ជំពូកទី ៦៥
ព្រះបន្ទូលរបស់ខ្ញុំតែងតែសំដៅលើភាពងាយរងគ្រោះរបស់អ្នករាល់គ្នា មានន័យថា ព្រះបន្ទូលនោះចង្អុលបង្ហាញអំពីភាពទន់ខ្សោយបណ្ដាលឱ្យស្លាប់របស់អ្នករាល់គ្នា។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងនៅតែពន្យារពេល ដោយមិនដឹងថា ពេលនេះម៉ោងប៉ុន្មានឡើយ! ខ្ញុំប្រើប្រាស់មាគ៌ានៃសេចក្ដីស្រឡាញ់ដើម្បីសង្គ្រោះអ្នករាល់គ្នា។ មិនថាអ្នករាល់គ្នាធ្វើសកម្មភាពបែបណាទេ ខ្ញុំនឹងប្រាកដជាសម្រេចអ្វីៗដែលខ្ញុំបានឯកភាព ហើយមិនបង្កើតកំហុសណាមួយទាល់តែសោះ។ តើខ្ញុំ ដែលជាព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាដ៏សុចរិត អាចបង្កើតកំហុសទៅរួចទេ? តើនោះមិនមែនជាសញ្ញាណរបស់មនុស្សទេឬ? ប្រាប់ខ្ញុំមក៖ តើគ្រប់យ៉ាងដែលខ្ញុំធ្វើ និងមានបន្ទូល មិនមែនសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នាទេឬ? មនុស្សមួយចំនួននឹងនិយាយដោយបន្ទាបខ្លួនថា៖ «ឱព្រះជាម្ចាស់អើយ! គ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសម្រាប់ពួកទូលបង្គំហើយ ប៉ុន្តែពួកទូលបង្គំមិនដឹងថាត្រូវសហការជាមួយទ្រង់ដោយរបៀបណាឡើយ។» ពិតជាភ្លីភ្លើមែន! អ្នកថែមទាំងនិយាយទាំងខុសថា អ្នកមិនដឹងថាត្រូវសហការជាមួយខ្ញុំដោយបែបណាថែមទៀត! ទាំងនេះ សុទ្ធតែជាការភូតកុហកដ៏គួរឱ្យអាម៉ាស់! ដោយសារតែអ្នករាល់គ្នាបាននិយាយបែបនោះ ហេតុអ្វីបានជានៅក្នុងតថភាពជាក់ស្ដែង អ្នកបែរជាបង្ហាញការយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតចំពោះសាច់ឈាមទៅវិញ? ពាក្យសម្ដីរបស់អ្នកស្ដាប់ទៅពីរោះ ប៉ុន្តែអ្នកមិនធ្វើខ្លួនក្នុងលក្ខណៈគួរជាទីពេញចិត្ត និងងាយស្រួលឡើយ។ អ្នកត្រូវតែយល់អំពីបញ្ហានេះ៖ ខ្ញុំមិនបានសុំអ្វីច្រើនពីអ្នករាល់គ្នាទេនៅថ្ងៃនេះ ហើយសេចក្ដីតម្រូវរបស់ខ្ញុំក៏មិនហួសពីការយល់ដឹងរបស់អ្នកដែរ។ ផ្ទុយទៅវិញ មនុស្សអាចសម្រេចសេចក្ដីតម្រូវនោះបាន។ ខ្ញុំមិនបានឱ្យតម្លៃអ្នករាល់គ្នាហួសបន្តិចសោះឡើយ។ តើខ្ញុំមិនដឹងពីកម្រិតសមត្ថភាពរបស់មនុស្សទេឬ? ខ្ញុំមានការយល់ដឹងពីសមត្ថភាពរបស់មនុស្សច្បាស់លាស់ណាស់។
ព្រះបន្ទូលរបស់ខ្ញុំបំភ្លឺអ្នករាល់គ្នាជានិច្ច ប៉ុន្តែដួងចិត្តរបស់អ្នករាល់គ្នារឹងពេក ហើយអ្នកមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់អ្នកបាន! ប្រាប់ខ្ញុំមក៖ តើខ្ញុំបានរំលឹកអ្នកប៉ុន្មានដង កុំឱ្យផ្ដោតសំខាន់ទៅលើម្ហូបអាហារ សម្លៀកបំពាក់ ឬរូបរាងខាងក្រៅរបស់អ្នក ហើយផ្ទុយទៅវិញ ឱ្យអ្នកផ្ដោតសំខាន់ទៅលើជីវិតខាងក្នុងរបស់អ្នក? អ្នករាល់គ្នាមិនស្ដាប់សោះ។ ខ្ញុំនឿយហត់នឹងមានព្រះបន្ទូលណាស់។ តើអ្នកស្ពឹកបែបនេះហើយមែនទេ? តើអ្នកមិនដឹងអ្វីទាល់តែសោះឬ? តើអាចថាព្រះបន្ទូលរបស់ខ្ញុំ បានថ្លែងទៅដោយអសារឥតការ? តើខ្ញុំបានមានបន្ទូលអ្វីខុសទេ? ពួកកូនប្រុសរបស់ខ្ញុំអើយ! ចូរយកចិត្តទុកដាក់ពីបំណងព្រះហឫទ័យដ៏ស្មោះត្រង់របស់ខ្ញុំផង! នៅពេលដែលជីវិតរបស់អ្នករាល់គ្នាមានភាពចាស់ទុំ នោះនឹងលែងត្រូវការព្រួយបារម្ភទៀតហើយ ហើយគ្រប់យ៉ាងនឹងត្រូវបានទំនុកបម្រុង។ ការផ្ដោតលើរបស់ទាំងនោះឡើយនៅពេលនេះ គ្មានតម្លៃអ្វីទេ។ នគររបស់ខ្ញុំត្រូវបានសម្រេចទាំងស្រុងហើយ ហើយវាបានចុះមកក្នុងពិភពលោកនេះដោយបើកចំហរួចហើយ។ នេះបញ្ជាក់ថា ការជំនុំជម្រះរបស់ខ្ញុំបានមកដល់ទាំងស្រុងហើយ។ តើអ្នកធ្លាប់មានបទពិសោធន៍អំពីការជំនុំជម្រះរបស់ខ្ញុំទេ? ខ្ញុំស្ទាក់ស្ទើរក្នុងការជំនុំជម្រះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមិនបង្ហាញការយកចិត្តទុកដាក់ចំពោះព្រះទ័យរបស់ខ្ញុំទាល់តែសោះ។ បំណងព្រះហឫទ័យរបស់ខ្ញុំ គឺឱ្យអ្នករាល់គ្នានឹងទទួលបាននូវការមើលថែ និងការការពារពីក្ដីស្រឡាញ់របស់ខ្ញុំជានិច្ច ជាជាងទទួលនូវការជំនុំជម្រះដោយឥតសេចក្ដីមេត្តាករុណា។ តើអាចថា អ្នករាល់គ្នាសុខចិត្តទទួលការជំនុំជម្រះដែរទេ? ប្រសិនបើអត់ តើហេតុអ្វីបានអ្នកមិនមកជិតខ្ញុំម្ដងហើយម្ដងទៀត មិនប្រកបគ្នាជាមួយខ្ញុំ និងមិនមានទំនាក់ទំនងជាមួយខ្ញុំ? អ្នកប្រព្រឹត្តដាក់ខ្ញុំដូចគ្មានអារម្មណ៍អ្វីសោះ ប៉ុន្តែនៅពេលសាតាំងផ្ដល់គំនិតដល់អ្នក នោះអ្នកមានអារម្មណ៍រីករាយ ដោយគិតថា គំនិតនោះស្របគ្នានឹងបំណងផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ ប៉ុន្តែអ្វីដែលអ្នកធ្វើ មិនមែនដើម្បីប្រយោជន៍ខ្ញុំឡើយ។ តើអ្នករាល់គ្នាតែងចង់ប្រព្រឹត្តដាក់ខ្ញុំយ៉ាងសាហាវឃោរឃៅរហូតមែនទេ?
មិនមែនខ្ញុំមិនចង់ប្រទានដល់អ្នករាល់គ្នាទេ ប៉ុន្តែអ្នករាល់គ្នាមិនសុខចិត្តលះបង់ទេតើ។ ដូច្នេះហើយ ដៃអ្នកទទេ គ្មានអ្វីកាន់ទាល់តែសោះ។ តើអ្នករាល់គ្នាមិនឃើញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកំពុងវិវឌ្ឍទៅមុខលឿនប៉ុនណាទេឬ? តើអ្នកមិនឃើញថា ព្រះទ័យរបស់ខ្ញុំកំពុងកង្វល់ទេឬ? ខ្ញុំសុំឱ្យអ្នករាល់គ្នាសហការជាមួយខ្ញុំ ប៉ុន្តែអ្នកនៅតែមិនព្រមសហការដដែល។ គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ប្រទេស និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះមហន្តរាយ៖ គ្រោះកាច គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ នឹងមិនត្រឹមតែកើតឡើងតែមួយ ឬពីរកន្លែងប៉ុណ្ណោះទេ ហើយក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ផ្ទុយទៅវិញ គ្រោះមហន្តរាយទាំងនោះ នឹងរាលដាលពេញតំបន់ កាន់តែធំទៅៗ ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ អំឡុងពេលនេះ បញ្ហាសត្វល្អិតចង្រៃរាតត្បាតគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្ស នឹងកើតមានឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើបណ្ដាប្រទេស និងមនុស្សជាច្រើនអនេក។ ពួកកូនប្រុសខ្ញុំអើយ! អ្នករាល់គ្នាមិនត្រូវរងការឈឺចាប់ ឬការលំបាកនៃគ្រោះមហន្តរាយឡើយ។ ព្រះរាជបំណងរបស់ខ្ញុំ គឺចង់ឱ្យអ្នករាល់គ្នាបានធំពេញវ័យឆាប់រហ័ស ហើយជួយរែកបន្ទុកដែលនៅលើស្មារបស់ខ្ញុំ។ ហេតុអ្វីបានជាអ្នកមិនយល់ពីព្រះរាជបំណងរបស់ខ្ញុំទៀត? កិច្ចការនៅខាងមុខ នឹងកាន់តែពិបាកទៅៗ។ តើអ្នករាល់គ្នាអត់ចិត្តរហូតដល់ថ្នាក់ទុកឱ្យខ្ញុំរវល់ដកដៃមិនរួច ដោយត្រូវធ្វើការយ៉ាងលំបាកដោយអង្គឯងមែនទេ? ចាំខ្ញុំមានបន្ទូលឱ្យងាយយល់ទៅចុះ៖ អស់អ្នកណាដែលមានជីវិតចាស់ទុំ អ្នកនោះនឹងចូលទៅក្នុងទីជម្រក ហើយមិនរងការឈឺចាប់ និងការលំបាកឡើយ។ អស់អ្នកណាដែលមានជីវិតមិនទាន់ចាស់ទុំទេ អ្នកនោះត្រូវតែរងការឈឺចាប់ និងគ្រោះថ្នាក់។ តើព្រះបន្ទូលរបស់ខ្ញុំនៅមិនទាន់ច្បាស់គ្រប់គ្រាន់ទៀតមែនទេ?
ព្រះនាមរបស់ខ្ញុំត្រូវតែពង្រីកទៅគ្រប់ទិសទី និងទៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចស្គាល់ពីព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ និងបានស្គាល់ខ្ញុំ។ មនុស្សគ្រប់ស្រទាប់វណ្ណៈនៅសហរដ្ឋអាមេរិក ជប៉ុន កាណាដា សិង្ហបុរី សហភាពសូវៀត ម៉ាកាវ ហុងកុង និងប្រទេសដទៃផ្សេងទៀត នឹងប្រមូលផ្ដុំគ្នាភ្លាមៗចូលមកក្នុងប្រទេសចិនទាំងអស់គ្នា ដើម្បីស្វែងរកផ្លូវពិត។ ព្រះនាមរបស់ខ្ញុំត្រូវបានធ្វើបន្ទាល់ទៅកាន់ពួកគេរួចហើយ។ អ្វីផ្សេងទៀតដែលនៅសេសសល់ គឺឱ្យអ្នករាល់គ្នាបានចាស់ទុំឱ្យបាឆាប់ ដើម្បីឱ្យអ្នកអាចឃ្វាល និងដឹកនាំពួកគេបាន។ ហេតុនេះហើយបានជាខ្ញុំមានបន្ទូលថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើឱ្យហើយ។ ព្រះនាមរបស់ខ្ញុំនឹងផ្សាយទៅកាន់តែទូលំទូលាយថែមទៀតនៅក្រោយគ្រោះមហន្តរាយកើតមាន ហើយប្រសិនបើអ្នករាល់គ្នាមិនប្រុងប្រយ័ត្នទេ នោះអ្នកនឹងបាត់បង់ចំណែករបស់អ្នករាល់គ្នា។ តើអ្នកមិនខ្លាចទេឬ? ព្រះនាមរបស់ខ្ញុំរីកសាយទៅគ្រប់សាសនា គ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ នេះគឺជាការបញ្ចប់កិច្ចការរបស់ខ្ញុំទៅតាមលំដាប់លំដោយត្រឹមត្រូវ ដោយជាប់ទាក់ទិនគ្នាយ៉ាងល្អ។ គ្រប់យ៉ាងសុទ្ធតែកើតចេញពីការរៀបចំប្រកបដោយព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែប្រាថ្នាឱ្យអ្នករាល់គ្នាអាចបោះជំហានទៅមុខបានគ្រប់ជំហាន ដោយដើរតាមដានព្រះបាទរបស់ខ្ញុំយ៉ាងកៀកកិតបំផុត។