៧. ការដើរតាមព្រះជាម្ចាស់គឺជាជម្រើសដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ
កាលខ្ញុំនៅរៀន រាល់ពេលដែលខ្ញុំខ្ជិលរៀន ម៉ាក់ខ្ញុំតែងតែរអ៊ូរទាំដាក់ខ្ញុំថា «មើលអ៊ំស្រីឯងចុះ គាត់បានរៀនចប់មហាវិទ្យាល័យ និងមានការងារមួយដ៏មានស្ថិរភាព ដូច្នេះគាត់មិនបាច់បារម្ភពីរឿងហូបចុក និងការស្លៀកពាក់ឡើយ។ មិនថាគាត់ទៅទីណាទេ អ្នកណាក៏គោរព និងកោតសរសើរគាត់ដែរ។ បើឯងមិនខំរៀនឥឡូវនេះទេ ឯងនឹងប្រឡងមិនជាប់មហាវិទ្យាល័យទេ ហើយឯងនឹងក្លាយជាដូចមីងឯង ដែលធ្វើការនៅរោងចក្រមិនខាន។ គេនឹងមើលងាយឯងហើយ!» ខ្ញុំច្រណែនអ៊ំស្រីខ្ញុំ ហើយសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងបានដូចគាត់ មានកេរ្តិ៍ឈ្មោះ និងលុយកាក់ ហើយរស់នៅក្នុងជីវិតដែលគេច្រណែន និងកោតសរសើរ។ ដូច្នេះ ខ្ញុំបានខំប្រឹងរៀនខ្លាំងណាស់។ តែខ្ញុំប្រឡងចូលមហាវិទ្យាល័យលើកទីមួយមិនជាប់ឡើយ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ពិភពលោកខ្ញុំទាំងមូលគឺងងឹតស្លុប។ ខ្ញុំមិនចង់ឲ្យគេមើលងាយអស់មួយជីវិតទេ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តរៀនត្រៀមប្រឡងមួយឆ្នាំទៀត ទោះបីជាមានសម្ពាធក៏ដោយ។ ពេលនោះ ខ្ញុំរៀនរហូតដល់ហួសពាក់កណ្ដាលអាធ្រាត្ររាល់ថ្ងៃ។ ការខំប្រឹងរៀនខ្លាំងពេក បូករួមនឹងសម្ពាធនៃការរៀនត្រៀមប្រឡងមួយឆ្នាំទៀតនេះ បានធ្វើឲ្យខ្ញុំអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយខ្ញុំចុះខ្សោយ ហើយខ្ញុំផ្ដាសាយស្ទើរតែរាល់ខែ។ តែទោះបីជាខ្ញុំឈឺក៏ដោយ ក៏ខ្ញុំមិនហ៊ានសុំច្បាប់សម្រាកដែរ ព្រោះខ្លាចរំលងចំណុចសំខាន់ៗណាមួយប្រឡងបានពិន្ទុមិនល្អ និងខកខានឱកាសចូលរៀននៅមហាវិទ្យាល័យម្ដងទៀត។ នៅឆ្នាំបន្ទាប់ ខ្ញុំក៏បានប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យគរុកោសល្យ។ សាច់ញាតិ និងមិត្តភក្ដិទាំងអស់បានមកអបអរសាទរខ្ញុំ ដោយនិយាយថា «ក្រោយពេលឯងរៀនចប់ ហើយក្លាយជាគ្រូបង្រៀន ឯងនឹងមានឋានៈខ្ពស់ក្នុងសង្គម ទទួលបានការគោរព និងមានជីវិតដែលមិនបាច់ខ្វាយខ្វល់ឡើយ!» ពេលឮគេនិយាយបែបនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។
ក្រោយពេលរៀនចប់ ខ្ញុំបានចាប់ផ្ដើមបង្រៀននៅឯសាលាបឋមសិក្សាមជ្ឈិមមួយ។ ដើម្បីបង្កើតកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងនៅកន្លែងធ្វើការ ព្រមទាំងចង់ឲ្យថ្នាក់ដឹកនាំសាលាឲ្យតម្លៃ និងចង់ឲ្យមិត្តរួមការងារកោតសរសើរ ខ្ញុំចង់ធ្វើឱ្យខ្លួនឯងលេចធ្លោនៅក្នុងម៉ោងបង្រៀនជាសាធារណៈលើកដំបូងរបស់ខ្ញុំ។ ខ្ញុំបានចាប់ផ្ដើមរៀបចំខ្លួនមុនមួយខែ។ ជារៀងរាល់ថ្ងៃ ក្រៅពីម៉ោងបង្រៀនធម្មតារបស់ខ្ញុំ ខ្ញុំបានចំណាយពេលទាំងអស់ ស្វែងរកឯកសារទាក់ទងនឹងម៉ោងបង្រៀនជាសាធារណៈ ពិគ្រោះយោបល់ជាមួយគ្រូៗដែលមានបទពិសោធ ហើយបន្ទាប់មកទន្ទេញកិច្ចតែងការបង្រៀន។ ខ្ញុំអនុវត្តនៅមុខកញ្ចក់ម្ដងហើយម្ដងទៀតរាល់ថ្ងៃ រហូតដល់ខ្ញុំអាចបង្រៀនតាមកិច្ចតែងការបង្រៀនទាំងមូល តាំងពីដើមរហូតដល់ចប់បាន។ ទោះបីជាហត់ខ្លាំងក៏ដោយ តែពេលខ្ញុំឃើញថ្នាក់ដឹកនាំសាលាងក់ក្បាលយល់ព្រម នៅក្នុងកិច្ចប្រជុំវាយតម្លៃ ភាពហត់នឿយទាំងអស់របស់ខ្ញុំក៏បានរលាយបាត់អស់ភ្លាមៗ។ ខ្ញុំបានគិតថា «ឥឡូវនេះ ថ្នាក់ដឹកនាំសាលាបានឃើញពីសក្ដានុពលរបស់ខ្ញុំហើយ។ ឆមាសក្រោយ ពួកគេប្រហែលជាឲ្យខ្ញុំបង្រៀនមេរៀនជាសាធារណៈសម្រាប់ថ្នាក់កម្រងមិនខាន។ ពេលនោះ ខ្ញុំនឹងមានឱកាសកាន់តែច្រើន ដើម្បីបញ្ចេញសមត្ថភាព»។ ពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ថា វាពិតជាស័ក្ដិសមនឹងការខំប្រឹងមែន ទោះបីជាខ្ញុំហត់បែបណាក៏ដោយ។ នៅឆមាសទីពីរ ខ្ញុំទទួលបានឱកាសបង្រៀនមេរៀនបង្ហាញនៅថ្នាក់កម្រងមជ្ឈិម ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ទាំងរំភើបផង និងភ័យអរផង។ ខ្ញុំភ័យថា បើខ្ញុំបង្រៀនមិនបានល្អទេ ថ្នាក់ដឹកនាំសាលាច្បាស់ជាគិតថា សមត្ថភាពខ្ញុំមានកម្រិតធម្មតា ហើយទៅថ្ងៃមុខ វានឹងពិបាកក្នុងការទទួលបានឱកាសបែបនេះម្ដងទៀតណាស់។ ខ្ញុំរំភើប ព្រោះបើខ្ញុំធ្វើបានល្អ ខ្ញុំនឹងមានកន្លែងឈរជើងដ៏រឹងមាំមួយ នៅក្នុងសាលាមជ្ឈិមនេះ ហើយប្រហែលជាមានឱកាសកាន់ម៉ោងបង្រៀនជាសាធារណៈនៅថ្នាក់ស្រុក ឬរហូតដល់ថ្នាក់ក្រុងទៀតផង។ នោះច្បាស់ជាមានកិត្តិយសខ្លាំងណាស់! ដូច្នេះ ខ្ញុំក៏រៀបចំខ្លួនយ៉ាងម៉ត់ចត់ម្ដងទៀត ដោយគេងត្រឹមតែបី ឬបួនម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ តែនៅថ្ងៃបង្រៀន ដោយសារខ្ញុំភ័យពេក ការបង្ហាញសមត្ថភាពរបស់ខ្ញុំនៅក្នុងថ្នាក់ មិនបានល្អដូចការរំពឹងទុកឡើយ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែទទួលបានការទទួលស្គាល់យ៉ាងខ្លាំង ពីថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូដទៃទៀតដែរ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ទោះបីជាពិបាក ឬហត់នឿយយ៉ាងណា ក៏វាស័ក្ដិសមនឹងការខំប្រឹងដែរ។ ខ្ញុំមានអារម្មណ៍ថា ជីវិតគឺគួរតែបែបនេះ។ បើខ្ញុំមិនអាចទទួលបានការគោរព និងការសរសើរពីថ្នាក់ដឹកនាំសាលា និងមិត្តរួមការងារទេ តើការធ្វើការមានន័យអ្វីទៅ? មិនយូរប៉ុន្មាន ថ្នាក់ដឹកនាំសាលាបានមកជួបខ្ញុំ ដោយនិយាយថា សាលាចង់ពន្លឿនការបណ្ដុះបណ្ដាលរបស់ខ្ញុំ ហើយបានសុំឱ្យខ្ញុំទទួលបន្ទុកជាមន្ត្រីសុវត្ថិភាពប្រចាំសាលាផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងចិត្ត ព្រោះថាការងារផ្នែកសុវត្ថិភាព មិនមែនគ្រូបង្រៀនគ្រប់រូបសុទ្ធតែអាចធ្វើបាននោះទេ។ បើខ្ញុំធ្វើបានល្អ ឱកាសរបស់ខ្ញុំក្នុងការត្រូវបានគេទទួលស្គាល់ថាជាគ្រូបង្រៀនឆ្នើម នៅថ្ងៃអនាគតនឹងកាន់តែធំ ហើយមិត្តរួមការងាររបស់ខ្ញុំ ក៏នឹងមើលមកខ្ញុំក្នុងផ្លូវប្លែកពីមុនដែរ ដូច្នេះ ខ្ញុំក៏យល់ព្រម។ តែបន្ទាប់ពីទទួលតួនាទីនេះមិនដល់មួយខែផង ខ្ញុំហត់នឿយខ្លាំងណាស់។ ខ្ញុំទទួលបានឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពរៀងរាល់ពីរបីថ្ងៃម្ដង ហើយភាគច្រើនត្រូវចេញផ្សាយ អនុវត្ត និងធ្វើរបាយការណ៍ត្រឡប់ទៅវិញ។ ខ្ញុំក៏ត្រូវរៀបចំឯកសារពីបណ្ដាសាលាចំណុះផងដែរ។ បន្ថែមពីលើនេះ ខ្ញុំក៏ត្រូវទទួលខុសត្រូវលើមុខវិជ្ជាបង្រៀនរបស់ខ្ញុំផ្ទាល់ដែរ។ រាល់ថ្ងៃ ខ្ញុំនៅតែបន្តរវល់ក្នុងការិយាល័យ ទោះបីមិត្តរួមការងាររបស់ខ្ញុំត្រឡប់ទៅផ្ទះអស់ទៅហើយ ហើយសូម្បីតែចុងសប្ដាហ៍ ក៏ខ្ញុំមិនបានសម្រាកដែរ។ ដើមឡើយ ខ្ញុំចង់ស្នើសុំគ្រូម្នាក់ទៀតមកធ្វើការជាមួយខ្ញុំ តែពេលនឹកឃើញសម្ដីនាយកសាលាដែលថា គេត្រូវតែពូកែគ្រប់ផ្នែក ទើបអាចត្រូវបានគេទទួលស្គាល់ជាគ្រូបង្រៀនឆ្នើមនៅថ្នាក់ស្រុក ឬខ្ពស់ជាងនេះ ខ្ញុំក៏បោះបង់គំនិតនេះចោលទៅ។ ពីរបីខែក្រោយមក ខ្ញុំមានអារម្មណ៍ថា ធ្វើការបែបនេះហត់ពេកហើយ តែខ្ញុំមិនព្រមបោះបង់កណ្ដាលទី ហើយបណ្ដោយឲ្យគេថាខ្ញុំអសមត្ថភាពឡើយ ដូច្នេះខ្ញុំបានបង្ខំខ្លួនឯងឱ្យបន្តទៅមុខទៀត។ ក្រោយពេលរវល់ម្ដងៗ ខ្ញុំតែងមានអារម្មណ៍ទទេស្អាតនៅក្នុងចិត្ត។ ខ្ញុំបានគិតថា ខ្ញុំត្រូវការលំហែកាយ ដោយសារតែសម្ពាធការងារច្រើនពេក ដូច្នេះ នៅចុងសប្ដាហ៍ ខ្ញុំក៏ចេញទៅដើរលេង និងញ៉ាំអាហារឆ្ងាញ់ៗ ហើយថែមទាំងបានដើរលេងដល់ភាគខាងលិចនៃប្រទេសចិនទៀតផង។ តែក្រោយពីបានញ៉ាំ និងដើរលេងរួច ចិត្តខ្ញុំនៅតែមានអារម្មណ៍ទទេស្អាតដដែល។ ខ្ញុំបានប្រាប់មិត្តភក្ដិពីរបីនាក់ពីរឿងនេះ តែពួកគេនិយាយថា ខ្ញុំកំពុងតែគិតច្រើនឥតប្រយោជន៍ទៅវិញ ថាខ្ញុំមានការងារ និងជីវភាពល្អបែបនេះទៅហើយ គ្មានហេតុផលអីដែលត្រូវមានអារម្មណ៍ទទេស្អាតនោះទេ។ រហូតដល់ឆ្នាំ ២០០៧ ពេលដែលម៉ាក់ខ្ញុំបានផ្សាយដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរស់នៅក្នុងជីវិតពួកជំនុំ អារម្មណ៍ទទេស្អាតនៅក្នុងចិត្តខ្ញុំ ក៏បានរសាត់បាត់បន្តិចម្ដងៗ។
ថ្ងៃមួយ អំឡុងពេលជួបជុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ហើយក៏បានរកឃើញឫសគល់នៃភាពទទេស្អាតរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «បើគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេទេ ពិភពខាងក្នុងរបស់មនុស្សគឺងងឹត អស់សង្ឃឹម និងទទេសូន្យ។ ... គ្មានបុគ្គលណាម្នាក់អាចបំពេញដួងចិត្តទទេសូន្យរបស់មនុស្សលោកបានទេ ដ្បិតគ្មានបុគ្គលណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយក៏គ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីបញ្ហានៃភាពទទេសូន្យបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការសប្បាយ និងភាពស្រាកស្រាន្ត អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងរអ៊ូរទាំអំពីភាពអយុត្តិធម៌នៅក្នុងសង្គម ដោយជៀសមិនផុតដែរ។ ការដែលមានចំណុចទាំងអស់នេះ មិនអាចរារាំងចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្សដែលចង់រុករកបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់គេ អាចត្រឹមនាំមកនូវសេចក្ដីទុក្ខព្រួយកាន់តែច្រើនមកលើគេ និងធ្វើឱ្យមនុស្សរស់នៅក្នុងភាពថប់បារម្ភឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ រហូតដល់ថ្នាក់ដែលមនុស្សភ័យខ្លាចសូម្បីតែវិទ្យាសាស្រ្ត និងចំណេះដឹង និងរឹតតែភ័យខ្លាចសូម្បីតែអារម្មណ៍ទទេសូន្យនេះ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា ខ្ញុំមានអារម្មណ៍ទទេស្អាត គឺដោយសារខ្ញុំមិនស្គាល់ព្រះជាម្ចាស់ ឬថ្វាយបង្គំទ្រង់ ហើយគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំឡើយ។ តាំងពីតូចមក ខ្ញុំទទួលបានការអប់រំតាមបែបអទេវនិយម ដោយមិនដឹងថាមនុស្សជាតិត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ឡើយ កុំថាឡើយយល់ថាមនុស្សគួរតែជឿ និងថ្វាយបង្គំព្រះជាម្ចាស់នោះ។ ខ្ញុំបានជឿថា ការមានការងារល្អ ព្រមទាំងទទួលបានការគោរព និងការកោតសរសើរពីអ្នកដទៃ គឺជាសុភមង្គល ហើយដើម្បីរឿងនេះ ខ្ញុំបានខំប្រឹងធ្វើការយ៉ាងប្ដូរផ្ដាច់។ ក្រោយមក ខ្ញុំក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំសាលា និងការគោរពពីមិត្តរួមការងារ តែរឿងទាំងនេះគ្រាន់តែផ្ដល់ឲ្យខ្ញុំនូវសេចក្ដីរីករាយមួយគ្រាប៉ុណ្ណោះ ឯចិត្តខ្ញុំនៅតែទទេស្អាតដដែល។ ខ្ញុំបានគិតថា ការស៊ីផឹក និងដើរលេងសប្បាយ អាចបំបាត់ភាពទទេស្អាតក្នុងចិត្តខ្ញុំបាន តែក្រោយពេលដែលសេចក្ដីរីករាយបានកន្លងផុតទៅ ខ្ញុំនៅតែមានអារម្មណ៍ទទេស្អាតដដែល។ យ៉ាងណាមិញ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយយើងត្រូវការការផ្គត់ផ្គង់ពីព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើង។ មានតែការត្រឡប់មកចំពោះព្រះជាម្ចាស់វិញទេ ទើបយើងអាចរកឃើញសេចក្ដីសុខសាន្ត និងអំណរបាន។ ក្រោយមក ខ្ញុំតែងតែចូលរួមការជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងប្រើពេលទំនេរ ដើម្បីផ្សាយដំណឹងល្អផងដែរ។ ចិត្តខ្ញុំមានអារម្មណ៍សុខសាន្តយ៉ាងខ្លាំង។ តែថ្ងៃមួយ ពេលដែលការគំរាមកំហែងពីការចាប់ខ្លួនធ្លាក់មកលើខ្ញុំ ជីវិតដ៏សុខសាន្តរបស់ខ្ញុំក៏ត្រូវបានរង្គោះរង្គើ។
នៅខែធ្នូ ឆ្នាំ ២០១២ រឿងដែលខ្ញុំជឿលើព្រះជាម្ចាស់ ត្រូវបានថ្នាក់ដឹកនាំសាលាដឹង។ រឿងនេះថែមទាំងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មន្ទីរអប់រំ និងការិយាល័យសន្តិសុខជាតិទៀតផង។ នាយកសាលាបានហៅខ្ញុំទៅនិយាយបីថ្ងៃជាប់ៗគ្នា ដោយប្រើទ្រឹស្ដីអទេវនិយម និងសម្ភារនិយម ដើម្បីបញ្ចុះបញ្ចូលឲ្យខ្ញុំបោះបង់ជំនឿរបស់ខ្ញុំចោល។ ខ្ញុំបានជជែកវែកញែកជាមួយនាយកសាលា ដោយធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ដល់គាត់។ ពេលគាត់មិនអាចជជែកឈ្នះ គាត់ក៏បោះបង់ការប៉ុនប៉ងចង់កែប្រែគំនិតខ្ញុំ តែគាត់ហាមឃាត់ខ្ញុំមិនឲ្យផ្សាយដំណឹងល្អនៅក្នុងសាលាឡើយ។ បន្ទាប់ពីនោះមក សាលាលែងរៀបចំឱ្យខ្ញុំទៅរៀននៅខាងក្រៅទៀតហើយ ហើយក៏មិនឱ្យខ្ញុំចូលរួមក្នុងសកម្មភាពបង្រៀន និងស្រាវជ្រាវអ្វីដែរ។ មិត្តរួមការងារក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ និងអស់សង្ឃឹមយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំសាលាលែងឲ្យតម្លៃ ហើយមិត្តរួមការងារចាត់ទុកខ្ញុំដូចជាមនុស្សចម្លែក។ ក្រោយមក ខ្ញុំបាននឹកឃើញពីរបៀបដែលណូអេបានធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយសង់ទូកធំ។ កាលណោះ មនុស្សជាច្រើនបានហៅណូអេថាជាមនុស្សល្ងង់ តែណូអេមិនខ្វល់ពីការវិនិច្ឆ័យ និងការមួលបង្កាច់របស់មនុស្សជុំវិញខ្លួនគាត់ឡើយ។ ដោយចិត្តស្មោះត្រង់ គាត់បានស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសង់ទូកធំបណ្ដើរ និងផ្សាយដំណឹងល្អបណ្ដើរ។ នៅទីបំផុត ពេលទឹកជំនន់មកដល់ គ្រួសារណូអេទាំងប្រាំបីនាក់បានរស់រានមានជីវិត។ បន្ទាប់មក ខ្ញុំក៏បាននឹកឃើញពីរបៀបដែលព្រះអម្ចាស់យេស៊ូវ ដើម្បីប្រោសលោះមនុស្សជាតិ ទ្រង់ត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាល ត្រូវបានបដិសេធ និងមួលបង្កាច់ដោយមនុស្សលោក ហើយថែមទាំងត្រូវបានគេឆ្កាងនៅលើឈើឆ្កាងទៀតផង។ ព្រះជាម្ចាស់បានរងទុក្ខយ៉ាងច្រើន ដើម្បីសង្គ្រោះមនុស្សជាតិ។ តើការរងទុក្ខបន្តិចបន្តួចដែលខ្ញុំបានជួបប្រទះនេះ វាស្មើនឹងអ្វីទៅ? ខ្ញុំកំពុងដើរលើផ្លូវត្រូវក្នុងជីវិត ដោយការជឿលើព្រះជាម្ចាស់ វាជារឿងដ៏ត្រឹមត្រូវ ហើយគ្មានអ្វីដែលត្រូវខ្មាសអៀនឡើយ។ ខ្ញុំមិនអាចបណ្ដោយឲ្យក្រសែភ្នែកមើលងាយរបស់អ្នកដទៃ មកប៉ះពាល់ដល់ទំនាក់ទំនងធម្មតារបស់ខ្ញុំជាមួយព្រះជាម្ចាស់បានទេ៖ ខ្ញុំនៅតែត្រូវចូលរួមការជួបជុំ និងផ្សាយដំណឹងល្អដដែល។ ក្រោយមក ខ្ញុំបានទៅធ្វើការដូចធម្មតា ហើយពេលចេញពីសាលា ខ្ញុំក៏ទៅចូលរួមការជួបជុំ។
ខ្ញុំនឹកស្មានមិនដល់សោះថា មួយសប្ដាហ៍មុនពេលបើកបវេសនកាល ក្នុងខែសីហា ឆ្នាំ ២០១៣ ខ្ញុំបានទទួលទូរសព្ទពីនាយកសាលា ដោយប្រាប់ខ្ញុំឲ្យបង្រៀនគណិតវិទ្យាពីរថ្នាក់ ហើយត្រូវធ្វើជាគ្រូបន្ទុកថ្នាក់មួយផងដែរ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «បើអ៊ីចឹង តើខ្ញុំមានពេលឯណា សម្រាប់ការជួបជុំ និងភារកិច្ចរបស់ខ្ញុំទៅ?» ខ្ញុំបានសួរទាំងងឿងឆ្ងល់ថា «តើហេតុអ្វីបានជាមានការចាត់ចែងបែបនេះនៅឆ្នាំនេះ?» នាយកសាលាបាននិយាយថា «ធ្វើបែបនេះ អ្នកនឹងគ្មានពេលជឿលើព្រះជាម្ចាស់ និងចូលរួមការជួបជុំទៀតទេ!» គាត់ថែមទាំងបានគំរាមខ្ញុំទៀតថា «បើអ្នកមិនព្រមទទួលយកការងារនៅសាលាមជ្ឈិមទេ ខ្ញុំនឹងចាត់ចែងឲ្យអ្នកទៅបង្រៀននៅសាលាចំណុះវិញ!» ខ្ញុំគិតក្នុងចិត្តថា «គ្រូបង្រៀននៅសាលាមជ្ឈិម ចូលរួមសកម្មភាពញឹកញាប់ជាងគ្រូបង្រៀននៅសាលាចំណុះ ដូច្នេះ ពួកគេមានឱកាសបញ្ចេញសមត្ថភាពច្រើនជាង។ បើខ្ញុំទៅសាលាចំណុះ ខ្ញុំនឹងលែងទទួលបានការយកចិត្តទុកដាក់បែបនេះទៀតហើយ ហើយខ្ញុំនឹងមានអារម្មណ៍អន់ជាងគ្រូនៅសាលាមជ្ឈិម ពេលដែលខ្ញុំជួបពួកគេ។ លើសពីនេះ តើគ្រូនៅសាលាចំណុះនឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំត្រូវគេទម្លាក់តំណែង ដោយសារសមត្ថភាពខ្ញុំខ្សោយពេកមែនទេ? តែបើខ្ញុំនៅសាលាមជ្ឈិមបន្តទៀត តើខ្ញុំនឹងមានពេលឯណា ដើម្បីជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំទៅ?» បន្ទាប់មក ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងាត់ៗថា «ឱព្រះជាម្ចាស់អើយ តើទូលបង្គំគួរជ្រើសរើសមួយណាទៅ?» ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខដុម និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។ រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសព្រះទ័យណាស់។ ដួងចិត្តរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ ព្រះលោហិតបេះដូងដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ មិននឹកស្មានថាបែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការទទួលយកទាំងគ្មានជម្រើសរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានបើកបង្ហាញទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា?» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ភាគច្រើនសម្ដែងចេញនូវព្រះបន្ទូល ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស។ ព្រះជាម្ចាស់សង្ឃឹមថា យើងអាចចំណាយពេលកាន់តែច្រើន អានព្រះបន្ទូលរបស់ទ្រង់ ដើម្បីយល់ពីសេចក្ដីពិត បំពេញភារកិច្ចរបស់យើងឲ្យបានល្អ និងបោះបង់ចោលនិស្ស័យពុករលួយរបស់យើង ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ តែពេលប្រឈមមុខនឹងជម្រើស អ្វីដែលខ្ញុំខ្វល់ខ្វាយគឺនៅតែជាកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ខ្លួនឯងដដែល មិនមែនជីវិតរបស់ខ្ញុំ ឬរបៀបបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អឡើយ។ ខ្ញុំបានធ្វើឲ្យព្រះជាម្ចាស់ខកព្រះទ័យខ្លាំងណាស់! បើខ្ញុំនៅតែបន្តនៅសាលាមជ្ឈិមទៀត ខ្ញុំនឹងច្បាស់ជាបន្តប្រជែងយកកិត្តិយសផ្សេងៗមិនខាន។ ជាមួយនឹងបន្ទុកការងារដ៏ធ្ងន់បែបនេះ សូម្បីតែការចូលរួមការជួបជុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏នឹងរងផលប៉ះពាល់ដែរ កុំថាឡើយការបំពេញភារកិច្ចតែមួយមុខនោះ។ បើបែបហ្នឹង តើអាចឱ្យខ្ញុំបន្តជឿលើព្រះជាម្ចាស់បានម្ដេចកើតទៅ? បើខ្ញុំទៅសាលាចំណុះ បន្ទុកការងារនឹងស្រាលជាងមុន ហើយខ្ញុំអាចចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំបានជាធម្មតា។ ទោះបីជាខ្ញុំទទួលបានកិត្តិយសផ្ទាល់ខ្លួនតិចជាងមុន ហើយត្រូវមិត្តរួមការងារមើលងាយក៏ដោយ ក៏វាគ្រាន់តែជាការបាត់បង់មុខមាត់ប៉ុណ្ណោះ យ៉ាងណាមិញ ជីវិតរបស់ខ្ញុំនឹងមិនរងការខាតបង់ឡើយ ហើយនោះទើបជារឿងដែលសំខាន់បំផុត។ នៅពេលយល់ពីចំណុចនេះ ខ្ញុំក៏បានប្រាប់នាយកសាលាថា «ខ្ញុំជ្រើសរើសទៅសាលាចំណុះ»។ នាយកសាលាខឹងយ៉ាងខ្លាំង រហូតដល់ថ្នាក់ចុចផ្ដាច់ទូរសព្ទភ្លាមៗ។
នៅឯសាលាចំណុះ ពេលថ្ងៃ ខ្ញុំបង្រៀន ហើយពេលល្ងាច ខ្ញុំទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំ។ មួយឆ្នាំក្រោយមក ដោយសារតែពិន្ទុប្រឡងចុងឆ្នាំនៃថ្នាក់ដែលខ្ញុំបង្រៀន ខ្ពស់ជាងពិន្ទុនៅសាលាមជ្ឈិម នាយកសាលាបានប្ដូរខ្ញុំឲ្យត្រឡប់មកសាលាមជ្ឈិមវិញ។ តែពេលវេលាល្អៗមិនបានយូរប៉ុន្មានទេ។ ប្រធានកងពលតូចសន្តិសុខជាតិ បានមកដល់ផ្ទះខ្ញុំម្ដងទៀត ដើម្បីសួរនាំពីជំនឿរបស់ខ្ញុំ។ ដើម្បីបង្ការកុំឲ្យប៉ូលិសតាមដានខ្ញុំ និងប៉ះពាល់ដល់បងប្អូនប្រុសស្រី ខ្ញុំគ្មានជម្រើសអ្វីក្រៅពីផ្អាកការចូលរួមការជួបជុំមួយរយៈសិនទេ។ ប្រសិនបើគ្មានជីវិតពួកជំនុំ គ្មានភារកិច្ចរបស់ខ្ញុំ យូរៗទៅ ចិត្តខ្ញុំក៏កាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ទៅៗ ហើយខ្ញុំក៏ត្រូវធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងដ៏តានតឹងវិញ ដោយមិនដឹងខ្លួន។ សិស្សដែលខ្ញុំបង្រៀន ស្ទើរតែតែងតែទទួលបានជ័យលាភីលេខមួយ និងលេខពីរទាំងអស់ ក្នុងការប្រកួតរៀងរាល់ឆ្នាំ ហើយពិន្ទុប្រឡងចុងឆ្នាំនៃថ្នាក់របស់យើង តែងតែស្ថិតក្នុងចំណាត់ថ្នាក់កំពូលជានិច្ច។ នាយកសាលាក៏បានទទួលស្គាល់ស្នាដៃការងារខ្ញុំ នៅក្នុងកិច្ចប្រជុំផងដែរ។ ថ្នាក់ដែលខ្ញុំបង្រៀន មិនត្រឹមតែមានបរិយាកាសសិក្សាល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានស្មារតីសាមគ្គីភាពល្អក្នុងថ្នាក់ទៀតផង ហើយមាតាបិតាសិស្ស ក៏គាំទ្រការងារខ្ញុំយ៉ាងខ្លាំងដែរ។ ក្នុងរយៈពេលពីរឆ្នាំ ក្រោយពេលត្រឡប់មកសាលាមជ្ឈិមវិញ ទោះបីជាខ្ញុំទទួលបានផ្កា និងការទះដៃអបអរសាទរច្រើនជាងមុនក៏ដោយ ក៏ចិត្តខ្ញុំតែងតែមានអារម្មណ៍ធ្ងន់ធ្ងរ និងតឹងតែងដែរ។ ខ្ញុំបានដឹងថា វាគឺមកពីការងារបានស៊ីពេល និងកម្លាំងរបស់ខ្ញុំច្រើនពេក ទើបធ្វើឱ្យខ្ញុំមានពេលវេលាតិចតួចណាស់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចិត្តខ្ញុំក៏នៅឆ្ងាយពីព្រះជាម្ចាស់។ ពេលនោះ ខ្ញុំបានឃើញបងប្អូនប្រុសស្រីជាច្រើននាក់ដែលបានឈប់ពីការងារ ហើយលះបង់គ្រួសារ ដើម្បីផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការបំពេញភារកិច្ចរបស់ខ្លួន។ ខ្ញុំពិតជាច្រណែនណាស់ ហើយក៏ចង់ឈប់ពីការងារ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យអស់ពីចិត្តពីថ្លើមផងដែរ។ ប៉ុន្តែ នៅពេលដែលខ្ញុំហៀបនឹងសរសេរសំបុត្រលាឈប់ពីការងារ ខ្ញុំក៏ទទួលបានសារសួរសុខទុក្ខជាច្រើន ពីមាតាបិតាសិស្សរបស់ខ្ញុំ ដែលសង្ឃឹមថា ខ្ញុំនឹងបន្តបង្រៀនកូនៗរបស់ពួកគេទៀត។ ពេលឃើញបែបនេះ ចិត្តខ្ញុំក៏រារែកម្ដងទៀត។ «បើខ្ញុំចាកចេញ តើសិស្សានុសិស្ស និងមាតាបិតារបស់ពួកគេនឹងមិនខកចិត្តទេឬ? តើថ្នាក់ដឹកនាំសាលា និងមិត្តរួមការងារនឹងគិតយ៉ាងណាចំពោះខ្ញុំ? ប៉ាខ្ញុំតែងតែព្យាយាមរារាំងម៉ាក់ និងខ្ញុំមិនឲ្យជឿលើព្រះជាម្ចាស់ ហើយថែមទាំងបានលែងលះជាមួយម៉ាក់ខ្ញុំទៀតផង។ បើគាត់ដឹងថាខ្ញុំឈប់ពីការងារ ដើម្បីបំពេញភារកិច្ចពេញម៉ោង គាត់ច្បាស់ជានឹងព្យាយាមរារាំងខ្ញុំ ហើយខ្ញុំក៏ប្រហែលជាត្រូវចាកចេញពីផ្ទះដែរ។ ខ្ញុំបានខំប្រឹងធ្វើការអស់រយៈពេលដប់ប្រាំបួនឆ្នាំ ទើបទទួលបានការងារមួយ ដែលអ្នកដទៃច្រណែន និងមានសមិទ្ធផលដូចសព្វថ្ងៃនេះ។ សាច់ញាតិ មិត្តភក្ដិ និងមិត្តរួមការងាររបស់ខ្ញុំ សុទ្ធតែច្រណែននឹងខ្ញុំ។ កាលណាខ្ញុំលាឈប់ ខ្ញុំនឹងបាត់បង់ការងារ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយខ្ញុំនឹងត្រូវបោះបង់ចោលជីវភាពរស់នៅដ៏ស្រណុកសុខស្រួលរបស់ខ្ញុំ។ តើនៅពេលនោះអ្នកគ្រប់គ្នានឹងនិយាយយ៉ាងណាចំពោះរូបខ្ញុំ?» ចិត្តខ្ញុំហាក់ដូចជាត្រូវគេទាញទៅទាញមក។ វាពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថាការបំពេញភារកិច្ចពេញម៉ោងជារឿងល្អ តែទូលបង្គំមិនអាចបោះបង់ការងារនេះបានទេ។ បើទូលបង្គំមិនមានការគោរព និងការកោតសរសើរពីមនុស្សទេ តើជីវិតទូលបង្គំអាចមានសុភមង្គលដែរឬទេ? ឱព្រះជាម្ចាស់អើយ សូមជួយឲ្យទូលបង្គំមើលឃើញបញ្ហានេះឲ្យបានច្បាស់ផង»។ មិនយូរប៉ុន្មាន នាយកសាលាបានដំឡើងតំណែងខ្ញុំឲ្យធ្វើជាប្រធានផ្នែកហិរញ្ញវត្ថុ។ តំណែងនេះតម្រូវឲ្យមានការប្រជុំច្រើន និងការងារដ៏គួរឲ្យធុញថប់។ ពេលថ្ងៃ ខ្ញុំត្រូវរត់ទៅផ្នែកជាច្រើន ហើយពេលល្ងាច ឬចុងសប្ដាហ៍ ខ្ញុំតែងតែទទួលបានទូរសព្ទហៅឲ្យយកឯកសារទៅឲ្យគេ ដូច្នេះ តែងតែមានការជាន់ពេលគ្នារវាងការងារ និងភារកិច្ចរបស់ខ្ញុំ។ អំឡុងពេលការជួបជុំ ខ្ញុំមិនអាចធ្វើឲ្យចិត្តរបស់ខ្ញុំស្ងប់បានទេ ដោយតែងតែខ្លាចថាថ្នាក់ដឹកនាំសាលានឹងទូរសព្ទហៅខ្ញុំឲ្យធ្វើរឿងអ្វីមួយ។ ជួនកាល ពេលខ្ញុំកំពុងនៅផ្ទះអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានទូរសព្ទពីថ្នាក់ដឹកនាំសាលា នោះខ្ញុំក៏ត្រូវចេញទៅក្រៅ និងដោះស្រាយរឿងនោះភ្លាមៗតែម្ដង។ ខ្ញុំមានអារម្មណ៍ថា ចិត្តខ្ញុំនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយជីវិតខ្ញុំក៏ហត់នឿយខ្លាំងដែរ តែខ្ញុំនៅស្ទាក់ស្ទើរមិនចង់បោះបង់ការងាររបស់ខ្ញុំទេ។ ខ្ញុំតែងតែអធិស្ឋាន សុំឲ្យព្រះជាម្ចាស់ជួយខ្ញុំ។
ថ្ងៃមួយ ក្នុងខែមិថុនា ឆ្នាំ ២០១៨ ខ្ញុំបានជិះជណ្ដើរយន្តឡើងទៅលើ ជាមួយមិត្តរួមការងារជាងម្ភៃនាក់។ ក្រោយពេលចាប់ផ្ដើមធ្វើដំណើរ ស្រាប់តែជណ្ដើរយន្តធ្លាក់ចុះមកក្រោមភ្លាមៗ។ វាបានធ្វើឲ្យពួកយើងភ័យស្លន់ស្លោ។ ជណ្ដើរយន្តនោះក៏គាំង ហើយពួកយើងទាំងអស់គ្នាក៏ជាប់នៅខាងក្នុង។ ដោយសារតែគ្មានខ្យល់ចេញចូលនៅក្នុងជណ្ដើរយន្ត មិនយូរប៉ុន្មាន ពួកយើងក៏ចាប់ផ្ដើមពិបាកដកដង្ហើម។ ខ្ញុំទប់ចិត្តមិនឲ្យបារម្ភមិនបានឡើយ។ «ចុះបើជាងជួសជុលមិនមក? តើខ្ញុំនឹងត្រូវថប់ដង្ហើមស្លាប់នៅទីនេះមែនទេ?» នៅពេលនោះ ពន្លឺកិត្តិយស និងលុយកាក់ដែលការងារបង្រៀនបានផ្ដល់ឲ្យខ្ញុំ លែងសំខាន់ទៀតហើយ។ អ្វីដែលខ្ញុំអាចគិតបាន គឺធ្វើយ៉ាងណាឲ្យរួចរស់ជីវិតប៉ុណ្ណោះ។ ខ្ញុំទប់ចិត្តមិននឹកឃើញមិនបានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការជឿលើព្រះជាម្ចាស់នេះ រាល់ពេលដែលខ្ញុំមានការលំបាក អស់សង្ឃឹម និងវង្វេងផ្លូវ គឺតែងតែមានព្រះជាម្ចាស់ ដែលបើកផ្លូវចេញសម្រាប់ខ្ញុំ ហើយបានណែនាំខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ ដោយប្រទានផ្លូវមួយឲ្យខ្ញុំដើរតាម។ ការជឿលើព្រះជាម្ចាស់ ខ្ញុំអាចឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ ស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងមានអារម្មណ៍ដឹងពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអាទិករ។ នេះគឺជាព្រះពររបស់ខ្ញុំ។ ខ្ញុំគួរតែបោះបង់ការងាររបស់ខ្ញុំ ហើយទៅបំពេញភារកិច្ចពេញម៉ោង តែខ្ញុំមិនបានធ្វើដូច្នេះទេ ក៏ព្រោះតែចង់សប្បាយនឹងកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ ពេលនេះ ពេលប្រឈមមុខនឹងសេចក្ដីស្លាប់ ទីបំផុត ខ្ញុំក៏បានឃើញថា កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ គ្រាន់តែជាពពកអណ្ដែតកាត់ប៉ុណ្ណោះ ហើយវាគ្មានន័យទាល់តែសោះ។ នៅពេលនោះ ខ្ញុំចង់សុំជំនួយពីព្រះជាម្ចាស់ តែខ្ញុំខ្មាសអៀនពេក មិនហ៊ានហើបមាត់និយាយ។ «តើព្រះជាម្ចាស់នៅតែមានសេចក្ដីករុណាដល់ខ្ញុំទៀតឬទេ? តើខ្ញុំនឹងនៅតែមានឱកាសដេញតាមជីវិតដ៏មានន័យដែរទេ?» ខ្ញុំអាចត្រឹមតែនិយាយពាក្យចេញពីចិត្តទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ក្រោយពេលជឿលើទ្រង់ ទូលបង្គំមិនបានដេញតាមសេចក្ដីពិតឲ្យបានត្រឹមត្រូវទេ។ ទាល់តែមានហេតុការណ៍នេះកើតឡើងនៅថ្ងៃនេះ ទើបទូលបង្គំយល់ភ្លាមៗថា៖ បើគ្មានសេចក្ដីពិតទេ ពេលសេចក្ដីស្លាប់មកដល់ តើទូលបង្គំមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹមយ៉ាងណាទៅ! ឱព្រះជាម្ចាស់អើយ ទោះបីជាថ្ងៃនេះទូលបង្គំត្រូវស្លាប់នៅទីនេះ ក៏ទូលបង្គំនឹងនៅតែចុះចូលចំពោះការចាត់ចែងរបស់ព្រះអង្គដែរ។ បើទូលបង្គំអាចចេញទៅវិញទាំងរស់ ទូលបង្គំនឹងពិចារណាឡើងវិញពីជីវិតទៅថ្ងៃមុខរបស់ទូលបង្គំជាមិនខាន»។ ចំពេលនោះឯង ខ្ញុំបានឃើញមិត្តរួមការងាររបស់ខ្ញុំទាំងអស់អង្គុយចោងហោងដោយសារខ្វះអុកស៊ីសែន តែស្រាប់តែខ្ញុំមានអារម្មណ៍ថា មានខ្យល់បរិសុទ្ធមួយវូកបក់កាត់ច្រមុះខ្ញុំ។ ខ្ញុំមានការភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង ដោយដឹងថា នេះគឺជាព្រះជាម្ចាស់កំពុងបង្ហាញសេចក្ដីករុណាដល់ខ្ញុំ។ ពេលដែលទ្វារជណ្ដើរយន្តបើកភ្លាម មិត្តរួមការងាររបស់ខ្ញុំនាំគ្នាស្រែកហ៊ោ តែក្នុងចិត្តខ្ញុំវិញ គឺពោរពេញដោយសេចក្ដីដឹងគុណចំពោះព្រះជាម្ចាស់។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានប្រើការខូចជណ្ដើរយន្តនេះ ដើម្បីឲ្យខ្ញុំឆ្លុះបញ្ចាំងពីអត្ថន័យ និងតម្លៃនៃជីវិត។
ក្រោយមក ខ្ញុំបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ហើយក៏ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសារជាតិនៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្វីគ្រប់យ៉ាងដែលមហាបុរស ឬបុគ្គលល្បីល្បាញណាម្នាក់ ឬតាមពិតទៅ នរណាក៏ដោយ ដេញតាមពេញមួយជីវិតរបស់ពួកគេ គឺទាក់ទងតែនឹងពាក្យពីរម៉ាត់នេះប៉ុណ្ណោះ គឺ “កេរ្តិ៍ឈ្មោះ” និង “លាភសក្ការៈ”។ មនុស្សគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីរីករាយនឹងឋានៈខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជីវិត។ ពួកគេគិតថា ពេលណាដែលពួកគេមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ពួកគេមានដើមទុនដើម្បីស្វែងរកការសប្បាយ និងដើម្បីបណ្ដោយខ្លួនក្នុងការសប្បាយខាងសាច់ឈាមតាមអំពើចិត្ត។ ដើម្បីជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈដែលពួកគេប្រាថ្នានេះ មនុស្សបានប្រគល់រូបកាយ ដួងចិត្ត និងអ្វីៗទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេទៅឱ្យសាតាំង ដោយរីករាយ និងដោយមិនដឹងខ្លួន។ ពួកគេធ្វើដូច្នេះដោយប្រគល់ទាំងអស់គ្មានសល់អ្វីឡើយ ដោយគ្មានការសង្ស័យសូម្បីតែបន្ដិច ហើយមិនដែលដឹងថាត្រូវទាមទារយកមកវិញនូវអ្វីៗទាំងអស់ដែលពួកគេធ្លាប់មាននោះទេ។ តើមនុស្សអាចរក្សាការគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ នៅពេលដែលពួកគេបានចុះចូលនឹងសាតាំង ហើយបានស្មោះត្រង់ចំពោះវាបែបនោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលទាំងស្រុងទៅក្នុងទីភក់នេះ ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់ជាប់ផុងក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលយុត្តិធម៌ ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ វាធំខ្លាំងពេកសម្រាប់មនុស្ស ហើយទាំងនេះគឺជាអ្វីៗដែលមនុស្សអាចដេញតាមដោយគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់ពួកគេ ហើយរហូតដល់អស់កល្បជានិច្ចទៀតផង។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ឥឡូវនេះ សូមយើងរំលឹកឡើងវិញ៖ តើសាតាំងប្រើអ្វីដើម្បីរក្សាមនុស្សឱ្យស្ថិតជាប់នៅក្នុងការគ្រប់គ្រងរបស់វា? (គឺកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។) សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យពួកគេមិនគិតពីអ្វីក្រៅពីរឿងទាំងពីរនេះ ហើយធ្វើឱ្យពួកគេតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទ្រាំទ្រការអាម៉ាស់ និងទទួលបន្ទុកធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាង ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញមកលើមនុស្ស ហើយនៅពេលមានខ្នោះទាំងនេះជាប់នឹងខ្លួន ពួកគេមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន ពួកគេរែកពុនខ្នោះទាំងនេះ នៅពេលពួកគេដើរទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ... ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំង ព្រោះអ្នករាល់គ្នាគិតថា បើគ្មានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជីវិតនឹងគ្មានខ្លឹមសារ ហើយមនុស្សនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ មិនអាចមើលឃើញគោលដៅរបស់ពួកគេទៀតទេ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួរ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ មិនអាចនាំមកនូវសុភមង្គលឡើយ ផ្ទុយទៅវិញ ពួកវាគឺជាឧបករណ៍ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យពុករលួយ ចងរឹត និងគ្រប់គ្រងមនុស្ស។ សាតាំងបានបញ្ជ្រាបគំនិតខុសឆ្គងមកក្នុងយើង ដោយធ្វើឲ្យយើងជឿទាំងខុសឆ្គងថា កាលណាមានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺយើងមានអ្វីៗគ្រប់យ៉ាង ថាយើងមិនត្រឹមតែអាចរីករាយនឹងជីវិតដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានការគោរពយ៉ាងខ្លាំងពីអ្នកដទៃទៀតផង។ វាធ្វើឲ្យយើងមានអារម្មណ៍ថា ជីវិតបែបនេះគឺមានតម្លៃ ហើយការរស់នៅបែបនេះនាំមកនូវសុភមង្គល។ ជាលទ្ធផល សង្គមទាំងមូលនាំគ្នាខំប្រជែងយកកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ តែយើងមិនបានដឹងពីចេតនាដ៏អាក្រក់របស់សាតាំង ដែលលាក់បាំងនៅពីក្រោយកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ឡើយ។ ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ យើងត្រូវចំណាយពេល និងកម្លាំងយ៉ាងច្រើន ដោយចូលរួមក្នុងការតស៊ូទាំងកំបាំងមុខ និងចំហមុខ ដោយប្រើកលល្បិចជាច្រើន ហើយមិនត្រឹមតែបូជាសុខភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបោះបង់ចោលមនសិការ សេចក្ដីថ្លៃថ្នូរ និងសេចក្ដីទៀងត្រង់របស់យើងទៀតផង។ ក្រោយពេលទទួលបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ហើយ យើងពិតជារីករាយនឹងសេចក្ដីសុខមួយគ្រាមែន តែវាគ្រាន់តែមួយភ្លែតប៉ុណ្ណោះ។ អ្វីដែលនៅសេសសល់ ភាគច្រើនគឺជាភាពទទេស្អាត ការឈឺចាប់ និងភាពជូរចត់ដែលគ្មានទីបញ្ចប់។ ពេលព្រះជាម្ចាស់យាងមកសង្គ្រោះយើង ហើយតម្រូវឲ្យយើងដេញតាមសេចក្ដីពិត និងដើរលើផ្លូវត្រូវនៃជីវិត យើងបែរជាបដិសេធសេចក្ដីពិតទៅវិញ ដោយសារតែការចំពាក់វាក់វិននឹងកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងអំនួតហួសហេតុ ដែលធ្វើឲ្យបាត់បង់ឱកាសរបស់យើងក្នុងការទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ ហើយចុងក្រោយត្រូវវិនាសទៅជាមួយសាតាំង។ នេះហើយគឺជាចេតនាដ៏អាក្រក់របស់សាតាំង ក្នុងការធ្វើឲ្យយើងដេញតាមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ តាំងពីតូចមក ប៉ាម៉ាក់ខ្ញុំបានប្រាប់ខ្ញុំអំពីស្ថានភាពខុសគ្នានៃអ៊ំស្រី និងមីងរបស់ខ្ញុំ ដោយបញ្ជ្រាបគំនិតមកឲ្យខ្ញុំដូចជា «មនុស្សរស់ត្រូវមានឈ្មោះបោះសំឡេង ដូចសត្វក្ងានហើរត្រូវបន្សល់សំឡេង» និង «ដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ»។ ខ្ញុំបានជឿជាក់ថា មានតែការរៀនចប់សាកលវិទ្យាល័យ និងមានការងារមានស្ថិរភាពដែលធ្វើឱ្យអ្នកដទៃឱ្យតម្លៃប៉ុណ្ណោះ ទើបខ្ញុំអាចមានជីវិតដ៏មានសុភមង្គលបាន។ ដើម្បីរឿងនេះ ខ្ញុំបានខំប្រឹងរៀនសូត្រយ៉ាងខ្លាំង។ ពេលប្រឡងចូលមហាវិទ្យាល័យធ្លាក់លើកទីមួយ ខ្ញុំមានអារម្មណ៍ថា ពិភពលោករបស់ខ្ញុំបានដួលរលំទៅហើយ។ ដើម្បីប្រឡងឲ្យជាប់ ខ្ញុំបានសម្រេចចិត្តរៀនត្រៀមប្រឡងមួយឆ្នាំទៀត ទោះបីជាមានសម្ពាធយ៉ាងខ្លាំងក៏ដោយ ដោយអារម្មណ៍របស់ខ្ញុំតែងតែតានតឹងរាល់ថ្ងៃ។ រាងកាយរបស់ខ្ញុំហត់នឿយហួសពីដែនកំណត់ ហើយខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។ ក្រោយពេលរៀនចប់មហាវិទ្យាល័យ និងចាប់ផ្ដើមធ្វើការ ខ្ញុំបានរៀបចំគ្រប់ម៉ោងបង្រៀនជាសាធារណៈយ៉ាងម៉ត់ចត់ ហើយបំពេញគ្រប់កិច្ចការដែលថ្នាក់ដឹកនាំសាលាប្រគល់ឲ្យបានយ៉ាងល្អ ដោយតែងតែធ្វើការថែមម៉ោង ដើម្បីឲ្យលេចធ្លោជាងគេក្នុងចំណោមគ្រូបង្រៀនជាងមួយរយនាក់ និងដើម្បីទទួលបានការកោតសរសើរ ព្រមទាំងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសាលា និងមិត្តរួមការងារ។ ក្រោយពេលទទួលបានការសរសើរពីថ្នាក់ដឹកនាំសាលា និងមិត្តរួមការងារ ទោះបីជាខ្ញុំទទួលបានកិត្យានុភាពក៏ដោយ ក៏ខ្ញុំហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្តដែរ ហើយព្រលឹងខ្ញុំមានអារម្មណ៍ទទេស្អាត។ ក្រោយពេលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ខ្ញុំបានដឹងថា ពេលវេលាសម្រាប់កិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺខ្លីណាស់ ហើយខ្ញុំគួរតែដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំពេញម៉ោង។ នេះទើបជារឿងដែលមានប្រយោជន៍បំផុតសម្រាប់ជីវិតរបស់ខ្ញុំ។ តែជាតិពុលរបស់សាតាំងដូចជា «មនុស្សរស់ត្រូវមានឈ្មោះបោះសំឡេង ដូចសត្វក្ងានហើរត្រូវបន្សល់សំឡេង» និង «ដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ» បានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តខ្ញុំ ដែលធ្វើឲ្យខ្ញុំមិនព្រមបោះបង់ការងារ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីដេញតាមសេចក្ដីពិតដោយអស់ពីចិត្តរបស់ខ្ញុំឡើយ ហើយវាបានធ្វើបាបខ្ញុំ រហូតដល់ខ្ញុំហត់នឿយយ៉ាងខ្លាំង។ តាមពិតទៅ មិនថាអ្នកមានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ច្រើនប៉ុណ្ណាទេ ពួកវាគ្រាន់តែជាពពកអណ្ដែតកាត់ប៉ុណ្ណោះ។ បើមិនទទួលបានសេចក្ដីពិតទេ មនុស្សនឹងស្លាប់ នៅពេលដែលមហន្តរាយមកដល់។ វាដូចជារលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌា ក្នុងឆ្នាំ ២០០៤ អ៊ីចឹង តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលបានបាត់បង់ជីវិត នៅឯឋានសួគ៌នៃលំហែកាយនោះ? ក្នុងចំណោមពួកគេ ក៏មានមនុស្សដែលមានកេរ្តិ៍ឈ្មោះ និងឋានៈជាច្រើនផងដែរ។ នៅពេលដែលមហន្តរាយវាយប្រហារ លុយកាក់ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ មិនអាចសង្គ្រោះពួកគេបានឡើយ។ ការពិតជាច្រើនបានបញ្ជាក់ថា មិនថាមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ច្រើនប៉ុណ្ណាទេ គឺវាសុទ្ធតែជាភាពទទេស្អាតទាំងអស់ ហើយជីវិតអាចនឹងបាត់បង់ក្នុងមួយប៉ព្រិចភ្នែក។ បើខ្ញុំនៅតែរឹងទទឹង ហើយមិនព្រមភ្ញាក់ខ្លួន បើខ្ញុំមិនឆ្លៀតពេលដើម្បីដេញតាមសេចក្ដីពិតទេ ហើយដល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ទៅ ខ្ញុំនៅតែមិនបានបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិតឲ្យបានគ្រប់គ្រាន់ ហើយនិស្ស័យរបស់ខ្ញុំមិនបានផ្លាស់ប្ដូរនោះ ខ្ញុំនឹងធ្លាក់ចូលក្នុងមហន្តរាយ ហើយដល់ពេលនោះ វាហួសពេលនឹងស្ដាយក្រោយបាត់ទៅហើយ។ ហេតុការណ៍ជណ្ដើរយន្តនេះ បានដាស់ខ្ញុំឲ្យភ្ញាក់ខ្លួន។ ពេលមហន្តរាយមកដល់ គ្មានអ្នកណាក្រៅពីព្រះជាម្ចាស់ ដែលអាចសង្គ្រោះខ្ញុំបានឡើយ។ ហេតុការណ៍នេះ មិនមែនព្រះជាម្ចាស់ចង់យកជីវិតខ្ញុំទេ ប៉ុន្តែគឺជាការដាស់តឿនខ្ញុំឱ្យឆ្លុះបញ្ចាំងពីជីវិត និងឲ្យមើលឃើញយ៉ាងច្បាស់ពីគ្រោះថ្នាក់ ដែលកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍បានបង្កដល់ខ្ញុំវិញទេ ដើម្បីឲ្យខ្ញុំអាចភ្ញាក់ខ្លួនទាន់ពេល និងដើរលើផ្លូវត្រូវក្នុងជីវិត។
ក្រោយមក ប្រធានកងពលតូចសន្តិសុខជាតិ បានទូរសព្ទមកម្ដងទៀត ដើម្បីសួរនាំពីទីតាំងរបស់ខ្ញុំ ហើយថែមទាំងបាននិយាយថា ខ្ញុំមានសំណុំរឿងនៅប៉ូលិស ដូច្នេះ រាល់ពេលខ្ញុំធ្វើដំណើរទៅណាឆ្ងាយ ខ្ញុំត្រូវតែរាយការណ៍ប្រាប់គាត់។ បើពួកគេដឹងថា ខ្ញុំនៅតែជឿលើព្រះជាម្ចាស់ ពួកគេនឹងចាប់ខ្លួនខ្ញុំមិនខាន។ ខ្ញុំពិតជាមានការខឹងសម្បារយ៉ាងខ្លាំង ហើយក៏បានឃើញថា ដរាបណាខ្ញុំនៅតែធ្វើការក្នុងប្រព័ន្ធរបស់បក្សកុម្មុយនីស្តចិន ខ្ញុំនឹងត្រូវពួកគេចងរឹតយ៉ាងជាប់ ដែលមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានទាល់តែសោះ។ រឿងនេះកាន់តែធ្វើឲ្យខ្ញុំដាច់ចិត្ត បោះបង់ការងាររបស់ខ្ញុំចោល។ អំឡុងពេលវិស្សមកាលរដូវក្ដៅ ខ្ញុំបានបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រី។ ពេលដែលគ្មានការងារមកជំពាក់ជំពិន ចិត្តរបស់ខ្ញុំមានភាពស្ងប់ជាងមុនច្រើន ហើយខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលរួមការជួបជុំជាធម្មតាដែរ។ ថ្ងៃមួយ អ្នកមើលការខុសត្រូវ បានសួរខ្ញុំថា តើខ្ញុំស្ម័គ្រចិត្តបំពេញភារកិច្ចពេញម៉ោងដែរឬទេ ហើយគាត់ក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គឲ្យខ្ញុំស្ដាប់៖ «នៅពេលអ្នករាល់គ្នាដើរតាមព្រះជាម្ចាស់ ត្រូវនៅឱ្យឆ្ងាយពីកន្លែងនៃអំពើបាប ហើយនៅឱ្យឆ្ងាយពីក្រុមមនុស្សទុច្ចរិត យ៉ាងហោចណាស់ ក៏គំនិតនិងដួងចិត្តរបស់អ្នក នឹងមិនបន្តរងទុក្ខដោយសេចក្ដីពុករលួយ និងការជាន់ឈ្លីពីសំណាក់សាតាំងដែរ។ អ្នកបានមកដល់ដីបរិសុទ្ធមួយកន្លែង បានចូលមកចំពោះព្រះជាម្ចាស់។ តើនេះមិនមែនសំណាងល្អអស្ចារ្យទេឬអី? មនុស្សចាប់ជាតិសាជាថ្មី ពីមួយជំនាន់ទៅមួយជំនាន់ រហូតមកទល់ពេលសព្វថ្ងៃនេះ ហើយតើពួកគេមានឱកាសបែបនេះច្រើនប៉ុនណា? មានតែមនុស្សដែលកើតនៅក្នុងគ្រាចុងក្រោយនេះទេ ដែលមានឱកាសបែបនេះ មិនអ៊ីចឹង? នេះគឺជារឿងដ៏ល្អខ្លាំងណាស់! នេះមិនមែនជារឿងខាតបង់នោះទេ វាជាសំណាងល្អបំផុត។ អ្នកគួរតែសប្បាយចិត្តខ្លាំងទើបត្រូវ! ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ក្នុងចំណោមភាវៈទាំងឡាយ ក្នុងចំណោមមនុស្សពីរបីពាន់លាននាក់នៅលើផែនដីនេះ តើមានមនុស្សប៉ុន្មាននាក់ដែលមានឱកាសក្នុងការធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះអាទិករនៅក្នុងអត្តសញ្ញាណជាភាវៈដែលព្រះបង្កើតមក ដើម្បីបំពេញភារកិច្ចនិងទំនួលខុសត្រូវរបស់ពួកគេក្នុងចំណោមកិច្ចការរបស់ព្រះជាម្ចាស់ទៅ? តើនរណាដែលមានឱកាសបែបនេះ? តើមានមនុស្សបែបនេះច្រើនដែរឬទេ? មានតិចតួចខ្លាំងណាស់! តើមានផលធៀបប៉ុន្មាន? មួយក្នុងមួយម៉ឺននាក់? អត់ទេ គឺតិចជាងនេះទៅទៀត! ជាពិសេស អ្នករាល់គ្នាដែលអាចប្រើប្រាស់ជំនាញរបស់ខ្លួន និងចំណេះដឹងដែលអ្នករាល់បានរៀនសូត្រ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន តើអ្នកមិនមែនមានព្រះពរខ្លាំងទេឬអី? អ្នកពុំបានធ្វើបន្ទាល់ពីមនុស្សឡើយ ហើយអ្វីដែលអ្នកធ្វើ ក៏មិនមែនជារបរចិញ្ចឹមជីវិតដែរ។ បុគ្គលដែលអ្នកបម្រើ គឺជាព្រះអាទិករ។ នេះគឺជារឿងដ៏ល្អ និងមានតម្លៃបំផុត! អ្នករាល់គ្នាគួរមានមោទនភាពទើបត្រូវ មែនអត់? (យើងគួរមានមោទនភាពមែន។) នៅពេលបំពេញភារកិច្ចរបស់ខ្លួន អ្នករាល់គ្នាទទួលបានការស្រោចស្រព និងការទំនុកបម្រុងពីព្រះជាម្ចាស់។ ជាមួយនឹងមជ្ឈដ្ឋានិងឱកាសដ៏ល្អបែបនេះ ប្រសិនបើអ្នកពុំទទួលបានអ្វីដែលសំខាន់ចាំបាច់ទេ ប្រសិនបើអ្នកពុំទទួលបានសេចក្ដីពិតទេ ដូច្នេះ តើអ្នកនឹងមិនមែនមានអារម្មណ៍ស្ដាយក្រោយអស់មួយជីវិតទេឬអី? ដូច្នេះ អ្នករាល់គ្នាត្រូវតែចាប់យកឱកាសដើម្បីបំពេញភារកិច្ចរបស់ខ្លួន ហើយមិនត្រូវបណ្ដោយឱ្យឱកាសនេះកន្លងផុតទៅនោះទេ។ នៅពេលបំពេញភារកិច្ច ត្រូវដេញតាមសេចក្ដីពិតឱ្យអស់ពីចិត្ត ហើយត្រូវយកសេចក្ដីពិតឱ្យបាន។ នេះគឺជារឿងមានតម្លៃបំផុតដែលអ្នកអាចធ្វើបាន ជាជីវិតដែលមានតម្លៃបំផុត! គ្មានមនុស្សណា ឬក្រុមមនុស្សណាក្នុងចំណោមភាវៈដែលព្រះបានបង្កើតមក ដែលទទួលបានព្រះពរច្រើនជាងអ្នករាល់គ្នាឡើយ។ តើពួកអ្នកមិនជឿព្រះរស់នៅដើម្បីអ្វី? ពួកគេរស់នៅដើម្បីចាប់កំណើតជាថ្មី និងដើម្បីការសប្បាយខាងលោកីយ៍។ តើអ្នករាល់គ្នារស់នៅដើម្បីអ្វី? អ្នករស់នៅដើម្បីបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក។ ជីវិតបែបនេះ គឺមានតម្លៃធំធេងខ្លាំងណាស់!» («តាមរយៈការប្រគល់ដួងចិត្តរបស់ខ្លួនថ្វាយទៅព្រះជាម្ចាស់ នោះគេអាចទទួលបានសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏យល់ថា បើយើងចង់រស់នៅក្នុងជីវិតដ៏មានតម្លៃ និងមានន័យ យើងត្រូវតែដេញតាមសេចក្ដីពិត បំពេញភារកិច្ចរបស់យើង និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើន ដើម្បីយល់ពីសេចក្ដីពិតឲ្យបានកាន់តែច្រើន។ មានតែធ្វើបែបនេះទេ ទើបយើងអាចមានការវែកញែកដឹងអំពីលទ្ធិខុសឆ្គង ភាពខុសឆ្គង និងឧបាយកលផ្សេងៗរបស់សាតាំង ហើយរួចផុតពីចំណង និងការគ្រប់គ្រងរបស់សាតាំង ដើម្បីរស់នៅក្នុងពន្លឺបាន។ ខ្ញុំក៏ដូចគ្នាដែរ។ ខ្ញុំមិនត្រឹមតែមានបំណងប្រាថ្នាយ៉ាងខ្លាំងចំពោះកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងមាននិស្ស័យពុករលួយជាច្រើន ដូចជាភាពអាត្មានិយម ភាពរឹងទទឹង និងភាពក្រអឺតក្រទមផងដែរ។ បើខ្ញុំមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមនសិកា និងឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ទ្រង់ទេ និស្ស័យពុករលួយទាំងនេះនឹងមិនអាចដោះស្រាយបានឡើយ ហើយខ្ញុំនឹងនៅតែរស់នៅក្នុងការឈឺចាប់ និងសេចក្ដីងងឹតដដែល។ ការបោះបង់ការងាររបស់ខ្ញុំ នឹងផ្ដល់ពេលឲ្យខ្ញុំកាន់តែច្រើន ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ដេញតាមសេចក្ដីពិត ដើម្បីដោះស្រាយសេចក្ដីពុករលួយរបស់ខ្ញុំ និងរស់នៅចំពោះព្រះជាម្ចាស់។ ជីវិតបែបនេះទើបជាជីវិតដែលមានសុភមង្គលបំផុត។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលអ្នករាល់គ្នាដើរតាមព្រះជាម្ចាស់ ត្រូវនៅឱ្យឆ្ងាយពីកន្លែងនៃអំពើបាប ហើយនៅឱ្យឆ្ងាយពីក្រុមមនុស្សទុច្ចរិត យ៉ាងហោចណាស់ ក៏គំនិតនិងដួងចិត្តរបស់អ្នក នឹងមិនបន្តរងទុក្ខដោយសេចក្ដីពុករលួយ និងការជាន់ឈ្លីពីសំណាក់សាតាំងដែរ។ អ្នកបានមកដល់ដីបរិសុទ្ធមួយកន្លែង បានចូលមកចំពោះព្រះជាម្ចាស់។ តើនេះមិនមែនសំណាងល្អអស្ចារ្យទេឬអី?» ពេលនោះ ខ្ញុំក៏នឹកឃើញដល់ពេត្រុស។ គាត់បានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះអម្ចាស់យេស៊ូវ ហើយបានដេញតាមសេចក្ដីពិត និងការចុះចូលចំពោះព្រះជាម្ចាស់ពេញមួយជីវិតរបស់គាត់។ ក្រោយពីឆ្លងកាត់ការល្បងលរាប់រយដង ទីបំផុត គាត់ត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍។ ជីវិតបែបនេះទើបជាជីវិតដែលមានន័យ និងមានតម្លៃបំផុត។ នៅពេលយល់ពីរឿងនេះ ខ្ញុំក៏ទទួលបានសេចក្ដីជំនឿ និងបានចាប់ផ្ដើមរៀបចំខ្លួនចាកចេញពីផ្ទះ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។
នៅពេលដែលខ្ញុំកំពុងរៀបចំសរសេរសំបុត្រលាឈប់ពីការងារ ស្រាប់តែខ្ញុំទទួលបានលិខិតតែងតាំងឋានន្តរស័ក្តិវិជ្ជាជីវៈជាន់ខ្ពស់ ពីមន្ទីរអប់រំថ្នាក់ក្រុង។ ដោយមានលិខិតនេះ ខ្ញុំអាចរីករាយនឹងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងនាមជាគ្រូបង្រៀនជាន់ខ្ពស់បាន។ ខ្ញុំមិនត្រឹមតែទទួលបានការគោរពនៅកន្លែងធ្វើការប៉ុណ្ណោះទេ តែប្រាក់ខែប្រចាំឆ្នាំរបស់ខ្ញុំក៏នឹងកើនឡើងជាងមួយម៉ឺនយ័នផងដែរ។ មិនយូរប៉ុន្មាន ប្រធានផ្នែកបង្រៀនរបស់សាលា បានប្រាប់ឲ្យខ្ញុំបំពេញទម្រង់បែបបទ សម្រាប់ពានរង្វាន់គ្រូបង្រៀនឆ្នើមនៅថ្នាក់ស្រុក។ ខ្ញុំស្ទើរតែមិនជឿទាល់តែសោះ។ ក្នុងចំណោមគ្រូបង្រៀនជាងមួយរយនាក់នៅក្នុងសាលា គឺមានតែពីរនាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ នេះគឺជាកិត្តិយស ដែលគ្រូបង្រៀនគ្រប់រូបតែងតែស្រមៃចង់បាន! បើខ្ញុំមិនលាឈប់ទេ ពីរបីថ្ងៃទៀត ខ្ញុំអាចទៅសាលប្រជុំរបស់សាលាស្រុក ដើម្បីទទួលការទទួលស្គាល់ក្នុងទិវាគ្រូបង្រៀនបាន។ ឈ្មោះរបស់ខ្ញុំនឹងត្រូវចុះផ្សាយនៅក្នុងកាសែតអប់រំថ្នាក់ក្រុង ហើយខ្ញុំក៏នឹងទទួលបានប្រាក់រង្វាន់ពីសាលាផងដែរ។ ដោយមានកិត្តិយសទាំងពីរនេះនៅក្នុងដៃ ឆមាសក្រោយច្បាស់ជានាំមកឲ្យខ្ញុំនូវកិត្យានុភាពមិនខាន ហើយក៏មិនដឹងថាមានមិត្តរួមការងារប៉ុន្មាននាក់ទៀត ដែលនឹងច្រណែនខ្ញុំនោះទេ។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថានេះគឺជាសេចក្ដីល្បួងរបស់សាតាំង។ ខ្ញុំបាននឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ទាល់តែអ្នកក្រោកឈរឡើង ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចដល់ព្រះជាម្ចាស់មកធ្វើជាគ្រឿងសាស្ត្រាវុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំងនេះ ទើបអ្នកអាចយកឈ្នះលើសាតាំងទាំងស្រុងបាន និងធ្វើឱ្យវារត់គេច និងប្រែជាកំសាក ពេលណាវាឃើញអ្នក ដូច្នេះ ទើបវាបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង។ ដល់ពេលនោះ ទើបអ្នកនឹងត្រូវសង្គ្រោះ ហើយមានសេរីភាពបាន» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ សាតាំងបានដឹងថាខ្ញុំខ្វល់ខ្វាយពីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដូច្នេះវាបានប្រើកិត្តិយសទាំងពីរនេះមកល្បួងខ្ញុំ ដោយសង្ឃឹមទាំងអសារបង់ថាធ្វើឲ្យខ្ញុំបន្តនៅកន្លែងធ្វើការ ដើម្បីប្រជែងយកកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយត្រូវវាបំផ្លាញ និងគ្រប់គ្រង។ សាតាំងតែងតែប្រើកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដើម្បីចងចិត្តខ្ញុំ និងរារាំងខ្ញុំមិនឲ្យដេញតាមសេចក្ដីពិត។ ខ្ញុំមិនអាចចាញ់បោកល្បិចរបស់វាម្ដងទៀតទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ខ្ញុំមិនសុខចិត្តបាត់បង់ឱកាសក្នុងមួយពាន់ឆ្នាំមានម្តង ដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកនេះឡើយ។ ខ្ញុំត្រូវតែបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត ប្រគល់ជីវិតទៅថ្ងៃមុខរបស់ខ្ញុំថ្វាយព្រះជាម្ចាស់ ហើយដេញតាមការសម្ដែងចេញនូវជីវិតដ៏មានន័យ។ ដូចដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា៖ «ប្រសិនបើអ្នកមានឋានៈខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានចំណេះដឹងដ៏លើសលប់ មានទ្រព្យសម្បត្តិហូរហៀរ និងមានការគាំទ្រពីមនុស្សជាច្រើន ក៏ប៉ុន្តែអ្នកនៅតែមិនជាប់ជំពាក់នឹងរឿងទាំងនេះ ហើយនៅតែមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងការផ្ទុកផ្ដាក់របស់ទ្រង់ ព្រមទាំងធ្វើអ្វីដែលព្រះជាម្ចាស់តម្រូវពីអ្នក នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានអត្ថន័យបំផុតនៅលើផែនដី និងជាកិច្ចការដ៏យុត្តិធម៌បំផុតរបស់មនុស្សជាតិ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅក្នុងលោកនេះ គ្មានអ្វីដែលមានន័យ ឬមានតម្លៃជាងការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតឲ្យបានល្អនោះទេ។ ពេលឆ្លុះបញ្ចាំងពីអតីតកាល ខ្ញុំបានខំប្រឹងធ្វើការ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំសាលា និងមាតាបិតាសិស្ស ប៉ុន្តែខ្ញុំមិនបានបំពេញភារកិច្ចខ្លួនឯងឲ្យបានល្អ ឬទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ ហើយចិត្តខ្ញុំនៅតែទទេស្អាតដដែល។ ពេលនេះ មហន្តរាយដ៏ធំសម្បើមបានចាប់ផ្ដើមហើយ ហើយពេលវេលាមិនរង់ចាំអ្នកណាឡើយ។ មនុស្សជាច្រើនមិនទាន់បានឮដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់នៅឡើយទេ ហើយក៏មិនទាន់មានការចង្អុលបង្ហាញត្រឹមត្រូវក្នុងជីវិតដែរ។ ខ្ញុំត្រូវប្រញាប់ផ្សាយដំណឹងល្អ ដើម្បីឲ្យមនុស្សកាន់តែច្រើនទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ នេះគឺជាបំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់។ នៅពេលយល់ពីរឿងនេះ ខ្ញុំក៏បានដាក់លិខិតលាឈប់ទៅនាយកសាលា។ នាយកសាលាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «មនុស្សជាច្រើនកំពុងប្រជែងគ្នាយកងារនេះ តែអ្នកបែរជាចង់បោះបង់វាទៅវិញ។ អ្នកគួរតែគិតឲ្យបានច្បាស់! បើអ្នកបោះបង់ការងារដ៏ល្អបែបនេះ តើទៅថ្ងៃមុខអ្នកនឹងរស់នៅយ៉ាងដូចម្តេច? បើវាដោយសារតែបន្ទុកការងារ នោះឆ្នាំនេះយើងនឹងកាត់បន្ថយបន្ទុកការងារឲ្យអ្នក។ ខ្ញុំនឹងជួសជុលការិយាល័យរបស់ខ្ញុំ ហើយរៀបចំវាជាការិយាល័យហិរញ្ញវត្ថុសម្រាប់អ្នក។ ខ្ញុំសង្ឃឹមថា អ្នកនឹងនៅបន្តធ្វើការទៀត»។ ពេលឮសម្ដីនាយកសាលា ខ្ញុំលែងស្ទាក់ស្ទើរទៀតហើយ ហើយក៏សម្រេចចិត្តយ៉ាងដាច់អហង្ការថាត្រូវតែចាកចេញ។ ក្រោយពេលត្រឡប់មកផ្ទះវិញ ខ្ញុំបានទុកសំបុត្រមួយច្បាប់សម្រាប់ប៉ាខ្ញុំ ហើយបន្ទាប់មក ក៏យួរវ៉ាលិសចាកចេញពីផ្ទះ ដើម្បីទៅបំពេញភារកិច្ចរបស់ខ្ញុំ។
ខ្ញុំបានគិតដល់រឿងកន្លងមក ដែលខ្ញុំបានដេញតាមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍អស់ជាច្រើនឆ្នាំ ហើយគ្រាន់តែពេញចិត្តនឹងការជឿលើព្រះជាម្ចាស់នៅពេលទំនេរប៉ុណ្ណោះ ដោយមិនសូវបានបំពេញភារកិច្ច ហើយដឹងត្រឹមតែពីការររីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំគ្មានការវែកញែកដឹងអំពីនិស្ស័យពុករលួយ និងទស្សនៈខុសឆ្គងរបស់ខ្ញុំ ព្រមទាំងភាពពិសពុលផ្សេងៗរបស់សាតាំងឡើយ ហើយនិស្ស័យនៃជីវិតរបស់ខ្ញុំ ក៏មិនបានផ្លាស់ប្ដូរទាល់តែសោះដែរ។ ពេលនេះ ខ្ញុំកំពុងបំពេញភារកិច្ចនៅក្នុងពួកជំនុំ ហើយការតែងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឲ្យខ្ញុំយល់ពីសេចក្ដីពិតជាច្រើន។ ជាធម្មតា ពេលខ្ញុំបញ្ចេញឲ្យឃើញនូវនិស្ស័យពុករលួយណាមួយ បងប្អូនប្រុសស្រីតែងតែចង្អុលបង្ហាញឱ្យខ្ញុំឃើញ ហើយពួកគេប្រកបគ្នាជាមួយខ្ញុំ ព្រមទាំងជួយខ្ញុំដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំទទួលបានការស្គាល់ពីខ្លួនឯងខ្លះៗ ហើយជីវិតរបស់ខ្ញុំ ក៏មានការរីកចម្រើនខ្លះដែរ។ ចេញពីជម្រៅចិត្តខ្ញុំ ខ្ញុំមានអារម្មណ៍ថា ការដើរតាមព្រះជាម្ចាស់ គឺជាជម្រើសដ៏ល្អបំផុត ដែលខ្ញុំបានជ្រើសរើសនៅក្នុងជីវិតនេះ។ អរព្រះគុណព្រះជាម្ចាស់!