ្វើឱ្យនាងឯងយំឱ្យខានតែបាន!» ខណៈកំពុងនិយាយ គាត់បានរើសដបពណ៌ខ្មៅមួយមក។ គាត់បានហែកបើកភ្នែកខ្ញុំ ហើយបាញ់សារធាតុគីមីចូលក្នុងមាត់ និងភ្នែករបស់ខ្ញុំ ខណៈពេលដែលមន្ត្រីម្នាក់ទៀតសង្កត់ដៃ និងក្បាលខ្ញុំ។ ភ្លាមនោះ ភ្នែករបស់ខ្ញុំចាប់ផ្តើមផ្សារ និងហូរទឹកភ្នែក ហើយខ្ញុំបើកភ្នែកមិនរួចទេ។ សារធាតុគីមីនោះបានធ្វើឱ្យស្បែកមុខរបស់ខ្ញុំផ្សារឈឺចាប់ ហើយបំពង់ករបស់ខ្ញុំក៏ផ្សារដែរ ដោយសារសារធាតុគីមីដែលខ្ញុំបានលេបចូល។ វាឈឺខ្លាំងណាស់ រហូតដល់ខ្ញុំនិយាយមិនរួច ហើយខ្ញុំចេះតែស្តោះទឹកមាត់។ គាត់ថែមទាំងគំរាមខ្ញុំថា នេះគឺជាថ្នាំពុលម្យ៉ាង ហើយវានឹងសម្លាប់ខ្ញុំក្នុងរយៈពេលកន្លះម៉ោងទៀត។ មន្ត្រីទីបីបានចាប់អូសខ្នោះដៃខ្ញុំ ហើយនាំខ្ញុំទៅបន្ទប់ផ្សេង។ ពេលនោះ ខ្ញុំអាចបើកភ្នែកបានបន្តិច ដូច្នេះពួកគេក៏បាញ់សារធាតុគីមីដាក់ខ្ញុំថែមទៀត។ បន្ទាប់មក ពួកគេបានដាក់ខ្នោះដៃខ្ញុំជាប់នឹងបងប្អូនប្រុសស្រីផ្សេងទៀតដែលត្រូវបានចាប់ខ្លួនជាមួយខ្ញុំ បើកកង្ហារលេខធំបំផុត និងបើកបង្អួច ព្រមទាំងទ្វារទាំងអស់។ គាត់ពាក់អាវរងាធំ ហើយមានម៉ាស៊ីនកម្តៅនៅក្បែរជើងទៀតផង។ គាត់បានសើចយ៉ាងក្អាកក្អាយ ហើយនិយាយថា «កក់ក្តៅស្រួលខ្លួនទេ?» វាគឺពេលត្រជាក់បំផុតនៃរដូវរងា ហើយដៃជើងរបស់ខ្ញុំបានប្រែជាត្រជាក់ដូចទឹកកកយ៉ាងឆាប់រហ័ស។ ភ្លាមនោះ ខ្ញុំបានឮបងស្រីម្នាក់ចាប់ផ្តើមគោះជើង ហើយច្រៀងចម្រៀងតិចៗ។ ខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយដឹងថាគាត់កំពុងច្រៀងទំនុកបរិសុទ្ធសរសើរតម្កើងព្រះជាម្ចាស់។ ខ្ញុំក៏ចាប់ផ្តើមគោះជើងតាមចង្វាក់ដែរ។ ពេលខ្ញុំច្រៀង ខ្ញុំមានអារម្មណ៍ថាមានកម្លាំងឡើងវិញ ហើយខ្ញុំគិតថា «មិនថា ពួកអារក្សទាំងនេះ ធ្វើទារុណកម្មខ្ញុំយ៉ាងណាទេ ខ្ញុំនៅតែបន្តទៅមុខដដែល។ ទោះបីជាត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ដែរ!» គួរឱ្យភ្ញាក់ផ្អើល ពួកគេបានដោះលែងពួកយើងនៅម៉ោងប្រហែល 3 រសៀល។ តាមពិតទៅ ក្នុងអំឡុងពេលនោះ ពួកគេបានចាប់ខ្លួនបងប្អូនប្រុសស្រីជាច្រើន រហូតដល់គ្មានកន្លែងសល់នៅក្នុងមន្ទីរឃុំឃាំង ឬគុកឡើយ។ នៅពេលដែលពួកគេឃើញថា ពួកគេមិនទទួលបានព័ត៌មានដែលមានតម្លៃពីពួកយើង ពួកគេក៏ដោះលែងពួកយើងទៅ។ ប៉ុន្តែខ្ញុំដឹងថា នេះគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ព្រះអង្គបានបើកផ្លូវឱ្យពួកយើង។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្ត។

ក្នុងអំឡុងពេលដែលខ្ញុំត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដោយបក្សកុម្មុយនីស្តចិន សាច់ឈាមរបស់ខ្ញុំបានរងទុក្ខបន្តិចបន្តួច ហើយខ្ញុំបានរងភាពអាម៉ាស់ ប៉ុន្តែខ្ញុំទទួលបានការវែកញែកពិតប្រាកដ អំពីសារជាតិអាក្រក់របស់បក្សកុម្មុយនីស្តចិន ខ្ញុំបានឃើញយ៉ាងច្បាស់ថា បក្សកុម្មុយនីស្តចិនគ្រាន់តែជាបិសាចដែលស្អប់ព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ប៉ុណ្ណោះ។ ឱ្យតែនាគដ៏ធំមានសម្បុរក្រហមកាន់អំណាច គឺសាតាំងកាន់អំណាច ដោយធ្វើបាប និងធ្វើឱ្យមនុស្សគ្រប់គ្នាពុករលួយ។ ខ្ញុំបានបោះបង់ និងបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហមនៅក្នុងចិត្ត និងទន្ទឹងរង់ចាំថ្ងៃដែលព្រះគ្រីស្ទ និងសេចក្ដីសុចរិតឡើងកាន់អំណាច។ ខ្ញុំសង្ឃឹមថា នគររបស់ព្រះគ្រីស្ទនឹងសម្រេចជារូបរាងក្នុងពេលឆាប់ៗ ហើយខ្ញុំមានជំនឿកាន់តែខ្លាំង ដើម្បីដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់!

ខាង​ដើម៖ ១២. ផ្លូវដ៏លំបាករបស់ខ្ញុំឆ្ពោះទៅរក ការសហការដ៏ចុះសម្រុង

បន្ទាប់៖ ១៦. ខ្ញុំលែងរួញខ្លួន ដោយសារតែ ភាពកំសាកទៀតហើយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ