ជំពូកទី ៣៩
ចូរបើកភ្នែកមើលចុះ នោះអ្នកអាចឃើញពីព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំនៅគ្រប់ទីកន្លែងមិនខាន! អ្នកអាចដឹងយ៉ាងប្រាកដអំពីខ្ញុំនៅគ្រប់ទីកន្លែង។ ចក្កវាឡ និងផ្ទៃមេឃកំពុងតែផ្សាយអំពីព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ។ ព្រះបន្ទូលដែលខ្ញុំបានថ្លែង បានក្លាយជាការពិតនៅក្នុងការឡើងកម្ដៅនៃអាកាសធាតុ នៅក្នុងការប្រែប្រួលបរិយាកាស នៅក្នុងភាពខុសប្រក្រតីខាងក្នុងមនុស្ស នៅក្នុងភាពគ្មានសណ្ដាប់ធ្នាប់នៃកម្លាំងស្រូបទាញរបស់សង្គម និងនៅក្នុងការបោកបញ្ឆោតខាងក្នុងដួងចិត្តរបស់មនុស្ស។ ព្រះអាទិត្យជះពន្លឺពណ៌ស ឯព្រះចន្ទវិញជះពន្លឺពណ៌ក្រហម។ អ្វីៗទាំងអស់នេះគឺគ្មានតុល្យភាពឡើយ។ តើអ្នករាល់គ្នានៅតែមើលមិនឃើញរឿងទាំងនេះទៀតឬ?
ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅខាងក្នុង។ ព្រះអង្គគឺជាព្រះដ៏ពិតតែមួយអង្គ ដោយគ្មានការសង្ស័យឡើយ ទ្រង់ជាព្រះដ៏មានព្រះចេស្ដា ដែលមនុស្សបានដេញតាមអស់រយៈពេលជាច្រើនឆ្នាំ! តើនរណាអាចនាំការទាំងនេះឱ្យក្លាយជារូបរាង ដោយគ្រាន់តែថ្លែងព្រះបន្ទូលទៅ? គឺមានតែព្រះដ៏មានគ្រប់ព្រះចេស្ដារបស់យើងមួយអង្គប៉ុណ្ណោះ។ នៅពេលដែលទ្រង់មានបន្ទូលភ្លាមៗ សេចក្តីពិតក៏លេចមក។ តើអ្នកមិនអាចនិយាយថា ទ្រង់ជាព្រះដ៏ពិតម្ដេចកើតទៅ?
នៅក្នុងជម្រៅចិត្ត ខ្ញុំដឹងថា អ្នករាល់គ្នាព្រមសហការជាមួយខ្ញុំ ហើយខ្ញុំជឿថា ពួកអ្នករើសតាំងរបស់ខ្ញុំ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សុទ្ធតែមានសេចក្តីបណ្ដាលចិត្តបែបនេះ គ្រាន់តែពួកគេមិនអាចចូល ឬមិនអាចអនុវត្តបាន និងមិនអាចបន្តរក្សាចិត្តស្ងប់បានប៉ុណ្ណោះ នៅពេលដែលជួបហេតុការណ៍នៃភាពជាក់ស្ដែង។ អ្នកមិនដែលយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកទុកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកជាទីមួយ ព្រមទាំងប្រព្រឹត្តតាមចិត្តរបស់ខ្លួន ដោយមិនបានរង់ចាំទេ។ ឱ្យខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ការធ្វើបែបនេះនឹងមិនបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ! ឱក្មេងអើយ! ចូរគ្រាន់តែថ្វាយដួងចិត្តរបស់អ្នកមកខ្ញុំទាំងស្រុងចុះ។ ត្រូវដឹងឱ្យច្បាស់ថា ខ្ញុំមិនចង់បានប្រាក់ និងទ្រព្យសម្បត្តិរបស់អ្នកទេ ហើយខ្ញុំក៏មិនឱ្យអ្នកចូលមកបម្រើខ្ញុំយ៉ាងស្លុង បោកបញ្ឆោត ឬចិត្តចង្អៀតបែបនេះដែរ។ ចូរស្ងប់ចិត្ត និងមានដួងចិត្តបរិសុទ្ធ ចូររង់ចាំ និងស្វែងរក នៅពេលដែលជួបបញ្ហា នោះខ្ញុំនឹងប្រទានចម្លើយដល់អ្នក។ ចូរកុំសង្ស័យឡើយ! ហេតុអ្វីបានជាអ្នកមិនជឿថា ព្រះបន្ទូលខ្ញុំនឹងក្លាយជាការពិត? ហេតុអ្វីបានជាអ្នកមិនអាចជឿលើព្រះបន្ទូលរបស់ខ្ញុំ? អ្នករឹងចចេសណាស់ ហើយសូម្បីតែនៅពេលបែបនេះ ក៏អ្នកនៅតែរឹងចចេសកើតទៀត។ អ្នកល្ងិតល្ងង់ណាស់ ហើយនៅមិនព្រមទទួលការបំភ្លឺទៀត! តើមានសេចក្តីពិតសំខាន់ប៉ុន្មានហើយដែលអ្នករាល់គ្នាចងចាំនោះ? តើអ្នកធ្លាប់បានដកពិសោធន៍សេចក្តីពិតនោះហើយឬនៅ? អ្នកបានច្របូកច្របល់ ហើយប្រព្រឹត្តដោយមិនបានគិតគូរនិងតក់ក្រហល់ នៅពេលដែលជួបបញ្ហា! រឿងចម្បងនៅថ្ងៃនេះគឺថា អ្នកត្រូវចូលក្នុងវិញ្ញាណ និងប្រកបគ្នាជាមួយខ្ញុំឱ្យបានច្រើន ដូចការដែលដួងចិត្តរបស់អ្នករាល់គ្នាសញ្ជឹងគិតជាញឹកញាប់លើសំណួរផងដែរ។ តើអ្នកយល់ដែរឬទេ? នេះហើយជាគន្លឹះនោះ! តាមពិតទៅ ការពន្យារពេលក្នុងការអនុវត្តគឺជាបញ្ហាមួយ។ ចូរប្រញាប់ឡើង កុំពន្យារពេលឡើយ! មនុស្សដែលស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ ហើយមិនពន្យារពេល តែអនុវត្តតាមព្រះបន្ទូលទាំងនោះភ្លាមៗ នឹងទទួលបានព្រះពរទាំងមេៗមិនខាន! ខ្ញុំនឹងប្រទានដល់អ្នករាល់គ្នាចំនួនទ្វេដង! ចូរកុំបារម្ភឡើយ! ចូរធ្វើតាមអ្វីដែលខ្ញុំមានបន្ទូល ដោយមិនពន្យារពេលសូម្បីតែមួយវិនាទីឡើយ! សញ្ញាណជាមនុស្សរបស់អ្នករាល់គ្នា ជារឿយៗគឺបែបនេះឯង ហើយអ្នកមានទំនោរទុកចោលការងារ តែងតែពន្យារពេលអ្វីដែលអ្នកគួរតែធ្វើនៅថ្ងៃនេះ ទៅធ្វើនៅថ្ងៃស្អែកវិញ។ ពិតជាខ្ជិលច្រអូស និងឆ្គាំឆ្គងណាស់! រកអ្វីមកថ្លែងមិនត្រូវទេ! ខ្ញុំមិនមែនកំពុងតែនិយាយបំផ្លើសឡើយ។ នេះគឺជាការពិត។ បើអ្នកមិនជឿទេ ចូរសាកពិនិត្យមើលខ្លួនឯងយ៉ាងប្រុងប្រយ័ត្ន និងឆែកមើលស្ថានភាពរបស់អ្នកផ្ទាល់ចុះ នោះអ្នកនឹងរកឃើញថា វាពិតជាបែបនេះមែន!