ជំពូកទី ៧៦
សូរសៀងរបស់ខ្ញុំគឺជាការសម្ដែងចេញទាំងអស់នៃបំណងព្រះហឫទ័យរបស់ខ្ញុំ។ តើនរណាដែលអាចគិតដល់បន្ទុករបស់ខ្ញុំ? តើនរណាដែលអាចយល់ពីចេតនារបស់ខ្ញុំ? តើអ្នករាល់គ្នាបានគិតដល់សំណួរនីមួយៗដែលខ្ញុំបានលើកឡើងជាមួយអ្នកឬទេ? ពិតជាមិនយកចិត្តទុកដាក់មែន! តើអ្នកហ៊ានរំខានផែនការរបស់ខ្ញុំបានយ៉ាងដូចម្ដេច? អ្នកពិតជាបណ្ដែតបណ្ដោយមែន! ប្រសិនបើកិច្ចការនៃវិញ្ញាណអាក្រក់បែបនេះនៅបន្ត នោះខ្ញុំនឹងបោះពួកវាឱ្យស្លាប់មួយរំពេចទៅក្នុងជង្ហុកធំ! ខ្ញុំបានឃើញយ៉ាងច្បាស់នូវទង្វើនានារបស់វិញ្ញាណអាក្រក់តាំងពីយូរមកហើយ។ ហើយមនុស្សដែលត្រូវបានវិញ្ញាណអាក្រក់ប្រើប្រាស់ (អស់អ្នកដែលមានគោលបំណងខុសឆ្គងអស់អ្នកដែលត្រេកត្រអាលនឹងសាច់ឈាម និងទ្រព្យសម្បត្តិ អស់អ្នកដែលសរសើរខ្លួនឯង អស់អ្នកដែលរំខានក្រុមជំនុំ ។ល។) ត្រូវបានខ្ញុំមើលឃើញធ្លុះម្ដងម្នាក់ៗ។ នៅពេលដែលវិញ្ញាណអាក្រក់ត្រូវបានបណ្ដេញចេញរួចហើយ ចូរកុំសន្មតថា គ្រប់យ៉ាងត្រូវបានបញ្ចប់ឱ្យសោះ។ ខ្ញុំសូមប្រាប់អ្នកចុះ! ចាប់ពីពេលនេះតទៅ ខ្ញុំនឹងកម្ចាត់មនុស្សទាំងនេះម្ដងម្នាក់ៗ ដោយមិនប្រើប្រាស់ពួកគេឡើយ! មានន័យថា បុគ្គលណាក៏ដោយដែលត្រូវបានវិញ្ញាណអាក្រក់ធ្វើឱ្យពុករលួយ នឹងមិនត្រូវបានខ្ញុំប្រើប្រាស់ឡើយ ហើយនឹងត្រូវបានទាត់ចោល! ចូរកុំគិតថា ខ្ញុំមិនមានអារម្មណ៍ឱ្យសោះ! ចូរដឹងអំពីរឿងនេះ! ខ្ញុំគឺជាព្រះជាម្ចាស់ដ៏បរិសុទ្ធ ហើយខ្ញុំនឹងមិនស្នាក់នៅក្នុងព្រះវិហារដែលស្មោកគ្រោកឡើយ! ខ្ញុំប្រើប្រាស់តែមនុស្សស្មោះត្រង់ និងឆ្លាតវៃ ដែលស្មោះត្រង់យ៉ាងពេញលេញចំពោះខ្ញុំ និងគិតដល់បន្ទុករបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺដោយសារតែមនុស្សបែបនេះត្រូវបានកំណត់ទុកជាមុន ហើយច្បាស់ណាស់ គឺគ្មានវិញ្ញាណអាក្រក់កំពុងតែធ្វើការលើពួកគេទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់រឿងមួយ៖ ចាប់ពីពេលនេះតទៅ អស់អ្នកណាដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ គឺមានកិច្ចការរបស់វិញ្ញាណអាក្រក់។ ខ្ញុំសូមបញ្ជាក់សាជាថ្មី៖ ខ្ញុំមិនចង់បានមនុស្សសូម្បីតែម្នាក់ ដែលមានវិញ្ញាណអាក្រក់ធ្វើការឡើយ។ ពួកគេទាំងអស់នឹងត្រូវបោះចោលទៅក្នុងនរកជាមួយនឹងសាច់ឈាមរបស់ពួកគេ!
សេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាកាលពីអតីតកាល មានសភាពធូររលុងបន្តិច ហើយអ្នករាល់គ្នាបានប្រព្រឹត្តខុសឆ្គងនៅពេលដែលសំដៅទៅលើសាច់ឈាម។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនអនុញ្ញាតឱ្យអ្នករាល់គ្នាបន្តធ្វើបែបនេះតទៅទៀតទេ។ ប្រសិនបើពាក្យសម្ដី និងសកម្មភាពរបស់អ្នក មិនបើកបង្ហាញអំពីខ្ញុំក្នុងគ្រប់វិធីនីមួយៗ ឬប្រសិនបើពួកវាខុសតែបន្តិចពីភាពដូចរបស់ខ្ញុំ នោះខ្ញុំច្បាស់ជានឹងមិនឱ្យអ្នករួចខ្លួនបន្តិចឡើយ។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងតែងតែសើចសប្បាយ និងលេងសើច ដោយសើចយ៉ាងក្អាកក្អាយគ្មានចេះប្រមាណឡើយ។ នៅពេលដែលអ្នកធ្វើអ្វីមួយខុស តើអ្នកមិនមានអារម្មណ៍ថា ខ្ញុំបានទុកអ្នកចោលទេឬ? ដោយសារអ្នកពិតជាដឹង ហេតុអ្វីបានជាអ្នកនៅតែប្រព្រឹត្តខុសឆ្គងបែបនេះ? តើអ្នកកំពុងតែរង់ចាំការប៉ះពាល់ដោយព្រះហស្ដនៃការជំនុំជម្រះរបស់ខ្ញុំឬ? ចាប់ពីថ្ងៃនេះ ខ្ញុំនឹងដាក់ទោសភ្លាមៗដល់នរណាម្នាក់ដែលមិនស្របនឹងចេតនារបស់ខ្ញុំ សូម្បីតែម្ដង។ ប្រសិនបើអ្នកអង្គុយជុំគ្នានិយាយដើមគេ នោះខ្ញុំនឹងចាកចេញពីអ្នក។ ចូរកុំនិយាយ ប្រសិនបើអ្នកមិនផ្ដល់ការចែកចាយខាងវិញ្ញាណ។ ខ្ញុំមានបន្ទូលនេះ មិនមែនបង្អាក់អ្នករាល់គ្នាទេ ប៉ុន្តែខ្ញុំមានន័យថា ដោយសារតែកិច្ចការរបស់ខ្ញុំបានដំណើរការទៅមុខរហូតមកដល់ចំណុចពេលនេះ ដូច្នេះខ្ញុំនឹងបន្តកិច្ចការនោះទៅតាមផែនការរបស់ខ្ញុំ។ ប្រសិនបើអ្នករាល់គ្នាអង្គុយជុំគ្នា ចែករំលែកអំពីអ្វីៗខាងវិញ្ញាណនៅក្នុងជីវិត នោះខ្ញុំច្បាស់នឹងជានៅជាមួយអ្នករាល់គ្នា។ ខ្ញុំនឹងមិនប្រព្រឹត្តចំពោះនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដោយអយុត្តិធម៌ទេ។ ប្រសិនបើអ្នកបើកមាត់របស់អ្នក ខ្ញុំនឹងប្រទានព្រះបន្ទូលសមស្របដល់អ្នក។ អ្នកត្រូវតែកោតសរសើរពីទឹកព្រះទ័យរបស់ខ្ញុំចេញពីក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ខ្ញុំនឹងមិនមានបន្ទូលប្រាប់អ្នករាល់គ្នាឱ្យធ្វើពុតជាស្ងៀមស្ងាត់ ហើយក៏មិនប្រាប់អ្នករាល់គ្នាឱ្យចូលរួមក្នុងការជជែកដ៏តូចតាចឡើយ។
ហេតុអ្វីបានជាខ្ញុំចេះតែមានបន្ទូលថា មានពេលមិនច្រើនទេដែលនៅសល់ ហើយថាថ្ងៃរបស់ខ្ញុំមិនត្រូវបានពន្យារពេលដូច្នោះ? តើអ្នករាល់គ្នាបានគិតអំពីរឿងនេះយ៉ាងយកចិត្តទុកដាក់ទេ? តើអ្នកពិតជាយល់អត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំទេ? មានន័យថា ខ្ញុំបានធ្វើការតាំងពីខ្ញុំបានចាប់ផ្ដើមមានបន្ទូលមកម្ល៉េះ។ អ្នករាល់គ្នាម្នាក់ៗ គឺជាកម្មវត្ថុនៃកិច្ចការរបស់ខ្ញុំ។ មិនមាននរណាម្នាក់លើកលែងឡើយ ហើយជាងនេះទៅទៀត ក៏គ្មាននរណាផ្សេងដែរ។ អ្នករាល់គ្នាគ្រាន់តែព្រួយបារម្ភអំពីការមិនរីករាយនឹងព្រះពរប៉ុណ្ណោះ ប៉ុន្តែអ្នកមិនគិតអំពីជីវិតរបស់អ្នកឡើយ។ អ្នកអីក៏ល្ងង់ម៉្លេះ! អ្នកគួរឱ្យអាណិតណាស់! អ្នកមិនគិតដល់បន្ទុករបស់ខ្ញុំទាល់តែសោះ!
រាល់ការប្រឹងប្រែងដ៏ផ្ចិតផ្ចង់របស់ខ្ញុំ និងតម្លៃដែលខ្ញុំបានបង់ គឺសម្រាប់ប្រយោជន៍របស់អ្នករាល់គ្នា។ ប្រសិនបើអ្នកមិនគិតដល់បន្ទុករបស់ខ្ញុំទេ នោះអ្នករាល់គ្នាមិនបានរស់នៅទៅតាមការរំពឹងរបស់ខ្ញុំចំពោះអ្នករាល់គ្នាទេ។ ជាតិសាសន៍ទាំងអស់កំពុងតែរង់ចាំឱ្យអ្នករាល់គ្នាគ្រប់គ្រង ហើយមនុស្សទាំងអស់កំពុងតែរង់ចាំអ្នករាល់ត្រួតត្រាពួកគេ។ ខ្ញុំបានផ្ទេរគ្រប់យ៉ាងទៅក្នុងដៃរបស់អ្នករាល់គ្នា។ ពេលនេះ អស់អ្នកដែលកំពុងកាន់អំណាចទាំងអស់បានចាប់ផ្ដើមចុះចេញពីតំណែង ហើយបានដួលរលំហើយ ហើយពួកគេគ្រាន់តែរង់ចាំការជំនុំជម្រះរបស់ខ្ញុំធ្លាក់មកលើពួកគេប៉ុណ្ណោះ។ ចូរមើលឱ្យច្បាស់! ពិភពលោកកំពុងតែបែកបាក់ ខណៈដែលនគររបស់ខ្ញុំត្រូវបានកសាងឡើងយ៉ាងជោគជ័យ។ ពួកកូនប្រុសរបស់ខ្ញុំបានលេចមក ហើយពួកកូនប្រុសច្បងរបស់ខ្ញុំសោយរាជ្យជាស្ដេចជាមួយខ្ញុំ ដោយត្រួតត្រាលើជាតិសាសន៍ និងមនុស្សនានា។ ចូរកុំគិតថានេះគឺជារឿងស្រពេចស្រពិលឱ្យសោះ។ វាគឺជាសេចក្ដីពិតដ៏ច្បាស់ក្រឡែត។ តើមិនអ៊ីចឹងទេឬ? នៅពេលដែលអ្នករាល់គ្នាអធិស្ឋាន និងអង្វរសុំខ្ញុំ នោះខ្ញុំនឹងធ្វើសកម្មភាពភ្លាមៗ ហើយដាក់ទោសអស់អ្នកណាដែលធ្វើទុក្ខបុកម្នេញដល់អ្នករាល់គ្នា ខ្ញុំនឹងដោះស្រាយជាមួយអស់អ្នកដែលរំខានអ្នករាល់គ្នា ខ្ញុំនឹងបំផ្លាញអស់អ្នកដែលអ្នករាល់គ្នាស្អប់ ហើយខ្ញុំនឹងគ្រប់គ្រងមនុស្ស ហេតុការណ៍ និងអ្វីៗទាំងអស់ដែលបម្រើអ្នករាល់គ្នា។ ខ្ញុំបានមានបន្ទូលដូច្នេះជាច្រើលើក៖ ខ្ញុំនឹងមិននាំយកការសង្គ្រោះដល់នរណាដែលធ្វើការបម្រើព្រះគ្រីស្ទឡើយ (មានន័យថា នរណាដែលបម្រើបុត្រារបស់ខ្ញុំ)។ ការបម្រើបុត្រារបស់ខ្ញុំ មិនមានន័យថា ពួកគេគឺជាមនុស្សល្អឡើយ។ វាសុទ្ធតែជាលទ្ធផលនៃព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងទង្វើដ៏អស្ចារ្យរបស់ខ្ញុំ។ ចូរកុំផ្ដល់សារៈសំខាន់ខ្លាំងពេកទៅលើមនុស្ស។ មនុស្សបែបនេះ ច្បាស់ជាមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ ហើយមិនយល់រឿងខាងវិញ្ញាណទាល់តែសោះ។ ពួកគេនឹងគ្មានប្រយោជន៍ទៀតទេ បន្ទាប់ពីខ្ញុំបញ្ចប់ជាមួយពួកគេ។ ចូរចងចាំរឿងនេះ! នេះគឺជាការបញ្ជាក់របស់ខ្ញុំទៅកាន់អ្នករាល់គ្នា។ ចូរកុំយល់ដោយព្រាវៗឱ្យសោះ យល់ឬនៅ?
មានមនុស្សកាន់តែតិចទៅៗ ប៉ុន្តែសមាជិកត្រូវបានបន្សុទ្ធកាន់តែច្រើនមិនធ្លាប់មាន។ នេះគឺជាកិច្ចការរបស់ខ្ញុំ ជាផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយជាងនេះទៅទៀត ជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងជាសព្វានុភាពរបស់ខ្ញុំ។ វាគឺជាការស្រុះស្រួលគ្នានៃភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ និងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ។ តើអ្នករាល់គ្នាមើលឃើញវាយ៉ាងច្បាស់ទេ? តើអ្នកមានកាយល់ដឹងដ៏ពិតប្រាកដណាមួយអំពីចំណុចនេះទេ? តាមរយៈភាពជាព្រះរបស់ខ្ញុំ នោះខ្ញុំនឹងសម្រេចម្ដងមួយៗ នូវគ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូលចេញពីភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ។ នេះគឺជាមូលហេតុដែលខ្ញុំបន្តមានបន្ទូលម្ដងហើយម្ដងទៀតថា អ្វីដែលខ្ញុំមានបន្ទូលនឹងកើតឡើងដោយគ្មានភាពស្រពេចស្រពិលណាមួយឡើយ។ ផ្ទុយទៅវិញ ការទាំងអស់នោះនឹងច្បាស់លាស់ ហើយជាក់ច្បាស់។ គ្រប់យ៉ាងដែលខ្ញុំមានបន្ទូលនឹងត្រូវបានសម្រេច ហើយច្បាស់ជាមិនមែនធ្វេសប្រហែសឡើយ។ ខ្ញុំមិនមានបន្ទូលពាក្យឥតបានការឡើយ ហើយខ្ញុំមិនបង្កើតកំហុសឡើយ។ អ្នកណាក៏ដោយដែលហ៊ានវាស់ស្ទង់ខ្ញុំ នឹងត្រូវបានជំនុំជម្រះ ហើយនឹងច្បាស់ជាមិនអាចរត់គេចពីបាតព្រះហស្ដរបស់ខ្ញុំបានឡើយ។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានមានបន្ទូល តើនរណាហ៊ានជំទាស់? តើនរណាហ៊ានអូសទាញខ្ញុំ ឬលាក់បាំងអ្វីមួយពីខ្ញុំ? ខ្ញុំបានមានបន្ទូលដូច្នេះពីមុនមក៖ ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកដោយព្រះប្រាជ្ញាញាណ។ ខ្ញុំប្រើប្រាស់ភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ ដើម្បីបើកសម្ដែងមនុស្សទាំងអស់ និងឥរិយាបថបែបសាតាំង បើកបង្ហាញអស់អ្នកដែលមានបំណងអាក្រក់ អស់អ្នកដែលប្រព្រឹត្តមួយបែបនៅចំពោះមុខអ្នកដទៃ ហើយប្រព្រឹត្តមួយបែបទៀតនៅពីក្រោយខ្នងពួកគេ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ អស់អ្នកដែលមិនស្មោះត្រង់ចំពោះខ្ញុំ អស់អ្នកដែលឈ្លក់នឹងលុយ អស់អ្នកដែលមិនគិតដល់បន្ទុករបស់ខ្ញុំ អស់អ្នកដែលប្រព្រឹត្តការបោកបញ្ឆោត និងលិ្បចកលជាមួយបងប្អូនប្រុសស្រីរបស់ពួកគេ អស់អ្នកដែលនិយាយដោយអណ្ដាតបោកប្រាស់ដើម្បីធ្វើឱ្យអ្នកដទៃមានអំណរ និងអស់អ្នកដែលមិនអាចស្រុះស្រួលជាមួយបងប្អូនប្រុសស្រីរបស់ពួកគេយ៉ាងអនាមិកនៅក្នុងចិត្ត និងគំនិត។ មនុស្សច្រើនណាស់ ប្រឆាំងខ្ញុំយ៉ាងសម្ងាត់ដោយសារតែភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ ហើយប្រព្រឹត្តការបោកបញ្ឆោត និងប្រើល្បិចកល ដោយសន្និដ្ឋានថា ភាពជាមនុស្សសាមញ្ញរបស់ខ្ញុំមិនដឹង។ ហើយមនុស្សច្រើនណាស់ដែលយកចិត្តទុកដាក់ជាពិសេសទៅលើភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ ដោយថ្វាយនូវអ្វីដែលល្អឱ្យខ្ញុំហូប និងផឹក ដោយបម្រើខ្ញុំដូចជាអ្នកបម្រើអ៊ីចឹង ហើយនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេមកកាន់ខ្ញុំ តែក្រោយមកប្រព្រឹត្តផ្សេងទាំងស្រុងនៅពីក្រោយខ្នងរបស់ខ្ញុំ។ ឱ មនុស្សខ្វាក់អើយ! អ្នកស្គាល់ខ្ញុំតិចពេកហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលទតមើលយ៉ាងជ្រៅទៅក្នុងចិត្តរបស់មនុស្ស។ អ្នកនៅតែមិនស្គាល់ខ្ញុំ សូម្បីតែពេលនេះក៏ដោយ។ អ្នកនៅតែគិតថា ខ្ញុំមិនដឹងអ្វីដែលអ្នកកំពុងធ្វើ។ ចូរគិតត្រឡប់ក្រោយ៖ តើមនុស្សប៉ុន្មាននាក់ដែលត្រូវបានបំផ្លាញខ្លួនឯង ដោយសារតែភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ? ចូរភ្ញាក់ខ្លួនឡើង! ចូរកុំបោកបញ្ឆោតខ្ញុំតទៅទៀត។ អ្នកត្រូវតែបង្ហាញរាល់ការប្រព្រឹត្ត និងឥរិយាបថរបស់អ្នក ពាក្យសម្ដី និងទង្វើនីមួយៗរបស់អ្នកនៅចំពោះខ្ញុំ ហើយទទួលយកការត្រួតពិនិត្យរបស់ខ្ញុំទៅលើវា។