ជំពូកទី ៦
ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាសិរសានៃរបស់សព្វសារពើ កាន់កាប់អំណាចជាស្ដេចរបស់ទ្រង់ចេញពីបល្ល័ង្ករបស់ទ្រង់។ ទ្រង់ត្រួតត្រាលើពិភពលោក និងរបស់សព្វសារពើ ហើយទ្រង់កំពុងតែដឹកនាំពួកយើងនៅលើផែនដីទាំងមូល។ ពួកយើងនឹងនៅឱ្យជិតទ្រង់គ្រប់ពេលវេលា ហើយមកចំពោះព្រះភ័ក្រ្ដរបស់ទ្រង់ដោយភាពស្ងៀមស្ងាត់ មិនឱ្យខកខានសូម្បីតែមួយពេលឡើយ ហើយជាមួយនឹងមេរៀនសម្រាប់ពួកយើងរៀនគ្រប់ពេលវេលា។ គ្រប់យ៉ាង ចាប់ពីបរិស្ថានជុំវិញ រហូតដល់មនុស្ស កិច្ចការ និងអ្វីៗ គឺទាំងអស់នេះកើតមានដោយការអនុញ្ញាតនៃបល្ល័ង្ករបស់ទ្រង់។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំឱ្យសេចក្ដីទុក្ខសោកកើតឡើងនៅក្នុងចិត្តរបស់អ្នកឱ្យសោះ បើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងមិនប្រទានព្រះគុណរបស់ទ្រង់ដល់អ្នកឡើយ។ នៅពេលកើតមានជំងឺ នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយច្បាស់ណាស់ថា នៅក្នុងនោះ មានបំណងព្រះហឫទ័យដ៏សប្បុរសរបស់ទ្រង់។ ទោះបីជារូបកាយរបស់អ្នកអាចរងការឈឺចាប់បន្តិចក៏ដោយ ក៏មិនត្រូវទទួលយកយោបល់ពីសាតាំងដែរ។ ចូរសរសើរតម្កើងព្រះជាម្ចាស់ទោះកំពុងស្ថិតក្នុងស្ថានភាពមានជំងឺ ហើយរីករាយនឹងព្រះជាម្ចាស់នៅក្នុងការសរសើរតម្កើង។ ចូរកុំបាក់ទឹកចិត្តនៅពេលមានជំងឺឡើយ ចូរបន្តស្វែងរកម្ដងហើយម្ដងទៀត និងចូរកុំបោះបង់ ហើយព្រះជាម្ចាស់នឹងស្រាយបំភ្លឺអ្នកដោយពន្លឺរបស់ទ្រង់។ តើសេចក្ដីជំនឿរបស់យ៉ូបមានលក្ខណៈដូចម្ដេច? ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាគ្រូពេទ្យដ៏មានអំណាចគ្រប់យ៉ាង! ដើម្បីរស់នៅក្នុងជំងឺគឺត្រូវតែឈឺ ប៉ុន្តែដើម្បីរស់នៅក្នុងវិញ្ញាណ គឺត្រូវមានសុខភាពល្អ។ ដូច្នេះ ដរាបណាអ្នកនៅសល់មួយដង្ហើម នោះព្រះជាម្ចាស់នឹងមិនឱ្យអ្នកស្លាប់ឡើយ។
នៅក្នុងខ្លួនរបស់ពួកយើង ពួកយើងមានជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ជារឿងដែលមិនអាចប្រកែកបាននោះគឺ ពួកយើងខ្វះសេចក្ដីជំនឿនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់៖ សូមព្រះជាម្ចាស់ដាក់សេចក្ដីជំនឿដ៏ពិតនៅក្នុងចំណោមពួកយើងផង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាផ្អែមមែន! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាឱសថដ៏មានអានុភាព! វាធ្វើឱ្យសាតាំងអាម៉ាស់! ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ដល់ឱ្យយើងនូវជំនួយ។ ព្រះបន្ទូលរបស់ទ្រង់ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីសង្គ្រោះចិត្តរបស់យើង! បន្ទូលទាំងនេះកំចាត់របស់សព្វសារពើ ហើយធ្វើឱ្យគ្រប់យ៉ាងមានសន្តិភាព។ សេចក្ដីជំនឿប្រៀបដូចឈើមួយដើមធ្វើស្ពាន៖ ប្រសិនបើភ័យខ្លាចធ្លាក់ស្លាប់ មុខជាពិបាកឆ្លងផុតណាស់ ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាខ្លួន អាចឆ្លងកាត់ មានជំហររឹងមាំ និងមិនមានការព្រួយបារម្ភឡើយ។ ប្រសិនបើមនុស្សមានគំនិតភ័យខ្លាច និងកំសាក នោះគឺដោយសារតែសាតាំងបានបំភាន់ពួកគេ ដោយខ្លាចថាពួកយើងនឹងឆ្លងស្ពាននៃសេចក្ដីជំនឿចូលទៅក្នុងព្រះជាម្ចាស់។ សាតាំងកំពុងតែព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ជូនគំនិតរបស់វាមកកាន់ពួកយើង។ ពួកយើងគួរតែអធិស្ឋានទៅរកព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីស្រាយបំភ្លឺពួកយើងដោយពន្លឺរបស់ទ្រង់ ចូរពឹងផ្អែកលើព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីកម្ចាត់ពិសរបស់សាតាំងចេញពីក្នុងពួកយើងគ្រប់ពេលវេលា ចូរអនុវត្តនៅក្នុងវិញ្ញាណរបស់ពួកយើង អំពីវិធីដើម្បីចូលទៅជិតព្រះជាម្ចាស់ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើភាវៈទាំងមូលរបស់យើង។