ជំពូកទី ៧៥
គ្រប់យ៉ាងនឹងត្រូវបានសម្រេចតាមព្រះបន្ទូលដែលខ្ញុំបានថ្លែងចេញភ្លាមៗ ដោយគ្មានការងាករេសូម្បីតែបន្ដិចឡើយ។ ចាប់ពីពេលនេះតទៅ គ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលកប់ទុកនឹងលែងស្រអាប់ ឬគ្របបាំងទៀតហើយ ហើយក៏នឹងត្រូវបើកសម្ដែងចំពោះអ្នករាល់គ្នា ដែលជាកូនស្ងួនភ្ងារបស់ខ្ញុំដែរ។ ខ្ញុំនឹងធ្វើឱ្យអ្នកមើលឃើញទីសម្គាល់ និងការអស្ចារ្យកាន់តែធំនៅក្នុងខ្ញុំ និងថែមទាំងសេចក្តីអាថ៌កំបាំងកាន់តែខ្លាំងទៀតផង។ ការទាំងនេះនឹងប្រាកដជាធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើល និងធ្វើឱ្យអ្នករាល់គ្នាមានការយល់ដឹងកាន់តែប្រសើរអំពីខ្ញុំ ដែលជាព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងនាំឱ្យអ្នកកោតសរសើរចំពោះព្រះប្រាជ្ញាញាណរបស់ខ្ញុំមិនខាន។ សព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវបាននាំមកជួបមុខទល់នឹងមុខជាមួយព្រះដ៏ពិតតែមួយអង្គ ដែលមនុស្សមិនធ្លាប់បានឃើញសោះ តាំងពីកំណើតពិភពលោកមក ហើយគ្មានអ្វីមួយដែលពិសេសអំពីខ្ញុំនោះឡើយ។ ខ្ញុំសោយ រស់នៅ មានបន្ទូល និងសើចសប្បាយជាមួយអ្នករាល់គ្នា ហើយខ្ញុំតែងតែរស់នៅក្នុងអ្នករាល់គ្នា ខណៈស្របពេលនោះ ខ្ញុំក៏កំពុងធ្វើចលនានៅក្នុងចំណោមអ្នករាល់គ្នាផងដែរ។ សម្រាប់អស់អ្នកដែលមិនជឿ ឬអ្នកដែលមានសញ្ញាណអាក្រក់អំពីខ្លួនឯង នេះគឺជាឧបសគ្គជំពប់ដួលមួយ។ នេះហើយគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំនោះ។ ខ្ញុំក៏នឹងបើកសម្ដែងមនុស្សមួយចំនួនអំពីរឿងរ៉ាវដែលភាពជាមនុស្សធម្មតារបស់ខ្ញុំមិនដឹង ប៉ុន្តែការនេះមិនមានន័យថា ខ្ញុំមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ចំណុចនេះបញ្ជាក់គ្រប់គ្រាន់ថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដាវិញទេ។ សម្រាប់មនុស្សដែលជឿ ចំណុចនេះមាននូវឥទ្ធិពលដ៏សំខាន់មួយ ហើយដោយព្រោះតែចំណុចនេះ ពួកគេមានភាពជឿជាក់លើខ្ញុំមួយរយភាគរយ។ ចូរកុំអន្ទះអន្ទែងខ្លាំងពេក។ ខ្ញុំនឹងបើកសម្ដែងរឿងរ៉ាវផ្សេងៗឱ្យអ្នកដឹងម្ដងមួយៗ។
សម្រាប់អ្នករាល់គ្នា ខ្ញុំបើកចំហ និងមិនលាក់បាំងឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកមិនជឿ ជាអ្នកដែលលាក់ពុត ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតជាក់លាក់មួយ ខ្ញុំនឹងបន្តលាក់បាំងតទៅទៀត។ យ៉ាងណាក៏ដោយ កាលលើកមុន នៅពេលដែលខ្ញុំបានមានបន្ទូលអំពីការបើកសម្ដែងអង្គខ្ញុំទៅកាន់មនុស្សទាំងអស់ ខ្ញុំកំពុងតែសំដៅទៅលើសេចក្តីសុចរិត ការជំនុំជម្រះ និងឫទ្ធានុភាពរបស់ខ្ញុំ ដើម្បីឱ្យពួកគេដឹងចេញពីលទ្ធផលដែលពួកគេទទួលបានថា ខ្ញុំគ្រប់គ្រងលើចក្កវាឡ និងរបស់សព្វសារពើ។ ចូរប្រព្រឹត្តយ៉ាងក្លៀវក្លា! ចូរបន្តងើបមុខឡើង! កុំខ្លាចឡើយ៖ ខ្ញុំដែលជាព្រះវរបិតារបស់អ្នករាល់គ្នា នៅទីនេះគាំទ្រដល់អ្នករាល់គ្នាជានិច្ច ហើយអ្នករាល់គ្នានឹងមិនត្រូវរងទុក្ខឡើយ។ ដរាបណាអ្នកអធិស្ឋាន និងទូលអង្វរនៅចំពោះខ្ញុំឱ្យបានញឹកញាប់ នោះខ្ញុំនឹងប្រទានគ្រប់ទាំងសេចក្តីជំនឿលើអ្នករាល់គ្នា។ អស់អ្នកដែលកាន់អំណាចប្រហែលមើលទៅគួរឱ្យកាចសាហាវពីខាងក្រៅ ប៉ុន្តែចូរកុំខ្លាចឡើយ ដ្បិតនេះគឺដោយសារតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចតួចប៉ុណ្ណោះ។ ដរាបណាសេចក្តីជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះវានឹងគ្មានអ្វីមួយពិបាកពេកនោះឡើយ។ ចូរសាទរ ហើយសប្បាយចិត្តចុះ! អ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមជើងរបស់អ្នករាល់គ្នា និងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ខ្ញុំ។ តើសមិទ្ធផល ឬសេចក្តីអន្តរាយមិនត្រូវបានសម្រេចដោយព្រះបន្ទូលមួយម៉ាត់របស់ខ្ញុំទេឬ?
អស់អ្នកដែលខ្ញុំកំពុងតែប្រើប្រាស់នាពេលសព្វថ្ងៃ គឺសុទ្ធតែត្រូវបានយល់ស្របដោយខ្ញុំម្ដងមួយៗ តាំងពីយូរមកហើយ។ ពោលគឺមនុស្សនៅក្នុងក្រុមនៃពួកកូនប្រុសច្បងទាំងនោះត្រូវបានកំណត់ទុករួចជាស្រេច និងត្រូវបានកំណត់ទុកជាមុន តាំងពីខ្ញុំបានបង្កើតពិភពលោកមកម្ល៉េះ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ ហើយគ្រប់យ៉ាងត្រូវតែធ្វើតាមការបញ្ជារបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានទេ។ ការទាំងនេះសុទ្ធតែជាការរៀបចំរបស់ខ្ញុំទាំងអស់។ ជាមួយខ្ញុំ អ្វីៗគ្រប់យ៉ាងនឹងមានស្ថិរភាព និងសុវត្ថិភាព។ ជាមួយខ្ញុំ គ្រប់យ៉ាងនឹងត្រូវបានធ្វើយ៉ាងសមស្រប និងត្រឹមត្រូវ ដោយមិនចាំបាច់ធ្វើការប្រឹងប្រែងសូម្បីតែបន្ដិចឡើយ។ ខ្ញុំមានបន្ទូល ហើយវាត្រូវបានតាំងឡើង។ ខ្ញុំមានបន្ទូល ហើយវាត្រូវបានសម្រេច។ ជាមួយស្ថានភាពវឹកវរជាអន្តរជាតិ ហេតុអ្វីបានជាអ្នករាល់គ្នាមិនប្រញាប់ចាប់ផ្ដើមការបណ្ដុះបណ្ដាលរបស់អ្នកទៅ? តើអ្នកនឹងរង់ចាំដល់ពេលណាទៀត? តើអ្នកនឹងរង់ចាំរហូតដល់ថ្ងៃដែលជនបរទេសហូរចូលក្នុងប្រទេសចិនដូចទឹកបាក់ទំនប់ ដើម្បីជួបជាមួយអ្នករាល់គ្នាឬ? កាលពីមុន អ្នកបានយឺតយ៉ាវបន្ដិចមែន ប៉ុន្តែអ្នកមិនអាចបន្តបណ្ដែតបណ្ដោយខ្លួនបែបនោះទៀតឡើយ! ឱពួកកូនប្រុសរបស់ខ្ញុំអើយ! ចូរគិតគូរដល់បំណងព្រះហឫទ័យដ៏ហ្មត់ចត់របស់ខ្ញុំចុះ! អស់អ្នកដែលចូលជិតខ្ញុំកាន់តែញឹកញាប់នឹងទទួលបានអ្វីៗគ្រប់យ៉ាង។ តើអ្នកមិនទុកចិត្តលើខ្ញុំឬ?
ល្បឿននៃកិច្ចការរបស់ខ្ញុំគឺលឿនដូចជាផ្លេកបន្ទោរ ប៉ុន្តែប្រាកដជាមិនដូចជាសំឡេងផ្គរលាន់ឡើយ។ តើអ្នកយល់អំពីអត្ថន័យដ៏ពិតប្រាកដនៃព្រះបន្ទូលទាំងនេះដែរឬទេ? អ្នករាល់គ្នាត្រូវតែចេះសម្របសម្រួលឱ្យបានប្រសើរជាមួយខ្ញុំ និងចេះគិតគូរដល់បំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកចង់ទទួលបានព្រះពរ ប៉ុន្តែអ្នកក៏ខ្លាចទុក្ខវេទនាផងដែរ។ តើនេះមិនមែនជាភាពផ្ទុយគ្នារបស់អ្នកទេឬ? សូមអនុញ្ញាតឱ្យខ្ញុំមានបន្ទូលប្រាប់អ្នកចុះ! បើបុគ្គលម្នាក់ចង់ទទួលបានព្រះពរនាពេលសព្វថ្ងៃ តែមិនព្រមលះបង់គ្រប់យ៉ាងដល់ទីបំផុតទេ នោះគ្រប់យ៉ាងដែលពួកគេនឹងទទួលបានគឺជាទារុណកម្ម និងការជំនុំជម្រះរបស់ខ្ញុំ។ យ៉ាងណាមិញ អស់អ្នកដែលធ្វើការលះបង់គ្រប់យ៉ាងនឹងដកបទពិសោធនូវសេចក្តីសុខសាន្តនៅក្នុងគ្រប់កិច្ចការ និងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ ហើយអ្វីគ្រប់យ៉ាងដែលពួកគេនឹងទទួលបានគឺជាព្រះពររបស់ខ្ញុំ។ អ្វីដែលត្រូវការបន្ទាន់នាពេលសព្វថ្ងៃគឺជាសេចក្តីជំនឿរបស់អ្នក និងការដែលអ្នករាល់គ្នាត្រូវបង់ថ្លៃ។ ចូរកុំបកស្រាយបំណងព្រះហឫទ័យរបស់ខ្ញុំខុសនោះឡើយ។ អ្វីគ្រប់យ៉ាងនឹងក្លាយជាការពិត ហើយអ្នករាល់គ្នានឹងមើលឃើញវាផ្ទាល់នឹងភ្នែករបស់អ្នក ព្រមទាំងមានបទពិសោធដោយខ្លួនឯង។ គ្មានពាក្យក្លែងក្លាយ ឬការកុហកភូតភរណាមួយនៅជាមួយខ្ញុំឡើយ។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំមានបន្ទូលគឺជាការពិតទាំងស្រុង ហើយក៏មិនខ្វះនូវព្រះប្រាជ្ញាញាណនោះដែរ។ ចូរកុំជឿពាក់កណ្ដាល និងសង្ស័យពាក់កណ្ដាលនោះឡើយ។ គឺជាខ្ញុំហើយដែលសម្រេចអ្វីៗទាំងអស់នៅក្នុងចំណោមអ្នករាល់គ្នា ហើយក៏ជាខ្ញុំផងដែរដែលជំនុំជម្រះ និងជម្រុះអស់អ្នកដែលធ្វើអាក្រក់ចោលនោះ។ ខ្ញុំស្រឡាញ់អ្នករាល់គ្នា ហើយខ្ញុំក៏ប្រោសអ្នកឱ្យគ្រប់លក្ខណ៍ដែរ។ យ៉ាងណាមិញ ចំពោះពួកគេ ខ្ញុំគឺផ្ទុយស្រឡះតែម្ដង៖ ការស្អប់ និងការបំផ្លាញ ដោយគ្មានការអត់ឱន និងដោយគ្មានបន្សល់ដាននោះឡើយ។ ភាពបរិបូណ៌របស់ខ្ញុំគឺមានជាប់នៅក្នុងអ្វីៗគ្រប់យ៉ាងដែលខ្ញុំមានបន្ទូល និងធ្វើ។ តើអ្នករាល់គ្នាធ្លាប់បានពិនិត្យមើលព្រះបន្ទូលទាំងនោះបន្ដិចម្ដងៗដែរឬទេ? ព្រះបន្ទូលមួយចំនួន ខ្ញុំបានមានបន្ទូលជាច្រើនដងហើយ ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់អំពីអត្ថន័យរបស់ខ្ញុំទៀត? ក្រោយពេលអ្នកអានព្រះបន្ទូលរបស់ខ្ញុំរួច តើអ្វីៗគ្រប់យ៉ាងនឹងដូចអ្វីដែលវាគួរតែដូចដែរឬទេ? តើអ្វីគ្រប់យ៉ាងត្រូវបានសម្រេចដែរឬទេ? អ្នកគ្មានចេតនាចង់គិតគូរដល់ព្រះហឫទ័យរបស់ខ្ញុំឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ខ្ញុំជាព្រះដ៏ពិតប្រាកដពេញដោយសិទ្ធិអំណាច ប្រកបដោយព្រះប្រាជ្ញាញាណ ដែលទតមើលជម្រៅនៃដួងចិត្តរបស់មនុស្ស? តើអ្នកនៅតែមិនយល់អំពីអត្ថន័យនៃព្រះបន្ទូលទាំងនេះទៀតឬ? តើអ្នកធ្លាប់បានទន្ទេញព្រះបន្ទូលនីមួយៗដែលខ្ញុំបានគូសបញ្ជាក់ដែរឬទេ? តើព្រះបន្ទូលទាំងនោះបានក្លាយជាគោលការណ៍ចំពោះរបៀបដែលអ្នកប្រព្រឹត្តហើយឬនៅ?
ខ្ញុំឈរនៅពីលើអ្វីៗគ្រប់យ៉ាង ដោយសង្កេតមើលចក្កវាឡទាំងមូល។ ខ្ញុំនឹងបង្ហាញព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងគ្រប់ទាំងព្រះប្រាជ្ញាញាណរបស់ខ្ញុំទៅកាន់គ្រប់ប្រជាជាតិ និងគ្រប់មនុស្ស។ កុំគ្រាន់តែធ្វើអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើ ដើម្បីដេញតាមសេចក្តីសប្បាយនាពេលសព្វថ្ងៃនោះឡើយ។ នៅពេលដែលគ្រប់ប្រជាជាតិនៃពិភពលោកបង្រួបបង្រួមគ្នា តើប្រជាជាតិរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? យ៉ាងណាមិញ ខ្ញុំនឹងមិនបណ្ដោយឱ្យអ្នករាល់គ្នាជួបនូវការខ្វះខាតនាពេលសព្វថ្ងៃឡើយ ហើយខ្ញុំក៏នឹងមិនបណ្ដោយឱ្យអ្នករាល់គ្នារងទុក្ខលំបាកនោះដែរ។ ចូរជឿថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដាចុះ! អ្វីៗគ្រប់យ៉ាងនឹងត្រូវបានសម្រេច និងកាន់តែប្រសើរទៅៗ! ឱពួកកូនប្រុសច្បងរបស់ខ្ញុំអើយ! គ្រប់ទាំងព្រះពរនឹងកើតមានចំពោះអ្នករាល់គ្នាមិនខាន! អ្នករាល់គ្នានឹងរីករាយចំពោះព្រះពរទាំងនោះដោយគ្មានទីបញ្ចប់ មានហូរហែរមិនចេះអស់ សម្បូរហូរហៀរ និងពេញបរិបូណ៌!